សម្តេចធិបតី ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ El Niño ដែលកម្ពុជា​កំពុងទទួលរងឥទ្ធិពល
សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន

ព័ត៌មានសំខាន់ៗ

មនុស្ស ​៦​នាក់​ស្លាប់ ​បន្ទាប់ពី​រថយន្តក្រុង​ធ្លាក់​ពី​ស្ពាន​ចូលក្នុង​ទន្លេ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ

2022/12/26 12:41:32 pm        370
​​អេ​ស្ប៉ា​ញ៖ អង្គភាព​សេវា​សង្គ្រោះបន្ទាន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស ៦​នាក់​ស្លាប់ និង ២​នាក់​បាន​រងរបួស បន្ទាប់ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​ស្ពាន ហើយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​ដែល​ពេញ​ហៀរ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​។ អ្នក​នៅ​រស់រានមានជីវិត​ពីរ​នាក់ មាន​អ្នកបើកបរ​រថយន្ត​អាយុ ៦៣​ឆ្នាំ​ និង​អ្នកដំណើរ​ស្ត្រី​ម្នាក់​ត្រូវបាន​ក្រុម​ជួយសង្គ្រោះ​ទាញ​ចេញពី​ទឹកទន្លេ​ដោយ​ប្រើ​ខ្សែពួរ ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​។ អ្នកនាំពាក្យ​នគរបាល​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា អ្នកបើកបរ​បានធ្វើ​តេស្ត​អវិជ្ជមាន​ចំពោះ​ជាតិ​អាល់កុល និង​គ្រឿងញៀន​។ អ្នកនាំពាក្យ​និយាយថា ប្រតិបត្តិ​ការស្វែងរក និង​ជួយ​សង្គ្រោះ​នៅ​ជុំវិញ​ស្ពាន​នៅពេលនេះ​បានបញ្ចប់ ខណៈ​ក្រុម​វិស្វករ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ដើម្បី​ទាញយក​រថយន្ត​ដែល​ធ្លាក់​ចេញពី​ទន្លេ Lerez។​ ​ចរន្តទឹក​ខ្លាំង និង​លំហូរ​ខ្ពស់​នៅ​ទន្លេ​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពាសពេញ​តំបន់ Galicia បាន​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ស្រង់​យក​សាកសព​កាលពី​ចុង​សប្តាហ៍​។ រថយន្ត​បាន​រអិល​ចេញពី​ផ្លូវត្រង់​នៅ​លើ​ស្ពាន ហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ​កម្ពស់​ក្រោម​ស្ពាន​យ៉ាងហោចណាស់ ៤០ម៉ែត្រនៅ​ម៉ោង​ប្រហែល ៩.៣០យប់​ម៉ោង​ក្នុង​តំបន់ ប៉ុន្តែ​មូលហេតុ​នៅ​ពុំទាន់​ច្បាស់​នៅឡើយ។​ ​ដំបូង​ឡើយអាជ្ញាធរ​បាន​រាយការណ៍​ថា មនុស្ស​សរុប ៩នាក់​នៅលើ​រថយន្តក្រុងនៅពេល​វា​ធ្លាក់ចូល​ទន្លេ ប៉ុន្តែ​ចំនួន​នេះ​ត្រូវបាន​គេ​ជឿថា​មាន​ត្រឹម ៨នាក់ ដោយ​ផ្អែកលើ​របាយការណ៍​អ្នក​បាត់​ខ្លួន​ដែល​បានដាក់​ដោយ​សាច់ញាតិ​ជនរងគ្រោះ​។ ប្រធាន​តំបន់ Galicia លោក Alfonso Rueda បាន​បង្ហាញ​ពី​លក្ខខណ្ឌ​អាកាសធាតុមិន​អំណោយផល​ខ្លាំង ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ដែល​អាច​កើតមាន​គ្រោះថ្នាក់​នេះ៕អត្ថបទ៖ ប៊ុនថន

ករណី​ឆ្លង COVID-19 កើនឡើង​ក្នុងប្រទេស​ចិន ក្នុងពេល​មាន​ភាពមិន​ស្របគ្នា​រវាង​ទិន្នន័យ​ជាតិ​ និងទិន្នន័យ​តំបន់​

2022/12/26 12:03:22 pm        446
​ចិន៖ ខេត្ត Zhejiang របស់​ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ជាង ១​លាន​ករណី​កាលពី​ថ្ងៃអាទិត្យ ខណៈ​ចំនួន​នៃ​ករណី​ឆ្លង​កើនឡើង​នៅ​ទូទាំងប្រទេស​។ អាជ្ញាធរ​សុខាភិបាល​ខេត្ត​និយាយថា ចំនួន​អ្នក​ឆ្លង​វីរុស ​Covid-19 ​ថ្មីត្រូវបាន​គេ​រំពឹងថា​នឹង​ឡើងដល់​កម្រិត​ខ្ពស់​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំសកល ដែល​តួលេខ​ប្រចាំថ្ងៃ​អាច​ឡើងដល់ ២លាន​។ ប៉ុន្តែ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ប្រទេស​ចិននិយាយថា ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ទូទាំងប្រទេស​បាន​កើនឡើង​ត្រឹមតែ ២,៩៤០ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​សៅរ៍​។ មជ្ឈមណ្ឌល​និយាយថា ករណី​ដែល​បានបញ្ជាក់​នៅ​ខេត្ត Zhejiang មាន​ត្រឹមតែ ២២​ករណីជា​ចំនួន​តិច​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​តួលេខដែល​ត្រូវបាន​រាយ​ការ​ដោយ រដ្ឋាភិបាល​តំបន់​។​ ​ភាពខុសគ្នា​ដ៏​ច្រើន​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ការសរុប​របាយ​ការណ៍​ប្រចាំថ្ងៃ ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​។ ខេត្ត Zhejiang គឺជា​តំបន់ឧស្សាហកម្ម​ធំ​មួយ​ដែលមាន​ប្រជាជន​ប្រមាណ ៦៥លាន​នាក់ ហើយ​ជា​មូលដ្ឋាន​សម្រាប់​ពាណិជ្ជកម្ម​ជប៉ុន​ជាច្រើន​។​ ​មន្ទីរពេទ្យ​ Peking University Third Hospital ជា​មន្ទីរពេទ្យ​ធំ​មួយ​នៅក្នុង​ទីក្រុង​ប៉េកាំង បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ធានាបាន​នូវ​ការផ្តល់សេវា​ទាន់ពេលវេលា និង​ដោយ​រលូន​សម្រាប់​អ្នកជំងឺ​ដែល​ត្រូវការ​ជំនួយ ដោយ​មន្ទីរពេទ្យ​ដឹងថា​មាន​ភាព​តានតឹង​ពី​ការកើនឡើង​ករណី​ឆ្លង​វីរុស COVID-19 ។ ផ្នែក​សង្គ្រោះបន្ទាន់ និង​ផ្នែក​អ្នកជំងឺ​ក្រៅ​នៃ​មន្ទីរពេទ្យនៅតែ​មើលឃើញ​អ្នកជំងឺ​តម្រង់​ដ៏​វែង ប៉ុន្តែ​គ្រប់ផ្នែក​របស់​មន្ទីរពេទ្យ​កំពុងដំណើរការ​ដោយ​របៀបរៀបរយ​។​ ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកជំងឺ​ជាង ៦០០នាក់​ចូលមក​កាន់​ផ្នែក​សង្គ្រោះបន្ទាន់ ដែល​ភាគច្រើន​ជាម​នុស្សចាស់​៕អត្ថបទ៖ ប៊ុនថន

ចិន​ហៅ​សហរដ្ឋអាមេរិក​ថា​ ជា​អ្នក​គំរាម​កំហែង​ដោយផ្ទាល់​ដល់​ពិភពលោក​

2022/12/26 11:25:35 am        334
​ចិន៖ ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​សប្ដាហ៍​នេះ​ថា ទីក្រុង​វ៉ាស៊ីនតោន​មាន​ចេតនា​បំភាន់​ការគំរាមកំហែង​រប​ស់​ចិន ជា​លេស​ដើម្បី​បង្កើន​ការចំណាយ​យោធា​របស់​ខ្លួន​ទាំងអស់ ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ការត្រួតត្រា​ពិភពលោក​របស់ខ្លួន បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ចុះហត្ថលេខា​លើ​ការផ្ដល់​សិទ្ធិអំណាច​ផ្នែក​ការពារ​ជាតិ ​របស់​សហ​រដ្ឋ​អាមេរិក​ឆ្នាំ​២០២៣ ឲ្យ​ចូល​ជា​ច្បាប់​។ ​​លោក​វរសេនីយ៍ឯក Tan Kefei អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​និយាយ​ថា​ មានការ​ពិតជា​ច្រើន​បាន​បង្ហាញ​លើស​ពី​មួយដង​ថា​ សហរដ្ឋអាមេរិក​គឺជា​អ្នក​គំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់​អន្តរជាតិ និង​បង្ក​ភាពច្របូកច្របល់​ក្នុង​តំបន់។ ​សេចក្ដីថ្លែងការណ៍​នេះបាន​អះអាងថា ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន សហរដ្ឋអាមេរិកបាន​ដុត​បញ្ឆេះ​ឲ្យ​សង្គ្រាម ប្រឆាំង​ប្រទេស​ផ្សេងៗ​ ឬ​បង្កើត​ជម្លោះនានាបណ្ដាល​ឲ្យ​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​ដ៏​ច្រើន និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​គ្មាន​កំហុស​យ៉ាង​ច្រើន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​របស់​ពួកគេ​ផងដែរ​។ ​កញ្ចប់​ថវិការ​យោធា​អាមេរិក​ដែលមាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ ៨៥៨​ពាន់​លាន​ដុល្លារ​អាមេរិកសម្រាប់​សារពើពន្ធ​ឆ្នាំ ២០២៣ ដែល​បានអនុម័ត​ផ្ដល់​ថវិកា ​១០​ពាន់​លាន​ដុល្លារ​ក្នុង​ជំនួយ​សន្តិសុខ និង​ការផ្គត់ផ្គង់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់គឺជា សកម្មភាព​បង្ករឿង​មួយ​ផ្សេងទៀត​ ក្នុងចំណោម​សកម្មភាព​បង្កហេតុ​ជា​បន្តបន្ទាប់​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​ស្ថេរភាពនៅក្នុង​ច្រក​សមុទ្រ​កោះ​តៃវ៉ាន់ និង​បង្កើន​ហា​នី​ភ័យ​នៃ​ការ​ប្រ​ឈ​មុខ​ដាក់គ្នា​ដោយ​យោធា​រវាង​ចិន និង​អាមេរិក​៕អត្ថបទ៖ សុខមាន

ការតវ៉ា​ដោយ​ហិង្សា​បាន​ផ្ទុះឡើងនៅ​បារាំង​ប្រឆាំង​ការវាយប្រហារ​រើសអើង​ពូជសាសន៍លើ​ជនជាតិ​ឃើ​ដ​

2022/12/26 11:03:07 am        363
​បារាំង៖ ការប៉ះទង្គិច​គ្នា​នានា​បាន​ផ្ទុះឡើង​មកដល់​ថ្ងៃទី​២​ កាលពី​ចុង​សប្ដាហ៍​នេះ​រវាង​នគរបាល និង​ក្រុម​បាតុករ​ជន​ជាតិភាគតិច​ឃើ​ដដែល​ពោ​ពេញ​ដោយ​កំហឹង​ ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​សមាជិក​សហគមន៍​ចំនួន ​៣​នាក់ និង​ ៤​នាក់​រង​របួស​របស់​ពួកគេ។ ​រថយន្ត​ជាច្រើន​គ្រឿង​ត្រូវ​បាន​ក្រឡាប់ មាន​រថយន្ត​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆេះ បង្អួច​ហាង​លក់ទំនិញ​នានា​ត្រូវបាន​ខូចខាត និង​មានការ​បំ​ពួក​ភ្នួ​ក​ភ្លើង​តូចៗ​នៅ​ជិត​វិមាន Place de la République ជាទី​តាំង​ជា​ប្រពៃណី​មួយ​សម្រាប់​ការតវ៉ា​នានា ជាទី​ដែល​ក្រុម​ជនជាតិភាគតិច​ឃើ​ដ​បាននាំគ្នា​តវ៉ា​ដោយ​ស្ងៀមស្ងាត់​កាលពី​ថ្មីៗ​នេះ​។ ​ស្នងការ​នគរបាល​ទីក្រុង​ប៉ារីសលោក Laurent Nunez បាន​និយាយថា​ មាន​អំពើហិង្សា​ផ្ទុះឡើង​ភ្លាមៗនៅក្នុង​ការតវ៉ា​នោះ ប៉ុន្តែគេ​មិនទាន់​បានដឹង​ច្បាស់​ទេពី​មូលហេតុ​ឈានដល់​ការផ្ទុះ​អំពើហិង្សា​នេះ​។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន BFM TV លោក Nunez បាន​និយាយថា​ ក្រុមបាតុករ​រាប់សិប​នាក់បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នេះ ដោយ​បន្ថែមថា​មនុស្ស ​១១​នាក់​ត្រូវបាន​ចាប់ខ្លួន និង ​៣០​នាក់​រងរបួស​ស្រាល​។ ​ខណៈ​ក្រុមបាតុករ​មួយចំនួនបាន​ចាក​ចេញពី​ទីលាន​ចតុរង្គ ពួកគេ​បាន​គប់​វត្ថុ​ផ្សេងៗ​លើ​នគរបាលដែល​បាន​ឆ្លើយតប​ដោយ​ការបាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​។ ​ការតវ៉ា​នៅតែ​បន្ត​រយៈពេល ​២​ម៉ោងមុនពេល​បំបែកជួរ​។​ ​គួររម្លឹកថា ខ្មាន់កាំ​ភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​នៅ​ម​ជ្ឈ​ម​ណ្ឌល​វប្បធម៌​របស់​ជនជាតិ​ភាគតិច​ឃើ​ដ និង​នៅក្បែរ​ហាង​កាហ្វេ​កាលពី​ថ្ងៃ​សុក្រ ​ទី​២៣ ខែ​ធ្នូ​ក្នុង​សង្កាត់​ដ៏​មមាញឹក​ទី​១០ ​ក្នុង​ទីក្រុង​ប៉ារីស។​ ​បុរស​ជនសង្ស័យ​ជា​ខ្មាន់​វាយប្រហារ​វ័យ​ ៦៩​ឆ្នាំ ដែល​ក្រុម​អាជ្ញាធរ​និយាយថា ទើប​ដោះលែង​ពី​ពន្ធនាគារ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឧក្រិដ្ឋ​កម្មកាល​ពីមួយ​ឆ្នាំមុនត្រូវបាន​ចាប់ខ្លួន​៕អត្ថបទ៖ សុខមាន

អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​តំបន់​អាក​ទិ​ក​ជា​ប្រវត្តិសាស្ត្រ​កើនឡើង​ដល់ ​៣៨​នាក់​នៅ​អាមេរិក​ និង​កាណាដា​

2022/12/26 10:22:33 am        501
​អាមេរិក៖ មនុស្ស​យ៉ាងហោចណាស់​ ៣៨​នាក់​ស្លាប់​រហូតមក​ដល់ពេលនេះ ដោយសារ​ព្យុះ​ព្រិល​តំបន់​អាក​ទិ​ក​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រដែល​បាន​បន្ត​គ្របដណ្ដប់​សហរដ្ឋអាមេរិក និង​កាណាដា​។ ​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស ​៣៤​នាក់​បាន​ស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្នុងនោះ​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំងក្លា​បំផុតគឺ​ទីក្រុង Buffalo ក្នុង​រដ្ឋ New York។ ​អ្នកស្លាប់ ​៤​នាក់​ផ្សេងទៀតនៅក្នុង​ប្រទេស​កាណាដា នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ក្រឡាប់​នៅលើ​ផ្លូវ​គ្របដណ្ដប់​ដោយ​ទឹកកក​ជិត​ទីក្រុង Merritt ក្នុង​ខេត្ត British Columbia ភាគ​ខាងលិច​ប្រទេស​នេះ​។ ព្យុះ​នេះបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​ជាច្រើន​ថ្ងៃ ប៉ុន្តែ​ចរន្តអគ្គិសនីត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ជា​បណ្ដើរៗ​បន្ទាប់ពី​បាន​ដាច់។ ​សារព័ត៌មាន AP បាន​រាយការណ៍​ថា អ្នកប្រើប្រាស់​ជាង ​២០០.០០០​នាក់គ្មាន​អគ្គិសនី​ប្រើប្រាស់គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ ដែល​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​ចំនួន ១.៧​លាន​នាក់។ ​ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​លុបចោល ដែល​បាន​រារាំង​មនុស្ស​ជាច្រើន​មិនបាន​ជួបជុំ​គ្រួសារ​ថ្ងៃបុណ្យ​ណូអែល​។ ​ជនជាតិ​អាមេរិក​ជាង ​៥៥​លាន​នាក់​នៅតែ​ស្ថិតក្រោម​ការណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​ខ្លាំងកាលពី​ថ្ងៃអាទិត្យ​៕ អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

2022/12/26 09:37:12 am        1009
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហានសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និង​បើក​ការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖ - សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​សុំការអធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​រស់​នៅ​តាម​សង​ខាង​ផ្លូវ​ជាតិ​លេខ​៤១​ និងប្រជាពលរដ្ឋធ្វើដំណើរពេលការដ្ឋានបានចាប់ផ្តើម ដែល​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ជៀស​មិនរួច តែទៅពេលរួចរាល់ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍រាប់មិនអស់ដល់ប្រជាពលរដ្ឋ និង​សង្គមជាតិ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កម្ពុជា​បាន​នាំ​ផលិត​ផលកសិកម្មទៅប្រទេសចិនជាច្រើនដោយផ្ទាល់ជាបន្តបន្ទាប់ដូចជា៖ ផ្លែឈើស្រស់ និង​ចុង​ក្រោយ​នេះ គឺការនាំត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនយានយន្តដ៏ច្រើនលើសលប់របស់កម្ពុជា បាន​ក្លាយ​ជា​អតុល្យភាពមួយក្នុងសង្គម ខណៈផ្លូវជាច្រើនមានភាពតូចចង្អៀត ដែល​ទាមទារ​ឱ្យ​មាន​ការ​ស្តារ និងលើកកម្រិតគុណភាពជាចាំបាច់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើយ៉ាងម៉េច កុំឱ្យ​មាន​អតុល្យភាព​ទំនិញ និងតម្រូវការខ្លាំងពេក ដូចជា៖ អ្នកចិញ្ចឹមជ្រូក ចង់ឱ្យសាច់ជ្រូកបានថ្លៃ ខណៈ​ដែល​អ្នក​ទទួលទានសាច់ជ្រូក ចង់ឱ្យសាច់ជ្រូកចុះថោកជាដើម..[]..។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុន​កម្ពុ​ជា​ខ្វះ​ខាត​ស្បៀង​ សម្រាប់​ប្រជាពលរដ្ឋ​ទទួ​ល​ទាន តែពេលនេះកម្ពុជាសល់ស្បៀង(ស្រូវ-អង្ករ)ប្រមាណ ៤លានតោនក្នុងមួយឆ្នាំៗ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាលប្រឹងប្រែងរកទីផ្សារ ដើម្បីបញ្ចេញស្រូវ-អង្ករ លើស​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ចេញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ច​សកល​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយនេះ ដែលមួយផ្នែកបណ្តាលមកពីការរាតត្បាតមេរោកជំងឺកូវីដ-១៩ ,​បញ្ហាស​ង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និ​ងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចជាដើម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះបីពិភពលោក រួមទាំងកម្ពុជាផង រង​ផល​ប៉ះពាល់​ដោយ​សេដ្ឋកិច្ច​សកល ជាពិសេសវិបត្តិថាមពល ក៏តម្លៃអគ្គិសនី​នៅ​កម្ពុជា មិនឡើងថ្លៃឡើយ តែ​សម្តេច​ក៏​សូមអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់អគ្គិសនី​ដោយភាពសន្សំសំចៃខ្ពស់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់គ្រួសារ ដែលមានឪពុក-ម្តាយ-យាយ-តា ចាស់​ជរា សូមគិតគូរខ្ពស់​ដល់សុខភាពពួកគាត់ឱ្យបានដិត​ដល់បំផុតក្នុងរដូវរងារនេះ ព្រោះ​អាកាសធាតុ​ត្រជាក់​ប៉ះពាល់​ដល់​មនុស្ស​ចាស់​ណាស់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ​ឱ្យប្រជាពលរដ្ឋដែលប្រើប្រាស់ដងផ្លូវ សូម​គោរព​ច្បាប់​ចរាចរណ៍ និងប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​រៀង​រាល់​ថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់-របួស និងខូតខាតទ្រព្យសម្បត្តិជាច្រើន។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពីមុន​សម្តេច​ធ្លាប់​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ចាប់ផាកពិន័យ តែ​ពេល​នេះ​សម្តេច​សូម​អំពាវនាវ​«ឱ្យ​ខ្លាច​ការ​បាត់​បង់​អាយុជីវិតខ្លួនឯង និងអ្នកដទៃ...[]..»។- សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ,លោកគ្រូ-អ្នក​គ្រូ,គណៈកម្មការរៀបចំការប្រឡងបាក់ឌុប,ស.ស.យ.ក, សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ដែល​បានយកចិត្តទុកដាក់ខិតខំរៀបចំការប្រឡងបាក់ឌុបប្រកបដោយជោគជ័យ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមចូលរួមអបអរសាទរជាមួយឪពុក-ម្តាយ,អាណាព្យាបាល និង​ចៅ​ៗទាំងអស់ ដែល​ទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅ​ទូទាំង​ប្រទេស​ ទោះក្នុងកម្រិតនិទ្ទេសអ្វីក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​នាំ​គ្នាប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ជាប់​ជា​និច្ច​ពី​ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលតួលេខ នៃករណីឆ្លងប្រចាំថ្ងៃជំងឺកូវីដ-១៩ មាន​ការ​ឡើងចុះ​ក្នុងកម្រិតតិចតួចក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខេត្តកណ្តាល និងកំពង់ស្ពឺ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងកណ្តាល នឹង​បន្ត​បោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ និង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្តយុទ្ធនាការបោសសម្អាតគ្រាប់មីន និង​យុទ្ធភ័ណ្ឌ​សល់​ពី​សង្គ្រាម ដើម្បីផ្តល់ដីសុវត្ថិភាព និង​ស្នាមញញឹមដ​ល់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ​ឱ្យនាំគ្នាទៅ​ទទួល​វ៉ាក់​សាំង​កូវីដ-១៩ ទាំងដូលមូលដ្ឋាន និងដូសជំរុញទី៣,ទី៤ ព្រមទាំងដូសបន្តបន្ទាប់ឱ្យបានគ្រប់ៗគ្នា តាម​ទី​កន្លែង និងតាមការណែនាំរបស់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៣១នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងជាង ៩៥គីឡូម៉ែត្រ

2022/12/26 07:30:42 am        415
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ ។ ផ្លូវជាតិលេខ៤១ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤ )ដល់ជុំគិរី(ខេត្តកំពត) នឹងត្រូវស្តារ លើកកម្រិតគុណភាព ក្រោយឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ផ្លូវជាតិលេខ៤១ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ដែលឆ្លងកាត់ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដែលផ្លូវនេះក្រោយបញ្ចប់ការសាងសង់ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផល ដំណាំស្រូវ ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។

សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក

2022/12/24 02:06:23 pm        1095
ភ្នំពេញ៖ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក។សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅថ្ងៃទី២៤ ខែធ្នូនេះមានខ្លឹមសារថា នៅពេលឆ្នាំ២០២២ ជិតបញ្ចប់ លោកឯកអគ្គរដ្ឋទូត Murphy និងបុគ្គលិកបានទទួលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណ:ប្រតិភូដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនៅស្ថានទូតអាមេរិកនៅភ្នំពេញ។ សហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាលើអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈមថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅទីក្រុង Washington បដិសណ្ឋារកិច្ចចំពោះការចូលរួមរបស់លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែវិច្ឆិកានៅភ្នំពេញ ហើយនឹងការគាំទ្រចំពោះការដំឡើងភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។ស្ថានទូតអាមេរិកប្រកាសថា “យើងសូមស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន”។ ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា៕

អង្គការសហប្រជាជាតិ​និយាយថា ជន​ស៊ីវិល​ជាង ៦.៨០០​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/12/24 12:24:11 pm        496
អ៊ុយក្រែន៖ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​និយាយ​ថា យ៉ាងហោចណាស់​ជន​ស៊ីវិល​អ៊ុយ​ក្រែ​ន ៦,៨២៦​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​។ ​តួលេខ​នេះ​សរុប​រួម​ក្នុង​រយៈពេល​ចន្លោះ​ពីថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅពេលដែល​រុស្ស៊ី​ចាប់ផ្តើម​ការ​វាយ​លុក​ដោយ​យោធា​របស់ខ្លួន និង​រហូតដល់​ថ្ងៃទី​១៨ ខែធ្នូ​។ ការិយាល័យ​បាន​និយាយថា​ អ្នកស្លាប់​រួមមាន​កុមារ ៤២៨​នាក់​។​ នៅតាម​តំបន់ អ្នកស្លាប់​ជា​ជន​ស៊ីវិល​ចំនួន ៤,០៣៦នាក់ត្រូវបាន​កត់ត្រា​នៅ​ទីក្រុង Donetsk និង Luhansk ភាគ​ខាងកើត និង ២,៧៩០​នាក់នៅក្នុង​តំបន់​ផ្សេងទៀត​របស់​អ៊ុយ​ក្រែ​ន រួមទាំង​ទីក្រុង Kyiv​។ បន្ថែម​លើ​នេះ​ជន​ស៊ីវិល​ចំនួន ១០.៧៦៩នាក់​បាន​រងរបួស​។​ ការិយាល័យ​បាន​និយាយថា តួលេខ​ជាក់ស្តែង​គឺ​ខ្ពស់ជាង​នេះ ខណៈ​របាយការណ៍​ពី​ទីតាំង​មួយចំនួន​ដែលមាន​ជម្លោះ​ខ្លាំង​នៅតែ​បន្ត រួមមាន​ទាំង​ទីក្រុង Mariupol ដែល​កំពុង​រង់ចាំ​ការបញ្ជាក់៕អត្ថបទ៖ ប៊ុនថន

ការតវ៉ា​ដោយ​ហិង្សា​ជាច្រើន​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​ខ្មាន់កាំភ្លើង​បានសម្លាប់​មនុស្ស​ ៣​នាក់​

2022/12/24 12:04:49 pm        598
​បារាំង៖ នគរបាល​បង្ក្រាប​កុប្បកម្ម​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ​ដើម្បី​បំបែក​ក្រុមមនុស្ស​ដែលមាន​កំហឹង​នៅ​ទីក្រុង​ប៉ារីស​កាលពី​ល្ងាច​ថ្ងៃ​សុក្រ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស ​៣​នាក់​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ និង​ហាង​កាហ្វេ​មួយកន្លែង​នៅក្បែរនោះ​ក្នុង​រដ្ឋធានី​ប្រទេស​បារាំង​។​ ​ការបង្ក​អគ្គិភ័យ​បាន​កើតឡើង​នៅតាម​ផ្លូវ​មួយកន្លែង ​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ​នៃ​ការ​បាញ់​ប្រហារ ខណៈ​វត្ថុ​ជាច្រើន​ត្រូវ​បាន​គប់​មក​លើ​មន្ត្រី​នគរបាល​។ មេធាវី​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ឃឺ​ដ​និយាយថា មនុស្ស​បីនាក់​ដែល​បាន​ស្លាប់​គឺជា​ជនជាតិ​ឃឺ​ដ ហើយ​ ៣​នាក់​ផ្សេងទៀត​បាន​រង​របួស ក្នុង​នោះ​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវ​ឲ្យ​មានការ​ការពារ​ប្រសើរ​ជាង​នេះ​ សម្រាប់​សហគមន៍​របស់​ពួកគេ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​និយាយថា នគរបាល​កំពុង​បន្ថែម​កម្លាំង​សន្តិសុខ​នៅ​ទីតាំង​សហគមន៍​ជនជាតិ​ឃឺ​ដ​។ លោក​បាន​ស្នើ​ឱ្យ​អង្គភាព​សេវា​នគរបាល​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ប៉ារីស និង​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​ការពារ​កន្លែង​ដែល​សហគមន៍​ជនជាតិ​ឃឺ​ដ​រស់នៅ​។ ​ឃាតករ​គឺជា​ជនជាតិ​បារាំង​មាន​អាយុ 69ឆ្នាំ​ដែល​បុរស​រូបនេះ​ពុំ​ត្រូវបាន​ចាត់ទុកថា​ ជា​ជន​ជ្រុល​និយម​ដោយ​អង្គភាព​សេវា​ស៊ើបការណ៍​សម្ងាត់ មានដូចជា​អគ្គនាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ឬ​អង្គភាព​សេវា​ចារកម្ម​ជាតិ​។​ ​មេដឹកនាំ​ជនជាតិ​ឃឺ​ដ​បាន​អំពាវនាវ​ជា​យូរ​មកហើយ ​ឱ្យមាន​ការការពារ​ប្រសើរ​ជាង​មុន​នៅ​សហគមន៍​របស់​ពួកគេ ចាប់តាំងពី​ការសម្លាប់​ស្ត្រី​ជនជាតិ​ឃឺ​ដ ​៣នាក់​កាល​ពីមួយ​ទសវត្សរ៍​មុន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM