សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

មេដឹកនាំ​សហភាព​អឺរ៉ុប​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​

2022/03/12 03:21:26 am        1959
​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុប​ដែល​បានមក​ជួបប្រជុំ​នៅក្នុង​ប្រទេស​បារាំងកាលពី​ថ្ងៃ​សុក្រ សម្រាប់​កិច្ចពិភាក្សា​ថ្ងៃទី​២ ដែល​ធ្វើឡើង​ក្នុងពេល​មាន​សង្គ្រាម​រយៈពេល​ ២​សប្តាហ៍​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen និយាយថា ច្រក​ឆ្ពោះទៅរក​ដំណើរការចូល​ជា​សមាជិក​សហភាព​អឺរ៉ុបរបស់​អ៊ុយ​ក្រែ​នបច្ចុប្បន្ននេះ​គឺ​បើកចំហ​។​លោកស្រី​និយាយថា​ ពួកគេ​គឺជា​ផ្នែក​មួយ​នៃ​គ្រួសារ​អឺរ៉ុប​។​ ​ថ្លែង​អំពី​ការពឹងផ្អែក​របស់​អឺរ៉ុប​លើ​ឥន្ធនៈ​រុស្ស៊ី លោកស្រី von der Leyen និយាយថា ​ប្លុក​អឺរ៉ុបក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ នឹង​បញ្ចប់​បន្តិច​ម្តង​ការពឹងផ្អែក​របស់​យើង​លើ​ឧស្ម័ន ប្រេង និង​ធ្យូងថ្ម​របស់​រុស្ស៊ីរហូតដល់​ត្រឹម​ឆ្នាំ២០២៧​។ ​សហភាព​អឺរ៉ុបនាំចូល ៩០% នៃ​ឧស្ម័ន​ធម្មជាតិ​ដែលប្រើ​ដើម្បី​ផលិត​អគ្គិសនី កម្ដៅ​លំនៅឋាន និងឧស្សាហកម្ម​ផ្គត់ផ្គង់ ដោយ​រុស្ស៊ី​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អឺរ៉ុប​ជិត ៤០​% និងមួយ​ភាគ​បួននៃ​ប្រេងឥន្ធនៈ៕​អត្ថបទ៖ ប៊ុនថន

លោក Biden​ និយាយថា ពិភពលោក​ត្រូវតែ​ខិតខំ​ទប់ស្កាត់​សង្គ្រាមលោកលើកទី៣

2022/03/12 03:12:28 am        1657
​សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​លោក Joe Biden និយាយ​ថា ទណ្ឌកម្ម​របស់​សហរ​ដ្ឋ​អាមេរិក និង​អឺរ៉ុប​កំពុង​បំផ្លាញសេដ្ឋកិច្ច​របស់​រុស្ស៊ី ហើយ​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទានបាន​បន្ទាប​តម្លៃ​រូបិយប័ណ្ណ​របស់​រុស្ស៊ី។​ ​វិធានការ​ក្នុង​សប្តាហ៍​នេះជា​វិធានការ​ថ្មី​បំផុត ​សម្រាប់​ទណ្ឌកម្ម​ដែល​បានធ្វើឱ្យ​សេដ្ឋកិច្ច​រុស្ស៊ី​ចុះខ្សោយ និង​ជាស​ញ្ញា​មួយ​ដែលថា​ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹង​បន្ត​ប្រើប្រាស់​ទម្ងន់​ហិរញ្ញវត្ថុ​របស់​ពួកគេ ​ដើម្បី​សងសឹក​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​។​​នៅក្នុង​សុន្ទរកថា​នៅ​សេត​វិមាន លោក Biden និយាយថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នឹងធ្វើ​ឱ្យប្រាកដថា ​អ៊ុយ​ក្រែន​មាន​អាវុធ​ដើម្បី​ការពារ​កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ឈ្លានពាន​។ ប៉ុន្តែ​លោក​បាន​គូសបញ្ជាក់ថា ទាហាន​អាមេរិកនឹងមិន​ធ្វើសង្គ្រាម​ប្រឆាំងនឹង​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។​ ​លោក Biden និយាយថា ​ការប្រឈមមុខ​ដាក់គ្នា​ដោយផ្ទាល់​រវាង​ណា​តូ និង​រុស្ស៊ីគឺជាសង្គ្រាមលោក​លើក​ទី​៣ ជា​អ្វីដែល​យើង​ត្រូវខិតខំ​ទប់ស្កាត់​។​ ​លោក​ប្រធានាធិបតី​បាន​ធានាថា សង្គ្រាម​របស់​លោក Putin ​លើ​អ៊ុយ​ក្រែ​ន​នឹងមិន​ទទួលបាន​ជ័យជំនះ​នោះទេ ហើយ​ពិភពលោក​បានរួម​គ្នា​ប្រឆាំងការឈ្លានពាន​របស់រុស្ស៊ី និង​គាំទ្រ​ប្រជាជនអ៊ុយ​ក្រែ​ន​។​ ​នៅពេល​សួរថា ​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិនបើ​រុស្ស៊ី​ប្រើប្រាស់​អាវុធ​គីមី​ដូចដែល​សេត​វិមានបានព្រមាន​ថា ​វា​អាច​នឹង​កើតឡើង​នោះ លោក​ប្រធានាធិ​ប​តី​បាន​និយាយថា រុស្ស៊ី​នឹង​បង់ប្រាក់​ធ្ងន់ធ្ងរ ប្រសិនបើ​ខ្លួន​ប្រើប្រាស់​អាវុធ​គីមី៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​សហភាព​អឺរ៉ុប​បើក​កិច្ចពិភាក្សា​ផ្តោត​លើ​បញ្ហា​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/03/11 03:07:39 pm        1425
​អឺរ៉ុប៖ មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​គ្នា​ផ្តោត​លើ​វិធី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ជាមួយ​រុស្ស៊ី ប៉ុន្តែ​វិធាន​ការដែល​ត្រូវ​ពិភាក្សា​ត្រូវ​បាន​រំពឹង​ថា​ នឹង​បញ្ឈប់​ការ​បំពេញ​ក្តី​សង្ឃឹម​របស់​ប្រទេស​នេះ​ថា ​ខ្លួន​អាច​ចូលរួម​ជាមួយ​ប្លុក​អឺរ៉ុប​ក្នុង​ពេល​ឆាប់ៗ​នេះ​។​​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​បាន​រួប​រួម​គ្នា​យ៉ាង​ពេញលេញ​ ក្នុង​ការ​គាំទ្រ​ការ​តស៊ូ​របស់អ៊ុយ​ក្រែ​ន ដោយមាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពី​មុន​មក​លើ​រុស្ស៊ី។​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ចង់ឱ្យ​ប្រទេស​របស់លោក​ក្លាយជា​សមាជិក​សហភាព​អឺរ៉ុប​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​កិច្ចព្រមព្រៀង​លើ​ចំណុច​នេះ​នឹង​មិន​ត្រូវ​បាន​សម្រេច​ក្នុង​សប្តាហ៍​នេះ​ទេ​។ ​មេដឹកនាំ​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹងថា នឹង​ព្រមព្រៀង​លើ​ការ​គាំទ្រ​បំណង​របស់​អ៊ុយ​ក្រែ​នដើម្បី​ចូលរួម​ជាមួយ​គ្រួសារ​អឺរ៉ុប​។​​បំណង​របស់​អ៊ុយ​ក្រែ​ន​បានទទួល​ការគាំទ្រ​ដ៏​កក់ក្តៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត ប៉ុន្តែ​មន្ត្រីសហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ដំណើរការ​នេះ​អាច​ចំណាយពេល​ច្រើន​ឆ្នាំក្នុងការ​ឯកភាពគ្នា ​ក្នុងចំណោម​សមាជិក​បច្ចុប្បន្ន​ដើម្បី​អនុញ្ញាត​ឲ្យ​សមាជិក​ថ្មី​ចូលមក​ក្នុង​ប្លុក​នេះ៕អត្ថបទ៖ ប៊ុនថន

ប្រធាន IAEA ពិភាក្សា​ពី​សុវត្ថិភាព​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន

2022/03/11 02:55:33 pm        1325
​អឺរ៉ុប៖ ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) និយាយ​ថា ​ទាំង​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​ព្រមព្រៀង​ថា ​គំនិត​ផ្ដួចផ្ដើម​កិច្ចពិភាក្សា​ដើម្បី​ធានា​បាន​ នូវ​សុវត្ថិភាព​រោងចក្រ​នុយក្លេអ៊ែរនៅអ៊ុយ​ក្រែ​ន គឺជា​ការ​បន្ត​ស្វែងរក​ដ៏​មានតម្លៃ និង​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការ​ធ្វើការ ​ជាមួយទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ ​(IAEA) ដើម្បី​ធ្វើ​ឲ្យ​ស្រប​ជាមួយ​ក្រប​ខណ្ឌ​ដែល​បាន​ព្រមព្រៀង​។​លោក Rafael Grossi បាន​ជួបពិភាក្សា​នៅ​ក្នុង​ប្រទេស​ទួរគី ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយក្រែ​ន ក្នុង​ក្តី​សង្ឃឹម​ចាប់ផ្ដើម​កិច្ចព្រមព្រៀង​ ដើម្បី​ការពារ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​ពេល​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត ​របស់​អឺរ៉ុបក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Zaporizhzhia ខណៈ​អតីត​រោងចក្រ​នុយក្លេអ៊ែរ Chernobyl ត្រូវ​បាន​កាន់កាប់​ដោយ​កងកម្លាំង បន្ទាប់ពី​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ជាមួយ​ឆ្មាំ​ជាតិ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ ប៊ុនថន

សហរដ្ឋអាមេរិក​ព្រមាន​រុស្ស៊ី​អំពី​ការប្រើប្រាស់​អាវុធ​គីមី

2022/03/11 02:34:42 pm        1789
​សហរដ្ឋអាមេរិក៖ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកស្រី Kamala Harris បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេតឧក្រិដ្ឋកម្ម​សង្គ្រាម​អន្តរជាតិ ​លើ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយក្រែ​ន ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​គាំទ្រ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី ហើយ​បាន​ព្រមាន​រុស្ស៊ី​លើ​ការប្រើប្រាស់​អាវុធ​គីមី​ក្នុង​ការ​វាយប្រហារ​រប​ស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Ned Price និយាយថា រដ្ឋាភិបាល​រុស្សី​បាន​ប្រើប្រាស់​អាវុធ​គីមី ​ដែល​ត្រូវ​បាន​ហាមឃាត់​លើ​ប្រជាជន​របស់​ខ្លួន​កាលពី​អតីតកាល​។ បញ្ហា​ផ្សេងទៀត​គឺ​ការ​ព្រួយបារម្ភ​ដែល​យើង​ដឹង​អំពី​យុទ្ធសាស្ត្រ​របស់​វិមាន​ក្រឹម​ឡាំង ជាពិសេស​យុទ្ធសាស្ត្រ​បំភាន់​ព័ត៌មាន​។ ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Johnson និយាយ​ថា វិមាន​ក្រឹម​ឡាំង​កំពុង​រៀបចំ​រឿង​ក្លែងក្លាយដែល​ថា ​អាវុធ​គីមី​កំពុង​ត្រូវ​បាន​រក្សាទុក​ដោយ​គូបដិបក្ខ ឬ​ដោយ​អាមេរិកដើម្បី​ជា​លេស​សម្រាប់​ការដាក់​ពង្រាយ​អាវុធ​ដោយ​ខ្លួនឯង​។​​លោក Ned Price បាន​រិះគន់​ទីក្រុង​មូស្គូ​ចំពោះ​ការវាយប្រហារ​ទៅលើ​មន្ទីរពេទ្យ​សម្ភព ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ពុធ​។ លោក​និយាយ​ថា យើង​បាន​ឃើញ​របាយការណ៍​គួរ​ឱ្យ​ទុកចិត្តបំផុត​ នៃ​ការវាយប្រហារ​ដោយ​ចេតនា​លើ​ជន​ស៊ីវិល ដែល​នឹង​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បានបដិសេធ​ការទទួលខុសត្រូវ​ ចំពោះ​ការវាយប្រហារ​លើ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Mariupol របស់​អ៊ុយ​ក្រែ​ន ហើយ​បាន​អះ​អាង​ថា ការ​បំផ្ទុះ​ដែល​វាយ​ប្រហារ​អគារ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​លាប​ពណ៌​ប្រទេស​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​ការទូត​ជាន់ខ្ពស់​អឺរ៉ុប​និយាយ​ថា ​ប្លុក​នេះ​ត្រូវតែ​បញ្ចៀស​ជម្លោះ​កុំ​ឲ្យ​ធ្លាក់​ចូល​សង្គ្រាម​លោក​លើក​ទី​៣

2022/03/11 12:20:34 pm        1489
អឺរ៉ុប៖ អ្នក​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចការ​បរទេស​លោក Josep Borrell បាន​ព្រមាន​ថា ​ប្លុក​អឺរ៉ុបត្រូវតែ​ធ្វើ​អ្វី​ដែល​អាច​ជៀស​ផុត​ពី​ការ​រីក​កាន់តែ​ធំ​នៃ​សង្គ្រាម ស្រប​ពេល​ជម្លោះ​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅតែ​បន្ត​។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Franceinfo កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Borrell បាន​អះ​អាង​ថា អឺរ៉ុប​នឹង​បញ្ជូន​អាវុធ និង​យុទ្ធោបករណ៍​ការពារ​ជាតិ​ដោយ​គ្មាន​សង្ស័យ​ទៅកាន់​អ៊ុយ​ក្រែ​ន ដរាបណា​ការ​ប៉ះ​ទង្គិច​យោធា​ជាមួយ​រុស្ស៊ី​បន្ត​។ទោះ​មាន​សំណើ​នេះ​ក៏ដោយ​លោក​បាន​បញ្ជាក់​ច្បាស់​ៗ​ថា សហ​ភាព​អឺរ៉ុប​ត្រូវតែ​ប្រុងប្រយ័ត្ន​ដើម្បី​បញ្ចៀស​សង្គ្រាម​ជាមួយ​រុស្ស៊ី ព្រោះ​នោះ​អាច​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​៣​។ ការ​អត្ថាធិប្បាយ​របស់​អ្នកតំណាង​សហភាព​អឺរ៉ុប មាន​ឡើង​ បន្ទាប់ពី​ប្លុក​នេះ​បាន​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​លើ​រុស្ស៊ី និង​បេឡា​រុស​ដោយសារតែ​សកម្មភាព​យោធា​របស់​ក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ដោយ​ការ​កាត់ផ្ដាច់​ធនាគារ​របស់​បេឡា​រុស​ចេញពី​ប្រព័ន្ធ​សេវា​ផ្ទេរ​ប្រាក់ SWIFT ដែល​ជា​ការ​ប៉ះ​ទង្គិច​ដល់​វិស័យ​យោធា​របស់​រុស្ស៊ី និង​ការ​រឹតត្បិត​លើ​ក្រុម​តំណាងរាស្ត្រ និង​មេដឹកនាំ​ធុរកិច្ច​ចំនួន ១៦០​នាក់​របស់​រុស្ស៊ី​។​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម ​លើ​រុស្ស៊ី​ខាង​ហិរញ្ញវត្ថុ​ចំពោះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន លោក Borrell បាន​បង្ហាញ​ការប្រុងប្រយ័ត្ន​អំពី​លទ្ធភាព​ នៃ​ការ​ហាម​ប្រាម​លើ​ការ​នាំចូល​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​សហភាព​អឺរ៉ុប ដោយ​អះ​អាង​ថា​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​ប្លុក​នេះ ខណៈ​ដែល​សហភាព​អឺរ៉ុប​ពឹងផ្អែក​ការ​នាំ​ចូល​ថាមពល​យ៉ាង​ច្រើន​ពី​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ជំនួប​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​មិនបាន​ឈាន​ដល់​ភាព​រីក​ចម្រើន​នៃ​បទ​ឈប់​បាញ់

2022/03/11 11:47:02 am        671
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov និង​សម​ភាគី​អ៊ុយ​ក្រែ​នលោក Dmytro Kuleba បាន​ព្រមព្រៀងគ្នា​លើ​ការបន្ត​ការចរចា​លើ​ជម្លោះ​នេះ ប៉ុន្តែ​មិនបាន​ឈានដល់ការប្រកាស​បទឈប់​បាញ់​ ក្នុងអំឡុងពេល​ជំនួប​នៅក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះទេ​។​​ជំនួប​ត្រីភាគី​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង Antalya ដោយមាន​វត្តមាន​រប​ស់​រដ្ឋមន្ត្រីការបរទេស​ទួរគីលោក Mevlut Cavusoglu គឺជា​ជំនួប​កម្រិត​ខ្ពស់​លើកដំបូង​រវាង​ទីក្រុង​មូស្គូ និងទីក្រុង​គី​វ ចាប់តាំងពី​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​នៅ​ថ្ងៃទី២៤ ខែកុម្ភៈ​។​ ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​នលោក Dmytro Kuleba និយាយថា លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួប​ជាមួយ​លោក Lavrov ម្តងទៀត​ក្នុង​ទម្រង់​ដូចគ្នាដោយ​ភាគី​ទួរគី​ជា​អ្នក​សម្រុះសម្រួល​។ ​ចំណែក​លោក Lavrov បាន​និយាយថា រុស្ស៊ី​ចង់​បន្ត​ការពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​នក្នុង​ទម្រង់​បច្ចុប្បន្ននៅក្នុងប្រទេស​បេឡា​រុស​។​​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដាច់ដោយឡែក​មួយ លោក ​Cavusoglu រដ្ឋមន្ត្រីការបរទេស​ទួរគីនិយាយថា ប្រទេសទួរគី​បាន​ត្រៀមខ្លួន​រួចជាស្រេច ​ដើម្បី​បន្ត​កិច្ចខិតខំ​សម្រាប់​ផ្នែក​ការទូត​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​បាន​ដើរតួនាទីជា​អ្នក​សម្រុះសម្រួលក្នុងអំឡុងពេល​ជំនួប ហើយ​ទាំង​ភាគីអ៊ុយ​ក្រែ​ន ​និង​រុស្ស៊ីមិន​ជំទាស់​នឹង​ការបន្ត​ជំនួប​ក្នុង​គោល​ការណ៍​នោះទេ​។ ​ចាប់តាំងពី​សប្តាហ៍​មុន​មក គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានចាប់ផ្តើម​កិច្ចចរចាសន្តិភាពចំនួន ៣​លើក​រួចមកហើយ​ក្នុងប្រទេស​បេឡា​រុស ទោះបីជា​ការចរចា​បានបញ្ចប់​ដោយ​គ្មាន​លទ្ធផលផ្លែផ្កា ឬ​បំបែក​ភាពទាល់ច្រក​គួរឱ្យកត់សម្គាល់​ណាមួយ​ក៏ដោយ៕អត្ថបទ៖ ប៊ុនថន

ក្រុមហ៊ុន Facebook និង Instagram បាន​អនុញ្ញាត​ឲ្យ​មានការ​អំពាវនាវ​ឲ្យ​ប្រើ​កម្លាំង​ប្រឆាំង​រុស្ស៊ី​

2022/03/11 11:16:45 am        1019
អាមេរិក៖ ​ក្រុមហ៊ុន​បណ្ដាញ​សង្គម ​Meta របស់ Facebook បាន​បញ្ជាក់​ថា ​សំណេរ​បញ្ជាក់​ពី​ពាក្យសម្ដី​ស្អប់ខ្ពើម​ក្នុងការ​អំពាវនាវ​ឲ្យ​ប្រើ​កម្លាំង​តប​ពេលនេះ ត្រូវ​បាន​អនុញ្ញាត​ហើយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ​និង Instagram ជា​ការ​ដាក់​គោលដៅ​លើ​រុស្ស៊ី និង​ជា​ប្រធានបទ​នៃ​ការសន្ទនា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រុល​ទៅ​មុខ​ខាង​យោធា​របស់​ទីក្រុង Moscow នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​គោលការណ៍​ដែល​ត្រូវ​បាន​កែប្រែ​ស្ដីពី​អំពើ​ហិង្សា និង​ការ​ញុះញង់​នឹង​ត្រូវ​អនុវត្ត​ក្នុង​ប្រទេស​ដូចជាអ៊ុយ​ក្រែ​ន និង​ប៉ូឡូញ ហើយ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​វោហារ​សាស្ត្រហិង្សា​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី និង​ទាហាន​រុស្ស៊ី​។ ការផ្លាស់ប្ដូរ​គោលនយោបាយ​នេះ ត្រូវ​បាន​រាយការណ៍​ជា​លើកដំបូងដោយសារ​ព័ត៌មាន Reuters ដោយ​សំអាង​លើ​សារ​អេឡិចត្រូនិក​ផ្ទៃក្នុង​ពី​កម្មវិធី​ឬ Platforms នានា​របស់​ក្រុមហ៊ុន Meta ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook​ និង​ Instagram​។​​ចំណងជើង​ដំបូង​របស់​សារព័ត៌មាន Reuters បាន​សរសេរ​ថា Facebook និង Instagram អនុញ្ញាត​ឱ្យ​មានការ​អំពាវ​នាវ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​ជនជាតិ​រុស្ស៊ី​ជា​បណ្តោះ​អាសន្ន ទោះបីជា​ក្រោយមក​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឲ្យ Facebook អនុញ្ញាត​ឱ្យ​បង្ហោះ​ជា​បណ្ដោះអាសន្ន​អំពី​សង្គ្រាម​អ៊ុយ​ក្រែ​ន ​ដែល​អំពាវនាវ​ឱ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ការឈ្លាន​ពាន​រុស្ស៊ី​ ឬ​ការ​ស្លាប់​របស់​លោក ​Putin បន្ទាប់ពី​អ្នកនាំពាក្យ​ក្រុមហ៊ុន Meta លោក Andy Stone ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មានការចាប់អារម្មណ៍​ជាទូទៅ​៕អត្ថបទ៖ សុខមាន

ចិន​ជំរុញ​អឺរ៉ុប​ឲ្យ​ស្វែងរក​គោលការណ៍​រួម​ដើម្បី​ដោះស្រាយ​វិបត្តិ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​

2022/03/11 10:43:24 am        964
​ចិន៖ រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​ប្រាប់​សម​ភាគី​អ៊ីតាលី​របស់​លោក​គឺ​លោក Luigi Di Maio កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បញ្ហា​ដែល​មិន​ត្រូវបាន​ដោះស្រាយ​នៃ​ប្រព័ន្ធ​សន្តិសុខ​ប្លុក​អឺរ៉ុប គឺជា​ស្នូល​នៃ​វិបត្តិ​មួយ​ដែល​នៅតែ​បន្ត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អឺរ៉ុបរួមទាំង​រុស្ស៊ី ចាំបាច់​ត្រូវ​រួមគ្នា​ដោះស្រាយ​ជម្លោះ​នេះ​។​លោក Wang និង​លោក Di Maio បាន​ពិភាក្សា​ពី​យុទ្ធនាការ​យោធា​របស់​រុស្ស៊ីនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​រិះរកមធ្យោបាយ​បញ្ចប់​អរិភាព​ឲ្យ​បាន​ឆាប់​អំឡុង​ជំនួប​តាម​វីដេអូ។ ក្រុមមន្ត្រី​ចិន​បាន​ជំរុញ​ដល់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុបឲ្យ​ដោះស្រាយ​ក្ដីកង្វល់​របស់​រុស្ស៊ី​។ ប្រមុខ​ការទូត​ចិន​រូបនេះ​លើក​ឡើង​ថា​ ទ្វីប​នេះ​ត្រូវការ​ស្ថាបត្យកម្ម​សន្តិសុខ​ដោយ​ផ្អែកលើ​គោលការណ៍​ នៃ​ភាពមិន​អាច​បំបែក​បាន​របស់ខ្លួន​។ លោក​បាន​និយាយថា មានតែការពិភាក្សា​ស៊ីជម្រៅ និង​ទូលំទូលាយ​ជាមួយ​ភាគី​រុស្ស៊ី ដែល​អនុញ្ញាតឱ្យ​ការរៀបចំ​ឱ្យមាន​តុល្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​។​​លោកបាន​រិះគន់​លើ​ការប្រើប្រាស់​ទណ្ឌកម្ម​ថា ​ជា​ឧបករណ៍​នៃ​ការបង្ខិតបង្ខំក្នុង​ទំនាក់ទំនង​អន្តរជាតិ ​ដោយនិយាយ​ថា មធ្យោ​បាយ​នេះ​មិនអាច​ដោះស្រាយ​បានទេ ផ្ទុយទៅវិញបែ​ជា​បង្កើត​ឲ្យ​មាន​បញ្ហា​ថ្មី​មួយ​ថែមទៀត​ទៅវិញ​ទេ។​ ​លោក​បាន​ព្រមាន​ថា វិធានការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ សម្រាប់​ការវាយប្រហារ​របស់ខ្លួន​ប្រឆាំង​លើ​អ៊ុយ​ក្រែ​ន នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ហិរញ្ញវត្ថុ​សកលលោក ថាមពល អាហារ ការ​ដឹក​ជញ្ជូន ខ្សែសង្វាក់​ផ្គត់ផ្គង់ និងទិដ្ឋភាព​ផ្សេងទៀត និង​ធ្វើឱ្យប៉ះពាល់​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ជីវភាព​រស់នៅ​របស់​ប្រជាជនរបស់​ប្រទេស​ទាំងអស់​៕អត្ថបទ៖ សុខមាន

UNHCR​ ព្រួយបារម្ភ​ពីរ​បួស​ផ្លូវចិត្ត ការបំពាន​លើ​ជនភៀសខ្លួន ​និង​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​កុមារ​អ៊ុយ​ក្រែ​ន

2022/03/11 10:12:48 am        577
​អ៊ុយក្រែន៖ អ្នកនាំពាក្យ​មួយ​រូប​សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ (UNCHR) កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា ជំងឺ​ផ្លូវចិត្ត ការបំពាន​លើ​ជនភៀសខ្លួន និង​តម្រូវការ​ចាំបាច់​សម្រាប់​កុមារ​ដែល​កំពុង​ភៀសខ្លួន​ចេញពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​ក្លាយ​ជា​រឿង​កាន់តែ​បារម្ភ​ខ្លាំង​ឡើង​ៗ​។​​យោង​តាម​ទីភ្នាក់ងារ​នេះ មនុស្ស​ប្រមាណ ២​លាន ​៣​សែន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​រុស្ស៊ី​បើក​ប្រតិបត្តិការ​យោធា​រយៈកាល​ជាង​ ២​សប្ដាហ៍​មកនេះ​។ ចំនួន​នោះ​បាន​បន្ត​កើន​ឡើងជា​លំដាប់ ខណៈ​ដែល​ការ​បាញ់​ផ្លោង​ពី​កងទ័ព​រុស្ស៊ី​សម្រុក​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ជន​ស៊ីវិល​ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​។​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន AP អ្នកនាំពាក្យ​ទីភ្នាក់ងារ​អង្គការ​នេះលោក Matthew Salzmarsh បាន​និយាយ​ថា ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ពុំមាន​របាយការណ៍​ផ្ទាល់​ទាក់ទង​នឹង​អំពើហិង្សា​ និង​ការជួញដូរ​មនុស្ស​លើ​ជនភៀសខ្លួន​ទេ ប៉ុន្តែ​ករណី​បំពាន​លើ​កុមារ​ដ៏​ច្រើន​ កំពុង​ធ្វើ​ឲ្យ​ក្លាយជា​ជន​ងាយ​រងគ្រោះ​បំផុត​នៅទីនេះ​។ ​លោ​កថា ​ទីភ្នាក់ងារ​នេះ និង​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងទៀត ព្រមទាំង​រដ្ឋាភិបាល​ប៉ូឡូញបានដឹង​ច្បាស់​ពី​ករណីនេះ និង​កំពុង​តាមដាន ​ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​នឹង​មិនមាន​បញ្ហា​បែប​នោះ​កើតឡើង​ឡើយ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែង​ជាង​គេ​បំផុត​លើពិភពលោក» ១កក្កដា២០១៨-១កក្កដា ២០២៦
07/01/2026 02:07 PM
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាល​ជំនាញ​ដោយឥតគិតថ្លៃ​ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋខេត្ដបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
07/01/2026 01:07 PM
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-អាមេរិក បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ពជើងគោកទាំងពីរ
07/01/2026 01:07 PM
ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជាង ១២ ៨៩០ ៤៤៥ ម៉ែត្រគូបមិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦
07/01/2026 01:07 PM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦
07/01/2026 01:07 PM
កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី
07/01/2026 01:07 PM
Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ
07/01/2026 01:07 PM
ទឹកជំនន់នៅហ្គាណា បណ្តាលឲ្យនុស្ស១២នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថាមានភ្លៀងធ្លាក់ខ្លាំង
07/01/2026 01:07 PM
កម្មវិធីស្បៀងអាហារពិភពលោក រកជំនួយ៥០លានដុល្លារសម្រាប់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/01/2026 12:07 PM
Spurs ព្រមព្រៀងផ្ទេរ Mateus Fernandes ពី West Ham តម្លៃបំបែកកំណត់ត្រាក្លិប ៨៥ លានផោន
07/01/2026 12:07 PM