ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣
គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក
សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលរាជធានីណែនាំឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់

2024/11/07 01:28:53 pm        87
ក្នុងឱកាសសំណេះសំណាល និងចែកអំណោយសម្ដេចធិបតីជូនដល់មនុស្សវ័យចាស់ ជាង ៥០០​នាក់ អភិបាលរាជធានីភ្នំពេញបាន​ណែនាំឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចា​ស់។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជា​ប្រធាន​កិត្តិយស​នៃ​អនុ​គណៈកម្មការដើម្បីមនុស្សចាស់កម្ពុជារាជធានីភ្នំពេញ បានធ្វើការផ្តាំផ្ញើឲ្យមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌទាំង១៤ សង្កាត់ទាំង ១០៥បន្តយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់ ស្រប​តាម​យុទ្ធ​សាស្ត្ររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​គឺ​មិនទុកឲ្យមនុស្សវ័យចាស់រស់នៅឯកកោឡើយ។ការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុង​ពិធី​សំណេះ​សំណាលជាមួយមនុស្សវ័យចាស់ក្នុងរាជធានីភ្នំពេញចំនួន ៥២៥រូប ក្នុង​ឱកាស​អបអរ​សាទរ​ទិវា​មនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១-តុលា-២០២៤ នៅ​សាលា​រាជ​ធានី​ភ្នំពេញ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា លោកអ៊ុំ លោកពូ អ្នកមីង វ័យចាស់​កន្លង​មក​នេះ​បាន​ចូលរួម​សកម្មភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៧៩មក ក្នុង​ការកសាងប្រទេសជាតិឲ្យអភិវឌ្ឍរីកចំរើន ជឿនលឿនរហូតមកដល់បច្ចុប្បន្ននេះ។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត មិនភ្លេចគុណបំណាច់មនុស្សចាស់ឡើយ ហើយ​ក្មេង​ជំនន់​ក្រោយ​បាន​និង​កំពុង​អនុវត្តឲ្យសម្រេចបាននូវ​ចក្ខុវិស័យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែល​ជា​បំណងប្រាថ្នា​របស់​ឱពុក​ម្តាយ​គ្រប់​រូប​។ នេះជាមោទនៈភាពរបស់យើងទាំងអស់គ្នា ដែល​មាន​ថ្នាក់​ដឹក​នាំដ៏ឆ្នើម គឺសម្តេច​អគ្គ​មហា​សេនាបតីតេជោហ៊ុន សែន និងបន្តដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ឯកឧត្តម ឃួង ស្រេង បន្តថា ការ​បង្កើត​ឲ្យមា​ន​កម្ម​វិធី​ជួប​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​មនុស្ស​វ័យ​ចាស់​ក្នុងរាជធានីភ្នំពេញនេះ ធ្វើឡើង ដើម្បីបង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ចំពោះមនុស្សចាស់ ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ក្នុងការ​បំរើ​ជាតិ​មាតុ​ភូមិ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្ស​ចាស់​អន្តរ​ជាតិ ១ តុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល”។លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បាន​ឲ្យដឹងថា ឯកឧត្តមឃួង ស្រេង តែងតែដឹកនាំផ្តួចផ្តើមចង្អុលបង្ហាញជាប់ជាប្រចាំ ឱ្យគ្រប់​មន្ទីរ​-​អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គិតគូរអំពីសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​មនុស្ស​វ័យចាស់តាមរយៈការជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ ចែកជូន​ដល់​មនុស្ស​វ័យចាស់ ជាពិសេសមនុស្សវ័យចាស់ដែលស្ថិតក្នុងគ្រួសារក្រីក្រ និង ជួបការលំបាក។លោក​ស្រី​បន្តថា ក្នុងរយៈពេល០៩ខែ ឆ្នាំ២០២៤នេះ នៅក្នុងរាជធានី​ភ្នំពេញ​មនុស្ស​វ័យចាស់​អាយុ​​គិត​ចាប់ពី ៦១ឆ្នាំឡើងទៅសរុបចំនួន ១៩២,៣៩៩នាក់ ក្នុងនោះស្រី ៩៩,២៤២នាក់៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា​ក្រោមការដឹកនាំ​របស់​សម្ដេចធិបតី

2024/11/07 12:57:19 pm        175
នាល្ងាច ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាស​នៃ​ការ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​ទី​ក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែល​បានសម្របសម្រួលពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់​វត្តពោធិគិរី​វង្សារាម​ ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែល​ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើ​ធៀប​ជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ។ ជា​ការឆ្លើយតប ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានកោតសរសើរវឌ្ឍនភាព និងការ​រីក​ចម្រើន​របស់​កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទោះបីជាប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​សកល​ក៏ដោយ​។ ម្យ៉ាងទៀត កិត្តិសព្ទរបស់កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ក៏ត្រូវ​បាន​លើក​កម្ពស់​បន្ថែម​ទៀត​។ ឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវសេចក្ដីរីករាយចំពោះពិធីដង្ហែអង្គកឋិនទានមហា​សាមគ្គី​គ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែល​បានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ សម្ដេច​បវរធិបតី និងឯកឧត្ដមនាយករដ្ឋមន្ត្រីវៀតណាម ក៏បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕ 

អតីតសកម្មជនបក្សប្រឆាំង ទទូចដល់ក្រុមប្រឆាំងបញ្ឈប់ការធ្វើនយោបាយ​យកបរទេស​ជាឈ្នាន់ ដើម្បី​តែបំផ្លាញជាតិ

2024/11/07 11:15:59 am        134
អតីតសកម្មជនមកពីគណបក្សប្រឆាំង បានទទូច​ដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ដោយ​យក​បរទេសជាឈ្នាន់ក្នុងគោលបំណងដើម្បីតែបំផ្លាញប្រទេសជាតិ ដោយគួរតែងាក​មក​ជា​ការ​បង្រួប​បង្រួមជាតិតែមួយជាមួយគណបក្សប្រជាជនកម្ពុជា។ ថ្លែងប្រាប់​BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជាអតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ លោក ហៃ វណ្ណា អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ប្រចាំ​ប្រទេស​ជប៉ុន បានបង្ហាញការពេញចិត្តចំពោះអនុសាសន៍យ៉ាងកក់ក្តៅ និងមានអត្ថន័យ​ជ្រាល​ជ្រៅ​រ​បស់សម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ​តែមួយ​។ ក្នុងនោះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ បានទទូចដល់​ក្រុម​ប្រឆាំង​ឱ្យ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​សាចទឹកដាក់គ្នា ហើយបង្ហាញអ្វីមិនចំណេញដល់ជាតិពីបរទេសនោះទេ។ អតីត​សកម្ម​ជន​គណបក្សប្រឆាំងរូបនេះ អះអាងថា ប្តេជ្ញានឹងធ្វើខ្លួន​ប្រៀប​បាន​ជា​ស្ពាន​ដល់​យុវជន​ប្រឆាំង​ដើម្បី​ឱ្យយល់ច្បាស់ពីនយោបាយឈ្នះ ឈ្នះរបស់គណបក្សប្រជាជនកម្ពុជា​​។ ជាមួយ​គ្នានេះ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង បាន​បង្ហាញពីខុសគ្នាបន្ទាប់ពីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ គឺ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងធ្វើកិច្ចការពិតប្រាកដ ដើម្បីសន្តិភាព អភិវឌ្ឍន៍ និង​បម្រើ​ប្រជា​ពលរដ្ឋនៅទូទាំងប្រទេស ដោយមិនគិតពីនិន្នាការនយោបាយ។ សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោម​សមាជិក​ជាង​១ម៉ឺន​នាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម  

សម្ដេចតេជោ ហ៊ុន សែន ណែនាំសមាជិកគណបក្សថ្មី ជាអតីតមន្រ្ដីក្រុមប្រឆាំងឱ្យរួមគ្នា​កម្ចាត់ចោល​ក្រុមបដិវត្តន៍ពណ៌ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល

2024/11/06 04:05:07 pm        430
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី​ជាមួយ​សមាជិក​គណបក្ស​ថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយ​នានា ចំនួន២៣៦៥នាក់។ ពិធីនេះ មានការអញ្ជើញ​ចូលរួម​ពី​មន្ត្រីថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​ជួរ​គណបក្ស​ប្រ​ជាជនកម្ពុជា មានថ្នាក់ ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ ដែលបានប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​ដ៏ធំ វិមាន ៧ មករា នៃស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ យោងតាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ​កសាង​ចលនា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​មូល​ដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅ​មូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារ​បាន​សហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារ​គណបក្ស​ចុះមូលដ្ឋា​ន​តាម​បណ្តា​រាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយ​ផ្សេង​ៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់​ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ ឯកឧត្តមបានបន្តទៀតថា ដោយផ្អែកលើការការពារនូវ​ផល​ប្រយោជន៍​ដ៏​ឧត្តុង​ឧត្តម​នៃ​ប្រទេស​ជាតិ ការការពារនូវសុខសន្តិភាព ស្ថេរភាពនយោយនៅក្នុងសង្គមជាតិ ការពារនូវសេចក្តីសុខសាន្ត និង​សុភមង្គលរបស់ប្រជាជនកម្ពុជា ដើម្បីធានាដល់ការរីកចម្រើនរបស់ប្រទេសជាតិជាយូរអង្វែង សម្តេចតេជោបានប្រកាសទទួលស្វាគមន៍យកបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនដែលធ្លាប់បានចូលរួមជីវភាពនយោបាយជាមួយក្រុមបក្សនយោបាយ ដែលមាននិន្នាការជ្រុលនិយមក្នុងរយៈពេលកន្លងមក ដើម្បីយកចំណេះវិជ្ជា និងមនសិការស្នេហាជាតិរបស់បងប្អូនមកបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជាជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ តាមរយៈគោលនយោបាយប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោះប្រណីរបស់ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ គឺបងប្អូនដែលជាអតីតថ្នាក់ដឹកនាំប្រឆាំងតាមបណ្តាមូលដ្ឋានរាជធានី ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ គឺបងប្អូនជនរួមជាតិរបស់យើងបានមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ពិតជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ តាមរយៈសកម្មភាពពិតដែល សម្តេចតេជោបានផ្តល់ជូនចំពោះបងប្អូនក្នុង រយៈពេលកន្លងមក ដោយមិនប្រកាន់និន្នាការនយោបាយ ឬកំហុសខុសឆ្គងរបស់បងប្អូនជនរួមជាតិនោះទេ សម្តេចតេជោ តែងតែផ្តល់នូវក្តីស្រលាញ់ប្រកបដោយមនោសញ្ចេតនាជួយបងប្អូនតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលទៅដល់ការលំបាកនានារបស់បងប្អូនយើងផងដែរ ។នៅក្នុងឱកាសសំណេះសំណាលនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានាដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ក្រៅពីការជួបសំណេះសំណាលជាមួយគ្នារួចហើយនោះ សម្ដេចតេជោបានរៀបចំអាហារសាមគ្គីមួយពេលសម្រាប់បងប្អូនសមាជិកទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះ។ នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោប្រធានគណបក្ស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ម៉ែន សំអន ដែលរៀបចំការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម កាលពីថ្ងៃទី ៣-៥ វិច្ឆិកា ២០២៤ ដែលដំណើរការនៃការដង្ហែអង្គកឋិនទាននេះ ទទួលបាននូវភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងច្រើនពីបងប្អូនខ្មែរក្រោម។សម្ដេចតេជោប្រធានគណបក្ស ក៏បានថ្លែងអំណរគុណដល់បណ្ដាថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមនៅក្នុងអង្គកឋិនទាន ដែលធ្វើឲ្យគាត់ថានិទានដង្ហែទៅកាន់វត្តខ្មែរក្រោមទទួលបាននូវភាពជោគជ័យ។ សម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនិងសមិទ្ធផលរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។ នៅក្នុងពិធីសំណេះសំណាលនេះផងដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗដែលជាគោលដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងនោះ ចំពោះគោលដៅរយៈពេលវែង៖ទី១-គឺយើងត្រូវរក្សាឲ្យបាននូវកត្តាសន្តិភាព ពីព្រោះថាកត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេតែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ។ ទី២-ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅត្រឹមឆ្នាំ២០២៩។ ទី៣-ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលយើងបានកំណត់តាំងពីដំបូងនោះ។ ទី៤- ខិតខំសម្រេចអោយបានជាប្រទសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ចំពោះគោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។ ទី២-រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។ ទី៣-ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។ ទី៤- ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។ ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត។ បន្ទាប់មក សម្ដេចតេជោក៏បានអញ្ជើញពិសាអាហារសាមគ្គីជាមួយបងប្អូនសមាជិកសមាជិកាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

សមាជិកថ្មីមកពីអតីតបក្សប្រឆាំង ប្តេជ្ញាបំពេញតួនាទី ចូលរួមថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍

2024/11/06 12:42:30 pm        201
អតីតសមាជិក និងមន្រ្តីជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ប្តេជ្ញា​បំពេញ​តួនាទី​ជា​សមាជិក​ថ្មី​ក្នុង​គណបក្ស​ប្រជាជនកម្ពុជាឱ្យបានល្អបំផុត និងចូលរួមធានានូវសុខសន្តិភាព និងការអភិវឌ្ឍន៍​ប្រ​ទេសកម្ពុជា។ថ្លែងប្រាប់ BTV បន្ទាប់ពីចូលរូមក្នុងពិធីសំណេះសំណាល និងពិសាបាយ​សាមគ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីតមន្រ្តីដឹកនាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង បាន​សម្តែងការរីករាយ និងថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបា​ន​ចំណាយ​ពេល​វេលា​ដ៏មាន​តម្លៃ​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​ថ្មី​មក​​ពី​អតីត​គណបក្ស​ប្រឆាំង​សរុប​ចំនួនជាង២ពាន់នាក់ ដែលទើបចូលរួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ខៃ រដ្ឋា អតីតអគ្គលេខាធិការនៃគណបក្សប្រឆាំងប្រចាំទ្វីបអាមេរិកខាងជើង លើកឡើងថា ពិធី​ជួបជុំនៅថ្ងៃនេះពិតជាមានសារៈសំខាន់ ដើម្បីពី​បង្ហាញ​ទំហំ​នៃ​សមាជិក​ថ្មី​ដែល​សម្រេច​ចូល​រួម​ជីវ​ភាព​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាសមាជិកថ្មី លោក​នឹងបំពេញតួនាទីឱ្យបានខ្ជាប់ខ្ជួនក្នុងការបម្រើប្រទេសជាតិ ព្រោះគណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្សដែលធានាសុខសន្តិភាព និងបម្រើប្រជាជនគ្រប់និន្នានយោបាយទាំងអស់។ ជាមួយគ្នា លោក សំ សុខគង់ សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀន និង​អតីត​ជា​មេធា​វី​របស់​អតីត​គណបក្ស​ប្រឆាំង បានសម្តែងក្ដីរីករាយ​ចំពោះកា​រចូ​ល​រួម​ក្នុង​ពិធី​សំណេះ​សំណា​ល​ជា​មួយ​សម្តេច​តេជោ ហ៊ុន សែន។ លោកចាត់ទុកនេះ ជាឱកាសដ៏មាន​តម្លៃ​សម្រាប់​រូប​លោក​ជា​សមាជិក​ថ្មី បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបា​ន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ដើរតាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជាឱ្យបន្តសុខសន្តិភាព និងការអភិវឌ្ឍន៍។ ជាមួយគ្នានេះសមាជិក និងមន្រ្តីដឹកនាំជាន់ខ្ពស់មកពីអតីតគណបក្សប្រឆាំង ក៏បាន​អំពាវ​នាវ​ដល់​​បង​ប្អូន​ប្រជាពលរដ្ឋមួយចំនួនដែលជឿលើនយោបាយជ្រុលនិយម សូមពិចារណា និងងាកមក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំនៃម្លប់សន្តិភាព និងការអភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​រីក​ចម្រើនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាបាយ​សាម​គ្គី​ជាមួយ​សមាជិក​ដែល​ពី​មុន​ជា​អតីត​មន្រ្តី​ដឹក​នាំ ថ្នាក់ដឹកនាំរាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ នាពេលនេះគឺជាជំនួបធំ និងលើកដំបូង ក្នុង​ចំណោមសមាជិកជាង ១ម៉ឺននាក់​ដែល​បាន​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា៕ អត្ថបទ សេក ឧត្តម 

ព្រឹកនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគិន​ជា​បន្តបន្ទាប់ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨

2024/11/06 12:22:49 pm        118
ក្នុងឱកាសដំណើរចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ច​ប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុង​គុនមិញ ខេត្តយូណាន ប្រទេសចិន នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត​ជួប​ពិភាក្សា​ការងារ​ជា​មួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអ្នកវិនិយោគិនជាបន្តបន្ទាប់។ក្នុង​ជំនួបដំបូងនាព្រឹកនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យ លោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​។ ខណៈដែល ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មាន​ទីស្នាក់ការ​នៅ​ទីក្រុង Zhengzhou ប្រទេសចិន។ ក្រុមហ៊ុននេះ បានផ្តោតលើកការស្រាវជ្រាវ និង​អ​ភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការ​ដឹក​ជញ្ជូន​ខ្សែស​ង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់​ផ្លែ​ឈើ​ស្ងួ​ត និងអាហារសម្រន់។ បន្ទាប់មកទៀតសម្ដេចធិបតីបានអញ្ជើញជួបជាមួយ លោក Sung Zhongdi ប្រធានក្រុមហ៊ុន ZhongJiao Tongli ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។ក្រោយ​ពី​ជួប​បណ្ដាវិនិយោគិន និងអ្នកធុរកិច្ច សម្តេចបវរធិបតី នាយករដ្ឋមន្រ្ដី បានបន្តជួប​ពិភាក្សា​ការងារ​ជាមួយឯកឧត្ដម នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារផងដែរ។សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា ​ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់​សហគមន៍​កាន់​តែ​ប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» និងកិច្ចប្រជុំ​ពាក់​ព័ន្ធ​​ជា​ច្រើនទៀតនៅទីក្រុងគុនមិញ ប្រទេសចិន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី៦ដល់៧ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំកំពូលទាំងនេះនឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រា​ប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹង​ភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំង​បង្ហាញ​ផង​ដែរ​អំពី​សារៈ​សំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏​ដូច​ជា​ការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។ ក្នុងអំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ទីក្រុងគុនមិញ សម្តេចធិបតី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជន​បរទេស​ផង​ដែរ​៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសមាជិកគណបក្សថ្មី ជាអតីត​មន្ត្រីដឹកនាំ​បក្សនយោបាយនានាចំនួន ២៣៦៥នាក់

2024/11/06 11:18:57 am        145
នៅព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងពិសា​អាហារ​សាមគ្គី​ជាមួយ​សមាជិក​គណប​ក្សថ្មី ដែលជាអតីតមន្ត្រីដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ នៃគណបក្ស​នយោបាយ​នានា ចំនួន ២៣៦៥ នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ សមាជិកគណបក្ស​ដែល​សម្តេចតេជោអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីនា​ព្រឹក​ថ្ងៃ​នេះ សុទ្ធសឹងជាសមាជិករបស់គណបក្សនយោបាយដទៃមានដូចជាគណបក្សភ្លើងទៀន គណបក្ស​កម្លាំងជាតិ អតីតគណបក្សសង្គ្រោះជាតិជាដើម ដែលទើបនឹង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​បក្ស​នយោបាយចាស់របស់ពួកគេ ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។តាម​រយៈលទ្ធផលជាក់ស្ដែង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅក្នុងឆ្នាំ២០២៤នេះតែម្តង សមាជិកគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន​បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​បក្ស​របស់​ពួកគេប្រៀបដូចទឹកបាក់ទំនប់ ហើយចូលមករួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ជាក់ស្តែងតាមរយៈបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបន្តផ្សព្វផ្សាយអំពី​ការ​ផ្តាច់​ខ្លួន​រប​ស់​បេក្ខជន​នៃ​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ប្រឆាំងនានាជាប្រចាំដែលបានស្ម័គ្រចិត្ត និងស្នើសុំរួមរស់ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។អតីតអ្នកអ្នកប្រឆាំងទាំងនេះធ្លាប់បានរួមរស់ជាមួយបក្សប្រឆាំងយូរណាស់មកហើយ តែពួក​គេបែ​រ​ត្រូវ​អស់​សង្ឃឹម អស់ជំនឿចិត្តការដឹកនាំបក្សរបស់ថ្នាក់ដឹកនាំ ដែលខ្វះគោលការដឹកនាំល្អ ខ្វះ​តម្លា​ភាព បក្ខពួកនិយម។ អ្នកខ្លះទៀត ក៏ស្អប់​ខ្ពើម​ចំពោះ​នយោបាយ​ជ្រុល​និយម​របស់​មេដឹ​ក​នាំដែ​ល​ជា​ទណ្ឌិត​ក្បត់​ជាតិនៅក្រៅស្រុក និងថ្នាក់ដឹកនាំជាន់ខ្ពស់​របស់​បក្ស​ដទៃ​ទៀត​ដែល​ជា​ហេតុ​នាំ​ឱ្យ​គ្រោះថ្នា​ក់​ដល់សង្គមជាតិ។បន្ថែមពីលើនោះ ពួកគេសម្រេចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏ព្រោះ​មើល​ឃើញ​ពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនក​ម្ពុជា ​និងជាអតីតនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិកន្លងមក មានគោល​នយោបា​យ​ដឹក​នាំ​ជាតិ​ច្បាស់​លាស់ ហើយនាំមកនូវការរួបរួម សន្តិភាព និងការរីកចម្រើនសម្រាប់សង្គមជាតិ។ ពួកគេក៏សម្តែងការពេញចិត្ត និងជឿជាក់​ចំពោះ​ការ​រៀបចំ​អ្នក​បន្ត​វេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយប្រគល់ការដឹកនាំប្រទេសជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី​ពោរ​ពេញ​ដោយសមត្ថភាព ចំណេះដឹង ឆ្លាតវៃ និងមានឆន្ទៈខ្ពស់ក្នុង​ការ​បន្ត​ដឹកនាំ​សង្គម​ជាតិ​ឱ្យ​មាន​សុខ​សន្តិភាព ការរួបរួម និងការរីកចម្រើន។សូមបញ្ជាក់ថា ការដែលបងប្អូនជាបេក្ខជនក្រុមប្រឹក្សា ឃុំស្រុកខាងលើបានស្ម័គ្រចិត្ត ប្រកាស​ផ្តាច់​ខ្លួន​សុំ​ចូល​រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់បែបនេះ គឺ​ពុំ​មាន​ការ​បង្ខិតបង្ខំឬទិញដូរអ្វីឡើយ គឺដោយសារពួកគេអស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន និង​បានថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់​ដែល​តែង​តែ​ញុះញង់​មួល​បង្កាច់​រាជ​រដ្ឋាភិបាល​ ដើម្បីតែមហិច្ឆតាល្មោភអំណាច ផ្ទុយពីសច្ចធ​ម៌​ប្រវត្តិសាស្ត្រ នៃ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​កម្ពុជា​៕

ប្រមុខថ្នាក់ដឹកនាំអញ្ជើញចូលរួមពិធីក្រុងពលី និងសូត្រមន្តអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តនៅខ្មែរក្រោម

2024/11/03 05:34:03 pm        430
នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជា​អធិបតី​ភាពក្នុងពិធី​ក្រុងពាលី និងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅ​កាន់​​វត្តពោធិគិរីវង្សារាម​ ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ ។វត្តមានអញ្ជើញ​ចូលរួមក្នុងកម្មវិធីនេះ រួមមាន សម្តេច​មហារដ្ឋ​សភាធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុន ម៉ាណែត រួម​នឹងឥស្សរជនជាន់ខ្ពស់ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល និង​ពុទ្ធ​បរិស័ទ​ជា​ច្រើនរូបទៀត។សូមជម្រាបថា អង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរ ដង្ហែទៅកាន់ វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិ ស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គម និយមវៀតណាម។កម្មវិធីបុណ្យ ថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ ជួបជុំពុទ្ធបរិស័ទប្រារព្ធពិធី ក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្ត ដោយនិមន្តសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ប្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងព្រះធម៌ទេសនា នៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ព្រឹក៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ នាទីព្រឹក ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ នៅវិមាន៧មករា រាជធានីភ្នំពេញ រៀបចំក្បួនដង្ហែ អង្គកឋិនទានមហាសាមគ្គី គ្រួសាខ្មែរ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយ សៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំងាយស្បៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) សាធារណរដ្ឋសង្គមនិយមវៀតណាម (តាមច្រកអន្តរជាតិជ្រៃធំ ខេត្តកណ្តាល) ។រសៀល៖ ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៣:០០នាទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សំណេះសំណាលជាមួយព្រះសង្ឃ និង ពុទ្ធបរិស័ទ។ បន្ទាប់មកមានសម្តែងសិល្បៈសម័យ និងល្ខោនបាសាក់ ។ព្រឹក៖ ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ នាទីព្រឹក ប្រគេនយាគូព្រះសង្ឃ រៀបចំពិធី ដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ប្រទក្សិណជុំវិញ ព្រះវិហារ ៣ ជុំ រួចវេរ ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ រហូតដល់ពេលរសៀល៖ គណៈប្រតិភូអញ្ជើញមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ៕

ក្រសួងអភិវឌ្ឍន៍ជនបទ ពង្រឹងការងារនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និង ភូមិគំរូ ក្នុងខេត្តកំពង់ស្ពឺ

2024/11/03 10:49:54 am        174
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវា​ទ​ចុះ​ពិនិត្យ​ស្ថាន​ភាព​មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងពិនិត្យស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ​នៅ​មជ្ឈ​មណ្ឌល​បង្កើន​កិច្ច​ខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព​​ខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាព​ការងារ​តាមរយៈ​ការ​ថែរក្សាសម្ភារបរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាត​បរិស្ថាន​ឱ្យ​បាន​ល្អកា​រ​រៀប​ចំ​ផែន​ការ​ការងារ និងគម្រោងឱ្យបានច្បាស់លាស់ ជាពិសេសការកែលម្អកម្មវិធីបណ្ដុះ បណ្ដាល​ឱ្យ​បាន​កាន់​តែ​ល្អ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋតាមតម្រូវការស្របតាមការវិវឌ្ឍសេដ្ឋកិច្ច និង​សង្គម។បន្ទាប់មក​ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានទៅពិនិត្យសមិទ្ធផល និងស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិគំរូ ក្នុងក្រប ខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិត​នៅ​ក្នុងភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ដោយ​បាន​ជួប​សំណេះ​សំណាល ដោយបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចជូន ចំពោះប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍។ ទន្ទឹមនោះក៍បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដាក់​គ្រឿង​ចក្រ​ឈូស​គៀរ​ដី​ផ្លូវ​ចូល​ភូមិ​ដែល​បានខូចខាតក្នុងរដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំង​បាន​ជួយ​កែ​លម្អ​ការិយាល័យគណៈកម្មការអភិវឌ្ឍន៍ភូមិសូវង្សលើ និងបានឧបត្ថម្ភកុំព្យូទ័រយូរដៃ ១គ្រឿង, ម៉ាស៊ីន​ព្រីន ១គ្រឿង និងថវិកាសម្រាប់ទិញគោធ្វើពូជក្នុងសហគមន៍ ចំនួន ២ក្បាលផងដែរ៕ អត្ថបទ៖ ភារម្យ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុលមក​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2024/11/03 09:48:53 am        201
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​​ជ្រុលមក​ចូលរួមជីវភាពនយោបាយជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​ថា «ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វណ្ណ ចំរើន ដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុល​មកចូលរួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​។ សូម​ជូន​ពរ​លោក​ជួប​តែសេចក្តីសុខសេចក្តីចម្រើន។» សារស្នើសុំរបស់លោក វណ្ណ ចំរើន https://t.me/spmhunsen/83321

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក ណេតាន់យ៉ាហ៊ូ កោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ ស្របពេលមានការចរចាបទឈប់បាញ់ នៅលីបង់
11/26/2024 04:11 PM
ទីក្រុងឡុងដ៍ បង្កើនយុទ្ធនាការប្រឆាំងរុស្ស៊ី ប្រឈមមុខនឹងការបរាជ័យ«គម្រោងអ៊ុយក្រែន»
11/26/2024 04:11 PM
ទីភ្នាក់ងារ៖ គ្រូពេទ្យ និងគិលានុបដ្ឋាកជាង ១.000នាក់ ត្រូវបានសម្លាប់ នៅហ្កាហ្សា តាំងពីខែតុលា ឆ្នាំ ២០២៣
11/26/2024 04:11 PM
លោក អឺដូហ្កាន់៖ ទួរគីបន្តគាំទ្រប៉ាឡេស្ទីន រហូតដល់ការរំដោះបានទាំងស្រុង
11/26/2024 04:11 PM
អនុរដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ីអាចដាក់ពង្រាយមីស៊ីលនៅអាស៊ី ប្រសិនបើមីស៊ីលអាមេរិក មានវត្តមាន នៅទីនោះ
11/26/2024 04:11 PM
ប្រមុខសន្តិសុខរុស្ស៊ី ជួបពិភាក្សាជាមួយមន្ត្រីតាលីបង់ នៅទីក្រុងកាប៊ុល
11/26/2024 04:11 PM
ព្រះមន្ត្រីសង្ឃខ្មែរ ខេត្តត្រាវិញ បន្តនិមន្តចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
11/26/2024 04:11 PM
កម្ពុជាសង្ឃឹមថា អ្នកវិនិយោគទុនថ្មីៗថែមទៀតនឹងងាកមកស្វែងយល់​កាលានុវត្តភាពកម្ពុជា ដើម្បី​ពង្រីកទីផ្សារនាំចេញ
11/26/2024 03:11 PM
ចំហេះព្រៃដែលគំរាមកំហែងដល់អាយុជីវិត ជំរុញឱ្យមានបទបញ្ជាជម្លៀសនៅរដ្ឋ Western Australia
11/26/2024 03:11 PM
កងទ័ពអ៊ីស្រាអែល និយាយថា បានវាយប្រហារលើផ្លូវរត់ពន្ធអាវុធ ទៅកាន់ក្រុមហេសបូឡា
11/26/2024 03:11 PM