សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

សម្ដេចព្រះមហាក្សត្រីកោតសរសើរចំពោះ ស.ស.យ.ក ដែលបានបំពេញការងារជាច្រើនជូនជាតិ

2023/06/12 07:49:20 pm        273
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សព្វផ្សាយឱ្យដឹងថា ដោ យទទួលបានព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលក្រាបបង្គំគាល់ថា្វយព្រះពរចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ​ដ៏​ខ្ពស់ខ្ពស់​បំផុត ក្នុងឱកាសនៃការឈានជិតមកដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៧ ព្រះវស្សា យាងចូល៨៨ ព្រះវស្សា នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ក្នុងទិវាដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមង្គលបវរមហាប្រសើរបំផុត ឯកឧ ត្តមប្រធាន ស.ស.យ.ក. បានក្រាបបង្គំទូលថ្វាយនូវសកម្មភាពមួយចំនួនដែល ស.ស.យ.ក. សម្រេចបានកន្លងមក ក្រោមម្លប់​ដ៏ត្រជាក់ត្រជុំរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងស្របតាមគន្លងព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។ បន្ទាប់ពីព្រះអង្គទ្រង់ព្រះសណ្តាប់របាយការណ៍សកម្មភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់សព្វ​ព្រះរាជហឫទ័យ មានព្រះសុវណ្ណី កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមា ជិកា ស.ស.យ.ក. ទូទាំងប្រទេស ដែលបានផ្តួចផ្តើម និងអនុវត្តនូវកិច្ចការសំខាន់ៗជូនជាតិមាតុភូមិ។ ក្នុងនោះដែរ ដើម្បីជាការចូលរួម​ចំណែក និងលើកទឹកចិត្តដល់កូនចៅ ចៅទួត សម្តេចព្រះមហាក្សត្រី ព្រះអង្គទ្រង់​សព្វព្រះរាជ​ហឫទ័យប្រទាន​ព្រះរាជអំណោយជាថវិកាមួយម៉ឺនដុល្លារសហរដ្ឋអាម៉េរិក រួមជាមួយសារុងចំនួន ១០០ ដល់ ស.ស.យ.ក. សម្រាប់ការ​បំពេញបេសកកម្មស្របតាមបុព្វហេតុរួមរបស់ខ្លួន ដើម្បីប្រទេសជាតិ និងប្រជាជន៕ ដោយ៖ គង់ ឌិន​

រដ្ឋសភា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត​លើសេចក្តី​ព្រាង​​ច្បាប់​ចំនួនពីរ

2023/06/12 08:46:20 am        153
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសម័យប្រជុំរបៀបវារៈចំនួនពីរ គឺ៖ ១-ការពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង ទី២ សេចក្ដី​ព្រាង​ច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ដោយមានវត្តមានសមាជិក-សមាជិកា ចូល​រួម​ចំនួន ៩៩រូប។ ការរៀបចំសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ មាន​ទំនាក់ទំនងយ៉ាងជិតស្និតទៅនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជា លិខិត​ស្នាម​នានា ត្រូវធ្វើឡើងដើម្បីបង្រួម និងសង្ខេបព័ត៌មានអំពីការកើត ទិន្ន័យអត្តសញ្ញាណបុគ្គល បណ្តុំ​ទិន្នន័យជីវមាត្រ អាពាហ៍ពិពាហ៍ សុខាភិបាល និងលិខិតបញ្ជាក់មរណភាពជាដើម។ ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការជំរុញរំហូរពាណិជ្ជកម្ម ធានាដើមកំណើតទំនិញរបស់កម្ពុជា រក្សាផលប្រយោជន៍ និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ សុខុមាលភាព​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត​៕

​សម្តេចតេជោ៖ កំណើនការរីកម្រើនរបស់កម្ពុជាមិនអាចខ្វះការចូលរួមបានឡើយពីអ្នកឧកញ៉ានិងឧកញ៉ា

2023/06/10 08:36:59 pm        229
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកឧកញ៉ា និងឧកញ៉ា ដែលបានចូលរួម​ជាមួយរាជរដ្ឋាភិបាល ក្នុងការ កសាងអភិវឌ្ឍ ដែលកំណើនការរីកម្រើនរបស់កម្ពុជា មិនអាចខ្វះបានឡើយពីការចូលរួមពីអ្នកឧកញ៉ា និង ឧកញ៉ា ។សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្ដេចបានយល់ ព្រមធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា និងអញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួល ស្គាល់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា នេះ ។សម្ដេចតេជោ បានគូសបញ្ជាក់ថា វិស័យឯកជនបានចូលរួមក្នុងការឧបត្ថម្ភគាំទ្រយ៉ាងច្រើនលើ គ្រប់ព្រឹត្តិការណ៍សំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេស ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ា រ៉ាហ្គេម លើកទី១២ ដែលបានបញ្ចប់ទៅយ៉ាងជោគជ័យ ។សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានទទួលស្គាល់តួនាទីដ៏សំខាន់ នៃវិស័យឯកជន ជាពិសេស វិនិយោគិនក្នុងស្រុក ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ និងតែងចាត់ទុក​វិស័យ​ឯកជន ជាក្បាលម៉ាស៊ីនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច ។ ជាក់ស្ដែង តាមរយៈទិន្នន័យកត់ត្រាដោយក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ ២០២២ ទុនវិនិយោគក្នុង ស្រុកប្រចាំឆ្នាំ តែងតែបានឈរនៅលំដាប់លេខរៀងទីមួយ ឬទីពីរ នៃទុនវិនិយោគសរុប។ ទិន្នន័យនេះ បាន សបញ្ជាក់ឲ្យឃើញថា ការវិនិយោគក្នុងស្រុក ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ ។ ការខិតខំប្រឹងប្រែងការចែករំលែក និងការ ចូលរួមទាំងអស់នេះ បានធ្វើឲ្យកម្ពុជាសម្រេចបាននូវការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ច ពិសេសការងើប ឡើងវិញយ៉ាងឆាប់រហ័ស នៃសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការវិលត្រឡប់ទៅរកប្រក្រតីភាព ឡើងវិញ បន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ កូវីដ-១៩ និងក្នុងការគ្រប់គ្រង​ផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះបានយ៉ាងល្អប្រសើរ។ ជាលទ្ធផល សេដ្ឋកិច្ច កម្ពុជា ឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថា បានបន្តការកើនឡើងក្នុងអត្រាប្រមាណ៥,៤ភាគរយ ដោយ ឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងកំណើនរង្វង់៦,៦ភាគរយ ទោះបីកម្ពុជា ត្រូវហ៊ុមព័ទ្ធដោយបញ្ហាមិនប្រាកដប្រជា និងកំពុងប្រឈមមួយចំនួនក៏ដោយ។ កំណើន ដែលពោរពេញដោយថាមវន្ត និងចីរភាពនេះ មិនអាចកាត់ផ្ដាច់ ចេញពីការចូលរួមចំណែករបស់អ្នកឧកញ៉ា និងឧកញ៉ា និងជនរួមជាតិទាំងអស់គ្នានោះឡើយ។ សម្ដេចតេជោ បានកោតសរសើរយ៉ាងស្មោះស្ម័គ្រ ព្រម ទាំងថ្លែងអំណរគុណនូវការចែករំលែកធនធាន និងទឹកចិត្តលះបង់ចូលរួមកន្លងមក និងបានលើកទឹកចិត្ត ឲ្យស្មារតីវិជ្ជមានទាំងនេះ នៅមានបន្តតទៅទៀត ៕

សម្ដេចតេជោ ហ៊ុន សែន ទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត បកស្រាយអំពើអាក្រក់ របស់ក្រុមទណ្ឌិតត្រកូលក្បត់៣ជំនាន់មកលើលោកស្រី

2023/06/10 08:33:22 pm        268
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅរាត្រីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានទម្លាយសារលោកស្រី ញ៉ែម សាវ៉ាត បកស្រាយពីអំពើអាក្រក់ នៃក្រុមបោកប្រាស់មកលើលោកស្រី។សារសម្តេចសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា លោកស្រី នឹងបកស្រាយបន្ថែមទៀត នៅពេលលោកស្រីវិលត្រឡប់ពីប្រទេសបារាំងមកកម្ពុជាវិញ នាប៉ុន្មានថ្ងៃខាងមុខ ។សម្តេចតេជោ ស្នើឱ្យអ្នកច្បាប់សិក្សាអំពីផ្លូវច្បាប់នូវលិខិតរបស់គណបក្សភ្លើងទៀន ដែលចុះហត្ថលេខាដោយ ទាវ វណ្ណុល ជាមួយលិខិតរបស់ខ្មោចគណបក្សសង្រ្គោះជាតិ ដែលចុះហត្ថលេខាដោយទណ្ឌិតរត់ចោលគុក តើមានទំនាក់ទំនងយ៉ាងណាជាមួយគ្នា? ។សម្ដេចបានណែនាំឱ្យក្រសួងការបរទេសចាត់ចែងបំភ្លឺទៅរដ្ឋាភិបាលបារាំង លើករណីលិខិតទណ្ឌិតរត់ចោលគុក ដែលមានចរិតមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាផង និងបោកប្រាស់រដ្ឋាភិបាលបារាំង ផង។ រឿងបោកប្រាស់បែបនេះ បានកើតឡើងច្រើនរួចមកហើយ ឯរដ្ឋាភិបាលបរទេស ក៏ចាញ់បោកក្រុម នេះច្រើនហើយដែរ ៕

សម្តេចតេជោផ្តាំផ្ញើសមាគមឧកញ៉ាកម្ពុជារក្សាសេចក្តីថ្លៃថ្នូរ ឧត្តមភាពរបស់ខ្លួន នៃគោរមងារជាឧកញ៉ា

2023/06/10 08:27:23 pm        179
ភ្នំពេញ ៖ ក្នុងពិធីប្រកាសទទួលស្គាល់សមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា នេះ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងផ្ដាំផ្ញើឱ្យអ្នកឧកញ៉ាឧកញ៉ាកម្ពុជាទាំងអស់ ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិកសមនឹង គោរមងាររបស់ខ្លួន ។សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងជាប្រធានកិត្តិយស សម្តេច ស្វាគមន៍ចំពោះការបង្កើតឲ្យមានសមាគមឧកញ៉ានេះឡើង និងបានផ្ដាំផ្ញើទៅកាន់​សមាគមឧកញ៉ាកម្ពុជា និងបណ្ដាឧកញ៉ាទាំងអស់ គប្បីលៃលកយ៉ាងណាត្រូវអនុវត្តឲ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការមួយចំនួន៖១. បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ ដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងគោរមងារជាឧក ញ៉ា សក្តិសមដែលត្រូវបានព្រះមហាក្សត្រទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្ដល់គោរមងារជាអ្នកឧកញ៉ា ឬឧក ញ៉ា ជាគំរូផ្ដល់សេចក្តីថ្លៃថ្នូរដល់ប្រជាជនខ្មែរគ្រប់ជំនាន់ ។២. ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរក ភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសារប្រជាជនទីទ័លលំបាក ដូចពាក្យចាស់បុ រាណពោលថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន” ។៣. ចូលរួមទ្រទ្រង់សេដ្ឋកិច្ចវឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឲ្យបានដាច់ខាតនូវឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ ជាពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធ​អេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា តាមរយៈបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរកិច្ច ឬ សមាគមវិនិយោគ​បរទេសធំៗឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត។ សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការឲ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាព​បីឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧក ញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់​សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

2023/06/10 04:22:02 pm        433
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គីនៅ The Premier Center Sen Sok ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ក្រោយគំនិតផ្ដួចផ្ដើមរៀបចំរយៈពេលជាយូរមកនោះទីបំផុត សមាគមឧកញ៉ាកម្ពុជា(ស.ឧ.ក) ត្រូវបានបង្កើតឡើង​ជាផ្លូវការ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មាគមកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជាដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២រូប ដោយមានអ្នក​ឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃ ត្រូវបានអនុវត្តដោយ​អគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១រូប។គួរបញ្ជាក់ថា រចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា មានចែកចេញជាគណៈកម្មការជំនាញចំនួន៤ រួមមាន៖ គណៈកម្មការសមាជិកភាពវិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ទស្សនៈវិស័យរបស់សមាគម គឺរក្សា និងលើកកម្ពស់ឧត្តមភាព នៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយ​រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖ ១/ តំណាងអោយសំឡេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារ​ឧត្តមភាពនៃគោរមងារឧកញ៉ា។ ២/ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ៣/ លើកកម្ពស់ការគោរព​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់កម្ពុជា។ ៤/បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បី​លើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដោយឡែកចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជា មានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់៕

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

2023/06/10 02:57:53 pm        269
ភ្នំពេញ ÷ នៅល្ងាច ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។ ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជាផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មាគមឧកញ៉ាកម្ពុជាកាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២៣។បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។បើយើងមើលទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា គឺមានចែកចេញជាគណៈកម្មការជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖១-តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។២-រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។៣-លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។៤-បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់។

ជាថ្មីម្តងទៀតសម្តេចតេជោថាសមិទ្ធផលស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមគឺជាមោទកភាពរបស់ពលរដ្ឋគ្រប់រូប

2023/06/10 11:44:47 am        113
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងជាថ្មីម្តងទៀតថា រាល់សមិទ្ធផល​ទាំងអស់​ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ពីការធ្វើជាម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣នេះ គឺជាមោទកភាពរបស់បងប្អូនប្រជា ពលរដ្ឋខ្មែរគ្រប់រូប ហើយក៏ជា​និមិត្តសញ្ញាទុករាប់រយឆ្នាំទៅមុខទៀតដល់កូនខ្មែរជំនាន់ក្រោយផងដែរ។ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មក​ពីរោង​ចក្រ​សហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ដែល​កម្ពុជាធ្វើជាម្ចាស់​ផ្ទះនេះគឺ​ត្រូវបានពិភពលោកទទួលស្គាល់ និងបានកោតសរសើរ ស្ទើគ្រប់ៗគ្នា វាខុសអីតែពួកក្រុមអគតិ​ខ្មែរមួយក្តាប់​តូចវាយ​កមកវាយប្រហារម្តងហើយម្តងទៀត តែទោះ ជាយ៉ាងណាក៏ដោយវាជាជោគជ័យដ៏ធំសម្រាប់ប្រទេសជាតិទាំងមូល។​សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា ជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ គឺជាសមិទ្ធផល និងជាស្នាដៃរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនជាស្នាដៃ​សម្តេចតេជោ និងរាជរដ្ឋាភិបាលតែម្ខាងនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋខ្មែរ គប្បីមានមោទនភាពគ្រប់ៗគ្នា៕អត្ថបទ ៖ បាន ចក់​

សម្តេចតេជោព្រមានមន្រ្តីបក្សភ្លើងទៀនដែលយករឿងរដ្ឋាភិបាលមិនយកលុយពីបរទេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

2023/06/10 10:40:59 am        153
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានព្រមានខ្លាំងៗទៅដល់មន្រ្តីរបស់គណបក្សភ្លើងទៀនមួយរូប ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលបានយករឿងរាជរដ្ឋាភិបាលមិនយកលុយពីបរទេស​រឿងកម្ពុជាធ្វើជាម្ចាស់​ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេកលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២មកវាយប្រហារ និងលាបពណ៌ដល់​រាជរដ្ឋាភិបាលនោះ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីសរុប ១៦,២៧២នាក់មកពីរោងចក្រ​សហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សូមផ្តាំទៅបុគ្គល ស សាឡុងដេត សូមកុំធ្វើការវាយប្រហារ និងលាបពណ៌គ្មាន​សមហេតុ​សមផល មកលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលរាជរដ្ឋាភិបាលមិនគិតថ្លៃដល់គណ:ប្រតិភូ និងអត្តពលិក​បរទេសមកប្រកួតនៅកម្ពុជា ខណៈព្រឹត្តិការណ៍នេះត្រូវបានបងប្អូន​ប្រជាពលរដ្ឋកម្ពុជា​មានមោទនភាព​យ៉ាងខ្លាំង ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍កីឡាក្នុងតំបន់មួយនេះទទួលបានជោគជ័យយ៉ាងត្រចះប្រចង់នោះ។ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមប្រឹក្សាឃុំ-សង្កាត់របស់​គណបក្សភ្លើងទៀន​ទាំងអស់ដែល​បានចូល​រួម​ប្រជុំកាលពីថ្ងៃទី៣ ខែមិនថុនា ឆ្នាំ២០២៣ជាមួយបុគ្គល ស សាឡុងដេត សូមកុំឲ្យធ្វើតាម និងអនុវត្តន៍តាម​បុគ្គល​រូបនេះឲ្យសោះ បើសិនហ៊ានធ្វើតាមបុគ្គលរូបនេះសម្តេច​នឹងមិនលើកលែងឲ្យ​នោះទេខ​ណៈ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះមិនមែនជារឿងលាបពណ៌ និងយកមកវាយប្រហារ ខុសរឿងនោះទេ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា សម្តេចនឹងមិនលើកលែងឲ្យទាំងអស់​ចំពោះអ្នកណាក៏ដោយ ដែលនៅជាប់ទំនាក់ទំនងជាមួយទណ្ឌិតក្បត់ជាតិបីជំនាន់ តែសម្តេចនៅតែប្រកាន់ជំហរដដែលថាំ នឹងមានការលើកលែងទោសប្រសិនបុគ្គលនោះផ្តាច់ខ្លួនចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់បច្ចុប្បន្នកំពុងរត់ចោលស្រុករូបនេះ៕ អត្ថបទ ៖ បាន ចក់​

​​សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករកម្មការិនីជាង១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

2023/06/10 07:26:17 am        655
កណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពី​រោងចក្រសហគ្រាសចំនួន១២ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាស​​ទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផល​ធ្វើដំណើរ និងកាបូបចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស​សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាម​បណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោ ជិតជាង ១៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៧១ មានកម្មករនិយោជិត សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាល ជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM