BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សមិទ្ធិផលសំខាន់ៗដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​សម្រេចក្នុងរយៈពេល៤ខែ ដើមអាណត្តិ

2023/12/31 04:22:06 pm        280
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងរយៈពេល៤ខែដំបូងនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​សម្រេចនូវសមិទ្ធិផលធំៗមួយចំនួនគួរឱ្យកត់សម្កាល់លើ វិស័យការងារ កម្មវិធី​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និងបច្ចេកទេស ការលើកកម្ពស់ជីវភាពកម្មករនយោជិត ពង្រឹងកិច្ច​សហការ​ជាមួយ​បណ្តា​ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ពង្រឹងកិច្ចក​សហប្រតិបត្តិ​ការ​ជា​មួយ​បណ្តា​សហជីព និងបណ្តាវិស័យឯកជនានាលើការបង្វឹកកូនជាងផងដែរ។ សមិទ្ធិផលនៃកិច្ចការសំខាន់ៗទាំងនោះរួមមាន ការបញ្ចប់​ដោយ​ជោគជ័យ​លើ​ការ​សម្រប​សម្រួល​ចរ​ចា​ប្រាក់ឈ្នួលអប្បបរមាសំរាប់កម្មករនិយោជិតចំនួន ២០៤ ដុល្លារ ក្នុងឆ្នាំ២០២៤។ ជោគជ័យ​នេះមានការអបអរសាទរ និងទទួលយកពីកម្មករនិយោជិត និងភាគីនិយោជក សហជីព ដោយ​គ្រប់ភាគីទាំងអស់បានអះអាងថា ជាការដំឡើង បែប​យុទ្ធសាស្ត្រ​ដោយ​រក្សា​ឱកាស​ការងារ​ដែល​មាន​ស្រាប់ និងទាក់ទាញវិនិយោគថ្មីបន្ថែម។ ដោយឡែកកិច្ចការសំខាន់និងលេចធ្លោចំនួនពីរទៀតនោះគឺការដាក់ឱ្យអនុវត្តជាផ្លូវការនូវការ បណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហានិភ័យ​ចំនួន ១,៥លាននាក់ និងកម្មវិធីរបបសន្តិសុខ​សង្គម​ផ្នែក​ថែ​ទាំ​សុខភាព​តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រចិត្តក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះកម្មវិធីបណ្តុះបណ្តាលមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់ ដោយឡែក ប.ស.ស មានក្រុមគោលដៅចំនួន១០២ ៦០៤នាក់ បានចុះបញ្ជី និងបាន​ទៅ​ប្រើប្រាស់​សេវា​ចំនួន ៤៦ ៩១២ដង។ការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិទាំងពីរទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់អ្នក​វិភាគសង្គម ជំនាញសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋាន តារាចម្រៀង តារាតម្តែង សិល្បករ សិល្បការិនី និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ បើ​ទោះបី​កម្មវិធីថ្នាក់ជាតិទាំងពីរនេះកំពុងតែតំណើរការការងាររបស់ខ្លួនយ៉ាងណាក៏ដោយ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមអនុសាសន៍របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម រួមទាំងប្រធានសមាគមនិយោជកសរុបចំនួន ១៨ បាន​ចុះអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលធ្វើឡើងនៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលក៏ទទួលបានពានរង្វាន់ «កិច្ច​សហការ​ប្រតិបត្តិ​ល្អ​ក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET » ពីវិទ្យាស្ថាន ITE ដ៏​ល្បី​របស់​សង្ហបុរី ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឡើង​ទទួល​ពាន​រង្វាន់នេះដោយផ្ទាល់ពីលោក ហឺង ឈាំងនី (Heng Chiang Gnee) នាយក​វិទ្យាស្ថាន​ ITE។ ក្រសួងការងារដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន​ការ​រៀប​ចំ​ជំនួប​រវាង​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ជាមួយបងប្អូនកម្មករនិយោជិតចំនួនបានចំនួន១០លើកផ្សេងៗគ្នា ដែល​មាន​កម្មករ កម្មការិនីរ៉ាប់ម៉ឺននាក់បានចូលរួម ក្នុងនោះដែរ​សម្តេច​ធិបតី​នាយករដ្ឋមន្រ្តី​ក៏​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​បងប្អូនដែលជាកម្មការិនីមានផ្ទៃពោះ និងសម្រាលកូន​អំឡុង​ចូល​រួម​កម្ម​វិធី​សំណេះ​សំណាល​នេះ​ផង​ដែរ ។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងការងារ បានបង្ហាញពីវឌ្ឍន​ភាព​លើ​វិស័យ​ការងារ បេឡាជាតិរបបសន្តិសុខសង្គម និងការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែល​សម្តេច​នាយករដ្ឋ​មន្ត្រី​បាន​ណែនាំ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បានជួប​ពិភា​ក្សា​ការងារ​ជា​មួយ​ភាគី​បរទេស និងភាគីពាក់ព័ន្ធក្នុងប្រទេស ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះដែរជំនួបពិភាក្សាការងារជាមួយភាគីបរទេសចំនួន ៤០ លើក ជាមួយ អង្គទូតប្រចាំកម្ពុជា អង្គការអន្តរជាតិ អ្នកវិនិយោគគិនបរទេស ដោយពិភាក្សាអំពី ចក្ខុវិស័យ​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និង​ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងនោះក៏មានដែរ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ពលករ​ទេសន្តប្រវេសន៍។ដោយឡែក ជំនួបពិភាក្សាជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសចំនួន ៥៧ លើក ជាមួយ​សមាគម​និយោជក សហជីព កម្មករនិយោជិត និង​អង្គការ​សមាគម​ផ្សេងៗ​ដោយ​ពិភាក្សា​លើ​ការ​លើក​កម្ពស់​ទំនាក់​ទាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និង​កិច្ច​សហប្រតិបត្តិការដើម្បីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ទន្ទឹមនឹងជំនួបខាងលើ ឯកឧត្តមហេង  សួរ ក៏បានជួប​ពិភាក្សា​ការងារ​ជា​មួ​យ​តំណាង​សហជីព​កម្រិត​សភា និងសហព័ន្ធជាង២០០ ដើម្បី​ស្វែង​យល់​ពី​ចក្ខុវិស័យ​រួម​របស់​ក្រសួង​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិទី៧​នេះ​ក្នុង​គោល​បំណង​លើក​កម្ពស់​ជីវភាព​កម្មករ​និយោជិត​ដែល​ជាការគិតគូរ និង​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ឯកឧត្តមក៏បាន ចុះទទួលទានអាហារជាមួយកម្មករនៅតាមរោងចក្រ និង​ការ​ចុះ​សួរ​សុខ​ទុក្ខ​បងប្អូនកម្មករនៅតាមផ្ទះជួលក្រោយម៉ោងសម្រាកការងារនៅតំបន់វេងស្រេង និង​ឫស្សី​កែវ​ជា​ដើម។ ក្នុងនោះឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​ធ្លាប់​បាន​រំលេច​ពី​ការ​ផ្តាំ​របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​ដែល​ណែនាំ​ឱ្យ​មន្ត្រី​ទាំង​អស់​ត្រូវ​មាន​ជើង​ជាប់​ដី​ចុះ​ជួប​កម្មក​រ​និយោជិត​ដើម្បីស្វែងយល់ពីសុខទុក្ខនិងតម្រូវការដែលរដ្ឋាភិបាល និងអាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះ​ស្រាយ​។ ការចុះដល់មូលដ្ឋាននេះ គឺធ្វើឡើងតែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​ទទួល​បាន​ការ​តែង​តាំង​កាល​ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ជាយន្តការក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ ក្នុងរយៈពេល៤ខែ​ក៏បាន​ផ្តោត​លើកា​រ​បណ្តុះ​បណ្តាល និង​ពង្រឹង​សមត្ថភាព​ការងារ​របស់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការក្រសួងដែលផ្តោតលើកិច្ចការងាររដ្ឋបាល លិខិតបទដ្ឋានគតិយុត្តិ និង​របៀប​និយាយជាសាធារណៈ រួមទាំងការសិក្សាជំនាញទន់(Soft Skill)ផងដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ឯកឧត្តមក៏បានចូលរួមបិទវគ្គវិក្រឹត ការលើគ្រូឧទេស្ទដែលត្រូវបានជ្រើសរើសជាគ្រូបង្រៀន វគ្គ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផងដែរ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បាននៅព្រឹកថ្ងៃទី១០ វិច្ឆិកា បាន​បើក​ជា​ផ្លូវ​ការ​ពិព័រណ៍ការងារ និងផលិតភាពជាតិដោយមាន ក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗចំនួន១៥០ ផ្តល់​ឱកាស​ការងារជាង ២ម៉ឺន កន្លែង នៅអាគារពិព័រណ៍កោះពេជ្រ ផងដែរ ។ ពិព័រណ៍ការងារ និង​ផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និង​ការងារ​(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) សមាគម​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា(TAFTAC) អង្គការ​អន្តរជាតិខាងការងារ(ILO), ភីផលអីននិត(People in Need Cambodia) និង​ស្វីស​ខន​ថាក់​។ ដោយឡែកក្នុងស្មារតីពង្រឹងសាមគ្គីភាព និងជាតិនិយម ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​រៀប​ចំ​ឱ្យ​មាន​ការ​គោរព​ទង់​ជាតិ​នៃ​ព្រះរាជា​ណា​ច​ក្រ​កម្ពុជា​រៀង​រាល់​២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ពោល​គឺនៅព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ ផងដែរ ។ ជាពិសេសនោះ​ក្រោម​កិច្ច​សហការ​ពីក្រុ​ម​ការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​សាធារណៈ​កូរ៉េ ជប៉ុន និងថៃ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយប្អូន​ពលករ​នៅ​ទីនោះ​តាម​ប្រពៃណី។ ពិសេស ក្រៅពីការប្រារព្ឋពិធី កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក៏មានការរៀបចំ​កម្ម​វិធី​អាហារសាមគ្គីរួមគ្នាក្នុងនាមជាបងប្អូនខ្មែរផងដែរ។ ការរៀបចំកម្មវិធីទាំងនេះបញ្ជាក់អោយឃើញពីការសាមគ្គីគ្នា ស្រលាញ់គ្នា សហការគ្នា របស់​បង​ប្អូន​ពលករខ្មែរប្រចាំសាធារណៈកូរ៉េ ក្នុងនាមជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស បង្ហាញ​ឱ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និងស្ថានទូតព្រះ​រាជាណាចក្រ​កម្ពុជា​ចំពោះប​ងប្អូន​ពលក​រ​ខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះផងដែរ៕

ការងារច្បាប់៖ សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ អនុម័តបានច្បាប់ចំនួន៧

2023/12/31 03:55:21 pm        226
សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អនុម័ច្បាប់បានចំនួន៧ ក្នុងនោះមានសេចក្តីព្រាងច្បាប់ចំនួន៦ និង​សេចក្តី​ស្នើ​វិសោធនកម្មមាត្រាមួយចំនួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាចំនួនមួយលើក ។ សេចក្តីព្រាងច្បាប់ និងសេចក្តីស្នើវិសោធនកម្ម បទបញ្ជផ្ទៃក្នុងរដ្ឋសភា ដែលសម័យ​ប្រជុំ​រដ្ឋសភា ​លើកទី១ នីតិកាលទី៧ បានអនុម័តមាន៖១-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច២-សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៣-សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៤- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២៥- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៧-សេចក្តីស្នើវិសោធនកម្មប្រការ ៤ថ្មី ប្រការ ៦ថ្មី(ពីរ) និងប្រការ ២៩ថ្មី បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា បានប្រកាសបិទបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលមានថិរវេលាចំនួន ៣ខែតាមច្បាប់កំណត់ គិតចាប់ពីថ្ងៃទី២១សីហា រហូត​មក​ដល់​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ។ នៅក្នុងរយៈពេលបីខែបន្តទៀតគឺជាពេលវេលាវិស្សមកាលពីសម័យប្រជុំពេញអង្គរដ្ឋសភា របស់​សមាជិក​សមាជិកា​រដ្ឋសភា ។ វិស្សមកាលជាពេលវេលាមួយ ដែលតំណាងរាស្រ្តចុះសិក្សាស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមណ្ឌលនានា។ នៅក្នុងរយៈពេលវិស្សមកាលនេះ រដ្ឋសភាអាចកោះប្រជុំវិសាមញ្ញបាន ប្រសិនជាមានការចាំបាច់ និងដោយមានការកោះប្រជុំពីប្រធានរដ្ឋសភា៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារក្រីក្រ និងគ្រូបង្រៀន នៅស្រុកជើងព្រៃ

2023/12/31 10:47:58 am        178
ខេត្តកំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញចែកអំណោយជូនគ្រួសារក្រីក្រ និងគ្រូបង្រៀន ព្រមទាំងសិស្សានុសិស្ស នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសមាគមយុវជនក្រុម៨។នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយបន្ថែមនូវគោលនយោបាយយុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល​អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើក​ស្ទួយកម្រិត​ជីវភាព​គ្រួសារប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស បង្កើតការងារ និង​ធនធាន​មនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែក​ក្នុងការធានាឲ្យបាននូវកំណើន​សេដ្ឋកិច្ចជាតិ។ ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុក​ដាក់ជាប់​ជាប្រចាំ ​ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ​គ្រប់កាលៈទេសៈ។ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះផងដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផល មានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវា​ពិនិត្យ​ព្យាបាលជម្ងឺ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរ​គ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ​ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាងបួន​ទសវត្សរ៍​កន្លងមក ដែលស្នាដៃ​ដ៏ឧត្ដុង្គឧត្ដម​នេះ ត្រូវបានបន្តវេនថែរក្សា និងដឹកនាំអភិវឌ្ឍន៍ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ​ពេញលេញជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។ ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ​បាន​រួមចំណែក​ចុះជួយ​ប្រជាពលរដ្ឋ ​រួមមាន៖ ការ​កសាងផ្លូវថ្នល់ ​សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ​ប្រឡាយទឹក ​ស្រះទឹក ​ការដាំកូនឈើ ព្រមទាំងការងារ​សេដ្ឋកិច្ចសង្គម រួមមាន​វិស័យសុខាភិបាល វិស័យអប់រំ ​ជាពិសេស ​វិស័យកសិកម្ម ដែលជា​សសរស្ដម្ភ​សេដ្ឋកិច្ចជាតិ​ដ៏មានសារៈសំខាន់​សម្រាប់​គ្រួសារ​ប្រជាពលរដ្ឋ​នៅជនបទ។អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រ ​ចំនួន ១០៩គ្រួសារ ​ក្នុងមួយគ្រួសារទទួលបាន៖ ១.អង្ករ១បាវ ៥០គីឡូក្រាម ២.ត្រីខ១យួរ ៣.មីជាតិ១កេស ៤.ទឹកត្រី១យួរ ៥.ទឹកស៊ីអ៊ីវ១យួរ ៦.ស្ករស១កញ្ចប់ ៧.អំបិល១កញ្ចប់ ៨.ប៊ីចេង១កញ្ចប់ ៩.ប្រេងឆា១ដប ១០.ក្រម៉ា១ ១១.សារ៉ុង១ និង ១២.ខ្មៅដៃនិងបណ្តូលខ្មៅដៃ១ប្រអប់។ ចំពោះអំណោយចែកជូនគ្រូបង្រៀន ៦នាក់ រួមមាន៖ ប៊ិច៥ដើម ​សៀវភៅ៥ក្បាល ដបទឹក១ កាបូបយួរ១ នឹងថវិកា១០ម៉ឺនរៀល ក្នុងម្នាក់ៗ។ ចំពោះសិស្សានុសិស្ស ៨២នាក់ ម្នាក់ៗទទួលបាន ខ្មៅដៃ៥ដើម បណ្តូលខ្មៅដៃ៥បន្ទះ ប៊ិច៥ដើម សៀវភៅ១ក្បាល និងកាបូបប៊ិច១៕

ប្រទេសចិនបន្ធូរបន្ថយការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរអាមេរិក

2023/12/30 04:58:05 pm        134
ប្រទេសចិននឹងសម្រួលការស្នើសុំទិដ្ឋាការ សម្រាប់អ្នកទេសចរមកពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយកាត់បន្ថយឯកសារចាំបាច់ជាច្រើន។ នេះបើយោងតាមការជូនដំណឹងមួយ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) នៅលើគេហទំព័ររបស់ស្ថានទូតចិន នៅទីក្រុងវ៉ាស៊ីនតោន។ការសម្រេចនេះ គឺជាវិធានការចុងក្រោយបង្អស់របស់ប្រទេសចិន ដើម្បីជួយឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងជំរុញសេដ្ឋកិច្ចធំទី២ របស់ពិភពលោក បន្ទាប់ពីធ្លាក់ចុះ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។សេចក្តីជូនដំណឹងរបស់ស្ថានទូតនេះ បានឲ្យដឹងថា អ្នកដាក់ពាក្យសុំទិដ្ឋាការទេសចរណ៍ នៅសហរដ្ឋអាមេរិក នឹងលែងត្រូវការដាក់ការកក់សំបុត្រយន្តហោះ ការកក់សណ្ឋាគារ ឬលិខិតអញ្ជើញទៀតហើយ។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំងបានបើកផ្លូវឲ្យអ្នកកាន់លិខិតឆ្លងដែនពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែធ្នូ។ការធ្វើដំណើរដោយគ្មានទិដ្ឋាការនេះ នឹងដំណើរការរយៈពេល ១២ខែ ក្នុងអំឡុងពេលដែលភ្ញៀវទេសចរមកពីប្រទេសទាំង៦ នោះ អាចទៅលេងប្រទេសចិន បានរហូតដល់ ១៥ថ្ងៃ។ ប្រទេសចិនក៏បានពង្រីកគោលនយោបាយឆ្លងកាត់ ដោយគ្មានទិដ្ឋាការរបស់ខ្លួនទៅកាន់ប្រទេសចំនួន៥៤ ផ្សេងទៀត ក្នុងខែវិច្ឆិកាផងដែរ៕

អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារមួយជីវិត

2023/12/30 04:55:16 pm        137
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសុក្រ (ទី២៩ ខែធ្នូ) បានរាយការណ៍ថា អតីតអនុប្រធាននិយតករធនាគាររបស់ប្រទេសចិន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាមុខព្រួញចុងក្រោយបង្អស់នៃការបង្រ្កាបអំពើពុករលួយ នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកនេះ។ទីក្រុងប៉េកាំងបានចាប់ផ្តើមយុទ្ធនាការដ៏ធំទូលំទូលាយ ដើម្បីប្រឆាំងអំពើពុករលួយ ក្នុងឆ្នាំ២០១២ បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំលោក ស៊ី ជីនពីង ទៅកាន់ទីកំពូលនៃបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច។ ហើយបើយោងតាមតួលេខផ្លូវការចុងក្រោយបំផុត ចាប់ពីខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក មន្ត្រីគណបក្សប្រហែល ៤,៨លាននាក់ ត្រូវបានស៊ើបអង្កេត។ ការស៊ើបអង្កេតបែបនេះ ជាទូទៅនាំទៅដល់ការកាត់ទោស ហើយត្រូវបានគេសង្ស័យថា ប្រើជាឧបករណ៍ ដើម្បីដកបណ្ដាឥស្សរជននយោបាយ ដែលត្រូវបានមើលឃើញថា ជាអ្នកប្រឆាំងលោក ស៊ី។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Cai Esheng ត្រូវបានគេរកឃើញថា មានទោសពីបទទទួលសំណូកចំនួន ៤០៧លានយ័ន (៥៧,៥លានដុល្លារ) ក្នុងពេលកំពុងកាន់តំណែង។ លោកក៏ត្រូវបានគេនិយាយថា បានទទួលសំណូកបន្ថែម ១១០លានយ័ន បន្ទាប់ពីចូលនិវត្តន៍។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា រូបលោកត្រូវបានកាត់ទោសប្រហារជីវិត ជាមួយនឹងការលើកលែងទោសរយៈពេល ២ឆ្នាំ ដែលនឹងត្រូវបន្ថយមកជាប់ពន្ធនាគារអស់មួយជីវិត។ ដោយកើតនៅឆ្នាំ១៩៥១ លោក Cai បានចំណាយពេលភាគច្រើននៃអាជីពការងាររបស់លោក នៅក្នុងផ្នែកហិរញ្ញវត្ថុ និងបានបម្រើការរយៈពេល ៨ឆ្នាំជាអនុប្រធាននៃនិយតករធនាគាររបស់ប្រទេស៕

ឥណ្ឌូនេស៊ីនឹងអនុវត្តពន្ធថ្មីលើបារីអេឡិចត្រូនិច ចាប់ពីថ្ងៃទី១ ខែមករា

2023/12/30 03:36:18 pm        175
ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ (ទី៣០ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីនឹងអនុវត្តពន្ធថ្មីលើបារីអេឡិចត្រូនិច (E-Cigarettes) ចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយបន្ថែមលើពន្ធអាករ ដើម្បីជួយទប់ស្កាត់ការជក់បារី។ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានកំណត់ពន្ធបន្ថែមចំនួន ១០ភាគរយនៃពន្ធអាករ ចំពោះបារីអេឡិចត្រូនិច។ ក្រសួងបាននិយាយថា៖ «ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរ ត្រូវបានបង្ហាញថា ប៉ះពាល់ដល់សុខភាពរបស់មនុស្ស»។ ក្រសួងបានបន្ថែមថា ពន្ធលើបារីអេឡិចត្រូនិច ក៏ចាំបាច់ត្រូវអនុវត្តផងដែរ ដើម្បីបង្កើតទីលានប្រកួតប្រជែងស្មើភាពជាមួយនឹងបារីធម្មតា។ពន្ធថ្មីនេះកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលមានអត្រាអ្នកជក់បារីខ្ពស់បំផុត នៅលើពិភពលោកក្នុងឆ្នាំ២០១៨ បានអនុវត្តពន្ធ ៥៧ភាគរយលើពន្ធអាករ ដែលផ្ដោតលើបារីអេឡិចត្រូនិច។ ប្រទេសនេះបានយកពន្ធលើបារីធម្មតាជាយូរមកហើយ។ពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីនេះ ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិច (PAVENAS) បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដោយគិតថា ពន្ធគយសម្រាប់ផលិតផល នឹងកើនឡើងនៅឆ្នាំក្រោយ៕

រូបវិទូដ៏ល្បីល្បាញរបស់អាមេរិក បារម្ភពីផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយលើវិទ្យាសាស្ត្រ

2023/12/30 03:33:01 pm        182
លោក David Jonathan Gross ដែលជាម្ចាស់ជ័យលាភីណូបែលរូបវិទ្យាឆ្នាំ២០០៤ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ «ដ៏គួរឲ្យខា្លច និងអន្តរាយ» ដែលកើតឡើងពីភាពតានតឹងភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើកិច្ចសហប្រតិបត្តិការអន្តរជាតិខាងវិទ្យាសាស្ត្រ។អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិកវ័យ ៨៣ឆ្នាំរូបនេះ បានចែករំលែកគំនិតរបស់លោក មុនពេលការចូលរួមរបស់លោក នៅក្នុងសមាជអន្តរជាតិនៃវិទ្យាសាស្ត្រមូលដ្ឋាន (ICBS) នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៦ ខែកក្កដា។លោក Gross បាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលកំពុងកើតឡើង គឺជារឿងគួរឲ្យខា្លចរអា និងអន្តរាយខ្លាំងបំផុតដល់ភាគីទាំងសងខាង ក៏ដូចជាពិភពលោកទាំងមូល ពោលគឺគ្រោះថ្នាក់ខ្លាំងណាស់។ វាពិតជាគ្រោះថ្នាក់ណាស់ ដរាបណាឥទ្ធិពលរបស់វាទៅលើវិទ្យាសាស្ត្របន្តមាន វាពិតជាបង្កមហន្តរាយខ្លាំងណាស់។ អ្នកដឹងទេថា ធម្មជាតិមិនមែនស្រួលដូចគិតនោះឡើយ។ ដើម្បីបកស្រាយពីធម្មជាតិ វាទាមទារឲ្យប្រឹងប្រែងធ្វើការងារខ្លាំង និងច្រើន ពោលគឺវាមានតម្លៃថ្លៃណាស់ ហើយវាទាមទារទេពកោសល្យពីមនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។ លោកបានបន្ថែមថា៖ «តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅទិសដៅបញ្ច្រាស ដោយសារកត្តាទាំងនេះ ដូចជាការខ្វែងគំនិតគ្នា នយោបាយ និងការប្រជែងគ្នារបស់ប្រទេសធំៗ។ សម្រាប់វិទ្យាសាស្ត្រ ទាំងនេះពិតជាគ្រោះថ្នាក់ និងអាក្រក់ណាស់។ ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះបញ្ហានេះ»។ICBS រយៈពេលពីរសប្តាហ៍ ដែលផ្តោតលើប្រធានបទ «វិទ្យាសាស្ត្រកម្រិតខ្ពស់សម្រាប់មនុស្សជាតិ» បាននាំអ្នកវិទ្យាសាស្ត្រជាង ៨០០នាក់មកពីក្នុងប្រទេស និងក្រៅប្រទេស នៅរដូវក្តៅនេះ ដើម្បីពិភាក្សាឲ្យស៊ីជម្រៅលើសមិទ្ធិផលដ៏ទំនើប ក្នុងវិស័យវិទ្យាសាស្ត្រមូលដ្ឋាន ខណៈដែលកំពុងសម្លឹងឆ្ពោះការអភិវឌ្ឍន៍នាពេលអនាគត៕

ដោយភាពតានតឹងជាមួយចិនកើនឡើង អាមេរិកធ្វើឲ្យអាកាសយានដ្ឋានប៉ាស៊ីហ្វិកសម័យសង្គ្រាមលោកលើកទី២ ដំណើរការវិញ

2023/12/30 01:11:52 pm        130
នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក អាកាសយានដ្ឋានរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបោះបង់ចោល កំពុងត្រូវបានធ្វើឲ្យមានសកម្មភាពឡើងវិញ ដោយទីនេះធ្លាប់ជាទីតាំងដ៏សំខាន់ ក្នុងការបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរទៅទម្លាក់លើប្រទេសជប៉ុន ហើយស្ទើរតែបាត់បង់ដោយសារប្រវត្តិសាស្រ្ត ចំពេលមានការទន្ទ្រានព្រៃ។ តែយ៉ាងណាក្ដី នៅពេលដែលជនជាតិអាមេរិកចូលទៅកាប់ព្រៃ ដែលដុះក្រាស់ឃ្មឹកយ៉ាងរហ័ស នៅឯអាកាសយានដ្ឋានកោះ Tinian និងព្រលានយន្តហោះចាស់ៗផ្សេងទៀត ពោលគឺជាមូលដ្ឋានសម័យសង្គ្រាមលោកលើកទី២ នៅទូទាំងតំបន់នោះ ការធ្វើនោះនឹងមិនបានគិតដល់ប្រទេសជប៉ុននៅក្នុងគំនិតរបស់ពួកគេនោះឡើយ។ផ្ទុយទៅវិញ ដោយសារឥទ្ធិពល ដែលកំពុងកើនឡើងរបស់ទីក្រុងប៉េកាំង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទើបជំរុញឲ្យមានការស្ដារឡើងវិញនូវផ្លូវរត់ ដែលត្រូវបានបោះបង់ចោល នៅលើផ្ទៃដី ១០០គីឡូម៉ែត្រការ៉េ ដែលបង្កើតបានជាកោះ Tinian ដែលជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកនៃប្រជុំកោះ Northern Mariana។អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន AFP ថា៖ «ការស្តារឡើងវិញនូវអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ នេះ បានផ្តល់ឲ្យកងកម្លាំងអាកាសប៉ាស៊ីហ្វិក (PACAF) នូវផ្លូវរត់ ដែលអាចប្រតិបត្តិបានយ៉ាងឆាប់រហ័ស ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់»។ទោះបីជាសេចក្តីថ្លែងការណ៍ បានលើកឡើងពី «ហេតុផលនៃភាពបន្ទាន់» ដែលអនុញ្ញាតឲ្យ PACAF «ពង្រឹងសមត្ថភាពប្រយុទ្ធ និងធ្វើឲ្យប្រសើឡើងនូវជំហររារាំងជាមួយសម្ព័ន្ធមិត្ត និងដៃគូក៏ដោយ» ក៏សេចក្ដីថ្លេងការណ៍នោះមិនបាននិយាយសំដៅដោយផ្ទាល់ដល់ប្រទេសចិននោះឡើយ។ប៉ុន្តែផែនការរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់អ្វី ដែលមន្ត្រីបានពិពណ៌នាថា ជាទីកន្លែង «ដ៏ធំទូលំទូលាយ» នៅលើកោះ Tinian នេះ កើតឡើងចំពេលមានការផ្លាស់ប្ដូរយ៉ាងខ្លាំងផ្នែកយោធាទៅកាន់តំបន់ប៉ាស៊ីហ្វិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនៅពេលដែលប្រទេសចិនសាងសង់មូលដ្ឋានថ្មីរបស់ខ្លួន នៅក្នុងតំបន់ ក្នុងនោះរួមទាំងនៅក្នុងដែនទឹក ដែលមានជម្លោះផងដែរ៕

កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លាននាក់៖ ក្រសួងការងារនឹងបើកបវេសនកាលទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមករា

2023/12/30 11:50:46 am        263
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកបវេសនកាលសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខណៈមានអ្នកចុះឈ្មោះចូលរៀនប្រមាណជិត២ម៉ឺននាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ នឹងបើកបវេសនកាល​ព្រមគ្នានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះដើម្បីផ្តើមការបណ្តុះបណ្តាលវគ្គទី១។ ឯកឧត្តម បន្ថែមថា “កម្មវិធីបើកបវេសនកាលធំ គឺធ្វើឡើងនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC)នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ខាងមុខ ដែលជានិមិត្តរូបនៃការបើកវគ្គបណ្តុះបណ្តាលនូវ​ទូទាំង​ប្រទេសនៃកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា​ដែល​បានប្រកាសដាក់ចេញ​ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត”។ មួយវិញទៀត ឯកឧត្តមអ្នកនាំពាក្យ ​បានបញ្ជាក់ពីចំនួនអ្នកចូលរៀនដែលគិតមកត្រឹមថ្ងៃទី២៩ ខែធ្នូ នេះមានពលរដ្ឋ ​និងយុវជនមកពីគ្រួសារក្រីក្រ ជាង១.៩ម៉ឺននាក់ បានមកចុះឈ្មោះចូលរៀន។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកចុះឈ្មោះចូលរៀនច្រើនជាងគេ។ បន្ថែមពីនេះ វិស័យ​ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងគេគឺ វិស័យសំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត, ធុរកិច្ច និងព័ត៌មានវិទ្យា និងបរិក្ខារត្រជាក់ និងកម្តៅជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងដដែល។ ឯកឧត្តមអ្នកនាំពាក្យ បានរំលឹកថា ​ដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន មន្ត្រីក្រសួងគ្រប់ជាន់​ថ្នាក់ និងវិទ្យាស្ថានទូទាំងប្រទេស បានចេញយុទ្ធនាការគោះទ្វាគ្រប់ខ្នងផ្ទះនៅគ្រប់ច្រកល្ហក និង​ទីប្រជុំជនដើម្បីប្រកាស និងពន្យល់ពីកម្មវិធីថ្នាក់ជាតិធ្វើយ៉ាងណាឱ្យក្រុមយុវជនគោល​ដៅចុះឈ្មោះចូលរៀន។ សូមបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ គឺជាកម្មវិធីថ្នាក់ជាតិរបស់រាជ​រដ្ឋាភិបាលកម្ពុជា​ក្នុងអាណត្តិទី៧នេះ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាល​នេះ​ដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕

ប្រជាពលរដ្ឋក្រុងភ្នំពេញផ្ញើសារជូនពរ ខណៈពិធីឆ្លងឆ្នាំសកល២០២៤ ជិតឈានមកដល់

2023/12/30 11:37:30 am        127
ភ្នំពេញ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ នឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានផ្ញើសារជូនពរ និងបង្ហាញនូវក្តីប្រាថ្នាស្រដៀងៗគ្នាថា ចង់ឲ្យប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះ និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៀត។អ្នកស្រី ទិត្យ ផល្លា អតីតគ្រូបង្រៀននៅសាលាទួលទំពូង ក្នុងបទសម្ភាសជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងឱកាសពិធីឆ្លងឆ្នាំសកលខាងមុខនេះ អ្នកស្រីមិនមានគម្រោងដើរកម្សាន្តទៅទីណាទេ ដោយសារវ័យកាន់តែចាស់។ អ្នកស្រី បានផ្ញើសារជូនពរពីចម្ងាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ ការប្រកបរបររស៊ីរីកចម្រើនទៅមុខជាបន្តបន្ទាប់ និងឲ្យមានសុខភាពល្អ។ស្រដៀងគ្នាខាងលើនេះ លោក ហែម សុគន្ធា ពលរដ្ឋរស់នៅភ្នំពេញ និងលោក តុលា មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ និងធ្វើការនៅក្រុងភ្នំពេញ បាននិយាយថា នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលឆ្នាំថ្មីឆ្នាំ២០២៤ហើយ ឆ្លៀតក្នុងឱកាសនេះ លោកសូមជូនពរផងដែរ សូមឲ្យប្រជាជាតិខ្មែរទាំងមូលឲ្យទទួលបាននូវសុខសន្តិភាព និង​សុភមង្គលក្នុងឆ្នាំថ្មីខាងមុខនេះ។ ក្រុមប្រជាពលរេដ្ឋទាំងអស់នេះ ក៏បានជូនពរជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​នៃជួររាជរដ្ឋាភិបាលកម្ពុជា​ផងដែរ សូមឲ្យទទួលបានសុខភាពល្អ​បរិបូរណ៍ កម្លាំងពលខ្លាំងក្លា និងបន្តដឹកនាំ កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន​ថ្កុំថ្កើង​ប្រកប​ដោយ​វឌ្ឍនភាព សន្តិភាព​ និងស្ថិរភាពតរៀងទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ ការពិភាក្សាជាមួយលោក Trump អាចបើកផ្លូវដល់ការដោះស្រាយជម្លោះអ៊ុយក្រែន និងស្តារទំនាក់ទំនងជាមួយអាមេរិកឡើងវិញ
08/16/2025 01:08 PM
គណៈកម្មការUN ជំរុញឱ្យអាមេរិកឡាទីនធ្វើពិពិធកម្មទីផ្សារដើម្បីប្រឈមនឹងការដំឡើងពន្ធរបស់លោក Trump
08/16/2025 12:08 PM
ចំហេះព្រៃនៅព័រទុយហ្គាល់ឆក់យកជីវិតជនរងគ្រោះដំបូង ខណៈអេស្ប៉ាញព្រមានពីចំហេះព្រៃ
08/16/2025 12:08 PM
អង្គភាពការពារជនស៊ីវិលអាល់ហ្សេរី៖ រថយន្តក្រុងធ្លាក់ចូលទន្លេសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់
08/16/2025 12:08 PM
ទឹកជំនន់ដ៏គំហុកបណ្តាលឲ្យមនុស្សជាង២៨០នាក់ស្លាប់នៅឥណ្ឌានិងប៉ាគីស្ថាន ខណៈរាប់ពាន់នាក់ជម្លៀសខ្លួន
08/16/2025 10:08 AM
UN៖ មនុស្សយ៉ាងហោចណាស់១.៧៦០នាក់ត្រូវបានសម្លាប់ ខណៈស្វែងរកជំនួយនៅហ្កាហ្សា
08/16/2025 10:08 AM
លោកTrump មិនជឿនោះទេថា លោក Xi នឹងមានចំណាត់ការលើកោះតៃវ៉ាន់
08/16/2025 10:08 AM
ក្រុមអ្នកតវ៉ានៅទីក្រុងAnchorage ធ្វើបាតុកម្មដើម្បីអ៊ុយក្រែន ខណៈលោកTrump ជួបលោក Putin
08/16/2025 10:08 AM
លោកPutin និយាយបង្ហើបពី«កិច្ចព្រមព្រៀង»ប៉ុន្តែលោកTrumpថា«គ្មានកិច្ចព្រមព្រៀងទេ រង់ចាំរហូតដល់មានកិច្ចព្រមព្រៀង»
08/16/2025 09:08 AM
លោកTrump៖ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ជាមួយលោកPutin ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ
08/16/2025 09:08 AM