សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

ព័ត៌មានសំខាន់ៗ

ព្រះមហាក្សត្រ​ Charles សច្ចា​បំពេញ​ព្រះ​រាជកិច្ច​ជាតិ និង​អនុញ្ញាត​ឲ្យ​លោកស្រី Truss ចូល​គាល់​លើក​ដំបូង

2022/09/10 11:47:37 am        736
អង់គ្លេស៖ ​ព្រះមហាក្សត្រ Charles III ទ្រង់​សច្ចា​នៅក្នុង​ព្រះរាជ​ស័​ង្ក​ថា​ដំបូង​របស់​ទ្រង់​ ក្នុងនាម​ជា​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​សុក្រ​ថា ​ព្រះអង្គ​នឹង​បន្ត​ព្រះរាជកិច្ច​ពេញ​មួយ​ព្រះជន្ម​ជីព​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II តាមរយៈ​ព្រះសង្ហារ​ទំនើបកម្ម​ក្នុងនាម​ព្រះអង្គ​ផ្ទាល់ ខណៈ​ចក្រភព​អង់គ្លេស​បាន​ឈានចូល​យុគសម័យ​ថ្មី​ ដែល​មិន​ច្បាស់លាស់​នៅក្រោម​រាជាធិបតេយ្យ​ថ្មី​។ នៅ​ជុំវិញ​ពិភពលោក រជ្ជកាល​ដ៏​ល្អប្រសើរ​របស់​ព្រះមហាក្សត្រីត្រូវបាន​រំលឹក អបអរ និង​យកមក​ជជែក​ដេញដោល​។​ ​ព្រះមហាក្សត្រ Charles ដែល​បាន​ចំណាយពេល ​73ព្រះវស្សា​របស់​ទ្រង់​ ដើម្បី​ត្រៀម​ព្រះកាយ​សម្រាប់​តួនាទី​ជា​មហាក្សត្រ ​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ប្រជាជាតិ​ដែល​កំពុង​កាន់ទុក្ខ ជា​មហាក្សត្រ​អង់គ្លេសដែល​ពលរដ្ឋ​ភាគច្រើន​រស់នៅ​សព្វថ្ងៃនេះ​មិន​ធ្លាប់​ស្គាល់​។ ព្រះអង្គ​ឡើង​សោយរាជ្យ​ក្នុង​យុគសម័យ​នៃ​ភាព​រំជើបរំជួល​ សម្រាប់​ទាំង​ប្រទេស និង​របបរាជានិយម​ផ្ទាល់​។ ព្រះអង្គ​មានបន្ទូល​អំពី​ទុក្ខព្រួយ​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​ទ្រង់​ ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ ​ដោយ​ចាត់ទុក​ព្រះ​មាតា​ព្រះអង្គជាការ​បំផុសគំនិត និង​គំរូ​ដល់​ទ្រង់ និង​ដល់​គ្រួសារ​រាជវង្ស​ទាំងមូល​។ ​ព្រះរាជ​ស័​ង្ក​ថារបស់​ព្រះអង្គ​ត្រូវបាន​ចាក់ផ្សាយ​តាម​ទូរទស្សន៍ និង​ចាក់ផ្សាយ​នៅ​ព្រះវិហារ St. Paul's ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ 2,000នាក់​បាន​ចូលរួម​ពិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ដល់​ម្ចាស់​ក្ស​ត្រី​។​​ព្រះមហាក្សត្រ Charles III របស់​ចក្រភព​អង់គ្លេស​បាន​អនុ​ញ្ញា​ឲ្យ​នាយករដ្ឋមន្ត្រី​លោកស្រី Liz Truss ចូល​ក្រាប់បង្គំ​គាល់កាលពី​ថ្ងៃ​សុក្រ និង​បាន​មានបន្ទូលថា​ ការបាត់បង់​មាតា​របស់​ទ្រង់​គឺជា​ថ្ងៃ​ដែល​ព្រះអង្គ​មានការ​ព្រួយបារម្ភ ហើយ​ព្រះអង្គ​ត្រូវតែ​ព្យាយាម​ និង​បន្ត​អ្វីៗ​គ្រប់យ៉ាង​។ ការ​មានបន្ទូល​ដូច្នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រាជវាំង Buckingham បន្ទាប់ពី​ព្រះមហាក្សត្រ​ថ្មី​បាន​យាង​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ពី​ដែនដី​ស្កុ​តឡែ​ន បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​មាតា​ព្រះអង្គ​គឺ​ម្ចាស់​ក្ស​ត្រី Elizabeth II​៕អត្ថបទ៖ ប៊ុនថន

បាច់​ផ្កា​ដាក់​ខាងក្រៅ​ប្រាសាទ ​Balmoral ខណៈ​អ៊ុយ​ក្រែ​ន ​និង​រុស្ស៊ី​គោរពវិញ្ញាណក្ខន្ធ​​ព្រះ​មហាក្សត្រី​អង់គ្លេស​

2022/09/10 11:28:15 am        663
​អង់គ្លេស៖ អ្នក​កាន់ទុក្ខ​ជាច្រើន​មកពី​ជុំវិញ​ពិភពលោក​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ប្រាសាទ Balmoral កាលពី​ថ្ងៃ​សុក្រ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី​ Elizabeth II​ ដែល​បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​កាន់​ទុក​បានដាក់​បាច់ផ្កា និង​កម្រងផ្កានៅខាងមុខ​ខ្លោងទ្វារ​ប្រាសាទ និង​បាន​រៀបរាប់​អំពីសេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​មហាក្សត្រី​។ម្ចាស់​ក្ស​ត្រី Elizabeth II បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅ​ប្រាសាទ Balmoral ដែនដី​ស្កុ​តឡែ​ន​។ ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ពលរដ្ឋ​នៅក្នុង​ទីក្រុង​គី​វបាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II នៅមុខ​ស្ថានទូត​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ មួយថ្ងៃ​បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ត្រូវបាន​ប្រកាស​។ ប្រជាជន​អ៊ុយ​ក្រែ​ន​បាន​នាំយក​ផ្កា និង​កោតសរសើរ​ព្រះរាជកិច្ច​ដ៏​ខ្ជាប់ខ្ជួន​របស់​ទ្រង់​ចំពោះ​កាតព្វកិច្ច និង​ប្រទេសជាតិ​។​ នៅក្នុង​ប្រទេស​រុស្ស៊ី ពលរដ្ឋ​នៅ​ទីក្រុង​មូ​ស្គូបាន​នាំយក​ផ្កា​ទៅកាន់​ស្ថានទូត​ចក្រភព​អង់គ្លេស​ ក្នុង​រដ្ឋធានី​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់​ក្ស​ត្រី​ Elizabeth II របស់​ចក្រភព​អង់គ្លេស​។​ពលរដ្ឋ​ម្នាក់​ដែលមាន​បាច់ផ្កា​បាន​និយាយថា ទោះបីជា​អ្វីៗ​កំពុង​កើតឡើង​នៅពេលនេះ​ក៏ដោយ ព្រះមហាក្សត្រី តែងតែ​ជា​និមិត្តរូប​នៃ​សន្តិភាព និង​សេចក្តី​ល្អ​។ ជាមួយគ្នានេះប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​តាម​បណ្តាញ​ Telegram ទៅកាន់​មហាក្សត្រ Charles III ជា​បុត្រ​ច្បង​របស់​ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​បាន​ក្លាយជា​មហាក្សត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​ដោយ​ស្វ័យប្រវត្តិ​៕អត្ថបទ៖ ប៊ុនថន

ព្រះ​រាជពិធី​បុណ្យ​សព​មហាក្សត្រី Elizabeth II ត្រូវគេ​រំពឹងថា​នឹង​ធ្វើឡើង​ក្នុងពេល​តិចជាង ​២​សប្ដាហ៍​ទៀត

2022/09/09 02:50:42 pm        169
​អង់គ្លេស៖ ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរម​សព​របស់​ព្រះមហាក្សត្រី Elizabeth ទី​II ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារ Westminster Abbey ក្នុងពេល​តិចជាង​ ២​សប្ដាហ៍ ហើយ​ថ្ងៃ​ពិតប្រាកដ​នឹង​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រះបរមរាជវាំង Buckingham។​ ព្រះ​មហាក្សត្រី​បាន​យាង​សោយ​ព្រះ​ពិរាល័យ ដែល​ជា​ការ​បញ្ចប់​ការ​ឡើង​គ្រង​រាជសម្បត្តិ​យូរ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស។ ទ្រង់​បាន​សោយ​ព្រះ​ពិរាល័យ​ដោយ​ស្ងៀមស្ងាត់ ដែល​ត្រូវបាន​អម​ជុំវិញ​ទ្រង់​ដោយ​រាជវង្ស​របស់​ទ្រង់​នៅ​ព្រះរាជដំណាក់ Balmoral Castle ក្នុង​ដែនដី​ស្កុ​ត​ឡិន។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ គេ​រំពឹងថា​នឹង​មាន​ពិធី​តម្កល់​ព្រះ​បរម​សព និង​ព្រះ​រាជពិធី​បុណ្យ​សព​របស់​ទ្រង់ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។​ បន្ទាប់ពី​មឈូស​របស់​ទ្រង់វិលត្រឡប់​ទៅកាន់​ទីក្រុង​ឡុ​ដ៍​វិញ ក្រោយមក​ព្រះ​បរម​សព​របស់​ទ្រង់​នឹង​ត្រូវ​តម្កល់​នៅ​ក្នុង​សាល​អគារ Westminster Hall រយៈពេល​ប្រហែល​ ៤​ថ្ងៃ មុន​ចាប់ផ្ដើម​ព្រះ​រាជពិធី​បុណ្យ​សពដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ទាំងឡាយ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​។ ​សាល​អគារ​ដ៏​ធំ​នេះ​គឺជា​ផ្នែក​ដ៏​ចាស់​បំផុត​នៃ​ព្រះបរមរាជវាំង Westminster ជា​បេះដូង​នៃ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។សមាជិក​ចុងក្រោយ​របស់​រាជវង្ស​អង្គ​នេះ​នឹង​ត្រូវ​តម្កល់​ក្នុង​សាល​នេះ ជាទី​ដែល​ព្រះ​សព​របស់​ព្រះ​វររាជ​មាតា​ជាតិ​អង្គ​នេះ​ត្រូវ​បាន​តម្កល់​នៅ​ឆ្នាំ២០២២ ​នេះ នៅ​ពេល​ដែល​មនុស្ស​ជាង​ ២០០,០០០​នាក់​នឹង​ឈរ​តម្រង់​ជួរ​មើល​មឈូស​របស់​ទ្រង់​។ មឈូស​របស់​មហាក្សត្រី​នឹង​តម្កល់​នៅ​លើ​ទម្រ​មួយ​ដែល​គេ​ហៅ​ឈ្មោះថា catafalque ស្ថិតនៅ​ខាងក្រោម​ដំបូល​ឈើ​មជ្ឈិម​សម័យនៃ​សាល​សតវត្សរ៍​ទី​១១។ ជ្រុង​និមួយៗ​នៃ​ជើង​ទម្រនឹង​ត្រូវ​ឈរ​អម​ដោយ​កងទ័ព ពី​អង្គភាព​នានា​ដែល​បម្រើការ​នៅ​ព្រះបរមរាជវាំង​។ ព្រះ​បរម​សព​របស់​មហាក្សត្រី​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​សាល Westminster ពី​ព្រះបរមរាជវាំង Buckingham តាម​ក្បួន​ដង្ហែ​ព្រះ​សព​យឺត​ៗ​ ដែល​ត្រូវ​បាន​ហែហម​ដោយ​ព្យុហយាត្រា​យោធា និង​សមាជិក​រាជវង្ស​។ ប្រជាពលរដ្ឋ​ទូទៅ​ក៏​នឹង​អាច​ទស្សនា​ក្បួន​ដង្ហែ​ព្រះ​បរម​សព​នេះ​ផង​ដែរ ខណៈ​ក្បួន​នេះ​ហែ​កាត់​តាម​ដង​ផ្លូវ​នានា​ និង​មាន​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ធំ​ៗ ដែល​ទំនងជា​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ឧទ្យាន Royal Parks ក្នុង​ទីក្រុង​ឡុង​ដ៍​៕អត្ថបទ៖ សុខមាន

ប្រតិបត្តិការ​ជួយសង្គ្រោះ​ដោយ​ទឹកជំនន់​នៅ​បន្ត​នៅ​ប៉ា​គី​ស្ថាន​ ខណៈ​អ្នកស្លាប់​កើន​ដល់ ​១,៣៩១​នាក់

2022/09/09 02:30:42 pm        726
​ប៉ា​គី​ស្ថាន៖ ចំនួន​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​ នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ដល់ ១,៣៩១​នាក់​ចាប់តាំងពី​ថ្ងៃទី១៤ ខែមិថុនា​មក ហើយ​មនុស្ស​សរុប​ចំនួន ១២,៧២២​នាក់​បាន​រងរបួស និង​រាប់លាន​នាក់​រង​ផល​​ប៉ះពាល់​។​អាជ្ញាធរ​​ប៉ា​គី​ស្ថាន​បាន​និយាយថា ប្រតិបត្តិ​ការសង្គ្រោះ​នៅ​បន្ត​ដោយ​កងទ័ព និង​អ្នក​ស្ម័គ្រចិត្ត​បាន​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​ទូកដើម្បី​ទៅ​យក​មនុស្ស​ដែល​ជាប់គាំង​ ចេញពី​តំបន់​ទឹកជំនន់​មកកាន់​ជំរំ​សង្គ្រោះ​។​ ​ប្រជាជន​នៅ​ជំរំ​កំពុង​ត្រូវបាន​ផ្តល់​កន្លែង​ស្នាក់នៅ អាហារ និង​ការថែទាំ​សុខភាព​។ ទូក​របស់​កងទ័ព​ប៉ា​គី​ស្ថាន​កំពុង​ជួយសង្គ្រោះ​ប្រជាជន​ដែល​ជាប់គាំង និង​ដឹកជញ្ជូន​ពួកគេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ក្នុងស្រុក Jamshoro របស់​ខេត្ត Sindh បន្ទាប់ពី​មានការ​បាក់​ទំនប់ទឹក​នៃ​បឹង Manchar កាលពីពេល​ថ្មី​នេះ​។​ ​ទឹក​ពី​បឹង​បាន​ជន់​លិច​ភូមិ​ជាច្រើន​នៅក្បែរៗ​នោះ បាន​បង្ខំ​ឱ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ចាកចេញ​ពី​លំនៅឋាន​របស់​ពួកគេ​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ពលរដ្ឋ​ជាច្រើន​បាន​ភៀសខ្លួន​ចេញ​ដោយ​ការភិតភ័យ​។​​កងទ័ព​​ប៉ា​គី​ស្ថាន​បាន​ជួយសង្គ្រោះ​មនុស្ស​ជាច្រើន​ ដែល​ជាប់គាំង​រយៈពេល​ជាច្រើន​ថ្ងៃ​នៅក្នុង​ភូមិ​។ ជំរំ​សង្គ្រោះ​ជាច្រើន​ត្រូវបាន​បង្កើតឡើង​នៅក្នុង​អគារ​រដ្ឋាភិបាល​ដែល​បម្រើ​ពលរដ្ឋ​រាប់ម៉ឺន​នាក់ ខណៈ​រាប់ពាន់នាក់​ទៀត​បាន​ជ្រក​កោន​នៅតាម​ដងផ្លូវ​នៅ​លើដី​ខ្ពស់​។​ ​ទឹកជំនន់​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថានដែល​បានចាប់ផ្តើម​ចាប់តាំងពី​ពាក់កណ្តាល​ខែមិថុនា បណ្តាល​ឲ្យ​មនុស្ស ១,៣៩១​នាក់ស្លាប់ ប៉ះពាល់​ដល់​មនុស្ស ៣.៣​លាន​នាក់ និង​ធ្វើឱ្យ​មនុស្ស​ជាង​កន្លះ​លាន​​នាក់​គ្មាន​ផ្ទះសម្បែង​។ ទោះបីជា​ភ្លៀង​បាន​ធូរស្រាល ហើយ​ទឹកជំនន់​បាន​ស្រក​ចុះ​នៅ​តំបន់​ជាច្រើន​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ក៏ដោយ​ ខេត្ត​ Sindh នៅតែ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​ពិភពលោក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II បន្ទាប់ពី​ទ្រង់​យាង​សោយ​ព្រះ​ពិរាល័យ

2022/09/09 12:07:49 pm        651
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss និង​មេដឹកនាំ​ពិភពលោក​បច្ចុប្បន្ន​រួមមាន​លោក Joe Biden និង​លោក Justin Trudeau រួម​ជាមួយ​អតីត​ប្រមុខរដ្ឋ​ដូចជាលោក​ Tony Blair និងលោក Barack Obama និង​មេដឹកនាំ​ច្រើន​រូប​ទៀត​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II បន្ទាប់ពី​ទ្រង់​បាន​យាង​សោយ​ព្រះ​ពិរាល័យក្នុង​ជន្មាយុ​ ៩៦ព្រះវស្សា​។​ ​ព្រះរាជវាំង​បានប្រកាសថា ​ម្ចាស់​ក្ស​ត្រីបាន​យាង​សោយ​ព្រះ​ពិរាល័យ​នៅ​ប្រាសាទ Balmoral ក្នុង​ដែនដី​ស្កុ​តឡែ​ន ជា​កន្លែង​ដែល​សមាជិកគ្រួសារ​រាជវង្ស​បានធ្វើ​ដំណើរ​ទៅ​ទីនោះ បន្ទាប់ពី​ព្រះរាជសុខភាព​របស់​ទ្រង់​កាន់តែ​ធ្ងន់ធ្ងរ​។​ ​ពលរដ្ឋ​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​រាជវាំង Buckingham នៅក្រោម​ដំណក់ទឹកភ្លៀង​ធ្លាក់ ហើយ​សមាជិក​មួយចំនួន​បាន​យំ​នៅពេលដែល​មន្ត្រី​បាន​ជូនដំណឹង​បញ្ជាក់​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រីនៅ​ច្រកទ្វារ​រាជវាំង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​ ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្ស​ត្រី Elizabeth II របស់​ចក្រភព​អង់គ្លេស​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​នាទី​។​ ​នាយករដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​លោកស្រី Liz Truss បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​និយាយថា​ "​យើងទាំងអស់គ្នា​មាន​ក្តី​រន្ធត់​ចំពោះ​ព័ត៌មាន​ដែល​យើង​ទទួលបាន​ពី​ប្រាសាទ Balmoral ដែនដី​ស្កុ​តឡែ​ន​។ ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី ជា​ភាព​តក់ស្លុត​យ៉ាងខ្លាំង​ដល់​ប្រជាជាតិ និង​ពិភពលោក​។​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Bidens បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ម្ចាស់​ក្ស​ត្រី​ Elizabeth II គឺ​លើសពី​ព្រះមហាក្សត្រ​។ ទ្រង់​បានកំណត់​សម័យកាល​មួយ​។ នៅក្នុង​ពិភពលោក​ដែលមាន​ការផ្លាស់ប្តូរ​ឥតឈប់ឈរ ទ្រង់​ធ្វើ​ឲ្យ​មាន​វត្តមាន​ដ៏​ស្ថិតស្ថេរ និង​ជា​ប្រភព​នៃ​ភាព​សុខដុម​រម្យ​នា និង​មោទនភាព​សម្រាប់​ប្រជាជន​អង់គ្លេស​ជាច្រើន​ជំនាន់​។​ ​នាយករដ្ឋមន្ត្រី​កាណាដាលោក Justin Trudeau បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម Twitter ថា វា​ពិត​ជា​តក់ស្លុត​ក្នុង​ចិត្តខ្លាំង​បំផុត​ដែល​យើង​បានទទួល​ដំណឹង​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II ដែល​សោយរាជ្យ​យូរ​បំផុត​របស់​ចក្រភព​អង់គ្លេស​។ ទ្រង់មាន​វត្តមាន​ជាប់ក្នុង​ជីវិត​របស់​យើង ហើយ​ការបំពេញ​រាជកិច្ច​របស់​ទ្រង់​ចំពោះ​ប្រជាជន​កាណាដា​ នឹង​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​យើង​ជា​រៀងរហូត​។​ ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter ថា ម្ចាស់​ក្ស​ត្រី Elizabeth II តំណាងឱ្យ​ការបន្ត​ និង​សាមគ្គីភាព​របស់​ប្រទេស​អង់គ្លេស​អស់​រយៈពេល​ជាង ៧០ឆ្នាំ​។ ខ្ញុំ​ចងចាំ​ទ្រង់​ជា​មិត្ត​របស់​ប្រទេស​បារាំង ជា​មហាក្សត្រី​ដែលមាន​ចិត្តសប្បុរស ដែល​បាន​បន្សល់ទុក​នូវ​ការចាប់អារម្មណ៍​ដ៏​យូរអង្វែង​សម្រាប់​ប្រទេស​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​នលោក Volodymyr Zelenskyy ថ្លែងថា វា​គឺជា​ការ​សោកសៅ​យ៉ាងខ្លាំង​ដែល​យើង​បានទទួល​ដំណឹង​ ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II។ ក្នុងនាម​ប្រជាជន យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​គ្រួសារ​រាជវង្ស​របស់​ចក្រភព​អង់គ្លេស​ និង​ប្រជាជន​ចំពោះ​ការបាត់បង់​ដែល​មិនអាច​ជំនួស​បាន​។ ​នាយករដ្ឋមន្ដ្រី​អូស្ត្រាលីលោក Anthony Albanese បាន​សម្តែង​ភាព​សោកសៅ​ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី Elizabeth II​។ លោក Anthony Albanese ថ្លែងថា ថ្ងៃនេះ​ជាការ​បង្ហាញ​ការបញ្ចប់​នៃ​យុគសម័យ​មួយ ជាការ​បិទ​នៃ​យុគសម័យ Elizabethan ទី​ពីរ​។ ពេលវេលា​នៃ​ការ​កាន់ទុក្ខ​នេះ​នឹង​កន្លងផុតទៅ ប៉ុន្តែ​ការគោរព​ដ៏​ជ្រាលជ្រៅ ដែល​ប្រជាជន​អូស្ត្រាលី​តែងតែ​គោរព​ចំពោះ​ទ្រង់នឹងមិន​បាត់បង់​ឡើយ​។​ ​ប្រជាជន​អាល្លឺម៉ង់កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​សម្តែង​ការរំលែក​ទុក្ខ​របស់​ពួកគេ​ទៅកាន់​ប្រជាជន​អង់គ្លេ​ស ​បន្ទាប់ពី​ការយាង​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះមហាក្សត្រី ​ElizabethII ក្នុង​ព្រះជន្ម ៩៦​​ព្រះវស្សា​។ ​ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​គោរព​វិ​ញ្ញាណ​ក្ខ​ន្ធ​ដល់​ម្ចាស់​ក្ស​ត្រី​ដែល​យាង​សោយ​ព្រះ​ពិរាល័យ ដោយ​ថ្លែងថា ប្រជាជន​អាល្លឺម៉ង់រាប់លាន​នាក់ ថ្ងៃនេះ​ពិតជា​មាន​អារម្មណ៍​សោកសៅ​ជាមួយ​ប្រជាជន​ចក្រភព​អង់គ្លេស៕អត្ថបទ៖ ប៊ុនថន

ព្រះអង្គម្ចាស់ Charles ក្លាយជា​មហាក្សត្រ​ថ្មី​របស់​ចក្រភព​អង់គ្លេស​

2022/09/09 11:31:39 am        651
​អង់គ្លេស៖ ម្ចាស់​ក្ស​ត្រី Elizabeth II ដែល​សោយរាជ្យ​យូរ​ជាងគេ​របស់​ចក្រភព​អង់គ្លេស បាន​យាង​សោយ​ព្រះ​ពិរាល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ជន្មាយុ​ ៩៦​ព្រះវស្សាបន្ទាប់ពី​សោយរាជ្យ​បាន ៧០​ឆ្នាំ​។ ​ព្រះរាជ​បុត្រា​ព្រះជន្ម ៧៣​ព្រះវស្សា​របស់​ទ្រង់ព្រះអង្គម្ចាស់ ​Charles បាន​ឡើង​សោយរាជ្យ​ដោយ​ស្វ័យប្រវត្តិ ទោះបីជា​ព្រះរាជ​ពិធី​ឡើង​គ្រង​រាជ​ប្រហែលជា​មិន​អាច​កើតឡើង ​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​ក៏ដោយ​។ ព្រះអង្គម្ចាស់ Charles បាន​កំពុង​ត្រៀម​ព្រះ​កាយ​សម្រាប់​មកុដ​រាជ​របស់​ទ្រង់​ ស្ទើរ​ពេញ​មួយ​ព្រះជន្ម​ជីព​របស់​ព្រះអង្គ​។ ​ព្រះអង្គម្ចាស់ Charles ជា​បុត្រ​ច្បង​ដែល​នឹង​ត្រូវ​ឡើង​គ្រងរាជ្យ​របស់​ចក្រភព​អង់គ្លេស បាន​ក្លាយ​ជា​មហាក្សត្រ Charles III កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ​នៃ​មាតា​ព្រះអង្គគឺ​ម្ចាស់​ក្ស​ត្រី Elizabeth II។ នៅ​ពុំ​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ណាមួយ​ សម្រាប់​ការ​ឡើង​គ្រងរាជ្យសម្បត្តិ​របស់​ព្រះអង្គ​នៅឡើយ​ទេ​។ ​ការ​ឡើង​ស្នងរាជ្យ​សម្បត្តិ​របស់​ទ្រង់​ ទំនងជា​ជំរុញ​ឱ្យ​មាន​ការ​ជជែក​ដេញដោល​ច្រើន ​អំពី​អនាគត​នៃ​របប​រាជានិយម​របស់​ចក្រភព​អង់គ្លេស ដែល​មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា ​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​មួយ​ចំនួន​ទៀត​មើល​ឃើញ​ថា ​ហួស​សម័យកាល​សម្រាប់​ប្រវត្តិសាស្ត្រ​សក្តិភូមិ​។​​ព្រះអង្គម្ចាស់ Charles ដែល​នឹង​ក្លាយជា​ព្រះប្រមុខរដ្ឋ​សម្រាប់​ចក្រភព​អង់គ្លេស និង​ដែនដី​ និង​ប្រទេស​ចំនួន ១៤​ផ្សេង​ទៀតរួមទាំង​ប្រទេស​អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ និង​ប៉ា​ពួ​ញូ​ហ្គី​ណេ បាន​ការពារ​ព្រះរាជ​សកម្មភាព​របស់​ទ្រង់៕អត្ថបទ៖ ប៊ុនថន

ក្រុម​អ្នក​កាន់ទុក្ខ​ច្រៀង​ចម្រៀង​ជាតិ​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង Buckingham និង God Save the King

2022/09/09 10:45:32 am        759
​អង់គ្លេស៖ នេះ​គឺជា​ពេលវេលា​ដែល​ក្រុម​អ្នក​កាន់​មរណទុក្ខ​នៅ​ខាងក្រៅ​​ព្រះ​បរមរាជវាំង Buckingham បាន​ចាប់ផ្ដើម​ស្រែកច្រៀង​ចម្រៀង​ជាតិ និង ‘God Save the King’ ក្រោយ​ការ​យាង​សោយ​ព្រះ​ពិរាល័យ​របស់​ម្ចាស់ក្សត្រី Elizabeth ទី​II​។​ ​រាជវង្ស​អង់គ្លេស​បាន​ប្រកាស​ដល់​ពិភពលោក ​តាមរយៈ​សេចក្ដីថ្លែងការណ៍​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ថា ក្សត្រ​ដ៏​ជាទី​ស្រឡាញ់​បាន​សោយ​ព្រះ​ពិរាល័យ​ហើយ​នៅ​ថ្ងៃ​នេះក្នុង​ព្រះ​ជន្មាយុ​ ៩៦​ព្រះវស្សា​។ ​មនុស្ស​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​រួច​ទៅ​ហើយនៅ​កណ្ដាល​ទីក្រុង​ឡុង​ដ៍ ជា​ការ​ត្រៀម​ទទួលយក​ព័ត៌មាន​ដ៏​សោក​សៅ​។ ​រូបភាព​បាន​បង្ហាញ​ពី​ក្រុម​មនុស្ស​សម្រក់​ទឹកភ្នែក​កំពុង​ស្រែក​ច្រៀង​ចម្រៀង​ជាតិ​ភ្លាមៗ ក្រោយ​ការប្រកាស​ដំណឹង​ពី​ការ​យាង​សោយ​ព្រះ​ពិរាល័យ។​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ឈ្មោះ Anna Stewart បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Twitter ថា មាន​ពិធី​ស្មឹង​ស្មាត​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង Buckingham ខណៈ​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ភ្លាមៗ បន្ទាប់មក​ក្រុម​មនុស្ស​បាន​ស្រែកច្រៀង​ថា God Save the King​។ ​រយៈពេល​ ៧០​ឆ្នាំ​ហើយ​ដែល​ជនជាតិ​អង់គ្លេស​ស្គាល់​ពាក្យពេចន៍​នៃ​បទ​ចម្រៀង​រាជវង្ស God Save the Queen​។​ មិន​ត្រឹមតែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​ប៉ុណ្ណោះ ថែមទាំង​នៅ​ជុំវិញកំពុង​កាន់​មរណទុក្ខ​ចំពោះ​ការ​យាង​ចូល​សោយ​ព្រះ​ពិរាល័យ​របស់​ព្រះ​ម្ចាស់​ក្ស​ត្រី Elizabeth II៕អត្ថបទ៖ សុខមាន

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣

2022/09/09 10:31:30 am        622
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ក្នុងនោះរបៀបវារៈស្តីពីសេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣ក៏ត្រូវបានអនុម័តទាំងស្រុងហើយ។សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីផែនការជាតិនេះ បានអនុវត្តរយៈពេលពីរឆ្នាំកន្លះ ហើយ មានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហាញចេញនូវលទ្ធផលនៃការអនុវត្តផែនការជាតិនេះ ជាសាធារណៈ។- របាយការណ៍នេះ មានគោលបំណងសំខាន់ចំនួន២ គឺ(១) ដើម្បីវាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្នុងរយៈពេលពាក់កណ្ដាលអាណត្តិដំបូង នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១ (២) ដើម្បីពិនិត្យមើលឡើងវិញ និងកែសម្រួល នូវបណ្ដាវិធានការគោលនយោបាយនានាតាមវិស័យសម្រាប់ក្រសួង ស្ថាប័នដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដោយផ្អែកលើបញ្ហាប្រឈមដែលបានជួបប្រទះនៅក្នុងអំឡុងពេលនៃការអនុវត្ត ជាពិសេស ការរីករាលដាលនៃមេរោគកូវីដ-១៩។- សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣នេះ ត្រូវបានរៀបចំកាត់តែងឡើងជាប្រាំពីរជំពូក និងតាមទម្រង់របស់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដូចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ជាពិសេសជំពូកទី៣ និងជំពូកទី៤។ - ជំពូកទី១ គឺជាការបង្ហាញអំពីប្រវត្តិ និងគោលបំណងនៃការរៀបចំរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្ត ផ.យ.អ.ជ.២០១៩-២០២៣នេះ ព្រមទាំងវិធីសាស្រ្តនៃការរៀបចំផងដែរ។- ជំពូកទី២ បង្ហាញពីសមិទ្ធផល ការវិភាគពីស្ថានភាពរួមនៃដំណើរវិវឌ្ឍន៍នៃម៉ាក្រូសេដ្ឋកិច្ច និងដំណើរការនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច នៅក្នុងសេដ្ឋកិច្ចកម្ពុជា ដោយរំលេចឡើងអំពីរចនាសម្ព័ន្ធនៃផលិតផលក្នុងស្រុកសរុប ស្ថានភាពសារពើពន្ធនិងអតិផរណា ភាពបើកចំហរនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជញ្ជីងពាណិជ្ជកម្ម ព្រមទាំងភាពក្រីក្រនិងភាពមានការងារធ្វើ។ ក្នុងជំពូកនេះ ក៏បានធ្វើការបង្ហាញពីការជួបប្រទះនូវកំណើនសេដ្ឋកិច្ចអវិជ្ជមាន លើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងកម្រិត -៣,១% ក្នុងឆ្នាំ២០២០ ដែលមូលហេតុចម្បងបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមតែរយៈពេលខ្លីនៅឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញ មកត្រឹម ២,៤% និងតាមការព្យាករ សេដ្ឋកិច្ចកម្ពុជារំពឹងទុកថានឹងកើនឡើងដល់ ៥,៥% នៅក្នុងឆ្នាំ២០២២។- ជំពូកទី៣ គឺជាជំពូកសំខាន់របស់របាយការណ៍ដែលអធិប្បាយអំពីសមិទ្ធផលនានា ដែលក្រសួង ស្ថាប័នអនុវត្តនិងសម្រេចបាន តាមរយៈបណ្ដាសកម្មភាពកម្មវិធី និងគម្រោងនានា ដើម្បីអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា ពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២១។ - ជំពូកទី៤ គឺជាជំពូកដែលលើកឡើងនូវជំហានត្រូវអនុវត្តបន្ត សម្រាប់ពាក់អាណិតកាលដែលនៅសល់ រយៈពេលពីរឆ្នាំកន្លះ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០២៣។ ជំពូកនេះបានលើកឡើងនូវបណ្ដាវិធានការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈម និងវិបត្តិនានា ដែលជួបប្រទះនៅក្នុងពាក់កណ្ដាលអាណិតកន្លងទៅ និងរំពឹងថានឹងបន្តកើតមានបន្តនៅរយៈពេលពាក់កណ្តាលអាណិតបន្ទាប់។ វិធានការណ៍ទាំងនេះ នឹងរួមទាំងការដោះស្រាយនិងជំរុញកំណើនសេដ្ឋកិច្ចបន្ទាប់ពីការរីរាលដាលនៃកូវីដ-១៩។- ជំពូកទី៥ បង្ហាញពី ការប៉ាន់ស្មាននៃតម្រូវការធនធានវិនិយោគសម្រាប់ការ ធ្វើឱ្យសម្រេចបាននូវចំណុចដៅទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៦ គឺជាការបង្ហាញពីក្របខ័ណ្ឌនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើមូលដ្ឋានលទ្ធផលនៃការអនុវត្ត ផ.យ.អ.ជ. ២០១៩-២០២៣។ - ជំពូកទី៧ គឺជាបង្ហាញនូវសេចក្តីសន្និដ្ឋានរួមយ៉ាងទូលំទូលាយមួយលើការ អនុវត្តផែនការទាំងមូល ក្នុងរយៈពេលពីរឆ្នាំកន្លះនេះ៕……….

សម្ដេចតេជោ ហ៊ុន​ សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើរបៀបវារៈមួយចំនួន

2022/09/09 10:24:10 am        478
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាច​​ក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។ របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លង ដើម្បីដាក់​ជូន​ទៅ​ស្នើ​សុំ​ការ​យល់​ព្រម​ពីស្ថាប័ន​នីតិប្បញ្ញត្តិ នៅពេលនេះ រួមមាន៖-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។និងបញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ គួរបញ្ជាក់ថា ចំពោះសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០នោះ វិស័យនេះត្រូវបានចាត់ទុក មានសក្ដានុពល ក្នុងការចូលរួម​ចំណែក​ដល់​ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបាន​ផ្សារ​ភា្ជប់​ជា​មួយ​ជីវភាព ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្ត នៃ​បច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រ​សម្រាប់​ទំនាក់​ទំនង​​គ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕

ព្រះមហាក្សត្រី Elizabeth II សោយព្រះពិរាល័យ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា ក្រោយសោយរាជ្យយូរជាងគេបំផុតនៅអង់គ្លេស

2022/09/09 09:55:09 am        782
ព្រះមហាក្សត្រី Elizabeth II  ដែលជា​ព្រះមហាក្សត្រ​សោយរាជ្យ​យូរជាងគេ​បំផុត​របស់​ចក្រភព​អង់គ្លេស និងជានិមិត្តរូបតំណាងស្ថិរភាពនៃភាពចលាចលយ៉ាងខ្លាំងក្នុងរយៈពេល១សតវត្សរ៍   ទ្រង់​បានសោយព្រះពិរាល័យក្នុងព្រះជន្មាយុ៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅ​ព្រះរាជ្យដំណាក់ Balmoral Castle ចក្រភពអង់គ្លេស ក្រោយសាយរាជ្យ​បាន​រយៈពេល​៧៩​ឆ្នាំ ។ ដោយទ្រង់ប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ ព្រះមហាក្សត្រី Elizabeth II បាន​ឡើង​សោយរាជ្យ​ក្រោយការយាងចូលទីវង្គត់របស់ព្រះរាជបិតាទ្រង់ ព្រះមហាក្សត្រ King George VI កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ។ ក្នុងឆ្នាំ ២០១៥ ព្រះម្ចាស់ក្សត្រី ដែលបានក្លាយ​ជាក្សត្រី​ដែល​បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ​យូរ​ជាង​គេ​បំផុត​ក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស មានរយៈពេល​លើស​ព្រះឯកា​ទួត​របស់​ទ្រង់​គឺ​ម្ចាស់​ក្សត្រី Victoria ដែលបានឡើងសោយរាជ្យបានរយៈពេល៦៣ឆ្នាំ និង៧ខែ។ ម្ចាស់ក្សត្រី Elizabeth ក៏ជាក្សត្រី​ដំបូង​ផង​ដែរ​ដែល​បាន​ទត​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​ប្រារព្ធ​ខួប​ព្រះរាជ្យ​ពិធីខួបឡើងសោយរាជ្យរយៈពេល៧០ឆ្នាំ របស់ទ្រង់។ ម្ចាស់ក្សត្រី​គឺ​សមាជិកខ្សែរាជ្យវង្សក្សត្រស្រីតែមួយអង្គគត់​ដែលបាន​ចូល​ប្រឡូក​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ។ ម្ចាស់ក្សត្រី Elizabeth II គឺជាប្រមុខរដ្ឋដែលបានយាងដំណើរចេញក្រៅប្រទេសច្រើនជាងគេបំផុតរបស់ពិភពលោកខណៈដែលទ្រង់បានបំពេញព្រះរាជទស្សនកិច្ចជាង១១០ប្រទេសដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនដោយសូម្បីតែមួយដង។ ទ្រង់ក៏ជាក្សត្រតែមួយអង្គគត់ផងដែរក្នុងចក្រភពអង់គ្លេសដែល បំពេញ​ព្រះរាជ​ដំណើរ ដោយរថយន្ត ដោយមិនចាំបាច់មានប័ណ្ណបើកបរ។   ព្រះរាជ​ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ទ្រង់ទៅកាន់ប្រទេសអាល្លឺម៉ង់ ភាគខាងលិច​កាល​ពី​ឆ្នាំ១៩៦៥ គឺជាដំណើរទស្សនកិច្ចទៅអាល្លឺម៉ង់លើកដំបូង ដោយក្សត្រអង់គ្លេស ចាប់តាំង​ពី​ផ្ទុះ​ស​ង្រ្គាមលោកលើកទី១។ មហាក្សត្រី និងរាជវង្សក្សត្រ ក៏ប្រឈមនឹងការរិះគន់ពីសាធារណជនផងដែរ បន្ទាប់​ពី​សោយ​ព្រះពិរាល័យ​របស់ម្ចាស់ក្សត្រី Diana កាលពីឆ្នាំ១៩៩៧ ក្នុងហេតុការណ៍​គ្រោះថ្នា​ក់​ចរាចរ​ណ៍​រថយន្ត​នៅ​ទីក្រុងប៉ារីស។ ម្ចាស់ក្សត្រី Elizabeth មិនអនុញ្ញាតឲ្យបង្ហូតទង់ជាតិត្រឹម​ពាក់​កណ្ដាល​ដង​លើ​ព្រះបរមរាជវាំង Buckingham ឬមានព្រះរាជសវនីយ៍​ទៅ​កាន់​ប្រជាជាតិ​ដែល​កំពុង​មាន​ទុក្ខ​ក្រៀមក្រំ​ជុំវិញការបាត់បង់ម្ចាស់ក្សតី្រដ៏ជាទីស្រឡាញ់។     ចក្រភពអង់គ្លេសបានឃើញនាយករដ្ឋមន្ត្រីចំនួន ១៥ រូបនៅក្រោមរជ្ជកាលដ៏យូររបស់ម្ចាស់ក្សត្រី Elizabeth ចាប់ពី អតីតនាយករដ្ឋមន្ត្រីលោក Winston Churchill ដែលពោពេញ​ដោយ​ភាព​ចម្រូង​ចម្រាស រហូតដល់ ដឹកនាំមកពីគណបក្សអភិរក្សនិយម ដែលបាន​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​៦ខែកញ្ញាសប្ដាហ៍នេះ គឺលោកស្រី Liz Truss៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពសាងសង់ផ្ទះបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
06/15/2026 04:06 PM
មន្ត្រីអ៊ីរ៉ង់ពណ៌នាអំពីកិច្ចព្រមព្រៀងសន្តិភាពថា ជាជ័យជម្នះជាយុទ្ធសាស្ត្រលើអាមេរិក និងអ៊ីស្រាអែល
06/15/2026 04:06 PM
ខេត្តកំពង់ស្ពឺប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីឱកាសការងារ និងការបណ្ដុះបណ្ដាល
06/15/2026 04:06 PM
យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ធ្វើទស្សនកិច្ចសិក្សាលើវិស័យទេសចរណ៍ និងមនុស្សធម៌ ជំរុញសក្តានុពលទេសចរណ៍ស្រុកកំពង់លែង
06/15/2026 04:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិ
06/15/2026 03:06 PM
Real Madrid ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Marc Cucurella ពី Chelsea ក្នុងតម្លៃជាង ៥១ លានផោន
06/15/2026 03:06 PM
ស.ស.យ.ក ប្រគល់ពានរង្វាន់ជ័យលាភី តែងនិពន្ធបទចម្រៀង និងកំណាព្យខួបចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ
06/15/2026 03:06 PM
អង់គ្លេសបានឃាត់ទុកនាវាដឹកប្រេង Smyrtosរបស់កងនាវាស្រមោលរុស្ស៊ី នៅច្រកសមុទ្រ English Channel
06/15/2026 03:06 PM
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
06/15/2026 03:06 PM
ប្រទេសស្លូវ៉ាគីនឹងទាមទារសំណងពីEUសម្រាប់អាវុធដែលបានផ្តល់ឲ្យអ៊ុយក្រែន
06/15/2026 03:06 PM