សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ផលលាភដែលកម្ពុជាទទួលបានថ្ងៃនេះ គឺកើតចេញពីសន្តិភាព ក្នុងរយៈពេល២៥ឆ្នាំកន្លងមក

2023/12/27 11:06:16 am        177
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ជើងឯក នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមជំនួយហិរញ្ញប្បទានរបស់ជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បើគិតត្រឹមឆ្នាំ២០២៣នេះ គឺកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ឥតឈប់ឈររយៈពេល២៥ឆ្នាំហើយ ​ហើយ​ដរាបណាមាន​សុខ​សន្តិភាពតំបន់​ជើងឯកក៏ដូចជា ប្រទេសកម្ពុជា​ទាំងមូលនឹងបន្តកាន់តែរីកចម្រើនបន្ថែមទៀត​លើគ្រប់វិស័យ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ​អស់រយៈពេលប្រាំរយឆ្នាំ ហើយដែលកម្ពុជា ​បានបែកបាក់​ និងកាប់ចាក់គ្នា ហើយកន្លែងជើងឯកនេះកាលពីជាង៤០ឆ្នាំមុន គឺជា​កន្លែងកប់ខ្មោច ​និងជាកន្លែងដែលគេបានយកមនុស្សរាប់ម៉ឺននាក់​ទៅវាយចោល​យ៉ាង​អាណោចអាធ័ម​ ប៉ុន្តែ ក្នុងរយៈពេល២៥ឆ្នាំក្រោយបែជាកន្លែងនេះ (បឹងជើងឯក) ជាកន្លែងអភិវឌ្ឍន៍​ឥតឈប់ឈរ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវដាក់ទិសដៅ និងត្រូវការពារនៃការអភិវឌ្ឍកន្លែងនេះ​កុំឲ្យវិលទៅរកដូច ​កាលពីជាង៤០ឆ្នាំមុននោះ​ គឺគប្បីថែរក្សានូវសុខសន្តិភាពឲ្យបានដាច់ខាត៕អត្ថបទ៖ បាន ចក់

សម្តេចធិបតី ប្រាប់ដល់ក្រុមប្រឆាំងថា ការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាលុយកម្ចីបរទេសគឺលុយ BOT

2023/12/27 10:55:15 am        331
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ ស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច ​បានផ្ញើសារទៅពួកទាំង​នោះទៀតថា ​សូមកុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺដើម្បីឆ្លើយតប និងបកស្រាយចំពោះអ្នក​ពាក់​ស្បង់ចីវរ ​និងក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេស ដែលបានបំប៉ោងព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយពីបរទេសប្រមាណ ៥ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមទឹកនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ជើងឯក ​នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេច​សូមធ្វើការ​ច្រានចោលទាំងស្រុងចំពោះការផ្សាយ​របស់​កាសែតបរទេសមួយ ដែលបាន​ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ថា រាជរដ្ឋាភិបាលខ្ចីលុយពីបរទេស ដើម្បី​ធ្វើព្រែកជីក​ហ្វូណនតេជោ ហើយសម្តេចមិនជឿថាព័ត៌មាននេះ​ បានមកពីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះទេ ដោយសម្តេច​អះអាងថា ព័ត៌មាននេះ គឺជាព័ត៌ប្រឌិតឡើង​ដើម្បី​ប្រជាភិថុតិ​សុទ្ធសាធ ​និងដើម្បីមូលបង្កាច់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ​ក៏បានផ្តាំទៅក្រុមប្រឆាំងទាំងនោះជាថ្មីម្តងទៀត ផងដែរថា «គម្រោងព្រែកជីកហ្វូណនតេជោ» ​ជាសរសៃឈាមតភ្ជាប់​រវាង​ហេដ្ឋា​រចនាសម្ព័ន្ធនានា ជាមួយនឹងគម្រោងផ្សេងៗទៀតរបស់រដ្ឋាភិបាលជប៉ុន ​គឺធ្វើឡើងដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្តុភារកម្មតាមផ្លូវទឹកសមុទ្រ ​និងផ្លូវទឹកតាមទន្លេសាប ​និងទន្លេមេគង្គរបស់កម្ពុជា វាមិនមែន​ឥតប្រយោជន៍​ ដូចក្រុមប្រឆាំងផ្កាប់មុខទាំងនោះឡើយ​ ខណៈផលលាភ​ដែលនឹងទទួល​បាន​តាមរយៈគម្រោងនេះ ​គឺជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនជីវភាពរបស់ពលរដ្ឋតែប៉ុណ្ណោះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

2023/12/27 09:28:11 am        238
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បី​ចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានជួយកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ជើងឯក នេះដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងជួយដល់បរិស្ថានល្អ ផាសុខភាពរបស់របស់ប្រជាពលរដ្ឋ ខណៈសមិទ្ធផលនេះ ក៏ជាសមិទ្ធផលមួយនៃផែនការគ្រប់គ្រងទឹកកខ្វក់របស់កម្ពុជាផងដែរ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផលលាភដែលកម្ពុជាទទួលបាននាពេលនេះ គឺកើតចេញពីសន្តិភាពដែលកម្ពុជា មានរយៈពេល២៥ឆ្នាំមកនេះ ដូច្នេះកូនខ្មែរទាំងអស់ត្រូវបន្តថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ និងសមិទ្ធផលនានាដែលកម្ពុជាអាចទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគតនោះ អ្វីដែលត្រូវចង់ចាំ និងរម្លឹកដល់ដំបូកគេ គឺការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា។ ហេតុនេះហើយនៅថ្ងៃទី២៩ ខែធ្នូនេះកម្ពុជានឹងប្រារព្ធទិវានៃនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាខិតខំស្វែងរកបានយ៉ាងលំបាកដែលកូនខ្មែរត្រូវរួមគ្នាថែរក្សាឱ្យបានជាដាច់ខាត។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន នឹងត្រូវបានបន្តពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំថ្មីឆ្នាំ២០២៤ ពោលគឺជាខួបទី៧១ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ហើយសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា និងជប៉ុន នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទៀត ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្នុងរយៈពេល៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តាំទៅក្រុមប្រឆាំង​ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។ -សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឱ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសាកលនាពេលខាងមុខនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញនៅតាមខណ្ឌនានាឱ្យបាលឿនដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ។

ស្អែកនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”

2023/12/26 04:22:33 pm        153
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះនឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ។សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បី​ចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។

មនី្ទរពេទ្យកុមារជាតិទទួលព្យាបាលជំងឺជូនកុមារ ដែលមានប័ណ្ណ ប.ស.ស. ដោយមិនចំណាយថវិកា

2023/12/26 02:00:24 pm        413
ភ្នំពេញ៖ មនី្ទរពេទ្យកុមារជាតិ បានចូលរួមអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដោយទទួលព្យាបាលជំងឺជូនកុមារ ដែលមានប័ណ្ណ ប.ស.ស. (បេឡាជាតិ​សន្តិសុខសង្គម) ដែលមិនចំណាយថវិកា ​ក្នុងការមកទទួលសេវាក្នុងមនី្ទរពេទ្យ។ឯកឧត្តមសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះថា ​បច្ចុប្បន្នរាជរដ្ឋាភិបាលថ្មី អាណតិ្តទី៧ ដែលមាន​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាន​ប័ណ្ណប.ស.ស.(បេឡាជាតិសន្តិសុខសង្គម) សម្រាប់កុមារ ទន្ទឹមនឹងនោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានជម្រុញឲ្យមន្រី្តរាជការស៊ីវិល នាំកូនៗចុះឈ្មោះបំពេញបែបបទធ្វើប័ណ្ណប.ស.ស.។ ដូច្នេះមន្រី្តរាជការស៊ីវិល​ ដែលបានចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. ជូនកូនៗរួចរាល់ហើយនោះ សូមអញ្ជើញនាំកុមារ ​ដែលមានអាការៈមិនស្រួលខ្លួន ឬមានជំងឺ សូមអញ្ជើញមកទទួលការ​ព្យាបាល​ជំងឺនៅមនី្ទរពេទ្យកុមារជាតិ ដែលមិនត្រូវការបង់ថវិកានោះទេ។ ចំណែកប្រជាពលរដ្ឋមកពីខេត្តស្វាយរៀង កំពង់ចាម និងរាជធានីភ្នំពេញ បាននិយាយថា ថ្ងៃនេះបាននាំកូនៗមកពិនិត្យសុខភាព​ និងទទួលថ្នាំបង្ការការពារជំងឺ ​បើនិយាយជារួម លោកគ្រូ អ្នកគ្រូពេទ្យ ​នៃមនី្ទរពេទ្យកុមារជាតិ គឺយកចិត្តទុកដាក់ រុសរាយរាក់ទាក់ ​និងផ្តល់សេវាកម្មល្អ។សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា​ ដែលដឹកនាំ​ដោយ​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ ដែលក្នុងនោះបញ្ចកោណទី១ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​មូលធនមនុស្សឲ្យមានគុណភាព ​និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតសម្រាប់ការជម្រុញ​ពិពិធកម្ម ​និងកំណើតសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន៕អត្ថបទ រដ្ឋា 

ការិយាល័យប្រធានាធិបតីអ៊ុយក្រែន៖ ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហុងគ្រី អាចគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគី

2023/12/26 01:43:15 pm        137
លោក Ihor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា លទ្ធភាពកិច្ចពិភាក្សជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán) អាចនឹងគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយ។ដោយឆ្លើយសំណួរអំពីប្រធានបទនៃកិច្ចពិភាក្សាជាមួយលោកអ័របាន លោកបាននិយាយថា៖«អំពីទំនាក់ទំនងទ្វេភាគីរបស់យើង ដែលជាវិសាលភាពធំទូលាយណាស់ ហើយមិនកំណត់ចំពោះបញ្ហាជនជាតិភាគតិចទេ»។ លោក Zhovkva បានបន្ថែមថា៖«យើងអាចនិយាយអំពីសេដ្ឋកិច្ច ឬការឆ្លងកាត់រវាងរដ្ឋជិតខាង។ យើងពិតជា នឹងរៀបចំដំណើរទស្សនកិច្ចបែបនេះ ហើយក្រុមការងារ នឹងធ្វើការ [លើបញ្ហានេះ]។ គ្មានអ្វីប្រសើរជាងការពិភាក្សាទល់មុខគ្នានោះទេ»។ប្រទេសហុងគ្រី និងអ៊ុយក្រែន ស្ទើរតែគ្មានទំនាក់ទំនងកម្រិតខ្ពស់ ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២បើទោះបីជាពួកគេ បានឈានដល់កម្រិតផ្សេងៗគ្នា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។ ការពិភាក្សា កំពុងដំណើរការ ដើម្បីរៀបចំកិច្ចប្រជុំរវាងលោកប្រធានាធិបតីហ្សេឡិនស្គី និង លោកនាយករដ្ឋមន្ត្រី អ័របាន។

គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅក្រុងសៀមរាបកំពុងសិក្សាតម្រាយផ្លូវ

2023/12/26 01:01:58 pm        774
គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះ​ទៅ​ក្រុងសៀមរាប ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group ។តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ិន ម៉ាណែត ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ នៃ​ភ្ញៀវ​ទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បាន​ចាប់​ផ្តើម​ប្រតិបត្តិការរបស់ខ្លួនជាផ្លូវការតាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ធុន​ស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ត្រូវ​បាន​គណៈកម្មការ​អន្តរក្រសួងលើកយកមកប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group នាព្រឹក​ថ្ងៃ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផ្សេង​ទៀត​។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់​ពី​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ដែលមានឈ្មោះថា Urban Light Rail Transit ។ មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅ​បញ្ចៀស​កុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់​ដែល​ស្ថិត​ក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

សម្ដេចប្រធានរដ្ឋសភា ផ្តាំដល់និស្សិតសិក្សានៅបរទេសត្រូវដើរតួនាទីជាអ្នកការទូតរបស់កម្ពុជា

2023/12/26 12:55:18 pm        166
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា​បានផ្តាំផ្ញើដល់និស្សិតសិក្សា​នៅបរទេសត្រូវ​ដើរតួនាទីជាអ្នកការទូ​តចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ទទួលជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍​រដ្ឋាភិបាល​អូស្រ្តាលី​ក្រោយ​ឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ដោយការ​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សានៅប្រទេសអូស្រ្តាលី គឺមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ មិនត្រឹមតែ​ជា​មោទកភាព​សម្រាប់​ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាព​សម្រាប់​សង្គម​ជាតិ​ទាំង​មូល​។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជា​ធនធាន​មនុស្ស​ដ៏​សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជ​រដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់។សម្តេចប្រធានរដ្ឋសភា លើកឡើងថា និស្សិតទំាងអស់ជាតំណាងឱ្យជាតិខ្មែរទាំងមូល ហើយ​ថែម​ទាំង​ដើរ​តួនាទី​ជា​អ្នកការទូត ចូលរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្ត​ភាព​ជាមួយ​ប្រទេស​ដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា បញ្ជាក់ថា ក្នុង​នាម​យើងជាតំណាងឱ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេស​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ប្រជាជន​បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាង​ណា​ដើម្បី​ឱ្យ​គេស្គាល់​កម្ពុជា​កាន់​តែច្បាស់ យល់ដឹងពីសភាពការណ៍ពិតនៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាព​សង្គម ហើយកម្ពុជាបានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និង​អ្នក​វិនិយោគ​មក​ពី​គ្រប់​ទិស​ទី​នៃ​ពិភព​លោក។ សម្រាប់និស្សិតដែលបានចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ពី​សម្តេច​ប្រធាន​រដ្ឋ​សភា​នៅ​មុន​ពេល​ចាក​ចេញទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត​នៅ​ប្រទេស​អូស្រា្តលី​នា​ឱកាស​នេះ​មាន​ចំនួន​១៨​នាក់ តំណាងឱ្យនិស្សិតចំនួន៣៨នាក់ ដែលនឹងត្រូវចេញទៅសិក្សានៅថ្នាក់ក្រោយឧត្តមសិក្សា តាម​គ្រឹះ​ស្ថាន​សិក្សានានាក្នុងប្រទេសអូស្រ្តាលី ខណៈ​និស្សិត​ជាប់​អាហារូបករណ៍​ទាំង​អស់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា ​មានស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៕ អត្ថបទ សេក ឧត្តម

លោកបៃដិន បានបញ្ជាឲ្យវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា Kataib នៅអ៊ីរ៉ាក់ បន្ទាប់ពីទាហាន៣នាក់រងរបួស

2023/12/26 12:49:50 pm        107
លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាឲ្យយោធាអាមេរិក ធ្វើការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់ពីទាហានអាមេរិកបីនាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូន នៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី Adrienne Watson បាននិយាយថា ទាហានអាមេរិកម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយប្រហារដែលបានកើតឡើង កាលពីព្រឹកថ្ងៃចន្ទ។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ គឺហេសបូឡា Kataib និងក្រុមពាក់ព័ន្ធ ក្រោមការការពាររបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បានអះអាងការជឿទុកចិត្តសម្រាប់ការវាយប្រហារ ដែលបានប្រើយានដ្រូនវាយប្រហារតែមួយផ្លូវ។ លោកបៃដិន ដែលកំពុងចូលរួមបុណ្យណូអែល នៅរមណីយដ្ឋានកំហែកម្សាន្ត Camp David របស់ប្រធានាធិបតី នៅរដ្ឋ Maryland ត្រូវបានជូនដំណឹងអំពីការវាយប្រហារដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan ភ្លាមៗ បន្ទាប់ពីវា បានកើតឡើងកាលពីថ្ងៃចន្ទ ហើយបានបញ្ជាឲ្យមន្ទីរបញ្ចកោណ និងជំនួយការសន្តិសុខជាតិកំពូលរបស់ខ្លួន រៀបចំជម្រើសឆ្លើយតប។មន្ត្រីសហរដ្ឋអាមេរិក ដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈ និងសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Sullivan បានពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ។ ទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកបៃដិន គឺលោក Jon Finer បាននៅជាមួយលោកប្រធានាធិបតី នៅរមណីយដ្ឋាន Camp David ហើយបានកោះប្រជុំក្រុមជំនួយការជាន់ខ្ពស់ ដើម្បីពិនិត្យមើលជម្រើស។ មន្ត្រីរូបនេះ បាននិយាយថា ក្នុងរយៈពេលប៉ុន្មានម៉ោង លោកបៃដិន បានកោះប្រជុំក្រុមសន្តិសុខជាតិរបស់ខ្លួនសន្ទនាតាមទូរស័ព្ទជាមួយលោក Austin និង Gen. CQ Brown ដែលជាអគ្គសេនាធិការចម្រុះ បានពន្យល់លោកបៃដិនអំពីជម្រើសឆ្លើយតប។ លោបៃដិន បានជ្រើសរើស ដើម្បីកំណត់ទីតាំងចំនួនបីដែលប្រើប្រាស់ដោយក្រុមហេសបូឡា Kataib និងក្រុមពាក់ព័ន្ធ។

ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្តេជ្ញាចិត្តកសាងសហគមន៍វាសនារួម នៃសន្តិភាព និងវិបុលភាពឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់

2023/12/26 12:39:03 pm        418
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមាន​ទំនើប​កម្ម​ក្នុង​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋ​ប្រជាធិប​តេយ្យប្រជាមានិតឡាវ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ថ្នាក់ដឹកនាំ​បាន​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​សមិទ្ធផល​ដ៏​ច្រើន​ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និង​អត្ថ​ប្រយោជន៍​នៅ​គ្រប់​វិស័យ តាមរយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាព​ប្រាំឆ្នាំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង (២០១៨-២០២២)។ ថ្នាក់ដឹកនាំក៏បាន​កោត​សរសើរ​ផង​ដែរ​ចំពោះ​​មូល​និធិពិសេស នៃ​កិច្ច​សហ​ប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រ​គម្រោង​ជាង​៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការ​កសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការ​ពង្រឹង​សិទ្ធិ​អំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយ​ប្រទេស​សមាជិក​ទាំង​ប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោងដោយមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡាន​ឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យពង្រឹងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​គម្រោង​​ទាំ​ង​នោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​​ប្រជាជ​ន​នៅ​ក្នុង​ប្រទេស​ទាំងប្រាំមួយ។ថ្នាក់ដឹកនាំបានអះអាងសាជាថ្មី នូវការសហការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម​ដែល​មិនធ្លាប់​មា​ន​ពី​មុនមក។ ប្រឈមរួមគ្នា និ​ង​បានឯកភាព​ជំរុញ​ការ​អភិវឌ្ឍខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ-​ឡានឆាង ផ្តោតលើប្រជាជន ដោយ​ប្រើប្រាស់​កា​លានុវត្តភាពពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្តេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយ​នឹង​លទ្ធផល​ជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផល ផ្លែផ្កា​ពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុង​ចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែ​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច” ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់​ក្នុងអនុតំបន់ និង​ការ​តភ្ជាប់​ទៅ​នឹង​ខ្សែ​ច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លងដែន និង​ភាព​ប្រកួត​ប្រជែង​រយៈ​ពេល​វែង​របស់តំបន់យើង។កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយ នឹង​ការ​អនុម័ត​ឯកសារសំខាន់ចំនួន០៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ច​សហ​ប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើម​រួម​ស្ដីពី​ការ​អភិវឌ្ឍ​ច្រក​របៀងន​វានុវត្តន៍ន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមាន​សារៈ​សំខាន់​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។នៅក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្តម លី ឈាង រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមគ្រួសារនៃសព ចំពោះ​ការបាត់បង់មនុស្សជាទីស្រលាញ់ និង​ការ​ខូចខាតដែលបណ្តាលមក​ពី​គ្រោះរញ្ជួយដី​នៅ​ខេត្តកានស៊ូ​។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះការមកដល់ន ខួប​លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាជន​ នៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូលក្នុងឱកាសឆ្នាំថ្មី២០២៤៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM