សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ ​១៨០​នាក់​មកដល់​ប្រទេស​ឥណ្ឌូនេស៊ី

2022/12/27 02:34:14 pm        268
​​ឥណ្ឌូនេស៊ី៖ ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ១៨៥​នាក់បាន​មកដល់​ឆ្នេរសមុទ្រ​នៅ​ទីក្រុង​អា​ឆេ (Aceh) ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទ មួយថ្ងៃ​បន្ទាប់ពី​ទូក​មួយគ្រឿង​ផ្សេងទៀត​ដឹក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៥៧នាក់បាន​មកដល់​ខេត្ត​នេះ បន្ទាប់ពី​បាន​អណ្តែត​ជិត​មួយខែ​នៅលើ​សមុទ្រ​។ ទូក​ពីរ​គ្រឿង​ផ្សេងទៀត​ដែល​ដឹក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​សរុប ២៣០នាក់​បាន​ចូល​ចត​នៅ​ខេត្ត​អា​ឆេ​ (Aceh) កាលពី​ខែ​មុន ខណៈកងទ័ពជើងទឹក​រប​ស់​ប្រទេស​ស្រីលង្កា​បាន​ជួយសង្គ្រោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ១០៤នាក់​ក្នុង​ខែ​នេះ​។ ​ក្រុម​សិទ្ធិមនុស្ស​បានប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ចាក​ចេញពី​ប្រទេស​បង់​ក្លា​ដែ​ស ​តាម​ទូក​នៅ​ឆ្នាំនេះ​បាន​កើនឡើង​ជាង ៥ដង​ធៀប​នឹង​ឆ្នាំមុនមាន​ចំនួន​ដល់​ជិត ២,៤០០នាក់​។ វា​មិន​ច្បាស់​នោះទេ​ថា តើ​ការដក​វិធានការ​រឹតត្បិត​វីរុស COVID-19 នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដែលជា​គោលដៅ​ពេញចិត្ត បាន​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​ប្រញាប់ប្រញាល់​មកកាន់​តំបន់​នេះ​។​ ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាជិត ១លាន​នាក់​មកពី​សហភាព​មី​យ៉ាន់​ម៉ា កំពុង​រស់នៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​ដែល​ភាគច្រើន​ជា​ជន​មូស្លីម រួមទាំង​រាប់ម៉ឺន​នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ បន្ទាប់ពី​យោធា​របស់​ប្រទេស​បាន​បង្ក្រាប​ដ៏​ឃោ​រឃៅ​កាលពី​ឆ្នាំ២០១៧​។ នៅ​សហភាព​មី​យ៉ាន់​ម៉ាដែល​ភាគច្រើន​កាន់សាសនា​ព្រះពុទ្ធ ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​បដិសេធ​មិន​ផ្តល់​សញ្ជាតិ ហើយ​ត្រូវបាន​គេ​មើលឃើញថា ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​មកពី​អាស៊ី​ខាងត្បូង​៕អត្ថបទ៖ ប៊ុនថន

អង្គការ​សហប្រជាជាតិ​ជួប​ក្រុម​តា​លី​បង់ និង​ជំរុញ​ឲ្យ​កែប្រែ​បម្រាម​មិន​ឲ្យ​ស្ដ្រី​ធ្វើការ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​

2022/12/27 12:40:37 pm        267
​អាហ្វហ្គានីស្ថាន៖ យោង​តាម​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ ប្រធានស្ដីទី​នៃ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប្រាប់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ស្ដីទី​របស់​រដ្ឋបាល​តា​លី​បង់​ ឲ្យ​កែប្រែ​ការសម្រេច​ក្នុង​ការ​ហាមប្រាម​ស្ត្រី​មិន​ឲ្យ​ចូល​បម្រើ នៅតាម​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​អំឡុង​កិច្ចប្រជុំ​។ ​បេសកកម្ម​ផ្ដល់​ជំនួយ​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​ហៅ​កាត់​ថា UNAMA បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​លាន​នាក់​ត្រូវការ​ជំនួយ​មនុស្សធម៌ ហើយ​ការ​ដក​បម្រាម​នេះ​គឺជា​រឿង​សំខាន់ ដោយ​បន្ថែមថា ប្រធាន​ស្ដីទី ​និង​ជា​អ្នក​សម្រប​សម្រួល​ជំនួយ​មនុស្ស​ធម៌​ របស់បេសកកម្ម​ផ្ដល់ជំនួយ​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក ​Ramiz Alakbarov បាន​ជួប​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​របស់​ក្រុម​តា​លី​បង់​គឺ​លោក Mohammad Hanif​។ ក្រសួង​សេដ្ឋកិច្ច​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជា​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា ក្នុងស្រុក និង​បរទេស​មិន​ឲ្យ​ទទួលយក​ស្ត្រី​ធ្វើជា​បុគ្គលិក​រហូត​មានការ​ជូនដំណឹង​បន្ថែម​។​ បទបញ្ជា​នានា​ពុំបាន​ដាក់​ជូន​ដោយ​ផ្ទាល់​ទៅ​អង្គការសហប្រជាជាតិ​ជាតិ​ទេ ប៉ុន្តែ​ភាគច្រើន​នៃ​កម្មវិធី​របស់​ខ្លួន​ត្រូវ​បាន​អនុវត្តន៍​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​បាន​ដាក់​គោល​ទៅ​លើ​បទបញ្ជា​នោះ​។​ ​កាលពី​ចុង​សប្ដាហ៍​មុននេះ សហ​ភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បានថ្កោល​ទោស​ក្រុម​តា​លី​បង់ ​ចំពោះ​បម្រាម​មិន​ឲ្យ​ស្ត្រី​ចូល​បម្រើ​ការងារ​តាម​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​និង​បាន​និយាយថា​ បម្រាម​នេះ​ប៉ះពាល់​ដល់​ដំណើរ​ការ​ផ្ដល់​ជំនួយ​ក្នុងប្រទេស​នេះ​។ ​ជាមួយគ្នា​នោះក្រុមមន្ត្រី​មកពី​អង្គការសហប្រជាជាតិ និង​អង្គការ​ក្រៅរដ្ឋាភិបាល​រាប់​សិប​ស្ថាប័នបាន​ជួប​ពិភាក្សា​គ្នា ​អំពី​ស្ថានភាព​នេះ​ក្នុង​ទីក្រុង​កា​ប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​៕ អត្ថបទ៖ សុខមាន

ប្រធានាធិបតី Xi ជំរុញឱ្យមាន​វិធាន​ការការពារ​អាយុជីវិត ខណៈ​ប្រទេស​ចិន​ប្រយុទ្ធ​រលក​ COVID-19

2022/12/27 12:04:42 pm        254
​ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping កាលពី​ថ្ងៃ​ចន្ទបាន​ជំរុញ​ឱ្យ​ក្រុមមន្ត្រី​ចាត់វិធានការ​ដើម្បី​ការពារ​អាយុជីវិត នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់លោក​ស្តីពី​ជំងឺ COVID-19 ចាប់តាំងពី​ទីក្រុង​ប៉េកាំង​បាន​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​យ៉ាងខ្លាំង​នៅក្នុង​ខែ​នេះ​។ ដោយ​ភាគច្រើន​បាន​កាត់ផ្តាច់​ចេញពី​ពិភពលោក​ទាំងមូល​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត ពេលនេះ​ប្រទេស​ចិន​កំពុង​ជួបប្រទះ​ការកើនឡើង​ករណី​ឆ្លង​វីរុស​ច្រើន​បំផុត បន្ទាប់ពី​បាន​ដកចេញ​វិធានការ​រឹតត្បិត​ភ្លាមៗ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ ការសិក្សា​បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ប្រហែល ១លាន​នាក់​អាច​ស្លាប់​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ខាងមុខនេះ​។ បច្ចុប្បន្នប្រជាជន​ជាច្រើន​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ថ្នាំពេទ្យ ខណៈ​អគារ​ពេទ្យ​សង្គ្រោះបន្ទាន់​ចង្អៀត​​ដោយ​លំហូរ​នៃ​អ្នកជំងឺ​វ័យ​ចំណាស់​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ យោងតាម​ទូរទស្សន៍​រដ្ឋ CCTV ​បាន​ឲ្យ​ដឹង​ថា លោក Xi បាន​និយាយ​នៅក្នុង​ការណែនាំថា ពេលបច្ចុប្បន្ន​នេះការបង្ការ ​និង​គ្រប់គ្រង​វីរុស COVID-19 នៅក្នុង​ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​ស្ថានភាព​ថ្មី និង​ភារកិច្ច​ថ្មី​។ លោក Xi និយាយថា យើង​គួ​តែ​ចាប់ផ្តើម​យុទ្ធនាការ​សុខភាព​​ជាតិ ក្នុង​មធ្យោបាយ​មាន​ទិសដៅ ពង្រឹង​បណ្តាញ​ការ​ពារ​សហគមន៍​សម្រាប់​ការបង្ការ ​និង​គ្រប់គ្រង​ជំងឺ​រាតត្បាត និង​ការពារ​ជីវិត​មនុស្ស សុវត្ថិភាព និង​សុខភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​។​ ​មន្ទីរពេទ្យ និង​ទី​បូជាសពនៅ​ទូទាំងប្រទេស​បាននឹងកំពុង​ពេញ​ទៅដោយ​អ្នកជំងឺ និង​ជនរងគ្រោះជំងឺ COVID-19 ខណៈ​គណៈកម្មការ​សុខភាព​ជា​តិ​របស់​ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា​ ខ្លួន​នឹង​បញ្ឈប់​ការចេញផ្សាយ​ស្ថិតិ​នៃ​ករណី​ឆ្លង​ឆ្លង និង​អ្នកស្លាប់​ប្រចាំថ្ងៃ​នៅ​ទូទាំងប្រទេស​។ ទីក្រុង​ប៉េកាំង​បាន​ទទួលស្គាល់ថា​ ទំហំ​នៃ​ការ​ផ្ទុះឡើង​វីរុស​គឺ​មិនអាច​ធ្វើទៅបាន​ក្នុងការ​តាមដាន បន្ទាប់ពីបញ្ចប់​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​ជា​កាតព្វកិច្ច ដោយសារ​ប្រជាជន​ពុំ​ប្រកាស​លទ្ធផល​តេស្ត​ជា​កាតព្វកិច្ច​ដល់​អាជ្ញាធរ​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ១៣​នាក់​ស្លាប់​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ខណៈ​រំខាន​ដល់​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​នៅ​ហ្វីលីពីន

2022/12/27 11:21:12 am        261
​ហ្វីលីពីន៖ ក្រុម​អាជ្ញាធរ​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទបាន​រាយការណ៍​ថា​ មនុស្ស​យ៉ាងហោចណាស់​ ១៣​នាក់​បាន​ស្លាប់ដោយសារ​ទឹកជំនន់​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខេត្ត​មួយចំនួន​ភាគខាងត្បូង ខណៈ​ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែលត្រូវបាន​រំខាន សម្រាប់​មនុស្ស​រាប់ពាន់​នាក់​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​ជម្លៀស​ចេញពី​លំនៅឋាន​។​រូបភាព​នៅតាម​បណ្ដាញ​សង្គម​បង្ហាញ​ពី​ក្រុម​បុគ្គលិក​សង្គ្រោះ​ កំពុង​ជួយ​ប្រជាពលរដ្ឋ​ចេញពី​ទឹកជំនន់​ជម្រៅ​ត្រឹម​ទ្រូង បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ​២​ថ្ងៃ​ជាប់​គ្នា​នៅ​ភាគ​កណ្ដាល និង​ខាងត្បូង​ប្រទេស​ហ្វីលីពីន។ ក្នុង​ការសរុប​ចំនួន​ជន​រងគ្រោះ​ចុងក្រោយ​របស់ខ្លួន ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិបាន​រាយការណ៍​អ្នកស្លាប់​ចំនួន​ ១៣នាក់ភាគច្រើនបាន​ស្លាប់ដោយសារ​លង់ទឹក ខណៈ​មនុស្ស​ ២៣​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។ ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះភាគច្រើន​រស់នៅ​តាម​តំបន់​ភ្នំ​ និង​ខេត្ត Misamis Occidental ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​។​ទិន្នន័យ​ពី​ក្រសួង​សុខុមាលភាព​សង្គម​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ជិត ​៤៦.០០០​នាក់កំពុង​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដោះអាសន្ន​។ ប្រជាពលរដ្ឋ​ម្នាក់​រស់នៅក្នុង​ខេត្ត Misamis Occidental បាន​ប្រាប់​វិទ្យុ DZRH ថា យើង​ត្រូវការ​អាហារ។ ផ្ទះសម្បែង​ និង​សត្វ​ចិញ្ចឹម​របស់​យើងហូរ​កួច​ទៅ​តាម​ទឹកជំនន់​អស់ហើយ ​គ្មាន​សល់​អ្វី​ទេ សូម្បីតែ​សម្លៀកបំពាក់​៕អត្ថបទ៖ សុខមាន

អ្នកស្លាប់​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ជប៉ុន​កើនឡើង​ដល់​ ១៧នាក់ និង ​៩៣​នាក់​រងរបួស​

2022/12/27 10:29:22 am        373
​ជប៉ុន៖ មនុស្ស​ចំនួន​ ១៧​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​ស្លាប់ និង​ ៩៣​នាក់​រង​របួស​ដោយសារ​ព្រិល​ធ្លាក់​ខ្លាំង​។ ​ចំនួន​នេះ​ទទួល​បាន​ពី​ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​របស់​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ អ្នក​ស្លាប់​មាន​ត្រឹមតែ​ ១១​នាក់​ប៉ុណ្ណោះ​។ ក្រុម​មន្ត្រី​បាន​ព្រមាន​ពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​កំពុង​កាយ​ព្រិល​ចេញពី​លំនៅឋាន​របស់​ពួកគេ​។​ អ្នក​ស្លាប់​ថ្មីៗ​ភាគច្រើន​បាន​កើតឡើង​នៅ​ពេល​មនុស្ស​ធ្លាក់ ពេល​កំពុង​កាយ​ព្រិល​ចេញពី​ដំបូល​ផ្ទះ​របស់​ពួកគេ។ ​ក្នុងចំណោម​អ្នក​ស្លាប់​រួម​ស្ត្រី​ចំណាស់​វ័យ​ប្រហែល​ ៧០​ឆ្នាំ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ក្រោម​គំនរ​ព្រិល​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង Nagai ស្ថិត​ចំងាយ​ប្រមាណ​ ១៨០​ម៉ា​យល៍​ភាគ​ខាងជើង​ទីក្រុង Tokyo​។ ​ព្រិល​បាន​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ភាគ​ខាងជើង​ប្រទេស​នេះ ដែល​បាន​ប៉ះពាល់​ដល់​ស្ថានីយ​បញ្ជូន​ថាម​ពល​អគ្គិសនី​មួយ ដោយ​កាត់ផ្ដាច់​ការ​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​ប្រមាណ ​២០.០០០​គ្រួសារ​ពុំ​មាន​ថាមពល​អគ្គិសនី​នៅ​ព្រឹក​ថ្ងៃបុណ្យ Christmas​។ មន្ត្រី​និយាយ​ថា ក្រោយមក​នៅ​ថ្ងៃ​ដដែល ពលរដ្ឋ​ភាគច្រើន​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឡើងវិញ៕អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ឡើងដល់ ​៥៧​នាក់ ខណៈ​សីតុណ្ហភាព​ត្រជាក់ និង​ព្រិល​ធ្លាក់​ខ្លាំង​វាយប្រហារ​សហរដ្ឋអាមេរិក

2022/12/27 10:05:50 am        325
​អាមេរិក៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ព្យុះ​ព្រិល​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​បានសម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៧​នាក់​នៅ​សហរដ្ឋអាមេរិក រួម​ទាំង ​២៧​នាក់​នៅ​តំបន់ Erie ភាគ​ខាងលិច​រដ្ឋ New York​។ ​អភិបាល​តំបន់​លោក Mark Poloncarz បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ថា គេ​រំពឹងថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ព្រិល​ដ៏​ខ្លាំងក្លា​នេះអាច​នឹង​កើន​ឡើង​ថែមទៀត ខណៈ​ព្រិល​នៅតែ​បន្ត​គ្រប​ដណ្ដប់តំបន់ Erie ដែល​បណ្ដាល​ឲ្យ​ផ្លូវ​នានា​នៅ​ក្នុង​តំបន់​ជាច្រើន​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បាន រួមទាំង​ភាគច្រើន​នៅក្នុង​ទីក្រុង Buffalo​។ ​អភិបាលរដ្ឋ New York និយាយថា ព្យុះ​ព្រិល​រដូវរងា​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ​នេះ ​បាន​បោកបក់​ពាសពេញ​អាមេរិក​ខាងជើង និង​ប្រែ​ទីក្រុង Buffalo ដូចជា​តំបន់​សង្គ្រាម​។ ​យោង​តាម​សារព័ត៌មាន​ NBC News ដោយ​បោកបក់​ចេញពី​តំបន់​ Great Lakes ជិត​ប្រទេស​កាណាដា​រហូតដល់​តំបន់ Rio Grande ស្ថិត​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ព្រិល​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៥៧​នាក់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​។ ​ចំនួន​អ្នកស្លាប់​ត្រូវបាន​កត់ត្រា​​នៅក្នុង​រដ្ឋ​ចំនួន ​១២ ​ដូចជា​រដ្ឋ ​Colorado, Illinois, Kansas, Kentucky, Michigan, Missouri, Nebraska, New York, Ohio, Oklahoma, Tennessee និង​រដ្ឋ Wisconsin៕ អត្ថបទ៖ សុខមាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តជនកាកបាទក្រហមកម្ពុជា

2022/12/27 08:19:46 am        354
ភ្នំពេញ៖ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិសរុបប្រមាណ ៨០នាក់។ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងដោយក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនិវត្តន៍ជន និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាតាំងពីដើមរហូតមក ដែលអ្នកខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។សមិទ្ធផល ស្នាដៃ និងជោគជ័យ តាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺបានដោយសារការចូលរួមពីបងប្អូននិវត្តន៍ជន និងមន្ត្រី​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា​យេីងទាំងអស់ ដែលបាននិងកំពុងជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ។ល។ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ជាចុងក្រោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរដល់និវត្តន៍ជន គណៈកម្មាធិការកណ្តាល​ មន្ត្រី​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា​ទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៣ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញដឹកនាំប្រជុំបូកសរុបការងាររបស់កាកបាទក្រហមកម្ពុជាប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត

2022/12/27 07:59:47 am        313
ភ្នំពេញ៖​កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស បានបើកកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាល នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា រសៀល ថ្ងៃទី ២៦ ធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំ រួមមាន៖ឆ្លងសេចក្តីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិឆ្នាំ២០២២ស្នើសុំការអនុម័តលើផែនការមូលនិធិសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៣បញ្ហាផ្សេងៗ។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានធ្វើរបាយការណ៍បូកសរុបការងារឆ្នាំ២០២២ដោយរំលេចពីព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យពី ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា រួមជាមួយសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានធ្វើឱ្យសមាគមជាតិមានមូលនិធិទាំងនៅថ្នាក់កណ្តាល និងតាមសាខាទាំងរាជធានី-ខេត្ត សម្រាប់ធ្វើប្រតិបត្តិការ។ក្នុងឆ្នាំ២០២២ នេះ កាកបាទក្រហមកម្ពុជា សម្រេចបានការជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតបានចំនួន ៧៣.១៣៤ គ្រួសារ (ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន ៨.៥២០ គ្រួសារ) កសាងផ្ទះបាន ចំនួន ១០៤ ខ្នង និងបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារទៀត។ ចំណែកសមិទ្ធផលសំខាន់ៗ ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០។របាយការណ៍បានរំលេចពីការងារតាមវិស័យដូចជាវិស័យអាទិភាពគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុដែលក្នុងវិស័យនេះបានផ្តល់ស្បៀងសម្រាលជីវភាពរបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតចំនួន ១៨.៥៣៩គ្រួសារ សាខាបានសង់ផ្ទះ ១២ខ្នង និងផ្តល់ស័ង្កសីជួសជុល ផ្ទះរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១.២២៥គ្រួសារ។ ក្នុងការកសាងភាពធន់សហគមន៍ ដែលសហការជាមួយសមាគមជាតិកាកបាទក្រហមចិន, កាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងចំនួន៤ បង្គន់អនាម័យចំនួន២៧២ កន្លែងលាងសម្អាតដៃនៅក្នុងមណ្ឌលសុខភាពចំនួន២ ក្នុងឃុំចំនួន ២ នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ក្នុងពេលដែលរាជរដ្ឋាភិបាលទទួលដោះស្រាយ១០០% ក្នុងការផ្តល់ពូជស្រូវ ស្បៀង និងថវិកា ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស កាកបាទក្រហមកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការតម្រង់ទិសដល់ក្រុមប្រតិបត្តិរបស់សាខាទាំង ២៥រាជធានី-ខេត្ត ស្តីពីការពង្រឹងសមត្ថភាពភស្តុភារ ការប្រកាសព័ត៌មានជាមុន ការរាយការណ៍ពីផលប៉ះពាល់របស់មុខសញ្ញារងគ្រោះ និងទម្រង់ប្រតិបត្តិការឆ្លើយតប។ ជាមួយគ្នានោះ ថ្នាក់កណ្តាលក៏បានបញ្ជ្រាបការយល់ដឹងពីហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុដល់សាខា សម្រាប់ជាមូលដ្ឋាននៃការគិតគូរដោះស្រាយផលប៉ះពាល់នានាតាមសហគមន៍ផងដែរ។ក្នុងការចូលរួមកាត់បន្ថយហានិភ័យបង្កដោយការប្រែប្រួលអាកាសធាតុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានដឹកនាំសកម្មភាពដាំដើមឈើជាង ១.២០០ដើម នៅមជ្ឈមណ្ឌលពុទ្ធសាសនាកម្ពុជា។ ចំណែក សាខារាជធានី-ខេត្ត សម្រេចបានការដាំដើមឈើ សរុបប្រមាណ ៥.៣៧៥ដើម នៅតាមទីសាធារណៈ និងគ្រឹះស្ថានសិក្សានានា រួមទាំងបានដាំកូនឈើកោងកាង សរុប ២.០០០ដើម នៅតាមដងព្រែកកោងកាងសាងស្នេហ៍ ឃុំតានៃ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈ ពិការ របួស និងបាត់បង់ទ្រព្យសម្បត្តិរដ្ឋ ឯកជន បង្កដោយគ្រោះថ្នាក់ចរាចរណ៍ កាកបាទក្រហមកម្ពុជា និងសាខាទាំង២៥ រាជធានី-ខេត្ត សម្រេចបានការធ្វើយុទ្ធនាការទូទាំងប្រទេសស្តីពីសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំខែ្មរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក ធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ប្រកបដោយបរិយាប័ន្ន និងគំាពារកុមារ បានចំនួន ៥៧៧លើក មានអ្នកទទួលផលសរុប ១៣៣.៥០៩នាក់ (ស្រីចំនួន ៧៣.៥៦០នាក់) និងអ្នកមានពិការភាពចំនួន១.៧៦៩នាក់។ លើសពីនេះទៅទៀត បាន កសាងជម្រាល ចំនួន ៦កន្លែង សម្រាប់ជនមានពិការភាពចំនួន ១.៣៥៣នាក់។វិស័យអាទិភាព សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍កាកបាទក្រហមកម្ពុជា បានបន្តផ្តល់ថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា (លើកទី៥) ដែលត្រូវជាលើកទី១១ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងថវិកា ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ (លើកទី៤) ។ការងារអប់រំផ្សព្វផ្សាយលើកកម្ពស់ពីសារប្រយោជន៍នៃការថែទាំសុខភាពមាតា ទារក និងកុមារ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ថ្លើមប្រភេទបេ ជំងឺស្វាយពីម្តាយទៅកូន និងការងារត្រូវបានអនុវត្តតាមយន្តការ ការងារឥស្សរជនឆ្នើមថ្នាក់ជាតិគ្របដណ្តប់ទូទាំងប្រទេស និងអនុវត្តជាប្រចាំក្នុងយុទ្ធនាការឈានឆ្ពោះទិវាដ៏សំខាន់ ចំនួន ៣ គឺ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា និង ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ។ក្នុងការងារអភិវឌ្ឍសុខភាពសហគមន៍វិញ កាកបាទក្រហមកម្ពុជា បានផ្តោតលើការសាងសង់កន្លែងលាងសម្អាតដៃតាមគ្រឹះស្ថានសិក្សា ដែលជារួមមានព្រះសមិទ្ធផល សម្តេចម៉ែជាអម្ចាស់ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅខេត្តមណ្ឌលគីរី ជាអណ្ដូងទឹកស្អាតចំនួន៣ កន្លែងលាងសម្អាតដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នង (មាន៤បន្ទប់) ក្នុងវិទ្យាល័យចំនួនមួយ និងសាលាបឋមសិក្សាចំនួន៦ សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ២.៤០០នាក់ និងកន្លែងលាងសម្អាតដៃចំនួន៦ និងបង្គន់អនាម័យចំនួន ៣ខ្នង (មាន ៩បន្ទប់) សម្រាប់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥.០២០នាក់ ក្នុងវិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សាចំនួន១ នៅក្នុងក្រុង១ ស្រុក៤ នៃខេត្តកំពង់ធំ។ លើសពីនេះទៅទៀត ដោយមានការជួយឧបត្ថម្ភពី សហព័ន្ធអន្តរជាតិ កាកបាទក្រហមសិង្ហបូរី និងកាកបាទក្រហមកូរ៉េ សមិទ្ធផលបន្ថែមទៀតមានអណ្តូងស្នប់មានម៉ូទ័រ១៩ កន្លែងលាងសម្អាតដៃ៤២ បន្ទប់អនាម័យ៣៣ និងស៊ីទែនទឹក១៧ មានអ្នកទទួលផលសរុប ៣៨.៣០៧នាក់ ។វិស័យអាទិភាព ការអភិវឌ្ឍស្ថាប័ន កាកបាទក្រហមកម្ពុជា អាចពង្រឹងបានភាពជាម្ចាស់របស់សាខាទាំង២៥រាជធានី-ខេត្ត ទៅតាមទិសវិមជ្ឈ ការ វិសហមជ្ឈការ, សាខានីមួយៗ មានសមត្ថភាពក្នុងការបំផុសចលនាកៀរគររកមូលនិធិ និងជំនួយឧបត្ថម្ភ ព្រមទាំងដឹកនាំ គ្រប់គ្រងសាខាតាមអភិក្រមអភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាព។ ចំណែក ថ្នាក់កណ្តាលវិញ បាននឹងកំពុងបន្តតួនាទីជួយគាំទ្របច្ចេកទេស កសាងសមត្ថភាព និងបណ្តុះបណ្តាលសមត្ថភាពជំនាញដូចជា ផែនការអភិវឌ្ឍសាខា អនុសាខាជាដំណាក់កាល តាមទិសស្លោក “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសាកល” នៃយុទ្ធសាស្ត្រ ២០២១-២០៣០។ការងារអភិវឌ្ឍធនធានហិរញ្ញវត្ថុ ៖ ទិវា ៨ឧសភា បានក្លាយជាទិវាដ៏សំខាន់ និងចាំបាច់របស់ថ្នាក់កណ្តាល និងគណៈកម្មាធិការសាខាក្នុងការបំផុសសប្បុរសជនកៀរគររកមូលនិធិ។ បទពិសោធន៍ថ្មីឆ្នាំនេះ ឃើញថា គណនីទទួលថវិកា តាមធនាគារ ABA អាចទទួលថវិកាពីសប្បុរសបានច្រើនជាងមុន។ ការងារសមាជិកភាពនៅតែបន្ត ដោយឆ្នាំនេះមានចុះបញ្ជីនៅថ្នាក់កណ្តាល ២.៩៤៥នាក់ និងសាខាទាំងអស់ ៥៧.០៩៩នាក់។លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក បានអានជូននូវរបាយការណ៍ចំណូល-ចំណាយមូលនិធិឆ្នាំ២០២២ ហើយអង្គប្រជុំបានអនុម័ត ជាមួយនឹងអនុសាសន៍បន្តពង្រឹងការធ្វើសវនកម្ម ដើម្បីធានាបានការជឿទុកចិត្តពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងអនុម័តផែនការ ចំណាយជាអាទិភាពឆ្នាំ២០២៣ ដែលជាកញ្ចប់ថវិកាមិនស្ថិតនៅក្នុងមូលនិធិទទួលបានពីសប្បុរសជន ។កាកបាទក្រហមកម្ពុជា ប្តេជ្ញានឹងបន្តបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈឱ្យកាន់តែប្រកបដោយគុណតម្លៃថែមទៀត ជាពិសេស ក្នុងការអប់រំផ្សព្វផ្សាយឱ្យសហគមន៍ពង្រឹងការអនុវត្ត “៣ការពារ ៣កុំ”, រួមសាមគ្គីគ្នាចូលរួមអនុវត្តយុទ្ធសាស្ត្រស្តីពី “ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩” និង “យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី”។សម្តេចប្រធានបានថ្លែងអំណរគុណនិងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកាកបាទក្រហមគ្រប់ថ្នាក់សាខារាជធានីខេត្តទាំងអស់ដែលបានខិតខំបំពេញការងារក្នុងឆ្នាំ២០២២ក៏ដូចជាពេលកន្លងមកបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋបានភ្លាមៗទាន់ពេលវេលានៅពេលពលរដ្ឋជួបការលំបាកឬគ្រោះធម្មជាតិផ្សេងៗនិងបានផ្តាំផ្ញើឱ្យបន្តយកចិត្តទុកដាក់ឱ្យកាន់តែសកម្មថែមទៀតនៅឆ្នាំ២០២៣។សម្តេចបញ្ជាក់ថា ទោះជាយ៉ាងនេះក្តីថ្នាក់កណ្តាលនឹងជួយដល់សាខានៅពេលមានតម្រូវការ ឆ្លើយតបក្នុងករណីហួសពីលទ្ធភាពរបស់សាខានីមួយៗ៕…………

ក្រុម​ផ្តល់ជំនួយ​បរទេស​បាន​ផ្អាក​ការងារ​ បន្ទាប់ពី​ក្រុម​តា​លី​បង់​ហាមប្រាម​បុគ្គលិក​ស្ត្រី​មិន​ឲ្យ​ធ្វើ​ការងារ

2022/12/26 03:12:13 pm        395
​អាហ្វហ្គានីស្ថាន៖ អង្គការ​មិនមែន​រដ្ឋាភិបាល ​(NGO) ធំៗ​ចំនួន​៥ បាន​ផ្អាក​ការងារ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​មិនឱ្យ​ធ្វើ​ការងារ​។ អង្គការ Care International ជា​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ប្រទេស​ន័​រវេ​ស (NRC) និង​អង្គការ Save the Children បាន​និយាយថា ពួកគេ​មិនអាច​បន្តការងារ​បាន​នោះទេ ​បើ​គ្មាន​បុគ្គលិក​ស្ត្រី​របស់​យើង​។ គណៈកម្មាធិការ​ជួយសង្គ្រោះ​អន្តរជាតិ​ក៏បាន​ផ្អាក​សេវា​របស់ខ្លួន​ផងដែរ ខណៈ​ក្រុម​សង្គ្រោះ​ឥស្លាម​បាន​និយាយថា ខ្លួន​កំពុង​ផ្អាក​ការងារ​ភាគច្រើន​។ ក្រុម​តា​លី​បង់​ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាននឹងកំពុង​ដាក់​គំនាប​លើ​សិទ្ធិ​ស្ត្រី​ជា​បន្តបន្ទាប់​។ សេចក្តីប្រកាស​ចុងក្រោយ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​ហាមប្រាម​ស្ត្រី​ មិនឱ្យ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​។ លោក Abdel Rahman Habib អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​របស់​ក្រុម​តា​លី​បង់ បាន​ចោទ​បុគ្គលិក​ស្ត្រី​នៅ​ក្រុម​អង្គការ​ផ្តល់ជំនួយ​បរទេស ​ពី​ការបំពានច្បាប់​ស្លៀក​សំលៀកបំពាក់​ និង​កន្សែង​រុំ​មុខ​។ ក្រុមតា​លី​បង់បាន​គំរាម​លុបចោល​អាជ្ញាប័ណ្ណ​របស់​អង្គការ​ណា ​ដែល​មិន​គោរព​តាម​បម្រាម​នេះ​។ ក្រុម​ផ្តល់ជំនួយ​មួយចំនួន​បាន​និយាយ​រិះគន់ និង​ទាមទារ​ឱ្យ​ស្ត្រី​ត្រូវបាន​អនុញ្ញាតឱ្យ​បន្តធ្វើ​ការងារ​។ ប្រធាន​អង្គការ Care, NRC និង​អង្គការ Save the Children បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា អង្គការ​មិនអាច​ចូល​ទៅដល់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់ ​ដែល​ត្រូវ​ការ​ជំនួយ​ចាំបាច់​ចាប់តាំងពី​ខែសីហា ឆ្នាំ២០២១ បាន​នោះទេ ប្រសិនបើ​គ្មាន​បុគ្គលិក​ជា​ស្ត្រី​។ លោក Ramiz Alakbarov អ្នកសម្របសម្រួល​ជាន់ខ្ពស់​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិបាន​និយាយថា អង្គការសហប្រជាជាតិ​កំពុង​ព្យាយាម​ធ្វើឱ្យ​ការដាក់​បម្រាម​នេះ​ដកចេញ​វិញ ព្រោះ​វា​ជា​បន្ទាត់​ក្រហម​សម្រាប់​សហគមន៍​មនុស្សធម៌​ទាំងមូល​។ លោក​បាន​ប្រាប់​សារព័ត៌មាន BBC ថា អង្គការសហប្រជាជាតិ​អាច​បញ្ឈប់​ការផ្តល់​ជំនួយ​មនុស្សធម៌​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ប្រសិនបើ​អាជ្ញាធរ​ក្រុម​តា​លី​បង់​មិន​លុបចោល​សេចក្តីប្រកាស​របស់​ពួកគេ ​ដែល​ហាមប្រាម​បុគ្គលិក​ផ្តល់ជំនួយ​ស្ត្រី។ ប៉ុន្តែ​លោក Alakbarov បាន​និយាយថា វា​នៅតែ​មិន​ច្បាស់​ថា ​តើ​ក្រុម​តា​លី​បង់មានបំណង​ចង់បាន​អ្វី​តាម​ការប្រកាស​របស់ខ្លួន​នោះ​៕អត្ថបទ៖ ប៊ុនថន

គណៈកម្មការ​សុខភាព​ជាន់ខ្ពស់​ចិន​បញ្ឈប់​ការ​ចេញ​ទិន្នន័យ​ឆ្លង ​COVID-19​ ប្រចាំថ្ងៃ ខណៈ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់

2022/12/26 02:34:37 pm        366
​ចិន៖ អាជ្ញាធរ​សុខភាព​ជាន់​ខ្ពស់​របស់​ប្រទេស​ចិន​បាន​ប្រកាស​ថា ​ខ្លួន​បាន​បញ្ឈប់​ការចេញផ្សាយ​ចំនួន​ករណី​ឆ្លង Covid-19 ប្រចាំថ្ងៃ​ហើយ ខណៈ​របាយការណ៍​នានា​អះអាង​ថា ​ចំនួន​ពិតប្រាកដ​មាន​ច្រើនជាង​ទិន្នន័យ​ផ្លូវ​ការដែល​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​អាជ្ញាធរ​។ ​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ព័ត៌មាន​ទាក់ទង​ករណី​ឆ្លង​នឹងត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺឆ្លង​ជំនួស​វិញ ដែលជា​ផ្នែក​មួយ​ត្រូវបាន​គ្រប់​គ្រង​ដោយ​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន។ ការសម្រេចចិត្ត​ក្នុង​ការផ្ទេរ​ការ​រាប់​ចំនួន​ករណី​ឆ្លង​ ទៅ​ឲ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​នេះ​មាន​ឡើង ខណៈ​ចិន​ឆ្លងកាត់​រលក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដ៏​ច្រើន​មិន​ធ្លាប់​មាន ក្រោយ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​នានា​។​ ​សេចក្ដីថ្លែងការណ៍​នេះពុំបាន​និយាយ​ទេ​ថា ​តើ​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​របស់​ចិននឹង​ចេញផ្សាយ​របាយការណ៍​ករណី​ឆ្លង​វីរុស Covid-19 ញឹកញាប់​ប៉ុណ្ណា​។ តាម​ធម្មតា​មជ្ឈមណ្ឌល​គ្រប់​គ្រង ​និង​បង្ការ​ជំងឺឆ្លង​របស់​ចិនចេញផ្សាយ​រួមគ្នា​ប្រចាំខែ​ សម្រាប់​ជំងឺឆ្លង​ទាំងអស់​ក្រោម​ច្បាប់​របស់​ចិន ចាប់ពី​រដូវ​សំបូរ​ដោយ​ជំងឺ​ផ្ដាសាយ​រហូតដល់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង​ជំងឺ​អាសន្នរោគ​។ ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការឆ្លង​វីរុស Covid-19 កាលពី​ដើមខែ​នេះ​មក ពុំ​មាន​ទិន្នន័យ​ច្បាស់លាស់​បញ្ជាក់​ពី​ចំនួន​នៃ​ការឆ្លង​រាលដាល​របស់​ប្រទេស​នេះ​ទេ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM