ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប
កម្ពុជាកំពុងពិភាក្សាលើការចាប់យកឌីជីថលូបនីយកម្ម ដើម្បីជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សរសើរសហគ្រិនស្រ្តីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2022/04/21 11:46:04 am        423
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កោតសរសើរចំពោះភាពរីកចម្រើន និងធនធានមនុស្សជាស្ត្រី ដែលមានសហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំត្រីមាសទី១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា​ នៅក្នុងវិបត្តិកូវីដ-១៩ ផល​ប៉ះពាល់​បានកើតឡើង​ជាច្រើន ជាពិសេសការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចសង្គម ​ស្ថិតក្នុងស្ថានភាពនេះ ​សហគ្រិន​ជាស្រ្តី​ជាច្រើន​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ នៅក្នុងដំណើរការអាជីវកម្ម ​ដែលមកដល់​បច្ចុប្បន្ន​យើង​ឃើញថា ​អាជីវកម្ម​មួយចំនួន​បានកំពុងងើប​ឡើងវិញ។ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានកោតសរសើរចំពោះភាពរីកចម្រើន​ ជាពិសេសធនធានមនុស្សជាស្ត្រី ដែល​មាន​សហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ​ឬសហគ្រាសរបស់ខ្លួន ដែលបានជម្រុញឲ្យសង្វាក់​ផលិតកម្ម​របស់ខ្លួន​បានដំណើរ ​នៅក្នុងស្ថានភាពដ៏លំបាក ​ដែលកត្តាទាំងអស់នេះ ​ជាការបង្ហាញនូវ​ស្នាដៃ​ធំធេងមួយ នៃសកម្មភាពអភិវឌ្ឍ និងជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។សូមបញ្ជាកថា នៅក្នុងកិច្ចប្រជុំសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវ កែវ មុំ បានធ្វើបទបង្ហាញនូវបញ្ហាចំនួន ៣ចំណុច ដែលមានចែងក្នុងសៀវភៅស ទី២ និងទី៣ របស់សមាគម ក្នុងនោះរួមមាន៖ បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់, ការលំបាកក្នុងការ​ទទួលកម្ចីពីធនាគារ និងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ មកលើអាជីវកម្ម ។ ជាការឆ្លើយតប, ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំទទួលបន្ទុក​បានផ្តល់អនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ​អាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេស​ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិក ឲ្យមានចំណេះជំនាញស្រប នឹងមុខសញ្ញាការងាររបស់ខ្លួន។ ចំណែកទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ថ្នាក់ដឹកនាំ​បានលើកឡើងពី​ការ​ខិតខំ​របស់រាជរដ្ឋាភិបាល និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ​បង្កើតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទ​ជាដើម ដើម្បីសហគ្រាសទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំណត់យកវិស័យយានយន្ត និងអេឡិចត្រូនិក សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ

2022/04/20 01:44:57 pm        599
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាពដែលមានសក្តានុពល សម្រាប់ជំរុញការចូលរួមរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញ​វិនិយោគលើ​វិស័យ​យានយន្ត និងអេឡិចត្រូនិក តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) នៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ នេះ ដោយមានការចូលរួមដោយក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយ​ការិយាល័យ​បរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ ​នៃចក្រភពអង់គ្លេស និងក្រុមហ៊ុន BCG។កិច្ចប្រជុំបានរៀបចំឯកសារចំនួនពីរ ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិត​ផ្តួចផ្តើម ​សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត ​និងអេឡិចត្រូនិក។ឯកសារទី១ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ ​និងទាក់ទាញវិនិយោគលើវិស័យយានយន្ត” មានគោល​បំណង​អភិវឌ្ឍន៍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជា ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និង​សកល និងជាពិសេសប្រែក្លាយកម្ពុជា​ទៅជាមជ្ឈមណ្ឌលផលិត​គ្រឿងផ្គុំ​យានយន្ត ព្រមទាំង​ជំរុញការផលិតគ្រឿងផ្គុំយានយន្ត ​ដែលមានលក្ខណៈ​ស្មុគស្មាញ​ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។ចំណែកឯកសារទី២ គឺ “ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យ​អេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជា​ទៅ​ជាមជ្ឈមណ្ឌល​ផលិតគ្រឿង​អេឡិចត្រូនិក ​ដែលមានសមាហរណកម្មខ្ពស់ ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើន​ប្រភេទ, ផលិតគ្រឿងបង្គុំពាក់​កណ្តាលសម្រេច​ និងផលិតផលសម្រេច ដើម្បីបម្រើទីផ្សារនាំចេញ​ក្នុងតំបន់ និងពិភពលោក ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ​ប្រធានអង្គប្រជុំ ​បានស្នើឱ្យក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការជាមួយបក្រុមហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទី​បង្ហាញផ្លូវនេះ​ ស្របតាមស្មារតី​នៃអង្គប្រជុំ ​ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរព​ស្នើសុំ​ការអនុម័តពីប្រមុខរាជរដ្ឋាភិបាល ៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករ បានចំនួនជាង ១ ២៦៣ លានដុល្លារ ក្នុងត្រីមាសទី១

2022/04/20 11:43:05 am        574
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២២ បានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ចំណូលនេះកើនឡើងជាង ២២%។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញឲ្យដឹងនៅក្នុងកិច្ចប្រជូំបូកសរុបលទ្ធផលប្រមូលចំណូលខែ មីនា និងត្រីមាសទី១ ឆ្នាំ ២០២២ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នេះ។ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែ មីនា ឆ្នាំ២០២២, ចំណូលពន្ធអាករ​គ្រប់​ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល​អនឡាញ មានចំនួនជាង ៣ ០៤០ ប៊ីលានរៀល​ ត្រូវប្រមាណជាង ៧៥០ លានដុល្លារអាមេរិក ស្មើជាង ២៦% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បើប្រៀបធៀបនឹងចំណូល​ពន្ធ​​អាករ​ប្រចាំខែ មីនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនជាង ៥៤៧ ប៊ីលានរៀល ប្រមាណជាង ១៣៥ លានដុល្លារអាមេរិក ស្មើជិត ២២%។ដោយឡែកសម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ ២០២២ នេះវិញ, ចំណូលពន្ធ-អាករ ដែលអគ្គនាយក​ដ្ឋាន​​ពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនជាង ៥ ១១៥ ប៊ីលានរៀល ត្រូវប្រមាណជាង ១ ២៦៣ លានដុល្លារអាមេរិក ស្មើជិត ៤៥% នៃផែនការច្បាប់​ហិរញ្ញវត្ថុប្រចាំឆ្នាំ ក្នុងនោះបើធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០២១ ឃើញថា​កើនឡើងជិត ៩៣១ ប៊ីលានរៀល ត្រូវជាង ២២៩ ​លានដុល្លារអាមេរិក ស្មើជាង ២២%។ ចំណែកចំណូលប្រភេទពន្ធសំខាន់ៗ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ​ក្នុងរយៈពេលនេះដែរ គឺមានប្រភេទពន្ធចំនួន​ ៥ បានរក្សាកំណើនឡើង​គួរឱ្យកត់សម្គាល់ ​ធៀបនឹងខែរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម អាករពិសេស ពន្ធលើប្រាក់បៀវត្ស និងលើពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាង ១៣ប៊ីលានដុល្លារ​ ក្នុងត្រីមាសទី១

2022/04/19 05:55:09 am        847
ភ្នំពេញ៖ កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសដៃគូពាណិជ្ជកម្មជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជា ទទួលបានជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ អនុញ្ញាតឱ្យមានការបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២២កម្ពុជា មានទំហំពាណិជ្ជកម្មរហូតប្រមាណ ១៣,១៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា​នាំចេញទំនិញ​ទៅកាន់ទីផ្សារពិភពលោក​ ជាង៥,៧ពាន់លានដុល្លារ ​ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា ភាពស៊ាំ​ក្នុង​សង្គម​នឹង​ជំងឺកូវីដ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល​ ធ្វើឱ្យកម្ពុជា អាច​ដំណើរការសកម្មសង្គមសេដ្ឋកិច្ចបានយ៉ាងលឿន ​ធៀប​នឹងប្រទេសដៃទៀត អំណោយ​ផលដល់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាស​ទីមួយ​នេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមាន​តម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។ចំណែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ក្នុងរង្វង់ ២,២ពាន់ដុល្លារ។ ដៃគូពាណិជ្ជកម្មបន្ទាប់គឺប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ ប្រទេសថៃ មាន ១,១ពាន់ដុល្លារ​ និងប្រទេស​សិង្ហបុរី ជិត៩៨០លានដុល្លារ។សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់​នៅ​លើពិភព​លោក​បានជាង ៤៨​ពាន់ល្លានដុល្លារ។ ក្នុងនោះ​ការនាំចេញរបស់កម្ពុជា​ គឺមាន ១៩,៣ពាន់លានដុល្លារ។​ រីឯការនាំចូលវិញគឺមាន ២៨,៧​ ពាន់លានដុល្លារ។ នេះបើយោង​តាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​​៕ អត្ថបទ៖ វណ្ណៈ

កម្ពុជាទទួលចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅត្រីមាសទី១ ឆ្នាំ២០២២

2022/04/18 10:27:04 am        770
ភ្នំពេញ៖ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង ៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩,១៤៦,៩៧០ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន៩៨,៥៦០,២៧០ដុល្លារ និង​ចំណូល​ពីការនាំចេញឈើកៅស៊ូ ចំនួន៥៨៦,៧០០ដុល្លារ។ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ១,៥៩៤ដុល្លារ ​ក្នុងមួយតោន បាន​ថយចុះចំនួន៤២ដុល្លារ ក្នុងមួយតោន ​ស្មើនឹង០.៣% ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំមុន។គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ​ផ្ទៃដីកៅស៊ូសរុបមានចំនួន ​៤០៤,០៤៤ហិកតា ​ក្នុងនោះ ផ្ទៃដីចៀរជ័រ​មានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ​៩៣,៨៥១ហិកតា ស្មើនឹង២៣%។ គូស​បញ្ជាក់​ថា​ នៅឆ្នាំ២០២១ កម្ពុជា​រក​ចំណូល​បានជាង ៦១១លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ និង​ឈើកៅស៊ូ ។ ក្នុងនោះ​ នាំចេញជ័រកៅស៊ូ​ ចំនួន៣៦៦,៣០០តោន និង​នាំចេញឈើកៅស៊ូ ចំនួន ៤៥៤ម៉ែត្រគូប៕

កម្ពុជានាំចេញវិស័យកាត់ដេរ មានទំហំទឹកប្រាក់ជាង ៣,១ ប៊ីលានដុល្លារអាមេរិក

2022/04/18 11:01:12 am        469
ភ្នំពេញ៖ ទំហំនៃការនាំចេញផលិតផលកាត់ដេរ ក្នុងត្រីមាសដំបូងឆ្នាំ ២០២២ មានចំនួនទឹកប្រាក់ប្រមាណជា ៣ ១៥៥ លានដុល្លារអាមេរិក កើនឡើងជាង ៦២៧ លានដុល្លារអាមេរិក ស្មើនឹង ២៤.៨% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​តួរលេខ​បាន​ឲ្យដឹងថា ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ​ការពាណិជ្ជកម្មក្រៅប្រទេស ក្នុងនោះទំហំនៃការនាំ​ចេញ​ផលិតផលកាត់ដេរ ស្បែកជើង​ និងផលិផលការបូប គិតជាទឹកប្រាក់សរុប​ មានចំនួន ៣ ១៥៥ លានដុល្លារអាមេរិក​ ដោយបានកើនឡើង​ប្រមាណជាង ​៦២៧ ​លានដុល្លារអាមេរិក បើប្រៀបធៀប​ទៅ​រយៈពេលដូចគ្នាក្នុងឆ្នាំ ​២០២១ ​ចំនួននេះ​បានកើនឡើងជិត ២៥%។ជុំវិញការនាំចេញផលិតផលកាត់ដេរ, លោកកាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោង​ចក្រកាត់​ដេរនៅកម្ពុជា GMAC លើកឡើងឲ្យដឹងថា ​នៅក្នុងរយៈពេលកន្លងមកនេះ ការបញ្ជាទិញពីទីផ្សារ​ខាង​ក្រៅ ​បានកើនឡើងគួរជាទីកត់សម្គាល់ ​ក្នុងនោះទីផ្សារ​ដែលលេចធ្លោជាងគេ គឺការនាំចេញនាំ​ទៅ​កាន់ទីផ្សារអាមេរិក​ ។ ទាក់ទងនឹងការនាំចេញនេះដែរ ​លោក បានរំពឹងថា ការនាំចេញ​ផលិតផល​កាត់ដេរ ​នឹង​មាន​និន្នាការ​បន្តល្អប្រសើរ​រហូត​ដល់ដំណាច់ឆ្នាំ។លោក បានបន្តថា បន្ទាប់ពីស្ថានភាពនៃការរីល​រាលដាល​ជំងឺ​កូវីដ ១៩ ​នៅកម្ពុជា មាន​ស្ថិរភាពល្អ​ជាបណ្តើរៗ នឹង​ស្របពេល​កម្ពុជា​ទទួល​បាន​ទទួលបានក្រុមហ៊ុន​វិនិយោគលើវិស័យកាត់ដេរជា​បន្តបន្ទាប់ ​ក្នុងនោះសម្រាប់ការផលិត​នៅទីផ្សារក្នុងស្រុក អាចឆ្លើយតបទៅនិងតម្រូវការ​នាំចេញ​បាន ​តែទោះបីយ៉ាងណា យើងបានជួបបញ្ហាបន្តិចបន្តួច ​ក្នុងការរើសកម្មករថែម ជាពិសេសសម្រាប់​តំបន់ភ្នំពេញ​ជាដើម។ចំណែកលោកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ថ្លែងថា ស្របពេលដែលរាជ​រដ្ឋាភិបាល​បានដាក់ចេញច្បាប់ស្តីពីគារវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា​ នឹងថ្មីៗនេះ រាជ​រដ្ឋាភិបាលបាននូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ​ ផលិតស្បែកជើង និងកាបូបកម្ពុជាបន្ថែម​ទៀត​នោះ, ដែលផែនការសកម្មភាពទាំងអស់នេះ ​គឺជាផែនទីបង្ហាញផ្លូវ សម្រាប់ជម្រុញអភិវឌ្ឍន៍​លើក​វិស័យកាត់ដេរ ​ស្បែកជើង ​និងកាបូបនៅកម្ពុជា ដែលវិស័យនេះ​បានផ្តល់អត្ថប្រយោជន៍យ៉ា​ង​សំខាន់ ​សម្រាប់វិស័យការងារ​ និងកំណើនសេដ្ឋកិច្ច។សូមបញ្ជាក់ថា​ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ​ផលិតស្បែកជើង ​និងកាបូបកម្ពុជា២០២២-២០២៧​ មានចក្ខុវិស័យអភិវឌ្ឍវិស័យកាត់ដេរ, ​ផលិតស្បែកជើង និងកាបូបនៅកម្ពុជា ឱ្យទៅ​ជា​ឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់,​ មានតម្លៃបន្ថែមខ្ពស់,​​ ផ្តោតលើផលិតផល​ដែល​លក់បានថ្លៃ មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច​នៅ​ឆ្នាំ២០២៧។យុទ្ធសាស្រ្ត នេះក៏មាន​គោលបំណង​កំណត់ទិសដៅអភិវឌ្ឍន៍រួម, ​បង្កើន​ភាពឯករាជ្យ, ពង្រឹងភាព​ប៉ាន់ប្រមាណបាន​ និង​ស្ថិរភាព ​ដើម្បី​បន្ត​លើក​កម្ពស់ការ​អភិវឌ្ឍវិស័យនេះ​ ប្រកប​ដោយចីរភាព និង​បរិយាប័ន្ន ៕អត្ថបទ៖ សុន រ៉ាឌី

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ៩ប៊ីលានដុល្លារក្នុងឆ្នាំ២០២១

2022/04/13 01:05:27 pm        392
ភ្នំពេញ៖ ទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងប្រទេស​វៀតណាម ក្នុងឆ្នាំ២០២១ មានទំហំជាង៩ ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ៨០ភាគរយ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២០។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម ផាម ម៉ិញជីង នាយក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ​បានសម្តែងនូវក្តី សោមនស្ស​រីករាយ​ អំពីដំណើរ​វិវត្ដន៍ជាវិជ្ជ ​មាន​ក្នុងទំនាក់ទំនង​សហប្រតិបត្តិ ការរវាង​ព្រះរាជាណា​ចក្រកម្ពុជា ​និងសាធារណរដ្ឋសង្គមនិយមវៀតណាម​ ក្នុង​រយៈពេល​កន្លងមក។ទំហំពាណិជ្ជកម្មទ្វេភាគីនេះ ​នៅបន្តរក្សាបាននូវសន្ទុះកំណើន​ ជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ២០២២​។ សាធារណរដ្ឋ​សង្គមនិយមវៀតណាម ​បន្តឈរលំដាប់ទី១​ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការ​វិនិយោគ ដោយ​ផ្ទាល់​ ក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើយោងតាមសេចក្តីព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១២។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ផាម ប៊ិញជីង បានសម្តែងនូវក្តី សោមនស្ស​រីករាយ ​អំពី​ដំណើរ​វិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការរវាង​ព្រះរាជាណា​ចក្រកម្ពុជា និង​សាធារណៈរដ្ឋ​សង្គម​និយម​វៀតណាម​ ក្នុងរយៈពេលកន្លងមក ជាពិសេសទោះបី​មានផល ប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្តីក៏ទំហំ​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​ក្នុង​ឆ្នាំ២០២១ មានទំហំជាង ៩ កោដដុល្លារសហរដ្ឋអាមេរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀប​នឹងឆ្នាំ២០២០ ​និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ សាធារណៈសង្គមនិយម វៀតណាម បន្តឈរលំដាប់ទី១ ក្នុង​ចំណោម​ប្រទេសអាស៊ាន ​ចំពោះការ​វិនិយោគ​ដោយ​ផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ វណ្ណៈ

គយនិងរដ្ឋាករ ប្រមូលចំណូលបានជាង ៥៩៧ លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែនេះ

2022/04/13 12:49:19 pm        902
ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ ៤២៨ ប៊ីលានរៀល ស្មើជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ២៣ ភាគរយ នៃផែនការ​កំណត់​ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញតួរលេខឲ្យដឹង នៅកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារ​គយ​ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ, សម្រាប់​ការប្រមូលចំណូល ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល​ចំណូល​បាន​ចំនួនជាង ២ ៤២៨ ប៊ីលានរៀល ស្មើនឹងជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវប្រមាណ ២៣.២% នៃ​ផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុង​នោះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ ២០២១​ លទ្ធផលនៃការចំណូលនេះ បាន​ថយចុះជាង ៦១ ប៊ីលានរៀល ​ដែល​ត្រូវ​ជា​ប្រមាណ ២.៥% ។ចំណែកចំណូលតាមប្រភេទពន្ធ និងអាករ ដែលគយ និងរដ្ឋាករប្រមូលបានវិញ រួមមាន៖ អាករលើ​តម្លៃ​បន្ថែម មានចំនួនជាង ៩៤៣ ប៊ីលានរៀល ​ត្រូវជិត ៣៩% នៃចំណូលសរុប, អាករពិសេស​មានចំនួនជិត ៨៩៥ ប៊ីលានរៀល ត្រូវជិត ៣៧%, ពន្ធគយមានជាង​ ៤៣៦ ប៊ីលានរៀល​ ត្រូវ ១៨%, អាករបន្ថែម​លើ​ផលិតផល​ប្រេងជិត១០១ ​ប៊ីលានរៀល​ ត្រូវជាង ៤%, និងអាករនាំចេញ និង​កម្រៃផ្សេងៗ មានចំនួនជិត ​៥៣ ប៊ីលានរៀល ​ត្រូវជាង ២% នៃចំណូលសរុប។ ដោយឡែកតួលេខ​ទំហំពាណិជ្ជកម្មរបស់កម្ពុជា៖ ក្នុងរយៈពេល ៣ខែនេះដែរ ធៀបនឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២១ មាន​បម្រែបម្រួលខ្លះៗដូចជា៖ ​ការនាំចេញផលិតផលកាត់ដេរ ​មានចំនួន ៣ ១៥៥ លាន​ដុល្លារ​អាមេរិក ​កើនឡើង​ប្រមាណជិត ​៦២៧ លាន​ដុល្លារអាមេរិក ​ស្មើ ២៤.៨%, ការនាំ​ចេញ​ផលិតផល​វិនិយោគ​មិនមែន ​កាត់ដេរដូចជា៖ កង់ គ្រឿង​បំណែក​អេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ ​ផលិតផលពីឈើ ​ផលិតផល​ប្លាស្ទិក​ ស្បែកសត្វកែច្នៃ និង​ផលិតផលផ្សេងៗទៀត ​មានចំនួន​ជិត ១ ២១៣ ​លានដុល្លារអាមេរិក​ កើនឡើងជាង ៣៣៥ លាន​ដុល្លារអាមេរិក ស្មើជាង ៣៨%, ការ​នាំ​ចេញ​កសិផល​សរុប​មានតម្លៃជាង ១ ១២៣ លាន​ដុល្លារអាមេរិក ​កើនឡើងជាង​ ១០៧ លាន​ដុល្លារ​អាមេរិក ៕អត្ថបទ៖ សុន រ៉ាឌី

តម្លៃរថយន្តឈ្នួលចាប់ផ្តើមឡើងថ្លៃ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរជិតឈានមកដល់

2022/04/11 02:48:56 pm        867
ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានមកដល់ ។ ក្រុមប្រកបរបររថន្តឈ្នួល រវាងភ្នំពេញ និងបណ្តាខេត្តនានា បានឲ្យដឹងថា តម្លៃឈ្នួលនឹងចាប់ផ្តើមឡើង ចាប់ពីថ្ងៃនេះទៅ ប៉ុន្តែឡើងក្នុងកម្រិតអាចទទួលយកបានចន្លោះពី ៥ពាន់ ដល់១ម៉ឺនរៀល ក្នុងម្នាក់ ដោយសារប្រេង/ហ្គាសឡើងថ្លៃ និងមនុស្សចេញពីភ្នំពេញច្រើន ជាងត្រឡប់មកវិញនៅមុនពិធីឈានដល់។លោក ម៉េង ម្ចាស់រថយន្តឈ្នួលរវាងភ្នំពេញ និងខេត្តកំពង់ធំ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅ​ព្រឹកថ្ងៃទី១១ ​ខែមេសានេះថា ជារៀងរាល់ពិធីបុណ្យជាតិធំៗ តម្លៃ​រថយន្ត​ឈ្នួលតែងតែ​មានការ​ឡើងថ្លៃ ប៉ុន្តែមិនច្រើនណាស់ណាទេ ​ជាក់ស្តែងសម្រាប់លោក ​គឺឡើងថ្លៃចំនួនតែ ​១ម៉ឺនរៀល ក្នុងម្នាក់ ​ដោយសារប្រេងឡើងថ្លៃ ​និងមូលហេតុមួយទៀតគឺ ​នៅមុនពិធីឈានដល់ អ្នកធ្វើដំណើរ​ចាកចេញពីភ្នំពេញច្រើនជាងអ្នកត្រឡប់ចូល ​ហើយក្រោយចប់ពិធីបុណ្យ ​អ្នកធ្វើដំណើរចូលក្រុងវិញ មានចំនួនច្រើនជាងអ្នកចេញពីក្រុង។ស្រដៀងគ្នានេះ ក្រុមអ្នករត់រថយន្តឈ្នួល (តាក់ស៊ី) ដទៃផ្សេងទៀតស្ថិតនៅម្តុំផ្សារថ្មី រាជធានីភ្នំពេញ បាន​លើកឡើងថា ​ការឡើងថ្លៃឈ្នួល ​មិនមែនចេះ​តែមាន ​និងហួសហេតុទេ ជាពិសេសក្នុងអំឡុង​នៃវិបត្តិជំងឺឆ្លងកូវីដ១៩នេះ ​ត្រូវកាត់បន្ថយចំនួនអ្នកជិះ ​ដើម្បីរក្សាគម្លាត និងទប់ស្កាត់ការឆ្លង​រាល​ដាល​ជាដើម បន្ទាប់ពីតម្លៃប្រេងកើនឡើង។ពលរដ្ឋដែលត្រៀមចាកចេញពីភ្នំពេញ ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ សាច់ញាតិ និងដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខាងមុខនេះ ​បាននិយាយថា ការឡើងថ្លៃឈ្នួលរថយន្តក្នុង​ពិធីបុណ្យ​ទានម្តងៗ គឺអាចទទួលយកបាន ​ដោយសារការតម្លើងថ្លៃនោះ មិនលើសពី ១ម៉ឺន ឬ ២ម៉ឺនរៀល​នោះទេ។សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ​នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃជាប់គ្នា​ដូចបណ្តាឆ្នាំមុនៗដែរ ​គិតចាប់ពីថ្ងៃទី១៤ ១៥ និង១៦ ​ខែមេសាខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អាស៊ានគ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន មានតម្លៃទាប និងសុវត្ថិភាពខ្ពស់

2022/04/09 01:06:40 pm        451
ភ្នំពេញ៖ ប្រទេសសមាជិកអាស៊ាន គ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាលក្ខណៈពហុភាគី សម្រាប់តំបន់ដែលអាចធ្វើឱ្យការទូទាត់ ឆ្លងដែន មានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំរវាង​ទេសាភិបាល​ធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន តាមរយៈប្រព័ន្ធ​អនឡាញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២ ក្នុងនោះកិច្ចប្រជុំនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថាន​ហិរញ្ញវត្ថុអាស៊ាន ​បានជួបពិភាក្សា ​និងផ្លាស់ប្តូរមតិយោបល់​ជាមួយអាជ្ញាធររូបិយវត្ថុ និងធនាគារ​កណ្តាល​អាស៊ាន អំពីវឌ្ឍនភាព ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមចំណែក​សម្រេច​បានសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។ចំណែកនៅក្នុងឆ្នាំនេះ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទដូចជា៖ ការបច្ចុប្បន្នកម្មការបង្កើត​ក្របខ័ណ្ឌ​អន្តរប្រតិបត្តិការ ​ការទូទាត់ឆ្លង​ ដែនតាម QR កូត អាស៊ាន និងការលើកកម្ពស់ការតភ្ជាប់​ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន​ ក្នុងគោលដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុង​តំបន់​ឱ្យកាន់តែស៊ីជម្រៅ។ ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ត្រូវបានអនុម័តដោយទេសាភិបាលធនាគារកណ្តាលអាស៊ាន នៅ ឆ្នាំ២០២១ កន្លងមក និងត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ លើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃការចែករំលែកទិន្នន័យ​នៅ​ក្នុង​តំបន់។បច្ចុប្បន្នដំណាក់កាលទី១ ត្រូវបាន​បញ្ចប់, ចំណែកដំណាក់កាលទី២ ​ដែល​នឹង​ចាប់ផ្តើមនៅ​ត្រីមាស​ទី ២ និងបញ្ចប់ចុងឆ្នាំ ​២០២២ នេះ នឹងផ្តោតលើការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការធនាគារ​អាស៊ាន, ការរៀបចំក្របខ័ណ្ឌគោលការណ៍​ណែនាំពាក់ព័ន្ធផ្សេងៗ ​និងការជ្រើសរើសករណី ​សិក្សា ដើម្បីធ្វើការ​សាកល្បង ​ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការ​ជាដើម។ ជាមួយគ្នានេះ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់​សម្គាល់ ​និងបានដើរតួនាទីកាន់យ៉ាងសំខាន់​ សម្រាប់ប្រទេសសមាជិក​ អាស៊ានទាំងអស់ ក្នុងការ​សម្រួល និងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ​ពាណិជ្ជកម្មអេឡិចត្រូនិក និង​ទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម​និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ គួររំលេចថា ប្រទេសសមាជិកអាស៊ាន ភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ជា​លក្ខណៈ​ទ្វេភាគីរួច​ហើយដូចជា ​កម្ពុជានិងម៉ាឡេស៊ី កម្ពុជា និងថៃ ​សិង្ហបុរី និងថៃ​ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។ លើសពីនេះប្រទេសសមាជិកគ្រោងនឹងពង្រីក​ ការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែន​ជា​លក្ខណៈពហុភាគី​សម្រាប់តំបន់ ​ដែល​អាចធ្វើឱ្យការទូទាត់ឆ្លង​ដែនមានប្រតិបត្តិការឆាប់រហ័ស ​តម្លៃទាប និង​សុវត្ថិភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជនអាមេរិក៖ បទឈប់បាញ់អ៊ីស្រាអែល-ស៊ីរី បានចូលជាធរមាន ខណៈអ្នកស្លាប់កើនឡើងជាង១ពាន់នាក់
07/21/2025 09:07 AM
NHK៖ ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ជប៉ុន បាត់បង់ការគ្រប់គ្រងនៅសភាជាន់ខ្ពស់
07/21/2025 09:07 AM
មនុស្ស ៣នាក់ស្លាប់ និងរាប់រយនាក់បានរួចជីវិត បន្ទាប់ពីឆេះសាឡាងនៅកណ្ដាលសមុទ្រឥណ្ឌូនេស៊ី
07/21/2025 09:07 AM
ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN
07/21/2025 09:07 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនឡើងដល់១៧នាក់ និង១១ នាក់បាត់ខ្លួន
07/21/2025 08:07 AM
វិមានក្រឹមឡាំង៖លោក Putin បើកឱ្យមានសន្តិភាពជាមួយអ៊ុយក្រែនលុះត្រាតែក្រោយពេលគោលដៅយោធារុស្ស៊ីត្រូវបានសម្រេច
07/21/2025 08:07 AM
ព្រះមហាក្សត្របានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣
07/21/2025 08:07 AM
ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM