ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប
វិស័យដឹកជញ្ជូននៅកម្ពុជាមានភាពមមាញឹកជាងមុន ស្របពេលតម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារ​មាន​ស្ថិរភាព​ល្អ

សេដ្ឋកិច្ច និង កសិកម្ម

០១-១០ខែមេសា ប្រេងសាំងធម្មតាតម្លៃ ៥.២៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.៣០០រៀល/លីត្រ

2022/04/01 12:40:13 pm        343
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១-១០ ខែមេសា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.២៥០រៀល/លីត្រ (ធ្លាក់ចុះ៥០រៀល) និងប្រេងម៉ាស៊ូត ត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(តម្លៃដដែល)៕

កម្ពុជាពន្លឿនរៀបចំគោលនយោបាយអភិវឌ្ឍន៍កសិកម្ម ដើម្បីជំរុញលើកកម្ពស់វិស័យកសិកម្ម

2022/03/29 04:21:58 pm        509
ភ្នំពេញ៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចជុំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មចុងក្រោយ ក្នុងគោលដៅកំណត់បណ្តាសកម្មភាពជាអាទិភាព ដោយពន្លឿនគោលនយោបាយនេះ ឲ្យបានឆាប់រហ័ស ដើម្បីឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២២ នេះ បានដឹកនាំប្រជុំស្តីពីសេចក្តីព្រៀងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ​២០២១-២០៣០ ដែលមានចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជា​ការ​អនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​សន្សំ​សំចៃ​ទឹក ការ​ព្រោះស្រូវ​ដោយ​ឧបករណ៍ទំនើបដោយប្រើកម្លាំងពលកម្មតិចបំផុត ​និង​ការប្រើ​ដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់​ ក្នុងការជំរុញវិស័យកសិកម្មឱ្យមាន​លក្ខណៈ​ប្រកួត​ប្រជែង ​បរិយាប័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព​ សំដៅ​បង្កើន​ប្រាក់​ចំណូល​គ្រួសារកសិករ ​ពង្រីកវិបុលភាព ​និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ទាក់ទងនិងគោលនយោបាយនេះ, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធ​សហគមន៍​កសិកម្មកម្ពុជា លើកឡើងថា ​ការរៀបចំឲ្យមានគោលនយោបាយអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់រាជរដ្ឋាភិបាល​ គឺជាផែនទីដ៏មានសារៈសំខាន់បំផុត ​ក្នុងការចង្អុលទិស នៃការអភិវឌ្ឍ​វិស័យ​កសិកម្មនៅកម្ពុជា ​និងជាការទាក់ទាញវិនិយោគិនឲ្យមកអភិវឌ្ឍន៍​ក្នុងវិស័យកសិកម្ម ដែលជា​មូលដ្ឋាន​គ្រឹះនៃការ​អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ​ដើម្បី​បង្កើន​កសិផលបម្រើទីផ្សារនាំចេញ ស្របពេល​រាជរដ្ឋាភិបាលបានកំពុងខិតខំពង្រឹង​ និង​ពង្រីកកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ​បាននិងកំពុងត្រូវបានរៀបចំឡើង ដើម្បី​ឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ​ព្រមទាំង​មានសង្គតិភាព ទៅនឹង​ឯកសារ​គោលនយោបាយ​ និង​យុទ្ធសាស្ត្ររបស់​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ​ផងដែរ។គោលដៅចម្បងដែលត្រូវសម្រេច​ឱ្យបានក្នុងគោលនយោបាយនេះរួមមាន៖ ការ​បង្កើន​តម្លៃបន្ថែមសរុប​នៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច​ ៣ ភាគរយក្នុងមួយឆ្នាំ និងបង្កើនផលិត​ភាព​ពលកម្ម​កសិកម្មពី ១,៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដល់ ៤,៦២៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០។ “គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០” នឹង​ជួយ​ជំរុញក្នុង​ន័យ​ធ្វើយ៉ាង​ណា​ឱ្យ​ប្រជា​កសិករ​ទទួល​បានការគាំទ្រពីរដ្ឋនូវព័ត៌មានកសិកម្ម ​និង​ព័ត៌មាន​ទីផ្សារ ដើម្បី​ផ្សារ​ភា្ជប់​ផលិតកម្ម​ទៅ​នឹង​តម្រូវការទីផ្សារក្នុងស្រុក​ តំបន់ ​និង​ពិភព​លោក​ព្រមទាំង​ជំរុញផលិតកម្មកសិផល​តាម​សក្តានុពលលក្ខណៈភូមិសាស្រ្តនៃតំបន់នីមួយៗ ដើម្បីប្រសិទ្ធភាព និងពិពិធកម្មសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ភ្លៀងកក់ខែមួយមេយ៉ាងធំ ពលរដ្ឋនាំគ្នាចាប់សត្វហ៊ីងមកធ្វើទទួលទាន និងខ្លះទៀត​យក​ទៅ​លក់លើទីផ្សារ

2022/03/29 11:43:28 am        799
ស្ទឹងត្រែង៖ ភ្លៀងធ្លាក់កក់ខែមួយមេយ៉ាងធំ ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ដែលនិយមចូលចិត្តបរិភោគសត្វហ៊ីង តែងតែនាំគ្នាចេញចាប់យកមកធ្វើទទួលទាន និងខ្លះទៀតចាប់យកទៅលក់លើទីផ្សារផងដែរ។លោកសុខ ចាន់វីរៈ អ្នកលក់ដូរនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង បានឲ្យដឹងថា សត្វហ៊ីងត្រូវបានគេចាប់យកមកលក់ច្រើនណាស់​ បន្ទាប់ពីភ្លៀងធ្លាក់កក់ខែ២ទៅ៣មេ នៅក្នុងខេត្ត ហើយតម្លៃថ្លៃកប់ពពក ។លោក បន្ដថា កាលពីថ្ងៃភ្លៀងកក់ខែដំបូង សត្វហ៊ីងត្រូវបានគេយកមកលក់ត្រឹម១គីឡូក្រាម​ត្រឹម ១៥០០០រៀលប៉ុណ្ណោះ តែនៅថ្មីៗនិងយប់ថ្ងៃទី២៧ខែមីនា ២០២២នេះ​មាន​ភ្លៀង​ធ្លាក់កក់​ខែ​យ៉ាងខ្លាំងទៀត អ្នកដើរចាប់សត្វហ៊ីងយកមកលក់លើទីផ្សារ មានតម្លៃរហូតដល់ទៅ២ម៉ឺនរៀល អ្នកខ្លះលក់បានដល់ទៅ២៥០០០រៀលឯណោះ។អ្នកចាប់សត្វហ៊ីងលក់ ​បានឲ្យដឹងថា សត្វហ៊ីង​នៅរដូវភ្លៀងធ្លាក់​កក់​ខែដំបូង ហ៊ីងមិនទាន់​បើក​មាត់ទេ​ ហើយ​វាក៏មិន​ទាន់​ស៊ី​ចំណី​អ្វី​ផ្ដេសផ្ដាស​ដែរ ដូចនេះ​ហើយ​បងប្អូន​ដែល​និយម​ហូប​សត្វហ៊ីង ហើយ​អ្នក​ខ្លះ​គេ​បាន​ទិញយកទៅប្រឡាក់​ហាលងៀត​ទុក​និង​អ្នកខ្លះ​ទិញ​មកធ្វើម្ហូបភ្លាមៗ​តាម​តម្រូវការ​ចូលចិត្តរបស់ពួកគេ។លោកស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី ខេត្តស្ទឹងត្រែង ​បានឲ្យដឹងថា៖ មូលហេតុ​ដែលនាំឲ្យសត្វហ៊ីងធម្មជាតិឡើងថ្លៃ ដល់រាប់ម៉ឺនរៀលបែបនេះ គឺ​ដោយសារ​តែ​មាន​តម្រូវ​ការ​បរិភោគកើនឡើងកាន់តែច្រើន ម្យ៉ាងទៀត ការ​បរិភោគ​សត្វហ៊ីង ​ពលរដ្ឋខេត្តស្ទឹងត្រែង ​ពួកគាត់​ហូបតែ​ពេលភ្លៀងធ្លាក់​កក់​ខែដំបូងតែប៉ុណ្ណោះ​ នៅ​ពេលរដូវ​វស្សារភ្លៀងធ្លាក់​ជោគជាំ​គេ​លែងហូប៕ អត្ថបទ៖ មាស ផល្លា

ទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះ​បញ្ជី​ជាផលិតផល​សម្គាល់ភូមិសាស្រ្ត​ នឹង​ជួយ​បង្កើន​ចំណូល​ដល់កសិករ

2022/03/29 11:26:26 am        364
មណ្ឌលគិរី៖ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រពីរាជរដ្ឋាភិបាលកម្ពុជា នឹងចូលរួមលើកកម្ពស់គុណភាព និងស្តង់ដារអនាម័យ ក៏ដូចជាបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងជាពិសេសលើកកម្ពស់ជីវភាពប្រជាកសិករ។ក្នុងកិច្ច​សម្ភាសន៍​ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៩ ​ខែមីនានេះ ​លោក ស្រើវ សុវណ្ណនី​ ប្រធាន​សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​បានឲ្យដឹងថា បច្ចុប្បន្ន​សមាគម​មាន​សមាជិក​ជាអ្នកប្រមូលឃ្មុំព្រៃសរុបជិត ​៤៥០នាក់ ​ដែលស្ថិតនៅក្នុងសហគមន៍ព្រៃឈើចំនួន ១១ មានក្រុមហ៊ុនចំនួន៣ ​និងអ្នកទិញលក់ទឹកឃ្មុំចំនួន ៨នាក់។ ជាមធ្យមសមាជិករបស់​សមាគម​ទាំងអស់អាចប្រមូលទឹកឃ្មុំ បានប្រហែល ៣០តោន ក្នុង១ឆ្នាំ។ លោកសង្ឃឹមថា ​ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្រោយ​បាន​ទទួល​ស្គាល់​ផ្លូវការ​ជាផលិតផល​សម្គាល់​ភូមិសាស្ដ្រ ​នឹងធ្វើឲ្យប្រជាកសិករមានការងារធ្វើ ​មានចំណូលប្រចាំថ្ងៃ និងមានជីវភាពល្អ​ប្រសើរ​ជាងមុន។ លើសពីនេះទៀត​ នឹងធ្វើឲ្យពួកគាត់មានការយល់ដឹងច្បាស់​ និងចូលរួមកាន់តែសកម្ម​ថែមទៀត​ក្នុងការការពារ ​និងអភិរក្សធនធានធម្មជាតិ។នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” កាលពីថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០២២កន្លងទៅ ​នៅខេត្តមណ្ឌលគិរី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ​ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត “ទឹកឃ្មុំព្រៃ​មណ្ឌលគិរី” គឺដើម្បីផ្តល់កិច្ចការពារកម្ម​សិទ្ធិ​បញ្ញា​ដល់​សមាគម​អភិរក្សឃ្មុំព្រៃ​ខេត្តមណ្ឌលគិរី ដែល​ជា​ម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាក​សម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើ​ទីផ្សារជាតិ និងអន្តរជាតិ, ​អភិរក្សចំណេះដឹង-ចំណេះធ្វើ និង​ទេពកោសល្យ​តាមបែបប្រពៃណី​របស់​ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ​ក្នុងខេត្តតាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក និង​ចូលរួមអភិរក្សតំបន់ព្រៃការពារ ​ធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ។ល។គិតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម​ បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្ត្រទំនិញ មាន​សក្តានុពលចំនួន៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កសិករដាំមៀន នឹងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងកសិកម្ម ​ដើម្បីនាំចេញមៀនប៉ៃលិន​ទៅ​ប្រទេសចិន

2022/03/28 12:28:14 pm        666
ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងអំពីការទទួលពាក្យស្នើសុំការចុះបញ្ជី ដើម្បីមានលទ្ធភាពក្នុងការនាំចេញផ្លៃមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិននោះ ប្រជាកសិករជាច្រើនគ្រួសារក្នុងខេត្តប៉ៃលិន បានសម្តែងក្តីសាទរ និងរីករាយបំផុត ព្រមទាំងអះអាងថា នឹងធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជីជាផ្លូវការ ដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញ។លោក ស្រេង ស្រៀង សមាជិកទទួលបន្ទុកព័ត៌មានទីផ្សារសហគមន៍មៀនប៉ៃលិន នៅព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ​ប៊ីធីវីថា ក្នុង​ចំណោម​សមាជិក ១៩៣គ្រួសារ​នៃសហគមន៍ក្នុងខេត្តចំនួន៤ រួមមាន ​ខេត្តប៉ៃលិន ​បាត់ដំបង ​បន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ​បាននិងកំពុង ​ទាក់ទង​និងលើការដាក់​លើពាក្យ​ទៅកាន់ក្រសួង​ដើម្បីធ្វើការ​នាំចេញ ហើយសង្ឃឹមទៀតថា​ នៅប៉ុន្មានខែខាងមុខទៀតនឹងមានទីផ្សារមៀនប៉ៃលិន ពីប្រទេសកម្ពុជា ទៅទីផ្សារប្រទេសចិន។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តប៉ៃលិន ​បាន​ឲ្យ​ដឹង​ដែរ​ថា គិតចាប់​ពីការថ្ងៃជូនដំណឹង​ មន្ទីរកសិកម្មខេត្ត​ នៅមិនទាន់មាន​កសិករ​មកទាក់ទងនៅឡើយទេ។ ប៉ុន្តែមានប្រជាកសិករជាច្រើនគ្រួសារបានចាប់អារម្មណ៍​ និងរីករាយចំពោះដំណឹង​ដ៏ល្អនេះ ក្រោយ​ក្រុមការងារបានចុះ ​និងផ្សព្វផ្សាយព័ត៌មាននេះ ​ជូនប្រជាពលរដ្ឋ និងប្រជាកសិករ​ដាំដុះមៀន​ក្នុងខេត្ត។ ពាក់ព័ន្ធដំណឹងខាងលើនេះ ​លោកប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ​និង​តំណាង​សហគមន៍មៀន​ប៉ៃលិន​ បានអះអាងថា ​នឹងបង្កើនការផ្សព្វផ្សាយព័ត៌មាន ​ក៏ដូចជាបង្ហាត់ បង្ហាញ​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ការដាំដុះ ថែទាំ ​និងបច្ចេកទេសនានា​ជូនដល់ប្រជាកសិករ ​ដើម្បី​ជំរុញ​ដល់ការនាំចេញ និង​បង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​ចុះថ្ងៃទី២៥ ​ខែមីនា​កន្លងទៅ ​ពិធី​សារស្តីពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែមៀនស្រស់​កម្ពុជា​ទៅកាន់ប្រទេសចិន ​ត្រូវបាន​ចូល​ជា​ធរមាន​ កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ។ អនុវត្តតាម​ស្មារតី​កិច្ចប្រជុំកំពូល​រវាង​កម្ពុជា​ជាមួយ​ភាគីចិន ​កាលពីរសៀលថ្ងៃ១៨ ​ខែមីនា ស្ដីពី​ការ​ជំរុញ​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន​ ដែល​បាន​ចូលជាធរ​មាន​សម្រាប់​អ្នកមានបំណងផលិត​និង​កែច្នៃ​វេចខ្ចប់នាំចេញផ្លែមៀនស្រស់​ទៅ​កាន់ទីផ្សារប្រទេសចិន សូម​រួសរាន់​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជីចម្ការៈ ​និង​រោងចក្រ​វេចខ្ចប់​ផ្លែមៀន​សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាល​ មាន​លទ្ធភាពគ្រប់គ្រាន់ ​លើការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេស

2022/03/28 11:29:35 am        628
ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅតែបន្តមានលទ្ធភាពគ្រប់គ្រង​ស្ថានភាព​ហិរញ្ញវត្ថុសាធារណៈបានល្អ ដោយ​ធានា​បាន​នូវប្រក្រតីភាព​នៃកិច្ចដំណើររបស់ក្រសួង-ស្ថាប័ន​នៃរាជរដ្ឋាភិបាល, ការជួយ​អន្តរាគមន៍​ក្នុងគ្រាលំបាក​ និងសម្រាប់ការផ្តល់​សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីបំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ និងធុរកិច្ច ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៃអគារ និង​សមិទ្ធផលនានា​ក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ខេត្តកណ្តាល ​នៅថ្ងៃទី ២៦​ ខែមីនា ឆ្នាំ២០២២​ ថា កំណើន​សេដ្ឋកិច្ចដ៏​រឹងមាំ​នេះ ​បាន​រួមចំណែក​ពេញ​ទំហឹង ក្នុងការផ្តល់លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​បង្កើនការ​វិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ប្រភេទ​ ដូចជា ​ទឹកស្អាត, អគ្គិសនី, ផ្លូវថ្នល់, ស្ពាន, សាលារៀន, ​មន្ទីពេទ្យជាដើម និង ការអភិវឌ្ឍ​ធនធាន​មនុស្ស​ព្រមទាំង​កិច្ច​គាំពារ​សង្គម ​តាមរយៈការកាត់បន្ថយ​អត្រា​នៃភាពក្រីក្រ​បាន​លឿន​ជាង​ការរំពឹងទុក ។ពោលគឺរាជរដ្ឋាភិបាលបានពង្រឹងវិន័យថវិកា​ តាមរយៈការរក្សា​វិន័យ​ចំណាយ និងការចាយ​វាយ​ឱ្យចំទិសដៅបំផុត​ និង​ការបង្កើនប្រសិទ្ធភាព​នៃការគ្រប់គ្រងរំហូរសាច់ប្រាក់ ជា​ពិសេស​ការ​បើក​ផ្តល់​ប្រាក់​បៀវត្សរ៍ ​និងប្រាក់​ឧបត្ថម្ភផ្សេងៗ ​បានយ៉ាងទៀងទាត់ ​និង​ទាន់ពេលវេលា ។លោក ឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា បានថ្លែងនូវការសាទរ​ចំពោះ​រាជ​រដ្ឋាភិបាល​ ដែល​បាន​គ្រប់គ្រង់​ហិរញ្ញវត្ថុសាធារណៈបានល្អ​ នៅក្នុងស្ថានភាព​ដ៏លំបាកនេះ ​ដែល រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​ជាច្រើន ​សម្រាប់​គាំពារសង្គម​ស្ទើរគ្រប់ផ្នែក ជាពិសេស​ការ​ចំណាយ​ថវិកា​សម្រាប់​ការស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចវិញ។សូមបញ្ជាក់ថា៖ នៅក្នុងឆ្នាំ ២០២២ នេះ រាជ​រដ្ឋាភិបាល​នឹង​បង្កើន​ចំណូល​សរុបថវិការដ្ឋ​ ស្មើនឹង​ ៣២ ៦៧៦ ប៊ីលានរៀល​ ក្នុងនោះ​ចំណូលចរន្តថ្នាក់ជាតិស្មើនឹង​ ២២ ១៥៧​ ប៊ីលានរៀល។ ​ដោយឡែក​ចំណូ​ល​មូលធនថវិការដ្ឋ ​ត្រូវបានគ្រោង​ចំនួន ៨ ៣៨៧ ​ប៊ីលានរៀល, ត្រូវជិត ៧% នៃ ផ.ស.ស. មានកំណើនជាង ​២៨% ធៀប​នឹងច្បាប់ឆ្នាំ ២០២១​ ដែលក្នុងនោះ​ចំណូល​មូល​ធន​ក្រៅប្រទេស​ស្មើនឹង​ប្រមាណ ២០%​ នៃចំណាយថវិការដ្ឋសរុបឆ្នាំ ២០២២ ។ ​ចំណែកគម្រោង​ចំណាយ​ថវិការដ្ឋ​សម្រាប់ឆ្នាំ ២០២២​ ត្រូវបានគ្រោងចំនួន ៣៤ ៧០៨ ប៊ីលានរៀល ​ត្រូវជិត ២៨% នៃ ផ.ស.ស. មាន​កំណើន​ជាង ៨% ​ធៀបនឹងច្បាប់ឆ្នាំ ២០២១៕ 

តម្លៃប្រេងឥន្ទនៈអាចនឹងបន្តឡើងថ្លៃ នៅថ្ងៃខាងមុខ ខណៈពិធីបុណ្យចូលឆ្នាំថ្មីនឹងមកដល់ខាងមុខ

2022/03/25 02:17:03 pm        2145
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងបន្តឡើងថ្លៃ ដែលកម្ពុជា មិនអាចគ្រប់គ្រងបានឡើយចំពោះការឡើងថ្លៃប្រេងឥន្ទនៈនេះ។សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ តភ្ជាប់​រវាងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៥ ខែមីនានេះថា តម្លៃប្រេងឥន្ធនៈ យើងលែង​គ្រប់គ្រងបានទៀតហើយ ហើយក៏មិនដឹងថា នៅពេលពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ប្រេងសាំងនឹងឡើងដល់តម្លៃប៉ុន្មាននោះដែរ។សម្តេចបញ្ជាក់ថា បញ្ហាប្រេងសាំងនេះ ​ក៏ពាក់ព័ន្ធនឹងការសប្បាយរីករាយរបស់​ប្រជា​ពលរដ្ឋផងដែរ។តម្លៃប្រេងឥន្ទនៈនៅកម្ពុជា បានហក់ឡើងថ្លៃ ជាបន្តបន្ទាប់ ​ដោយសារតម្លៃប្រេងនៅទីផ្សារអន្តរជាតិ កើនឡើង ​ដែលកើតចេញពីវិបត្តិសង្រ្គាម រុស្ស៉ី-អ៊ុយក្រែន។យោងតាមតម្លៃប្រេងសាំងលក់រាយ ​នៅទីផ្សារក្នុងស្រុកបច្ចុប្បន្ន គឺប្រេងសាំងធម្មតា​ មានតម្លៃ ៥ ៣០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាហ្សូត ថ្លៃ ៥ ៣០០ រៀល ក្នុងមួយលីត្រ។ជំរុញការឡើងថ្លៃប្រេងនេះ អន្តរក្រសួង ​បានសម្រេចធ្វើការគណនាតម្លៃប្រេងលក់រាយ នៅរៀងរាល់​១០ថ្លៃម្តង ដើម្បីកំណត់តម្លៃប្រេងឥន្ទនៈ ទៅតាមការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ៕ អត្ថបទ៖ វណ្ណៈ

ការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់រាជរដ្ឋាភិបាល បាននិងកំពុងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ

2022/03/25 12:51:01 pm        879
ភ្នំពេញ៖ ប្រសិទ្ធភាពនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការសម្អាតប្រាក់រាជរដ្ឋាភិបាល បាន​ផ្តល់​នូវស្ថិរភាពសន្តិសុខសង្គម​ ជាពិសេសការផ្តល់នូវទំនុកចិត្តដល់អ្នកវិនិយោគ​ក្នុងស្រុក និង​កំពុងទាក់ទាញដល់វិនិយោគិន ​និងធុរកិច្ច​ដែលមានបំណង​មក​វិនិយោគនៅកម្ពុជាបន្ថែម ។លោកឧកញ៉ា​ លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍​ជា​មួយ​ភ្នាក់ងារអ្នកយកព័ត៌មាន ​BTV នៅថ្ងៃទី ​២៥ ខែ មីនា​ ឆ្នាំ ២០២២ ថា ជុំវិញការប្រឆាំង​សម្អាត​ប្រាក់នេះ ​វាមានសារៈសំខាន់ណាស់ ប្រទេសណាក៏មានច្បាប់ដើម្បីប្រឆាំង​នឹងការសម្អាតប្រាក់ ក្នុងនោះ​មានកត្តាជាច្រើន​ដែលត្រូវទប់ស្កាត់ដូចជាការជូញដូរគ្រឿងញៀន និងការចាប់ជម្រិត​ជា​ដើម ​គឺជាប្រាក់ដែលមិនស្អាតស្អំ ​ជាពិសេសការ​កឹកកេង​ពន្ធរដ្ឋ ​សម្រាប់អ្នករកស៊ីទទួលទាន ប្រសិន​បើយើងមិនបានអនុវត្តឲ្យបានត្រឹមត្រូវ ​នឹងធ្វើឲ្យការប្រកួតប្រជែងគ្មាន​តម្លាភាព និងមិនមាន​ស្មើរភាពគ្នា។លោកឧកញ៉ា បន្តថា ជុំវិញបញ្ហាការសម្អាតប្រាក់នេះ ​ប្រសិនអនុវត្តច្បាប់ និងទប់ស្កាត់ប្រកប​ដោយ​ដោយប្រសិទ្ធភាព ​នឹងអាចបំបាត់​បាននូវមុខរបរទុច្ចរិត ដែលជាបច្ច័យល្អនៃការផ្តល់ទំនុកចិត្ត​ដល់​អ្នករកស៊ីទទួលទាន ​ជាពិសេសជាការជម្រុញទាក់ទាញ ​បន្ថែមដល់វិនិយោគិន​ និងធុរកិច្ចផ្សេងៗ ដែលមានបំណងវិនិយោគនៅកម្ពុជា ។ចំណែកលោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា​ មើលឃើញថា ​រាជរដ្ឋាភិបាល មានវិធាន​គ្រប់គ្រាន់ ជាពិសេសស្ថាប័នធនាគារជាតិនៃកម្ពុជា ​បានដាក់ចេញនៃការទប់ស្កាត់ និង​សេចក្តីណែនាំលម្អិតជាច្រើន​ ក្នុងនោះគ្រឹះស្ថានហិរញ្ញវត្ថុក៏មានប្រព័ន្ធតាមដាន​ផងដែរ ដោយ​មិន​ត្រឹមតែគ្រប់គ្រងអតិថិជនរបស់ធនាគារប៉ុណ្ណោះទេ គឺគ្រប់គ្រងតាមដានរហូតដល់​អតិថិជនរបស់​អតិថិជន​ធនាគារថែមទៀត។លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ បានបញ្ជាក់នៅក្នុង​សិក្ខា​សាលាបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិការ ​សម្រាប់​អ​ង្កេតបទល្មើសពន្ធដារ និង​បទល្មើស​សម្អាតប្រាក់ថា​ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំ ​និយាមនីតិវិធីប្រតិបត្តិការ, សៀវភៅ​ណែនាំ​ការស៊ើបអង្កេត, លក្ខខណ្ឌតម្រូវអប្បរមា ​និងការផ្តល់ធាតុចូលពីក្រុមការងារពាក់ព័ន្ធ។ ក្រៅពីនេះ ​ការដាក់ចេញ​ និយាមនីតិវិធីប្រតិបត្តិការ គឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពការស៊ើបអង្កេត​បទល្មើសកម្រិតជំនាញវិជ្ជាជីវៈ​ និងការរក្សាសម្ងាត់របស់មន្រ្តីស៊ើបអង្កេត ក្នុងនោះប្រភព​នៃករណី​សង្ស័យ អគ្គនាយកដ្ឋាន​នឹងកសាងសំណុំរឿង​ ដើម្បីអនុវត្តលើវិធានការណ៍ភ្លាមៗ៕ អត្ថបទ៖ សុន រ៉ាឌី

ធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល

2022/03/24 03:33:33 pm        506
​ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា ធនធានមនុស្សនៅក្នុងវិស័យសាធារណៈ គឺជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល នៅក្នុងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងទាន់ពេលជូនប្រជាជន ដោយឈរលើគោលការណ៍ ស្អាតស្អំ និងមានប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុង​ពិធីបិទ​សន្និបាត​បូកសរុបលទ្ធផលការងារ​ក្រសួង​មុខងារសាធារណៈ ប្រចាំឆ្នាំ ២០២០-២០២១ ​និងលើកទិសដៅការងារសម្រាប់ឆ្នាំ​ ២០២២​ នេះថា ​ពាក់ព័ន្ធទៅ​នឹង​ប្រសិទ្ធភាព​នៃវិស័យសាធារណៈ​ ក្នុងនោះធនធានមនុស្ស​នៅក្នុងវិស័យនេះ គឺជាឆ្អឹងខ្នង​របស់​រាជរដ្ឋាភិបាល ​នៅក្នុងការផ្តល់សេវាសាធារណៈ​ ប្រកប​ដោយគុណភាព, ​ប្រសិទ្ធភាព និងទាន់ពេល ជូនប្រជាជន ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ជំរុញក្រសួងមុខងារសាធារណៈ ​បន្តអនុវត្ត និង​ពង្រឹងគោលការណ៍ ​គុណាធិបតេយ្យ នៅក្នុងការជ្រើសរើសមន្រ្តី និងទាក់ទាញធនធានមនុស្ស ដែលប្រកបដោយសមត្ថភាព ។ ក្រសួងមុខងារសាធារណៈក៏ត្រូវពង្រឹងការបណ្តុះបណ្តាល និងការកសាងសមត្ថភាពរបស់មន្រ្តីរាជ​ការស៊ីវិល, ទាំងមន្រ្តីថ្មី ​និងមន្រ្តីកំពុងបម្រើការការងារ, តាមរយៈការសិក្សានៅក្នុង​សាលាភូមិន្ទរដ្ឋបាល​ និងកម្មវិធីផ្សេងទៀត​ សំដៅបំប៉ន និងពង្រឹងសមត្ថភាពរបស់មន្រ្តី ដើម្បី​បំពេញតួនាទី និងផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព, ប្រសិទ្ធភាព, ការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្តថា នៅក្នុងយុគសម័យ​នៃ​សមាហរណកម្ម​ក្នុង​តំបន់ ​និងពិភពលោក​ ដែលប្រទេសទាំងអស់​មានអន្តរសកម្មខ្ពស់រវាងគ្នា, ទាំងផ្នែក​នយោបាយ និងសេដ្ឋកិច្ច, ស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា នឹងមាន​ការប្រែប្រួល​ជានិច្ច​ ដែលទាមទារឱ្យវិស័យសាធារណៈរបស់កម្ពុជា ​មានលទ្ធភាពក្នុងការបត់បែនជាប្រចាំ ជា​ពិសេស​តាមរយៈស្មារតីបុរេសកម្មរបស់មន្រ្តីរាជការស៊ីវិលគ្រប់រូប នៅក្នុងការស្វែងយល់ដោយ​ខ្លួនឯង​ អំពីនិន្នាការសកល ​និងបច្ច័យរបស់និន្នាការទាំងនេះមកលើប្រទេស និង ​ប្រជាជនកម្ពុជា ។ ក្នុងបរិការណ៍នៃការងើបឡើងវិញរបស់ពិភពលោក​នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩, គុណភាព​នៃវិស័យសាធារណៈ របស់កម្ពុជា ​ជាពិសេសនៅក្នុងក្របខណ្ឌ​នៃការសម្រួលធុរកិច្ច និង​ការ​វិនិយោគ ​គឺ​ជាលក្ខណៈវិនិច្ឆ័យ​ដ៏សំខាន់ ​ក្នុង​ការ​លើក​កម្ពស់​ភាពទាក់ទាញ​របស់​កម្ពុជា ខណៈដែល​កម្ពុជា​ត្រូវប្រកួតប្រជែងជាមួយប្រទេសដទៃទៀត​ នៅក្នុងតំបន់ ដើម្បី​ស្រូបយក​នូវ​រំហូរ​នៃ​ទុនវិនិយោគ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ផ្សព្វផ្សាយគោលការណ៍​ឥណទាន​ពិសេស ដល់​សមាគម​មៀនប៉ៃលិន

2022/03/24 01:21:59 pm        599
ប៉ៃលិន៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានពិសេស របស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ជូនដល់សមាជិកសមាគមមៀនប៉ៃលិន។ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ​និងសហការី ​នាល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបន្តចុះផ្សព្វផ្សាយគោលការណ៍​ឥណទាន​ពិសេស របស់រាជរដ្ឋាភិបាល ​ដំណាក់កាលទី២ ជូនដល់សមាជិកសមាគម​មៀន​ប៉ៃលិន។ថ្លែងក្នុងពិធីសំណេះសំណាលឯកឧត្តម កៅ ថាច បានធ្វើការរំលឹកជូនអំពី​សវតា នៃ​គម្រោង​ហិរញ្ញប្បទាន​ពិសេស ​របស់រាជរដ្ឋាភិបាល​ ដំណាក់កាលទី១ចំនួន ៥០ លានដុល្លារអាមេរិក តាម​រយៈធនាគារ​អភិវឌ្ឍន៍ជនបទ​ និងកសិកម្ម ​និង​បា​ន​ជម្រាបបន្ថែមអំពីគោលដៅនៃគម្រោង​ហិរញ្ញប្បទាន​ ចំនួន៥០លានដុល្លារ ​ដំណាក់កាលទី២នេះផងដែរ។លោកបណ្ឌិត បានធ្វើការពន្យល់ពី ​គោលការណ៍ឥណទាន ក្នុងគម្រោងឥណទាន​ពិសេសនេះ អំពី​ទ្រព្យធានាបំណុល ​ដើម្បីទទួលបានឥណទានថ្មី ឬឥណទានបន្ថែម និង អំពីលក្ខខណ្ឌមួយចំនួន​សម្រា​ប់​សមាជិក​សមាគម​មៀនប៉ៃលិន ​ចាំបាច់ត្រូវបំពេញ ​ដើម្បីចូលក្នុងលក្ខខណ្ឌ​ទទួល​បាន​ឥណទាន។ បន្ថែមលើនេះ ឯកឧត្តម បាន​លើក​យក​ព័ត៌មាន​ទីផ្សារជាពិសេស​លើ​បញ្ហា​មៀនប៉ៃលិន​ផងដែរ។ឯកឧត្តម​ បានធ្វើការផ្តាំផ្ញើ​ដល់សមាជិក​សមាគម ​សូមមានផែនការច្បាស់លាស់ និង​ក្តាប់ឲ្យបានព័ត៌មានទីផ្សារ ​និងជាពិសេសត្រូវចុះបញ្ជីប្រព័ន្ធ​ GAP ​ឲ្យបានរួចរាល់ ដើម្បី​មានលទ្ធភាពអាចធ្វើការលក់ចេញទៅក្រៅប្រទេសបាន​ ជាពិសេសទីផ្សារប្រទេសចិន។ជាមួយគ្នានេះ ​ឯកឧត្តម បានធ្វើការប្រគល់ជូនវត្ថុអនុស្សាវរីយ៍ ​ជូនដល់កសិករគំរូ នូវទូរស័ព្ទ​ក្នុង​ម្នាក់ចំនួន១គ្រឿង ​ដែលបានប្រើប្រាស់ឥណទាន​ចំគោលដៅ ​និងពង្រីក​អាជីវកម្មឲ្យមានកំណើន។លោក ស្រេង ស្រៀង ​ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន​ បានលើកឡើងថា ជុំវិញ​ការដាំដុះមៀននេះ ប្រជាកសិករនៅក្រៅ ​និងក្នុង​សមាគម បានយកចិត្តទុកដាក់ខ្ពស់​នៅលើការ​ដាំដុះ ដែលបច្ចុប្បន្នកសិករទាំងនោះកំពុងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ និងអង្គការដៃគូផ្សេងៗទៀត ​លើគម្រោងការ​ដាំដុះកសិកម្មល្អ ក្នុងនោះមាន​ប្រជាកសិករ​មួយចំនួន​ បាន​ទទួល​វិញ្ញាបនបត្ររួចហើយ ចំណែកសិករដែលមិនទាន់ទទួល​វិញ្ញាបនបត្រ​ ពួគគាត់កំពុងខិតខំប្រឹងប្រែងជម្រុញការដាំដុះ​ ឲ្យស្របតាមកសិកម្មល្អផងដែរ។យោងតាកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកដល់ពេលនេះ ពិធីសារបច្ចេកទេស​រវាង​កម្ពុជា-ចិន បានឯកភាពជាគ្នារួចរាល់ហើយ ​គឺនៅរង់ចាំតែថ្ងៃចុះហត្ថលេខាប៉ុណ្ណោះ។ ក្នុងនោះបន្ទាប់ពីការចុះហត្ថលេខារួច ​កម្ពុជានឹងបញ្ជូន​របាយការណ៍ពាក់ព័ន្ធទៅភាគីចិនភ្លាម ដើម្បី​ឲ្យភាគីចិនវាយតម្លៃអំពី ​របាយការណ៍នោះ​ ដូច្នេះយើងរំពឹងថា​ យ៉ាងយូរ​ ២ ខែទៀត កម្ពុជា​នឹងអាចនាំចេញមៀនប៉ៃលិន ទៅកាន់ទីផ្សារចិនបាន​ តែចំពោះការយឺត ឬលឿន គឺវាស្រ័យទៅ​លើភាគីចិនផងដែរ៕អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM