សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

រដ្ឋមន្ត្រី​ការពារជាតិ​និយាយថា រុស្ស៊ី​បាន​ប្រើ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​នៅ​អ៊ុយ​ក្រែ​ន ៣​លើក

2022/08/22 02:49:03 pm        858
​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​បាន​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង Kinzhal ចំនួន​ ៣លើក​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នដើម្បី​វាយប្រហារ​គោលដៅ​សំខាន់ៗ​។ លោក Shoigu បាន​និយាយថា វា​ត្រូវបាន​ប្រើប្រាស់​ដោយ​ទា​ហា​រុស្ស៊ី​ ៣​លើក​ក្នុងអំឡុង​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ហើយ​ការប្រើប្រាស់​ ៣លើក​នេះ​បានបង្ហាញ​ពី​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​វា​។ រុស្ស៊ី​អះអាងថា ប្រព័ន្ធ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ១០​ដងមាន​រយៈ​ចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយ​អាចធ្វើ​សមយុទ្ធ​ក្នុងអំឡុងពេល​ហោះ ដើម្បី​គេច​ពី​ការចាប់​ដោយ​រ៉ា​ដា និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​។​ ​មី​ស៊ី​ល Kinzhal ត្រូវបាន​បង្ហាញ​ដោយ​ប្រធានាធិបតី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ឆ្នាំ2018 រួមជាមួយ​អាវុធ​ជាច្រើន​ប្រភេទ ដែលមាន​បំណង​ដាក់​រុស្ស៊ី​ជាមួយ​គូប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ឃ្លាំង​ផ្ទុក​គ្រាប់រំសេវ​មួយកន្លែង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដែល​រក្សាទុក​មី​ស៊ី​ល​សម្រាប់​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រ៉ុក្កែត​ចល័ត​សមត្ថភាព​ខ្ពស់​របស់​សហរដ្ឋអាមេរិក (HIMARS) ប្រើប្រាស់​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ត្រូវបាន​បំផ្លាញ​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​។ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រុស្ស៊ីលោក Igor Konashenkov បាន​អះអាងថា ឃ្លាំង​អាវុធ​នេះ​ស្ថិតនៅ​ក្នុងភូមិ Maiorske ទីក្រុង​កំពង់ផែ Odesa ហើយ​វា​ត្រូវបាន​វាយប្រហារ​ដោយ​មី​ស៊ី​ល Kalibr រយៈ​ចម្ងាយ​ឆ្ងាយ​ស៊ី​ប​គោល​ដៅ​ជាក់លាក់៕អត្ថបទ៖ ប៊ុនថន

បំណាក់​ដី និងទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​ស្លាប់​នៅ​ឥណ្ឌា

2022/08/22 02:30:05 pm        693
​ឥណ្ឌា៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​យ៉ាងហោចណាស់ ៤០​នាក់​បាន​ស្លាប់ និង​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​ដោយ​ទឹកជំនន់​ភ្លាមៗ​បង្កឡើង​ដោយ​ភ្លៀង​មូសុង​ខ្លាំង​ នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ​។​ ​ការចេញផ្សាយ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា បំណាក់​ដី និង​ទឹកជំនន់​នៅក្នុង​តំបន់ភ្នំ​ហិ​ម៉ាឡៃនៃ​រដ្ឋ Himachal Pradesh ក្នុង​រយៈពេល​បី​ថ្ងៃ​ចុង​ក្រោយនេះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៣៦​នាក់​ស្លាប់​។ ​នៅក្នុង​រដ្ឋ Uttarakhand ដែល​នៅ​ជិតខាង​នោះ ព្យុះភ្លៀង​ខ្លាំង​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​សៅរ៍​បានបណ្តាលឱ្យ​មនុស្ស ៤នាក់​ស្លាប់ និង ១៣​នាក់​បាត់​ខ្លួន ខណៈ​ទឹកទន្លេ​បាន​បាក់​ច្រាំង និង​បាន​បំផ្លាញ​លំនៅឋាន​មួយចំនួន​។ មនុស្ស​រាប់រយ​នាក់​បាន​ស្វែងរក​ទីជម្រក​ក្នុង​ជំរុំ​សង្គ្រោះ បន្ទាប់ពី​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​ដែល​ជន់​លិច​។​​គ្រោះមហន្តរាយ​ដែល​បណ្តាលមកពី​បំណាក់​ដី និង​ទឹកជំនន់​គឺជា​រឿង​ធម្មតា​នៅ​ភាគ​ខាងជើង​តំបន់ភ្នំ​ហិ​ម៉ាឡៃរបស់​ប្រទេស​ឥណ្ឌា​ ក្នុងអំឡុង​រដូវ​ខ្យល់មូសុង​ខែមិថុនា​ដល់​ខែកញ្ញា​។ អ្នកវិទ្យាសាស្ត្រ​និយាយថា មហន្តរាយ​កាន់តែ​កើតមាន​ញឹកញាប់ដោយសារ​ការឡើង​កំដៅ​ផែនដី​ ដែល​រួមចំណែក​ដល់​ការ​រលាយ​ផ្ទាំង​ទឹកកក​នៅ​ទីនោះ​។ កាលពី​ឆ្នាំមុន ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០០​នាក់ស្លាប់ ​និង​បាន​ជន់​លិច​លំនៅឋាន​ច្រើន​ខ្នង​នៅក្នុង​រដ្ឋ Uttarakhand​៕អត្ថបទ៖ ប៊ុនថន

ទឹកជំនន់​នៅ​ស៊ូដង់​សម្លាប់​មនុស្ស​ ៧៥​នាក់ និង​បំផ្លាញ​លំនៅឋាន​រាប់ពាន់​ខ្នង

2022/08/22 12:13:07 pm        428
​ស៊ូដង់​៖ មន្ត្រីជាន់ខ្ពស់​បាន​និយាយថា មនុស្ស​ជាង ៧៥​នាក់​បាន​ស្លាប់​ និង​លំនៅឋាន​ជាង ១២,០០០​ខ្នង​ត្រូវ​បាន​បំផ្លាញ និង​ជាង ២ម៉ឺន​ខ្នង​បាន​រង​ការខូចខាត​ដោយ​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់​តាម​រដូវ​កាល​របស់​ប្រទេស​ស៊ូដង់​។ រូបភាព​ពី​យន្តហោះ​ដ្រូ​ន​ក្នុង​ខេត្ត Al-Jazirah បានបង្ហាញ​ភូមិ​មួយ និង​តំបន់​ជុំវិញ​នោះបាន​ជន់​លិច​ដោយ​ទឹកជំនន់​។ លោក Abdul-Jalil Abdul-Rahim អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ សម្រាប់​ការពារ​ជន​ស៊ីវិល​របស់​ប្រទេស​ស៊ូដង់​បាន​និយាយ​ថា ​កំណើន​អ្នក​ស្លាប់​ចាប់​តាំង​ពី​រដូវវស្សា​ចាប់​ផ្ដើម​ក្នុង​ខែ​ឧសភា​មាន​ចំនួន ៧៧​នាក់​។​ ​កាលពី​សប្តាហ៍​មុន ការិយាល័យ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ពលរដ្ឋ​ជាង ១៣៦,០០០​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​។ ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ទីភ្នាក់ងារ​រំពឹង​ថា​តួលេខ​នេះ​នឹង​កើន​ឡើង ខណៈ​ការ​រាប់​ចំនួន​នៅតែ​កំពុង​ដំណើរការ ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​ត្រូវ​បាន​ព្យាករណ៍​។​រដូវវស្សា​របស់​ប្រទេស​ស៊ូដង់​ជា​ធម្មតា​មាន​រយៈពេល​រហូតដល់​ខែ​កញ្ញា ដោយ​ទឹកជំនន់​បាន​ឡើង​ដល់​ចំណុច​ខ្ពស់​នៅមុន​ពេលនោះ​។ កាលពី​ឆ្នាំមុន ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៨០​នាក់​ស្លាប់ និង​បាន​ធ្វើ​ឲ្យ​ជន់​លិច​លំនៅឋាន​រាប់​ម៉ឺន​ខ្នង​នៅ​ទូទាំង​ប្រទេស​។ ក្នុង​ឆ្នាំ២០២០ អាជ្ញាធរ​បាន​ប្រកាស​ថា ​ប្រទេស​ស៊ូដង់​ជា​តំបន់​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​បាន​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ៣​ខែ​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១០០​នាក់​ស្លាប់ និង​ជន់​លិច​លំនៅឋាន​ជាង ១០ម៉ឺន​ខ្នង៕អត្ថបទ៖ ប៊ុនថន

តម្លៃលក់រាយប្រេងឥន្ធនៈ(ថ្ងៃទី២១-៣១ ខែសីហា) ប្រេងសាំងធម្មតា ៤.៧០០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៥.១០០រៀល/លីត្រ

2022/08/22 11:44:40 am        1062
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី ២១-៣១ ខែសីហា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៧០០រៀល/លីត្រ(ឡើង ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.១០០រៀល/លីត្រ(ឡើង ១០០រៀល)៕

សារព័ត៌មាន​រុស្ស៊ី​៖ កូនស្រី​របស់​អ្នកផ្ដល់យោបល់​ការវាយលុក​អ៊ុយ​ក្រែ​ន​ដល់​លោក Putin ​ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​រថយន្ត​

2022/08/22 11:36:44 am        641
​រុស្ស៊ី៖ ក្រុម​អាជ្ញាធរ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​បើក​ការស៊ើបអង្កេត​ករណី​ឃាតកម្ម ​ក្រោយ​កូនស្រី​របស់​ទស្សនវិទូ​ជាតិនិយម​ជ្រុល​ដ៏​មាន​ឥទ្ធិពល​គឺ​លោក Alexander Dugin បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​នៅ​ខាងក្រៅ​តំបន់​ជាយក្រុង Moscow នូវ​អ្វី​ដែល​ជា​ការប៉ុនប៉ង​ធ្វើឃាត​លើ​ឪពុក​របស់​នាង​។ ​មិនទាន់មាន​ការអះអាង​ទទួលខុសត្រូវ​ភ្លាមៗ​អំពី​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា នាង Darya Dugina​ វ័យ​ ២៩​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​គ្រឿងផ្ទុះ​បាន​ផ្ទុះ​បំផ្លាញ​រថយន្ត​ម៉ាក Toyota Land Cruiser ដែល​នាង​កំពុង​ធ្វើដំណើរ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍។ ឪពុក​របស់​នាង Darya Dugina លោក Alexander Dugin ត្រូវ​គេ​ជឿ​ថា មាន​ឥទ្ធិពល​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​វាយលុក​លើ​អ៊ុយ​ក្រែ​ន​ របស់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​គណៈកម្មការ​ស៊ើបអង្កេត​របស់​រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​ជឿ​ថា​មាន​នរណា​ម្នាក់​បាន​រៀប​ចំ​គម្រោង និង​បញ្ជា​ឲ្យ​រថយន្ត​ផ្ទុះ​ដែល​បាន​សម្លាប់​នាង Darya Dugina ដោយ​បាន​ផ្អែកលើ​ភស្តុតាង​ដែល​ប្រមូល​បាន​ពី​កន្លែង​កើត​ហេតុ​។ លោក Alexander Dugin គឺជា​អ្នកនិពន្ធ និង​មនោគមវិជ្ជា​មួយ​រូប​របស់​រុស្ស៊ីដែល​ត្រូវគេ​ស្គាល់​ថា​ជា​ស្ថាបត្យករ ឬ​អ្នក​បញ្ចេញ​គំនិត​យោបល់​ទាក់ទង​នឹង​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាត UN លើកទី៧៦

2022/08/22 11:16:23 am        457
ភ្នំពេញ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសំដែងការគួរ និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ សីហានេះ។ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្ដែងការគួរសម ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតដូចជា៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាដើម។ដំណើរទស្សនកិច្ចរបស់ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនារបស់កម្ពុជានៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់ អាស៊ាន និងអង្គការសហប្រជាជាតិក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមាន ការប្រែប្រួលអាកាសធាតុ ការស្ដារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ។ការធ្វើឱ្យតួនាទីរបស់អង្គការសហប្រជាជាតិកាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន អង្គការសហប្រជាជាតិ ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ ។សូមបញ្ជាក់ថា ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២៕

មនុស្ស​ ២០​នាក់​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​ដ៏​គំហុក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគ​ខាងកើត​

2022/08/22 10:55:45 am        454
​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ដ៏​គំហុក​នៅ​ក្នុង​ខេត្ត Logar ភាគ​ខាងកើត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ ២០​នាក់ និង​បំផ្លិចបំផ្លាញ​លំនៅឋាន​ជាង​ ៣ពាន់​ខ្នង​។​ការិយាល័យ​ខេត្ត​នេះ​បាន​និយាយ​ថា ភ្លៀង​បាន​វាយប្រហារ​លើ​តំបន់​មួយ​ចំនួន​របស់​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​បង្ក​ឲ្យ​មនុស្ស​ជាង ​៣០​នាក់​រង​របួស​បន្ថែម​ពីលើ​អ្នកស្លាប់​ទាំងនោះ។ សេចក្ដីថ្លែងការណ៍​និយាយ​ថា ទឹកជំនន់​នេះ​ក៏បាន​បំផ្លិចបំផ្លាញ​ប្រឡាយ​ទឹក ​និង​ដី​កសិកម្ម​ប្រមាណ​ជាង ​២​ពាន់​ហិច​តា​ផង​ដែរ​ភាគច្រើន​ដីចម្ការ ព្រមទាំង​បសុសត្វ​ប្រមាណ ២ពាន់​ក្បាល​បាន​ងាប់​។ ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​បាន​ស្លាប់​រៀង​រាល់​ឆ្នាំ​ដោយសារ​ទឹក​ជំនន់ និង​ព្យុះភ្លៀងពិសេស​នៅ​ក្នុង​តំបន់​ជនបទ​ក្រីក្រ ជាទី​ដែល​លំនៅឋាន​សាងសង់​គ្មាន​គុណភាព​តែង​ប្រឈម​នឹង​ការ​បាក់​រលំ។​ចំណែក​នៅ​ក្នុង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​ប្រទេស​ប៉ា​គី​ស្ថាន​ក៏​ជួប​គ្រោះ​ទឹក​ជំនន់​ដូចគ្នា​ដែរ។ ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​បាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។​ ​ក្រុម​សង្គ្រោះ​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ដែល​បាន​ជាប់​ក្នុង​ទឹកជំនន់​ ចេញពី​លំនៅឋាន​របស់​ពួកគេ និង​ដំឡើង​ជំរំ​តង់​សម្រាប់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​។ ជា​រៀង​រាល់​ឆ្នាំ​ភាគច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថានតែង​រងគ្រោះ​ពី​ភ្លៀង​មូសុង​ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​មានការ​រិះគន់​អំពី​ផែនការ​ទន់ខ្សោយ​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​ធម្មជាតិ​នេះ​៕អត្ថបទ៖ សុខមាន

អាជ្ញាធរខេត្តបន្ទាយមានជ័យ ផ្ទៀងផ្ទាត់ ឆ្វៀលដីចែកជូនពលរដ្ឋ នៅតំបន់ការពារធម្មជាតិនៅស្រុកចំនួន២

2022/08/22 10:27:43 am        468
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃ ដើម្បីឆ្វៀលសម្របសម្រួលព្រំដី នៅតំបន់ការពារធម្មជាតិនៅក្នុងស្រុកថ្មពួក និងស្រុកភ្នំស្រុក ដើម្បីចែកជូនពលរដ្ឋ ដែលបានអាស្រ័យផលជាយូរមកហើយ ។ក្នុងពិធីសំណេះសំណាល ជាមួយពលរដ្ឋ នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ដោយមានការគិតគូរដល់ប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាគោលការណ៍កាត់ឆ្វៀល និងកំណត់ព្រំដីការពារធម្មជាតិ ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់អាស្រ័យផលយូរឆ្នាំឡើងវិញ។ឯកឧត្តមបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ទើបរដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបង្កើត ជាមួយក្រុមការងារគណៈកម្មការ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃឡើងវិញអំពីសំណើសុំកែសម្រួលព្រំតំបន់ការពារធម្មជាតិជូនប្រពលរដ្ឋ ដែលបានប្រើប្រាស់អាស្រ័យផលយូរឆ្នាំ ចំនួន២ក្រុម ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងនៅស្រុកភ្នំស្រុក ដែលបាននឹងកំពុងធ្វើសកម្មភាពការងារយ៉ាងសស្រាក់សស្រាំ ដើម្បីបានរួចរាល់ឆាប់រហ័ស ។ឯកឧត្តម អ៊ុំ រាត្រី បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងារចម្រុះរបស់ខេត្ត ដើម្បីឲ្យកិច្ចការងារមួយនេះទទួលបានជោគជ័យ ដើម្បីផលប្រយោជន៍បងប្អូន និងសហគមន៍ ។ ជាមួយនេះ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមថែទាំ និងការពារតំបន់ព្រៃធម្មជាតិឲ្យបានល្អ ដើម្បីក្លាយជាព្រៃឈើបៃតងស្អាត ហើយជៀសវាំងការកាប់បំផ្លាញតទៅទៀតផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

កងកម្លាំង​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​សណ្ឋាគារ ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម al-Shabab សម្លាប់​មនុស្ស ​២១​នាក់​

2022/08/22 10:26:54 am        524
​​សូ​ម៉ាលី​៖ មេបញ្ជាការ​កងកម្លាំង​សន្តិសុខ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP កាលពី​យប់​ថ្ងៃ​សៅរ៍​ថា កងកម្លាំង​របស់​ប្រទេស​សូ​ម៉ាលី​បាន​បញ្ចប់​ការឡោមព័ទ្ធ​ប្រកបដោយ​គ្រោះថ្នាក់​ពី​ក្រុម​ជី​ហាដ Al-Shabaab នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Mogadishu ដែល​បាន​បន្ត​ប្រមាណ​ ៣០​ម៉ោង។ ​យោង​តាម​ក្រុមមន្ត្រី​សូ​ម៉ាលីឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់​ ២១​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស​ចាប់​តាំង​ពី​ក្រុម​សកម្មប្រយុទ្ធ​មកពី​សាខា​ក្រុម​ភេរវកម្ម Al-Qaeda បាន​បើក​ការវាយប្រហារ​ដោយ​អាវុធ និង​គ្រាប់បែក​ទៅ​លើ​សណ្ឋាគារ​ដ៏​ពេញ​និយម Hayat កាលពី​ល្ងាច​ថ្ងៃ​សុក្រ​។​ មេបញ្ជាការ​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន AFP ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា កងកម្លាំង​សន្តិសុខ​បាន​បញ្ចប់​ការឡោមព័ទ្ធ​ហើយ​ពេលនេះ ហើយ​ខ្មាន់កាំភ្លើង​ជាច្រើន​នាក់​បាន​ស្លាប់ និង​មិន​មាន​ការ​បាញ់​ចេញពី​អគារ​នោះ​ទេ​ទៀត​ក្នុង​ពេល​ជាង ​១​ម៉ោង​មកនេះ​។ លោក​បាន​បន្ថែម​ថា អគារ​នោះ​នៅតែ​ត្រូវ​ការ​សម្អាត​គ្រឿងផ្ទុះ​ជា​ចាំបាច់​ ដែល​ត្រូវ​បាន​ដាក់ដោយក្រុម​សកម្ម​ប្រយុទ្ធ​​។​នេះ​ជា​ការ​វាយប្រហារ​ធំ​បំផុត​នៅ​ក្នុង​ទីក្រុង Mogadishu ចាប់​តាំង​ពី​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​សូ​ម៉ាលី​លោក Hassan Sheikh Mohamud បាន​ឡើង​កាន់​តំណែង​កាលពី​ខែ​មិថុនា និង​បាន​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​លុបបំបាត់​ការបះបោរ​រយៈកាល​ ១៥​ឆ្នាំ​កន្លង​មក​នេះ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​មួយ​នេះ​។​ ​សណ្ឋាគារ​ដែល​ជា​ទីតាំង​ដ៏​ពេញ​និយម​សម្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​បំផ្លាញ ក្រោយ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​ស្រោច​ដោយ​អាវុធ​ធន់​ធ្ងន់​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​កម្ទេច​ក្រុម​ខ្មាន់កាំភ្លើង​ដែល​បាន​គ្រប់គ្រង​អគារ​នោះ​រហូតដល់​យប់​ទី​២៕អត្ថបទ៖ សុខមាន

រុស្ស៊ី​បាញ់​មី​ស៊ី​ល​ស្រោច​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​សង្គ្រាម​អូសបន្លាយ​ជិត ​៦​ខែ

2022/08/22 09:57:19 am        638
​អ៊ុយក្រែន៖ ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​បាន​ស្រោច​លើ​ទីក្រុង​មួយ​ ជិត​រោងចក្រ​ថាមពល​នុយ​ក្លេ​អ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប ហើយ​មី​ស៊ី​ល​របស់​រុស្ស៊ី​បាន​វាយប្រហារ​ជិត​កំពង់ផែ​សមុទ្រ​ខ្មៅ Odesa កាលពី​ថ្ងៃ​អាទិត្យ ខណៈ​អ៊ុយ​ក្រែ​ន​ព្រមាន​ពី​ការវាយប្រហារ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​ពី​រុស្ស៊ី ស្របពេល​សង្គ្រាម​អូសបន្លាយ​ជិត ​៦​ខែ​។ ​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ជា​ខួប​លើក​ទី​ ៣១​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ​របស់​អ៊ុយ​ក្រែ​នចេញពី​ការគ្រប់គ្រង​របស់​សហ​ភាព​សូ​វៀត ព្រមទាំង​ជា​ខួប​កន្លះ​ឆ្នាំ​ចាប់​តាំងពី​ការវាយលុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន ហើយ​លោក​ប្រធានាធិបតី Volodymyr Zelenskiy អំពាវនាវ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​និយាយថា ទីក្រុង Moscow នឹង​អាច​ព្យាយាម​ធ្វើ​អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៀត​។​ ​នៅក្នុង​សុន្ទរកថា​តាម​វីដេអូ​ពេល​យប់​កាលពី​ថ្ងៃអាទិត្យលោក Zelenskiy បាន​និយាយថា លោក​បាន​ពិភាក្សា​រាល់​ការ​គំរាម​កំហែង​ទាំង​អស់​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ហើយ​ពាក្យសម្ដី​នោះ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ផង​ដែរ រួមទាំង​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres​។​កាលពី​ថ្ងៃអាទិត្យប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden, នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson, អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz និងប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron បាន​សន្ទនា​តាម​ទូរស័ព្ទដោយ​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការធានា​សុវត្ថិភាព​រោងចក្រ​នុយក្លេអ៊ែរ ខណៈ​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ជាប់ខ្ជួន​របស់​ខ្លួន​ចំពោះ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM