សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​អនុម័ត​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់

2023/01/24 03:15:16 pm        388
​អឺរ៉ុប៖ រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀងគ្នា​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​បែងចែក​ប្រាក់ ៥០០​លាន​អឺរ៉ូ​ទៀត​សម្រាប់​ជំនួយ​យោធា​នៅ​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី និង​អង្គការ​អ៊ីរ៉ង់​ជាង ៣០ ដែល​ត្រូវ​បាន​ដាក់​កំហុស​ចំពោះ​ការបង្ក្រាប​ដ៏​ឃោរឃៅ​លើ​ក្រុម​បាតុករ​។ កិច្ចព្រមព្រៀង​ស្តីពី​ការ​ផ្តល់​ជំនួយ​លើក​ទី​ប្រាំពីរ​ដល់​អ៊ុយ​ក្រែ​ន បានធ្វើ​ឡើង​នៅពេលដែល​រដ្ឋមន្ត្រី​ការបរទេស​ទាំង ២៧​ប្រទេសរបស់​សហភាព​អឺរ៉ុប​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល បន្ទាប់ពី​បណ្តា​ប្រទេស​លោក​ខាង​លិច​បរាជ័យ​កាលពី​សប្តាហ៍​មុន ​ក្នុងការ​ព្រមព្រៀង​លើ​ការបញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទៅកាន់​ទីក្រុង Kyiv ប៉ុន្តែ​បាន​សន្យា​ផ្តល់​ការគាំទ្រ​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​។ ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​បាន​អនុម័ត​កញ្ចប់​ជំនួយ ៥០០លាន​អឺរ៉ូរួមជាមួយ​នឹង ៤៥លាន​បន្ថែមទៀត​សម្រាប់​ឧបករណ៍​ និង​សម្រាប់​បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​របស់​សហភាព​អឺរ៉ុប​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន​។ លោក​និយាយ​ថា អាល្លឺម៉ង់​បាន​បញ្ជាក់​ក្នុង​អំឡុង​កិច្ចប្រជុំ​ថា ​ខ្លួន​នឹងមិន​ហាមឃាត់​ប្រទេស​ដែល​ទិញ​រថក្រោះ Leopard របស់​ខ្លួន​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ឡើយ​។ រថក្រោះ Leopard របស់​អាល្លឺម៉ង់ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​សាក​សម​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ទីក្រុង​ប៊ែ​កឡាំង​ត្រូវតែ​អនុញ្ញាត​ឱ្យ​លក់ ប៉ុន្តែ​ប្រទេស​ពុំ​ទាន់​សម្រេច​​ឲ្យ​ធ្វើ​ដូច្នេះ​នៅឡើយ​។​ ​លើ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ លោក Borrell បាន​និយាយថា ទណ្ឌកម្ម​នឹង​កំណត់​គោលដៅ​អង្គភាព និង​មន្ត្រីជាន់ខ្ពស់​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​។ អ្នក​ដែលជា​គោលដៅ​មិនអាច​ធ្វើដំណើរ​ទៅ​សហភាព​អឺរ៉ុប​បានទេ ហើយ​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាននៅ​សហភាព​អឺរ៉ុប​អាច​ត្រូវបាន​បង្កក​។ ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ទីក្រុង​តេ​អេ​រ៉ង់បាន​ធ្លាក់ចុះ​ក្នុងអំឡុង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ជាប់គាំង ​ក្នុងការ​ស្តារឡើងវិញ​នូវ​កិច្ចពិភាក្សា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការពារជាតិ​រុស្ស៊ីនិយាយថា រុស្ស៊ី និង​លោកខាងលិច​កាន់តែ​ខិតជិត​សង្គ្រាម​មែនទែន​ហើយ​

2023/01/24 12:33:34 pm        1088
​រុស្ស៊ី៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បង្ហាញ​ថា ជម្លោះ​រវាង​រុស្ស៊ី និង​លោក​ខាងលិច​អាច​ត្រូវ​បាន​លែង​ចាត់​ទុកជា​សង្គ្រាម​កូនកាត់​ទៀតហើយ ផ្ទុយទៅវិញ​វា​កំពុង​ខិតចូល​កាន់តែ​ជិត​ក្លាយជា​សង្គ្រាម​ពិតប្រាកដ​។​ ​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​លោកស្រី Naledi Pandor លោក Lavrov ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ជម្លោះ​ដែល​ជិត​ក្លាយ​ជា​សង្គ្រាម​មែនទែន​នេះ ​គឺជា​អ្វីមួយ​ដែល​លោក​ខាង​លិច​បាន​កំពុង​ត្រៀម​ជា​យូរ​មក​ហើយ​ដើម្បី​ទប់​ទល់នឹង​រុស្ស៊ី។ ប្រមុខ​ការទូត​រូប​នេះ​បាន​អះអាងថា មហាអំណាច​លោក​ខាងលិច​កំពុង​ព្យាយាម​បំផ្លាញ​គ្រប់យ៉ាង​របស់​រុស្ស៊ី ចាប់ពី​ភាសា​រហូតដល់​វប្បធម៌​ដែល​មាន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​សតវត្សរ៍​មកនេះ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​និយាយ​ភាសា​កំណើត​របស់​ពួកគេ​។ ​លោក Lavrov​ បាន​ចង្អុល​បង្ហាញ​ថា ការ​អនុវត្តន៍​បែបនេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​អតីត​ប្រធានាធិបតី​លោក Pyotr Poroshenko និង​មេដឹកនាំ​បច្ចុប្បន្ន Vlodimir Zelensky ដែល​មេដឹកនាំ​ទាំង​២ ​នោះ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ឈ្លក់​នឹង​សង្គ្រាម​។ លោក​ក៏បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ពី​បទ​បិទ​ភ្នែក​បិទ​ត្រចៀក​ចំពោះ​ការពិត​ដែល​ថា កងកម្លាំង​របស់​ទីក្រុង Kiev នៅតែ​បន្ត​ជ្រើសរើស​គោលដៅ និង​បើក​ការវាយប្រហារ​បំភិតបំភ័យ​ជន​ស៊ីវិល​។ លោក​ខាង​លិច​ដឹង​ច្បាស់​ណាស់​ថា របប​អ៊ុយ​ក្រែ​ន​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុង​តូច ធំ ដោយ​ប្រើ​អាវុធ​ផ្គត់ផ្គង់​ដោយ​លោក​ខាងលិច​៕អត្ថបទ៖ សុខមាន

ការបាញ់ប្រហារ​ថ្មី​ធ្វើឱ្យ​កក្រើក​រដ្ឋ​កាលីហ្វ័រ​ញ៉ា ខណៈ​នគរបាល​ស៊ើបអង្កេត​ឃាតកម្ម​នៅ​ក្លឹប​រាំ​

2023/01/24 11:58:06 am        271
​អាមេរិក៖ មនុស្ស ៧​នាក់​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​ថ្មី​មួយទៀត​ ដែល​បាន​ធ្វើឱ្យ​កក្រើក​រដ្ឋ​កាលីហ្វ័រ​ញ៉ា​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​រយៈពេល​មិន​ដល់​ ៤៨​ម៉ោង​ផង​ បន្ទាប់ពី​បុរស​អាយុ ៧២​ឆ្នាំ​ម្នា​ក់​បាន​បាញ់សម្លាប់​មនុស្ស​ ១១​នាក់​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​នៅក្នុង​ក្លឹប​រាំ​ក្នុង​ទីក្រុង Los Angeles។ ​លោកស្រី Christina Corpus អធិការ​តំបន់​ San Mateo បាន​និយាយថា មនុស្ស​ ៧​នាក់​បាន​ស្លាប់ និង​ម្នាក់​រង​របួស​នៅក្នុង​ការបាញ់​ប្រហារ​ ២​លើក ហើយ​ពលរដ្ឋ​នៅ​សហគមន៍ Half Moon Bay អាយុ ៦៧​ឆ្នាំ​ម្នាក់​ឈ្មោះ Zhao Chunli ត្រូវ​បាន​ចាប់ខ្លួន​នាំទៅ​កាន់​មន្ទីរឃុំឃាំង​។​ ខណៈ​សោកនាដកម្ម​ថ្មី​បាន​កើតឡើង ក្រុម​អ្នកស៊ើប​អង្កេត​នៅតែ​បន្ត​ស៊ើបអង្កេត​ ពី​អ្វី​ដែល​បាន​ជំរុញ​ឱ្យ​ជនអន្តោប្រវេសន៍​អាស៊ី​វ័យ​ចំណាស់​ម្នាក់​ បាញ់សម្លាប់​មនុស្ស​ចំនួន ១១​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នៅ​ក្លឹប​រាំ​កម្សាន្ត​មួយ​នៅ​ជាយក្រុង មុន​ពេល​សម្លាប់​ខ្លួនឯង​។ ជនសង្ស័យ​ឈ្មោះ Huu Can Tran បាន​ប្រើប្រាស់​កាំភ្លើងខ្លី​ពាក់កណ្ដាល​ស្វ័យប្រវត្តិ នៅ​ក្នុង​ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ឧទ្យាន Monterey Park កាល​ពី​យប់​ថ្ងៃ​សៅរ៍ដោយ​បាន​សម្លាប់​បុរស និង​ស្ត្រី​ក្នុង​វ័យ ៥០​ឆ្នាំ, ៦០​ឆ្នាំ និង ៧០​ឆ្នាំ​៕អត្ថបទ៖ ប៊ុនថន

នគរបាល​ប៉េ​រូ​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល ​ខណៈ​វិបត្តិ​នយោបាយ​នៅតែ​បន្ត​

2023/01/24 11:16:57 am        581
​ប៉េរូ៖ នគរបាល​បង្ក្រាប​កុបកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ​ដើម្បី​បំបែក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ការ​រំជើបរំជួល​ថ្មីនៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ប៉េ​រូ ហើយ​រដ្ឋមន្ត្រីក្រសួង​មហារ​ផ្ទៃ​របស់​ប្រទេស​នេះ​បាន​និយាយ​ថា ​មក​ទល់នឹង​ពេលនេះ​ពុំទាន់​មើល​ឃើញ​ពី​សញ្ញា​ធូរស្រាល​ នៃ​ភាព​ចលាចល​ក្នុង​ប្រទេស​នៅឡើយ​ទេ​។ ​ក្រុម​បាតុករ​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​តវ៉ា​នៅ​កណ្ដាល​រដ្ឋធានី​លី​ម៉ា​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឲ្យ​លោក​ស្រី​ប្រធានាធិ​បតី Dina Boluarte ចុះ​ចេញពី​តំណែង ដោយ​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ស្រែក​ថា ឃាតក​ Dina រហូត​ទាល់តែ​នគរបាល​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​វិបត្តិ​នេះ​បង្កឡើង​ដោយ​ការ​ទម្លាក់​ប្រធានាធិបតី​ឆ្វេង​និយម និង​ជន​ជាតិ​ដើម​ភាគតិច​លោក Pedro Castillo ​ចេញពី​តំណែង​កាលពី​ដើម​ខែ​មុន ភាគច្រើន​កើត​ចេញពី​ការ​មិន​ស្មើភាព​គ្នារវាង​ឥស្សរជន​ក្នុង​ទីក្រុង​របស់​ប្រទេស​ប៉េ​រូ ​និង​ជន​ជាតិ​ដើម​ភាគតិច​ជនបទ​ក្រីក្រ​នៅ​តំបន់​ភ្នំ​អង្គ ​(Andean)​ ភាគ​ខាង​ត្បូង​ ដែល​បាន​មើល​ឃើញ​លោក​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួនឯង។​ ​ភាព​រំជើបរំជួល​​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ ៤៦​នាក់​ស្លាប់​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ។ ​នគរបាល​ប៉េ​រូ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ ២០០​នាក់ដោយ​ចោទប្រកាន់​ពី​បទ​ព្យាយាម​ចូល​ដោយ​ខុសច្បាប់ ​ទៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​លី​ម៉ា។​ ​បន្ទាប់ពី​ការ​ប្រមូលផ្ដុំ​ដ៏​ធំ​កាលពី​សប្ដាហ៍​មុន​ក្នុង​រដ្ឋធានី​លី​ម៉ា គម្រោង​ជួបជុំ​មួយទៀត​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុម​បាតុករ​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី Boluarte ចុះ​ចេញពី​តំណែង ទោះបីជា​ក្រុម​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ក៏ដោយ​៕អត្ថបទ៖ សុខមាន

ប្រទេស​ប៉ូឡូញ​ព្យាយាម​បង្កើត​ក្រុមចម្រុះ​ដើម្បី​បញ្ជូន​រថក្រោះ​ Leopard ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​

2023/01/24 10:31:32 am        598
​​ប៉ូឡូញ​៖ ប្រទេស​ប៉ូឡូញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ មករា​ថា ខ្លួន​នឹង​ស្នើសុំ​ការអនុញ្ញាត​ឲ្យ​អាល្លឺម៉ង់​បញ្ជូន​រថក្រោះ​ Leopard ទៅកាន់​អ៊ុយ​ក្រែ​ន ហើយនឹង​បញ្ជូន​រថក្រោះ​ទាំងនោះ​ថា ​តើ​ទីក្រុង​ប៊ែ​រ​ឡាំង​យល់ព្រម ​ឬ​អត់ ដរាបណា​ប្រទេស​ផ្សេងទៀត​បាន​ធ្វើ​ដូចគ្នា​ផងដែរ​។​ ​រដ្ឋាភិបាល​ក្រុង Kyiv ចង់បាន​រថក្រោះ​ Leopard 2 ផលិត​ដោយ​អាល្លឺម៉ង់ មួយ​ក្នុងចំណោម​រថក្រោះ​ភាគច្រើន​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​លោកខាងលិច ដើម្បី​ជួយ​បំបែក​ខ្សែ​ត្រៀម​របស់​រុស្ស៊ី និង​ដណ្ដើមយក​ដែនដី​របស់ខ្លួន​មក​វិញ​ឲ្យ​បាន​នៅ​ឆ្នាំនេះ។ ​ប្រទេស​អាល្លឺម៉ង់​ដែល​ត្រូវតែ​យល់ព្រម​លើ​ការនាំចេញ​ឡើងវិញ​នូវ​ប្រភេទ​រថក្រោះ Leopard បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ និង​ការប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ ​ដែល​អាច​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង​ជាមួយ​ទីក្រុង Moscow ហើយ​និយាយថា ​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ផ្សេងទៀត ​មិន​ទាន់​បាន​ស្នើសុំ​ជា​ផ្លូវការ​ឲ្យ​នាំចេញ​រថក្រោះ​ទាំងនោះ​ឡើងវិញ​នៅឡើយ​ទេ​។ ​កាលពី​ថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់លោកស្រី​ Annalena Baerbock បាន​និយាយថា អាល្លឺម៉ង់​នឹងមិន​រារាំង​ប៉ូឡូញ​ក្នុង​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ទេ ប៉ុន្តែ​ការ​អំពាវនាវ​របស់​ទីក្រុង​វ៉ា​សា​វី (Warsaw) ឲ្យ​បង្កើត​ក្រុមចម្រុះ​ ដើម្បី​បញ្ជូន​អាវុធ​ណាមួយ​នៅតែ​មិន​ទាន់​មាន​ច្រក​នៅឡើយ។ ​ប្រភព​ចំនួន​៣ ​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោកខាង​លិច​បាន​ប្ដេជ្ញា​ផ្ដល់​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ កាលពី​ថ្ងៃ​ចន្ទ​បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប បាន​ព្រមព្រៀង​បញ្ចេញ​កញ្ចប់​ថវិកា​ចុង​ក្រោយ​របស់​ខ្លួន ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥៤៥​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន៕អត្ថបទ៖ សុខមាន

ប៉ា​គី​ស្ថាន​ប្រញាប់ប្រញាល់​ត​ភ្ជាប់​បណ្ដាញ​ថាមពល​ ក្រោយ​ដាច់​ចរន្តអគ្គិសនី​លើក​ទី​២ ​ក្នុងពេល​ជាច្រើន​ខែ​

2023/01/24 09:50:06 am        743
​ប៉ា​គី​ស្ថាន​៖ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ធ្លាក់​ក្នុង​ភាព​ងងឹត​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីក្រុង​តូច​ធំ​ជាច្រើន ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​គ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​។ អគ្គិសនី​ត្រូវបាន​ដាច់​នៅក្នុង​ទីក្រុង​សំខាន់ៗ​ទាំងអស់​រួមទាំង​ទីក្រុង​ធំ​បំផុត​កា​រ៉ា​ជី (Karachi) និង​រដ្ឋធានី​អ៊ី​ស្លា​ម៉ា​បាដ (Islamabad) ព្រមទាំង​ទីក្រុង​ឡា​ហ័​រ (Lahore) និង​ទីក្រុង​ផេ​សាវ៉ា ​( Peshawar)​។​ ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​ចាប់ផ្ដើម​ត​ភ្ជាប់​ចរន្តអគ្គិសនី​ឡើងវិញ​ ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​ដាច់​បណ្ដាញ​ថាមពល ​ដែល​ក្លាយ​ជា​ការ​ដាច់​ចរន្តអគ្គិសនី​ធំ​បំផុត​មិន​ធ្លាប់​មាន​រយៈពេល​ជាង​ ១២​ម៉ោង​ក្នុង​រយៈពេល​ជាច្រើន​ខែ​មកនេះ និង​បាន​បង្ហាញ​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ នៃ​ប្រទេស​ដែល​រួមរឹត​ដោយ​បំណុល​មួយ​នេះ​។ ​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​លោក Khurrum Dastagir បាន​និយាយ​ថា ការ​ដាច់​ចរន្តអគ្គិសនី​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​។ មក​ទល់​នឹង​យប់មិញ​នេះបណ្ដាញ​ចរន្ត​អគ្គិសនី​នៅ​ក្នុង​តំបន់​ជាច្រើន នៅតែ​ពុំ​ទាន់​បាន​ត​ភ្ជាប់​ឡើងវិញ​នៅឡើយ​ទេ​។ ប្រទេស​ប៉ា​គី​ស្ថានតែង​រង​ការ​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​ ដែល​ត្រូវ​បាន​ដាក់​ការស្ដីបន្ទោស​ទៅលើ​ការគ្រប់គ្រង​មិនបាន​ល្អ និង​កង្វះ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ​ការ​ដាច់​ចរន្តអគ្គិសនី​ដ៏​ធំ​ចុង​ក្រោយ​បំផុត​បាន​កើត​ឡើង​កាលពី​ខែ​តុលា ដែល​ត្រូវការ​ពេល​ជាច្រើន​ម៉ោង​ទើប​អា​ចត​ភ្ជាប់​ឡើងវិញ​បាន​៕អត្ថបទ៖ សុខមាន

ប្រជាជន​ចិន​បួងសួង​សុំ​សុខ​ភាព​ល្អ​ក្នុង​ថ្ងៃ​ចូលឆ្នាំ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ Covid-19 កើនឡើង​

2023/01/23 03:12:42 pm        687
​ចិន៖ ប្រទេស​ចិន​បាន​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ចាប់តាំងពី​ថ្ងៃអាទិត្យ ដោយមាន​ពលរដ្ឋ​ជាច្រើន​បាន​បួងសួង​សុំ​សុខ​ភាពល្អ ​បន្ទាប់ពី​ភាព​តានតឹង ​និង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​រយៈពេល ៣ឆ្នាំ​ដោយ​សារ​ជំងឺ​រាតត្បាត ខណៈ​មន្ត្រី​បាន​រាយការណ៍​ថា​មាន​អ្នក​ស្លាប់​ថ្មី​ជិត ១៣,០០០នាក់​ដែល​បណ្តាល​មកពី​វីរុស​នេះ​នៅ​ចន្លោះ​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៩ ខែមករា​។ ​មនុស្ស​ជាច្រើន​ជួរ​លាតសន្ធឹង​ប្រហែល​មួយ​គីឡូម៉ែត្រ​នៅ​ខាងក្រៅ​វិហារ Lama ដ៏​ល្បីល្បាញ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​បិទ​ម្តង​ហើយ​ម្តង​ទៀត​មុន​ពេល​វិធានការ​រឹតត្បិត​វីរុស COVID-19 បាន​បញ្ចប់​កាលពីដើម​ខែធ្នូ ដោយ​មនុស្ស​រាប់ពាន់នាក់​រង់ចាំ​វេន​របស់​ពួកគេ ​ដើម្បី​បួងសួង​ដល់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន​។ ហិរញ្ញវត្ថុ ឬ​ជីវិត​របស់​មនុស្ស​គ្រប់គ្នា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយ​ជំងឺ​រាតត្បាត​រយៈពេល​បី​ឆ្នាំ​មកនេះ​។ ​អ្នក​ជំនាញ​សុខភាព​ចិន​និយាយ​ថា រលក​នៃ​ករណី​ឆ្លង​នៅ​ទូទាំង​ប្រទេស​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​។ ការ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អ្នកស្លាប់​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិនធ្វើឡើង​ ក្នុង​ពេល​មានការ​សង្ស័យ​លើ​តម្លាភាព​ទិន្នន័យ​របស់​ទីក្រុង​ប៉េកាំង ហើយ​នៅតែមាន​កម្រិត​ទាប​បំផុត​តាម​ស្តង់ដារ​ពិភពលោក៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​កើនឡើង​ដល់​ ១៦​នាក់​ បន្ទាប់ពី​ការបាក់​រលំ​អគារ​នៅ​ទីក្រុង Aleppo ប្រទេស​ស៊ី​រី​

2023/01/23 12:31:36 pm        597
​ស៊ីរី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា មនុស្ស​ ១៦​នាក់​ស្លាប់នៅពេលដែល​អគារ​លំនៅ​ឋាន​មួយកន្លែង​បាន​បាក់​រលំ​នៅក្នុង​ទីក្រុង​ Aleppo ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃអាទិត្យ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ស្វែងរក​មនុស្ស​ដែល​ត្រូវបាន​គេ​ជឿថា ​នៅតែមាន​កប់​នៅក្រោម​គំនរ​បាក់​បែក​។ ​​មន្ត្រី​រដ្ឋាភិបាល​ត្រូវបាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន​រដ្ឋ​និយាយ​ថា អគារ​កម្ពស់​ ៥​ជាន់​នៅ​ក្នុង​សង្កាត់ Sheikh Maksoud ក្នុង​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​ស៊ី​រី​បាន​បាក់​រលំ​ ដោយសារតែ​ការ​លេច​ទឹក​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​គ្រឹះ​អគារ​។ វា​ជា​អគារ​មួយ​ក្នុងចំណោម​អគារ​ជាច្រើន​ដែល​បាន​បាក់​រលំ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅ​ទីក្រុង​Allepo ដែល​បាន​ទទួលរង​ពី​ការទម្លាក់​គ្រាប់បែក​ពីលើ​អាកាស​របស់​រុស្ស៊ី​ និង​ស៊ី​រី នៅក្នុង​តំបន់​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម រហូតដល់​ក្រុម​នេះ​ត្រូវបាន​បណ្តេញចេញ​កាលពី​ ៦​ឆ្នាំមុន​។​ ​ប្រជាជន​និយាយថា ពលរដ្ឋ​ស៊ី​រី​ជាច្រើន​នាក់​ដែល​ភៀសខ្លួនបាន​ចាកចេញ​ ក្នុងអំឡុងពេល​ជម្លោះ​យូរ​ជាង​មួយ​ទសវត្សរ៍ទៅកាន់​អគារ​ដែល​រង​ការបំផ្លាញ ​ខណៈ​ពុំទាន់​មានការ​ស្ថាបនា​ឡើងវិញ​ជា​ប្រព័ន្ធ​នៅ​តំបន់​លំនៅឋាន ហើយ​សេវាកម្ម​រដ្ឋ​នៅមាន​តិចតួច​។ ​ពលរដ្ឋ​និយាយថា ការងារ​ជួសជុល​អគារ​ដែល​រង​ការបំផ្លាញ​ដោយ​សង្គ្រាម មាន​ករណី​ជាច្រើន​ដែល​ប្រជាជន​ក្នុង​តំបន់​បានធ្វើ និង​ចំណាយ​ដោយ​ខ្លួនឯង​។ រដ្ឋាភិបាល​បាន​បន្ទោស​ការ​ងើប​ឡើងវិញ​យឺត និង​ការលំបាក​ពី​សង្គ្រាម និង​ទណ្ឌកម្ម​ប្រទេស​លោកខាងលិច​៕អត្ថបទ៖ ប៊ុនថន

គណបក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក Biden ជុំវិញ​ការរកឃើញ​ឯកសារ​ដែលថា លោក​បាន​លាក់ទុក​

2023/01/23 11:10:24 am        621
​អាមេរិក៖ អ្នកតំណាងរាស្ត្រ​នៅ​ក្នុង​គណបក្ស​របស់​លោក​ប្រធានាធិបតី Joe Biden ខ្លួនឯង​កំពុង​រិះគន់​កាន់​តែ​ខ្លាំង​លើ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ជុំវិញ​ការគ្រប់គ្រង​ឯកសារ​សំងាត់​រដ្ឋ​មិនបាន​ត្រឹម​ត្រូវ បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត FBI បាន​រឹបអូស​ឯកសារ​ដែល​ត្រូវ​បាន​ផ្ទៀងផ្ទាត់​រួច​បន្ថែម​ទៀត អំឡុង​ការ​ឆែកឆេរ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Wilmington រដ្ឋ Delaware​។​ ​ថ្លែង​ទៅកាន់​កម្មវិធី​ទូរទស្សន៍ Morning talk shows របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ​សមាជិក​ព្រឹទ្ធសភា​ចាស់​វស្សាមកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Manchin និង​លោក Dick Durbin បាន​ស្ដីបន្ទោស​មេដឹកនាំ​បក្ស​របស់​ខ្លួនចំពោះ​ការបរាជ័យ​ក្នុងការ​គ្រប់គ្រង​ឯកសារ​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​គេហដ្ឋាន​របស់​មេ​បក្ស​ខ្លួន។​ ​ឯកសារ​ទី​៤ ត្រូវ​បាន​រកឃើញ​នៅពេល​ក្រុម​អ្នកស៊ើប​អង្កេត​របស់​ទីភ្នាក់ងារ FBI បាន​ឆែកឆេរ​ឃើញ​នៅ​គេហដ្ឋាន​របស់​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ​មេធាវី​មួយរូប​របស់លោក Biden បាន​និយាយ​ថា ក្រុម​អ្នកស៊ើប​អង្កេត​របស់​ក្រសួងយុត្តិធម៌​អាមេរិក បាន​រក​ឃើញ​ឯកសារ​ផ្ទៀងផ្ទាត់​រួច​ចំនួន ​៦​បន្ថែមអំឡុង​ការ​ឆែកឆេរ​រយៈពេល​ ១៣​ម៉ោង​នៅ​គេហដ្ឋាន​របស់​លោក​ប្រធានាធិបតី Joe Biden ក្នុង​រដ្ឋ Delaware។​ ការ​រក​ឃើញ​នេះ​បាន​កើតមានឡើង មួយថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​គ្មាន​ការ​សោកស្ដាយ​ឡើយ​ចំពោះ​ការ​ដោះ​ស្រាយ​ស្ថានការណ៍​នេះ៕អត្ថបទ៖ សុខមាន

សម្ព័ន្ធមិត្ត​លោក Putin៖​ ការបញ្ជូន​អាវុធ​ថ្មី​របស់លោក​ខាងលិច​ឲ្យ​ទៅ​អ៊ុយ​ក្រែ​ន​នឹង​នាំ​ទៅ​រក​មហន្តរាយ​សកល​

2023/01/23 10:42:30 am        681
​រុស្ស៊ី៖ សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​មួយរូប​របស់លោក​ប្រធានាធិបតី Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ ការផ្ដល់​អាវុធ​ឲ្យ​ទីក្រុង​ Kyiv ដែល​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​រុស្ស៊ី​ នឹង​នាំ​ទៅ​រក​មហន្តរាយ​សក​ល និង​បង្ក​ឲ្យ​ផ្ទុះ​ជម្លោះ​ប្រឆាំង​នឹង​ការប្រើប្រាស់​អាវុធ​មហា​ប្រល័យ​ ដែល​មិន​អាច​ទទួល​យក​បាន​។ ​លោក Vyacheslav Volodin ប្រធាន​សភា​រុស្ស៊ី​បាន​ព្រមាន​ថា ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក និង​លោក​ខាង​លិច​កំពុង​ដឹកនាំ​ពិភពលោក​ឈាន​ទៅ​រក​សង្គ្រាម​ដ៏​ធ្ងន់ធ្ងរ​។ លោក Volodin បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ប្រសិនបើ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​សមាជិក​សម្ព័ន្ធ​ណា​តូ​ផ្គត់ផ្គង់​អាវុធ ​ដែល​នឹង​ត្រូវ​ប្រើ​ដើម្បី​វាយប្រហារ​លើ​ទីក្រុង​ស៊ីវិល​នានា និង​មានបំណង​ដណ្ដើមយក​ទឹកដី​របស់​យើង ដូចដែល​ពួកគេ​គំរាម​មែន​នោះ នឹង​នាំ​ឲ្យ​មាន​វិធានការ​សងសឹក​នានា​ដោយ​ប្រើ​អាវុធ​កាន់​តែ​មាន​ឥទ្ធិពល​បន្ថែម​ទៀត​។ ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​អាវុធ​ មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយ​ក្រែ​ន​កាលពី​សប្ដាហ៍​មុន ទោះបីជា​ពួកគេ​បាន​បរាជ័យ​យ៉ាងណាក្ដី​ ក្នុង​ការ​បញ្ចុះបញ្ចូល​ប្រទេស​អាល្លឺម៉ង់ឲ្យ​ដក​សិទ្ធិ​វ៉េតូ​លើ​ការ​ផ្ដល់​រថក្រោះ​ប្រយុទ្ធ​លី​អូ​ផាត (Leopard) ​ផលិត​ដោយ​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ជា​សមាជិក​ណា​តូ ប៉ុន្តែ​ការផ្ទេរ​ទៅ​អ៊ុយ​ក្រែ​ន​ទាមទារ​ការ​យល់​ព្រម​ពី​ទីក្រុង​ប៊ែ​រ​ឡាំង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ
06/27/2026 06:06 PM
តំបន់​គ្រីមៀប្រកាសស្ថានភាព​គ្រា​អាសន្ន បន្ទាប់ពីអ៊ុយក្រែនវាយប្រហារបណ្តាញថាមពល
06/27/2026 05:06 PM
លោក Zelenskyy៖ មីស៊ីល Flamingo បានវាយប្រហារដោយជោគជ័យ​ លើ​រោងចក្រយោធាដ៏​សំខាន់របស់រុស្ស៊ី
06/27/2026 04:06 PM
អ៊ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់​អាមេរិក ដោយចោទប្រកាន់ថា រំលោភលើកិច្ចព្រមព្រៀងសន្តិភាព
06/27/2026 04:06 PM
មនុស្សយ៉ាងតិច ២នាក់ស្លាប់ ខណៈកោះ​តៃវ៉ាន់ជូនដំណឹងថ្មី អំពីភ្លៀងធ្លាក់ខ្លាំង ក្រោយ​មាន​ទឹកជំនន់គ្រប់ទីកន្លែង​
06/27/2026 03:06 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
06/27/2026 03:06 PM
ទីក្រុងសេអ៊ូល បញ្ជាក់​ថា យន្តហោះយោធាចិន និងរុស្ស៊ី ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន
06/27/2026 03:06 PM
អ្នកគាំទ្រក្រុម​ហេសបូឡា ចេញមក​តាមដងផ្លូវទីក្រុងបេរូត ដើម្បីតវ៉ា​កិច្ចព្រមព្រៀងជាមួយ​អ៊ីស្រាអែល
06/27/2026 03:06 PM
អ្នកការទូតជាន់ខ្ពស់​ប៉ាគីស្ថាន និងអ៊ីរ៉ង់ បញ្ជាក់ពី​ការប្តេជ្ញាចិត្ត ចំពោះសន្តិភាពក្នុងតំបន់ ក្រោយ​មាន​ការវាយប្រហារថ្មី
06/27/2026 03:06 PM
លោក Trump បង្ហាញលិខិតឆ្លងដែនសហរដ្ឋ​អាមេរិកថ្មីដែល​មាន​រូបភាពរបស់លោក​
06/27/2026 03:06 PM