សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

លោក Putin និយាយ​ថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​ដំណើរ​ការ​ល្អ​

2022/03/17 03:06:56 pm        2221
​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ឡើងវិញ​ នូវ​ហេតុផលរបស់លោក​សម្រាប់​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុយ​ក្រែ​ន ដោយ​ដាក់​កំហុស​លើ​ទីក្រុង​គី​វចំពោះ​ការបំផ្លាញកិច្ចព្រមព្រៀង​ទីក្រុង Minsk ប្រទេស​បេឡា​រុស​។​លោក Putin បាន​និយាយថា អាជ្ញាធរ​ទីក្រុង​គី​វមិន​ត្រឹមតែ​មិន​អើពើ និង​បំផ្លាញ​ការអនុវត្តន៍​កញ្ចប់វិធានការ​ទីក្រុង Minsk សម្រាប់​ការដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​មុន ពួកគេ​ថែមទាំង​បដិសេធ​ជា​សាធារណៈ​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​។​ ​លោក Putin ​និយាយថា ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​នកំពុង​ធ្វើឡើងដោយ​ជោគជ័យ ស្របតាមផែនការ​ដែល​បានអនុម័ត​ជាមុន ហើយ​រាល់​កិច្ច​ការដែល​បានកំណត់​នឹងត្រូវ​ដោះស្រាយ​។​លោក Putin បាន​និយាយ​ថា យើង​នឹង​ធានាបាន​នូវ​សុវត្ថិភាព​ប្រទេស​រុស្ស៊ី និង​ប្រជាជន​របស់​យើងដោយ​ភាពជឿជាក់ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​ធ្វើជា​ស្ពាន​ឆ្លង សម្រាប់​សកម្មភាព​ឈ្លានពានមកលើ​ប្រទេស​របស់​យើងឡើយ​។​ ​ជាមួយគ្នានេះលោក Putin​ បាន​និយាយថា ​គោលដៅ​មិនមែនជា​ការកាន់កាប់​អ៊ុយ​ក្រែ​ន​នោះទេ​។ លោក Putin បានចាត់ទុក​ការបង្ក​ក​ផ្នែក ​នៃ​ប្រាក់​បម្រុង​ប្តូរប្រាក់​បរទេស​របស់​ធនាគារ​រុស្ស៊ី​ថា ​ខុសច្បាប់៕អត្ថបទ៖ ប៊ុនថន

លោក Zelenskyy និយាយ​ទៅកាន់​សភា​អាមេរិក​ថា យើង​ត្រូវការ​អ្នក​ពេលនេះ

2022/03/17 02:46:33 pm        2958
​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​រំលឹក​ការ​ចងចាំ​នៃ​កំពង់ផែ Pearl Harbor និង​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ២០០១ ក្នុង​ការ​អំពាវនាវ​កាលពី​ថ្ងៃ​ពុធដល់​សភា​សហរដ្ឋអាមេរិក​ឱ្យ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រឆាំង​រុស្ស៊ី​។​លោក Zelenskyy ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​សមាជិកសភា​នៅ​លើ​អេក្រង់​ធំ ​បាន​ទទួល​ស្គាល់​ថា​តំបន់​គ្មាន​ការហោះហើរ​ដែល​លោក​ស្វែងរក​កា​របិទ​ជើងមេឃ​ ចំពោះ​ការវាយប្រហារ​តាមអាកាស​លើ​ប្រទេស​របស់​លោកប្រហែលជា​មិនកើត​ឡើង​នោះទេ​។ លោក Biden បាន​ជំទាស់​លើ​ចំណាត់​ការ​នេះ ព្រមទាំង​ច្រានចោល​ការយល់​ព្រមឱ្យ​សហរដ្ឋអាមេរិក ឬ NATO បញ្ជូន​យន្តហោះ​ចម្បាំង MiG ពី​ប្រទេស​ប៉ូឡូញ​ទៅ​អ៊ុយ​ក្រែ​ន​។ ជំនួស​មកវិញលោក​ Zelenskyy បាន​អង្វរ​សុំ​ជំនួយ​យោធា​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​រុស្ស៊ី​។ជា​លើកដំបូង​ក្នុងការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ទៅកាន់​មេដឹកនាំ​ពិភពលោក លោក​បានបង្ហាញ​នៅក្នុង​សាលប្រជុំរបស់​សមាជិក​សភា ​នូវ​វីដេអូ​ក្រាហ្វិក​នៃ​ការបំផ្លាញ​ដែលប្រទេស​របស់លោក​បាន​រង​ទុក្ខ​ក្នុង​សង្គ្រាម រួម​ជាមួយនឹង​រូបភាព​នៃ​ភាព​សោកសៅ​ការស្លាប់ ​និង​រងរបួស​របស់​ជន​ស៊ីវិល​។ លោក Zelenskyy បាន​និយាយ​ថា យើង​ត្រូវការ​អ្នកនៅ​ពេលនេះ​។ ខ្ញុំ​អំពាវនាវ​សុំឱ្យ​អ្នក​ខិតខំ​ជួយ​យើង​បន្ថែមទៀត​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden មិនបាន​ផ្តល់​ការយល់ព្រម​ចំពោះ​តំបន់​គ្មាន​ការហោះហើរ ឬ​ការផ្ទេរ​យន្តហោះ​យោធា​ពី​ប្រទេសជិតខាង​ប៉ូឡូញ ខណៈ​សហរដ្ឋ​អាមេរិក​ព្យាយាម​ជៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ ដោយផ្ទាល់​ជាមួយរុស្ស៊ី​ដែលមាន​អាវុធ​នុយក្លេអ៊ែរ៕អត្ថបទ៖ ប៊ុនថន

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើត «ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា»

2022/03/17 06:56:31 am        660
ភ្នំពេញ៖ ប្រទេសកម្ពុជាបានកសាងប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត ក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន ជាមួយក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា។ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា និង តំណាងសម្ព័ន្ធទូរទស្សន៍កម្ពុជាឯ.ក មាន លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប , អ្នកឧកញ្ញ៉ា គិត ម៉េង នៃក្រុមហ៊ុន CBS និងលោកឧកញ៉ា អ៊ឹង ឆៃងួន នៃក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ពិធីចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុនរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក” គឺជាបង្គោលចរដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងអំពីវិវឌ្ឍនាការដ៏ជឿនលឿនរបស់ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស វិស័យឌីជីថល នៅក្រោមដំបូលសន្តិភាពនៃការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។ កិច្ចសហការរវាងរាជរដ្ឋាភិបាល និង ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ឯ.ក នៅក្នុងការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ឯ.ក នេះ គឺជាតថភាព ដែលបង្ហាញអំពីសារសំខាន់នៃភាពជាដៃគូស្អិតរមួតរវាងរដ្ឋ និងឯកជន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ។ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ភាគីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ស្របតាមផែនការរំដោះបន្ទារហ្វ្រេកង់ស៍របស់រាជរដ្ឋាភិបាល ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជានេះនឹងអនុញ្ញាតឱ្យ   ក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ដែលមានគុណភាពខ្ពស់ ក្នុងការបញ្ជូនរូបភាព និងសម្លេងទៅកាន់ទស្សនិកជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នឹងមានលទ្ធភាពរំដោះយកបន្ទារហ្វ្រេកង់ស៍ពីក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជន ជាពិសេស បន្ទារហ្វ្រេកង់ស៍ តំបន់ ៧០០ MHz ដើម្បីប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ចែងប្រើប្រាស់ក្នុងវិស័យទូរគមនាគមន៍ ដូចជា ប្រព័ន្ធ 5G ដែលមានគុណប្រយោជន៍ផ្នែកសេដ្ឋកិច្ចកម្រិតខ្ពស់ធៀបនឹងការប្រើប្រាស់ក្នុងវិស័យសោតទស្សន៍ ។ក្នុងឱកាសនោះ ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជាឯ.ក បានបញ្ជាក់ថា ក្រុមហ៊ុនទាំងបីដែលបានរួមគ្នា ជាសម្ព័ន្ធទូរទស្សន៍កម្ពុជានេះ និងតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៅថ្ងៃនេះ ក៏នឹងសហការគ្នាអោយសម្រេចបានតាម ការកំណត់របស់រាជរដ្ឋាភិបាលផងដែរ។សូមបញ្ជាក់ថា ក្រុមហ៊ុនចម្រុះរវាងរដ្ឋនិងឯកជននេះ បង្កើតឡើងសម្រាប់គ្រប់គ្រង "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យបានតាមអនុសាសន៍របស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទសម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ៕ អត្ថបទ៖ ស៊ុន រ៉ាឌី​

មនុស្ស ​៤​នាក់​ស្លាប់ និង ៩៤​នាក់​រងរបួស​ដោយការ​រញ្ជួយ​ដីកម្រិត ៧.៤រ៉ិច​ទ័​រ​វាយប្រហារ​ប្រទេស​ជប៉ុន

2022/03/17 12:59:35 pm        1108
​ជប៉ុន៖ យោង​តាម​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា យ៉ាងហោចណាស់​មនុស្ស​ ៤​ស្លាប់ និង ៩៤​នាក់​ផ្សេងទៀត​បាន​រង​របួសបន្ទាប់ពី​រញ្ជួយ​ដី​កម្រិត ​៧.៤រ៉ិច​ទ័​រ​បាន​វាយប្រហារ​ភាគ​ឦសាន​ប្រទេសជប៉ុន​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​។​ ​ការ​រញ្ជួយ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ២៣:៣៦​នាទី​ម៉ោង​ក្នុង​តំបន់​ដោយមាន​ជម្រៅ ៦០​គីឡូ​ម៉ែត្រ​។រញ្ជួយ​ដី​ខ្លាំង​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ភាគ​ឦសាន និង​ភាគ​ខាងកើត​របស់​ប្រទេស ជាពិសេស​នៅ​ក្នុង​ខេត្ត Miyagi និង Fukushima​។ ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ដែល​មាន​កម្ពស់​រហូតដល់ ១​ម៉ែត្រ​ត្រូវ​បាន​ចេញ​ទៅកាន់​តំបន់​ឆ្នេរ​ក្នុង​ខេត្ត Miyagi និង Fukushima ដោយ​ប្រជាជន​ត្រូវ​បាន​ជំរុញ​ឱ្យ​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​។ ​ប្រតិបត្តិ​ករ​រថភ្លើងនិយាយ​ថា ការ​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​គេ​រាយការណ៍ បន្ទាប់ពី​មានការរញ្ជួយ​ដី ខណៈ​រថភ្លើង​ល្បឿន​លឿន Tohoku Shinkansen បាន​រអិល​ធ្លាក់​ចេញពី​ផ្លូវ ប៉ុន្តែ​អ្នក​ដំណើរ ១០០​នាក់​នៅ​លើ​នោះ​មិន​រង​របួស​នោះ​ទេ​។ ទីក្រុង​តូ​ក្យូ​បាន​ឃើញ​ការ​រញ្ជួយ​ខ្លាំង ហើយ​ការ​ដាច់​ចរន្តអគ្គិសនី​ត្រូវ​បាន​រាយការណ៍​ នៅ​ក្នុង​តំបន់​ខ្លះ​នៃ​ទីក្រុង និង​តំបន់​ក្បែរ​នោះ​បន្ទាប់ពី​រញ្ជួយ​ដី​។ ​ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ទីក្រុង​តូ​ក្យូ និង​ក្រុមហ៊ុន​បណ្ដាញ​ថាមពល​អគ្គិសនី Tohoku និយាយ​ថា លំនៅឋានប្រមាណ​ ២.២​លាន​ខ្នង​គ្មាន​ថាមពល​ប្រើប្រាស់​ ដែល​ក្នុង​នោះ​មានគ្រួសារ​ប្រហែល ៧០០,០០០​គ្រួសារ​រស់​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ​។ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​និយាយនៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នៅ​ទូទាំងប្រទេស​ជប៉ុន បាន​មើល​ឃើញ​ថា​គ្មាន​ភាព​ខុស​ប្រក្រតី​ណា​មួយ​ឡើយ​បន្ទាប់ពី​ការ​រញ្ជួយ​ដី ហើយរាល់​ការព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ ដែល​បង្កឡើង​ដោយ​ការ​រញ្ជួយ​ដី​ត្រូវ​បាន​ដកចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕អត្ថបទ៖ ប៊ុនថន

ការខូចខាត​ធ្ងន់ធ្ងរ និង​ការ​ភៀសខ្លួន​កាន់​តែ​ច្រើន ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មាន​អាយុកាល ៣សប្ដាហ៍​ពេញ

2022/03/17 12:22:40 pm        2130
​​អ៊ុយ​ក្រែ​ន៖ ខណៈ​ដែល​ការវាយប្រហារ​របស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ​បាន​ឈាន​ចូលដល់​រយៈពេល ​៣​សប្ដាហ៍​ពេញ ការឡោមព័ទ្ធ​បាន​រឹត​រ៉ឹង​កាន់តែខ្លាំងនៅ​ជុំវិញរដ្ឋធានី Kyiv, Mariupol, Chernihiv, និង​ទីក្រុង Kharkiv ហើយ​កង​ទ័ព​​រុស្ស៊ីបាន​បាញ់​មី​ស៊ី​ល​ចូលទៅក្នុង​តំបន់​ជាយក្រុង​នានា ដោយបាន​ដាក់​គោលដៅ​ទៅលើ​មន្ទីរពេទ្យ សាលារៀន និង​ប្លុក​អគារ​អឹផាតមិន​ខ្ពស់ៗ​។​អង្គការសហប្រជាជាតិ​និយាយថា នៅពេលនេះ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ​៣​លាន​នាក់​ក្លាយ​ជា​ជនភៀសខ្លួន និង ​២​លាននាក់​កំពុង​ត្រូវបាន​ភៀសខ្លួន​នៅក្នុង​ប្រទេស​។ ចំណែក​ក្រុម​មន្ត្រី​អ៊ុយ​ក្រែ​ន​និយាយ​ថា អាច​មាន​ជន​ស៊ីវិល​រាប់​ពាន់នាក់​​បាន​ស្លាប់​រួច​ទៅ​ហើយ។ គ្រាប់បែក​ក៏បាន​ធ្លាក់​ចំ​កណ្ដាល​រដ្ឋធានី Kyiv ពេញ​មួយ​សប្ដាហ៍​ផងដែរ ខណៈ​ដែល​ទាហាន​រុស្ស៊ីទំនងជា​មិន​អាច​រុល​ទៅ​មុខ ដោយ​បាន​ត្រឹមតែ​បាញ់​មី​ស៊ី​លពី​ចម្ងាយ​ដី ១៥​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។​​ក្រុម​មន្ត្រី​ក្នុង​តំបន់​និយាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​មហោស្រព​ភាពយន្ត ជាទី​ដែល​ជន​ស៊ីវិល​កំពុង​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​ក្នុង​ទីក្រុង​រង​ការ​ហ៊ុមព័ទ្ធ Mariupol​។ ​លោក Oleksiy Kuleba ប្រធាន​តំបន់​រដ្ឋធានី Kyiv បាន​និយាយ​លើ​កញ្ចក់​ទូរទស្សន៍​អ៊ុយ​ក្រែ​ន​ថា ទាហាន​រុស្ស៊ី​កំពុង​កែប្រែ​ជីវភាព​របស់​យើង​ឲ្យ​ធ្លាក់​ចូល​ក្នុង​ឋាន​នរក។ មនុស្ស​ត្រូវ​អង្គុយ​ក្នុង​បន្ទប់​ក្រោម​ដី​ទាំង​យប់ ទាំង​ថ្ងៃ ដោយ​គ្មាន​អាហារ ទឹក និង​អគ្គិសនី៕អត្ថបទ៖ សុខមាន

លោក Putin ព្រមាន​ប្រឆាំង​នឹង​ក្រុម​ជន​ក្បត់ជាតិ​រុស្ស៊ី​ដែល​គាំទ្រ​លោក​ខាង​លិច

2022/03/17 11:36:32 am        3705
​រុស្ស៊ី៖ លោក​ប្រធានាធិបតី Vladimir Putin កាលពី​ថ្ងៃ​ពុធបានចេញ​ការព្រមាន​ដ៏​ចាស់ដៃ​ ទៅកាន់​ក្រុម​ជន​ក្បត់ជាតិ​រុស្ស៊ីដែល​លោក​បាន​និយាយ​ថា បណ្ដា​ប្រទេស​លោកខាងលិច​ចង់​ប្រើ​រនុកក្នុង​ ដើម្បី​កម្ទេច​ប្រទេស​នេះ​។​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​រូបនេះ​ បាន​វាយប្រហារ​ជនជាតិ​រុស្ស៊ី​ដែល​លោក​បាន​និយាយថា ជា​ក្រុម​ដែល​ឱបដៃឱបជើងប្រទេស​លោកខាងលិច​ជាង​រុស្ស៊ី និង​បាន​លើកឡើងថា ​ប្រជាជន​រុស្ស៊ី​នឹង​អាច​ប្រាប់​ភ្លាមៗ​ពី​ភាព​ខុសប្លែក​គ្នា​រវាង​ជន​ក្បត់ជាតិ និង​អ្នកស្នេហាជាតិ​។​ លោក​បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ក្នុង​រយៈពេល​ ៣សប្តាហ៍​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​ថា ពិតណាស់បណ្ដា​ប្រទេស​លោក​ខាង​លិច នឹង​ព្យាយាម​ភ្នាល់​លើ​អ្វីដែល​គេ​ហៅថា​រនុកក្នុង លើ​ក្រុម​ជន​ក្បត់ជាតិ លើ​អ្នក​ដែល​រក​ប្រាក់​របស់​ពួកគេ​នៅ​ទីនេះ ប៉ុន្តែ​រស់នៅ​ទីនោះ​។ ​លោក Putin និយាយ​ថា បណ្ដា​ប្រទេសលោក​ខាងលិច​កំពុង​ព្យាយាម​បំបែកបំបាក់​ប្រទេស​រុស្ស៊ី និង​ដុត​បញ្ឆេះ​ឲ្យ​មានការ​ប្រឈម​ដាក់គ្នា​ខាង​ស៊ីវិល ដោយ​ពឹងជំនួយ​ពី​ក្រុម​រនុកក្នុង​របស់​ខ្លួន​។​​លោក Vladimir Putin និយាយ​ថា ​ប្រទេស​របស់​លោក​នឹង​ដើរ​ដល់​គោលដៅ​របស់​ខ្លួន​ ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​លោ​ក​ថា​ ប្រទេស​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​រដ្ឋ​អព្យាក្រឹត្យ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុង​សង្គ្រាម​មាន​អាយុកាល​ ៣​សប្ដាហ៍​មកនេះដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់ និង​បាន​បង្ខំ​ឲ្យ​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ភៀសខ្លួន​ចេញពី​ប្រទេស​របស់​ពួកគេ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​វាយប្រហារ​ដោយ​ពាក្យសម្ដី​លើ​លោក Biden ឆ្លើយតប​ទៅ​នឹង​ការ​ហៅ​លោក Putin ​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​

2022/03/17 10:58:21 am        3647
​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​សំដៅ​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden ដល់​មេដឹកនាំ​រុស្ស៊ី​ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម ជុំវិញ​ប្រតិបត្តិការ​យោធា​របស់​លោក​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន គឺជា​រឿង​មិន​អាច​ទទួល​យក​បាន និង​មិន​អាច​អត់ឱន​ឲ្យ​បាន​។​​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ TASS និង Ria Novosti អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov និយាយ​ថា យើង​ជឿ​ថា វោហារសាស្ត្រ​បែប​នេះគឺជា​រឿង​មិន​អាច​ទទួល​យក​បាន និង​មិន​អាច​អត់ឱន​ឲ្យ​បាន​សម្រាប់​ប្រមុខរដ្ឋ ដែល​គ្រាប់បែក​របស់​ខ្លួន​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ហៅ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ចំ​ៗ​ថាជា​ឧក្រិដ្ឋជន​សង្គ្រាម​ ក្នុង​ទង្វើ​មួយ​ដែល​ទំនងជា​នឹង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ ខាង​ផ្នែក​ការទូត​កាន់តែ​តឹងតែង​ជាង​មុន​ទៀត។​ នេះ​គឺជា​លើក​ទី​១​ ហើយដែល​លោក Biden បាន​ប្រើ​ភាសា​បែបនេះក្នុង​ការ​ថ្កោលទោស​លោក Putin ហើយ​ក្រោយមក​សេត​វិមាន​បាន​និយាយ​ថា ពាក្យសម្ដី​នេះស្ដែង​ចេញពី​បេះដូង​របស់​លោក​ពិតៗ៕អត្ថបទ៖ សុខមាន

តុលាការ​របស់​អង្គការសហប្រជាជាតិ​បង្គាប់​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ​ន

2022/03/17 10:30:28 am        2351
​UN៖ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​បញ្ជា​ឲ្យ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភ្លាមៗ ដោយ​និយាយ​ថា ​ខ្លួន​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​កម្លាំង​របស់​ទីក្រុង Moscow​។ ​សហព័ន្ធ​រុស្ស៊ី​ត្រូវ​ផ្អាក​ភ្លាមៗ​នូវ​ប្រតិបត្តិការ​យោធា​ដែល​លោក​ Putin បាន​បញ្ជា​ឲ្យ​បើក​ការ​វាយ​លុក​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ ២០២២ លើ​ទឹកដី​អ៊ុយ​ក្រែ​ន ដោយ​ចៅក្រម​នៅ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិបាន​និយាយ​ថា ការ​បញ្ជា​ឲ្យ​បញ្ឈប់​នេះ​កើត​ចេញពី​ការសម្រេចចិត្ត​ ១៣​ទល់នឹង ​២សំឡេង​កាលពី​ថ្ងៃ​ពុធ​។ ក្រុម​ចៅក្រម​បាន​បន្ថែម​ថា រុស្ស៊ី​ក៏​ត្រូវ​តែ​ធានា​ផង​ដែរ​ថា ​កងកម្លាំង​ផ្សេង​ទៀតដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ឬ​គាំទ្រ​ដោយ​ក្រុង Moscow មិន​គួរ​បន្ត​ប្រតិបត្តិការ​យោធា​នេះ​ទៀត​ឡើយ​។ ទោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ជា​ចំណង​ផ្លូវច្បាប់​ក៏ដោយ ក៏​ពុំ​មានន័យ​ដោយ​ផ្ទាល់​ក្នុង​ការ​អនុវត្តន៍​ទៅលើ​ក្រុម​ទាំងនោះ និង​រឿងក្ដី​ជាច្រើន​ទៀត​ដែល​ប្រទេស​នានាមិនដែល​ខ្វល់ខ្វាយ​ក្នុង​អតីតកាល​៕ អត្ថបទ៖ សុខមាន

លោក Zelenskyy និយាយ​ថា ការចរចា​ពិបាក​ណាស់ ហើយ​សង្គ្រាម​លោក​លើក​ទី​៣​ អាច​បាន​ចាប់ផ្ដើម​រួច​ទៅ​ហើយ

2022/03/17 10:00:26 am        4147
​អ៊ុយក្រែន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សង្គ្រាម​លោក​លើក​ទី៣ អាច​បាន​ចាប់ផ្ដើម​រួច​ទៅ​ហើយ ខណៈ​លោក​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ NBC News និង​អ្នក​សម្របសម្រួល​កម្មវិធី​នេះ​គឺ​លោក Lester Holt​។​លោក Zelenskyy បាន​កំពុង​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​ពី​អ្នក​សម្របសម្រួល​កម្មវិធី​ព័ត៌មាន NBC Nightly News អំពី​​ថា​ តើ​លោក​មានការ​បារម្ភ ​ឬទេអំពី​ក្ដី​កង្វល់​ចេញពី​រដ្ឋបាល​លោក Biden ដែលថា ចំណាត់​ការ​ជាក់លាក់​អាច​បង្ក​ឲ្យ​មា​ជម្លោះ​រវាង​អាវុធ​នុយក្លេអ៊ែរ​ ដែល​អាច​ផ្ទុះ​ជា​សង្គ្រាម​លោក​លើក​ទី៣ នោះ​។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​រូបនេះបាន​និយាយ​នៅក្នុង​ការអត្ថាធិប្បាយ​ដែល​ត្រូវបាន​បកប្រែ​ថា គ្មាន​នរណាម្នាក់​ដឹង​ទេ​ថា​ តើ​វា​អាច​បានចាប់ផ្ដើម​រួចហើយ ឬ​នៅ ហើយ​អ្វី​ជា​ទំនួល​ខុសត្រូវ​នៃ​សង្គ្រាម​នេះ ក្នុងករណី​ដែល​ប្រទេស​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ដួលរលំ​។ លោក​ប្រធានាធិប​តី Joe Biden បានប្រកាសថា​ សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ជំនួយ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ​៨០០​លាន​ដុល្លារអាមេរិកបន្ថែមទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន រួមទាំង​អាវុធ​ប្រឆាំង​យន្តហោះ និង​រថក្រោះ ព្រមទាំង​យាន​ដ្រូ​ន​ជាច្រើន​គ្រឿង​ទៀតផងដែរ​។​​លោក​ក៏បាន​ហៅ​លោក Vladimir Putin ថា​ ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ផងដែរនៅ​ក្នុងការ​ថ្កោលទោស​ដ៏​ខ្លាំង​បំផុត​លើ​មេដឹកនាំ​រុស្ស៊ី ចាប់តាំងពី​ការចាប់ផ្ដើម​វាយប្រហារ​កាលពី​ថ្ងៃទី​២៤​ ខែកុម្ភៈ​មក​។​ ​សូម​រម្លឹកថា កាលពី​ថ្ងៃ​ពុធ​ដដែល​នោះដែរ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy ធ្លាប់បាន​និយាយថា ការចរចា​ស្វែងរក​សន្តិភាព​ស្ដាប់ទៅ​ទំនង​ជាមាន​ភាពប្រាកដនិយម​ជាង​មុន ប៉ុន្តែ​នៅ​ត្រូវការ​ពេលវេលា​ថែមទៀត៕អត្ថបទ៖ សុខមាន

ឯកឧត្ដម ហ៊ុន ម៉ាណែត លើកឡើងថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ

2022/03/16 04:36:43 pm        1006
កំពង់ស្ពឺ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដែលត្រូវបានកសាងក្នុងឆ្នាំ២០២០-២០២១ នៅក្នុងសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រ សាសន៍ថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុតស ម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។ ហេតុនេះ សូមប្អូនៗនិស្សិតនាយទាហានសកម្មទាំងអស់ បន្តប្រឹងប្រែងរៀនសូត្រ ចាប់យកចំណេះ និ ងសមត្ថភាព ជាពិសេសស្មារតីឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមជានាយទាហាន ដើម្បីចេញទៅបន្តជួយកសាងដឹកនាំកងទ័ពយើងតទៅមុខទៀត។ ឯកឧត្ដមបន្តថា សាលាជាមជ្ឈមណ្ឌលសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេ សសាលានាយទាហានតែម្តង ដើម្បីកសាងកម្លាំងនាយទាហានប្រកបដោយគុណភាព និងសមត្ថភាពជាក់ស្តែងអាចធ្វើការបានច្បាស់លាស់ ដែលជាឆ្អឹងខ្នងនៃកងទ័ព។ ការគិតគូរអំពីការពង្រឹងសាលាហ្វឹ កហ្វឺន ត្រូវផ្តោតទាំងលើការងារអភិវឌ្ឍ និងការងារអភិរក្ស។ ការងារអភិវឌ្ឍសំដៅដល់ការធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ដែលរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការកែសម្រួលប្រព័ន្ធការងារគ្រប់ គ្រង និងកម្មវិធីសិក្សា និងការបំពាក់សម្ភារជាដើម។ រីឯការងារអភិរក្សវិញ សំដៅដល់ការរក្សាឱ្យបានដាច់ខាតនូវស្មារតីឆន្ទៈស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជាការធានាឱ្យបាននូវនិមិត្តរូបរួម និងសមិទ្ធផលផ្ទាល់របស់ខ្លួនយើង ដែលផ្សារភ្ជាប់ទៅនឹងអត្តសញ្ញាណជាតិខ្មែរ ទោះបីពេលខ្លះ យើងត្រូវរៀនសូត្រ និងដកស្រង់ច្នៃប្រឌិតយោងតាមបទពិសោធន៍អន្តរជាតិក៏ដោយ។ក្នុងពិធីនោះដែរ ឯកឧត្ដមក៏បានគោរពថ្លែងអំណរគុណ និងកតញ្ញុតាចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាលលោកទាំងពីរ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិ ន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារបរិក្ខារផ្សេងៗ, ការលើកស្ទួ យជីវភាពសុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់គិតសព្វគិតគ្រប់ ដោយសារខ្លួនសម្តេចទាំងពីរផ្ទាល់ ក៏ធ្លាប់ជាយោធិនដែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ ការរួមចំណែករបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នយោធា ស៊ីវិល និងសប្បុរសជនទាំងអស់ ក៏បានស្តែងឱ្យឃើញផងដែរ នូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ និងប្រជាជន ដើម្បីធានាបាននូវការការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព៕ ដោយ៖ គង់ ឌិន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំកូរ៉េខាងជើង Kim Jong Un សរសើរ «ឆន្ទៈដ៏រឹងមាំ» ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយលោក Xi Jinping
07/01/2026 10:07 AM
ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូល​របស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន
07/01/2026 10:07 AM
ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិបន្តរួបរួមគ្នាគាំទ្ររដ្ឋាភិបាលក្នុងការការពារអធិបតេយ្យ និងទឹកដី
07/01/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
07/01/2026 09:07 AM
រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ
07/01/2026 09:07 AM
អង្គការសហប្រជាជាតិ៖ ការផ្ទុះឡើងនៃជំងឺអេបូឡាអាចធ្វើឱ្យទ្វីបអាហ្វ្រិកខាតបង់រហូតដល់ ៣,៦ ពាន់លានដុល្លារ
07/01/2026 09:07 AM
មនុស្សរាប់ពាន់នាក់ចេញធ្វើបាតុកម្មទាមទារឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ចាកចេញពីអាហ្វ្រិកខាងត្បូង
07/01/2026 09:07 AM
បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប្រទេសប៉ាគីស្ថាន បណ្តាលឲ្យកុមារ ១៤ នាក់ស្លាប់
07/01/2026 09:07 AM
ទួរគីនិយាយថា ណាតូកំពុងសម្របខ្លួនទៅនឹងទស្សនសន្តិសុខ ហើយសហរដ្ឋអាមេរិកមិនដកខ្លួនចេញទេ
07/01/2026 08:07 AM
អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព
07/01/2026 08:07 AM