ក្រសួងកសិកម្ម ចុះអនុស្សរណៈយោគយល់គ្នា​ជាមួយបណ្តាធនាគារដៃគូ ដើម្បី​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់កសិករ
ឆមាសទី១ឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​មាន​ទំហំ​ទឹក​ប្រាក់​ជាង​៣១​ពាន់​លាន​ដុល្លារ
ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវដល់ម្ចាស់រោងចក្រសូមរក្សាភាពស្ងាត់ស្ងៀម និង​ជឿជាក់​លើរាជរដ្ឋាភិបាលដែលកំពុងខិតខំប្រឹងប្រែង
កម្ពុជាកំពុងបន្តស្វែងរកទីផ្សារថ្មីៗ ដើម្បីពង្រីកទីផ្សារនាំចេញបន្ថែម

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់

2022/06/16 02:01:01 pm        921
ភ្នំពេញ៖ ក្រុមហ៊ុនRMA AUTOMOTIVE (CAMBODIA) បើកដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅខេត្តពោធិ៍សាត់ ដោយក្នុងជំហានដំបូង ក្រុមហ៊ុន នឹងដំឡើងរថយន្តពីរម៉ូដែល ចំនួន ៩ ០០០គ្រឿង ក្នុងមួយឆ្នាំ ហើយនឹងបង្កើនការដំឡើងគ្រប់ម៉ូដែល ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក ។ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) បើកសម្ពោធដំណើរការជាផ្លូវការ នៃរោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford ដែលមានទីតាំងនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញ​ចូលរួម ​ជាគណៈអធិបតី ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ។ក្នុងជំហានដំបូង ក្រុមហ៊ុន​គ្រោង​ដំឡើងរថយន្តពីរម៉ូដែល​ រួមមាន៖ រថយន្ត Ford pickup ចំនួន​ពីរ​ប្រភេទ​គឺរថយន្ត Ford Wildtrack និង Ford XLT និងប្រភេទ​ SUV គឺ Ford Everest។ក្រុមហ៊ុន គ្រោងដំឡើង​ចំនួន ៩ ០០០ គ្រឿង​ ក្នុងមួយឆ្នាំ ​និងជំហានបន្ទាប់​ ក្រុមហ៊ុនគ្រោងដំឡើង​ ម៉ូដែល​ស៊េរីផ្សេងៗ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក។ជុំវិញការបង្កើតរោងចក្រផ្គុំ ​និងដំឡើង​រថយន្ត កម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ លំហូរនៃបច្ចេកវិទ្យាថ្មីៗ ​ហូរចូលមកកម្ពុជា ​ការស្រូបយកវិនិយោគិនថ្មីៗបន្ថែម។ ជាក់ស្តែងមកដល់ពេលនេះ ​មានក្រុមហ៊ុនផ្សេងៗជាច្រើន មកទំនាក់ទំនងក្នុងការបង្កើត​រោង​ចក្រសម្រាប់​ សម្ភារៈផ្សេងៗ ​ដើម្បីផ្គត់ផ្គង់ទៅឲ្យក្រុមហ៊ុន RMA សម្រាប់ការផ្គុំ និងដំឡើង៕អត្ថបទ ស៊ុន រ៉ាឌី

ក្រសួងពាណិជ្ជកម្ម អង្គការ វ៉ាយប៉ូ សហការរៀបចំវេទិកាកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់នៅកម្ពុជា

2022/06/15 03:07:37 pm        420
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជា នឹងសហការជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (វ៉ាយប៉ូ) (World Intellectual Property Organization - WIPO) ក្នុងការៀបចំវេទិកាកម្ម​សិទ្ធិបញ្ញា​កម្រិតខ្ពស់នៅកម្ពុជា ព្រមទាំងសង្ឃឹមថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការ នឹងអញ្ជើញចូលរួមក្នុងវេទិកាដ៏សំខាន់នេះដែរ។ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្ម​សិទ្ធិបញ្ញា​ពិភពលោក កាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២កន្លងទៅ នៅប្រទេសស្វីស ឯកឧត្តមរដ្ឋមន្រ្តី បាន​ថ្លែង​អំណរគុណដល់អង្គការ វ៉ាយប៉ូ ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់​កម្ពុជា​​ក្នុងការកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលក្នុងនោះរួមមាន ការកសាងម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ ដូចជាម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ក៏ដូចជាការបង្កើត​នូវម៉ាកសមូហភាពរួមមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ ទឹកឃុំព្រៃមណ្ឌលគិរី និងម៉ាកដទៃទៀតផងដែរ។ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូននូវវឌ្ឍនភាពថ្មី ដែលកម្ពុជាសម្រេចបានក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញា​ក្រោម​ការ​ឧបត្ថម្ភ​របស់អង្គការ វ៉ាយប៉ូ​ ក៏ដូចជាការចូលរួមក្នុង​ក្របខណ្ឌច្បាប់​កម្មសិទ្ធិបញ្ញាអន្តរជាតិ​ ជាពិសេសការផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញាទីក្រុងប៊ែន ស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ​បានបញ្ជាក់ពីជំហរកម្ពុជា​ក្នុងការពង្រឹងប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ ឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។ឆ្លៀតក្នុងឱកាសនេះ ​ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ​ក្នុងនាមជាប្រធានអាស៊ាន ​កម្ពុជានឹងបន្តខិតខំ​ក​សាងសហគមន៍​អាស៊ានឱ្យប្រកបដោយសមធម៌ ​ភាពរឹងមាំ និងបរិយាបន្ន៕ អត្ថបទ៖ បូរ៉ាវី

កម្ពុជា រំពឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

2022/06/15 02:45:29 pm        582
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា បច្ចុប្បន្នកម្ពុជា​កំពុងអនុវត្ត​គម្រោង​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ហើយតាម​រយៈការបង្កើតផ្សារ​ខេមបូត្រេដ កាលពីពេលកន្លងទៅ ដែលជាផ្សារពាណិជ្ជកម្មតាម​ប្រព័ន្ធ​​អេឡិចត្រូនិក កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបាន​អត្ថប្រយោជន៍​ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។ ប្រភពពីក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ ​បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឱ្យដឹងថា នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកម្មវិធីពិភាក្សា ស្ដីពីកម្មវិធី​ពង្រឹង​ក្របខ័ណ្ឌសមាហរណកម្ម ​ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ នៅអង្គការពាណិជ្ជកម្មពិភពលោក ​ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានចាត់ទុកកម្មវិធីពង្រឹង​ក្របខ័ណ្ឌ​សមាហរណកម្ម ជាដៃគូដ៏សំខាន់មួយដែលផ្តល់ជំនួយ​បច្ចេកទេសសម្រាប់​កសាង​សមត្ថភាព ​និងការអភិវឌ្ឍសមត្ថភាពផលិត។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍​នៃភាពជាដៃគូ ​និងភាពជាម្ចាស់ការនៃប្រទេស​ទទួល​ជំនួយរបស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្មថា ជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយ​បច្ចេកទេសទាំងនេះ​ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យ​គោលដៅទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី​ពង្រឹងក្របខ័ណ្ឌ​សមាហរណកម្ម ក្នុងការអភិវឌ្ឍសមត្ថភាពប្រកបដោយផលិតភាព​ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ​ជលផលសមុទ្រ ​និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។សូមបញ្ជាក់ថា​ តាមរយៈកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម ប្រទេសកម្ពុជា​អាច​គៀងគរជំនួយបន្ថែមពីអង្គការអន្តរជាតិផ្សេងៗ ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន ​យកមកប្រើប្រាស់សម្រាប់បង្កើនការនាំចេញ ​បង្កើតការងារ ជា​ពិសេស​សម្រាប់​សហគ្រាសធុនតូច​ និងមធ្យម ស្រ្តី ​យុវជន ​និងការលើកកម្ពស់បរិស្ថានក្នុង​ការធ្វើពាណិជ្ជកម្ម ​និងការវិនិយោគ៕ អត្ថបទ៖ បូរ៉ាវី

ពន្ធដារប្រមូលពន្ធ-អាករបានជិត ១ ៧២៧ លានដុល្លារ ក្នុងរយៈពេល៥ខែឆ្នាំ

2022/06/15 01:28:39 pm        525
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ អនុវត្តបានចំនួនជិត ៧ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ បានកើនឡើងជាង ២៨ភាគរយ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា​អគ្គ​នាយក​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុងប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធ​ប្រចាំខែ ឧសភា និងសម្រាប់រយៈពេល៥ខែ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ ចំពោះចំណូលប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀប​នឹងខែឧសភា ក្នុងឆ្នាំ២០២១។ការប្រមូលចំណូលពន្ធ ក្នុងខែឧសភា ឆ្នាំ២០២២ ​ចំណូលពន្ធ-អាករគ្រប់ប្រភេទ​ដែលអគ្គនាយកដ្ឋាន​ពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​មានចំនួនជាង ៩១១ ប៊ីលាន​រៀល ​ត្រូវប្រមាណជា ២២៥​ លានដុល្លារ ស្មើជិត ៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០២២ កើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២ នេះវិញ ចំណូលពន្ធ-អាករ ដែល​អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង ​តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មាន​ចំនួនជាង ៦ ៩៩៤ ប៊ីលានរៀល ត្រូវប្រមាណជិត ១ ៧២៧ លានដុល្លារ ស្មើនឹង ៦១,២៥% នៃ​ផែនការ​ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ កើនឡើងជិត ២៨% ធៀបនឹងរយៈពេលប្រាំខែឆ្នាំ២០២១។សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព​ ក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូល​ពន្ធ​បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ចំនួនជាង ១១ ៤១៩ ប៊ីលានរៀល (ប្រមាណជាង ២ ៨១៩ លានដុល្លារ) ​អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការ​អនុវត្តនូវវិធានការ​គោល​នយោបាយ និងរដ្ឋបាលសារពើពន្ធ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា​ចាប់ផ្តើមពិភាក្សារៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

2022/06/15 01:16:18 pm        518
ភ្នំពេញ៖ កម្ពុជារៀបចំសិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង​សេដ្ឋកិច្ចឌីជីថលកម្ពុជា នៃដំណើរការប្រមូលធាតុចូល ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុកម្ពុជា ។ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ​រៀបចំ​សេចក្តីព្រាងគោលនយោបាយ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួម​ក្នុង​សិក្ខាសាលា ស្តីពីតួនាទីនៃវិស័យធានារ៉ាប់រង​ និងបច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុង​សេដ្ឋកិច្ចឌីជីថល​កម្ពុជា ដោយ​សិក្ខាសាលានេះ ​នឹងនាំមកនូវការពិភាក្សា, ​ការចែករំលែកទស្សនាទាន​ គំនិត​នវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែង ​ពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗ​ទាំងអស់។សិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានព័ត៌មាន ​ក៏ដូចជាធាតុចូលដ៏មានតម្លៃ សម្រាប់ក្រុម​ការងារ​ជំនាញ​ទាំងអស់​ ក្នុងការរៀបចំសេចក្តីព្រាង​គោលនយោបាយអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា ឱ្យស្របនឹងតម្រូវការជាក់ស្ដែងផង​ និងការអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុ ជា​ពិសេស​សកម្មភាព​ធានារ៉ាប់រង​ ប្រកបដោយនវានុវត្តន៍ ​បរិយាបន្ន និងចីរភាពផងដែរ ។បន្ថែមពីលើនេះ សិក្ខាសាលាដែលធ្វើឡើងនៅថ្ងៃនេះ ​ក៏ជាផ្នែកដ៏សំខាន់មួយ ​នៃដំណើរការ​ប្រមូល​ធាតុចូល ​ឱ្យបានកាន់តែច្រើន និងជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗ​នៃបច្ចេកវិទ្យា ហិរញ្ញវត្ថុ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ៕ អត្ថបទ៖ ស៊ុន រ៉ាឌី

រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សាងសង់រួចរាល់ និងត្រៀមបើកដំណើរការក្នុងសប្តាហ៍នេះ

2022/06/14 04:45:38 pm        4054
ពោធិ៍សាត់ ៖ ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា បានសាងសង់រួចជាស្ថាពរ រោងចក្រដំឡើងរថយន្តយីហោ Ford ស្ថិតក្នុងស្រុកគ្រករ ខេត្តពោធិ៍សាត់។ ក្រុមហ៊ុនគ្រោងនឹងបើកដំណើការជាផ្លូវការរោងចក្រនេះ នៅក្នុងសប្តាហ៍នេះ។យោងតាមរដ្ឋបាលខេត្តពោធិ៍សាត់អាជ្ញាធរ កំពុងសាងសង់ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ៥ ដើម្បីឱ្យទាន់នឹងត្រៀមទទួលការសម្ពោធដាក់ឱ្យដំណើរការ នៃរោងចក្រ​ដំឡើងរថយន្តFord របស់ក្រុមហ៊ុនRMA Cambodia ​ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ។រោងចក្រ​ដំឡើងរថយន្ត Ford នេះ សាងសង់​លើ​ផ្ទៃដី​៤​ ហិកតា ស្ថិត​នៅ​ភូមិ​សា​វ័ន ឃុំ​ស្នា​អ​ន្យា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ រោងចក្រ​នេះ​ អាច​ស្រូប​ទាញ​កម្លាំង​ពលកម្ម​បាន​ប្រមាណ ​៥០០​នាក់ និង​មាន​សមត្ថភាព​អាច​ផលិត​រថយន្ត​បាន​ប្រមាណ​ ១​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ​។ បើតាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំ RMA រោងចក្រនេះ នឹងអាចដំឡើងរថយន្តហ្វតបានជាង ១ពាន់គ្រឿងនៅឆ្នាំនេះ បន្ទាប់ពីដាក់ឲ្យដំណើរការ ហើយតម្លៃរថយន្ត Ford ដែលដំឡើងនៅកម្ពុជា​អាចនឹងមានភាពល្អប្រសើរជាងរថយន្តនាំចូល ប្រសិនបើមានការជួយសម្របសម្រួល និងជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល។ជុំវិញវត្តមានរោងចក្រដំឡើងរថយន្តក្នុងស្រុកនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ​និង​សំដែង​ការ​ស្វាគមន៍​ចំពោះ​រោងចក្រ​ដំឡើង​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត Ford នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ ​សម្តេច​តេ​ជោ លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បន្ត​វិនិយោគ និង​ស្វែងរក​វិស័យ​សក្ដានុពល​នានា​ សម្រាប់​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​៕ អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចេញទំនិញ ទទួលបានទឹកប្រាក់ជាង ៩ប៊ីលានដុល្លារ ក្នុងរយៈពេល៥ខែ

2022/06/14 04:37:25 pm        431
ភ្នំពេញ៖ កម្ពុជានាំចេញទំនិញមានតម្លៃសរុប ៩.៤ ប៊ីលានដុល្លារ ក្នុងរយៈពេលប្រាំខែ ឆ្នាំ២០២២នេះ កើនឡើង ៣៤.៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។កំណើននៃការនាំចេញនេះ ទៅកាន់ទីផ្សារបរទេស ​ឆ្លុះបញ្ចាំង​ពីខ្សែសង្វាក់ផលិតកម្មនៃវិស័យ​កាត់ដេរ ​និងការផលិតមិនមែនកាត់ដេរក្នុងប្រទេស ដោយសារអត្រាប្រជាជនទទួលបាន​វ៉ាក់សាំង​ខ្ពស់។យោងតាម​ទិន្នន័យ​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៤១២,៣ ​លានដុល្លារក្នុងអំឡុងខែមករា ​ដល់ខែឧសភា ឆ្នាំនេះ ​កើនឡើង ៣៤,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយ​ការណ៍​នេះ​ បាន​បង្ហាញ​ថា ផលិត​កម្ម​សំលៀកបំពាក់​ស្បែកជើង ​និង​កាបូប​ធ្វើ​ដំណើរ​មាន​តម្លៃ​សរុប​ចំនួន ៤,៤៨៣ ដុល្លារ ស្មើ​នឹង ៤៧,៧ ភាគរយ​នៃ​តម្លៃ​នាំ​ចេញ​សរុប។សហរដ្ឋ​អាមេរិក ​នៅ​តែ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ប្រាំ​ខែនេះ ​មាន​ទឹកប្រាក់សរុប ៣ ៧២៩ លាន​ដុល្លារ ឬ ៥៧,៧ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប​ចំនួន ។របាយការណ៍ដដែល ​បញ្ជាក់ថា វៀតណាម និងចិនជាប់ចំណាត់ថ្នាក់លេខ២ និងទី៣ ជាមួយ​នឹង​បរិមាណ​នាំចូលពីកម្ពុជា​ ១ ០៧៩​ លានដុល្លារ ​និង ៥១៩ លានដុល្លារ។ដោយឡែក ប្រទេសកម្ពុជា ​បាននាំចូលមកវិញនូវទឹកប្រាក់ចំនួន​ ១៣ ប៊ីលានដុល្លារ​ មានកំណើន ១៩.៧ ភាគរយ ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ថ្លែងក្នុង​ពិធីចែក​សញ្ញាប័ត្រ​ដល់​និស្សិតនៃសាលាភូមិន្ទរដ្ឋបាល ​ជាង២ពាន់នាក់​ នៅថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ ការនាំចេញរបស់កម្ពុជា​ ចាប់ផ្តើម​កើនឡើង ​ដែល​ឆ្លុះបញ្ជាំង​ពីសកម្មភាពសេដ្ឋកិច្ច ​ក្រោយរាជរដ្ឋាភិបាលប្រកាសបើក​ប្រទេសពេញ​លេញ​ឡើងវិញ ។សម្តេចតេជោ ហ៊ុន សែន មានប្រសាស​ន៍ថា ​កំណើនការដាក់បញ្ជាទិញផលិតផលនៅកម្ពុជា បាន​កើនឡើង ដែលធ្វើឱ្យរោងចក្រកាត់ដេរ ​ជាង៥០០រោងចក្រ ​មានខ្សែច្រវ៉ាក់ផលិតកម្មពេញលេញ និងបន្ថែមម៉ោងការងារ ​ដើម្បីឆ្លើយតប​នឹងការ​បញ្ជា​ទិញទាន់​ពេលវេលា៕អត្ថបទ៖ ជា វណ្ណៈ

រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាដើម្បីទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិ

2022/06/14 01:40:46 pm        623
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា គោលនយោបាយលើការត្រៀមកញ្ចប់ថវិការបស់រាជរដ្ឋាភិបាល ដើម្បីគាំពារសង្គមពីវិបត្តិសកលលោក រួមទាំងវិបត្តិចាស់ដោយសារកូវីដ-១៩ និងវិបត្តិសកលថ្មី បណ្តាលមកពីសង្គ្រាមអូសបន្លាយរវាងរុស្ស៊ី និងអ៊ុយក្រែន​ គឺជាការគិតគូរត្រូវត្រឹម និងគ្រប់​ជ្រុងជ្រោយ ដើម្បីធានាមិនឲ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិរយៈពេលខ្លី និងការដោះស្រាយ​រយៈពេល​វែងផងដែរ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះថា ការ​គិតគូរ​ត្រៀម​កញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាលនេះ​ គឺជា​គោល​នយោបាយល្អ, នៅពេលមាន​វិបត្តិ​លេចឡើង​រាជរដ្ឋាភិបាល​អាច​បញ្ចេញ​កញ្ចប់​ថវិកា ដើម្បីយកមកដោះស្រាយនូវវិបត្តិ ទាំងវិបត្តិកូវីដ១៩។ឯកឧត្តមបណ្ឌិត បន្តទៀតថា ​ចំណែករឿងថ្មីពីរផ្សេងទៀត គឺវិបត្តិស្បៀង ​និងប្រេងឥន្ធនៈ ដែលកើត​ចេញ​មកពីសង្រ្គាមរវាងរុស្ស៊ី ​និងអ៊ុយក្រែន ត្រូវត្រៀមអង្ករទុក ​សម្រាប់ដោះស្រាយនៅពេល​មាន​វិបត្តិស្បៀង ​ដោយសារការកើតឡើង​នៃការ​ប្រែប្រួល​អាកាសធាតុ ​និងការកង្វះស្បៀង​អាហារ​នៅ​លើសកលលោក។ ចំណែកប្រេងឥន្ធនៈ​ រាជរដ្ឋាភិបាលក៏ត្រូវទិញប្រេងទុក ​សម្រាប់ដោះស្រាយ​នៃវិបត្តិអគ្គិសនី ​និងវិស័យដឹកជញ្ជូនផងដែរ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ កាលពីថ្ងៃចន្ទកន្លងទៅ មាន​ប្រសាសន៍​លើកឡើងថា ​ទាក់ទង​និងវិបត្តិដែលកើតឡើងកន្លងមក ​រាជរដ្ឋាភិបាល ​បាន​អន្តរាគមន៍​ជំនួយសង្គម តាមរយៈកញ្ចប់​ថវិកា​របស់រាជរដ្ឋាភិបាល ​ដោយបាន​ចិញ្ចឹម​ប្រជាជន​ជិត ​៣លាននាក់ ដោយក្នុង​មួយខែៗ ជិត ៤០ លានដុល្លារ ​ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល ​បាននិងកំពុង ​គិតគូរបន្ថែមទៀត ក្នុងការ​ដោះស្រាយវិបត្តិជំងឺកូវីដ ១៩ អតិផរណា ។សូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​ បាន​ប្រើប្រាស់​ថវិកា​បម្រុងទុករបស់រដ្ឋ ដោះស្រាយលើការទិញ​វ៉ាក់សាំង​កូវីដ១៩​ ផ្តល់ថវិកា​ដល់ប្រជាពលរដ្ឋក្រីក្រ​ និង​កម្មករ​កម្មការិនី​ក្នុង​វិស័យកាត់ដេរ និង​វិស័យទេសចរណ៍ក្នុងអំឡុងវិបត្តិកូវីដ ១៩​ និងបានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និង​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៣៣ភាគរយ

2022/06/14 01:27:34 pm        1796
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង​អ្នកវិនិយោគជាច្រើនរូបទៀត នៅថ្ងៃទី១៤ ខែមិថុនានេះ បានអញ្ជើញទស្សនាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល។ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ថ្លែងថា ​តាមការគ្រោងការសាងសង់​ព្រលានសម្រាប់ចុះចត​យន្ត​ហោះខ្នាត​យក្ស 4F នឹងបញ្ចប់ការសាងសង់នៅ២០២៤ ហើយដាក់ឱ្យដំណើរការផ្លូវ​នៅ​ដើម​ឆ្នាំដើម២០២៥ ​ខណៈបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលនេះ សម្រេចការសាងសង់​បានជាង ៣៣ភាគរយហើយ។ឯកឧត្តម ថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាលបានចាប់ផ្តើម​ដំណើរ​កសាងសង់នៅតាំងថ្ងៃទី៧ ​ខែមករា ឆ្នាំ២០២០ ​ហើយក្នុងរយៈពេលជាង២ឆ្នាំនេះ បើទោះ​ជា​កម្ពុជា ជួបវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការការសាងសង់ព្រលាន​យន្តហោះ​អន្តរជាតិ​មួយនេះ ​នៅតែបន្តដំណើរការការសាងសង់យ៉ាងសកម្មភាព នៅលើប្លង់ព្រលានយន្តហោះលំដាប់​ផ្កាយប្រាំ និងមានរចនាបថទំនើបរបស់អន្តរជាតិ ដែលបច្ចុប្បន្នសាងសង់បានប្រមាណជាង៣៣%។ ឯកឧត្តម បន្តថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ​ដឹកអ្នកដំណើរអន្តរជាតិ ​ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត​នៅរាជធានីភ្នំពេញនេះ ​ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។លោកឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន ​Cambodia Airport Investment (CAIC) បានថ្លែងថា ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល បច្ចុប្បន្នបាននឹងកំពុង​សាងសង់​នៅលើទំហំប្រមាណ ២៦០០ហិកតា ​នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។លោកឆារស៍ វ៉ាន់ បន្តថា ការសាងសង់មាន៣ដំណាក់កាល ​ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុន​បាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមាន​សមត្ថភាព​ទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ​ នៅឆ្នាំ២០៣០ ហើយដំណាក់​កាលទី២​ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣​ បន្តពង្រីកសាងសង់​ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិ​អោយបាន ៤៥លាននាក់​ក្នុង១ឆ្នាំ ​នៅឆ្នាំ២០៥០តទៅ។លោក បន្តថា នៅក្នុងដំណាក់ដំបូងនេះ ក្រុមហ៊ុនCAIC បាននឹងកំពុងដំណើរការសាងសង់​បាន​ប្រមាណ ៣៣% ដោយបានចំណាយថវិកា​អស់ប្រមាណ ៤៦១លានដុល្លាអាមេរិច ។សូមបញ្ជាក់ថា CAIC​ គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ ​រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន​CAIC ក្នុងការកាន់កាប់ ​រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ​គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ខេត្តកណ្តាល៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាស្នើប្រទេសអភិវឌ្ឍន៍តិចតួច រួមគ្នាទាញយកប្រយោជន៍ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក

2022/06/13 04:42:56 pm        642
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា អំពាវនាវដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្មពិភពលោកទាំងអស់ ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែក ឱ្យក្លាយជាគោលការណ៍ចម្បង​សម្រាប់ទាញ​យកប្រយោជន៍​សេដ្ឋកិច្ច ពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក។ប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២នេះ នៅក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក បាន​និយាយ​ថា ​ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រី​ប្រទេស​អភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) ​របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលធ្វើឱ្យ​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​មិនទាន់ទាញយកប្រយោជន៍ពេញលេញ ពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់​ជូន​ប្រទេសអភិវឌ្ឍន៍តិចតួច​ ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព ​និងជំនួយបច្ចេកទេសនា​ពេល​កន្លងមក។ឯកឧត្តម បានបន្តថា នៅក្នុងកិច្ចប្រជុំ និងឱកាសបន្តបន្ទាប់ទៀត ប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ត្រូវតែបន្តទាមទារជំនួយកសាងសមត្ថភាព​ និងបច្ចេកទេស ​តាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់​ជូន​ដល់​ប្រទេសអភិវឌ្ឍន៍​តិចតួច​ ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះ ​អាចទាញយកប្រយោជន៍​ឱ្យបានពេញ​លេញពីប្រព័ន្ធ អនុគ្រោះ ​និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយ ដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំ​ទូលំ​ទូលាយ ​ដែលប្រទេសអភិវឌ្ឍន៍តិចតួច ​ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចប្រកប​ដោយបរិយាបន្ន ​និងភាពធន់។ ឯកឧត្តមរដ្ឋមន្រ្តី ​បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់​ក្រុម​ប្រទេស អភិវឌ្ឍន៍ តិចតួច​ នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការពាណិជ្ជកម្ម​ពិភព​លោក​ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេសអភិវឌ្ឍន៍តិចតួច៕អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការពិនិត្យឡើងវិញ៖ ភាពយន្តឯកសារពីតំបន់ហ្កហ្សារបស់ BBC បំពានគោលការណ៍ណែនាំអំពីភាពត្រឹមត្រូវ
07/14/2025 08:07 PM
មនុស្សជាច្រើននាក់ស្លាប់ក្នុងអគ្គិភ័យនៅមជ្ឈមណ្ឌលសង្គ្រោះ ក្នុងរដ្ឋ Massachusetts
07/14/2025 08:07 PM
ជំនួយការរបស់លោក Netanyahu ប្រឈមនឹងការចោទប្រកាន់ផ្លូវការ ជុំវិញការបែកធ្លាយព័ត៌មានយោធា
07/14/2025 08:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងចូលរួមកិច្ចប្រជុំរបស់ EU
07/14/2025 08:07 PM
អ៊ីរ៉ង់៖ ការដាក់ទណ្ឌកម្មជាថ្មីរបស់ UN នឹងជួបជាមួយការឆ្លើយតបយ៉ាងសមស្រប
07/14/2025 07:07 PM
វិមានក្រឹមឡាំង៖ ការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅអ៊ុយក្រែនពីអាមេរិក កំពុងបន្តមានធម្មតា
07/14/2025 07:07 PM
នគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ ក្រោយមានការប៉ះទង្គិចរបស់ក្រុមប្រឆាំងជនអន្តោប្រវេសន៍ ក្នុងទីក្រុងនៅអេស្ប៉ាញ
07/14/2025 07:07 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងអន្តរជាតិចិន
07/14/2025 07:07 PM
EU នឹងត្រៀមបញ្ជីពន្ធ ២៤,៥២ពាន់លានដុល្លារ សម្រាប់ទំនិញរបស់អាមេរិក
07/14/2025 06:07 PM
សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្ត
07/14/2025 06:07 PM