សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​ព្រមាន​ពី​ដំណាក់កាល​មិន​អាច​គ្រប់គ្រង​បាន ខណៈ​សមយុទ្ធ​ដែនអាកាស​អាមេរិក​-​កូរ៉េខាងត្បូងនៅតែ​បន្ត

2022/11/04 10:30:07 am        440
​កូរ៉េខាងជើង​៖ សារព័ត៌មាន​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា កូរ៉េខាងជើង​បាន​ព្រមាន​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក​ថា ការសម្រេចចិត្ត​របស់​ពួកគេ​ក្នុង​ការ​បន្ត​ សម​យុទ្ធ​យោធា​ដែនអាកាស​រួមគ្នា​មានឈ្មោះ​ថា Vigilant Storm នឹង​រុញច្រាន​ភាព​តានតឹង​ឈាន​ដល់​ដំណាក់កាល​គ្រប់គ្រង​លែង​បាន។ ​ទីក្រុង​ព្យុងយ៉ាង​បាន​ចោទប្រកាន់ថា​ ជាការ​សម្រេចចិត្ត​ដ៏​គ្រោះថ្នាក់​បំផុត​ពី​សំណាក់​ទីក្រុងវ៉ាស៊ីនតោន និង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ការ​បន្ត​សម​យុទ្ធ​ដែនអាកាស​របស់​ពួកគេ ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​មី​ស៊ី​ល​បា​លិ​ស្ទិ​ករ​បស់​កូរ៉េខាងជើង រួម​ទាំង​មី​ស៊ី​ល​ដែល​គេ​សង្ស័យ​ថា​ជា​មី​ស៊ី​ល​បា​លិ​ស្ទិ​ក​អន្តរទ្វីប ICBM កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​។ ​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា លោក Pak Jong-chon លេខា​នៃ​គណៈ​កម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​កំពុង​កាន់​អំណាច បាន​ចេញ​ការព្រមាន​នេះ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ ដោយ​សារព័ត៌មាន​រដ្ឋ។ ​យោង​តាម​សារព័ត៌មាន Yonhap លោក​បាន​និយាយ​ថា វា​ពិតជា​ជម្រើស​ដ៏​គ្រោះ​ថ្នាក់ និង​ការសម្រេចចិត្ត​ខុស​។ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​មួយ​គ្រា​ប់​អាច​ជា​មី​ស៊ី​ល​អន្តរទ្វីប​បា​លិ​ស្ទីក ICBM​ ដែល​អាច​បរាជ័យ​ក្នុង​ការ​សាក​ល្បង​នេះ ដែល​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បន្ត​សម​យុទ្ធ​ដែនអាកាសបាន​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ផ្ទុះ​កំហឹង​ខ្លាំង​។​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូរ៉េខាងជើង​បាន​បាញ់​កាំភ្លើង​ធំ​ប្រហែល ​៨០​គ្រាប់​ចូល​ក្នុង​ព្រំដែន​ទឹក​ទាំង​ពាក់កណ្ដាល​អាធ្រាត្រ ខណៈ​ក្រុម​រដ្ឋមន្ត្រី​ការពារ​ជាតិ​មកពី​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោនប្ដេជ្ញា​បង្ហាញ​ការ​តាំង​ចិត្ត​ ប្រឈម​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្ត​បន្ទាប់​ពី​កូរ៉េខាងជើង​។​ គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​ ទី​២ ខែ​វិច្ឆិកា​សប្ដាហ៍​នេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​យ៉ាង​ហោចណាស់​ ២៣​គ្រាប់​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ រួម​ទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ជា​លើកដំបូង​៕អត្ថបទ៖ សុខមាន

លោក Biden ព្រមាន​ថា​ ពលរដ្ឋ​ដែល​មិន​ទទួលយក​លទ្ធផល​ឆ្នោត​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រជាធិបតេយ្យ​

2022/11/03 03:06:07 pm        134
​អាមេរិក៖ ដោយ​សល់​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​មុន​បិទ​ការស្ទង់មតិ នៅ​ក្នុង​ការបោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ដ៏​សំខាន់ លោក​ប្រធានាធិបតី Joe Biden បាន​ព្រមាន​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ កំពុង​ប្រឈម​ហានិភ័យ​ពី​ការ​ភូត​កុហក និង​អំពើ​ហិង្សា​។​ ​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការគំរាមកំហែង​ទាំងឡាយ​បង្កឡើង​ដោយ​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន ដែល​មិន​ចង់​ទទួល​យក​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២២​ ខាងមុខ ប្រសិនបើ​ពួកគេ​បរាជ័យ​នោះ​គឺជា​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ ហើយ​លោក​បាន​ស្ដីបន្ទោស​អតីត​ប្រធានាធិបតី Donald Trump ចំពោះ​ការ​បំផុស​គំនិត​ដល់​ពួកគេ​។​​លោក Biden បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ ខណៈ​ប្រជាពលរដ្ឋ​អាមេរិក​បោះឆ្នោត​ដែល​នឹង​សម្រេច​ចិត្ត​ថា ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​ ឬ​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​។ អាសនៈ​សរុប​ទាំងអស់​ ៤៣៥រូប​នៅក្នុង​សភា ដែល​គេ​ដាក់​ឲ្យ​ដណ្ដើម​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្មី រួម​ជាមួយ​ប្រហែល ​១​ភាគ​៣​ នៃ​អាសនៈ​ព្រឹទ្ធសភា​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​នឹង​បន្ត​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​

2022/11/03 02:35:05 pm        411
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រុស្សី​នឹង​បន្ត​ការចូលរួម​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង ដែល​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ រយៈពេល​បួន​ថ្ងៃ​បន្ទាប់ពី​ការផ្អាក​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ ទីក្រុង​មូ​ស្គូ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ចុង​សប្តាហ៍​ដោយនិយាយ​ថា ខ្លួន​មិនអាច​ធានា​សុវត្ថិភាព​នៃ​នាវា​ស៊ីវិល​ដែល​ឆ្លងកាត់​សមុទ្រ​ខ្មៅ ​ដោយសារតែ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​ក្បួន​នាវា​របស់ខ្លួន​នៅ​ទីនោះ​។ ក្រសួងការពារជាតិ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សហព័ន្ធ​រុស្ស៊ី​ពិចារណា​ថា ការធានា​ដែល​ទទួលបាន​នៅ​ពេលនេះ​ទំនងជា​គ្រប់គ្រាន់​ហើយ នឹង​បន្ត​ការអនុវត្ត​កិច្ចព្រមព្រៀង​ឡើងវិញ​។ ដំណើរ​នៃ​ការចូលរួម​កិច្ចព្រមព្រៀង​ជាថ្មី​នេះ បន្ទាប់ពី​មានការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ និង​ការសន្ទនា​ម្តង​ហើយ​ម្តងទៀត​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ​។​​ក្រសួង​បាន​និយាយថា ដោយសារ​ការចូលរួម​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី វា​អាច​ធ្វើ​ទៅបាន​ដើម្បី​ទទួលបាន​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ប្រើប្រាស់​ច្រករបៀង​មនុស្សធម៌ និង​កំពង់ផែ​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សឹក​ប្រឆាំង​រុស្ស៊ី​ឡើយ​។ សេចក្តីថ្លែងការណ៍​នេះ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​របស់​ទីក្រុង​មូ​ស្គូ ដែល​កាលពី​ពេលមុន​បាន​និយាយថា វា​នឹងមាន​ហា​នី​ភ័យ និង​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​នាវា ​ដើម្បី​បន្តធ្វើ​ដំណើរ​តាម​ច្រករបៀង​មនុស្សធម៌​ ដែល​បាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទួរគី និង​អង្គការ​សហ​ប្រជាជាតិកាលពី​ខែកក្កដា៕អត្ថបទ៖ ប៊ុនថន

អាមេរិក​និយាយថា កូរ៉េខាងជើង​ផ្គត់ផ្គង់​គ្រាប់កាំភ្លើង​ធំ​ដល់​រុស្ស៊ី​

2022/11/03 12:19:17 pm        331
​អាមេរិក៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​មាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​ដល់​ប្រទេស​រុស្ស៊ី​ នូវ​គ្រាប់កាំភ្លើង​ធំ​សម្រាប់​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា យើង​មាន​ព័ត៌មាន​បែបនេះ ទោះបីជា​មានការ​បដិសេធ​ជា​សាធារណៈ ដែល​យើង​បាន​ដឹង​ពី​កូរ៉េខាងជើង​ក៏ដោយ​ថា ​កូរ៉េខាងជើង​កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​ដល់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ នូវ​គ្រាប់កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​។ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ពិភាក្សា​ជាមួយ​អង្គការសហប្រជាជាតិ លើ​បញ្ហា​ទំនួល​ខុស​ត្រូវ​លើ​ការ​ដឹកជញ្ជូន​គ្រាប់កាំភ្លើង​ធំ​។ លោក Ned Price បាន​និយាយ​ថា ទណ្ឌកម្ម​ស្ថិត​ក្នុង​ចំណោម​ជម្រើស​ដូច​ក្នុង​ករណី​ផ្តល់​អាវុធ​របស់​ប្រទេស​អ៊ីរ៉ង់​ដល់​រុស្ស៊ី​។លោក​និយាយ​ថា ដូចដែល​យើង​កំពុង​ប្រើ​គ្រប់​ឧបករណ៍ ហើយ​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឆាំង​ការផ្តល់​អាវុធ​របស់​អ៊ីរ៉ង់​ដល់​រុស្ស៊ី យើង​នឹង​ធ្វើ​ដូចគ្នា​នៅ​ពេល​និយាយ​អំពី​ការ​ផ្តល់​អាវុធ​របស់​កូរ៉េខាងជើង​ដល់​រុស្ស៊ី​។​ សហរដ្ឋ អាមេរិក​កាលពី​ខែ​កញ្ញា​បាន​ដាក់​ទណ្ឌកម្ម ​លើ​ក្រុមហ៊ុន​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ចោទ​ប្រកាន់​ថា ​បាន​សម្របសម្រួល​ជើង​ហោះហើរ​យោធា​ ដើម្បី​ដឹកជញ្ជូន​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​ទៅកាន់​ប្រទេស​រុស្ស៊ី និង​ក្រុមហ៊ុន​ចំនួន​ ៣ផ្សេងទៀត​ដែល​ខ្លួន​បាន​និយាយ​ថា ​ពាក់ព័ន្ធ​នឹង​ការផលិត​យាន​ដ្រូ​ន​របស់​អ៊ីរ៉ង់​៕អត្ថបទ៖ ប៊ុនថន

នគរបាល​ទទួល​ការ​ហៅ​ទូរស័ព្ទ​ជាច្រើន រយៈពេល ​៤​ម៉ោង​មុន​សោកនាដកម្ម​រត់​ជាន់គ្នា​

2022/11/03 11:48:02 am        468
​កូរ៉េខាងត្បូង៖ ការហៅ​ទូរស័ព្ទ​ដំបូង​ពី​សង្កាត់ Itaewon ទៅកាន់​នគរបាល​កូរ៉េខាងត្បូង​បាន​ធ្វើ​ឡើង​នៅ​ម៉ោង ​៦:៣៤​នាទី​ម៉ោង​ក្នុង​តំបន់​កាលពី​ថ្ងៃ​សៅរ៍ មាន​រយៈពេល​ប្រមាណ​ ៤​ម៉ោង​មុន​ពេល​មាន​ក្រុម​មនុស្ស​ច្រើន​ប្រជ្រៀត​គ្នា​ក្នុង​ពិធី​បុណ្យ Halloween ដែល​បានប្រែក្លាយ​ទៅជា​ស្ថានភាព​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។ អ្នក​ហៅ​ទូរស័ព្ទ​បាន​ទទូច​អំពី​ចំនួន​មនុស្ស​ជាច្រើន​ស្ថិត​ក្នុង​គ្រោះថ្នាក់ ដែល​កំពុង​ប្រជ្រៀត​រុញច្រាន​គ្នា​នៅ​លើ​ផ្លូវលំ​តូច​ចង្អៀត​មួយ ​និង​បាន​ទទូច​ឲ្យ​នគរបាល​អនុវត្ត​ការគ្រប់គ្រង​ហ្វូង​មនុស្ស មុន​ពេល​អ្វីៗ​ក្លាយ​ជា​កំហុស​។ រូបភាព​កំណត់ត្រា​បង្ហាញ​ពី​បញ្ជី​សន្ទនា​តាម​ទូរស័ព្ទ​ចូល​ ពី​អ្នក​ហៅ​ទូរស័ព្ទទៅ​កាន់​ខ្សែ​ទូរស័ព្ទ​ឆ្លើយតប​បន្ទាន់ ​១១២ ​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយ​ប្រាប់​នគរបាល​ពី​ហ្វូង​មនុស្ស​កើន​ឡើង​ច្រើន ​នៅ​លើ​ផ្លូវ​ចង្អៀត​ក្នុង​សង្កាត់ Itaewon និង​ទទូច​ឲ្យ​មានការ​គ្រប់គ្រង​មនុស្ស​។​ ​អ្នក​ហៅ​ទូរស័ព្ទ​និយាយ​ទៅកាន់​បណ្តាញ​ទូរស័ព្ទ​ជំនួយ​បន្ទាន់​របស់​នគរបាល​ថា វា​ជា​ផ្លូវ​តូច​ចង្អៀត​។ មនុស្ស​ជាច្រើន​កំពុង​តម្រង់​ជួរ​នៅ​ខាងក្រៅ​ក្លឹប​កម្សាន្ត​ ហើយ​អ្នក​ផ្សេងទៀត​បាន​ចេញ​ដើរមក​លើ​ផ្លូវ​។ ដោយសារតែ​ពួកគេ​ប្រជ្រៀត​គ្នា មនុស្ស​អាច​ជាន់គ្នា​រហូត​ដល់​ស្លាប់​។ខ្ញុំ​គិត​ថា អ្នក​ចាំបាច់​ត្រូវ​គ្រប់គ្រង​មនុស្ស​នៅ​លើ​ផ្លូវ​។ ២​ ទៅ​ ៣​ម៉ោង​បន្ទាប់មកការ​ហៅ​ទូរស័ព្ទ​បន្ថែម​ទៀត​បាន​ចូល​មក ដែល​បាន​ហៅ​បន្ទាន់​ដល់​នគរបាល​ថា មនុស្ស​ជាច្រើន​កំពុង​ដួល​នៅ​លើ​ផ្លូវ និង​បាន​និយាយ​ថា ​ឧប្បត្តិហេតុ​ធំ​អាច​កើតមាន​។ នៅ​ម៉ោង​ ៨:៣៣​នាទីដោយសារតែ​ហ្វូងមនុស្ស​ច្រើន មនុស្ស​កំពុង​ដួល រឿង​រ៉ាង​ជាច្រើន​ហួស​ពី​ការគ្រប់គ្រង​។ ​ការ​ហៅ​ទូរស័ព្ទ​ចុងក្រោយ​ទៅកាន់​នគរបាល​ត្រូវ​បាន​ទទួល​នៅ​ម៉ោង​១០ មុន​ពេល​មនុស្ស​ចាប់ផ្តើម​ដួល​លើ​គ្នា​។ មួយស្របក់​ក្រោយមក​ភាព​ចលាចល​បាន​ផ្ទុះឡើង ដែល​ក្នុង​ឧប្បត្តិ​ហេតុនេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ១៥៦​នាក់​ស្លាប់ និង​រង​របួស ​១៥០​នាក់​ផ្សេងទៀត​។ ជា​សរុប​មាន​ការ​ហៅ​ទូរស័ព្ទ​ចំនួន ​១១​លើក​ទៅកាន់​នគរបាល​ដែល​មួយ​លើក​ៗ​បាន​ប្រាប់​ពី​ភាព​គ្រោះថ្នាក់​កំពុង​កើន​ឡើង៕អត្ថបទ៖ ប៊ុនថន

​អាមេរិក​និយាយថា ​ក្រុម​មេបញ្ជាការ​កងទ័ព​រុស្ស៊ី​បាន​ពិភាក្សា​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​

2022/11/03 11:20:52 am        454
​អាមេរិក៖ មន្ត្រី​អាមេរិក ​២​នាក់​បាន​ប្រាប់​សារព័ត៌មាន CBS ថា ក្រុម​មេដឹកនាំ​យោធា​ជាន់ខ្ពស់​រុស្ស៊ីបាន​ពិភាក្សា​គ្នា​កាលពី​ខែ​មុន​ពី​មធ្យោបាយ ​និង​ពេលវេលា​ដែល​ពួកគេ​អាច​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​មន្ត្រី​ទាំង ​២​រូប​នោះបាន​ប្រាប់​ដៃគូ​ផ្សាយ​អាមេរិក​របស់​សារព័ត៌មាន BBC ថា លោក Vladimir Putin ពុំបាន​ចូល​រួម​ក្នុងការ​ពិភាក្សា​នោះទេ​។ ​សេត​វិមាន​បាន​និយាយ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​មាន​ឥទ្ធិពល​ប៉ុន្មាន​ខែ​មកនេះ​។ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​សហរដ្ឋអាមេរិក​មើល​មិន​ឃើញ​ពី​សញ្ញា​នៃ​ការត្រៀម​របស់​រុស្ស៊ី​ ក្នុង​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​ទេ​។ ដំណឹង​នោះ​បាន​ធ្វើ​ឲ្យ​មានការ​វាយតម្លៃ​ផ្នែក​ចារកម្ម​ពី​លោក​ខាងលិច​មុននេះ​ថា ទីក្រុង Moscow មិន​បាន​រំកិល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ចោទ​លោក​ខាង​លិច​ពី​បទ​មាន​ចេតនា​បំប៉ោង​ព័ត៌មាន ទោះ​បីជា​ពេលវេលា​នៃ​ការពិភាក្សា​កម្រិត​កំពូល​ខាង​យោធា​រុស្ស៊ី​កាលពី​ពាក់កណ្ដាល​ខែតុលា វា​ជា​រឿង​សំខាន់​យ៉ាងណាក៏ដោយ​។​ ​កាលពី​ចុង​ខែ​កញ្ញា លោក​ប្រធានាធិបតី​ Putin បាន​បង្កើន​វោហារ​សស្ត្រ​នុយក្លេអ៊ែរ​របស់​លោក ​និង​ការ​ប្រឆាំង​លោក​ខាង​លិច ដោយនិយាយ​ពី​ការប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ​ដើម្បី​ការពារ​រុស្ស៊ី និង​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​បាន​គ្រប់គ្រង ដែល​លោក​បាន​ដាក់​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​រួចទៅហើយ៕អត្ថបទ៖ សុខមាន

រុស្ស៊ី​៖ ​លោកខាងលិច​ត្រូវតែ​បញ្ឈប់​ការជំរុញ​ឲ្យ​មាន​ជម្លោះ ដើម្បី​បញ្ចៀស​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​

2022/11/03 10:54:45 am        331
​រុស្ស៊ី៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ដោយ​នុយក្លេអ៊ែរ​ រវាង​មហាអំណាច​នុយក្លេអ៊ែរ​របស់​ពិភពលោកគឺជា​ចំណុច​ចម្បង​បំផុត​របស់ខ្លួន ប៉ុន្តែ​បាន​ចោទប្រកាន់​លោកខាងលិច​ពីបទ​ជំរុញ​ឲ្យ​មានការ​បង្ករឿង​តាមរយៈ​អាវុធ​មហា​ប្រល័យ​។ ​​បណ្ដា​រដ្ឋធានី​លោកខាងលិច​បាន​និយាយថា ទីក្រុង​ Moscow ជា​អ្នក​នៅ​ពីក្រោយ​ការ​បង្កើន​វោហារ​សាស្ត្រ​នុយក្លេអ៊ែរ​ ចាប់​តាំង​ពី​រុស្ស៊ី​វាយលុក​ចូលក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ដោយ​ថ្មីៗ​នេះ​បាន​ចោទប្រកាន់​ទីក្រុង Kyiv ពី​បទ​រៀប​គម្រោង​ប្រើ​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ដោយ​ពុំបាន​ផ្ដល់​ភស្តុតាង​ឡើយ។ ទីក្រុង Kyiv ​បាន​ច្រានចោល​ការប្រើប្រាស់​ផែនការ​ណាមួយ​ប្រភេទ​នេះ​។ ​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​បារម្ភ​ថា ​ប្រទេស​ទាំង​៥ ​ដែល​បាន​ប្រកាស​ខ្លួនឯង​ជា​មហា​អំណាច​នុយក្លេអ៊ែរ កំពុង​រំកិល​ចូល​មាត់​ជ្រោះ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​ផ្ទាល់ ហើយ​ថា​លោក​ខាងលិច​ត្រូវតែ​បញ្ឈប់​ការ​លើក​ទឹកចិត្ត​ឲ្យ​មានការ​បង្ករឿង​ ដើម្បី​បញ្ចៀស​ពី​មហន្ត​រាយ​នុយក្លេអ៊ែរ​។ ទីក្រុង Moscow បាន​លើក​ឡើង​ថា ខ្លួន​ប្រកាន់​ភ្ជាប់​លើ​សេចក្ដីប្រកាស​រួមដែល​បាន​ចេញ​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ចិន ចក្រភព​អង់គ្លេស និង​បារាំង​កាលពី​ខែ​មករា ដោយ​បញ្ជាក់​ច្បាស់​ពី​ទំនួល​ខុសត្រូវ​រួម​ក្នុង​ការ​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ៖ អេកម៉ិច និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការអភិវឌ្ឍសហគមន៍និង អេកូទេសចរណ៍

2022/11/03 10:38:48 am        275
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​សមាជិក​អេកម៉ិច និងCLMV គួរបង្កើនកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ទេសចរណ៍ជនបទ សហគមន៍ និង​អេកូទេសចរណ៍ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និង​ចីរភាព​។តាមរយៈសារលិខិតស្វាគមន៍របស់សម្តេចសម្រាប់ បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិច (ACMECS) លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦​ដែល​ប្រារព្ធ​នៅ​ខេត្ត​សៀមរាប​ នាព្រឹកថ្ងៃទី៣វិច្ឆិកានេះ ជាមួយនឹងបង្ហាញមោទនភាព ដែលកម្ពុជា​បាន​ទទួល​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំអន្តរជាតិធំៗ ជាច្រើន បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ចាប់​ពី​ចុង​ឆ្នាំ២០២១ មកសម្តេច​ក៏បានយកឱកាសចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍អេកម៉ិក និង CLMV ថា៖គួរបង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ផលិតផល​ថ្មីៗ ការបំពេញឲ្យគ្នា ទៅវិញទៅមក និងផ្ដល់នូវភាពសំបូរបែបដល់ទេសចរ ស្រប​តាម​ការ​ប្រែប្រួល​និន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើ ដំណើរការបរិវត្ត​កម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុងនោះគួរដកពិសោធន៍គ្នាទៅវិញ ទៅមក លើ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្ម​ឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុង​ការ​បង្កើន​ផលិតភាព និងឧត្តមភាពប្រកួតប្រជែង។អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra Traveler)​ និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរ ផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក បន្ថែមទៀត ព្រមទាំងជំរុញ ទេសចរណ៍​បើកបរដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពី ប្រទេសទី៣ សម្តេចបានគាំទ្រឲ្យបន្តផ្សព្វផ្សាយក្រោមយុទ្ធនាការ "ប្រទេសប្រាំ គោលដៅ​ទេសចរណ៍ តែមួយ” និង "ប្រទេសបួន គោលដៅទេសចរណ៍តែមួយ”។ដើម្បី​សម្រប​សម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបាន ដាក់ចុះ សម្តេចក៏បានគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយ​កម្ពុជា​មាន​សេចក្តី​រីករាយ​ក្នុង​ការទទួលធ្វើជាម្ចាស់ផ្ទះ៕

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​រំលង​ជប៉ុន​ដែល​តម្រូវ​ឲ្យ​មានការ​ប្រកាស​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព​

2022/11/03 09:46:18 am        395
​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បា​លីស្ទិ​ក​ជាច្រើន​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ រួមទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ប្រកាស​អាសន្ន​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ភាគ​កណ្ដាល​ និង​ខាងជើង​ប្រទេស​ជប៉ុន​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិ​ភាព ជា​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ ១ឆ្នាំ​ដោយ​ប្រទេស​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មួយ​ក្នុងចំណោម​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាច​ជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប (ICBM)​។​ ​ចំណែក​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ​៣​គ្រាប់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​នោះ​មួយ​គ្រាប់​ទំនងជា​មី​ស៊ី​ល​បា​លីស្ទិ​ក​អន្តរទ្វីប​ (ICBM)​ និង​ ២​គ្រាប់​ទៀត​អាច​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។​ ការ​បាញ់​ទាំងនេះ​មាន​ឡើង​មួយថ្ងៃ​ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​យ៉ាងហោចណាស់ ​២៣​គ្រាប់​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ រួម​ទាំង​មួយ​គ្រា​ប់​ដែល​បាន​ធ្លាក់​ក្បែរ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង​ជា​លើកដំបូង​។​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត Miyagi, Yamagata និង​ខេត្ត Niigata ក្នុង​ភាគ​ខាងជើង​ជប៉ុន​ ត្រូវ​បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ពលរដ្ឋ​រត់​ចូល​ក្នុង​ជម្រក​សុវត្ថិភាព នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ការ​ប្រកាស​អាសន្ន​របស់​ជប៉ុន​។ ​ការព្រមាន​នេះ​បាន​និយាយ​ថា ​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ហោះ​រំលង​លើ​ប្រទេស​ជប៉ុន​។ ​ក្រោយមក​ក្រសួងការពារជាតិ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​ពុំបាន​ហោះ​រំលង​ទឹកដី​របស់​ប្រទេស​ជប៉ុន​ទេ​។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ FNN បាន​រាយការណ៍​ដោយ​​សំអាង​ប្រភព​នានា​ពី​រដ្ឋាភិបាល​ថា រយៈពេល​ប្រមាណ ២៥​នាទី​បន្ទាប់ពី​ការ​បាញ់​លើកដំបូង​ត្រូវ​បាន​រាយការណ៍។ ​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយ​ថា មី​ស៊ី​ល​មួយ​គ្រាប់​បាន​ធ្លាក់​។ មី​ស៊ី​ល​នេះ​បាន​ធ្លាក់​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ ១,១០០​គីឡូ​ម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​ពិភពលោក​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​-​រុស្ស៊ី​

2022/11/02 03:22:56 pm        685
​អ៊ុយក្រែន៖ មេដឹកនាំ​ពិភពលោក​កំពុង​ព្យាយាម​សង្គ្រោះ​កិច្ចព្រមព្រៀង​ ដែល​នឹង​នាំចេញ​ស្បៀង​អាហារ​ដល់​ប្រទេស​ដែល​ត្រូវការ​ច្រើន​បំផុត​។ ក្រុម​មេដឹកនាំ​កំពុង​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បន្ត​ការដឹកជញ្ជូន​គ្រាប់​ធញ្ញជាតិ​ឡើងវិញចេញពី​កំពង់ផែ​សមុទ្រ​ខ្មៅ​។ កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​រុស្ស៊ី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ ដែល​សម្របសម្រួល​ដោយ​ប្រទេស​ទួរគី និង​អង្គការ​សហប្រជាជាតិ​។ រុស្ស៊ី​និយាយ​ថា យាន​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន​បាន​វាយប្រហារ​ក្បួន​នាវា​របស់​ពួកគេ​ នៅក្នុង​កំពង់ផែ Sevastopol តំបន់​គ្រី​មៀ។ ពួកគេ​បាន​រិះគន់​អ៊ុយ​ក្រែ​ន ​ចំពោះ​ការធ្វើ​ឲ្យ​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ និង​នាវា​អម​របស់​រុស្ស៊ី​ស្ថិតក្នុង​ហានិភ័យ​។ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​ទូរស័ព្ទ​ទៅកាន់​លោក Putin កាលពី​ថ្ងៃ​អង្គារ និង​បាន​ស្នើ​ឱ្យ​លោក​ដកចេញ​ការ​សម្រេច​ចិត្ត​របស់​លោក​វិញ​។ លោក​Putin និយាយ​ថា​ លោក​នឹង​ពិចារណា​នៅ​ពេល​ដែល​ការស៊ើបអង្កេត​លើ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ត្រូវ​បាន​បញ្ចប់​។​​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan បាន​និយាយ បន្ទាប់ពី​រុស្ស៊ី​បាន​ផ្អាក​ការចូលរួម​របស់ខ្លួន​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​នាំចេញ​គ្រាប់​ធញ្ញជាតិ​ថា ប្រទេស​ទួរគីនឹង​បន្ត​កិច្ចប្រឹងប្រែង ​សម្រាប់​កិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិនៅ​សមុទ្រ​ខ្មៅ​ ទោះបីជា​រុស្ស៊ី​ស្ទាក់ស្ទើរ​ក៏ដោយ​។ ក្នុងពេល​រុស្ស៊ី​មាន​អាកប្បកិរិយា​ស្ទាក់ស្ទើរ យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ការ​បម្រើ​មនុស្សជាតិ​។ រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក​ Mevlut Cavusoglu និយាយ​នៅ​ទីក្រុង​អង់កា​រ៉ា​ថា ត្រូវ​តែ​មាន​ចំណាត់​ការ​ជាក់ស្តែង ដើម្បី​ដកចេញ​របាំង​លើ​ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។លោក​និយាយ​ថា ​ពិភពលោក​ទាំងមូល​ត្រូវការ​ទំនិញ​ទាំងនេះ​។​ ​លោក Cavusoglu និយាយថា លោក Erdogan បាន​ធ្វើការ​អំពាវនាវ​ទៅកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ដោយ​លោក Zelenskyy បាន​ជឿជាក់​លើ​អ្នកចរចា​ពី​ប្រទេស​ទួរគី និង​អង្គការសហប្រជាជាតិ​ថា ​នឹង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ល្អ​ប្រសើរ​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តម្លៃប្រេងកើនឡើងបន្ទាប់ពីអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ម្តងទៀត ខណៈលោក Trump គំរាមវាយប្រហារថ្មី
06/22/2026 10:06 AM
លោក Trump ៖លោក Starmer នឹងលាលែងពីតំណែង ខណៈសង្ស័យថានាយករដ្ឋមន្ត្រីអង់គ្លេសអាចនឹងចុះចេញនៅថ្ងៃចន្ទនេះ
06/22/2026 09:06 AM
អឺរ៉ុប ត្រៀមទប់ទល់រលកកម្ដៅដ៏អូសបន្លាយ ខណៈសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ
06/22/2026 09:06 AM
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតតួកគីយេ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
06/22/2026 09:06 AM
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត
06/22/2026 08:06 AM
កិច្ចចរចាអាមេរិក-អ៊ីរ៉ង់ បានចូលដល់ថ្ងៃទី២ បន្ទាប់ពីការគំរាមរបស់លោក Trump និងការបិទច្រកសមុទ្រ Hormuz
06/22/2026 08:06 AM
ក្រសួង​បរិស្ថាន៖ការពង្រឹង និងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ជួយធានាសន្តិសុខស្បៀង សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ចីរភាពបរិស្ថាន
06/22/2026 08:06 AM
តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/22/2026 08:06 AM
លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM