សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

ប្រណាំងប្រជែង​ជា​ប្រវត្តិសាស្ត្រ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ធូរស្រាល​ក្រោយ​ជំនួប​នៅ​ទីក្រុង​តូ​ក្យូ​

2023/03/17 10:45:35 am        291
​ជប៉ុន៖ មេដឹកនាំ​ជប៉ុន ​និង​កូរ៉េខាងត្បូង​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ឱកាស​ជា​ប្រវត្តិសាស្ត្រ ​ព្រោះ​នេះ​ជា​លើកដំបូង​ដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​ បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ​១២​ឆ្នាំ​មកនេះ​។ ​ប្រទេស​ទាំង​២ ដែល​ជា​សម្ព័ន្ធមិត្ត​រប​ស់​សហរដ្ឋអាមេរិក ប៉ុន្តែ​ក៏​ជា​គូ​សត្រូវ​រវាង​គ្នា​ដែរ​នោះ​កំពុង​ព​ន្លឿ​ន​សន្ទុះ​ខិត​ទៅ​ជិត​គ្នា​កាន់​តែ​ខ្លាំង ដោយសារ​ការ​កើនឡើង​វត្តមាន​របស់​ចិន​នៅ​ក្នុង​កិច្ចការ​ពិភព​លោក និង​ការ​គំរាម​ផ្នែក​សន្តិសុខ​ទៅវិញទៅមក​ដូចជា​ប្រទេស​កូរ៉េខាងជើង​។ ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ឆ្ងាយ​ ១​គ្រាប់​ផ្សេងទៀត​ដែល​បាន​ធ្លាក់​ក្នុង​សមុទ្រ​រវាង​ប្រទេស​ទាំង​៣ ប៉ុន្មាន​ម៉ោង​មុន​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ទៅដល់​ប្រទេស​ជប៉ុន​។ ​លោក Yoon និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ថ្មីៗ​មួយ​ចំនួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រួម​ទាំង​ការ​បង្កើន​ការ​ចែក​រំលែក​ព័ត៌មាន​ចារកម្ម និង​បញ្ចប់​ជម្លោះ​ជិត ​៤​ឆ្នាំ​ជុំវិញ​វត្ថុធាតុដើម​ដែល​បាន​ប្រើប្រាស់​ក្នុង​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​។ ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏បាន​កើតឡើង​ផង​ដែរ ​អំឡុង​សម​យុទ្ធ​យោធា​រួមគ្នា​រវាង​កងកម្លាំង​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​។ ​គេ​ពុំ​បាន​ដឹង​ច្បាស់​ទេ​ថា ​តើ​ភាព​កក់ក្ដៅ​រវាង​រដ្ឋាភិបាល​ជប៉ុន និង​កូរ៉េខាងត្បូង​នឹង​ផ្លាស់ប្ដូរ​ផ្នត់គំនិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​ឬ​អត់​ទេ​៕ អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​៖ ​ខ្លួន​បាញ់​មី​ស៊ី​ល​ ICBM ដើម្បី​ព្រមាន​អាមេរិក​ និង​កូរ៉េខាងត្បូង​ចំពោះ​សម​យុទ្ធ​ដែល​នៅតែ​បន្ត​

2023/03/17 09:46:48 am        224
​កូរ៉េខាងជើង​៖ សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​និយាយ​ថា មី​ស៊ី​ល​ដែល​ខ្លួន​បាន​បាញ់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​មីនាគឺជា​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប ICBM Hwasong-17 ដែល​បាន​បាញ់​អំឡុង​សម​យុទ្ធ​មួយ​ ដើម្បី​បង្ហាញ​កាយវិការ​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ចំពោះ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​នៅតែ​បន្ត​។​ ​រូបភាព​ដែល​បាន​បញ្ចេញ​នៅ​ថ្ងៃ​សុក្រ​ទី​១៧ មីនា ដោយសារ​ព័ត៌មាន​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​បាន​បង្ហាញ​លោក Kim Jong Un កំពុង​ឈរ​មើល​ការ​បាញ់​ជាមួយ​កូនស្រី​របស់​លោក និង​រួម​ទាំង​រូប​ភាព​ពី​ការ​ថត​តាម​អាកាស​ដោយ​កាមេរ៉ា​បំពាក់​លើ​មី​ស៊ី​ល​នោះ​។ ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ICBM ចូល​ក្នុង​សមុទ្រ​ចន្លោះ​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្មាន​ម៉ោង​មុន​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ធ្វើដំណើរ​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ទីក្រុង​តូ​ក្យូ ដើម្បី​ពិភាក្សា​ពី​មធ្យោបាយ​ទប់ទល់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​និយាយ​ថា ​សមយុទ្ធ​បាញ់​អាវុធ​យុទ្ធសាស្ត្រ​នេះ ជា​ឱកាស​ក្នុង​ការ​ចេញ​ការព្រមាន​យ៉ាង​ដាច់​ណាត់​កាន់​តែខ្លាំង​ជាង​មុន​ ចំពោះ​សត្រូវ​ដែល​មាន​ចេតនា​ដុត​បញ្ឆេះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ខណៈ​មានការ​គំរាមកំហែង​ដោយ​យោធា​ដោយ​គ្មាន​ការទទួលខុសត្រូវ​ និង​មិន​ខ្វល់​ពី​គ្រោះថ្នាក់​៕អត្ថបទ៖ សុខមាន

ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានត្រឡប់មកវិញ

2023/03/16 09:53:54 pm        268
ភ្នំពេញ ÷ នៅព្រឹក ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។ ការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរទាំងនេះ គឺជាកិច្ចសហការយ៉ាងសកម្មបំផុតពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងក្របខ័ណ្ឌនៃអង្គការយូណេស្កូ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយទទួលបានលទ្ធផលដូចជា៖ កិច្ចព្រមព្រៀងមួយ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) បានប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលកាន់កាប់រក្សាទុកដោយគ្រួសារ លោកឡាត ហ្វដ។ បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា និងអ្នកកាន់កាប់សមុច្ច័យឯកជន (មួយចំនួនរឹបអូសបានដោយសមត្ថកិច្ចអាមេរិក និងមួយចំនួនទៀតតាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត) ក៏ត្រូវបានបញ្ជូន ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ថ្មីៗនេះទៀតសោត គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧គ្រឿង ត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយក្រុមការងារកម្ពុជាដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការជួយសម្របសម្រួលពីស្ថានទូតកម្ពុជា។ ទន្ទឹមនឹងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀត ត្រឡប់មកកម្ពុជាវិញ។ ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី១០នៃគ.ស. ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។ប្រជាជនកម្ពុជាទាំងមូល ពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

ព្រះមហាក្សត្រ និងហ្លួងម៉ែស្តេចយាងនិវត្តមកមាតុប្រទេសវិញហើយ

2023/03/16 05:14:24 pm        486
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងនិវត្តមកកាន់មាតុប្រទេសវិញហើយ នៅរសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ តាមព្រះទីនាំងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា។គួរបញ្ជាក់ថា ព្រះករុណា ព្រះមហាក្សត្រជីវិតលើត្បូង និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យ​ស្ដេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បី​ស្តេចយាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព ជាទៀតទាត់របស់ព្រះអង្គ។តាមពិតទៅបើតាមកម្មវិធីដែលគ្រោងទុក ព្រះអង្គទាំងទ្វេពុំទាន់នឹងត្រូវដល់ពេលស្តេចយាងនិវត្តវិញ នៅពេល​នេះនៅឡើយទេ ប៉ុន្តែដោយសារព្រះករុណាព្រះមហាក្សត្រនឹងត្រូវស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នៅអង្គរវត្ត ខេត្តសៀមរាប នាវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ទើបព្រះអង្គទាំងទ្វេបានស្តេចយាងមកកាន់មាតុប្រទេសវិញនៅថ្ងៃនេះតែម្តង។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេ ស្តេចយាងនិវត្តដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ ព្រមទាំងព្រះរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប។ដោយឡែក ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជាក៏មានវត្តមានផងដែរ។ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្ថ្រខ្មែរ មានសេចក្តី​សោមនស្សរីករាយដែលព្រះអង្គទាំងទ្វេបានស្តេចយាងនិវត្តវិញនិងសូមបួងសួងដល់ទស្សបារមីនៃ វត្ថុសក្តិសិទ្ធិ​នៅក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រិយានី​ខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមតាមជួយអភិបាល ថែរក្សាគ្រង ព្រះអង្គ​ទាំងទ្វេ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរ ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់​ត្រជុំដល់​ប្រជារាស្ត្រខ្មែរទូទាំងប្រទេសនិងបន្តពូនជ្រុំថែរក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍឱ្យរីកចំរើន​រុងរឿងតទៅមុខទៀត៕​

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការរៀបចំក្រុមការងារទេសចរណ៍លើកទី៥១ និង វេទិកាទេសចរណ៍ មេគង្គឆ្នាំ២០២៣នៅសីហនុ

2023/03/16 03:33:00 pm        36
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេច​បង្កើតគណៈកម្មការ​អន្តរក្រសួង​ដើម្បីរៀបចំ​ក្រុមការងារ​ទេសចរណ៍​លើកទី៥១ និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍» (Rethink for Resilience and Digitalization)។​ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើត​គណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមលក្ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មេគង្គលើកទី៥១ (51st Great Mekong Sub-region Tourism Working Group) និងវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពី​ថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និង​បច្ចេកវិទ្យា​​ក្នុងវិស័យទេសចរណ៍» (Rethink Resilience and Digitalization)។ យោងតាមសេចក្ដីសម្រេច ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺជាប្រធាន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តជាអនុប្រធាន និងមានសមាសភាពជាអនុប្រធាន និងសមាជិកមក​ពីក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣ រូប ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យ​ដំណើរការរៀប​ចំ​កម្មវិធី​ខាងលើឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ តាមរយៈសេចក្តីសម្រេចខាងលើ រាជរដ្ឋាភិបាល ក៏បានចាត់​តាំងឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលកម្មវិធីខាងលើផងដែរ។គួរបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុង​ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ប្រទេសមហាអនុតំបន់មេគង្គ (GMS) បានផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយ​ទេសចរណ៍​ប្រទេស​មហា​អនុតំបន់​មេគង្គឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។ បើតាមក្រសួងទេសចរណ៍ របៀបវារៈសំខាន់ៗក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ គ្រោងរៀបចំ​ជា​បទ​បង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមាន៖ (១) ការគិតគូរឡើងវិញពីវិស័យទេសចរណ៍ (Rethinking Tourism- A Pathway for Building Back Better and Stronger) និង (២) គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។ ក្រៅពីនេះកម្មវិធីមានរៀបចំកិច្ចពិភាក្សា (Panelist Discussion) ចំនួន ៣រួមមាន៖ (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (Smart Tourism and Smart Destination via Digitalization) (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី (Rethinking Food System- A lever to protect the Planet) និង (៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ (Advancing Human Capital… Advancing Industry Resilience) ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានា៕ ដោយ ៖ ដារា

ផ្សារភាគហ៊ុន​អាស៊ី​ធ្លាក់ចុះ​ភ្លាមៗ ក្រោយ​ភាព​រំជើបរំជួល​នៅ​ធនាគារ Credit Suisse

2023/03/16 02:36:47 pm        436
​អាស៊ី៖ ផ្សារភាគហ៊ុន​នៅ​តំបន់​អាស៊ី​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៦​មីនា​នេះ ហើយ​ក្រុម​វិនិយោគិន​ងាក​ទៅ​រក​សុវត្ថិភាព​ខាង​មាស ប័ណ្ណ​បំណុល និង​ប្រាក់​ដុល្លារ ខណៈ​ដែល​ធនាគារ Credit Suisse បាន​ក្លាយ​ជា​ចំនុច​ក្ដៅ​ចុងក្រោយ​បំផុតសម្រាប់​ក្ដី​បារម្ភ​លើ​បញ្ហា​សេវា​ធនាគារ ដែល​បណ្ដាល​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ​មុន​ជំនួប​របស់​មន្ត្រី​ធនាគារ​កណ្ដាល​អឺរ៉ុប​នៅ​ថ្ងៃ​នេះ​។ ​សន្ទស្សន៍​ភាគហ៊ុន​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​ជប៉ុន ទីក្រុង​ហុងកុង និង​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​ជាង ​1% ខណៈ​មានការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ភាគហ៊ុន​ធនាគារ​សកល​។ សន្ទស្សន៍​ផ្សារភាគហ៊ុន Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ចុះ 26,796.67ពិន្ទុ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុងនោះធនាគារ​នានា​បាន​ធ្លាក់​ចុះ​ 4.15%​។ ​ក្នុងចំណោម​ទីផ្សារ​ភាគហ៊ុន​ខាតបង់​ធំ​បំផុត​មាន​ក្រុមហ៊ុន Sumitomo Mitsui Trust Holdings Inc បាន​ធ្លាក់​ចុះ 6.8%​ និង​ធនាគារ Japan Post Bank Co Ltd បាន​ធ្លាក់ 5.5%៕អត្ថបទ៖ សុខមាន

ប្រមុខ​ការពារជាតិ​រុស្ស៊ី-អាមេរិក​ពិភាក្សា​អំពី​ការ​ធ្លាក់​យាន​ដ្រូ​ន​នៅ​សមុទ្រ​ខ្មៅ

2023/03/16 02:15:42 pm        492
​អាមេរិក៖ រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិកលោក Lloyd Austin បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិកនឹង​បន្ត​ហោះហើរ និង​ធ្វើ​ប្រតិបត្តិការ​គ្រប់​ទីកន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។ បញ្ហា​នេះ​កើតមានឡើង​បន្ទាប់ពី​យាន​ដ្រូ​ន​របស់​អាមេរិកបាន​ធ្លា​ក់ នៅ​សមុទ្រ​ខ្មៅ​ក្បែរ​តំបន់​គ្រី​មៀ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​បុក​ជាមួយ​យាន​ដ្រូ​ន​បណ្តាលឱ្យ​ធ្លាក់​។ លោក Austin និយាយថា លោក​បាន​ជួប​សន្ទនា​ជាមួយ​សម​ភាគី​រុស្ស៊ី​តាម​ទូរស័ព្ទ ដើម្បី​ពិភាក្សា​អំពី​ឧបទ្ទវ​ហេតុនេះ ប៉ុន្តែ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​នៃ​ការសន្ទនា​របស់​ប្រមុខ​ការពារជាតិ​ទាំងពីរ​នោះទេ​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​និយាយថា តាម​គំនិត​ផ្តួចផ្តើម​របស់​ភាគី​អាមេរិក ការសន្ទនា​តាម​ទូរស័ព្ទត្រូវបាន​ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីលោក Sergei Shoigu និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin​។​ ​ការប៉ះទង្គិច​គ្នា​នៅ​កណ្តាល​អាកាស​រវាង​យាន​ដ្រូ​ន​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក និង​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅក្នុង​ដែនអាកាស​អន្តរជាតិ បាន​ជំរុញឱ្យមាន​ការអំពាវនាវ​ដោយផ្ទាល់​ដ៏​កម្រ​រវាង​មេដឹកនាំ​យោធា​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មូ​ស្គូ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin កាលពី​ថ្ងៃ​ពុធបាន​និយាយថា លោក​បាន​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីអំពី​ឧបទ្ទវ​ហេតុនេះ ដែល​យន្តហោះ​រុស្ស៊ី Su-27 បាន​ស្ទាក់ចាប់​វាយប្រហារ និង​ធ្វើឱ្យ​ខូចខាត​ដល់​យាន​ដ្រូ​ន MQ-9 Reaper របស់​អាមេរិក ដែល​បង្ខំ​ឲ្យ​ប្រតិបត្តិ​ករ​បញ្ជា​យាន​ដ្រូ​ន​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ខ្មៅ​។ ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិកនៅក្នុង​សេចក្តី​អត្ថាធិប្បា​យ​ទាក់ទង​នឹង​ការធ្លាក់​យាន​ដ្រូ​ន​យោធា​របស់ខ្លួន​នៅ​សមុទ្រ​ខ្មៅ គឺមិន​អើពើ​ចំពោះ​ការពិត​ដែលថា​ រុស្ស៊ី​បាន​បង្កើត​ការ​រឹតត្បិត​លំហ​អាកាស​នៅក្នុង​តំបន់​នោះ​។ នៅក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​រដ្ឋលោក Lavrov បាន​និយាយថា រុស្ស៊ី​បាន​បង្កើត​ដែន​កំណត់​លើ​ជើងហោះហើរ​នៅក្នុង​តំបន់​សមុទ្រ​ខ្មៅ បន្ទាប់ពី​ការចាប់ផ្តើម​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ជាការ​ពិត​ដែល​សហរដ្ឋអាមេរិក​បាន​ដឹង​យ៉ាងច្បាស់​រួចហើយ៕អត្ថបទ៖ ប៊ុនថន

អ្នក​នៅរស់​ជីវិត​ពី​ព្យុះ​ស៊ីក្លូន Freddy នៅ​ម៉ាឡាវី​រៀបរាប់​ពី​បំណាក់​ដី ខណៈ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២២៥​នាក់​

2023/03/16 12:33:49 pm        307
​ម៉ាឡាវី៖ អ្នក​នៅរស់​ជីវិត​ក្នុង​ភូមិ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី កាលពី​ថ្ងៃ​ពុធ​បាន​រំលឹក​ពី​ហេតុការណ៍​បំណាក់​ដីដែល​បណ្តាល​មកពី​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បាន​បោក​បក់​មក​លើ​លំនៅឋាន ខណៈ​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ដេក​លង់លក់​។ ​សាច់ញាតិ​របស់​ពលរដ្ឋ​នៅ​ភូមិ Mtauchira ដែលមាន​ទីតាំង​នៅក្នុង​ស្រុក Chiradzulu បាន​ស្វែងរក​សមាជិក​គ្រួសារ​រ​បស់​ពួកគេ​ដែល​បាត់​ខ្លួន ខណៈ​អ្នក​ផ្សេងទៀត​ព្យាយាម​យក​របស់របរ​របស់​ពួកគេ​ដែល​កប់​ក្នុង​ដីល្បាប់​។ អ្នក​នៅរស់​ជីវិត​បាន​និយាយថា អ្នក​ដែល​ព្យាយាម​រត់គេចខ្លួន​ត្រូវបាន​ហូរ​នាំ​ដោយ​ទឹកជំនន់ និង​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយ​ការ​ប៉ះទង្គិច​ជាមួយ​ថ្ម​។​ ​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ម៉ាឡាវី បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ​ចំនួន​អ្នក​ស្លាប់​ពី​ការ​វាយ​បក់​លើក​ទី​ពីរ​ដោយ​ព្យុះ​បាន​កើន​ឡើងដល់ ២២៥​នាក់ និង​មនុស្ស ​៧០៧​នាក់​បាន​រង​របួស ហើយ ៤១​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​។ ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ទីភ្នាក់ងារ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបំផ្លិចបំផ្លាញ និង​ផលប៉ះពាល់​ដោយ​ព្យុះ​ស៊ីក្លូន​ត្រូពិក Freddy ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៦,០០០នាក់​នៅ​ទូទាំង​ស្រុក​ចំនួន ១០ នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេស​ម៉ាឡាវី​។ យោងតាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​បានឱ្យដឹងថា នៅក្នុង​ប្រទេស​ម៉ូសំប៊ិក​ដែល​នៅ​ជិតខាង មនុស្ស​យ៉ាងហោចណាស់ ២១​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​អង្គារ​៕អត្ថបទ៖ ប៊ុនថន

សារព័ត៌មាន​ WSJ៖​ ក្រុម​និយ័ត​ករ​សហព័ន្ធ​អាមេរិក​កំពុង​ស៊ើបអង្កេត​ពី​មូលហេតុ​ធនាគារ​ SVB ដួល​រលំ​

2023/03/16 12:19:19 pm        377
​អាមេរិក៖ សារព័ត៌មាន The Wall Street Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គា​រថា គណៈកម្មការ​ភាគហ៊ុន និង​អត្រា​ប្ដូរប្រាក់ ​និង​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក កំពុង​ស៊ើបអង្កេត​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ធនាគារ Silicon Valley Bank (SVB) ​ដួល​រលំ បាន​ក្លាយ​ជា​ធនាគារ​ធំ​បំផុត​ទី​២ បាន​ដួល​រលំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក។ ​យោង​តាម​របាយការណ៍ ការស៊ើបអង្កេត​ដែល​ត្រូវ​បាន​ធ្វើ​ដាច់ដោយឡែក​ពីគ្នា និង​ក្នុង​ដំណាក់​កាល​ដំបូង រួមមាន​ការ​តាម​ដាន​ការ​លក់​ភាគហ៊ុន​ដែល​ក្រុម​នាយក​ប្រតិបត្តិ​របស់​ធនាគារ SVB បាន​ធ្វើ​ មុន​ពេល​ការ​ដួល​រលំ​របស់​ធនាគារ​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ​។ សារព័ត៌មាន WSJ បាន​និយាយ​ថា ក្រុម​រដ្ឋអាជ្ញា ​និង​និយ័ត​ករ​តែង​បើក​ការស៊ើបអង្កេត ក្រោយ​ស្ថាប័ន​ហិរញ្ញវត្ថុ ឬ​ក្រុមហ៊ុន​រដ្ឋ​នានា​ជួប​បញ្ហា​ធ្ងន់ធ្ងរ ការខាតបង់​ដែល​នឹកស្មាន​មិន​ដល់។ ​ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហិរញ្ញវត្ថុ​របស់​ធនាគារ SVB ដែល​ធ្លាប់​បាន​គ្រប់គ្រង​ធនាគារ​នេះ​បាន​ធ្លាក់​ចុះ​ ៦០% កាលពី​សប្ដាហ៍​មុន និង​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ជួញដូរ​ចាប់​តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ​និយ័ត​ករ​ធនាគារ​នេះ​បាន​បង្ហាញ​ថា លោក Daniel Beck ប្រធាន​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ធនាគារ SVB បាន​និយាយ​ថា ធនាគារ​នេះ​លក់​ភាគហ៊ុន​ចំនួន ​២​ពាន់​របស់​ហិរញ្ញវត្ថុ​ធនាគារ SVB កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ នៅ​ថ្ងៃ​តែមួយដែល​អគ្គនាយក​ធនាគារ​លោក Gregory Becker​ បាន​លក់​ភាគហ៊ុន​ចំនួន ១២.៤៥១។​ ធនាគារ SVB ត្រូវ​បាន​បិទ​ដោយ​ក្រុម​ប្រតិបត្តិ​ករ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្ដោត​លើ​បច្ចេកវិទ្យា​មួយ​នេះ បាន​រាយការណ៍​ពី​ការខាតបង់​ដ៏​ធំ​ពី​ការ​លក់​ដែល​បណ្ដាល​ឲ្យ​អស់​ប្រាក់​បញ្ញើ​របស់​ធនា​គារ​។ វា​បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​ការ​ដួល​រលំ​ធនាគារ​ធំ​បំផុត​ទី​២ ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក និង​យ៉ាង​ឆាប់រហ័ស​ ក្រោយ​ការ​បិទ​ធនាគារ Signature Bank ដែល​ជា​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​ផ្នែក​រូបិយប័ណ្ណ​គ្រីប​តូ ឬ​រូបិយប័ណ្ណ​ឌីជីថល​កាលពី​ថ្ងៃអាទិត្យ​៕អត្ថបទ៖ សុខមាន

ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច ​១០​នាក់​ស្លាប់​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី

2023/03/16 11:42:30 am        289
​ទួរគី៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​យ៉ាងតិច ១០នាក់​បាន​ស្លាប់​ បន្ទាប់ពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុកបង្ក​ជា​ទឹកជំនន់​ភ្លាមៗ​នៅក្នុង​ខេត្ត Sanliurfa និង​ខេត្ត Adiyaman ភាគ​អាគ្នេយ៍​ប្រទេស​ទួរគី​។វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញទឹកជំនន់​បាន​ហូរ​នាំ​រថយន្ត និង​កម្ទេចកម្ទី ហើយ​បាន​ជន់​លិច​បន្ទប់​ក្រោម​ដី និង​ជាន់​ផ្ទាល់​ដី​នៃ​អគារ​មួយចំនួន ដែល​បានប្រែក្លាយ​ផ្លូវ​ជាច្រើន​កន្លែង​ទៅជា​ទន្លេ​នៅ​កណ្តាល​ទីក្រុង Sanliurfa។​ ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ប្រទេស​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក និង​ជួយសង្គ្រោះ​អ្នក​បាត់​ខ្លួន និង​អ្នក​ដែល​ជាប់​នៅក្នុង​អគារ​បាន​បន្ត ដោយ​ក្រុម​អ្នក​មុជទឹក និង​ក្រុម​ប្រើប្រាស់ទូក​។ខេត្ត​ដែលមាន​ប្រជាជន​ប្រមាណ ២.៧លាន​នាក់ត្រូវបាន​វាយប្រហារ​ដោយ​ការរញ្ជួយ​ដី​កាលពី​ខែ​មុន បណ្តាល​ឲ្យ​មនុស្ស​ជាង ៤៨,០០០នាក់​ស្លាប់នៅក្នុង​ប្រទេស​ទួរគី និង​បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់បង់​លំនៅឋាន​។​ ​មនុស្ស​រាប់ពាន់នាក់​កំពុងស្នាក់នៅ​ក្នុង​តង់ និង​ផ្ទះ​កុងតឺន័រ ដែល​មួយចំនួន​ត្រូវបាន​ជន់​លិច​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង បន្ទាប់​ពី​លំនៅឋាន​របស់​ពួកគេ​បាន​រង​ការខូចខាត​ដោយ​រញ្ជួយ​ដី​។ កុងតឺន័រ​មួយ​ដែលមាន​ជនរងគ្រោះ​ដោយ​រញ្ជួយ​ដី​ចំនួន ៣នាក់​បាន​ហូរ​ទៅតាម​ទឹកជំនន់ ហើយ​ការស្វែងរក​កំពុង​បន្ត​សម្រាប់​មនុស្ស​ទាំង ៣​នាក់​នៅក្នុង​ទីក្រុង Adiyaman៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើង រិះគន់សមយុទ្ធយោធាជប៉ុន-អាមេរិក ថាជា ការហាត់សមសង្គ្រាម
06/29/2026 11:06 AM
ក្ដីសង្ឃឹមរកឃើញអ្នកនៅរស់បន្ថែមទៀត ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានរសាត់ឆ្ងាយ ខណៈការសង្គ្រោះនៅតែបន្ត
06/29/2026 10:06 AM
សមាគម CWEA លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យមានភាពក្លាហាន និងការធ្វើអាជីវកម្មប្រកបដោយវិជ្ជាជីវ:
06/29/2026 10:06 AM
កាណាដាឈ្នះអាហ្វ្រិកខាងត្បូងចុងម៉ោង ឡើងវគ្គ ១៦ ក្រុមបាល់ទាត់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
06/29/2026 10:06 AM
ជម្រើសជាតិនារីកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំត្រៀមជើងឯកអាស៊ាន ខណៈលីគនារី ត្រូវសម្រាកជាង ១ខែ
06/29/2026 10:06 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា
06/29/2026 10:06 AM
Cody Gakpo ស្នើសុំឯកជនភាព ក្រោយបាត់បង់កូនក្នុងផ្ទៃ ខណៈកំពុងបំពេញភារកិច្ចនៅ World Cup
06/29/2026 10:06 AM
សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូន អ.ន.ក.ខេត្ត កំពង់ចាម
06/29/2026 10:06 AM
ប្រធាន NOCC ជំរុញចលនា «ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត» ដើម្បីអភិវឌ្ឍមូលធនមនុស្សជួយសេដ្ឋកិច្ច និងសង្គមជាតិ
06/29/2026 10:06 AM
ជប៉ុនត្រៀមខ្លួនរួចរាល់ និងចង់ឈ្នះប្រេស៊ីលលើកដំបូង មុនពេលជួបគ្នានៅវគ្គ៣២ ក្រុមចុងក្រោយ
06/29/2026 10:06 AM