សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

ប្រធាន​ទីភ្នាក់ងារ ​IAEA ​នឹង​ពិភាក្សា​អំពី​សុវត្ថិភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជាមួយ​រុស្ស៊ី​

2022/10/08 01:27:29 pm        646
​អ៊ុយក្រែន៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA)​ នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី​នៅ​ដើម​សប្តាហ៍​ក្រោយ​ សម្រាប់​ការពិភាក្សា​អំពី​មធ្យោបាយ​ធានា​សុវត្ថិភាព​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។​​សេចក្តីប្រកាស​របស់​អគ្គ​នាយក​ទីភ្នាក់ងារ IAEA លោក Rafael Grossi កាលពី​ថ្ងៃ​សុក្រ ធ្វើឡើង​បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​នៅ​រោងចក្រ​នេះ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​រុស្ស៊ី​។ លោក​និយាយថា ការបាញ់​ផ្លោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បានធ្វើឱ្យ​ខូច​បណ្តាញ​ថាមពល​ដែល​ផ្តល់​ចរន្តអគ្គិសនី​ ដល់​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​មួយ​របស់​រោងចក្រ ហើយ​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​នេះ​ត្រូវបាន​បង្ខំ​ឱ្យ​ពឹង​ផ្អែកលើ​ម៉ាស៊ីនភ្លើង ​ដើម្បី​ផ្គត់ផ្គង់​បន្ទាន់​ជា​បណ្តោះអាសន្ន​។​​លោក Grossi បាន​បញ្ជាក់ថា ​ម៉ាស៊ីន​រ៉េ​អា​ទ័​រ​ដូចគ្នានេះ​ក៏បាន​បាត់បង់​ការផ្គត់ផ្គង់​ថាមពល​ខាងក្រៅ ​ដោយសារ​ការបាញ់​ផ្លោង​កាលពី​ថ្ងៃទី21 ខែកញ្ញា ​ហើយ​បាន​ដំណើរការ​ជា​បណ្តោះអាសន្ន​ដោយ​ម៉ាស៊ីនភ្លើង​។ លោក Grossi និយាយថា មាន​តម្រូវការ​បន្ទាន់​មួយ​ ដើម្បី​បង្កើត​បរិយាកាស​ស្ថេរភាព​បន្ថែមទៀត​សម្រាប់​រោងចក្រ និង​បុគ្គលិក​រោងចក្រ ដែល​លោក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ការពិភាក្សា​បន្ថែម​អំពី​សំណើ​របស់​ទី​ភ្នា​ក់ងារ IAEA ដើម្បី​បង្កើត​តំបន់​ការពារ​នៅ​ជុំវិញ​ទីតាំង​រោងចក្រ​នេះ៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយថា​ កងទ័ព​អ៊ុយ​ក្រែ​ន​រំដោះ​បាន​ផ្ទៃដី 776គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្តាហ៍​មុន​

2022/10/08 12:36:45 pm        880
​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅក្នុង​សុន្ទរកថា​របស់លោក​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​អ៊ុយ​ក្រែ​នរំដោះ​បាន​ផ្ទៃដី 776គីឡូម៉ែត្រ​ការ៉េ​កាលពី​សប្តាហ៍​មុន​។ លោក Zelenskyy និយាយថា ជា​សរុប​ផ្ទៃដី​របស់​យើង​ចំនួន 2,434គីឡូម៉ែត្រ​ការ៉េ និង​ទីតាំង​លំនៅឋាន​ចំនួន 96​កន្លែងត្រូវបាន​រំដោះ​រួចហើយ ​ចាប់តាំងពី​ការចាប់ផ្តើម​ប្រតិបត្តិ​ការវាយលុក​។ ​ទន្ទឹមនឹងនេះរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ីលោក Sergey Lavrov បាន​និយាយថា ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​លោកខាងលិច ឲ្យ​បើក​ការវាយប្រហារ​នុយក្លេអ៊ែរ​ជាមុន​ទៅលើ​ប្រទេស​រុស្ស៊ី​។ លោក Lavrov បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​គណបក្សកាន់អំណាច ​សម្រាប់​ការគាំទ្រ​ជនរួមជាតិ​ដែល​រស់នៅ​ក្រៅប្រទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​​អ៊ុយ​ក្រែ​នលោក Volodymir Zelenskyy បាន​និយាយ​នៅក្នុង​ការឆ្លើយតប​ចំពោះ​សំណួរ​អំពី​អ្វី​ដែលថា អង្គការ NATO គួរតែ​រារាំង​រុស្ស៊ី​មិន​ឲ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ ក្នុងអំឡុងពេល​សុន្ទរកថា​តាម​វីដេអូ​ទៅកាន់​វិទ្យាស្ថាន​មួយ​របស់​ប្រទេស​អូស្ត្រាលី ដោយបាន​និយាយថា​ អង្គការ NATO គួរតែ​ធ្វើ​អ្វីដែល​រុស្ស៊ី​មិនអាច​ធ្វើទៅបាន​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ៕អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ធ្វើ​សមយុទ្ធ​យាន​ដ្រូ​ន​រួមគ្នា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​

2022/10/08 12:19:57 pm        724
​អាមេរិក៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានធ្វើ​សមយុទ្ធ​យាន​ដ្រូ​ន​រួមគ្នា​ ជាមួយ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ដោយ​បាន​សាកល្បង​នាវា​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​ដូចគ្នា ដែល​ប្រទេស​អ៊ីរ៉ង់​ចាប់​បាន​ពីរ​លើក​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ​​សមយុទ្ធ​នេះ​ធ្វើឡើង​ ខណៈ​កងទ័ពជើងទឹក​អាមេរិក​បាន​ប្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​យាន​ដ្រូ​ន​នៅ​ក្នុង​តំបន់ និង​បាន​ព្រមាន​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ​។ សម​យុទ្ធ​យាន​ដ្រូ​ន​ធ្វើឡើង នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នៅ​លើ​សមុទ្រ​នៅ​តែ​មាន​កម្រិត​ខ្ពស់ ខណៈ​ការ​ចរចា​បាន​ជាប់​គាំង​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​ប្រទេស​មហាអំណាច​ពិភព​លោក និង​ខណៈ​ដែល​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​បាន​កើតឡើង​នៅ​ក្នុង​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។​​កង​នាវា​ចរ​ទី​5 ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា​របស់​កងទ័ព​ជើង​ទឹកបាន​និយាយ​ថា សម​យុទ្ធ​កាល​ពី​ថ្ងៃ​សុក្រ​ចូលរួម​ដោយ​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង និង​អង់គ្លេស​ពីរ​គ្រឿង​នៅ​លើ​ឈូង​សមុទ្រ​ពែ​ក្ស​ ព្រមទាំង​នាវា​រុករក Saildrone បី​គ្រឿង​។ យាន​ដ្រូ​ន​បាន​ស្វែងរក​គោលដៅ​នៅលើ​សមុទ្រ បន្ទាប់​មក​បាន​បញ្ជូន​រូបភាព​ដែល​កាមេរ៉ា​របស់​វា​ថត​បានទៅ​នាវាចម្បាំង និង​មជ្ឈមណ្ឌល​បញ្ជា​របស់​ក​ង​នាវា​ចរ​ទី5៕​អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការបាញ់ប្រហារលើកុមារថៃ

2022/10/07 03:35:03 pm        163
ភ្នំពេញ ៖ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមសោកស្តាយ និងសម្តែងនូវមរណទុក្ខមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរាជ រដ្ឋាភិបាលថៃ និងគ្រួសារជនរងគ្រោះក្នុងហេតុការណ៍ បាញ់ប្រហារកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។ការសម្តែងនូវការសោកស្តាយ និងចូលរួមនូវមរណទុក្ខនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោ ជួបពិភាក្សាការងារជាមួយលោកបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាត់ (Anek Laothammatas) រដ្ឋមន្ត្រីឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍របស់ថៃ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២នេះ។លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅចំពោះមុខមន្ត្រីជាន់ខ្ពស់​របស់ថៃ សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះហេតុការណ៍ដ៏សោកសៅមួយនេះ។សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ម្សិលមិញនេះ បុរសជនជាតិថៃម្នាក់ បានធ្វើ​សកម្មភាពបាញ់ប្រហារសម្លាប់មនុស្សយ៉ាងហោច ៣៤នាក់ នៅខេត្តភាគឦសាន ប្រទេសថៃ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅទីនោះ រួមមានក្មេងៗដល់ទៅ ២៣នាក់។មន្ត្រីប៉ូលិសថៃប្រចាំខេត្តណងបួលាំភូ បានឱ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ Panya Khamrab មានអាយុ ៣៤ឆ្នាំ បានធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលមើលថែទាំកុមារ ដែលស្ថិតក្នុងស្រុកណាក្លាង (Na Klang) ដើម្បីស្វែងរកកូន។ ប៉ុន្តែមិនបានជួបឡើយ ហើយស្រាប់តែបានបើកការបាញ់ប្រហារ នៅក្នុងមជ្ឈមណ្ឌលតែម្ដង។ ក្រោយមកខ្មាន់កាំភ្លើងរូបនេះបានជិះរថយន្ដត្រឡប់ទៅផ្ទះវិញ ហើយបាញ់សម្លាប់ប្រពន្ធកូន និងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ប្រព័ន្ធផ្សព្វផ្សាយថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះធ្លាប់ជាអតីតមន្ត្រីប៉ូលិសម្នាក់ ដែលត្រូវ​បានបណ្ដេញចេញពីតួនាទីកាលពីឆ្នាំ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ អ្នកនៅក្នុងតំបន់នោះផ្ទាល់ ក៏សុទ្ធតែស្គាល់យ៉ាងច្បាស់ថា ខ្មាន់កាំភ្លើងរូបនេះ​ជាមនុស្ស​ញៀនថ្នាំផងដែរ។នៅក្នុងការវាយប្រហារដ៏រន្ធត់នេះ ខ្មាន់កំាភ្លើង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ព្រមទាំងកាំភ្លើង Shot Gun មួយដើម និងកំាបិតមួយផងដែរ។ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុឱ្យច្បាស់ដែលនាំឱ្យខ្មាន់កាំភ្លើងខាងលើ ប្រព្រឹត្តទង្វើដ៏សាហាវយង់ឃ្នងនេះទេ។ ប៉ូលិសថៃ បានសន្និដ្ឋានបឋមថា ការបាញ់ប្រហារនេះ អាចបណ្តាលមកពីឥទ្ធិពលគ្រឿងញៀន៕

ថ្នាក់ដឹកនាំ​កំពូល​ថៃ​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​សម្លាប់​រង្គាល

2022/10/07 02:24:42 pm        700
​ថៃ៖ អាជ្ញាធរ​និយាយ​ថា ខ្មាន់កាំភ្លើង​ដែល​បាន​វាយប្រហារ​នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារនៅក្នុង​ប្រទេស​ថៃ ហើយ​ក្រោយមក​បាន​បាញ់​ចេញពី​រថយន្ត​របស់ខ្លួន ខណៈ​គេចខ្លួន ដែល​ក្នុង​ហេតុការណ៍​នេះ​បាន​បណ្តាល​មនុស្ស ៣៧​នាក់​បាន​ស្លាប់​រួមមាន​កុមារ​ ២៤​នាក់​។​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha បាន​សម្ដែង​ភាព​សោកស្ដាយ​ខ្លាំង​បំផុត​ចំពោះ​ជនរងគ្រោះ​ និង​គ្រួសារ​របស់​ពួកគេ ហើយ​អាជ្ញាធរ​និយាយថា​ កំពុង​ស៊ើបអង្កេត​ចំពោះអ្វី​ដែល​បណ្តាល​ឲ្យ​ខ្មាន់កាំភ្លើង​ប្រព្រឹត្ត​ដូច្នេះ​។ ​ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីរ​បស់​ប្រទេសបាន​ទៅពិនិត្យ ​និង​សួរសុខទុក្ខ​អ្នករងរបួស​នៅ​មន្ទី​ពេទ្យក្នុង​ខេត្ត Nongbua Lamphu នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ លោក Anutin Charnvirakul បាន​ជួប ​និង​លោង​លោម​ចិត្ត​សមាជិក​ក្រុមគ្រួសារ​ជន​រងគ្រោះ ខណៈ​ពួកគេ​រងចាំ​ព័ត៌មាន​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។ ឧបនាយករដ្ឋមន្ត្រី​លោក Anutin គឺជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៕អត្ថបទ៖ ប៊ុនថន

លោក Biden ព្រមាន​ថា លោក Putin មិនមែន​និយាយ​លេងសើច​ពី​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​ទេ

2022/10/07 12:21:13 pm        752
​អាមេរិក៖ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ព្រមាន​ថា ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​គឺ​មាន​កម្រិត​ខ្ពស់​បំផុតចាប់​តាំង​ពី​វិបត្តិ​មី​ស៊ី​ល​គុយបា​កាលពី​ឆ្នាំ​១៩៦២ និង​បាន​និយាយ​ថា ​លោក​កំពុង​ព្យាយាម​បញ្ជាក់​លើ​អ្វី​ដែល​ជា​គោល​ដៅ​របស់​លោក Vladimir Putin ដែល​អាច​ធ្វើ​ដើម្បី​បញ្ចៀស​ការ​រីក​ធំ​ថែមទៀត​នៃ​ជម្លោះ​នេះ​។ ​ថ្លែង​នៅ​ឯ​កម្មវិធី​រៃអង្គាស​ថវិកា​ក្នុង​ទីក្រុង New York កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Biden បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​មិនមែន​និយាយ​លេងសើច​ទេ នៅ​ពេល​លោក​ Putin និយាយ​ពី​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរតាក​ទិ​ក​ដ៏​មាន​ឥទ្ធិពល ឬ​អាវុធ​ជីវសាស្ត្រ ឬ​អាវុធ​គីមី ព្រោះ​យោធា​របស់​លោក Putin គឺ​អ្នក​អាច​និយាយ​បាន​ថា មាន​សមត្ថភាព​ខ្លាំង​។​ ​លោក Biden បាន​លើក​ឡើង​ថា យើង​មិនដែល​ប្រឈម​ទៅ​នឹង​គំនិត​នៃ​ការ​ប្រើ​សង្គ្រាម​នុយក្លេអ៊ែរ​ទេ ចាប់​តាំង​ពី​សម័យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក John F. Kennedy និង​ប្រទេស​មី​ស៊ី​ល​គុយបា ដោយ​លោក​បន្ថែម​ថា យើង​មានការ​គំរាម​ដោយ​ផ្ទាល់​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​បញ្ហា​នានា​ពិតជា​បន្ត​ដើរ​ទៅ​មុខ​។​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​បាន​ព្រមាន​ថា ​រុស្ស៊ី​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត បើ​ទីក្រុង Moscow បាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មែន និង​និយាយ​ថា ពួកគេ​បាន​ទាក់ទង​ជា​លក្ខណៈ​ឯកជន​ជាមួយ​ក្រុម​មន្ត្រី​រុស្ស៊ី ទោះ​យ៉ាង​ណា​ក៏ដោយ​សហរដ្ឋអាមេរិក​មិនបាន​ពន្យល់​ជា​សាធារណៈ​ថា ​តើ​ខ្លួន​នឹង​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​ប្រើ​នុយក្លេអ៊ែរ ​ដែល​មាន​វិសាលភាព​បំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​ពី​សំណាក់​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

ចំនួន​អ្នកស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​សាលារៀន​ប្រទេស​ថៃ​កើន​ដល់ ៣៧នាក់ ខណៈ​ខ្មាន់កាំភ្លើង​ប្រើ​កាំភ្លើង និង​កាំបិត

2022/10/07 11:46:59 am        1304
​ថៃ៖ អតីតមន្ត្រី​នគរបាល​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​គ្រឿងញៀន​ បាន​សម្រុក​ចូលទៅក្នុង​មជ្ឈមណ្ឌល​ថែទាំកុមារ​ពេល​ថ្ងៃមួយ​កន្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងប្រទេស​ថៃ ​ដោយបាន​សម្លាប់​សិស្សសាលា​ម​ត្តេ​យ្យ ​និង​គ្រូបង្រៀនរាប់សិប​នាក់ ​ហើយ​បន្ទាប់មក​បាន​បាញ់​មនុស្ស​បន្ថែមទៀត​នៅពេល​ខ្មាន់កាំភ្លើង​រូបនេះ​រត់គេចខ្លួន​។ ​យ៉ាងហោចណាស់​មនុស្ស ៣៧នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​កុមារ​ ២៤​នាក់​នៅក្នុង​ការបាញ់ប្រហា​រ​ដ៏​ឃោ​ឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​។ យោងតាម​តាម​សេចក្តីរាយការណ៍ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​កងកម្លាំង​នគរបាល​កាលពីដើម​ឆ្នាំនេះ បាន​បាញ់សម្លាប់​ខ្លួនឯង​បន្ទាប់ពី​សម្លាប់​ប្រពន្ធ និងកូន​នៅផ្ទះ​។ ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ជនបទ Uthai Sawan ក្នុង​ខេត្ត Nongbua Lamphu ភាគ​ឦសាន​ប្រទេស​ថៃ ជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់​ប្រទេស​ថៃ​។ យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ក៏បាន​ប្រើ​កាំបិត​ក្នុងការ​វាយប្រហារ​នេះដែរ ហើយ​បន្ទាប់មក​បាន​រត់គេច​ខ្លួន​ចេញពី​អគារ​សាលារៀន​។ គ្រូបង្រៀនម្នាក់​ដែល​បានឃើញ​ហេតុការណ៍​បាញ់ប្រហារ​ដ៏​សាហាវ​ នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​បាន​និយាយថា បុគ្គលិក​បាន​ចាក់សោទ្វារ នៅពេលនោះ​ពួកគេ​បានឃើញ​ខ្មាន់កាំភ្លើង​សម្រុក​ចូលមក​ខាងក្នុង​អគារ​សាលារៀន​។នាយករដ្ឋមន្ត្រី​ថៃលោក Prayuth Chan-ocha បាន​សម្តែង​នូវ​ទុក្ខសោក​ខ្លាំង​បំផុតរបស់លោក​ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ និង​បាន​និយាយថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ពី​ហេតុផល​របស់​ខ្មាន់កាំភ្លើង​។ ​ឧ​ត្ត​ម​សេនីយ៍ Damrongsak Kittipraphat ស្នងការ​នគរបាលជាតិបាន​និយាយថា បន្ទាប់ពី​មានការ​សម្លាប់​រង្គាល​នៅ​មណ្ឌល​ថែទាំ​កុមារក្នុង​ខេត្ត Nong Bua Lamphu ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​ខ្លួនឯង​នៅផ្ទះ ហើយ​ប្រពន្ធ និង​កូនប្រុស​ម្នាក់​របស់​ខ្មាន់កាំភ្លើង​ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​។ លោក​និយាយថា មនុស្ស​ប្រហែល ១០នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​នោះ ហើយ​នគរបាល​បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​មានឈ្មោះ Panya Kamrab អាយុ​ ៣៤​ឆ្នាំ៕​អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​និយាយថា ការអត្ថាធិប្បាយ​របស់​លោក Zelenskyy ជាការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភព​លោក​

2022/10/07 11:20:31 am        751
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ការ​អំពាវនាវ​ដល់​ស​ម្ព័​ន្ធ​ណា​តូ​របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy ឲ្យ​បើក​ការវាយប្រហារ​បង្ការ​ទុកជាមុន​ទល់នឹង​រុស្ស៊ី គឺជា​ការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភពលោក​។ ​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti ថា សេចក្ដីថ្លែងការណ៍​បែបនេះ​មិន​ខុស​អី​នឹង​ការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភពលោក​មួយ​ផ្សេងទៀត ដែល​នឹង​បង្ក​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ស្មាន​ដល់ ដោយ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​នៅ​ស្ងៀម​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy។ ​លោក Peskov បាន​អះអាង​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក និង​អង់គ្លេស​គឺជា​អ្នកគ្រប់គ្រង​សកម្មភាព​របស់​ទីក្រុង Kiev តាម​ជាក់ស្ដែង ហើយ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ​និង​សេចក្ដីថ្លែងការណ៍​នានា​របស់​លោក Zelenskyy និង​រដ្ឋបាល​របស់​លោក​។​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy មាន​ឡើង​អំឡុង​បទសម្ភាសន៍​តាម​វីដេអូ​ជាមួយ​វិទ្យា​ស្ថាន Lowy របស់​អូស្ត្រាលី​។ ​ទន្ទឹម​នឹង​នេះ​ដែរ រុស្ស៊ី​បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​បារាំង​លោក Pierre Levy ជុំវិញ​ការ​គាំទ្រ​ខាង​យោធា​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ប្រទេស​បារាំង​ដល់​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

វិមាន​ក្រឹម​ឡាំង​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវតែ​សម្រេច​ចិត្ត​ថា ​តើ​ខ្លួន​ឈរ​នៅ​កន្លែង​ណា​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន

2022/10/07 11:01:07 am        645
​រុស្ស៊ី៖ អ្នកនាំពាក្យ​ក្រសួង​ការពារ​បរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សហភាព​អឺរ៉ុប​ត្រូវតែ​សម្រេចចិត្ត​ថា​ តើ​ខ្លួន​ចង់​ឲ្យ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​ដោះស្រាយ​តាម​ច្រក​ការទូត ឬ​តាម​ឥរិយាបថ​ហិង្សា។ ​ពេល​ត្រូវ​បាន​សួរ​ចំពោះ​ការ​អត្ថាធិប្បាយ​លើ​សំណើ ​ដែល​ត្រូវ​បាន​រាយការណ៍​របស់​ប្រទេស​អូទ្រីស ក្នុង​ការរៀបចំ​ការចរចា​បន្ធូរបន្ថយ​ភាព​តានតឹង លោកស្រី Zakharova បាន​និយាយ​ថា ​ទីក្រុង Moscow អាច​សម្លឹង​មើល​ការ​ផ្ដួចផ្ដើម​បែបនេះ បន្ទាប់ពី​សហភាព​អឺរ៉ុប​ដឹងខ្លួន​ឯង​ថា ត្រូវ​ឈរ​នៅ​កន្លែង​ណា​សម្រាប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ​លោកស្រី Zakharova បាន​និយាយ​ថា ដំបូង​សហភាព​អឺរ៉ុប​គួរតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ដោយ​ជំរុញ​ឲ្យ​ប្លុក​នេះ​សម្រេច​ចិត្ត​ថា ​តើ​ខ្លួន​កំពុង​ស្វែងរក​គោលនយោបាយ​បរទេស​បង្រួបបង្រួម ឬ​ការ​សម្រេចចិត្ត​ទាំងនោះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​រដ្ឋ​ជា​សមាជិក​និមួយៗ​។​​លោកស្រី​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​បាន​ឮ​ម្តង​ហើយ​ម្តង​ទៀត​នូវ "​សេចក្តីថ្លែងការណ៍​ផ្ទុយគ្នា​" ដែល​ចេញ​មកពី​សហភាព​អឺរ៉ុប​។ លោកស្រី Zakharova បាន​កត់​សម្គាល់​ថា ​គំនិត​ផ្តួចផ្តើម​ជាច្រើន​ដែល​សន្មតិ​ថា ​ត្រូវ​បាន​ដាក់​ចេញ​ដោយ​រដ្ឋ​ជា​សមាជិក ហើយ​ក្រោយមក​ត្រូវ​បាន​ដកចេញ ឬ​លែង​ធ្វើ​ទៀត ព្រោះ​វា​មិន​ត្រូវ​បាន​អនុម័ត​ដោយ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​៕អត្ថបទ៖ សុខមាន

សហគមន៍​ថៃ​នៅ​អាមេរិក​តក់ស្លុត​ចំពោះ​ហេតុការណ៍​បាញ់ប្រហារ​សម្លាប់​មនុស្ស​ជិត ​៤០​នាក់​នៅ​ប្រទេស​ថៃ​

2022/10/07 10:34:53 am        675
​អាមេរិក៖ អតីត​នគរបាល​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​គ្រឿងញៀន បាន​សម្រុកចូល​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​ថៃ​សម្លាប់​កុមារ​រាប់​សិប​នាក់ និង​គ្រូបង្រៀន ក្រោយមក​បាន​បាញ់​ប្រហារ​លើ​មនុស្ស​ជាច្រើន​ទៀត មុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង។​ មនុស្ស​យ៉ាងហោចណាស់ ​៣៧​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ការ​បាញ់ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​នៅ​ក្នុង​សហគមន៍​ថៃ​ធំ​បំផុត​របស់​ទីក្រុង Los Angeles មានការ​តក់ស្លុត​។​ ព្រះសង្ឃ​ព្រះនាម ព្រះ​វិទេស​ធម្ម​វុ​ន្ទ Phra Vides Dhammavond ព្រះ​ចៅ​អធិការ​នៅ​វត្ត​ថៃ (Wat Thai temple) ​ក្នុង​តំបន់ North Hollywood នៃ​ទីក្រុង Los Angeles រដ្ឋ California បាន​មាន​សង្ឃ​ដីកា​ថា មនុស្ស​គ្រប់គ្នា​បាន​តក់​ស្លុត ព្រោះ​ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ ពិសេស​កើតឡើង​ចំពោះ​កុមារ។ ហើយ​ហេតុការណ៍​នេះ​ក៏​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​រន្ធត់​ផង​ដែរ​។​​គ្រូបង្រៀន​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថៃ PBS ថា ជនល្មើស​បាន​ចេញ​ពី​រថយន្ត ហើយ​ចាប់ផ្ដើម​បាញ់​ទៅលើ​បុរស​ម្នាក់​ដែល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ខាងក្រៅ បន្ទាប់មក​បាន​បាញ់រះ​ជា​ច្រើន​គ្រាប់​ទៀត។​ ​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់ទៀត​និយាយ​ថា បុគ្គលិក​មជ្ឈមណ្ឌល​ថែទាំ​កុមារ​បាន​ចាក់សោ​ទ្វារ ប៉ុន្តែ​ជនសង្ស័យ​បាន​បាញ់រះ​ចូល​ទៅ​ខាងក្នុង​។ ​ការ​ស្លាប់​ទាក់ទង​នឹង​ការ​បាញ់ប្រហារ​ក្នុង​ប្រទេស​ថៃ​ មាន​ចំនួន​ទាប​ជា​ប្រទេស​នានាដូចជាសហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ប៉ុន្តែ​ខ្ពស់​ជាង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី​ដែល​មាន​ច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​ដ៏​តឹងរ៉ឹង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM
អ៊ីរ៉ង់ចេញនីតិវិធីថ្មីសម្រាប់នាវាដែលស្នើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស
06/20/2026 01:06 PM
ក្រុមហ៊ួទីនៅយេម៉ែនព្រមានអំពីការឆ្លើយតបទៅនឹងការបង្កើនភាពតានតឹងបន្ថែមទៀតរបស់អ៊ីស្រាអែលនៅលីបង់
06/20/2026 01:06 PM
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត
06/20/2026 01:06 PM
មេដឹកនាំហេសបូឡាប្តេជ្ញាតស៊ូ ខណៈអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសលីបង់ខាងត្បូង
06/20/2026 12:06 PM
បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM