សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

មនុស្សយ៉ាងហោចណាស់ ៨នាក់ ស្លាប់ និងម្នាក់បាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះឃ្លាំង នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/07/28 10:50:15 am        88
ប្រេស៊ីល៖ រដ្ឋាភិបាលនៃរដ្ឋ Parana របស់ប្រទេសប្រេស៊ីល និងក្រុមហ៊ុនពាក់ព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីមានការផ្ទុះក្នុងឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិ កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) នៅឯសហករណ៍កសិកម្មមួយ នៅភាគខាងត្បូងប្រទេស។ការោផ្ទុះនោះ បានកើតឡើងនៅឯសហករណ៍ C.Vale ក្នុងទីក្រុងតូចប៉ាឡូទីណា ដែលមានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ពីរដ្ឋធានី Curitiba របស់ Parana ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋកសិកម្មឈានមុខរបស់ប្រទេសប្រេស៊ីល។ សហករណ៍ C.Vale បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្ទុះ នៅមិនទាន់អាចកំណត់បាននោះទេ នាពេលនេះ ដោយសារក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅឡើយ។អ្នកនាំពាក្យតំណាងឲ្យក្រុមហ៊ុនបាននិយាយថា មនុស្ស ៧នាក់ ដែលបានស្លាប់ ជាកម្មករបរទេស ដោយភាគច្រើនជាជនជាតិហៃទី និងម្នាក់ជាជនជាតិប្រេស៊ីល។ សហករណ៍ C.Vale បាននិយាយថា កន្លែងផ្ទុកគ្រាប់ធញ្ញជាតិ ដែលមានការផ្ទុះនេះ បានស្តុកទុកសណ្តែកសៀងប្រហែល ១២.០០០តោន និងពោត ៤០.០០០តោន៕

រដ្ឋមន្ត្រីការពារជាតិអាមេរិកវាយប្រហារអាកប្បកិរិយាគំរាមកំហែងរបស់ចិន នៅប៉ាស៊ីហ្វិក

2023/07/28 10:47:32 am        117
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា)នេះ ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី មានការព្រួយបារម្ភចំពោះការប៉ុនប៉ងរបស់ប្រទេសចិន ដើម្បីចាកចេញពីសណ្តាប់ធ្លាប់របស់អន្តរជាតិផ្អែកលើច្បាប់។រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡដ អូស្ទីន ស្ថិតនៅក្នុងរដ្ឋឃ្វីនស្លែនដ៍ (Queensland) សម្រាប់កិច្ចសន្ទនាប្រចាំឆ្នាំ AUSMIN (ការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-សហរដ្ឋអាមេរិក) ជាមួយសមភាគីអូស្ត្រាលីរបស់ពួកគេ លោក រីឆាដ ម៉ាឡែស( Richard Marles) និងរដ្ឋមន្ត្រីការបរទេស លោកស្រី ប៉ែននី វ៉ុង (Penny Wong)ជាទីដែលមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សន្តិសុខក្នុងតំបន់ និងថាមពលស្អាត នឹងក្លាយជាការផ្តោតការយកការយកចិត្តទុកដាក់។មហិច្ឆតាសន្តិសុខរបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏នឹងស្ថិតក្រោមការពិភាក្សារបស់សម្ព័ន្ធមិត្តសន្តិសុខផងដែរ៕

សារព័ត៌មានរដ្ឋ៖ ការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជាច្រើននាក់ នៅទីសក្ការៈក្បែររដ្ឋធានីរបស់ស៊ីរី

2023/07/28 10:44:13 am        118
ស៊ីរី ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា គ្រាប់បែកមួយគ្រាប់ដែលដាក់ក្នុងរថយន្ត បានផ្ទុះនៅខាងក្រៅទីក្រុងសក្ការបូជា Sayeda Zeinab ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីដាម៉ាស់ (Damascus) ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងរងរបួសជាច្រើននាក់ទៀត។អ្នកយកព័ត៌មានរបស់ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ចំនួនអ្នកបាត់បង់ជីវិតបឋម បានបង្ហាញថា អាចនឹងមានមនុស្សស្លាប់ ៦នាក់។ ស្ថានីយទូរទស្សន៍នេះបានចាក់ផ្សាយវីដេអូពីរូបភាពរថយន្តដែលឆេះខ្លោចផ្នែកខាងមុខ។ អ្នកស្រុកម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង នៅម៉ោងប្រហែល ៥:៣០ល្ងាច (ត្រូវនឹងម៉ោង ១៤:៣០ ម៉ោងសកល) បន្ទាប់មកកងកម្លាំងសន្តិសុខបានបិទតំបន់នោះ។នេះជាការវាយប្រហារលើកទី២ លើទីកន្លែងសក្ការៈ ក្នុងសប្តាហ៍នេះ។ នៅមុននេះ មនុស្ស ២នាក់ បានរងរបួស នៅក្នុងការបំផ្ទុះដាច់ដោយឡែកមួយ កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កា)។ នេះគឺជារដូវកាលដ៏ពេញនិយម សម្រាប់ការទៅកាន់ទីកន្លែងសក្ការបូជា ខណៈដែលអ្នកកាន់សាសនាអ៊ីស្លាមស៊ីអ៊ីត (Shi'ite) សម្រុកទៅទីនោះ ដើម្បីប្រារព្ធពិធីបុណ្យកាន់ទុក្ខ Ashura។ភ្លាមៗនេះ នៅមិនទាន់មានការអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ កាលពីថ្ងៃព្រហស្បតិ៍នោះ។ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងពីការវាយប្រហារកាលពីលើកមុនមកលើទីតាំងសក្ការបូជានេះ។ គួររំលឹកដែរថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកបែបនេះ ក្នុងឆ្នាំ២០១៧ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់៕

ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសួរសុខទុក្ខខឯកឧត្តម ថោង ឈិន មន្ត្រីជាន់ខ្ពស់គណបក្ស

2023/07/28 10:38:46 am        275
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីដា (TYDA) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ថោង ឈិន សមាជិកគណៈកម្មាធិការត្រួតពិនិត្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់គេហដ្ឋានស្ថិតនៅភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម ថោង ឈិន និងក្រុមគ្រួសារ។ឯកឧត្តម ថោង ឈិន មានប្រសាសន៍ថា ឯកឧត្តមនិងក្រុមគ្រួសារទាំងមូល ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងឯកឧត្តមសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខឯកឧត្តម និងក្រុមគ្រួសារដល់លំនៅដ្ឋាន ហើយឯកឧត្តមសូមគាំទ្រឱ្យបន្តសកម្មភាពជាប្រពៃណីនេះឱ្យបានកាន់តែច្រើនជាបន្តទៀត។ឯកឧត្តមមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ឯកឧត្តម ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានថ្លែងសារនយោបាយពិសេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ និងបានគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព មានការអភិវឌ្ឍកាន់តែរីកចំរើន ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តក្រោមម្លប់សន្តិភាព ។ឯកឧត្តមបានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារ ជាប្រធានមន្ទីរខេត្តក្រចេះ អនុប្រធានគណៈឃោសនាអប់រំមជ្ឈិម អនុប្រធានគណៈចាត់តាំងមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការត្រួតពិត្យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម លោក ព្រមទាំងសមាជិក ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម ថោង ឈិន និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕

បាតុករកាន់កាប់ព្រៃឈើ ដើម្បីបញ្ឈប់សកម្មភាពពង្រីកអណ្តូងរ៉ែធ្យូងថ្មរបស់ទួរគី

2023/07/28 10:25:00 am        98
ទួរគី៖ ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថាននៅភាគនិរតីនៃប្រទេសទួរគី បានតវ៉ានៅក្នុងព្រៃអស់រយៈពេល៤ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ កក្កដា) ប្រឆាំងនឹងការកាប់ដើមឈើ ដើម្បីបើកផ្លូវសម្រាប់ការពង្រីកអណ្តូងរ៉ែធ្យូងថ្ម ដោយមេធាវីម្នាក់និយាយថា មនុស្ស ១៤នាក់ ត្រូវបានចាប់ឃុំខ្លួនក្នុងសប្តាហ៍នេះ នៅក្នុងការប៉ះទង្គិចជាមួយនគរបាល។ .រថពាសដែកជាច្រើនគ្រឿង និងកម្លាំងសន្តិសុខ ត្រូវបានដាក់ពង្រាយ ដើម្បីរារាំងក្រុមបាតុករមិនឲ្យចូលទៅក្នុងព្រៃក្នុងខេត្ត មូឡា ( Mugla) ហើយសកម្មជន បាននិយាយថា នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកឥតឈប់ ដើម្បីបំបែកពួកគេ ចាប់តាំងពីថ្ងៃចន្ទមក។ក្នុងឆ្នាំ ២០២០ ក្រសួងរុក្ខប្រមាញ់ បានផ្តល់ការអនុញ្ញាតឲ្យក្រុមហ៊ុនទួរគី YK Energy ពង្រីកអណ្តូងរ៉ែដល់ ៧៨០ ហិកតានៃព្រៃឈើនៅក្នុងតំបន់អាបេឡែន (Akbelen) ។ តុលាការមិនទាន់សម្រេចលើបណ្តឹងដែលប្តឹងរបស់អ្នកស្រុកដែលជំទាស់នឹងការអនុញ្ញាតទាំងនេះ។អ្នកស្រុកបានស្វែងរកដីការក្សាការពារ និងបានចាប់ផ្តើមការប្រុងប្រយ័ត្ននៅក្នុងព្រៃនៅឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ តុលាការ បានដកការផ្អាកប្រតិបត្តិការ នៅឆ្នាំ២០២២ ហើយមន្ត្រីមកពីក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលពាក់ព័ន្ធ បាននិយាយថា មិនមានឧបសគ្គផ្លូវច្បាប់ចំពោះសកម្មភាពរបស់ពួកគេទេ។

ប្រធានាធិបតីអ៊ីស្រាអែលជំរុញឲ្យមានភាពស្ងៀមស្ងាត់ ខណៈមានគម្រោងតវ៉ាបន្ថែមទៀតជុំវិញកំណែទម្រង់តុលាការ

2023/07/28 10:14:51 am        222
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ដែលបានប្រឆាំងទៅនឹងកំណែទម្រង់ប្រព័ន្ធតុលាការ ផ្ដួចផ្ដើមដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រមូលផ្ដុំគ្នាតវ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី២៧កក្កដា ប៉ុន្មានថ្ងៃ បន្ទាប់ពីសភាបានអនុម័តចំណុចកែប្រែលើកដំបូង ដែលកម្រិតអំណាចរបស់តុលាការក្នុងការគ្រប់គ្រងសកម្មភាពរបស់រដ្ឋាភិបាល និងបង្កើនក្ដីបារម្ភពីសុចរិតភាពនៃលទ្ធិប្រជាធិបតេយ្យមានអាយុកាល៧៥ឆ្នាំរបស់អ៊ីស្រាអែល។   លោកប្រធានាធិបតីអ៊ីស្រាអែលបានជំរុញដល់ភាគីជម្លោះទាំង២ឲ្យរក្សាភាពស្ងៀមស្ងាត់ជុំវិញកំណែទម្រង់ប្រព័ន្ធតុលាការដែលបានអនុម័តកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បញ្ចៀសអំពើហិង្សា ដោយការប្រើប្រាស់ឱកាសនៃពិធីបុណ្យតមអត់អាហាររបស់ជនជាតិជ្វីសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីអំពាវនាវឲ្យមានការផ្សះផ្សា ខណៈក្រុមអ្នកតវ៉ាបានសន្យាប្រមូលផ្ដុំតវ៉ាបន្ថែមទៀត ។  ផែនការដែលកំពុងត្រូវបានអនុវត្តដោយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងរដ្ឋាភិបាលស្តាំនិយមរបស់លោក បានជំរុញឲ្យមានការតវ៉ាជាច្រើនខែមិនធ្លាប់មាន បើកការបែកបាក់យ៉ាងជ្រៅនៅក្នុងសង្គមអ៊ីស្រាអែល និងបានធ្វើឲ្យមានភាពតានតឹងដល់ភក្តីភាពរបស់កងទ័ពបម្រុងមួយចំនួន។គិតមកដល់សប្ដាហ៍នេះ នៅក្នុងខែទី៧របស់ខ្លួន វិបត្តិបានកើនឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីសភាបានអនុម័តកំណែទម្រង់នេះជាលើកដំបូង៕

UNចាប់ផ្តើមយកប្រេងចេញពីកប៉ាល់ដឹកប្រេងនៅជិតយ៉េម៉ែន ក្នុងសមុទ្រក្រហម

2023/07/28 10:07:08 am        265
UN៖ អង្គការសហប្រជាជាតិ បានចាប់ផ្តើមយកចេញប្រេងជាង ១លានបារ៉ែលពីកប៉ាល់ដឹកប្រេង ដែលខូច នៅឆ្នេរសមុទ្រក្រហមរបស់យ៉េម៉ែនកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ក្នុងប្រតិបត្តិការដ៏ស្មុគស្មាញមួយ ដែលខ្លួនសង្ឃឹមថា នឹងការពារគ្រោះមហន្តរាយក្នុងតំបន់។ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានព្រមានអស់រយៈពេលជាច្រើនឆ្នាំថា សមុទ្រក្រហម និងឆ្នេរសមុទ្រនៃប្រទេសយ៉េម៉ែនមានហានិភ័យ ដោយសារនាវាដឹកប្រេងSafer ដែលមានច្រេះចាប់ អាចកំពប់ប្រេងច្រើនជាងបួនដងនៃគ្រោះមហន្តរាយនាវាដឹកប្រេង Exxon Valdez ឆ្នាំ១៩៨៩ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការធ្លាយប្រេង អាចចំណាយអស់ ២០ពាន់លានដុល្លារដើម្បីសម្អាត។សង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែន បានបណ្តាលឲ្យមានការផ្អាកប្រតិបត្តិការថែទាំនាវាSafer កាលពីឆ្នាំ២០១៥ ដែលត្រូវបានប្រើសម្រាប់ការផ្ទុក និងត្រូវបានចតនៅឆ្នេរសមុទ្រយ៉េម៉ែនអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ។UN ដែលមិនធ្លាប់អនុវត្តបេសកកម្មជួយសង្គ្រោះបែបនេះពីមុនមក បានព្រមានថា ភាពរឹងមាំនៃរចនាសម្ព័ន្ធរបស់នាវានេះ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយវាមានហានិភ័យនៃការផ្ទុះឡើង៕

ភាពចលាចលកាន់តែខ្លាំងក្នុងប្រទេសនីហ្សេ ក្រោយទម្លាក់ប្រធានាធិបតីពីតំណែង ខណៈយោធាគាំទ្ររដ្ឋប្រហារ

2023/07/28 10:02:23 am        278
នីហ្សេ៖ រថយន្តនិងអគារជាច្រើនត្រូវបានដុតបំផ្លាញនៅក្នុងរដ្ឋ នីញ៉ាម៉េ (Niamey) របស់ប្រទេសនីហ្សេ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧កក្កដា បន្ទាប់ពីក្រុមអ្នកគាំទ្ររដ្ឋប្រហាររាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខទីស្នាក់ការគណបក្សកាន់អំណាច។ ក្រុមយុវជន បានចូលយកទោចក្រយានយន្ត កៅអី និងរបស់របរផ្សេងទៀតពីអគារនេះ។ក្រុមអ្នកតវ៉ាផ្សេងទៀតបានក្រវីទង់ជាតិរុស្ស៊ី និងស្រែកពាក្យស្លោកប្រឆាំងបារាំង ដែលឆ្លុះបញ្ចាំងពីការកើនឡើងរលកនៃការអាក់អន់ចិត្តចំពោះអតីតមហាអំណាចម្ចាស់នឹមអាណានិគមន៍បារាំង និងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់សាហេល(Sahel region)។ គួររម្លឹកថាប្រទេសនីហ្សេ បានទទួលឯករាជ្យពីប្រទេសបារាំង កាលពីឆ្នាំ១៩៦០។ ការតវ៉ាជាបន្តបន្ទាប់កើតឡើង ខណៈទីបញ្ជាការកងទ័ពរបស់ប្រទេសនីហ្សេ បានប្រកាសគាំទ្ររដ្ឋប្រហារ កាលពីមួយថ្ងៃមុន ដោយក្រុមទាហាននៃអង្គភាពកងអង្គរក្សរបស់ប្រធានាធិបតី ។ លោកវរសេនីយឯក អាម៉ាដូ អាបដ្រាម៉ាណេ(Amadou Abdramane) បានប្រកាសតាមទូរទស្សន៍រដ្ឋថា គ្រប់សកម្មភាពរបស់គណបក្សនយោបាយទាំងអស់ ត្រូវបានផ្អាក ។ទាហានមួយក្រុមបានប្រកាស ក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីយប់ជ្រៅថ្ងៃពុធទី២៦កក្កដាថា ពួកគេបានឃុំខ្លួនប្រធានាធិបតីដែលត្រូវបានទម្លាក់ពីតំណែងលោក មហាម៉េដ បាហ្ស៊ូម(Mohamed Bazoum) នោះហើយ។ រដ្ឋាភិបាលយោធាក្នុងប្រទេសជិតខាង ម៉ាលី និងប៊ូគូណា ហ្វាសូ បានខិតចូលទៅរករុស្ស៊ី កាន់តែជិត ចាប់តាំងពីពួកគេបាន គ្រប់គ្រង កាលពីឆ្នាំ២០២០ និង២០២២។  ប្រទេសទាំងនោះ បានកាត់ផ្ដាច់ទំនាក់ទំនងជាប្រពៃណីជាមួយសម្ព័ន្ធមិត្តលោកខាងលិច៕

ស្ថានបេសកកម្មកម្ពុជាប្រចាំUN៖ ការបោះឆ្នោតកម្ពុជាប្រព្រឹត្តទៅដោយយុត្តិធម៌ និងក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍រាប់ម៉ឺននាក់

2023/07/28 09:32:49 am        734
ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នំា២០២៣នេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សន្តិវិធី និង​ក្នុង​បរិយាកាស​ប្រកបដោយបិរិយាបន្ន ខណៈការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​១៨​ ចូលរួម​ប្រកួតប្រជែង ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ពិនិត្យ​យ៉ាង​ដិតដល់។ការលើកឡើងរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនេះ គឺបាន​ធ្វើ​ឡើង​ បន្ទាប់ពីលោក Volker Türk ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បានរិះ គន់​ថា​ ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិទី៧​នៅ​កម្ពុជា​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវនោះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំUN និង​អង្គការ​អន្តរជាតិ​នានា​នៅទីក្រុងហ្សឺណែវ ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានបញ្ជាក់ថា កម្ពុជាសូមច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និង​មាន​លក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ជុំវិញការបោះឆ្នោតសកលនៅកម្ពុជា។ ដោយ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​បញ្ជាក់​ទៅ​កាន់​មន្រ្តី​UN​នេះ​ថា​ ការ​អនុវត្ត​ស្មើ​ៗ​គ្នា​នូវ​វិធាន​ការ​រដ្ឋបាល​ និង​ច្បាប់ ​ដើម្បី​ថែរក្សានីតិរដ្ឋ គឺមិន​មានន័យ​ស្មើ​ជា​ការ​រឹត​ត្បិត​សេរីភា​ព​របស់​ក្រុម​ជាក់​លាក់​ណា​មួយ​នោះ​ទេ​។ គណបក្សនយោបាយ បេក្ខជន នយោបាយសកម្មជន សហជីពកម្មករ អង្គ​ការ​មិនមែ​ន​រដ្ឋាភិបាល ​និងអង្គភាពសារព័ត៌មាន នានា ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដោយ​ស្មើ​ៗ​គ្នា នៅចំពោះមុខច្បាប់របស់ប្រទេស។ស្ថាន​បេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបានបញ្ជាក់បន្ថែមទៀតថា ការលើកឡើងថា ការ​បោះឆ្នោត​សកល​ធ្វើ​ឡើង​ក្នុងបរិយាកាសរឹតត្បិត គឺមិនត្រឹមត្រូវឡើយ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោតមានរហូតដល់ ៨,២លាននាក់ស្មើនឹង៨៤,៥៨ភាគរយ ហើយ​គណបក្ស​នយោបាយ​ចំនួន​១៨​ ចូលរួមប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ស្ថិត​ក្រោម​ក្រសែភ្នែក​ និង​ការ​តាម​ដាន​យ៉ាងដិតដល់ពីសំណាក់វត្តមាន អ្នកសង្កេតការណ៍អន្តរជាតិ ៤២២នាក់ ដែល​តំណាង​ឱ្យ៦៥សញ្ញាតិ មកពី៦១ ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស និង​សហគមន៍​អនិកជន​កម្ពុជានៅបរទេសជាសាក្សីជាដើម។ ជាងនេះទៅទៀត ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៦០.០០០នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យចំនួន៩០.០០០នាក់ ដែល​មាន​វត្តមានតាមដាន។ សេចក្តី ថ្លែងការណ៍​ជា​សាធារណៈ​របស់​ក្រុម​អ្នក​សង្កេតការណ៍​ជា​ច្រើន​ខាង​លើ​ក៏បានទទួលស្គាល់ថា ការបោះឆ្នោតសកលនៅកម្ពុជាគឺប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព សន្តិវិធី និងក្នុងបរិយាកាសប្រកបដោយបរិយាប័ន្ន។ស្ថានបេសកកម្ម​អចិន្ត្រៃយ៍កម្ពុជាក៏បានអះអាងផងដែរថា កម្ពុជានៅតែប្រកាន់​ខ្ជាប់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ចំពោះ​នយោបាយពហុបក្ស ប្រជាធិបតេយ្យ សន្តិភាព និងការលើកកម្ពស់សិទ្ធមនុស្ស។ ហើយ​តួ​អង្គខាងក្រៅទាំងអស់ត្រូវគោរពឆន្ទៈរបស់ប្រជាជនកម្ពុជាដែលជាម្ចាស់សន្លឹកឆ្នោត ចំពោះ​ការ​ជ្រើសរើសដ៏ត្រឹមត្រូវរបស់ពួកគាត់នូវ គណបក្សនយោបាយ ដែលពួកគាត់ជឿជាក់ថា អាច​ដឹកនាំ​ប្រទេសជាតិបានប្រសើរបំផុត នៅលើមាគ៌ាសន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរ​អង្វែង​។យ៉ាងណាក៏ដោយស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបានសម្តែងក្តីរំពឹងថា ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នឹង​ពិចារណាពីតថភាពទាំងអស់នេះ ព្រម​ទាំង​អនុវត្ត​ការងារ​របស់​ខ្លួន​ដោយ​ឈរ​លើ​គោលការណ៍អព្យាក្រឹត សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង ស្រប​តាម​សេចក្តី​សម្រេច​របស់​ឧត្តម​ស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ដែលតម្រូវឱ្យគោរពអធិបតេយ្យភាព និង​យុត្តាធិការ​ក្នុង​ស្រុក​របស់រដ្ឋ ព្រមទាំង​គោរព​តាម​គោលការណ៍​មិនជ្រែត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ដូច​បាន​ចែង​យ៉ាងច្បាស់ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនាពេលកន្លងទៅនោះ៕ អត្ថបទ៖ បាន ចក់

៣១កក្កដាខួប១៤ឆ្នាំ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោក

2023/07/27 01:46:35 pm        316
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ​ ជាខួប១៤ឆ្នាំ របស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលបានចុះក្នុងបញ្ជីស្មារតីចងចាំ​ នៃពិភពលោករបស់អង្គការយូណេស្កូ(UNECO)។លោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ​នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​ថ្លែងប្រាប់BTV ព័ត៌មាន ​នាព្រឹកថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៣នេះថា នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ ជាថ្ងៃរំលឹកខួប១៤ឆ្នាំ នៃការដាក់​បញ្ចូល​បណ្ណសារសារមនី្ទរប្រល័យពូជ​សាសន៍​ទួលស្លែង នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជា ​ត្រូវបានបញ្ចូលក្នុងបញ្ជី ស្មារតីចងចាំ ​នៃពិភពលោករបស់អង្គការ ​យូណេស្កូ កាលពីឆ្នាំ២០០៩ ​ក្រោមការគាំទ្រ និង​ជ្រោមជ្រែង​របស់រាជរដ្ឋាភិបាល។ មែនទែនទៅបងប្អូនប្រជាពលរដ្ឋ ​យើងបាន​ស្គាល់ច្បាស់​នូវ​បេតិកភណ្ឌរូបី(ដែលមានប្រាសាទអង្គវត្ត ប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហា) ​និងអរូបី (របាំព្រះរាជទ្រព្យ ល្ខោនខោល ដើម) ​ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួន​តូច មិនទាន់យល់ច្បាស់​អំពីបេតិកភណ្ឌឯកសារ។ ដូច្នេះតម្លៃនៃសម្បតិ្តបេតិកភណ្ឌទាំងបី នេះគឺស្មើគ្នា និងឋិតក្រោម​គម្រោង​របស់អង្គការយូណេស្កូ មានរូបី អរូបី ​និងឯកសារ នៅពេលដែលយើងបានចុះ​ក្នុង​បញ្ជីស្មារតីចងចាំ ​នៃពិភពលោក ​គឺយើងទទួលបានការគាំទ្រទាំងផ្នែកបច្ចេកទេស​ និងហិរញ្ញវត្ថុ ពី​អង្គការយូណេស្កូ ជាពិសេសអង្គការយូណេស្កូ នៅរាជធានីភ្នំពេញ ជួយសម្របសម្រួល។ជាចុងក្រោយលោក ហង្ស និស្ស័យ នាយកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជ​សាសន៍ទួលស្លែង បាន​បញ្ជាក់ថា កិច្ចការដែលក្រុមការងារកំពុងធ្វើនេះ​ គឺដើម្បីអភិរក្ស និងបង្ហាញដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដើម្បីចងចាំនូវរឿងរ៉ាវដែលបានកើតឡើង​នៅអតីតមនី្ទរ «ស . ២១» និងជារួមដែល​បានកើតឡើង​មកលើប្រជាជនកម្ពុជា ​និងជិត២លាននាក់ដែលបាត់បង់ជីវិត ​និងជនរងគ្រោះ រួចរស់មានជីវិតជាង៥លាននាក់ ​ពីសម័យខ្មែរក្រហម គឺចងចាំមិនភ្លេចនូវរឿងរ៉ាវដែលបានកើតឡើង​ចំពោះប្រជាពលរដ្ឋ។ ​ដូច្នេះយើងត្រូវចូលរួមធ្វើយ៉ាងណា រក្សាស្ថានភាព​ ស្ថិរភាព សន្តិភាពនេះ​ឲ្យបានគង់វង្ស​ ជាពិសេសយើងជាយុវជនមានសំណាង ​កើតក្រោយសង្រ្គាម គឺយើងយល់ច្បាស់​ពីគុណតម្លៃនៃសន្តិភាពដែលកំពុងមាន៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNព្រមានអំពីភាពអត់ឃ្លានកាន់តែអាក្រក់ឡើងៗ នៅប្រទេសយេម៉ែន ស្របពេលមានការខ្វះខាតថវិកា
06/17/2026 04:06 PM
អង្គការសហប្រជាជាតិ៖ រដ្ឋនិងដែនដីយ៉ាងតិចចំនួន ៥៨ ត្រូវបានគំរាមកំហែងដោយគ្រាប់មីន
06/17/2026 04:06 PM
សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ
06/17/2026 04:06 PM
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
06/17/2026 04:06 PM
កិច្ចប្រជុំពាក់ព័ន្ធនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោកចាប់ផ្ដើមដំណើរការ ផ្ដោតលើការជំរុញអំណាចដល់កុមារី និងយុវតី
06/17/2026 04:06 PM
ការកែទម្រង់ច្រកទ្វារព្រំដែនអន្តរជាតិជួយសម្រួលដំណើរចូលកម្ពុជារបស់វិនិយោគិន និងទេសចរបរទេស
06/17/2026 04:06 PM
អូស្ត្រាលីបន្ធូរបន្ថយការព្រមានអំពីការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 04:06 PM
មន្ត្រីនិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងភាគខាងកើតអ៊ុយក្រែន បានសម្លាប់មនុស្ស ៤នាក់
06/17/2026 04:06 PM
ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធដីធ្លីត្រូវបានផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក្នុងស្រុកបាកាន
06/17/2026 04:06 PM
UN៖ ជនភៀសខ្លួនបានវិលត្រឡប់ទៅភាគខាងត្បូងប្រទេសលីបង់វិញ ទោះបីជាមានអំពើហិង្សាក៏ដោយ
06/17/2026 04:06 PM