សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

វិមាន​ក្រឹម​ឡាំង​ពិចារណា​លើ​លក្ខខណ្ឌ​សម្រាប់​ជំនួប​រវាង​ថ្នាក់ដឹកនាំ​លោក Putin និង​លោក​ Zelensky

2022/04/01 11:04:16 am        833
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​មិន​មាន​ពេល​វេលា​ច្បាស់លាស់​សម្រាប់​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky នោះ​ទេ ប៉ុន្តែ​មុន​ពេល​ដែល​ជំនួប​អាច​ធ្វើ​ទៅ​បាន​កិច្ចព្រមព្រៀង​ទាំងអស់​ រវាង​ប្រទេស​ទាំង​ពីរ​ត្រូវតែ​ត្រូវ​បាន​បញ្ចប់​។កិច្ចពិភាក្សា​រវាង​គណៈ​ប្រតិភូ​ក្រុង​មូស្គូ និង​ក្រុង​គី​វ​កំពុង​បន្ត​ស្រប​ពេល​មាន​ជម្លោះ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក ​Peskov បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ក្នុង​រឿង​នេះ​ទេ​។ យើង​ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​រួច​មក​ហើយ​ថា ​កិច្ចប្រជុំ​នៅ​កម្រិត​ខ្ពស់​បំផុត​ត្រូវតែ​កើតឡើង​ មុន​ការ​សម្រេច​បញ្ចប់​ការងារ​លើ​កិច្ចព្រមព្រៀង ការ​យល់ព្រម និង​ការ​ចាប់ផ្ដើម​នៃ​លក្ខខណ្ឌ​ទាំងនេះ​ដោយ​ក្រុម​មន្ត្រី​ជាន់ខ្ពស់។​ ខ្ញុំ​នឹង​មិន​កំណត់​ពេលវេលា​ច្បាស់លាស់​ណាមួយ​ទេ​។នៅ​ដើម​សប្ដាហ៍​នេះ ប្រទេស​ទួរគី​ដែល​បាន​បដិសេធ​មិន​ព្រម​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ ជុំវិញប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន បាន​រៀប​ចំ​ការចរចា​រវាង​គណៈប្រតិភូ​ក្រុង​មូស្គូ និង​ក្រុង​គី​វ​។ បន្ទាប់ពី​កិច្ចចរចា អ្នកចរចា​ជាន់ខ្ពស់​របស់​រុស្ស៊ី​លោក Vladimir Medinsky បាន​ប្រកាស​ថា អ៊ុយ​ក្រែ​ន​បាន​បង្ហាញ​សំណើ​ជា​លាយលក្ខណ៍អក្សរ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង ​ដែល​អាច​កើតមាន​រវាង​ប្រជាជាតិ​ទាំងពីរ ដែល​រួមមាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បោះបង់​សមាជិកភាព​នៅ​សម្ព័ន្ធ​យោធា​ណា​តូ និង​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

លោក Vladimir Putin ព្រមាន​លោក​ខាង​លិច​ពី​វិបត្តិ​ជនអន្តោប្រវេសន៍​ថ្មី​

2022/04/01 09:51:35 am        1201
​រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ព្រមាន​ដល់​សហភាព​អឺរ៉ុប​ពី​លំហូរ​ជនអន្តោប្រវេសន៍​ថ្មី ហើយ​តាម​ការ​គិត​របស់​លោក​បញ្ហា​នោះ​នឹង​កើតឡើង​ដោយ​ជៀស​មិន​ផុត ក្រោយ​មាន​វិបត្តិ​ស្បៀងអាហារ​។ ​អំឡុង​ការពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពី​ទណ្ឌកម្ម​មិន​ធ្លាប់មាន​ ដែល​បានដាក់​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច​ឆ្លើយតប​ទៅនឹង​ការ​លុកលុយ​របស់​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន លោក Putin បាន​រិះគន់​ឥរិយាបថ​ក្រុម​អ្នកនយោបាយ​លោកខាងលិច​មួយចំនួន ដែល​ត្រូវបាន​ត្រៀម​លះបង់​ចោល​ផលប្រយោជន៍​ប្រជាជន​របស់​ពួកគេ ងាក​ទៅ​ត្រេកអរ​សប្បាយ ​និង​គោរព​ម្ចាស់​របស់ខ្លួន​នៅ​បរទេស ដោយ​ហៅ​ទង្វើ​នេះ​ថា​ជាមធ្យោបាយ​ផ្ទុយ​ពី​ពលរដ្ឋ​និយម​។ ​លោក Putin បាន​និយាយ​នៅ​ជំនួប​ប្រជុំ​មួយ​ស្ដីពី​ការដឹកជញ្ជូន​តាម​អាកាស និង​ដំណើរ​ការផលិត​យន្តហោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ត្រូវបាន​ជំរុញ​ឲ្យ​ទទួលទាន​តិច ស្លៀក​សំលៀកបំពាក់​ច្រើន និង​ប្រើ​ម៉ាស៊ីនកំដៅ​តិច បោះបង់​ការ​ធ្វើ​ដំណើរ ដោយ​សន្មត​ថា ​ជា​ផលប្រយោជន៍​របស់​មនុស្ស​ដែល​ទាមទារ​ការដកហូត​ដោយ​ស្ម័គ្រចិត្ត​នេះ​ថា ​ជា​សញ្ញា​នៃ​សាមគ្គីភាព​អា​ត្ល​ង់​ទិ​ក​ខាងជើង​។​ជាងនេះទៅទៀតចំពោះ​ទស្សនៈ​របស់លោក Putin ប្រទេស​លោកខាងលិច​នៅតែ​បន្តធ្វើ​ការសម្រេចចិត្ត​ ដែល​កំពុង​ច្រាន​ទម្លាក់​សេដ្ឋកិច្ចពិភពលោក​ទៅរក​វិបត្តិ ដែល​នាំ​ឲ្យ​មានការ​អាក់ខាន​ដល់​ការផលិត និង​សង្វាក់​ផលិតកម្ម ​ភស្តុភារ ការ​ហក់​ឡើង​អតិផរណា​សកល និង​ការបង្ក​ឲ្យ​មាន​វិសមភាព​កាន់តែខ្លាំងប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ និង​បង្ក​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​នៅក្នុង​បណ្ដា​ប្រទេស​ក្រីក្រ​បំផុត៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន

2022/04/01 01:44:14 am        392
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។កិច្ចប្រជុំធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។២-សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។៣-បញ្ហាផ្សេងៗ

ក្រុមហ៊ុន អ័រគីដេ និងធនាគារ FTB សហការគ្នាអភិវឌ្ឍវិស័យអចលនទ្រព្យនិងហិរញ្ញវត្ថុ ឲ្យកាន់តែរីកចម្រើនថែមទៀតនៅកម្ពុជា

2022/03/31 09:07:08 pm        340
ភ្នំពេញ ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារនិងហិរញ្ញវត្ថុ ឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។​នៅក្នុងពិធីចុះហត្ថលេខានេះ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានមានប្រសាសន៍ថា យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ លោកជំទាវបានបន្តថា កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជន ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា បានលើកឡើងថា ស្របតាមទិសដៅអភិវឌ្ឍន៍របស់ធនាគារ យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះ កិច្ចសហការរវាងធនាគារFTB និងក្រុមហ៊ុន អ័រគីដេ ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀត ជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋានសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន។ សូមបញ្ជាក់ថា កិច្ចសហការដៃគូពាណិជ្ជកម្មខាងលើនេះ គឺអតិថិជនដែលទិញផ្ទះពីក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ។ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួលក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន ក៏ដូចជាបុគ្គលិកធនាគារផងដែរ៕ អត្ថបទ ៖ បូរ៉ាវី

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាទើបបញ្ចប់អាណត្តិ និងអនុព័ន្ធយោធាថ្មី វៀតណាម ប្រចាំនៅកម្ពុជា

2022/03/31 08:25:39 am        256
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ព្រមជាមួយនឹងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម, ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាមបញ្ចប់អាណត្តិ បានជម្រាបជូន ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារក្នុងអាណត្តិរបស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនងរឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញផងដែរនូវទិសដៅក្នុងការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែងទៅមុខទៀត។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុងអាណត្តិការទូតយោធារបស់លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលពិតជាបានគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែកក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើសារអបអរសាទរ និងជូនពរជ័យដល់សាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្នុងឱកាសបួសខែរ៉ាម៉ាឌន

2022/03/31 11:54:10 am        330
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារអបអរសាទរ និងជូនពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា​អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ទី១​ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣​មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ​១កើត ខែចេត្រ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។ យោងតាមសារបង្ហោះលើfacebookផ្លូវការសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង ។ ជាមួយគ្នានេះដែរ សម្តេចក៏សូមការអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី ៧ ទី៨ និងទី៩ ឆ្នាំ២០២២នេះ ត្រូវបានផ្អាកដោយសារជំងឺកូវីដ-១៩​ មិនទាន់ទៅឆ្ងាយពីយេីងនៅឡេីយ។រាជរដ្ឋាភិបាលបានអនុញ្ញាតការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)​ការជួបជុំលក្ខណៈសាសនាឡេីងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កេីនការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនអនុវត្តតាមវិធានការ​ ៣ការពារ​ និង ៣កុំ ជាប្រចាំ​ឱ្យបានខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នូវដូសជំរុញ ថែមទៀត ឱ្យបានគ្រប់ៗគ្នា៕

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា មានតែមីយ៉ាន់ម៉ាខ្លួនឯងតែប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយបានជោគជ័យ

2022/03/31 11:23:39 am        500
ភ្នំពេញ៖ ក្នុងជំនួបជាមួយប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បញ្ជាក់ជាថ្មីថា បញ្ហារបស់មីយ៉ាន់ម៉ា គឺមានតែមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដែលត្រូវដឹកនាំដោយផ្ទាល់ ទើបអាចស្វែងរកដំណោះស្រាយបានដោយជោគជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ជុំវិញទស្សនកិច្ចការងារលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន ទៅកាន់មីយ៉ាន់ម៉ា ក្នុងឋានៈជាប្រេសិតពិសេស កាលពីសប្តាហ៍មុន។ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា ថា ក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុននេះ កម្ពុជាបានជំរុញដល់មីយ៉ាន់ម៉ានូវកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។ជាក់ស្តែងតាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាការចាប់ផ្តើមសម្រាប់ការចូលរួមរកដំណោះស្រាយជូនមីយ៉ាន់។ ក្នុងជំនួបនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែង ដោយការជួបជាមួយភាគីពាក់ព័ន្ធ ដើម្បីឈានទៅរកការចចារទម្លុះភាពទាល់ច្រក ដើម្បីជួយដល់ប្រជាជនមីយ៉ាន់ម៉ា។ឯកឧត្តម ប្រាក់ សុខុន បន្តថា អ្វីដែលសំខាន់ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងកំណត់យកបញ្ហាការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុត។ទន្ទឹមគ្នានេះ លោកស្រី ណូលីន ហេហ្ស៊ឺ ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានសម្តែងក្តីរីករាយចំពោះការជួបពិភាក្សាជាមួយកម្ពុជាសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា។ លោកស្រី អះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់មីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ គឺជាពេលវេលាដ៏សមស្របបំផុត ដើម្បីជួយស្វែងរកដំណោះស្រាយលើបញ្ហារបស់មីយ៉ាន់ម៉ា។គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងារលេីកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបជាមួយឯកឧត្តម មីង អោង ឡាំង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងរដ្ឋមន្រ្តីសំខាន់ៗចំនួន៣រូបផ្សេងទៀត និងបានបង្ហាញការប្តេជ្ញារបស់កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចភាពមិនលំអៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានអះអាងថា ភាពបន្ទាន់ ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាដំបូងត្រូវផ្តោតសំខាន់បញ្ហាសំខាន់ៗចំនួន៣ គឺការបញ្ឈប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយនយោបាយ ដែលដឹកនាំដោយមីយ៉ាន់ម៉ាផ្ទាល់តែម្តង តាមរយៈការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។(អត្ថបទ សេក ឧត្តម)

តំណាងអចិន្ត្រៃយ៍៖ អ្នករាយការណ៍ពិសេសUN មិនបានលើកឡើងឱ្យត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពាក់ព័ន្ធកម្ពុជា

2022/03/31 11:14:14 am        1069
ភ្នំពេញ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ ឯកឧត្តម អាន សុខខឿន ថ្លែងថា «បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដរបស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍របស់អ្នករាយការណ៍ពិសេសពុំបានលើកឡើងឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង»។ការថ្លែងដូចនេះ ក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពីរបាយការណ៍ផ្ទាល់មាត់របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាលពីថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍។

វិមាន​ក្រឹម​ឡាំង​និយាយ​ថា ​គ្មាន​ជំហាន​រីកចម្រើន​ទេ​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ប្រទេស​ទួរគី​

2022/03/31 11:07:01 am        741
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​គ្មាន​ការ​រីក​ចម្រើន​ទេ​ក្នុង​ការ​ចរចា​ជុំ​ចុងក្រោយ​បំផុត​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វា​មាន​កត្តា​វិជ្ជមាន​មួយ​ត្រង់​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា យើង​មិន​អាច​និយាយ​ថា មាន​អ្វីមួយ​ដែល​ជា​ការសន្យា ​ឬ​ជំហាន​រីកចម្រើន​ណាមួយ​នោះ​ទេ​។​លោក​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា វា​នៅ​តែ​មាន​ការងារ​ជាច្រើនទៀត​ដែល​ត្រូវ​ធ្វើក្រោយ​ការចរចា​នៅ​ក្នុង​ទីក្រុង Istanbul ​របស់​ប្រទេស​ទួរគី។ ​កាលពី​ថ្ងៃ​អង្គារ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​លម្អិតសម្រាប់​កិច្ចចរចា​សន្តិភាព ដែល​ប្រទេស​នេះ​នឹង​ឈរ​ជា​រដ្ឋ​អ​ព្យា​ក្រឹត្យ ប៉ុន្តែ​សន្តិសុខ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ធានា​ដោយ​ក្រុម​ប្រទេស​ទី​៣ រួម​ទាំង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង ទួរគី ចិន និង​ប៉ូឡូញ​។​​ក្របខ័ណ្ឌ​លម្អិត​នោះ​បាន​និយាយ​ថា ខ្លួន​ក៏​នឹង​មាន​បំណង​បើក​កិច្ចពិភាក្សា​ក្នុង​រយៈពេល ១៥​ឆ្នាំស្ដីពី​អនាគត​នៃ​ឧបទ្វីប​គ្រី​មៀដែល​ប្រទេស​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៤​​។​ ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក David Arakhamia បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​បន្ទាប់ពី​ការចរចា​ជុំ​ចុងក្រោយ​បំផុត​ក្នុង​ប្រទេស​ទួរគី​បាន​បញ្ចប់​ថា ប្រទេស​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ការ​ចរចា​ស្វែងរក​សន្តិភាព​តាម online នៅ​ថ្ងៃ​ទី​១​ ខែ​មេសា​ស្អែក​នេះ៕អត្ថបទ៖ សុខមាន

ចំនួន​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​បាន​កើន​ឡើង​លើស​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ​សហប្រជាជាតិ​

2022/03/31 10:44:38 am        535
​អ៊ុយក្រែន៖ អង្គការសហប្រជាជាតិ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ខណៈ​ការ​បាញ់​ផ្លោង​នៅតែ​បន្ត​ក្នុង​តំបន់​មួយ​ចំនួន ជាទី​ដែល​ក្រុង Moscow បាន​ប្ដេជ្ញា​កាត់បន្ថយ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ថា ចំនួន​មនុស្ស​ដែល​បាន​រត់​ចេញពីប្រទេស​អ៊ុយ​ក្រែ​ន ​ចាប់​តាំង​ពី​កងទ័ព​រុស្ស៊ី​បើក​ការ​វាយ​លុក​បាន​កើន​ឡើង​ជាង ​៤​លាន​នាក់ ។​​ទោះបីជា​ការប្រកាស​របស់​រុស្ស៊ី​អំឡុង​ការចរចា​កាលពី​ថ្ងៃ​អង្គារ​ថា កងកម្លាំង​របស់​ខ្លួន​នឹង​ត្រូវ​កាត់​បន្ថយ​ការ​វាយ​លុក​ជិត​រដ្ឋធានី Kyiv និង​តំបន់​ផ្សេងទៀត​របស់​អ៊ុយ​ក្រែ​ន យ៉ាងណាក្ដី​ក្រុម​ជនភៀសខ្លួន​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា​ ការវាយប្រហារ​គ្នា​នឹង​កើន​ឡើង​ថែមទៀតនៅ​ក្នុង​ភាគ​ខាងកើត និង​ទីក្រុង Kharkiv ហេតុនេះទើប​ពួកគេ​មិន​អាចត្រឡប់​ទៅកាន់​ទីក្រុង​នេះវិញ ហើយ​ពួកគេ​ខ្លាច​មាន​សង្គ្រាម​ថ្មី​ទៀត ​ក្នុង​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ UNHCR បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ជាង ​៤លាន​នាក់បាន​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់តាំងពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​សឹក​ពិសេស​កាលពី​ថ្ងៃទី​២៤ ​ខែកុម្ភៈ និង​បាន​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ជនភៀសខ្លួន​ធំ​បំផុត​របស់​អឺរ៉ុប ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២ ​មក។​ ចំនួន​នោះបាន​​ហក់​ឡើង​ខ្ពស់ជាង​ការព្យាករណ៍​ក្នុងករណី​ធ្ងន់ធ្ងរ​បំផុត ដែល​អង្គការ​នេះ​បានលើកឡើង​តាំងពី​សង្គ្រាម​ចាប់ផ្ដើម​ផ្ទុះឡើង៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM