គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានាំចេញកសិផលមានបរិមាណសរុប ជាង៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២

2023/01/06 09:39:44 pm        599
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផល ​និងផលិតផលកែច្នៃចេញពីកសិកម្ម ​ប្រមាណ ៨,២ លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ​ទៅកាន់ទីផ្សារអន្តរជាតិ​ មានដូចជាទីផ្សារប្រទេសចិន អឺរ៉ុប និងអាស៊ី។របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បាន​បង្ហាញថា ការនាំចេញកសិកផលទៅកាន់ប្រទេសចិន ​មានបរិមាណសរុប ​៦៨៩ ៧០២តោន និង​ទីផ្សារអឺរ៉ុប ១៨៦ ៨៩៧ តោន ​និងទីផ្សារអាស៊ី ៤,២លានតោន។កសិផលសំខាន់​ នាំចេញទៅទីផ្សារប្រទេសចិន មានដូចជា​ គ្រាប់ស្វាយចន្ទីឆៅ ​ម្រេច ថ្នាំជក់ គ្រាប់​ស្វាយចន្ទីកែច្នៃ ​គ្រាប់ពោត ​កាកសំណល់ដំឡូងមី​ ដំណាប់ស្វាយ ​ចំណិតដំឡូងមី ​ផ្លែស្វាយស្រស់ ម្សៅ​ដំឡូងមី​ អង្ករ និងផ្លែចេកស្រស់​។ចំណែកទីផ្សារអឺរ៉ុប កម្ពុជា នាំចេញ​កសិផលដូចជា ​គ្រាប់ស្វាយចន្ទីកែច្នៃ ថ្នាំជក់ បន្លែចំរុះ ដំណាប់​ស្វាយ ម្រេច ម្សៅដំឡូងមី​ អង្ករ ជាដើម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​មាន​មហិច្ឆិតាខ្ពស់ ពង្រឹង​ឧត្តមភាព​សម្រាប់​ការ​ប្រកួត​ប្រជែង​ និង​មាន​យុទ្ធសាស្ត្រជំរុញការ​នាំចេញផលិតផល​ដែលមាន​គុណភាពខ្ពស់ និង​លក់បានតម្លៃខ្ពស់ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅ​ក្នុង​សន្និសីទសារព័ត៌មាន ​ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ នេះ ​ចំពោះទីផ្សារនាំចេញ ​ក្រសួងក៏មានទស្សនទានជាយុទ្ធសាស្ត្រ គឺជំរុញការ​នាំចេញ​ផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ឬហៅថា​ ផលិតផលគន្លឹះ ឬផលិត​ផលប្រណិត។ កម្ពុជាមិនអាច មិនត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ​ទាំងក្នុងការផលិត និងដឹកជញ្ជូន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធ​ផលិតកម្ម​កសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ ​និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ ​និងគុណភាព, ​នោះគឺជាប្រព័ន្ធផលិតកម្មដែលមានការចូលរួមសហការ និង​អនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ​ដោយមានយន្តការគ្រប់គ្រង ​និងសម្របសម្រួលច្បាស់លាស់ ហើយ​តាមរយៈនេះ រដ្ឋនឹងដើរតួនាទីច្រើនជាងមុន​ ដើម្បីផ្ដល់ការគាំទ្រ ​និងសម្របសម្រួល សំដៅ​អនុវត្តផែនការផលិតកម្ម​ម៉ត់ចត់ ​ដែលឆ្លើយតបទៅនឹងទីផ្សារ ៕ អត្ថបទ វណ្ណៈ

ផ្សារលក់រាយល្បីឈ្មោះរបស់អាមេរិក Walmart គ្រោងពង្រីកអាជីវកម្មនៅកម្ពុជា

2023/01/06 08:51:40 pm        694
ភ្នំពេញ៖ Walmart ក្រុមហ៊ុនផ្សារលក់រាយល្បីឈ្មោះនៅសហរដ្ឋអាមេរិក កំពុងស្វែងរក​ឱកាសវិនិយោគ ​ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានលើកឡើងនៅគម្រោងរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។លោកស្រី បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និង​ធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ​ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យ​សំលៀកបំពាក់ វាយនភណ្ឌ និងកសិកម្ម។លោកស្រី Anbinh Phan ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​នៃជំងឺកូវីដ-១៩ ​ដ៏មាន​ប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ​និង​បានអបអរសាទរ​ជូន​ក្រសួងពាណិជ្ជកម្ម ​ក្នុងការសម្រេចបាននូវកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីថ្មីៗ ​ដូចជា RCEP កម្ពុជា-ចិន កម្ពុជា-កូរ៉េ ជាដើម។ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ ចំពោះ តំណាងក្រុមហ៊ុន Walmart និងសហការី ដែលបានស្នើសុំ​ការ​សហការ​ពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅ​ក្នុងប្រទេសកម្ពុជា ​និង​បាន​វាយតម្លៃខ្ពស់​នូវការបញ្ជាទិញរបស់ក្រុមហ៊ុន ​Walmart នូវផលិតផល​សំលៀកបំពាក់ និង​សម្ភារៈធ្វើដំណើរពីកម្ពុជា។លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ ​និងគាំទ្រពេញទំហឹង ចំពោះគោល​បំណង​របស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផល​គ្រឿង​សង្ហារឹម អេឡិចត្រូនិក ​និងជាពិសេសផលិតផលកសិកម្មសំខាន់ៗ​ពីកម្ពុជា ដែលបំពេញ​បាន​តាមស្តង់ដារអន្តរជាតិ។​ ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជា​គឺសំដៅរួមចំណែក​ក្នុងការ​បង្កើត​ការងារ កាត់បន្ថយភាពក្រីក្រ ​និងអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម លើកឡើងថា ក្រសួងពាណិជ្ជកម្ម ​នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន​ Walmart វិស័យ​ឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ​ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ​ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាត្រៀមស្វាគមន៍ទេសចរចិន ដោយពុំមានតម្រូវលក្ខខណ្ឌផ្នែកសុខាភិបាល

2023/01/06 08:08:58 pm        743
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ​កម្ពុជាមិនមានការរឹតត្បិតផ្នែក​សុខាភិបាលទៅ​លើ​ទេសចរចិនមកទស្សនាកម្ពុជា និង​បានត្រៀមរួចជាស្រេច​ក្នុងការ​ទទួល​ទេសចរចិន ក៏ដូចទេសចរ​អន្តរជាតិ​ដទៃទៀតដែរ។ថ្លែងប្រាប់BTVនៅថ្ងៃទី៦ខែមករានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានលើក​កម្ពុជា​មិនមានការរើសអើងលើទេសចរបរទេសនោះឡើយ។ ​កម្ពុជា​ បើកទ្វារទទួលស្វាគមន៍​ទេសចរចិន​មកទស្សនាកម្ពុជា ​ហើយរំពឹងថា ទេសចរចិនមកទស្សនាកម្ពុជា ​នឹងកើនដល់ ២លាននាក់ ​នៅឆ្នាំ២០២៣នេះ។ រដ្ឋាភិបាលចិន បានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស ​និងការបើកទទួល ទេសចរអន្តរជាតិឡើងវិញ ​ដែលនេះ នឹងផ្ដល់នូវកាលានុវត្តភាពដល់បណ្ដាប្រទេសជា​គោលដៅ​ទេសចរណ៍​នៅលើពិភពលោក រួមទាំងកម្ពុជា ​ក្នុងការស្វាគមន៍ទទួល​ទេសចរចិន​ឡើងវិញ ក្រោយស្ថានការកូវីដ១៩ ពិភពលោក ​បាននិងកំពុងធូរស្រាល។ឯកឧត្តម ថោង ខុន បន្តថា នៅក្នុងដំណើរការត្រៀមទទួលទេសចរចិន កម្ពុជាបានបង្កើត​ក្រុម​ការងារ​មជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសារ និងវប្បធម៌ចិនដល់មន្ត្រី និង​បុគ្គលិក ពង្រឹង​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសាចិន ​ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនា​សម្ព័ន្ធ​គាំទ្រ​នានា និងពង្រឹងគុណភាពលើគ្រប់សេវាកម្មទេសចរណ៍ត្រៀម​ទទួលទេសចរចិន ​ដូចគ្នានឹង​ទេសចរ​អន្តរជាតិដទៃទៀតដែរ។យ៉ាងក៏ដោយ បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ីវិល ថ្លែងថា រហូតមកដល់ខែមករា ​ឆ្នាំ២០២៣នេះ បណ្តាក្រុមហ៊ុន​អាកាសចរចិន​បានពង្រីកការហោះហើរកម្ពុជា-ចិន កើនដល់៦០ជើងក្នុង១សប្តាហ៍៕ អត្ថបទ ស៊ុម សុខជា

ការនាំអង្ករស្រូវទៅទីផ្សារអន្តរជាតិ ផ្តល់ប្រយោជន៍បង្កើតការងារ​ និងបង្កើតចំណូលដល់កសិករ

2023/01/05 11:36:18 pm        661
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ កម្ពុជា បាននាំស្រូវអង្ករចេញទៅទីផ្សារអន្តរជាតិ បានជិត៦០ប្រទេស ។ សម្រាប់ការទទួលបានទីផ្សារស្រូវអង្ករនាំចេញដ៏ធំលាយនេះ ​បានធ្វើឲ្យបណ្តាកសិករ និង​អ្នក​បំរើ​ការងារនៅក្នុងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករនេះ ​ទទួល​បានអត្ថប្រយោជន៍​ មានការងារធ្វើ និងមាន​ចំណូលសម្រាប់​ផ្គត់ផ្គង់​ជីវភាពគ្រួសារ​ និងជម្រុញ​កំណើនសេដ្ឋកិច្ចជាតិផងដែរ។បើលោក ឧកញ៉ា ភូ ពុយ ប្រធានសម្ព័ន្ធសមាគមន៍រោងមាស៊ីនកិនស្រូវ ថ្លែងនៅថ្ងៃទី៥ ខែមករា​នេះថា នៅពេលបច្ចុប្បន្ន ទាំងកសិករ ​និងទាំងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា មិន​អាចផលិត​ស្រូវអង្ករតាមទាន់តម្រូវការទីផ្សារអន្តរជាតិនោះទេ​ ខណៈដែល ​បច្ចុបប្បន្ន ​ពិភពលោក កំពុង​មានវិបត្តិ​ស្បៀងអាហារ ​ហើយមានបណ្តាប្រទេសជាច្រើន ​តម្រូវការបញ្ជាទិញស្រូវការ​អង្ករ​កម្ពុជា នាំទៅប្រទេសគេ ​ខណៈដែលនៅក្នុងចំណោមរោងម៉ាស៊ីនកិន​ស្រូវប្រមាណ ១០០ទូទាំង​ប្រទេស គឺមាន​រោងម៉ាស៊ីនកិនស្រូវប្រមាណ៥០% ​គឺធ្វើសកម្មភាពកិនស្រូវអង្ករខ្លួនឯងផង និង​ប្រមូលពីតាម​រោងម៉ាស៊ីននានាផង ដើម្បីកែច្នៃនាំចេញទៅក្រៅប្រទេស។បើតាមបណ្តាតំណាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ​ជាយរាជធានីភ្នំពេញ​ ថ្លែងថា ​បច្ចុប្បន្ន​តម្លៃស្រូវ​ហាក់មានការឡើងថ្លៃបន្តិច​ និងតាមរោង​ម៉ាស៊ីន​កិនស្រូវ ​ស្ទើពុំសូវមានស្រូវកិន ​ដោយសារតាម​បណ្តា​ខេត្តភាគច្រើន ​កំពុងធ្វើការដាំដុះ ​ហើយខេត្តខ្លះកសិករកំពុងធ្វើរៀបចំធ្វើការប្រមូលផល ប៉ុន្តែទោះយ៉ាងណា ​នៅក្នុងឆ្នាំ២០២២​ បណ្តារោងម៉ាស៊ីនកិនស្រូវ ​ក៏ដូចបណ្តាកសិករនានាទៀត ដែល​បាន​ធ្វើការ​នៅក្នុង​សង្វាក់​ផលិតកម្មផលិតស្រូវអង្ករដើម្បីលក់​ក្នុងស្រុក ​និង​នាំចេញ​គឺ​ទទួល​ផល​ចំណេញ​សមរម្យ​ទាំងអស់គ្នា។តាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ​បានឲ្យដឹងថា ​នៅក្នុងឆ្នាំ២០២២កម្ពុជា បាននាំ​អង្ករចេញ​បាន​ប្រមាណជិត ៦៤ម៉ឺនតោន និងនាំស្រូវចេញបានជាង៣លាន៤៦ម៉ឺនតោន ទៅកាន់​បណ្តាប្រទេស៥៩ប្រទេស​ និងមានទំហំទឹក​ប្រាក់ប្រមាណ ១២៥៥លានដុល្លាអាមេរិក៕ អត្ថបទ ស៊ុម សុខជា

ក្រសួងកសិកម្ម កំពុងរុញដំណាំស្រូវ និងដំណាំសាកវប្បកម្ម ទៅជាដំណាំលក្ខណៈអាជីវកម្ម

2023/01/05 09:33:30 pm        404
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានវាយតម្លៃថា ចំពោះដំណាំស្រូវ ​និងដំណាំសាកវប្បកម្ម គឺ​បានឆ្លងផុតពីដំណាក់កាលនៃការដាំដុះសម្រាប់ការផ្គត់ផ្គង់ការទទួលទានក្នុងគ្រួសារ និង​ឈានមកដល់ការដាំដុះជាលក្ខណៈអាជីវកម្មជាបន្តបន្ទាប់​ ដើម្បីរកប្រាក់ចំណេញ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មានទស្សនទានក្នុងវិស័យកសិកម្ម នៅកម្ពុជា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ នេះថា ដំណាំស្រូវ ​ដំណាំសាកវប្បកម្ម ​និងដំណាំឧស្សាហកម្មនេះ កម្ពុជាបានផ្លាស់ប្ដូរពីការប្រើគោក្របី និង​កម្លាំងមនុស្សស្ទើរតែទាំងស្រុង ​មកប្រើគ្រឿងយន្តជំនួសវិញ​ សម្រាប់ការភ្ជួររាស់ និងច្រូតកាត់ និង​ការប្រើគ្រាប់ពូជថ្មី ដែលផ្តល់ទិន្នផលច្រើនជាងមុនដោយមិនចាំបាច់ដកស្ទូង។លើសពីនេះទៀត ឥរិយាបថរបស់ប្រជាកសិករខ្មែរ ​ក៏មានការផ្លាស់ប្តូរផងដែរ ពី​ការច្រូតស្រូវ​យកទៅ​ហាលឱ្យស្ងួត ​និងទុកដាក់ក្នុងជង្រុកដើម្បីយកមកកិនជាអង្ករ​ និង​ទទួលទាន មកជាការច្រូតស្រូវ​ទាំងសើមលក់ចេញភាគច្រើន ​ឬទាំងអស់ ដើម្បីយកថវិកា​មកទុកបម្រុងសម្រាប់​ការ​ចំណាយផ្សេងៗវិញ។ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ចំពោះដំណាំឧស្សាហកម្មវិញក៏ដូចគ្នាដែរ គឺមានការផ្លាស់ប្តូរ​ពី​ការ​ដាំជាលក្ខណៈគ្រួសារ​ ក្នុងកម្រិតតិចតួច​ មកជាការដាំដើម្បីរកប្រាក់ចំណេញ ពោល​គឺ​រាប់សិបហិកតា ក្នុងកម្រិតឧស្សាហកម្មតែម្តង, នេះមិនទាន់គិតដល់ចម្ការកៅស៊ូរដ្ឋ ដែលមាន​តាំង​ពីយូរហើយ​ និងការវិនិយោគរបស់ឯកជន ​ដែលសុទ្ធតែដើម្បីរកប្រាក់ចំណេញនៅឡើយ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាទទួលបានចំណូលបានជាង ១,២ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ ក្នុងឆ្នាំ២០២២

2023/01/04 10:28:51 pm        540
ភ្នំពេញ៖ កម្ពុជាបាននាំចេញស្រូវបានចំនួន ៣,៤លានតោន ​និងអង្ករបាន ៦៣ម៉ឺនតោន ដោយរកចំណូលសរុបបានជាង ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ​រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជា​បាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ​៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ​ដែលគិតជាទឹកប្រាក់ប៉ាន់ស្មាន​បាន​ចំនួនជាង ១ ២៥៥​លានដុល្លារសហរដ្ឋអាមេរិក។សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ​ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ​៥៩ ប្រទេស។ប្រទេសចិនរួមទាំងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជា ដោយមានបរិមានបានចំនួន ​២៨៨ ៨៣០ តោន ឬស្មើនឹង​ ៤៥% តាមពីក្រោយដោយ ប្រទេស​នៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ​ឬស្មើនឹង ៣៥% ។ការនាំចេញអង្ករទៅកាន់ទីផ្សារនៃប្រទេសសមាជិកអាស៊ានចំនួន៤​ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ​ មានបរិមាណសរុបចំនួន​ ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន។ តម្លៃសរុបនៃការនាំចេញអង្ករ មានចំនួន ៤១៨.២៩ ​លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។ដោយឡែក សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម បានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ ​លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ វណ្ណៈ

វិស័យឯកជន៖ កម្ពុជានៅក្រោមម្លប់សន្តិភាព ជាមូលដ្ឋានគតិយុត្តិនៃការទាក់ទាញអ្នកវិនិយោគ

2023/01/04 08:31:34 pm        598
ភ្នំពេញ៖ វិស័យឯកជន ចាត់ទុក ទិវា៧ មករា បាននាំនូវសន្តិភាព សេរីភាព និងសិទ្ធិគ្រប់យ៉ាងជូន​ដល់​ប្រជាពលរដ្ឋកម្ពុជា ​ជាពិសេសសន្តិភាពនាំមកនូវការវិនិយោគ និងជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចាប់ពីកម្ពុជាទទួល​បាន​សុខសន្តិភាព ចំពោះការវិនិយោគ, កម្ពុជាបានបង្កើតនូវទំនុកចិត្ត និងផ្តល់នូវទាក់ទាញដល់អ្នក​វិនិយោគ​ទាំងក្នុងស្រុក ​និងបរទេស មកបណ្តាក់ទុនជាហូរហែរ ដែលជាកត្តារួមចំណែកដល់ការកាត់​បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម​ និងបានកំពុងជំរុញនាវាសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន និងដើរឆ្ពោះលឿនទៅមុខ ​ជាពិសេសការសម្រេចតាមចក្ខុវិស័យ ដែលបានកំណត់ដោយ​រាជរដ្ឋាភិបាល។ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា លើកឡើងថា សន្តិភាពមាន​សារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគ​នៅ​កម្ពុជាបានដែរ ​ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាព និងសង្រ្គាមនោះទេ។ វិស័យដឹកជញ្ជូន ​និងឡូជីស្ទឹក មានការរីកចម្រើន និងបានចូលរួមចំណែក GDP ក្នុងរង្វង់ប្រមាណ ៨ភាគរយ ពិតណាស់គឺកើតចេញពីកត្តាសន្តិភាព។សូមបញ្ជាក់ថា ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យ​ពូជ​សាសន៍ ប៉ុល ពត កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រ​សករាជថ្មី គឺសករាជឯករាជ្យ ​សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គម, ក្នុងនោះសម្រាប់​ការអភិវឌ្ឍ​ កម្ពុជាបានស្តារ​ និងកសាងខឿនសេដ្ឋកិច្ចជាតិឲ្យមានស្ថេរភាពជាបណ្តើរៗ ហើយ​នៅក្នុងដំណាក់កាលមុនវិបត្តិកូវីដ ១៩ ​សេដ្ឋកិច្ចកម្ពុជា ​សម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ។នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩​ បានធូរស្រាយ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ ២០២៣ ​ពី​កំណើន ៤,៣% ក្នុងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣

2023/01/03 07:18:48 pm        452
ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងតាមដាន​វឌ្ឍនភាពនៃការងារអភិវឌ្ឍន៍​ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និង​រៀបចំដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ​នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ​នេះ បានដឹកនាំប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្នុង​គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺតាមដានវឌ្ឍនភាព ​ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ​និងដើម្បីបន្តពិនិត្យ ពិភាក្សា​ និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធ នឹង​ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី២ ​និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេច​បាន​នាពេលកន្លងមក ​និងការស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន និងរៀបចំ​ដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣។ទាក់ទងបញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាត​ឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម​ និង​ដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់​បំពេញ​នូវរាល់បទប្បញ្ញត្តិដែលតម្រូវ ​ពាក់ព័ន្ធនឹងការនាំចេញ-ចូល​ និងការឆ្លងកាត់។ សម្រាប់ព័ត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់​ស្នើតែម្តង​ប៉ុណ្ណោះ។ ចំណែកគោលដៅសំខាន់បំផុត​ នៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និងរដ្ឋាភិបាល, រដ្ឋាភិបាល ​និងធុរជន, និងធុរជន និងធុរជន។កិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ មានការអញ្ជើញចូលរួមពីសមាជិក​នៃ​ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និងមកពីតំណាងវិស័យឯកជន៕

ផ្សារទំនើបៗកំពុងកើតឡើងជាបន្តបន្ទាប់ បង្ហាញអំពីការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

2023/01/02 09:43:19 pm        1350
​ភ្នំពេញ៖ ឱកាសដែលកម្ពុជាទទួលបានការវិនិយោគជាហូរហែ ពិសេសការវិនិយោគលើផ្សារ​ទំនើបៗ ​និងកំពុងបើកដំណើរការយ៉ាងផុលផុស​ ក្នុងពេលបច្ចុប្បន្ន គឺបានបង្ហាញអំពីការងើបឡើង​នៃសេដ្ឋកិច្ចកម្ពុជា ​ដែលកំពុងដើរឆ្ពោះទៅរកប្រទេស​ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន ស្តីពី កម្ពុជាគឺជាប្រទេសគោលដៅសម្រាប់ការទាក់ទាញអ្នកវិនិយោគ ថា កម្ពុជាគឺជាប្រទេសមួយ​កំពុង ទាក់ទាញអ្នកវិនិយោគ ដោយកម្ពុជាបានបើកទូលាយដល់​វិនិយោគិន​គ្រប់ផ្នែក គ្រប់កម្រិត។​​​​ ខណៈដែលពិភពលោកកំពុងរងនូវវិបត្តិជាសកល កម្ពុជានូវ​តែទទួល​បាន​ឱកាសវិនិយោគ និងទាក់ ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ។លោកឧកញ៉ា បន្តថា កម្ពុជាមិនត្រឹមតែទទួលបានការវិនិយោគលើផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាស​ប៉ុណ្ណោះទេ ថែមទាំងទទួលបានការវិនិយោគលើផ្សារទំនើបៗ និងបានកំពុង​បានបើកដំណើរការជាបន្តបន្ទាប់ ដែលតាមរយៈ នេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា​មានជីវភាពកាន់តែធូរ, ដោយមានកំណើន GDP កើនឡើង​ បានបង្កើតទំនុកចិត្ត និងការជឿជាក់លើរាជរដ្ឋាភិបាល ស្របពេលកម្ពុជាបានផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាង ដល់ការ វិនិយោគគ្រប់ផ្នែក គ្រប់កម្រិត។ទាក់ទងការវិនិយោគលើផ្សារទំនើបៗនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ចំពោះការវិនិយោគលើទីផ្សារ គឺមិន​ខុសគ្នា​លើការវិនិយោគលើផ្នែកផ្សេងៗផងដែរ ​ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ ច្បាស់ណាស់អ្នក​វិនិយោគ​គឺសម្លឹងមើលពីនិរន្តភាព នៃការវិនិយោគរបស់ខ្លួន ​ជាពិសេសសេដ្ឋកិច្ច និងការរីកចម្រើន​លើវិស័យបច្ចេកវិទ្យាផ្សេងៗជាដើម ដើម្បីជាតំណរនៃ ការតភ្ជាប់សម្រាប់ទំនាក់ទំនង និងផ្សាព្វផ្សាយ ក៏ដូចជាភាពស៊ីវីល័យរបស់ប្រទេសនោះផងដែរ។របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២, ស្ថានភាពវិនិយោគ​នៅកម្ពុជា បានបង្ហាញ​ពីភាពល្អប្រសើរបន្តិច, ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ១១៦ គម្រោង បាន កើនឡើង ២៤ គម្រោង, ​និងមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ១០៥ ពាន់នាក់​ កើនឡើងជាង ៤៣% ​និងទុនវិនិយោគ សរុប ២ ៧៥៨​ លានដុល្លារអាមេរិក កើនឡើងជាង ១៣៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុល២០០លានដុល្លារ ដើម្បីបំពេញចំណាយ នៅឆ្នាំ២០២៣

2023/01/02 08:28:18 pm        451
ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ​៨១៣ ០០០លានរៀល ឬស្មើនឹងប្រមាណ ២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ ​ការបោះលក់​បណ្ណបំណុលនេះ គឺដើម្បី​គៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំ ។ការសម្រេច​បោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំងបាន​ចូលរួម​ក្នុងការលើក​ស្ទួយវិស័យ​មូលបត្រកម្ពុជា ដោយ យោង​តាម​សេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ឆ្នាំ២០២៣ ​រដ្ឋមាន​បន្ទុក​ចំណាយច្រើន ។ គិតមកទល់បច្ចុប្បន្ន ​ផ្សារមូលបត្រកម្ពុជាគឺមានក្រុមហ៊ុនចំនួន១៦​ បានចុះបញ្ជី។ ក្នុងនោះ​ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត​ចុះបញ្ជី​បោះលក់​មូល​បត្រ​បំណុល ឬ សញ្ញាប័ណ្ណ ដែលបាន​កៀរគរទុន​វិនិយោគពីទីផ្សារនេះ​បានប្រមាណ ៣០០លាន​ដុល្លារ។ សូមជម្រាបថា រដ្ឋាភិបាល សម្រេចបោះលក់បណ្ណបំណុល​ ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។ ​សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោង​បណ្ណបំណុលក្នុងទំហំ​៣០០លាន​ដុល្លារ ជាមួយនឹងគូប៉ុង(អត្រាការប្រាក់)ខ្ពស់បំផុត២.២ភាគរយ​ ប៉ុន្តែ ការបោះលក់នេះ​គឺមិនបាន​គ្រប់តាមផែនការឡើយ។ ​គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាភិបាលបោះផ្សាយ​លក់​មូលបត្ររដ្ឋបានត្រឹម​ ៤១,៨ ពាន់លានរៀល (១០,១៥) លានដុល្លារប៉ុណ្ណោះ៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM