សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»
សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

ព័ត៌មានសំខាន់ៗ

លោកស្រី Pelosi ទៅកាន់​រដ្ឋសភា​របស់​កោះ​តៃវ៉ាន់​ដោយ​បង្ហាញថា ​អាមេរិក​គឺជា​មិត្ត​ល្អ​របស់​កោះ​តៃវ៉ាន់

2022/08/03 11:11:23 am        744
​កោះតៃវ៉ាន់៖ លោកស្រី Nancy Pelosi បាន​ជួប​អនុប្រធាន​សភា​កោះ​តៃវ៉ាន់​លោក Tsai Chi-chang នៅ​ក្នុង​ទីក្រុង​តៃប៉ិ (Taipei) នៅ​ថ្ងៃ​ពុធ​នេះ​។ ប្រធាន​សភា​អាមេរិក​រូប​នេះក៏បាន​ជួប​មេដឹកនាំ​កោះ​នេះ​ផង​ដែរ​គឺ​លោកស្រី Tsai Ing-wen​។ ​ប្រធាន​សភា​សហរដ្ឋអាមេរិក​បាន​និយាយ​ថា លោកស្រី​បាន​ចាត់​ទុក​ជំនួប​នេះ​ថា ​ជា​កិត្តិយស​បំផុត​ សំដៅ​ថា​ជា​មិត្ត​ល្អ​របស់​កោះ​តៃវ៉ាន់។ លោកស្រី Pelosi បាន​និយាយ​ថា លោកស្រី​ចង់​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរ​សភា និង​ការសន្ទនា និង​ដោះស្រាយ​បញ្ហា​ជាក់លាក់​នានា​ជាមួយ​កោះ​តៃវ៉ាន់​។​ សេត​វិមាន​របស់​លោក​ប្រធានាធិបតី Biden បាន​ព្យាយាម​រយៈពេល​ជាច្រើន​សប្ដាហ៍​ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុង​ប៉េកាំង និង​ពិភពលោក​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោក​ស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ដោយ​និយាយ​ថា គ្មាន​អ្វី​ប្រែប្រួល​ចំពោះ​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក ​ចំពោះ​ចិនដីគោក ឬ​កោះ​តៃវ៉ាន់​ទេ​៕ អត្ថបទ៖ សុខមាន

ដំណើរ​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​គឺជា​បញ្ហា​ឈឺក្បាល​ថ្មី​សម្រាប់​លោក Biden ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​ចិន​កាន់​តែ​ខ្លាំង​

2022/08/03 10:43:49 am        1005
​សហរដ្ឋអាមេរិក៖ ខណៈ​ដែល​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi បាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ដំណើរ​របស់​លោកស្រី​បាន​បង្ក​ឲ្យ​មានការ​ខ្វែងគំនិត​គ្នា​ដ៏​កម្រ ​រវាង​សេត​វិមាន​របស់​លោក Biden និង​គណបក្ស​ប្រជាធិបតេយ្យ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​សភា។ ​ជា​ផ្លូវការ​រដ្ឋបាល​របស់​លោក Biden មានការ​ប្រុងប្រយ័ត្ន​បំផុត​ក្នុង​ការ​បញ្ចៀស​ការ​ឆ្លើយ​សំណួរ ​ដោយ​ផ្ទាល់​លើ​បញ្ហា​ថា ​តើ​រដ្ឋបាល​របស់​លោក​ឯកភាព​ទៅ​នឹង​ការសម្រេចចិត្ត​របស់​លោក​ស្រី Pelosi សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ ឬ​អត់​។ ​ប៉ុន្តែ​ក្រៅផ្លូវការ​វិញ សេត​វិមាន និង​មន្ទីរ​បញ្ច​កោណមាន​សិទ្ធិ​អំណាច​តិចតួច​ក្នុង​ការ​ជំទាស់ ​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​បែបនេះ​ដែល​កើត​ឡើង​ ស្រប​ពេល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក ​និង​ចិន​ធ្លាក់​ដល់​កម្រិត​ផុយ​ស្រួយ​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។​កាលពីដើម​ខែ​កក្កដាលោក Biden បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​មួយ​អំពី​ពាក្យ​ចចាមអារ៉ាម ​នៃ​ដំណើរ​របស់​លោកស្រី Pelosi ដែល​ឈប់​សំចត​នៅ​កោះ​តៃវ៉ាន់ ដោយ​និយាយ​ថា យោធា​គិតថា វា​ពុំ​មែន​ជា​គំនិត​ល្អ​ទេ​នៅ​ពេល​នេះ។ ​ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ​តើ​នឹង​មាន​បញ្ហា​អ្វី​នោះ​ទេ​។​ ​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លង​ទៅ​នេះ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ចាប់ពី​ប្រធានាធិបតី​រហូតដល់​ថ្នាក់ក្រោមបាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ក្នុង​ព្យាយាម​និយាយ​ពី​ជម្រើស​របស់​លោក​ស្រី Pelosi ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ និង​បាន​សង្កត់​ធ្ងន់​ថា ​នោះ​គឺជា​ការសម្រេចចិត្ត​រប​ស់​លោក​ស្រី និង​ជា​រឿង​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​តែ​ម្នាក់​ឯង​៕អត្ថបទ៖ សុខមាន

ចិន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅ​កោះ​តៃវ៉ាន់​ថា​ ជា​ដំណើរ​ប្រកបដោយ​គ្រោះ​ថ្នាក់​បំផុត​

2022/08/03 10:08:22 am        619
​ចិន៖ ចិន​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​កោះ​តៃវ៉ាន់ ពី​សំណាក់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ថា ​ជា​ដំណើរ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត។ ​ក្រុង​ប៉េកាំង​បាន​ចោទ​លោកស្រី Pelosi ដែលជា​អ្នកនយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិកក្នុង​រយៈពេល ​២៥​ឆ្នាំ​ទៅកាន់​កោះ​នេះ ​ដែល​ចិន​បាន​អះ​អាង​ថា​ជា​ខេត្ត​ផ្ដាច់​ខ្លួន​មួយ​របស់​ខ្លួន​ថា ​កំពុង​ប្រលែង​លេង​ជាមួយ​នឹង​ភ្លើង​។ ក្រុង​ប៉េកាំង​បាន​ព្រមាន​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា អ្នកណា​ដែល​ប្រលែង​លេង​ជាមួយ​ភ្លើង​នឹង​រលាក​មិន​ខាន​។​ ​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​និយាយ​ថា ​គ្មាន​ហេតុផល​ដែល​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បង្ក​ឲ្យ​មាន​ជា​វិបត្តិ ឬ​ជម្លោះ​នោះ​ទេ​។ ​ថ្លែង​ក្រោយ​លោកស្រី​បាន​ទៅដល់​កោះ​នេះ អ្នកនាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ជាថ្មី​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ដំណើរ​នេះ​គឺ​ស្រប​នឹង​គោលនយោបាយ​ ដែល​មាន​ជា​យូរ​មក​ហើយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ចិន ហើយ​ពុំបាន​រំលោភ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​ទេ​។ ​ខណៈ​ដែល​យន្តហោះ​របស់​លោកស្រី​បាន​ទៅដល់​កោះ​មួយ​នេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា យន្តហោះ​យោធា​ចិន​កំពុង​ហោះ​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ពេលនោះ​កោះ​តៃវ៉ាន់​ច្រានចោល​របាយការណ៍​ទាំង​នោះ តែ​ក្រោយមក​បាន​និយាយ​ថា យន្តហោះ​យោធា​ចិន​ជាង​ ២០​គ្រឿង​បាន​ហោះ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​៕អត្ថបទ៖ សុខមាន

ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិកបង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi​ នៅ​កោះ​តៃវ៉ាន់​

2022/08/03 09:41:39 am        879
​សហរដ្ឋអាមេរិក៖ ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិក​បាន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា ជុំវិញ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី ​Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់ ដែល​បាន​បណ្ដាល​ឲ្យ​រង​ការ​ថ្កោលទោស​ពី​ចិន​។​ ​ជន​ជាតិ​ចិន​សញ្ជាតិ​អាមេរិក​មួយ​ចំនួន​បាន​សាទរ​ការ​គាំទ្រ​របស់​លោក​ស្រី Pelosi ដល់​កោះ​តៃវ៉ាន់ ​និង​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ ខណៈដែល​មួយចំនួនទៀត​បារម្ភ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អាច​នាំ​ឲ្យ​ទំនាក់ទំនង​អាមេរិក-​ចិន​កាន់តែ​ដុនដាប​ខ្លាំង ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ឈាន​ដល់​ការវាយប្រហារ​ប្រឆាំង​ពី​សំណាក់​ប្រទេស​ចិន និង​ការ​រើស​អើង​ជាតិ​សាសន៍​។ ​លោកស្រី ​Pelosi បាន​ទៅដល់​កោះ​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អង្គារ ដែល​ក្លាយ​ជា​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ២៥​ឆ្នាំ​ដែល​បាន​ទៅកាន់​ដី​កោះ​ស្វ័យ​គ្រប់គ្រង ដែល​ចិន​អះ​អាង​ថា​ជា​ដែន​ខេត្ត​របស់​ខ្លួន ដែល​បាន​ប្រកាស​ភ្លាមៗ​ថា ​ខ្លួន​នឹង​ធ្វើ​សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​សងសឹក​ទៅ​នឹង​វត្តមាន​របស់​លោក​ស្រី​នៅ​កោះ​នេះ​។ ​លោកស្រី Pelosi បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដឹក​អ្នកដំណើរ​សហរដ្ឋ​អាមេរិក Air Force និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​តៃប៉ិ ដោយ​រដ្ឋមន្ត្រី​ការបរទេស​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​កោះ​តៃវ៉ាន់​ផ្សេងទៀត និង​ក្រុម​មន្ត្រី​អាមេរិក​។លោកស្រី​បាន​ថត​រូប​មុន​ក្បួន​រថយន្ត​អម​ក្បួន​ដំណើរ​របស់​លោកស្រី​ភ្លាមៗ ដែល​គេ​ពុំ​បាន​ឃើញ​ចូល​ទៅ​កន្លែង​ចត​រថយន្ត​របស់​សណ្ឋាគារ​នោះ​ទេ​។ ​ដំណើរ​របស់​លោកស្រី​បាន​បង្កើន​ភាព​តានតឹង​ដែល​មាន​ស្រាប់​រវាង​ចិន និង​សហរដ្ឋអាមេរិក ព្រោះ​ចិន​អះអាងថា ​កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ដែនដី​របស់ខ្លួន និង​ចាត់ទុកថា ដំណើរ​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​បរទេស​គឺជា​ការ​ទទួល​ស្គាល់​អធិបតេយ្យ​ភាព​របស់​កោះ​នេះ​។​ ​រដ្ឋបាល​លោក Biden និង​លោកស្រី Pelosi និយាយ​ថា ​សហរដ្ឋអាមេរិក​នៅតែ​ទទួលស្គាល់​នូវ​អ្វី​ដែល​ហៅថា ​គោលការណ៍​ចិន​តែមួយ​ ដែល​ទទួលស្គាល់​ក្រុង​ប៉េកាំង តែ​អនុញ្ញាត​ឲ្យ​មាន​ទំនាក់ទំនង​ក្ដៅ​ផ្លូវការ និង​ទំនាក់ទំនង​ខាង​ការពារ​ជាតិ​ជាមួយ​ទីក្រុង​តៃប៉ិ​៕អត្ថបទ៖ សុខមាន

អាមេរិក​ព្រមាន​ថា ចិន​អាច​បង្ហាញ​កម្លាំង ប្រសិនបើ​លោកស្រី Pelosi ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់

2022/08/02 12:28:07 pm        839
​សហរដ្ឋអាមេរិក៖ សេត​វិមាន​បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​នឹង​ឆ្លើយតប​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធាន​សភា​សហរដ្ឋអាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​ ដោយ​ការ​បង្ក​ហេតុ​ផ្នែក​យោធា​។ អ្នកនាំពាក្យ​លោក John Kirby បាន​និយាយ​ថា នេះ​អាច​រួមមាន​ទាំង​ការ​បាញ់​មី​ស៊ី​ល​នៅ​ជិត​កោះ​តៃវ៉ាន់ ឬ​សកម្មភាព​ដែនអាកាស ឬ​កង​ទ័ពជើងទឹក​ទ្រង់ទ្រាយ​ធំ​។ លោកស្រី Pelosi ប្រធាន​សភា​សហរដ្ឋ​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កោះ​តៃវ៉ាន់ និង​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា លោកស្រី​មាន​ផែន​ការ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​តៃប៉ិ ប៉ុន្តែ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​រ​ដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​នោះ​ទេ​។ កោះ​តៃវ៉ាន់​ជា​កោះ​ស្វ័យ​គ្រប់គ្រង ប៉ុន្តែ​ប្រទេស​ចិន​អះ​អាង​ថា​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​លោកស្រី Pelosi ទៅ​ទីនោះ​។ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​ចន្ទ​បេសកជន​ប្រចាំ​អង្គការ​សហប្រជាជាតិ​របស់​ប្រទេស​ចិនលោក Zhang Jun បាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ធ្វើ​ឱ្យ​ខូច​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីន​តោន​។​ ​ជាមួយ​​គ្នា​នេះ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken រំពឹង​ថា ​ប្រទេស​ចិន​នឹង​ចាត់​វិធានការ​ដោយ​ការទទួលខុសត្រូវ ប្រសិនបើ​ប្រធាន​សភា​លោកស្រី Nancy Pelosi សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ក្នុង​ដំណើរ​ទៅកាន់​អាស៊ី​។លោក Blinken និយាយ​ថា ប្រសិនបើ​ប្រធាន​សភា​រូប​នេះ​ពិតជា​សម្រេចចិត្ត​ធ្វើ​ទស្សនកិច្ច ហើយ​ប្រទេស​ចិន​ព្យាយាម​បង្កើត​ឲ្យ​មាន​វិបត្តិ ឬ​បង្កើន​ភាព​តានតឹង​ណាមួយ នោះ​ជា​រឿង​ខាង​ភាគី​ទីក្រុង​ប៉េកាំង​ទាំងស្រុង​។​ ​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្ក​ឱ្យ​ទីក្រុង​ប៉េកាំង​ផ្ទុះ​កំហឹង ដែល​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ខ្លួន ហើយ​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​អំពី​ផលវិបាក​ធ្ងន់ធ្ងរ ​ប្រសិនបើ​ការ​ធ្វើ​ដំណើរ​នឹង​ត្រូវ​បាន​រាយការណ៍​នៅតែ​បន្ត​។ ចិន​បាន​ព្រមាន​ពី​វិធានការ​ម៉ឺងម៉ាត់​ ប្រសិនបើ​លោកស្រី Pelosi មកដល់​កោះ​តៃវ៉ាន់​។ ប៉ុន្តែ​សេត​វិមាន​បាន​ព្យាយាម​ធានា​ទីក្រុង​ប៉េកាំង​ថា ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ចំអក​នោះ​ទេជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី Pelosi ហើយ​វា​ក៏​នឹង​មិន​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ដែរ៕អត្ថបទ៖ ប៊ុនថន

យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង​ហោះ​ឆ្វែល​ជិត​តំបន់​ខ្សែបន្ទាត់​កណ្ដាល​របស់​ច្រក​សមុទ្រ​តៃវ៉ាន់

2022/08/02 11:52:29 am        847
​ចិន៖ ប្រភព​មួយ​បាន​រាយការណ៍​ទៅ​សារព័ត៌មាន Reuters ថា យន្តហោះ​ចម្បាំង​របស់​ចិន​ជាច្រើន​គ្រឿង​បាន​ហោះ​ឆ្វែល​ជិត​ខ្សែបន្ទាត់​កណ្ដាល ឬ​មេ​ដ្យា​ន​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ដ៏​រសើប​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ខណៈ​ភាព​តានតឹង​ឡើង​កម្ដៅ​ខ្លាំងពាក់ព័ន្ធ​នឹង​ដំណឹង​ ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi ដែល​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​កោះ​នេះ​ក្នុង​អំឡុង​ថ្ងៃនេះ​។ ​ប្រភព​ដដែល​នេះ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​របស់​ចិន​បាន​ហោះ​ នៅ​ជិត​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ព្រំដែន​ក្រៅផ្លូវការ​ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​មក ដោយ​បន្ថែម​ថា កោះ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​របស់​ខ្លួន​ដើម្បី​តាមដាន​ស្ថានការណ៍​ដែរ។​ ​ក្រសួងការពារជាតិ​កោះ​តៃវ៉ាន់​មិន​អាច​ឆ្លើយតប​ភ្លាមៗ​ ទៅ​នឹង​សំណើសុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បានទេ​។​ ​ប្រភព​ខាងលើ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង និង​យន្ត​ផ្សេងទៀត​របស់​ចិន​បាន​ហោះ​រួមគ្នា​នៅ​ក្បែរ​ខ្សែបន្ទាត់​កណ្ដាល ឬ​ខ្សែបន្ទាត់​មេ​ដ្យា​ន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជា​សកម្មភាព​ប្រចាំ​ឆ្នាំ​ដែល​គេ​ហៅថា ​ជា​សកម្មភាព​បង្ករឿង​ពិតប្រាកដ​។ តាម​ធម្មតា​ពុំ​ដែល​មាន​យន្តហោះ​របស់​ភាគី​ណាមួយ ឆ្លងកាត់​ខ្សែបន្ទាត់​មេ​ដ្យា​ន​នេះ​ទេ​៕​អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ វេទិកាតាមភ្លឺស្រែដោះស្រាយបញ្ហា​ជូនដល់ប្រជាកសិករ​បានដោយជោគជ័យ

2022/08/02 11:24:28 am        888
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​បាន​ថ្លែងថា កា​រ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​កាល​ពី​ជាង​២០​ឆ្នាំ​មុន​សម្តេច​បាន​ដោះ​ស្រាយ​បញ្ហា​ជូន​ដល់​បងប្អូនប្រជាកសិករបានយ៉ាងច្រើន ហើយ​តាម​រយៈ​វេទិកា​នេះ ​មិន​ត្រឹម​តែ​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាកសិករ​ប៉ុណ្ណោះទេ​ ថែម​ទាំង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាមផងដែរ។ថ្លែង​តាម​រយៈផេក​ហ្វេសប៊ុក​របស់​សម្តេច​ដោយ​បាន​ភ្ជាប់​នូវ​រូប​ថត​មួយ​សន្លឹក​ ដែ​ល​កំពុង​ធ្វើ​វេទិកា​ដោះស្រាយ​បញ្ហា​ជូន​ដល់​បងប្អូន​ប្រជាកសិករ​តាមភ្លឺ​ស្រែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួ​ន​នោះ​ សម្តេច​តេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បី​មាន​ស្បៀង​គ្រប់​គ្រាន់​ សម្រាប់​ចិញ្ចឹម​ប្រជាជន​យើង​ត្រូវ​ធ្វើ​វេទិកា​តាម​ភ្លឺ​ស្រែ​ជា​មួយ​ប្រជាជន​។ ពេល​នោះការ​ពិភាក្សា​ផ្តោត​សំខាន់​លើ​ការ​ដោះ​ស្រាយ​ទឹក​ ការ​ប្រើប្រាស់​ពូជ​ការ​ប្រើប្រា​ស់​ដី ជី ថ្នាំ​សម្លាប់​សត្វ​ល្អិត​ការ​បែង​ចែក​តំបន់​ដាំដុះ​ ការ​ចិញ្ចឹម​ត្រី​ និង​សត្វ ។ល។សម្តេច​បាន​បន្ថែម​ថា «ការ​ឆ្លង​ឆ្លើយ​រវាង​ប្រជាជន និង​នាយក​រដ្ឋ​មន្ត្រី​បាន​ធ្វើ​ឲ្យ​វេទិកា​មាន​ជោគ​ជ័យ​ដែល​យើង​បាន​ដោះ​ស្រាយ​សំណូមពរ​របស់​ប្រជាជន​មិន​ត្រឹម​តែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ​ តែយើង​បាន​ដោះ​ស្រាយ​សាលា​រៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បាន​យ៉ាង​ច្រើន​ទៀត​ផង​។​ ពី​ប្រទេស​ដែល​ខ្វះស្រូ​វ​ប្រមាណ ១​លាន​តោន​ នាទសវត្សរ៍ ១៩៩០​ និង​ដើម​ឆ្នាំ​២០០០​ពេល​នេះ​យើង​សល់​ស្រូវ​ជាង​៦​លាន​តោន​ជា​មួយ​ដំណាំ​កសិកម្ម​ផ្សេង​ទៀត​ មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ដែល​ធ្វើឲ្យ​យើង​ដោះ​ស្រាយ​បាន​តម្រូវ​ការ​ក្នុង​ស្រុក និង​ការ​នាំ​ចេញ​ផង​ដែរ​។ វេទិកា​តាម​វាល​ស្រែ​​ធ្វើ​មិន​តិច​ជាង​ ១០​ដង​នោះ​ទេ​ដែល​មាន​នៅ​ខេត្ត​កណ្តាល​ កំពង់ស្ពឺ ​តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់​ កំពង់ធំ​»។ជាមួយ​គ្នានោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា «កូន​ស្រី​ច្បង​របស់​ខ្ញុំ​មាន​ទម្លាប់​ដើរ​តាម​ឪពុក​តាំង​ពីតូច​ គេធ្លាប់​ទៅ​តាម​ខ្ញុំ​បាន​ប៉ុន្មាន​កន្លែង​ដែរ​ក្នុង​វេទិកា​តាម​ភ្លឺ​ស្រែនេះ​។ ស្តាប់​ប្រជាជន​និយាយ​ ទទួល ​ដោះ​ស្រាយ ​សំណូមពរ​សមហេតុ​ សមផល​របស់​ប្រជាជន​ទើប​យើង​រៀប​ចំ​គោល​នយោបាយ​បាន​ត្រឹមត្រូវ​។​ ត្រូវ​ធ្វើ​មន្ត្រី​ជើង​ពីរ​មិន​ត្រូវ​ធ្វើ​មន្ត្រី​ជើង​១០​នោះ​ឡើយ​ និង​ត្រូវ​រត់​ទៅ​រក​ការងារ​ធ្វើ​កុំ​រង់ចាំ​ការងារ​រត់​មក​រក​យើង​នោះ​ទេ​»៕ អត្ថបទ៖ បាន ចក់

លោក Biden​ និង​លោក​ Putin ព្យាយាម​ផ្សះផ្សា ខណៈ​ការចរចា​អាវុធ​នុយក្លេអ៊ែរ​ចាប់ផ្ដើម​នៅ​អង្គការ​សហប្រជាជាតិ

2022/08/02 10:48:51 am        934
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បាន​ត្រៀម​រួចរាល់​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​រុស្ស៊ី​ស្ដីពី​អាវុធ​នុយក្លេអ៊ែរ និង​បាន​ជំរុញ​ឲ្យ​ក្រុង Moscow បង្ហាញ​ឆន្ទៈ​ស្មោះត្រង់ ខណៈ​សម​ភាគី​រុស្ស៊ី​របស់​លោក​គឺ​លោក Vladimir Putin និយាយ​ថា មិន​អាច​មាន​អ្នកឈ្នះ​នៅ​ក្នុង​សង្គ្រាម​នុយក្លេអ៊ែរ​ណាមួយ​នោះ​ទេ​។ ​មេដឹកនាំ​ទាំង​២ ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ខណៈ​ក្រុម​អ្នកការទូត​បាន​ជួប​ប្រជុំ​សម្រាប់​សន្និសីទ​ពិនិត្យ​ឡើង​វិញ​រយៈពេល​មួយ​ខែ ស្ដីពី​សន្ធិសញ្ញា​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​។ ជំនួប​នេះ​ត្រូវ​បាន​គ្រោង​ធ្វើឡើង​កាលពី​ឆ្នាំ​2020 ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19។ ​លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា រឿង​នេះ​កំពុង​កើតឡើង​ចំ​ពេល​មាន​គ្រោះថ្នាក់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ចាប់​តាំង​ពី​សង្គ្រាមត្រជាក់​មក​។ មនុស្សជាតិ​កំពុង​យល់​ច្រឡំ ហើយ​ការ​គណនា​ខុស​ដែល​ត្រូវ​បាន​កាត់ផ្ដាច់​ចេញពី​ការ​បំផ្លិចបំផ្លាញ​ដោយ​នុយក្លេអ៊ែរ​។​លោក​បាន​ព្រមាន​ថា វិបត្តិ​នានា​កើត​ចេញពី​សកម្មភាព​នុយក្លេអ៊ែរ​កំពុង​ផ្ទុះឡើង ដោយ​ការ​មើល​ឃើញ​ស្ថានភាព​នៅ​មជ្ឈិម​បូព៌ា កូរ៉េខាងជើង និង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្រោយ​ការ​វាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ លោក Putin បាន​ដាក់​កងកម្លាំង​វាយប្រហារ​របស់​ប្រទេស​ រួម​ទាំង​អាវុធ​នុយក្លេអ៊ែរស្ថិត​នៅ​ក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​សំដៅ​ដល់​អ្វី​ដែល​លោក​បាន​ហៅថា​ ជា​សេចក្ដីថ្លែងការណ៍​បំពាន​ពី​បណ្ដា​មេដឹក​នាំ​ណា​តូ និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោក​ខាង​លិច​ដាក់​លើ​ក្រុង Moscow៕អត្ថបទ៖ សុខមាន

សហរដ្ឋអាមេរិក​បាន​សម្លាប់​មេដឹកនាំ​ភេរវកម្ម​អាល់​កៃ​ដា​ក្នុង​ការ​វាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/08/02 10:22:49 am        1042
​សហរដ្ឋអាមេរិក៖ លោក​ប្រធានាធិបតី Joe Biden បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​សម្លាប់​មេដឹកនាំ​ភេរវកម្ម​អាល់​កៃ​ដា (al-Qaeda) លោក Ayman al-Zawahiri នៅក្នុង​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ ​លោក​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​ធ្វើឡើង​ដោយ CIA នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុលកាលពី​ថ្ងៃអាទិត្យ​។ លោក Biden បាន​និយាយ​ថា លោក Zawahiri បាន​បង្កើត​ផែនការ​ឃាតកម្ម និង​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​។ លោក​បាន​បន្ថែម​ថា ពេលនេះ​យុត្តិធម៌ត្រូវបាន​រក​ឃើញ​ហើយ ហើយ​មេដឹកនាំ​ភេរវករ​រូប​នេះ​លែង​មាន​នៅ​លើ​លោក​នេះ​ទៀតហើយ​។ ​ក្រុម​មន្ត្រី​និយាយ​ថា លោក Zawahiri ស្ថិត​នៅ​លើ​រៀន​ហាល​នៃ​ផ្ទះ​ដ៏​មាន​សុវត្ថិភាព​មួយ នៅ​ពេល​យាន​ដ្រូ​ន​បាន​បាញ់​មី​ស៊ី​ល ​២​គ្រាប់​ទៅលើ​មេដឹកនាំ​ភេរវកម្ម​រូបនេះ​។ ​សមាជិក​គ្រួសារ​ផ្សេងទៀត​ក៏​នៅ​ក្នុង​ផ្ទះ​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនបាន​រង​របួស​ទេ ហើយ​មានតែ​លោក Zawahiri ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្លាប់​។​លោក Biden បាន​និយាយ​ថា លោក​បាន​ផ្ដល់​ការ​អនុម័ត​ចុងក្រោយ​ សម្រាប់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​បាញ់​ស៊ី​ប​ត្រង់​គោលដៅ​លើ​មេដឹកនាំ​វ័យ ​71​ឆ្នាំ​របស់​ក្រុម​អាល់​កៃ​ដា​។ Zawahiri បាន​ឡើង​គ្រប់​គ្រង​ក្រុម​ភេរវកម្ម​អាល់​កៃ​ដាក្រោយ​ការ​ស្លាប់​របស់ Osama bin Laden កាលពី​ឆ្នាំ​2011។​ លោក​ និង Bin Laden បាន​រៀប​ចំ​ផែនការ​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ World Trade Center របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី11 ​ខែ​កញ្ញា ឆ្នាំ2001 ហើយ Zawahiri គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ភេរវករ​ជា​ច្រើន ​ដែល​សហរដ្ឋអាមេរិក​តាម​រក​ជាងគេ​បំផុត​៕អត្ថបទ៖ សុខមាន

ប្រភព​មួយ​ចំនួន​និយាយ​ថា លោកស្រី Pelosi នឹង​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ទោះ​ក្រុង​ប៉េកាំង​ព្រមាន​ក៏ដោយ

2022/08/02 09:57:07 am        878
​សហរដ្ឋអាមេរិក៖ ប្រភព​ចំនួន​៣ បាន​និយាយថា ប្រធានសភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi គ្រោង​នឹង​ទៅ​ទស្សនកិច្ច​កោះ​តៃវ៉ាន់ ខណៈ​សហរដ្ឋអាមេរិក​និយាយថា វា​នឹង​មិន​ត្រូវបាន​បំភិត​បំភ័យ​ដោយ​ការ​គំរាម​កំហែង​របស់​ចិន ដែល​ថា​នឹង​មិន​នៅ​ស្ងៀម​ទេ ប្រសិនបើ​លោក​ស្រី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ស្វ័យ​គ្រប់គ្រង ដែល​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​ខេត្ត​មួយ​របស់​ខ្លួន​។ ​ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ដំណឹង​ទៅកាន់​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មួយ​ចំនួន​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ ចំណែក​ប្រភព​ចំនួន ​២​ទៀត​បាន​និយាយ​ថា ​លោកស្រី Pelosi គ្រោង​នឹង​ជួប​ក្រុម​សកម្មជន​មួយ​ក្រុម​តូច ដែល​រិះគន់​លើ​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន អំឡុង​ការ​ស្នាក់នៅ​របស់​លោក​ស្រី​នៅ​កោះ​តៃវ៉ាន់ ប្រហែលជា​នៅ​ថ្ងៃ​ពុធ​ស្អែក​។ ​ក្រសួងការបរទេស​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ​ខ្លួន​ពុំ​មាន​យោបល់​លើ​របាយការណ៍​នៃ​ផែនការ​ធ្វើ​ដំណើរ​របស់​លោក​ស្រី Pelosi នោះ​ទេ​។ ​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រធាន​សហរដ្ឋ​អាមេរិក​រូប​នេះ​អាច​នឹង​ទៅដល់​ទីក្រុង Taipei នៅ​យប់​ថ្ងៃ​អង្គារ និង​ទៅ​ស្នាក់នៅ​សណ្ឋាគារ Grand Hyatt Hotel។ក្រោយមក​លោកស្រី Pelosi នឹង​ទៅកាន់​សភា​របស់​កោះ​តៃវ៉ាន់​នៅ​ព្រឹក​ថ្ងៃ​ពុធ ជាទី​ដែល​លោកស្រី​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ជួប​មេដឹកនាំ​របស់​កោះ​នេះ រួម​ទាំង​មេដឹកនាំ​ដី​កោះ​នេះ​លោកស្រី Tsai Ing-Wen​។ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Zhao Lijian បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​លោក​ស្រី Pelosi នឹង​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។​ ​កាលពី​ថ្ងៃ​ចន្ទ​លោកស្រី Pelosi បាន​ជួប​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Hsien Loong, ប្រធានាធិបតី​លោកស្រី Halimah Yacob និង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេងទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មកកាន់​តំបន់​អាស៊ី​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Rubio បញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់អាមេរិក ចំពោះរដ្ឋាភិបាលរបស់ប្រទេសបូលីវី
06/05/2026 06:06 PM
សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា
06/05/2026 06:06 PM
អាស៊ែរបៃហ្សង់និយាយថាពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើនាវានៅក្នុងសមុទ្រ Azov
06/05/2026 06:06 PM
យុវជន០២នាក់ជាសិស្សរងរបួសធ្ងន់ធ្ងរ ក្រោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកពីមុខយ៉ាងពេញទំហឹង
06/05/2026 06:06 PM
ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ១០០០ម៉ែត្រ នៅក្រុងតាខ្មៅ ត្រូវបានបើកការដ្ឋានសាងសង់
06/05/2026 06:06 PM
នគរបាល​បង្ក្រាប​កុប​កម្ម​ បង្ខំ​ឲ្យ​​បាតុករ​ចាក​ចេញ​ ក្រោយតវ៉ាបញ្ហា​កង្វះ​សន្លឺក​ឆ្នោត​​
06/05/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ ត្រូវតែវិលត្រឡប់ទៅរកការសន្ទនាវិញជាមិនខាន
06/05/2026 05:06 PM
អ្នកវិនិយោគចិន គ្រោងពង្រីកសាខាក្រុមហ៊ុន និងបណ្តុះបណ្តាលវិស្វករជំនាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
06/05/2026 05:06 PM
ប៉ាគីស្ថាន និងអ៊ីរ៉ង់ពិភាក្សាអំពីការបន្ធូរបន្ថយស្ថានការណ៍ ចំពេលមានការកើនឡើងភាពតានតឹងថ្មីក្នុងតំបន់
06/05/2026 05:06 PM
គេហទំព័រក្រសួងរតនាគារ បង្ហាញថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា
06/05/2026 05:06 PM