សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

លោក Putin និយាយថា រុស្ស៊ី​កំពុង​ប្រឈម​នឹង​រថក្រោះ​អាល្លឺម៉ង់​ជាថ្មី​ អំឡុង​ពិធី​រំឭក​ខួប​ជ័យជម្នះ ៨០​ឆ្នាំ​នៃ​របប​ណា​ស៊ី

2023/02/03 10:02:06 am        339
​រុស្ស៊ី៖ លោក Vladimir Putin បាន​ប្រៀបប្រដូច​ការ​លុកលុយ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ថា ​ជាការ​វាយ​ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សុន្ទរកថា​រំឭក​ខួប​ ៨០ឆ្នាំ​នៃ​ការ​បញ្ចប់​សមរភូមិ​ប្រយុទ្ធ Stalingrad​។ ដោយសារតែ​ការសម្រេចចិត្ត​របស់​អា​ល្លឺ​ម៉​ង់​ ក្នុង​ការ​បញ្ជូន​រថក្រោះ​ឡេ​ភើ​ត​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន លោក​បាន​អះ​អាងថា​ ប្រវត្តិសាស្ត្រ​ជ្រាំ​ដែល​ខ្លួនឯង​។ ​លោក​និយាយ​ថា វា​មិនគួរ​ឲ្យ​ជឿ​តែ​វា​ជាការ​ពិត យើង​កំពុង​រង​ការ​គំរាមកំហែង​ជាថ្មី​ដោយ​រថក្រោះ​ឡេ​ភើ​តរបស់​​អាល្លឺម៉ង់​។ អាល្លឺម៉ង់​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ ដែល​កំពុង​ជួយ​អ៊ុយ​ក្រែ​ន​ការពារ​ដែនដី​របស់​ខ្លួន​។ ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយលុក​ដ៏​បង្ហូរឈាម​ដែល​ហៅថា​ ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ជិត ​១​ឆ្នាំ​មកនេះ ដែល​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​លោក​ខាង​លិច​បញ្ជូន​អាវុធ និង​ជំនួយ​ដល់​រដ្ឋាភិបាល​ក្នុង​ទីក្រុង Kyiv​។ ​ថ្លែង​នៅ​ក្នុង​ទីក្រុង Volgograd ដែល​ជា​ឈ្មោះ​ថ្មី​របស់​ទីក្រុង Stalingrad លោក Putin បាន​បង្ហើប​ថា លោក​អាច​ស្វែងរក​ចំណាត់​ការ​លើស​ពី​អាវុធ​ធម្មតា​។ ​មេដឹកនាំ​រុស្ស៊ី​វ័យ ​៧០​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា អ្នក​ទាំងឡាយ​ដែល​សង្ឃឹម​ថា​ នឹង​កាច់​បំបាក់​រុស្ស៊ី​នៅលើ​សមរភូមិ​នោះ​គឺ​គិត​ខុស​ហើយ​។ វា​ទំនង​ថា ​សង្គ្រាម​សម័យ​ទំនើប​មួយ​ជាមួយ​រុស្ស៊ី​នឹង​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​សម្រាប់​ពួកគេ​។ យើង​នឹង​មិន​បញ្ជូន​រថក្រោះ​រប​ស់​យើង​ទៅកាន់​ព្រំដែន​របស់​ពួកគេ​ទេ ប៉ុន្តែ​យើង​មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​ឆ្លើយតប​។ ​ការ​ឆ្លើយ​តប​ដោយ​ប្រើ​អាវុធ​របស់​យើង​នឹង​មិនត្រូវ​បានកំណត់​ទេ​។ ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវតែ​យល់​។​ ​លោក Putin បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Volgograd របស់​រុស្ស៊ី ដើម្បី​រំឭក​ខួប​ជ័យជម្នះ​នៃ​សមរភូមិ​ប្រយុទ្ធ Stalingrad ជា​ជម្លោះ​សង្គ្រាម​លោក​លើកទី​២ ​ដែល​បាន​មើល​ឃើញ​ទាហាន​សូ​វៀត​ចាប់ខ្លួន​ទាហាន​អាល្លឺម៉ង់​ជិត ​៩១.០០០​នាក់ និង​ធ្វើ​ឲ្យ​សង្គ្រាម​នេះ​ត្រូវ​បញ្ចប់​៕អត្ថបទ៖ សុខមាន

សម្ដេច​តេ​ជោ​៖ ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​ជា​ដៃគូ​ល្អ​ជាង ៣០​ឆ្នាំ​មកហើយ​

2023/02/02 04:46:44 pm        690
​ភ្នំពេញ៖​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​មានប្រសាសន៍ថា ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​ជា​ដៃគូ​ដ៏​ល្អ​ដែលមាន​អាយុ​ជាង ៣០​ឆ្នាំ​មកហើយៗ​ សម្តេច​ ក៏បាន​សម្រេច​ប​ង្កើ​ន​ការជួយ​គាំទ្រ​ដល់​មូលនិធិ​មួយ​នេះ​ នូវ​ថវិកា​ពី ​៦០​ម៉ឺន​ទៅ ​១​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ​២០២៥​ដល់​ឆ្នាំ​២០២៨​។​​ក្នុងឱកាស​អនុញ្ញាតឱ្យ​លោក​លោកស្រី ច្យូ​ត​ស្នា ពូ​រី​(Jyotsna Puri) អនុប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូលជួប​សំដែង​ការគួរសម ​និង​ពិភាក្សា​ការងារ​ នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃទី​២​កុម្ភៈ​នេះ សម្តេច​បាន​លើកឡើងថា ​អង្គ​ការមូលនិ​ធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នេះ​ជា​ដៃគូ​ដ៏​ល្អ ​ដែលមាន​អាយុកាល​ជាង ៣០​ឆ្នាំ​មកហើយៗ​មាន​ទស្សនៈ​ដូចគ្នា​។​​​នេះ​បើតាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ បានបញ្ជាក់​ឱ្យដឹង​។​ ឯក​ឧត្ដម​បន្តថា ​ក្នុងជំនួប​នេះ លោកស្រី ពូ​រី បាន​សំដែង​នូវ​ការគោរព​ជូន​សម្ដេច​តេ​ជោ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្ដេច​ក្នុងការ​ថែរក្សា​សុខសន្តិភាព​និង​ស្ថេរភាព​សង្គម ជាពិសេស​ក្នុង​គ្រា​មាន​កូ​វីដ​-១៩ សម្ដេច​តេ​ជោ​ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ និង​វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជួយ​ដល់​ប្រជាជន​ដែល​បាន​ឆ្លង​ផុតពី​បន្ទាត់​ក្រីក្រ ហើយ​មិន​ឲ្យ​ធ្លាក់​ចុះទៅ​ក្រោម​បន្ទាត់​ក្រីក្រ​វិញ ជួយ​កិច្ច​គាំពារ​សង្គម​ខាង​អាហារ​រូប​ត្ថ​ម្ភ​និង​បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​យ៉ាង​ល្អ​សម្រាប់​វិស័យ​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​ឱ្យមាន​អ្នកបច្ចេកទេស​កសិកម្ម​នៅតាម​ឃុំ​និង​កម្មវិធី​ឆ្លើយតប ដើម្បី​ជំរុញ​ការផលិត​កសិផល​ដែលមាន​គុណភាព​ស្របតាម​តម្រូវការ​ទីផ្សារ​។​​លោកស្រី ពូ​រី បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​សូម​សំដែង​នូវ​ការគោរព​និង​គាំទ្រ​ចំពោះ​កិច្ចប្រឹងប្រែង​ថែរក្សា​សន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​លើ​វិស័យ​កសិកម្ម​។​លោកស្រី​ពូ​រី និង​ជួសមុខ​ឱ្យ​ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​និង​ប្រតិភូ​ទាំងមូល​បាន​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ចំពោះ​ការបង្កើន​វិភាគទាន​ពី ៦០ម៉ឺន ទៅមួយ​លាន​ដុល្លារ សម្រាប់​ឆ្នាំ២០២៥-២០២៨ ដល់​មូលនិធិ​ហើយ​បាន​ប្ដេជ្ញាចិត្ត​បន្ត​គាំទ្រ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែខ្លាំង​ឡើង​កាន់តែ​ធំធាត់​ឡើង​និង​កសិកម្ម​មួយ​ប្រកបដោយ​ភាព​វ័យឆ្លាត​។​​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម​ជា​ដៃគូ​ល្អ​ដែលមាន​អាយុ​ជាង ៣០​ឆ្នាំ​មកហើយ​ហើយ​មាន​ទស្សនៈ​ដូចគ្នា​។​ក្នុងន័យនេះ​ សម្តេច​ថា​ យើង​ត្រូវ​បន្ត​ភាពជា​ដៃគូ​នេះ​តទៅទៀត ហើយ​សម្ដេច​បាន​មានប្រសាសន៍​បន្តថា​កម្ពុ​ជា​ផ្ដល់​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ​គឺ​ចង់​ធ្វើយ៉ាងណា​ឲ្យ​កសិករ ផលិត​ហើយ​ទទួលបាន​ផលចំណេញ ចង់​រក្សា​កុំឱ្យ​អ្នក​ឆ្លង​ផុត​បន្ទាត់​ភាពក្រីក្រ​ហើយ​ធ្លាក់ចុះ​ទៅវិញ ចង់​ជំរុញ​វិស័យ​កសិកម្ម ក​សិ​-​ពាណិជ្ជកម្ម​និង​ក​សិ​-​ឧស្សាហកម្ម ហើយ​សម្ដេច​បាន​សម្ដែង​នូវ​សេចក្តី​រីករាយ​សារជាថ្មី​ម្ដងទៀត ចំពោះ​ភាពជា​ដៃគូ​ដ៏​ល្អ​ជាមួយ​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់​វិស័យ​កសិកម្ម ហើយ​សម្តេច​បានសម្រេច​លើកតម្កើង​វិភាគទាន​របស់​កម្ពុជា​ជួយ​គាំទ្រ​ដល់​មូលនិធិ​ពី ​៦០​ម៉ឺន​ទៅមួយ​លាន​ដុល្លារ​ចាប់ពី​ឆ្នាំ ២០២៥ ដល់​ឆ្នាំ​២០២៨៕​

UN ជជែក​ដេញ​ដោល​អំពី​អនាគត​ជំនួយ​ដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​បម្រាម​លើ​ស្ត្រី

2023/02/02 02:26:30 pm        414
​អាហ្វហ្គានីស្ថាន៖ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ និង​បណ្តា​រដ្ឋ​ជា​សមាជិក​បាន​ជជែក​ដេញ​ដោល​គ្នា​កាល​ពី​ថ្ងៃ​ពុធ ទី១ ខែកុម្ភៈ អំពី​របៀប​បន្ត​ការបញ្ជូន​ជំនួយ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការដាក់​បម្រាម​លើ​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី​ភាគច្រើន ​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋបាល​ក្រុម​តា​លី​បង់​កាលពី​ខែធ្នូ ឆ្នាំ​២០២២​។ និយាយ​នៅ​ក្នុង​សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​គោលបំណង​ផ្តល់​ការ​សង្ខេប​ដល់​បណ្តា​ប្រទេស​នានា ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ទៅកាន់​ទីក្រុង​កា​ប៊ុល ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​ធានា​ថា ​ទីភ្នាក់ងារ​មនុស្សធម៌​នឹង​បន្ត​ធ្វើការ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ជំរុញ​ឱ្យមាន​ការលើកលែង​ចំនួន​ចំពោះ​បម្រាម​។ អគ្គលេខាធិការ​អង្គការ CARE International លោកស្រី Sofia Sprechmann Sineiro បាន​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក និង​ម្ចាស់ជំនួយ​បន្ត​បញ្ជូន​ជំនួយ​ទៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​និយាយថា នេះ​ពុំមែន​ជា​ពេលវេលា​ដើម្បី​បង្វែរ​មូលនិធិ​ទៅកាន់​វិបត្តិ​ផ្សេងទៀត​នោះទេ​។ ទន្ទឹមនឹងនេះតំណាង​មកពី​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អាល្លឺម៉ង់ដែលជា​ម្ចាស់ជំនួយ​មនុស្សធម៌​ធំ​ ស្ថិត​ក្នុង​ចំណោម​ម្ចាស់​ជំនួយជាច្រើន​ទៀត​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ធានា​ការ​គាំទ្រ​របស់​ពួកគេ​ដល់​ប្រទេស​នេះ ហើយ​បាន​យល់ព្រម​បន្ត​ជំរុញ​អាជ្ញាធរ​តា​លី​បង់​មិនឱ្យ​ផ្តល់ជំនួយ​មាន​លក្ខណៈ​ធម្មតា​ ដោយ​គ្មាន​ការចូលរួម​របស់​ស្ត្រី​នោះទេ​។​ ​លោក Griffiths​ និយាយថា ការលើកលែង​មួយ​ចំនួន​សម្រាប់​បម្រាម​លើ​បុគ្គលិក​ផ្តល់​ជំនួយ​ជា​ស្ត្រី ត្រូវបាន​ផ្តល់នៅ​ក្នុង​ផ្នែក​សុខភាព និង​ការអប់រំ ហើយ​មានការ​ចង្អុល​បង្ហាញ​ថា ​វា​អាច​មាន​ការ​លើក​លែង​ក្នុង​វិស័យ​កសិកម្ម​។ ទោះយ៉ាងណា​ការលើកលែង​បន្ថែម​ទៀត​គឺ​ត្រូវការ​ដើម្បី​ការពារ​ជំងឺ​ធ្ងន់ធ្ងរ និង​កង្វះ​អាហារូបត្ថម្ភ ​អំឡុង​ពេល​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕អត្ថបទ៖ ប៊ុនថន

អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B និង​យន្តហោះ​ចម្បាំង​បំបាំង​កាយ​

2023/02/02 12:22:27 pm        283
​កូរ៉េខាងត្បូង៖ យោងតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឱ្យដឹងថា សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បានធ្វើ​សម​យុទ្ធ​ដែនអាកាស​រួមគ្នា​កាលពី​ថ្ងៃ​ពុធ ទី១ ខែកុម្ភៈ ជាមួយនឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ B-1B របស់​អាមេរិក និង​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 ព្រមទាំង​យន្តហោះ​ចម្បាំង F-35 មកពី​ប្រទេស​ទាំងពីរ​។ សមយុទ្ធ​ដែនអាកាស​រួមគ្នា​លើក​នេះ​បង្ហាញ​ពី​ឆន្ទៈ ​និង​សមត្ថភាព​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ផ្តល់​នូវ​ការទប់ស្កាត់​ដ៏​រឹងមាំ និង​អាច​ជឿ​ទុកចិត្ត​ប្រឆាំង​ការគំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ​ទាហាន​អាមេរិក​ជាង ២៨,៥០០​នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង ជា​ការ​បន្សល់ទុក​នៃ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-១៩៥៣ ដែល​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​ច្រើន​ជាង​សន្ធិសញ្ញា​សន្តិភាព​។​ ​ក្រសួងការបរទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០២ ខែ​កុម្ភៈ​នេះ​បាន​ឆ្លើយតប​ថា សមយុទ្ធ​រួមគ្នា​ដោយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួនបាន​រុញច្រាន​ស្ថានការណ៍​ក្លាយ​ខ្សែបន្ទាត់​ក្រហម​ដ៏​ខ្លាំង ​និង​គំរាម​បង្វែរ​ឧបទ្វីប​ទៅជា​ឃ្លាំង​អាវុធ​សង្គ្រាម​ដ៏​ធំ និង​ជា​តំបន់​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​ជាង​មុន​។​ ​អ្នកនាំពាក្យ​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ស្ថានភាព​យោធា និង​នយោបាយ​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​បាន​ឈាន​ដល់​បន្ទាត់​ក្រហម​ខ្លាំង​ ដោយសារតែ​ការ​ធ្វើ​សមយុទ្ធ​ប្រឈម​មុខ​ដាក់គ្នា​ដោយ​យោធា និង​សកម្មភាព​បង្កហេតុ​របស់​សហរដ្ឋ​អាមេរិក និង​កងកម្លាំង​ប្រទេស​ចំណុះ​របស់​ខ្លួន​។ ទីភ្នាក់ងារ KCNA រាយការណ៍​ថា ទីក្រុង​ព្យុងយ៉ាង​មិន​ចាប់អារម្មណ៍​នឹង​ការសន្ទនា​នោះ​ទេ ដរាបណា​ទីក្រុង​វ៉ាស៊ីនតោន​នៅ​បន្ត​គោលនយោបាយ​បង្ក​ហេតុ៕អត្ថបទ៖ ប៊ុនថន

លោកខាងលិច​កំពុង​ប្រញាប់ប្រញាល់​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន ប្រជែង​នឹង​ការ​វាយ​សន្ធាប់​ពី​រុស្ស៊ី​

2023/02/02 11:20:09 am        336
​អ៊ុយក្រែន៖ អ៊ុយ​ក្រែ​ន​បាន​យកឈ្នះ​ការប្ដេជ្ញា​ការផ្ដល់​គ្រឿង​សព្វាវុធ​ថ្មីៗ​ពី​លោកខាងលិច ដែល​នឹង​ជួយ​ទប់ទល់​ការ​វាយបក​ដ៏​ខ្លាំងក្លា​នៅ​ឆ្នាំនេះ ប៉ុន្តែ​ប្រទេស​រុស្ស៊ី​បាន​ព្យាយាម​វាយ​ដណ្ដើមយក​វិញ​ជា​បណ្ដើៗ នៅក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល ​៤៩​សប្ដាហ៍​មកនេះ​។ ​អ៊ុយ​ក្រែ​ន​បាន​ប្រឈម​នឹង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​​ភាគ​ខាងកើត ជាទី​ដែល​កងទ័ព​រុស្ស៊ីដែល​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា ​កម្លាំង​ថ្មី​ចូល​ទៅ​ក្នុង​សមរភូមិ​ជួរមុខ​មកពី​ក្រុម​ទាហាន​ស៊ីឈ្នួល​វ៉េ​កណា​គ្រុប (Wagner Group) កំពុង​បង្កើន​ការ​វាយ​សន្ធាប់​ថ្មី​ដណ្ដើមយក​ដែនដី​បន្ថែម​ទៀត។ ​ការវាយប្រហារ​សន្ធាប់​បាន​កើតមាន​ខ្លាំង​បំផុត​នៅ​ភាគ​ខាងកើត​ទីក្រុង Bakhmut ជាទី​ដែល​មេបញ្ជាការ​អង្គភាព​ទ័ព​អ៊ុយ​ក្រែ​ន​លោក Denys Yarolavskyi និយាយ​ថា ​ទាហាន​រុស្ស៊ី​កំពុង​វាយ​សម្រុក​ខ្លាំង​អំឡុង​សប្ដាហ៍​នេះ​។ ​អ្នកនាំពាក្យ​កងកម្លាំង​នៅ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​លោក Serhiy Cherevaty បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា​ថា ​សមរភូមិ​ប្រយុទ្ធ​ចំនួន ​៤២​កន្លែង​បាន​កើត​ឡើង​នៅ​ចម្ងាយ​ ១៥គីឡូ​ម៉ែត្រ​នៃ​ទីក្រុង Bakhmut ក្នុង​តំបន់ Donetsk​។ ​កងទ័ព​រុស្ស៊ី​បាន​បើក​ការ​ប្រយុទ្ធ​ថ្មី​ដណ្ដើមយក​តំបន់ Vuhledar​ ជាទី​ប្រជុំ​ជន​មួយ​ស្ថិតនៅ​ចម្ងាយ ​៣០​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង Donetsk គ្រប់គ្រង​ដោយ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៧​ ខែ​មករា ប៉ុន្តែ​កងទ័ព​អ៊ុយ​ក្រែ​ន​បាន​ទាត់ចោល​ពី​ការ​វាយ​ដណ្ដើម​បាន​ពី​សំណាក់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

លោក គង់ គាំ ប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន

2023/02/02 10:56:16 am        493
ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ ព្រមទាំងគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមរយៈលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈនេះ លោក គង់ គាំ ក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមក ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។លោក គង់ គាំ បានប្រកាសដោយមានមោទនភាព ដែលសម្តេចបានយល់ស្រប និងគាំទ្រផងដែរនូវឧត្តមគតិ និង គោលជំហររបស់គណបក្សឆន្ទៈខ្មែរ បង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលក្រោយមក លោកមានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ(ប្រឆាំងក្រុមជ្រុលនិយមមានវប្បធម៌ថ្មី (ពិគ្រោះ និង ផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនាមិនទទួលបានជោគជ័យ។លោក គង់ គាំ និងភរិយា រីករាយ និងដឹងគុណចំពោះសណ្តានចិត្ត រំឭក និងយកចិត្តទុកដាក់ សណ្ដោសដល់កូនប្រុសរបសើលោក គឺលោក គង់ បូរ៉ា ចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជា មធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ៕

ក្រសួង​ការងារ​បារាំង​៖​ ការដំឡើង​អាយុ​ចូលនិវត្តន៍​គឺជា​រឿង​មិនអាច​ចរចា​បាន ទោះ​មាន​ការតវ៉ា​ធំ​ក៏ដោយ

2023/02/02 10:34:18 am        318
​បារាំង៖ រដ្ឋមន្ត្រី​ក្រសួង​ការងារ​បារាំង​លោក Oliver Dussopt បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការដំឡើង​អាយុ​ចូលនិវត្តន៍​រហូតដល់​ ៦៤​ឆ្នាំ​គឺជា​រឿង​មិន​អាច​ចរចា​បាន មួយថ្ងៃ​បន្ទាប់ពី​មនុស្ស​ជាង ​១​លាន​នាក់​បាន​ដើរ​ក្បួន​តវ៉ា​ប្រឆាំង​វិធាន​ការដែល​បាន​ស្នើ​ឡើង ហើយ​ប្រធាន​សហជីព​បាន​អំពាវនាវ​ឲ្យ​បន្ត​ការ​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​។ ​ការ​ស្ទង់​មតិ​បង្ហាញ​ថា មតិ​ភាគច្រើន​នៅ​ក្នុង​ប្រទេស​បារាំង​ប្រឆាំង​នឹង​ការដំឡើង​អាយុ​ចូលនិវត្តន៍​ពី ៦២​ឆ្នាំ​ដល់​ ៦៤​ឆ្នាំ ជា​វិធានការ​មួយ​ដែល​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​លើក​ឡើង​ថា វា​ជា​រឿង​ចាំបាច់​ ដើម្បី​ធានា​ឲ្យ​បាន​លទ្ធភាព​ជោគជ័យ​នៃ​ប្រព័ន្ធ​សោធន​និវត្តន៍​។ ​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា មនុស្ស​សរុប​ជាង​ ១លាន ២សែន​នាក់​បាន​ចូលរួម​ក្បួន​តវ៉ា​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​អង្គារ កើន​ឡើង​បន្តិច​ពី​ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​លើកដំបូង​កាលពី​ថ្ងៃ​ទី​១៩ ​ខែ​មករា។ ​នគរបាល​ទីក្រុង​ប៉ារីស​ក៏បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ផង​ដែរ ដើម្បី​បំបែក​ក្រុម​បាតុករ​ ខណៈ​ដែល​ពួកគេ​កំពុង​ដើរ​ក្បួន​ពាសពេញ​ទីក្រុង​នានា​ទូទាំង​ប្រទេស​បារាំង​។ ​លោក Dussopt បាន​ប្រាប់​ទូរទស្សន៍​បារាំង France 2 ថា បើ​យើង​មិន​ដំឡើង​ឲ្យ​ដល់​អាយុ ​៦៤​ឆ្នាំ​ទេ​នោះ ​ប្រព័ន្ធ​សោធន​និវត្តន៍​នឹង​ត្រូវ​ប៉ះពាល់​មិន​ខាន​។ អ្វី​ដែល​មិន​អាច​ចរចា​បាន​គឺ​បញ្ហា​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ប្រព័ន្ធ​សោធន​និវត្តន៍​នេះឯង​៕អត្ថបទ៖ សុខមាន

លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន​ និសូមអភ័យទោសសម្តេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា

2023/02/02 10:21:39 am        449
ភ្នំពេញ៖ លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមិនបន្តប្ដឹងរូបលោក ពាក់ព័ន្ធរឿងដីផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយគ្នានេះលោក គង់ គាំក៏ទទួលស្គាល់កំហុស និងសូមអភ័យទោស ពីសម្ដេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះទង្វើរបស់ខ្លួនកន្លងមកដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងការសុំទោសនេះ លោក គង់ គាំ ក៏ប្រកាសបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀត ចាប់ពីពេលនេះផងដែរ។

មនុស្ស​កន្លះ​លាន​នាក់​ចេញ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​ ដោយសារ​ជម្លោះ​ប្រាក់​បៀវត្ស និង​លក្ខខណ្ឌ​ការងារ​

2023/02/02 09:58:39 am        254
​អង់គ្លេស៖ បុគ្គលិក​បម្រើការ​នៅតាម​ស្ថាប័ន​នានា​ ទូទាំង​ចក្រភព​អង់គ្លេស​ប្រមាណ​កន្លះ​លាន​នាក់ រួមទាំងគ្រូបង្រៀន បុគ្គលិក​នៅតាម​សាកល​វិទ្យាល័យ អ្នក​បើកបរ​រថភ្លើង និង​មន្ត្រីរាជការដែល​បាន​ដើរ​ចេញ​​ពី​ការងារ​បានចេញ​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ពុធ ក្នុង​សកម្មភាព​ដែល​ទទួល​បាន​ការ​សម្រប​សម្រួល​ដ៏​ធំ​បំផុត​រយៈពេល​ជាច្រើន​ឆ្នាំ​ ស្រប​ពេល​មាន​ជម្លោះ​ជុំវិញ​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ នៅតែ​មិនទាន់​ដោះស្រាយ​ចេញ​។ ​បុគ្គលិក​នៅតាម​ស្ថាប័នរដ្ឋ​នានា​ រួម​ទាំង​បុគ្គលិក​ត្រួតពិនិត្យ​លិខិតឆ្លងដែន​នៅ​តាម​អាកាស​យានដ្ឋាន​ទូទាំង​ប្រទេស ​កំពុង​ធ្វើ​កូដកម្ម​ជុំវិញ​ការ​ចំណាយ និង​លក្ខខណ្ឌ​ការងារ ខណៈ​ជីវភាព​ប្រចាំថ្ងៃ​នៅតែ​បន្ត​ធ្លាក់​ចុះ ក្រោយ​ការ​ហក់​ឡើង​អតិផរណា​ខ្ពស់​ជាច្រើន​ឆ្នាំ​មកនេះ​។ ​សមាជិក​គ្រូបង្រៀន​នៃ​សហជីព​អប់រំ​ជាតិ​នៅ​ក្នុង​ចក្រ​ភព​អង់គ្លេស​ និង​ដែនដី Wales បាន​ដើរ​ចេញពី​ការ​ជា​លើកដំបូង​ជាច្រើន​ថ្ងៃ​មកនេះ​ ដែល​ធ្វើ​ឲ្យ​សាលារៀន​ចំនួន​ ២៣.៤០០ ត្រូវ​បិទទ្វារ​។ ​សហជីព​សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​បាន​និយាយថា បុគ្គលិក​ប្រមាណ ៧០.០០០​នាក់​នៅ​សាកលវិទ្យា​ល័យ​ចំនួន ​១៥០កន្លែង​ទូទាំង​ចក្រភព​អង់គ្លេស កំពុង​ធ្វើ​កូដកម្ម​ដំបូង​ក្នុង​រយៈពេល​ ១៨​ថ្ងៃ​ពាក់ព័ន្ធ​ជម្លោះ​ជុំវិញ​ការចំណាយ​លើ​ជីវភាព លក្ខខណ្ឌ​ការងារ និង​ប្រាក់​សោធន​និវត្តន៍របស់​ពួកគេ ហើយ​ការដើរ​ចេញពី​ការងារ​របស់​ពួកគេ​នឹង​ប៉ះពាល់​ដល់​សិស្ស​-​និស្សិត​ប្រមាណ ២.៥លាន​នាក់​នៅ​ចន្លោះ​ខែកុម្ភៈ​នេះរហូតដល់​ខែមីនាខាងមុខ​។​ ​ជាការ​ឆ្លើយ​តបអ្នកនាំពាក្យ​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak បាន​និយាយថា ការធ្វើ​កូដកម្ម​មិន​ចូល​បម្រើ​ការ​ងារ​នេះនឹង​រំខាន​ដល់​ជីវភាព​ប្រចាំថ្ងៃ​ប្រជាពលរដ្ឋ ហើយ​ការចរចា​គឺជា​ជម្រើស​ល្អ​បំផុត​ ប្រសើរ​ជាង​មិន​ព្រម​ចូលធ្វើការ​បែបនេះ៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់

2023/02/02 07:31:00 am        314
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២​ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។គួរបញ្ជាក់ថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។ បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។ការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ និងជាការលើកទឹកចិត្តបន្ថែមទៀតឱ្យសិស្សានុសិស្សទាំងអស់ ក៏ដូចជាសិស្សានុសិស្សដែលត្រូវប្រឡងនាឆ្នាំបន្តបន្ទាប់អោយខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យពីរទីតាំងនៅក្រុងប៉ោយប៉ែតរកឃើញជនជាតិឥណ្ឌូនេស៊ីចំនូន៨១នាក់រស់នៅប្រមូលផ្តុំ
06/28/2026 07:06 PM
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងបើកកម្មវិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
06/28/2026 05:06 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ
06/28/2026 04:06 PM
សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
06/28/2026 04:06 PM
មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំស្ដង់ទទួលថវិកាបរិច្ចាគ ក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ នៅផ្លូវថ្មើរជើងចតុមុខ
06/28/2026 03:06 PM
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីប្រកាសសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តត្បូងឃ្មុំចំនួនជាង២ពាន់នាក់
06/28/2026 03:06 PM
ជនជាតិចិន១៧០នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/28/2026 02:06 PM
អ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
06/28/2026 02:06 PM
មេបញ្ជាការកងទ័ពជើងទឹក៖ កងទ័ពជើងទឹកបន្តអនុវត្តជាប់ជានិច្ចនូវការងារហ្វឹកហ្វឺន បំប៉នជំនាញដើម្បីលើក កម្ពស់សមត្ថភាពរបស់យោធិន
06/28/2026 01:06 PM
អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា
06/28/2026 01:06 PM