ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ឯកឧត្តម ឌិត ទីណា បន្តដំណើរចុះជួបសំណេះសំណាលជាមួយសហគមន៍ទំនើបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប
កម្ពុជាផ្សព្វផ្សាយជាផ្លូវការ របាយការណ៍​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​វិធានការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់
មកដល់ពេលនេះ កសិករចំនួនជាង ១៤០០គ្រួសារ ងាកមកចង​ក្រងគ្នា ដើម្បី​ក្លាយ​ជា​សហគមន៍​កសិកម្ម​ទំនើប

សេដ្ឋកិច្ច និង កសិកម្ម

អាស៊ានគ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន មានតម្លៃទាប និងសុវត្ថិភាពខ្ពស់

2022/04/09 01:06:40 pm        451
ភ្នំពេញ៖ ប្រទេសសមាជិកអាស៊ាន គ្រោងនឹងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាលក្ខណៈពហុភាគី សម្រាប់តំបន់ដែលអាចធ្វើឱ្យការទូទាត់ ឆ្លងដែន មានប្រតិបត្តិការឆាប់រហ័ស តម្លៃទាប និងសុវត្ថិភាពខ្ពស់។ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានធ្វើជាប្រធាននៃកិច្ចប្រជុំរវាង​ទេសាភិបាល​ធនាគារកណ្តាល និងនាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុអាស៊ាន តាមរយៈប្រព័ន្ធ​អនឡាញ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២ ក្នុងនោះកិច្ចប្រជុំនេះ បានផ្តល់ឱកាសសម្រាប់គ្រឹះស្ថាន​ហិរញ្ញវត្ថុអាស៊ាន ​បានជួបពិភាក្សា ​និងផ្លាស់ប្តូរមតិយោបល់​ជាមួយអាជ្ញាធររូបិយវត្ថុ និងធនាគារ​កណ្តាល​អាស៊ាន អំពីវឌ្ឍនភាព ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​ ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីរួមចំណែក​សម្រេច​បានសមាហរណកម្មហិរញ្ញវត្ថុនៅក្នុងតំបន់។ចំណែកនៅក្នុងឆ្នាំនេះ កិច្ចប្រជុំបានពិភាក្សាលើប្រធានបទដូចជា៖ ការបច្ចុប្បន្នកម្មការបង្កើត​ក្របខ័ណ្ឌ​អន្តរប្រតិបត្តិការ ​ការទូទាត់ឆ្លង​ ដែនតាម QR កូត អាស៊ាន និងការលើកកម្ពស់ការតភ្ជាប់​ហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន​ ក្នុងគោលដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុង​តំបន់​ឱ្យកាន់តែស៊ីជម្រៅ។ ការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការ ត្រូវបានអនុម័តដោយទេសាភិបាលធនាគារកណ្តាលអាស៊ាន នៅ ឆ្នាំ២០២១ កន្លងមក និងត្រូវធ្វើឡើងជាដំណាក់កាល ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ លើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងបង្កើនប្រសិទ្ធភាពនៃការចែករំលែកទិន្នន័យ​នៅ​ក្នុង​តំបន់។បច្ចុប្បន្នដំណាក់កាលទី១ ត្រូវបាន​បញ្ចប់, ចំណែកដំណាក់កាលទី២ ​ដែល​នឹង​ចាប់ផ្តើមនៅ​ត្រីមាស​ទី ២ និងបញ្ចប់ចុងឆ្នាំ ​២០២២ នេះ នឹងផ្តោតលើការបង្កើតក្របខ័ណ្ឌអន្តរប្រតិបត្តិការធនាគារ​អាស៊ាន, ការរៀបចំក្របខ័ណ្ឌគោលការណ៍​ណែនាំពាក់ព័ន្ធផ្សេងៗ ​និងការជ្រើសរើសករណី ​សិក្សា ដើម្បីធ្វើការ​សាកល្បង ​ដោយផ្តោតលើការទូទាត់ឆ្លងដែន និងការវាយតម្លៃឥណទានមិនដំណើរការ​ជាដើម។ ជាមួយគ្នានេះ ការអភិវឌ្ឍ ការទូទាត់ឆ្លងដែនតាម QR កូត ក៏សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់​សម្គាល់ ​និងបានដើរតួនាទីកាន់យ៉ាងសំខាន់​ សម្រាប់ប្រទេសសមាជិក​ អាស៊ានទាំងអស់ ក្នុងការ​សម្រួល និងលើកកម្ពស់ការផ្ញើប្រាក់របស់ពលករនៅក្រៅប្រទេស ​ពាណិជ្ជកម្មអេឡិចត្រូនិក និង​ទេសចរណ៍ សំដៅឈានទៅរកសេដ្ឋកិច្ចឌីជីថលូបនីយកម្ម​និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។ គួររំលេចថា ប្រទេសសមាជិកអាស៊ាន ភាគច្រើនបានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន​ជា​លក្ខណៈ​ទ្វេភាគីរួច​ហើយដូចជា ​កម្ពុជានិងម៉ាឡេស៊ី កម្ពុជា និងថៃ ​សិង្ហបុរី និងថៃ​ សិង្ហបុរីនិងម៉ាឡេស៊ី វៀតណាមនិងថៃ ជាដើម។ លើសពីនេះប្រទេសសមាជិកគ្រោងនឹងពង្រីក​ ការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែន​ជា​លក្ខណៈពហុភាគី​សម្រាប់តំបន់ ​ដែល​អាចធ្វើឱ្យការទូទាត់ឆ្លង​ដែនមានប្រតិបត្តិការឆាប់រហ័ស ​តម្លៃទាប និង​សុវត្ថិភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកជំនាញសេដេ្ឋកិច្ច លើកឡើងថា កម្ពុជា មានមូលដ្ឋានរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

2022/04/07 04:26:06 pm        909
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជា អាចសម្រេចបានកំណើនសេដ្ឋកិច្ចល្អ ខណៈមូលដ្ឋានដែលជាជំហរ របស់កម្ពុជាបានត្រួសត្រាយផ្លូវរួចជាស្រេច នៅក្នុងដំណើរការអភិវឌ្ឍន៍សម្រាប់បម្រើការនាំចេញ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០២២ នេះថា បើផ្អែកទៅលើការនាំចេញរបស់កម្ពុជា ​ការនាំចេញផលិតផលលើវិស័យកសិកម្មអាចងើបឡើងល្អ ខណៈដែលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន, កិច្ចព្រមព្រៀង​ស្ដីពីភាព​ជា​ដៃគូ​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ​និងកិច្ចព្រមព្រៀងជាមួយពាណិជ្ជកម្មសេរីជាមួយ​កូរ៉េ ​ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗ​ រួមជាមួយកម្ពុជា​គឺជាប្រធានអាស៊ាន ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ពីកម្ពុជា។ឯកឧត្តមបណ្ឌិត បន្តថា ចំពោះវិស័យកាត់ដេរ បានកំពុង​មាន​ឱកាសនៃការនាំចេញ គឺ​បាន​កើតឡើង​ពីគោលនយោបាយនៅក្នុងការជ្រើសរើសយក​វ៉ាក់សាំង ​បាន​ជម្រុញ​បង្កើតភាពស៊ាំនៅក្នុង​សហគមន៍ ​ដែលធ្វើឲ្យឧស្សាហកម្មកាត់ដេរនៅដំណើរការ ​ខណៈប្រទេសផ្សេងៗបានបិទ។ ដូច្នេះវាក្លាយជាឱកាសរបស់កម្ពុជា ​នៅពេលដែលឧស្សាហកម្មកាត់ដែរនៅ​លើ​ពិភពលោក​មាន​ការ​ថមថយ។សូមបញ្ជាក់ថា៖ ថ្មីៗនេះ ធនាគារពិភពលោក ​(WB) ​បានបង្ហាញរបាយការណ៍​ពី​ស្ថានភាព​កំណើន​សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២​ ដោយព្យាករណ៍ថា ​កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ ​ ស្ថិតក្នុងអត្រា ៤,៥ ភាគរយ ​ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ​និង​ការ​នាំ​ចេញ​ផលិតផលកសិកម្ម ស្របពេលកម្ពុជា​លុបចោលនូវការដាក់​កំហិត​លើការធ្វើដំណើរ ​និង​ស្រប​ពេលដែលកម្ពុជា​មាន​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារ​ពិភពលោក​ ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ​២០២២ ៤,៥ ភាគរយ

2022/04/07 11:03:34 am        601
ភ្នំពេញ៖ ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ ស្ថិតក្នុងអត្រា ៤,៥% ដោយពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ស្របពេលកម្ពុជាលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ និងស្របពេលដែលកម្ពុជា មានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ ។ធនាគារពិភពលោក (WB) បានបង្ហាញរបាយការណ៍ពីស្ថានភាពកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២២ កំណើន ៤,៥% ​គាំទ្រ​ដោយ​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុងស្រុកល្អប្រសើរ គាំទ្រ​ដោយ​ការដ​កចេញ​នូវការ​ហាម​ឃាត់​ធ្វើដំណើរ​ ការធ្លាក់ចុះនៃតម្រូវការជាសកល, និងការកើនឡើងនៃថ្លៃទំនិញជាដើម។គេរំពឹងថា ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ​គឺនៅតែសង្កត់ធ្ងន់​លើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង​ការនាំចេញផលិតផលកសិកម្ម ​ខណៈការនាំចេញផលិតផលកម្មន្តសាល​ នឹងជួបការលំបាក។ សម្រាប់បញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា​ ធនាគារពិភពលោក​ លើកឡើងថា ការកើនឡើង​នៃអត្រាឆ្លងអូមេក្រង់​ ឬមេរោគប្រភេទថ្មីៗ​ដែលគេមិនអាចគ្រប់គ្រងបាន ​អាច​បង្អាក់​ដំណើរ​ការស្តារ​សេដ្ឋកិច្ចឡើងវិញ។ ចំណែកការកើនឡើងនៃតម្លៃថាមពល ​និងស្បៀង ​អាច​ប៉ះពាល់​ដល់​ទំនុកចិត្តរបស់អ្នក​ប្រើប្រាស់​និង​ធ្វើឲ្យសុខុមាលភាពប្រជាជនធ្លាក់ចុះ ​ប៉ះពាល់ជាអវិជ្ជមានដល់ការកាត់បន្ថយភាពក្រីក្រ។ ម៉្យាងវិញទៀតកំណើនឥណទានខ្ពស់ ​និងការ​ផ្តោត​អារម្មណ៍​លើ​ឥណទាន​ក្នុងស្រុក ក្នុងវិស័យ​សំណង់ ​និងអចលនទ្រព្យ ​នៅតែជាហានិភ័យមួយ​ ចំពោះស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។ជាចក្ខុវិស័យ, ​ទោះជាមានការធ្លាក់ចុះជាទូទៅនៃតម្រូវការសកលយ៉ាង​ណាក៏ដោយ ក៏ការ​ព្យាករណ៍​កំណើន​សម្រាប់កម្ពុជា​ គឺ​ស្មើ ៤,៥ភាគរយ ក្នុងឆ្នាំនេះ ​ដោយផ្អែកលើ​សេណារីយ៉ូដើមគ្រា ដោយ​សារ​មាន​ការលុបចោល​នូវការដាក់កំហិតលើការធ្វើដំណើរ ​ព្រោះកម្ពុជា​មានអត្រាចាក់វ៉ាក់សាំង​កូវីដ-១៩ ខ្ពស់​ ដូច្នេះយើងរំពឹងថា ​ការស្តារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​និងការនាំចេញផលិត​ ផលកសិកម្ម៕អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរពាក់ព័ន្ធ​ប្តេជ្ញា​ចូលរួមទប់ស្កាត់​ការនាំចូល​សត្វ​ខុស​ច្បាប់​នៅ​តាមព្រំដែន

2022/04/04 11:51:02 am        551
សំណើរ​សុំ​អន្តរាគមន៍ពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ជួយទប់ស្កាត់ការលួចនាំចូលសត្វរស់ និង​ផលិតផល​ធ្វើ​ពីសាច់​សត្វ​នៅ​តាម​ព្រំដែន ទៅកាន់ខេត្តចំនួន ៤ ត្រូវបានអាជ្ញារគាំទ្រ​ពេញទំហឹង ក្នុងការជួយទប់ស្កាត់ និង​រឹត​បន្តឹង​នៅ​តាម​បណ្តា​ច្រក​ព្រំដែន​ឲ្យ​បាន​ជា​អតិបរមា។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២២នេះថា ពាក់ព័ន្ធករណីស្នើដល់អាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វរស់ និងផលិតផល​មាន​ដើម​កំណើត​ពីសត្វ និង​សាច់បង្កក សមាគមបានដាក់ទៅកាន់ខេត្តចំនួន៤ មានខេត្តព្រៃវែង ត្បូងឃ្មុំ, តាកែវ និងខេត្តស្វាយរៀង ដើម្បីស្នើរសុំអន្តរាគមន៍ និងជួយទប់ស្កាត់ នៃការនាំចូលដោយខុសច្បាប់នេះ។ លោក ស្រ៊ុន ពៅ បន្តថា ជុំវិញករណីដាក់សំណើរជួយអន្តរាគមន៍នេះ ត្រូវបានអាជ្ញាធរ ពិសេសមន្រ្តីពាក់ព័ន្ធ បានគាំទ្រពេញទំហឹងក្នុងការស្វែងរក និងជួយទប់ស្កាត់ រឹតបន្តឹងថែមទៀត។ តាមរយៈ​នៃ​ការ​ប្តេជ្ញា​ជួយ​ទប់​ស្កាត់​របស់​អាជ្ញាធរ​នេះ ធ្វើឲ្យលោកក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមាគម មានភាពកក់ក្តៅ និងជឿជាក់​ចំពោះ​វិធានការណ៍​របស់​អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ក្នុងការចូលរួមសកម្មភាពនេះ ប្រកបដោយប្រសិទ្ធភាព។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បាន​ដាក់​សំណើរ​ចំនួន​ពីរ​ច្បាប់​ទៅកាន់សាលាខេត្តតាកែវ និងមួយច្បាប់ទៀតទៅសាខាគយ និងរដ្ឋាករខេត្តតាកែវ និងបាន​បន្ត​ការ​ដាក់​សំណើរ​នេះ​នៅខេត្តស្វាយរៀង, ព្រៃវែង និងខេត្តត្បូងឃ្មុំ។ ទាក់ទងការដាក់សំណើរនេះ, លោក ថៃ លី ប្រធានការិយាល័យបសុសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ថ្លែងឲ្យដឹងថា ចំពោះសំណើររបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជានេះ មន្ទីរទទួលយកមកពិនិត្យរួចហើយ និង​បាន​បញ្ជូន​ទៅ​សាលាខេត្ត ដែលកិច្ចការនេះ សាលាខេត្តនឹងគ្រោងបើកការប្រជុំក្នុងពេលឆាប់ៗ។ ចំណែកនៅខេត្តស្វាយរៀងវិញ មន្រ្តីរដ្ឋបាលសាលាខេត្ត បានឲ្យដឹងថា ចំពោះសំណើររបស់សមាគមនេះ សាលាខេត្ត​បាន​ទទួល​យក​សំណើរនេះរួចហើយ បច្ចុប្បន្នកំពុងរង់ចាំថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ក្នុងការបន្ត​ចុះ​អន្តរាគមន៍​ចំពោះ​បញ្ហា​ទាំង​នេះ៕​ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជាចាប់ផ្តើមប្រមូលអាករលើតម្លៃបន្ថែម លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីខែនេះតទៅ

2022/04/02 02:01:02 pm        399
ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងអនុវត្តការប្រមូលអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce ដោយចាប់ផ្តើមអនុវត្តពីដើមខែ មេសា ឆ្នាំ២០២២ នេះតទៅ ។ឯកឧត្តម អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើក​ឡើង​នៅក្នុងសិក្ខាផ្សព្វផ្សាយ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ថា​ ពាក់ព័ន្ធនឹងការ អនុវត្តអាករលើតម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អគ្គនាយកដ្ឋាពន្ធដារ ​បាននឹងកំពុងរៀបចំអភិវឌ្ឍ ន៍​ប្រព័ន្ធដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធ E-Filing ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ អនុវត្តឱ្យមានតម្លាភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាពស្របតាមច្បាប់​ និង​បទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យបានគ្រប់​ និងលើសផែនការដែល ​កំណត់ដោយច្បាប់។ឯកឧត្តម បន្តថា ចំពោះការអនុវត្តអាករលើតម្លៃបន្ថែមនេះ អគ្គនាយកដ្ឋានពន្ធដារចាប់ផ្តើមអនុវត្ត​ចាប់​ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ ​គឺដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ​ដែលរាជរដ្ឋាភិបាលមានគោលនយោបាយ ​មិនបង្កើនអត្រាពន្ធ ​ឬបង្កើតពន្ធថ្មី ដោយ​ត្រូវពង្រឹង ច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ​ដែលមានស្រាប់​ និងពង្រឹងការគ្រប់គ្រងប្រមូល ចំណូលពន្ធឱ្យអស់សក្តានុពល។ទាក់ទងការអនុវត្តអាករលើតម្លៃបន្ថែមនេះ, លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យា​ឌីជីថល​នៃកម្ពុជា បានថ្លែង ​នូវការគាំទ្រ ១០០ ភាគរយ នៃវិធានការកៀរគរចំណូលពន្ធជាតិ​របស់​រាជរដ្ឋាភិបាល ​ដើម្បីយកថវិការទាំងនោះទៅអភិវឌ្ឍប្រទេសឲ្យកាន់​ តែរីកចម្រើន ប៉ុន្តែ​ចំពោះការ​ប្រមូលអាករលើតម្លៃបន្ថែមលើផ្នែកនេះ​ អាចនឹងមានផលលំបាក២យ៉ាងគឺ ធ្វើ​ឲ្យអ្នកលក់​បង្កើន​តំលៃលក់ ​លើសមុន ១០% ដែលចំណាយនេះ​ជាបន្ទុកចំណាយបន្ថែមលើអ្នកប្រើប្រាស់ ​និងទី២ ចំពោះការ​ប្រមូល​អាករនេះ ​គឺ​បានតែក្រុមអាជីករ ​ចុះបញ្ជីប៉ុណ្ណោះ ចំណែកឯអាជីវករមិន​បាន​ចុះបញ្ជី ​នៅតែមិនអាចប្រមូលពន្ធបានឡើយ​ ដោយសាច្បាប់គ្រប់គ្រង​អាជីវកម្មតាម អនឡាញ​មិនសូវ​តឹងរឹង ​ដែលបញ្ហានេះ​ នាំឲ្យមានប្រកួតប្រជែង​មិនស្មើរភាពគ្នាលើទីផ្សារ។សូមបញ្ជាក់ថា ពាក់ព័ន្ធការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក E-Commerce នាពេល កន្លងមក​ ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បាន​សម្រេចពន្យារ​កាលបរិច្ឆេទ​កំណត់​ដាក់​ឱ្យអនុវត្តវិធាន ​និងនីតិវិធីនៃការអនុវត្តអាករលើ ​តម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ​ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់ដល់​អ្នក​ជាប់​ពន្ធ ​ក្នុងការស្វែង​ យល់ឱ្យកាន់តែច្បាស់លាស់ ​និងត្រៀមខ្លួន​ចូលរួម​អនុវត្តប្រកាសនេះ​ឱ្យមាន​ភាពរលូន ​ដើម្បីចូលរួមអនុវត្តផែនការនេះ​ ចាប់ពីថ្ងៃទី ០១ ​ខែមេសា ឆ្នាំ២០២២ តទៅ៕អត្ថបទ៖ សុន រ៉ាឌី

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុម័តទាំងស្រុងពីសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី

2022/04/02 01:49:17 pm        752
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សេចក្ដីព្រាងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២កន្លងទៅ។ក្នុងឱកាសអញ្ញើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ឯកឧត្តម ប៉ាន សូរស័ក្តិ ​មានប្រសាសន៍ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពីសុវត្ថិភាពម្ហូប​អាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយទៀត​របស់​រាជរដ្ឋាភិបាល ដែលមាន​ក្រសួងពាណិជ្ជកម្មជាសេនាធិការ​ ដើម្បីជួយសម្រួលដល់​បរិយាកាស​ធុរកិច្ច​នៅកម្ពុជា​ឱ្យកាន់តែប្រសើរឡើង។ឯកឧត្តម បានបន្តថា អស់រយៈពេល ៤ឆ្នាំ តាមរយៈកិច្ចពិភាក្សា ផ្ដល់ធាតុចូលដើម្បីកែសម្រួលទាំង​ក្នុង​កិច្ច​ប្រជុំ​អន្តរក្រសួង ​និងអន្តរក្រសួងចង្អៀត​ជាច្រើនលើក ​ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្ត្រីនាពេលនេះ។ឯកឧត្តម លើកឡើងថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់​ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ​ដើម្បីជំរុញឲ្យផលិតផល​ម្ហូប​អាហារ​ទាំងអស់​មាន​សុវត្ថិភាព គុណភាព ​និងស្របតាមស្តង់ដាកំណត់ ​សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាព​ប្រជាពលរដ្ឋ ​ព្រមទាំងធានាបាននូវ​ប្រសិទ្ធភាព​នៃការការពារផលប្រយោជន៍​អ្នកប្រើប្រាស់ និង​រួមចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានផ្ដួចផ្ដើមតាក់តែងឡើង​ដោយ​ក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៤ ​និងបញ្ចប់ការរៀបចំនៅឆ្នាំ២០១៥។ ​ហើយនៅឆ្នាំ២០១៦ សេចក្ដី​ព្រាង​ច្បាប់នេះ​ ត្រូវបានបញ្ជូនទៅប្រជុំដើម្បីពិនិត្យ ​និងពិភាក្សាកម្រិត​បច្ចេកទេស​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​រហូតឈានដល់ការដាក់ឆ្លងកិច្ច​ប្រជុំអន្តរក្រសួង ​ដើម្បីពិនិត្យ និងកែសម្រួល​នៅ​ឆ្នាំ២០១៩៕អត្ថបទ៖ ឈិត បូរ៉ាវី 

០១-១០ខែមេសា ប្រេងសាំងធម្មតាតម្លៃ ៥.២៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.៣០០រៀល/លីត្រ

2022/04/01 12:40:13 pm        343
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.២៥០រៀល/លីត្រ (ធ្លាក់ចុះ៥០រៀល) និងប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(តម្លៃដដែល)៕

កម្ពុជាពន្លឿនរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញលើកកម្ពស់វិស័យកសិកម្ម

2022/03/29 04:21:58 pm        509
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចជុំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មចុងក្រោយ ក្នុងគោលដៅកំណត់បណ្តាសកម្មភាពជាអាទិភាព ដោយពន្លឿនគោលនយោបាយនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំស្តីពីសេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ​២០២១-២០៣០ ដែលមានចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជា​ការ​អនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​សន្សំ​សំចៃ​ទឹក ការ​ព្រោះស្រូវ​ដោយ​ឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត ​និង​ការប្រើ​ដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់​ ក្នុងការជំរុញវិស័យកសិកម្មឱ្យមាន​លក្ខណៈ​ប្រកួត​ប្រជែង ​បរិយាប័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព​ សំដៅ​បង្កើន​ប្រាក់​ចំណូល​គ្រួសារកសិករ ​ពង្រីកវិបុលភាព ​និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ទាក់ទងនិងគោលនយោបាយនេះ, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​សហគមន៍​កសិកម្មកម្ពុជា លើកឡើងថា ​ការរៀបចំឲ្យមានគោលនយោបាយអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់រាជរដ្ឋាភិបាល​ គឺជាផែនទីដ៏មានសារៈសំខាន់បំផុត ​ក្នុងការចង្អុលទិស នៃការអភិវឌ្ឍ​វិស័យ​កសិកម្មនៅកម្ពុជា ​និងជាការទាក់ទាញវិនិយោគិនឲ្យមកអភិវឌ្ឍន៍​ក្នុងវិស័យកសិកម្ម ដែលជា​មូលដ្ឋាន​គ្រឹះនៃការ​អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ​ដើម្បី​បង្កើន​កសិផលបម្រើទីផ្សារនាំចេញ ស្របពេល​រាជរដ្ឋាភិបាលបានកំពុងខិតខំពង្រឹង​ និង​ពង្រីកកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ​បាននិងកំពុងត្រូវបានរៀបចំឡើង ដើម្បី​ឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ព្រមទាំង​មានសង្គតិភាព ទៅនឹង​ឯកសារ​គោលនយោបាយ​ និង​យុទ្ធសាស្ត្ររបស់​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ​ផងដែរ។គោលដៅចម្បងដែលត្រូវសម្រេច​ឱ្យបានក្នុងគោលនយោបាយនេះរួមមាន៖ ការ​បង្កើន​តម្លៃបន្ថែមសរុប​នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច​ ៣ ភាគរយក្នុងមួយឆ្នាំ និងបង្កើនផលិត​ភាព​ពលកម្ម​កសិកម្មពី ១,៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” នឹង​ជួយ​ជំរុញក្នុង​ន័យ​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជា​កសិករ​ទទួល​បានការគាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម ​និង​ព័ត៌មាន​ទីផ្សារ ដើម្បី​ផ្សារ​ភា្ជប់​ផលិតកម្ម​ទៅ​នឹង​តម្រូវការទីផ្សារក្នុងស្រុក​ តំបន់ ​និង​ពិភព​លោក​ព្រមទាំង​ជំរុញផលិតកម្មកសិផល​តាម​សក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗ ដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ភ្លៀងកក់ខែមួយមេយ៉ាងធំ ពលរដ្ឋនាំគ្នាចាប់សត្វហ៊ីងមកធ្វើទទួលទាន និងខ្លះទៀត​យក​ទៅ​លក់លើទីផ្សារ

2022/03/29 11:43:28 am        798
ស្ទឹងត្រែង៖ ភ្លៀងធ្លាក់កក់ខែមួយមេយ៉ាងធំ ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដែលនិយមចូលចិត្តបរិភោគសត្វហ៊ីង តែងតែនាំគ្នាចេញចាប់យកមកធ្វើទទួលទាន និងខ្លះទៀតចាប់យកទៅលក់លើទីផ្សារផងដែរ។លោកសុខ ចាន់វីរៈ អ្នកលក់ដូរនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង បានឲ្យដឹងថា សត្វហ៊ីងត្រូវបានគេចាប់យកមកលក់ច្រើនណាស់​ បន្ទាប់ពីភ្លៀងធ្លាក់កក់ខែ២ទៅ៣មេ នៅក្នុងខេត្ត ហើយតម្លៃថ្លៃកប់ពពក ។លោក បន្ដថា កាលពីថ្ងៃភ្លៀងកក់ខែដំបូង សត្វហ៊ីងត្រូវបានគេយកមកលក់ត្រឹម១គីឡូក្រាម​ត្រឹម ១៥០០០រៀលប៉ុណ្ណោះ តែនៅថ្មីៗនិងយប់ថ្ងៃទី២៧ខែមីនា ២០២២នេះ​មាន​ភ្លៀង​ធ្លាក់កក់​ខែ​យ៉ាងខ្លាំងទៀត អ្នកដើរចាប់សត្វហ៊ីងយកមកលក់លើទីផ្សារ មានតម្លៃរហូតដល់ទៅ២ម៉ឺនរៀល អ្នកខ្លះលក់បានដល់ទៅ២៥០០០រៀលឯណោះ។អ្នកចាប់សត្វហ៊ីងលក់ ​បានឲ្យដឹងថា សត្វហ៊ីង​នៅរដូវភ្លៀងធ្លាក់​កក់​ខែដំបូង ហ៊ីងមិនទាន់​បើក​មាត់ទេ​ ហើយ​វាក៏មិន​ទាន់​ស៊ី​ចំណី​អ្វី​ផ្ដេសផ្ដាស​ដែរ ដូចនេះ​ហើយ​បងប្អូន​ដែល​និយម​ហូប​សត្វហ៊ីង ហើយ​អ្នក​ខ្លះ​គេ​បាន​ទិញយកទៅប្រឡាក់​ហាលងៀត​ទុក​និង​អ្នកខ្លះ​ទិញ​មកធ្វើម្ហូបភ្លាមៗ​តាម​តម្រូវការ​ចូលចិត្តរបស់ពួកគេ។លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី ខេត្តស្ទឹងត្រែង ​បានឲ្យដឹងថា៖ មូលហេតុ​ដែលនាំឲ្យសត្វហ៊ីងធម្មជាតិឡើងថ្លៃ ដល់រាប់ម៉ឺនរៀលបែបនេះ គឺ​ដោយសារ​តែ​មាន​តម្រូវ​ការ​បរិភោគកើនឡើងកាន់តែច្រើន ម្យ៉ាងទៀត ការ​បរិភោគ​សត្វហ៊ីង ​ពលរដ្ឋខេត្តស្ទឹងត្រែង ​ពួកគាត់​ហូបតែ​ពេលភ្លៀងធ្លាក់​កក់​ខែដំបូងតែប៉ុណ្ណោះ​ នៅ​ពេលរដូវ​វស្សារភ្លៀងធ្លាក់​ជោគជាំ​គេ​លែងហូប៕ អត្ថបទ៖ មាស ផល្លា

ទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះ​បញ្ជី​ជាផលិតផល​សម្គាល់ភូមិសាស្រ្ត​ នឹង​ជួយ​បង្កើន​ចំណូល​ដល់កសិករ

2022/03/29 11:26:26 am        364
មណ្ឌលគិរី៖ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រពីរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមលើកកម្ពស់គុណភាព និងស្តង់ដារអនាម័យ ក៏ដូចជាបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងជាពិសេសលើកកម្ពស់ជីវភាពប្រជាកសិករ។ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ​ខែមីនានេះ ​លោក ស្រើវ សុវណ្ណនី​ ប្រធាន​សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​បានឲ្យដឹងថា បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ជាអ្នកប្រមូលឃ្មុំព្រៃសរុបជិត ​៤៥០នាក់ ​ដែលស្ថិតនៅក្នុងសហគមន៍ព្រៃឈើចំនួន ១១ មានក្រុមហ៊ុនចំនួន៣ ​និងអ្នកទិញលក់ទឹកឃ្មុំចំនួន ៨នាក់។ ជាមធ្យមសមាជិករបស់​សមាគម​ទាំងអស់អាចប្រមូលទឹកឃ្មុំ បានប្រហែល ៣០តោន ក្នុង១ឆ្នាំ។ លោកសង្ឃឹមថា ​ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្រោយ​បាន​ទទួល​ស្គាល់​ផ្លូវការ​ជាផលិតផល​សម្គាល់​ភូមិសាស្ដ្រ ​នឹងធ្វើឲ្យប្រជាកសិករមានការងារធ្វើ ​មានចំណូលប្រចាំថ្ងៃ និងមានជីវភាពល្អ​ប្រសើរ​ជាងមុន។ លើសពីនេះទៀត​ នឹងធ្វើឲ្យពួកគាត់មានការយល់ដឹងច្បាស់​ និងចូលរួមកាន់តែសកម្ម​ថែមទៀត​ក្នុងការការពារ ​និងអភិរក្សធនធានធម្មជាតិ។នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” កាលពីថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២២កន្លងទៅ ​នៅខេត្តមណ្ឌលគិរី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ​ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” គឺដើម្បីផ្តល់កិច្ចការពារកម្ម​សិទ្ធិ​បញ្ញា​ដល់​សមាគម​អភិរក្សឃ្មុំព្រៃ​ខេត្តមណ្ឌលគិរី ដែល​ជា​ម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើ​ទីផ្សារជាតិ និងអន្តរជាតិ, ​អភិរក្សចំណេះដឹង-ចំណេះធ្វើ និង​ទេពកោសល្យ​តាមបែបប្រពៃណី​របស់​ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ​ក្នុងខេត្តតាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក និង​ចូលរួមអភិរក្សតំបន់ព្រៃការពារ ​ធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ។ល។គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម​ បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ មាន​សក្តានុពលចំនួន៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] យន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណសាលា បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ និងរាប់សិបនាក់របួស
07/21/2025 07:07 PM
សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
07/21/2025 07:07 PM
ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
07/21/2025 07:07 PM
BREAKING NEWS ៖ មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ ដោយសារយន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ
07/21/2025 06:07 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្ស ៦នាក់ បន្ទាប់ពីបាតុករទៅដល់សណ្ឋាគារដែលអ្នកស្វែងរកសិទ្ធិជ្រកកោន ស្នាក់នៅ
07/21/2025 06:07 PM
យន្តហោះរបស់ Air India រអិលចេញពីផ្លូវពេលចុះចត នៅទីក្រុង Mumbai ដោយបណ្ដាលឲ្យយន្តហោះ និងផ្លូវរត់ខូចខាត
07/21/2025 06:07 PM
អាជ្ញាធរស៊ីរីជម្លៀសក្រុមគ្រួសារនៃសហគមន៍ Bedouin ចេញពីទីក្រុង Sweida
07/21/2025 06:07 PM
បេសកជនអាមេរិក បង្កើនការគាំទ្ររដ្ឋាភិបាលស៊ីរី និងរិះគន់អន្តរាគមន៍របស់អ៊ីស្រាអែល
07/21/2025 06:07 PM
អ៊ីស្រាអែលវាយលុកជាលើកដំបូង នៅទីក្រុង Deir Al-Balah នៃតំបន់ហ្កាហ្សា ដោយធ្វើឲ្យគ្រួសារចំណាប់ថ្នូរព្រួយបារម្ភ
07/21/2025 06:07 PM
ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា ទីប្រឹក្សាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បាននាំយកសារទៅជូនលោក ពូទីន
07/21/2025 06:07 PM