ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន

ព័ត៌មានសំខាន់ៗ

ប្រជាពលរដ្ឋខ្មែរនាំគ្នាបានប្រារព្ធទិវាចងចាំ ២០ឧសភា រំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ដោយប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ

2022/05/20 10:51:28 am        804
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាបានប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរជើងឯក ស្ថិតនៅក្នុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតម្តល់សពពលរដ្ឋដ៏ធំ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ពិធីរំលឹកទិវាចងចាំ ២០ឧសភានេះ រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ។ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។យោងងតាមសារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា “ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

2022/05/20 10:33:24 am        528
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ផ្តល់ជូនដល់និវត្តជន និងគ្រួសារកងទ័ព ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិវត្តជន និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសលោក ហ៊ុន ម៉ាណែត និងលោកស្រី ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាក។ជាក់ស្តែងនៅថ្ងៃនេះនិវត្តជន និងគ្រួសារកងទ័ព ចំនួន៥៧គ្រួសារ ទទួលបានអំណោយ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៨មុខ និងថវិកាមួយចំនួន។ នាឱកាសនោះដែរ និវត្តជន និងគ្រួសារកងទ័ពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី សូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន និងសូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕

គ.ជ.ប ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

2022/05/20 10:20:49 am        565
ភ្នំពេញ៖ ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការចាប់ផ្តើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល ។ ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានរយះពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងមានគណបក្សនយោបាយសរុបចំនួន១៧ចូលរួមការឃោសនាបោះឆ្នោត៕

សង្គ្រាម​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​អូស​បន្លាយ​ដល់​ជាង​ ១០​សប្ដាហ៍ ខណៈ​មនុស្ស​ស្លាប់ និង​ជនភៀសខ្លួន​បន្ត​កើន​ឡើង

2022/05/20 10:19:58 am        1063
​អ៊ុយក្រែន៖ រយៈពេល ​១២​សប្ដាហ៍​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន ​បាន​មើល​ឃើញកងកម្លាំង​របស់​ទីក្រុង Kyiv បន្ត​បង្កើន​ការវាយប្រហារ​របស់​ពួកគេ​ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី​។​ ​ឧត្ដមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា​ (UNHCR) និយាយ​ថា ជនជាតិ​អ៊ុយ​ក្រែ​ន​ជាង ​៦​លាន​នាក់​បាន​ភៀសខ្លួន​ចូល​ទៅ​កាន់​ប្រទេសជិតខាង​។​ ​ការ​ជម្លៀស​ក្រុម​អ្នក​ប្រយុទ្ធ​ចេញពី​រោងចក្រ​ដែកថែប Azovstal បានចាប់ផ្ដើម​ធ្វើឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​ដោះដូរ​អ្នកទោស​ជាមួយ​ឈ្លើយសឹក​រុស្ស៊ី។ បន្ទាប់មក​បាន​ឈាន​ដល់​ការដោះដូរ​បន្ថែម ​សម្រាប់​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់ ខណៈ​យោធា​អ៊ុយ​ក្រែ​ន​ប្រកាស​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​នៅ​រោងចក្រ Azovstal ក្នុង​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy និយាយ​ថា ក្រុម​អ្នកចរចា​កំពុង​ព្យាយាម​ធានា​ឲ្យ​មានការ​រំដោះ​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន ​ដែល​នៅ​សេសសល់​ក្នុង​រោងចក្រ​ដែកថែប Azovstal ​ដែល​គេ​ប៉ាន់ប្រមាណ​ថា​មាន​ជាង 600​នាក់​។ ​ចំណែក​ខាង​ភាគី​ក្រសួងការពារជាតិ​រុស្ស៊ី​ឯណោះ​វិញ​បាន​បញ្ជាក់​ថា ជនជាតិ​អ៊ុយ​ក្រែ​ន 265​នាក់​បាន​ទម្លាក់អាវុធ​ចុះ​ប្រគល់​ខ្លួន​ក្នុងចំណោម​ពួកគេ​មាន ​51នាក់​រងរបួស​។ ​ទោះយ៉ាងណា​ក៏ដោយ​ជោគវាសនា​របស់​ក្រុម​អ្នក​ប្រយុទ្ធ​ស្នេហា​ជាតិ​អ៊ុយ​ក្រែ​ន ​នៅ​រោងចក្រ​ដែកថែប Azovstal របស់​ទីក្រុង Mariupol នៅតែ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​អ្នក​ប្រយុទ្ធ​រាប់​រយ​នាក់​បានប្រគល់​ខ្លួន និង​ត្រូវបាន​បញ្ជូន​ទៅកាន់​ដែនដី​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​​ក្នុងអំឡុង​ដើមខែ​មេសា ក្រុម​អ្នកសារព័ត៌មាន​ឯករាជ្យ​បាន​ចូល​ទៅកាន់​ទីក្រុង​មួយ ​របស់​អ៊ុយ​ក្រែ​ន​នោះ​គឺ​ទីក្រុង Bucha ដែល​ស្ថិតនៅ​ភាគ​ខាង​ភាគ​ពាយ័ព្យ​រដ្ឋធានី Kyiv ដោយ​បាន​មើល​ឃើញ​សាក​សព​រណូករណែល​នៅ​តាម​ដង​ផ្លូវ​នានា​។ អ្នកស្លាប់​ទាំងនោះ​ស្លៀក​សម្លៀកបំពាក់​បែប​ជន​ស៊ីវិល ហើយ​ខ្លះ​ចងដៃ​ព័ទ្ធ​ទៅ​ក្រោយ​ដែល​ទំនងជា​ត្រូវបាន​ប្រហារជីវិត​។ ហើយ​យោង​តាម​អភិបាលក្រុង​នេះ​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ជាង 300​នាក់​បាន​ស្លាប់ ដែល​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​បាន​ចោទ​ដាក់គ្នា​អំពី​ការ​សម្លាប់​រង្គាល​នេះ​។​ ​កាលពី​ថ្ងៃ​ទី​១១ ​ខែ​ឧសភា​ ​កងទ័ព​អ៊ុយ​ក្រែ​នប​ន្ត​បង្កើន​ការ​វាយ​ប្រយុទ្ធ​រុល​ចូល​ទៅកាន់​ភាគ​ខាងជើង​ទីក្រុង Kharkiv ដោយ​ដណ្ដើម​បាន​ភូមិ Pytomnyk និង​វាយ​រុញ​កងកម្លាំង​រុស្ស៊ី​ត្រឡប់​ក្រោយ។​ ​កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ​កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​កាំភ្លើង​ធំ​ដើម្បី​ពន្យឺត​ការ​រុល​ទៅ​មុខ ​របស់​ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងជើង​ទីក្រុង Kharkiv​។ ​កាលពី​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា នាយសេនាធិការ​ចម្រុះ​អ៊ុយ​ក្រែ​នបាន​រាយការណ៍​ជា​លើកដំបូង​ថា អង្គភាព​យោធា​ជាច្រើន​របស់​រុស្ស៊ី​កំពុង​ត្រៀម​ដកថយ​ពី​ទីក្រុង Kharkiv​។ កងកម្លាំង​រុស្ស៊ី​បាន​បរាជ័យ​ក្នុង​ការ​ព្យាយាម​វាយ​បំបែក​សមរភូមិ​មុខ​ចំនួន​២ នៅ​ខាងក្រៅ​ទីក្រុង Izyum និង​ឆ្ពោះ​ទៅ​វាយ​ដណ្ដើមយក​ទីក្រុង Slovyansk​។​អគ្គសេនាធិការ​ចម្រុះ​អ៊ុយ​ក្រែ​ន​និយាយ​ថា ​ក្រុមបច្ចេកទេស​កងវរសេនាតូច​ចំនួន​២ ​របស់​រុស្ស៊ី​ត្រូវ​បាន​ផ្លាស់​ទៅកាន់​តំបន់ Severodonets ក្នុង​តំបន់ Donbas និង​ត្រៀម​វាយប្រហារ​លើ​ទីក្រុង Soledar និង​ទីក្រុង Bakhmut​។ ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​លោក Josep Borrell ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀត​ដល់​យោធា​ជួយ​អ៊ុយ​ក្រែ​ន ​ដែល​មាន​ទំហំ​ទឹកប្រាក់ ​500លានអឺរ៉ូដែល​នាំ​ឲ្យ​ជំនួយ​សរុប​របស់​សហ​ភាព​អឺរ៉ុប​កើន​ឡើង​ដល់ 2​ពាន់​លាន​អឺរ៉ូ ($2.1bn)​។​ លោក​ថា ប្រាក់​ទាំងនោះ​នឹង​យក​ទៅ​ទិញរថក្រោះ រថពាសដែក កាំភ្លើង​ធំ ​និង​គ្រាប់រំសេវ​ជាដើម​។​ ស៊ុយ​អែត និង​ហ្វាំ​ង​ឡង់​ប្រកាស​ថា ​ខ្លួន​នឹង​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ ជា​ការ​បញ្ចប់​ជំហរ​អព្យាក្រឹត្យ​រយៈពេល​ ២​សតវត្សរ៍​មកនេះ​។ ​កាលពី​ថ្ងៃទី​១៦​ ខែឧសភា ក្រសួង​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​និយាយ​ថា ទាហាន​របស់​ខ្លួន​បាន​វាយ​ចូល​ទៅ​ដល់​ព្រំដែន​រុស្ស៊ី​ចម្ងាយ ​40km ភាគ​ខាងជើង​ទីក្រុង Kharkiv​។ ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ របស់​អង្គការសហប្រជាជាតិ ឬ OHCHR និយាយ​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ជន​ស៊ីវិល​យ៉ាង​ហោចណាស់​ 3,778នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៤ ​ខែ​កុម្ភៈ​។​ ទិន្នន័យ​នេះ​រួម​ទាំង​កុមារ​ចំនួន 251​នាក់​ផង​ដែរ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២០ឧសភាជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត

2022/05/20 06:42:08 am        1069
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។សម្តេចប្រកាសថា “ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕

កម្ពុជា-អាម៉េរិក ពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា នៃប្រទេសទាំងពីរ

2022/05/19 08:39:35 pm        330
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកស្រី Lori Abele នាយកគោលនយោបាយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក។ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេសកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហា ញឆន្ទ:ក្នុងការរក្សាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តមអគ្គមេបញ្ជាការរង បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិ សហរដ្ឋអាម៉េរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាម៉េ រិក ក្នុងកិច្ចការសន្តិសុខកន្លងមក៕ដោយ៖ គង់ ឌិន

BREAKING NEWS: សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតលើករណីលោក អ៊ុក ទូច ដែលគប់ស្បែកជើងតម្រង់មកនាយករដ្ឋមន្ត្រីកម្ពុជា

2022/05/19 07:39:39 pm        1675
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកបានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភានេះ ថាសហរដ្ឋអាមេរិកកំពុងធ្វើការស៊ើបអង្កេតទៅលើករណីហេតុការណ៍គប់ស្បែកជើងដែលប្រព្រឹត្តដោយលោក អ៊ុក ទូច តម្រង់មកលើនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ក្នុងសារអេឡិចត្រូនិកដែលឆ្លើយតបមកកាន់សារព័ត៌មានក្នុងស្រុកនោះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Chad Roedemeierបានឱ្យដឹងថាទាក់ទងជាមួយនឹងឧប្បត្តិហេតុនៅថ្ងៃទី១១ ខែឧសភា សហរដ្ឋអាមេរិកនឹងបើកការស៊ើបអង្កេតដោយហ្មត់ចត់តាមច្បាប់របស់ខ្លួន។លោក Chad ឆ្លើយថា៖ «ទាក់ទងទៅនឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ ក្រុមការងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតលើរឿងនេះ។ វានឹងត្រូវតាមដានដោយហ្មត់ចត់ស្របតាមផ្លូវច្បាប់របស់សហរដ្ឋអាមេរិក»។លោក Chad ក៏បានបន្ថែមថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់លើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងឥស្សរជនដែលមកទស្សនកិច្ចនៅអាមេរិកយ៉ាងយកចិត្តទុកដាក់បំផុត។ការបញ្ជាក់របស់ស្ថានតំណាងអាមេរិកប្រចាំកម្ពុជានៅពេលនេះគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សហអាមេរិកបកស្រាយចំពោះករណីគប់ស្បែកជើងមកលើថ្នាក់ដឹកនាំមួយ ថាតើវាជាសិទ្ធិបញ្ចេញមតិឬអំពើហិង្សា។ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ធ្វើឡើងនៅសាលពិព័ណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «បើសិនជាអាមេរិកចាត់ទុកថារឿងនេះជាសិទ្ធិបញ្ចេញមតិ ចឹងរឿងនេះនឹងកើតនៅគ្រប់ប្រទេសទាំងអស់រាប់ទាំងកម្ពុជា ចឹងក្រុមប្រឆាំងទាំងអស់ នឹងត្រូវក្បាលនឹងស្បែកជើង។ នៅលើពិភពលោកនេះគ្មានច្បាប់ទម្លាប់ទៀតទេ»។ក្រមសហរដ្ឋអាមេរិក ក្នុងគន្ថី១៨ ផ្នែកទី១១២ មានចែងអំពីការការពារជាពិសេសចំពោះ «មន្ត្រីបរទេស ភ្ញៀវផ្លូវការ និងជនការពារដោយអន្តរជាតិ»។ សាស្រ្តាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Columbia Law School លោក Daniel C. Richman បានលើកឡើងថា បុគ្គលណាដែលប្រព្រឹត្តអំពើ "ហិង្សា (Assault), វាយ (Strike), បង្ករបួសស្នាម (Wound), ឃុំឃាំង (Imprisoned) ឬបង្កហិង្សា (Offer Violence)" ចំពោះមន្រ្តីបរទេស, ភ្ញៀវផ្លូវការ និងបុគ្គលដែលត្រូវបានការពារជាអន្តរជាតិ អាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ ឬពិន័យជាប្រាក់ ឬត្រូវទទួលទោសទាំងពីរនេះរួមគ្នា ទាំងទោសពិន័យ ទាំងទោសដាក់ពន្ធនាគារ។ ប្រសិនបើទង្វើនៃការគប់ស្បែកជើង (ប៉ុន្តែគប់មិនត្រូវ) មិនទាន់គ្រប់គ្រាន់សម្រាប់ការផ្តន្ទាទោសពីបទអំពើហិង្សាក៏ដោយចុះ, ក៏តុលាការនៅតែសម្រេចថា ជននោះអាចនឹងមានទោសពីបទបំពានចំពោះមន្រ្តីបរទេស ឬរំខានមិនឱ្យមន្រ្តីនោះបំពេញការងាររបស់ខ្លួនបានដែរ ដែលបទល្មើសនេះអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមិនលើសពី ៦ខែឬពិន័យជាប្រាក់៕

សម្តេចតេជោ៖យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេខណៈពិភពលោកកំពុងស្មុគស្មាញ

2022/05/19 07:07:55 pm        383
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ភាគីទាំងអស់មិនគួរបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមនោះទេ ខណៈដែលពិភពលោកទាំងមូលកំពុងជួបបញ្ហាស្មុគស្មាញជាច្រើនមានការប្រែប្រួល និងមិនច្បាស់លាស់ជាដើមនោះ។ថ្លែងនៅក្នុង «វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប្រ៊ីក(BRICS)» ក្រោមមូលបទ«សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង»នាថ្ងៃទី១៩ ខែឧសភា ឆ្នាំណ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា« នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្តារឡើងវិញនូវពហុភាគីនិយម ដែលផ្តល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានានោះ»។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យពិភពលោកទាំងមូលគប្បីយកចិត្តទុក ដាក់ឲ្យកាន់តែខ្លាំងបន្ថែមទៀតផងដែរ ចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការរួមគ្នា ប្រសើជាងការប្រឈម មុខដាក់គ្នា។​តាមរយៈវេទិកានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទំាងអស់គ្នា” រួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀតខិតប្រឹងប្រែង ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និងពិភពលោក។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា កម្ពុជាក៏ដូចជាអាស៊ាននឹងបង្កើនការខិតខំប្រឹងប្រែងឱ្យបានទ្វេដងលើការពង្រឹងនូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។សម្តេចបានបន្ថែមថា «យើងក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវ័ន្ត និងឌីជីថល, សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន»៕អត្ថបទ ៖ បាន ចក់​

អាធ្រាតឆ្លងចូលថ្ងៃទី២១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅដាវ៉ូស

2022/05/19 03:15:11 pm        289
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា នៅវេលាម៉ោង១និង៣០ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ខានស្អែកនេះ សម្តេចនឹងដឹកនាំ គណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់សម្តេចទៅកាន់តំបន់អឺរ៉ុប។សម្តេចបញ្ជាក់ថា តាមការគ្រោងទុកសម្តេចនឹងជួបបងប្អូនខ្មែរនៅសូរិក ប្រទេសស្វីស នាល្ងាចថ្ងៃទី២១ឧសភា២០២២។សម្តេចសូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយះខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាន៦០ម៉ោងទៀត៕

កូរ៉េខាងជើងមានករណីគ្រុនក្តៅជាង ២៦ម៉ឺនករណីបន្ថែមទៀត ខណៈអ្នកស្លាប់ឡើងដល់ ៦៣នាក់​

2022/05/19 02:49:42 pm        1079
​កូរ៉េខាងជើង៖ ប្រទេស​កូរ៉េខាងជើងបាន​រាយការណ៍​ករណី​ថ្មី​វីរុស​កូ​រ៉ូ​ណា​ដែល​សង្ស័យ​ចំនួន ២៦០,០០០​ករណី​បន្ថែមទៀត​ក្នុងអំឡុង​ពេល​តែមួយ​ថ្ងៃ​។ សារព័ត៌មាន​របស់​គ​ណ​បក្ស​ពលករ​ដែល​កំពុងកាន់​អំណាច Rodong Sinmun បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ករណី​ថ្មី​នៃ​ជំងឺ​គ្រុនក្តៅ​ ២៦២,២០០​ករណី និង​ស្លាប់​ម្នាក់ត្រូវបាន​បញ្ជាក់​រយៈពេល​ជាង ​២៤​ម៉ោង​រហូតមក​ត្រឹម​ម៉ោង ​៦​ល្ងាច​ថ្ងៃ​ពុធ​។ ​កូរ៉េខាងជើង​បានបញ្ជាក់​ពី​ករណី​ជំងឺ​គ្រុនក្តៅ​ចំនួន​ ២​សែន​ទៅ​ ៣​សែន​ករណី​ជា​មូលដ្ឋាន​ប្រចាំថ្ងៃ ចាប់តាំងពី​ការផ្ទុះ​ឡើង​វីរុស​កូ​រ៉ូ​ណាដែល​ត្រូវបាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​។ ​មនុស្ស​ប្រមាណ​ជិត ​២​លាន​នាក់ តាម​សេចក្តីរាយការណ៍មាន​រោគសញ្ញា​គ្រុនក្តៅចាប់តាំងពី​ចុងខែមេសា និង​អ្នកស្លាប់​កើនឡើង​ដល់​ ៦៣​នាក់​។​ ​អាជ្ញាធរ​សុខាភិបាល​និយាយថា មន្ទីរពេទ្យ​កំពុង​ត្រូវបាន​បង្កើតឡើង​នៅ​ទូទាំងប្រទេស ដើម្បីដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដោយឡែក ប៉ុន្តែ​មនុស្ស​កាន់តែច្រើន តាម​សេចក្តី​រាយ​កាណ៍កំពុង​ដាក់ខ្លួនឲ្យ​នៅ​ដោយឡែក ​ដោយ​ខ្លួនឯង​នៅតាម​លំនៅឋាន​។ អាជ្ញាធរ​និយាយថា ​អំបិល​រាប់ពាន់​តោនត្រូវបាន​បញ្ជូន​បន្ទាន់​ទៅកាន់​រដ្ឋធានី​ព្យុងយ៉ាង ដើម្បី​ព​ន្លឿ​ន​ការផលិតសម្រាប់​ការសម្លាប់​មេរោគ​។​​ទោះជា​យ៉ាងណាមានការ​ព្រួយបារម្ភ​ថា ​មនុស្ស​កាន់តែច្រើន​នឹង​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​ប្រព័ន្ធថែទាំ​សុខភាព​ដ៏​ផុយស្រួយ និង​កង្វះ​វ៉ាក់សាំង​។ ប្រទេស​កូរ៉េខាងជើងកំពុង​ព​ន្លឿ​ន​ការផលិត​ឱសថ និង​ការផ្គត់ផ្គង់​ឱសថ ខណៈ​ប្រទេសនេះ​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើង​វីរុស​កូ​រ៉ូ​ណា​។ ប្រទេស​ឯកោ​មួយនេះដែល​បានដាក់​វិធាន​ការបិទ​ខ្ទប់​ទូទាំងប្រទេស ក៏​កំពុង​បង្កើន​ការផលិត​ថ្នាំបុរាណ​កូរ៉េដែល​ត្រូវបាន​ប្រើប្រាស់ ​ដើម្បី​បន្ធូរបន្ថយ​គ្រុនក្តៅ និង​ឈឺចាប់៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM
ប្រធានIAEA៖ ប្រព័ន្ធផ្ទៀងផ្ទាត់នុយក្លេអ៊ែរដ៏រឹងមាំ គឺត្រូវការ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
06/26/2026 04:06 PM
អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី
06/26/2026 04:06 PM
រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
06/26/2026 04:06 PM
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនៅតំបន់គ្រីម៉េ
06/26/2026 03:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល ៤.២៣០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែ មីនា
06/26/2026 03:06 PM
សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្របដិសេធលទ្ធភាពនៃការយកពន្ធគយនៅច្រកសមុទ្រហ័រមូស
06/26/2026 03:06 PM