អាគារសិក្សា២ខ្នងមាន១០បន្ទប់ បូកនឹងបន្ទប់ទឹក១ខ្នងមាន៤បន្ទប់ និងដងទង់ជាតិ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្គ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មតា
សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម

ព័ត៌មានសំខាន់ៗ

លោក Xi Jinping ជំរុញ​ដល់​លោក Putin ឲ្យ​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន

2022/02/26 11:24:35 am        1050
​ចិន៖ ប្រធានាធិបតី​ចិនលោក Xi Jinping បាន​និយាយ​ថា លោក​គាំទ្រ​ការដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​នតាមរយៈ​កិច្ចពិភាក្សា ​នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បន្ទាប់ពី​ទីក្រុង​មូ​ស្គូ​បាន​បើក​ការឈ្លានពាន​ចូល​ប្រទេសជិតខាង​របស់ខ្លួនគឺ​អ៊ុយ​ក្រែ​ន​។​​នៅក្នុង​ការអាន​ការអំពាវនាវ​កាលពី​ថ្ងៃ​សុក្រ​នៅលើ​ទូរទស្សន៍​រដ្ឋ CCTV លោក Xi បានចង្អុលបង្ហាញ​ថា ស្ថានភាព​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​ចិន​គាំទ្រ​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការចរចា។​ ​ទីក្រុង​ប៉េកាំង​បាន​ដើរ​លើ​ខ្សែបន្ទាត់​ការទូត​ប្រុងប្រយ័ត្ន​ចំពោះ​វិបត្តិ​នេះ ហើយ​បាន​បដិសេធ​មិន​ហៅ​វា​ថា​ជា "​ការឈ្លានពាន​" ឬ​ថ្កោលទោស​សកម្មភាព​របស់​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់ខ្លួន​។​ ​លោក Xi បាន​និយាយ​ក្នុងពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក Putin ថា វា​ជា​រឿង​សំខាន់​ក្នុងការ "​បោះបង់ចោល​ចិត្តគំនិត​នៃ​សង្គ្រាមត្រជាក់ ងាក​ទៅ​យកចិត្តទុកដាក់ និង​គោរព​នូវ​ក្ដីកង្វល់​សន្តិសុខ​សម​ហេតុផល​របស់​ប្រទេស​ទាំងអស់ និង​បង្កើត​យន្តការ​សន្តិសុខ​អឺរ៉ុប​ប្រកបដោយ​តុល្យភាព ប្រសិទ្ធភាព និង​និរន្តរភាព​តាមរយៈ​ការចរចា​។​​យោងតាម CCTV លោក Putin បាន​ប្រាប់​ទៅ​លោក​ Xi ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធាណា​តូ​​មិន​អើពើ​យូរ​​មកហើយ ​ចំពោះ​ក្ដីបារម្ភ​ខាង​សន្តិសុខ​ដែលមាន​ហេតុផល​របស់​រុស្ស៊ី ដោយ​ច្រានចោល​ដដែល​អំពី​ការប្ដេជ្ញាចិត្ត​របស់​ពួកគេ​ និង​បន្ត​បង្កើន​ការដាក់​ពង្រាយ​យោធា​ទៅកាន់​ភាគ​ខាងកើត ដែល​ជាការ​ប្រជែងបន្ទាត់​ក្រោម​ជា​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​។​ ​ប្រទេស​រុស្ស៊ីមាន​ឆន្ទៈ​ក្នុង​ការចរចា​កម្រិត​ខ្ពស់​ជាមួយ​អ៊ុយ​ក្រែ​ន​៕​អត្ថបទ៖ សុខមាន

ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​នរួមមាន​ទាំង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​

2022/02/26 10:57:29 am        1079
​​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​រុស្ស៊ី​កំពុង​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ពី​គោលដៅ​ចំនួន​បី ​ដោយ​ប្រើ​កម្លាំងយោធាតាម​ផ្លូវ​អាកាស ផ្លូវគោក និង​ផ្លូវ​សមុទ្រ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​នទំនងជា​រួមមាន​ទាំង​ការវាយប្រហារ​តាម​អ៊ីនធឺណិត និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​កងទ័ព​រុស្សី​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​រដ្ឋធានី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​ជាមួយ​នឹង​ការ​បំផ្ទុះ និង​ការ​បាញ់កាំភ្លើង​កំពុង​លាន់លឺនៅ​ក្នុង​ទីក្រុង ខណៈ​ការវាយប្រហារ​ប្រទេស​ប្រជាធិបតេយ្យ បាន​ជំរុញ​ឱ្យ​មានការ​ព្រួយ​បារម្ភ​សង្គ្រាម​កាន់តែ​ធំ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​បណ្តាល​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​អន្តរជាតិ ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​មូ​ស្គូ​បញ្ឈប់​សកម្មភាព​។ ​ជាមួយ​នឹង​របាយការណ៍​នៃ​អ្នក​ស្លាប់ និង​រង​របួស​រាប់​រ​យ​នាក់​ពី​សង្គ្រាម​ រួម​ទាំង​ការ​បាញ់​ផ្លោង​មក​លើ​អគារ​ប្រជាជន​រស់​នៅ ស្ពាន និង​សាលារៀន​នៅក្នុង​ទីក្រុង​គី​វ មាន​សញ្ញា​កើនឡើង​ថា​ រុស្ស៊ីទំនងជា​កំពុងស្វែងរក​ការផ្តួលរំលំ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។ វា​នឹង​ក្លាយជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មុះ​មុត​បំផុត​របស់លោក ​ក្នុងការ​គូស​ផែនទី​ពិភព​លោក​ឡើងវិញ និង​ស្តារឡើងវិញ​នូវ​ឥទ្ធិពល​សម័យ​សង្គ្រាមត្រជាក់​របស់​ទីក្រុង​មូ​ស្គូ​។​​ការវាយប្រហារ​តាម​អ៊ីនធឺណិត​លើ​គេហទំព័រ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​អង្គភាព​ពាក់ព័ន្ធបាន​បន្ថែមទៅលើ​ភាពច្របូកច្របល់​ នៃ​ការវាយប្រហារ​ដោយ​យោធា​របស់​រុស្ស៊ី​។ អ្នកជំនាញ​ផ្នែក​សន្តិសុខ​តាម​អ៊ីនធឺណិត​មួយចំនួន​និយាយ​មុន​ការវាយប្រហារ​ថា វា​អាច​ស្ថិតនៅក្នុង ការ​ស៊ើបការណ៍​សម្ងាត់​របស់​វិមាន​ក្រឹម​ឡាំង និង​សង្គ្រាម​ព័ត៌មាន ដើម្បី​ព្យាយាមរុះរើ​អ៊ីនធឺណិតរបស់​ប្រទេស​អ៊ុយ​ក្រែ​ន​ អំឡុងពេល​មានការ​វាយប្រហារ​ដោយ​យោធា៕​អត្ថបទ៖ ប៊ុនថន

ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន​កាន់​តែ​ច្រើន​ឆ្លង​ចូល​ប្រទេស​ហុង​គ្រី និង​ប៉ូឡូញ

2022/02/26 10:44:27 am        987
​អ៊ុយក្រែន៖ ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ពាន់នាក់បាន​ឆ្លង​ចូល ទៅក្នុង​ប្រទេសជិតខាង​នៅ​ភាគ​ខាងលិច​ដើម្បី​ស្វែងរក​ទី​សុវត្ថិភាព ​ខណៈ​រុស្ស៊ីវាយលុក​ចូល​រដ្ឋធានី​របស់​ពួកគេ និង​ទីក្រុង​ផ្សេងទៀត​ជាមួយនឹង​ការ​វាយប្រហារ​តាមផ្លូវ​អាកាស​នៅ​ថ្ងៃទី​ពីរ​។ អ្នក​ដែល​មកដល់ភាគច្រើន​គឺជា​ស្ត្រី កុមារ និង​មនុស្ស​ចាស់ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ហាមឃាត់​បុរស​ដែលមានអាយុ​បម្រើ​យោធា​មិនឱ្យ​ចាកចេញ​ពី​ប្រទេស​។​​ប្រទេស​ហុង​គ្រី ដូចជា​ប្រទេស​ជាច្រើន​ទៀត​នៅ​អឺរ៉ុប​ខាងកើត បាន​ពង្រីក​ការការពារ​ផ្លូវច្បាប់ដល់ប្រជាជន​ភៀសខ្លួន​ពី​ការវាយប្រហារ​របស់​រុស្ស៊ី ហើយ​កំពុង​ទទួលយក​ជនភៀសខ្លួន​ដែល​ធ្វើដំណើរដោយ​ថ្មើរជើង​ តាម​រថយន្ត និង​តាម​រថភ្លើងនៅ​ច្រកព្រំដែន​គោក​ទាំងប្រាំតាម​បណ្តោយ​ព្រំដែនចម្ងាយ​ 137​គីឡូម៉ែត្រ​រវាង​ប្រទេស​ទាំងពីរ​។ ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ UNHCR បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ជាង 100,000នាក់​ត្រូវបាន​គេ​ជឿថា បាន​ចាកចេញពី​លំនៅឋាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ប្រជាជន​រហូតដល់ 4លាន​នាក់​អាច​ភៀសខ្លួន​ទៅកាន់​ប្រទេស​ផ្សេងទៀត​ ប្រសិនបើ​ស្ថានការណ៍​កាន់តែ​ធំ​ឡើង​។​​ប្រទេស​ហុង​គ្រី​ដែល​បាន​ចល័ត​យោធា​របស់ខ្លួន​ដើម្បី​ជួយ បានប្រកាស​នៅក្នុង​ក្រឹត្យ​មួយក្នុង​សប្តាហ៍នេះ​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ទាំងអស់ដែល​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រជាជនប្រទេស​ទី​បី​ទាំងអស់ ដែល​រស់នៅ​ស្របច្បាប់​នៅ​ទីនោះ​នឹងមាន​សិទ្ធិ​ទទួលបាន​ការការពារ​។ ប្រជាជន​អ៊ុយ​ក្រែ​ន​កាន់តែច្រើនបាន​ភៀសខ្លួន​ចូលទៅក្នុង​ប្រទេស​ប៉ូឡូញ​ ខណៈសកម្មភាព​របស់រុស្សី​កាន់តែ​កើនឡើង​ដោយ​ការបាញ់​ផ្លោងចូល​ទៅក្នុង​ទីក្រុង​គី​វ និង​ទីក្រុង​ផ្សេងទៀត​។ ​ជាមួយគ្នានេះ ប្រទេស​រូ​ម៉ា​នី​កំពុង​មើលឃើញ​លំហូរ​ជនភៀសខ្លួន​ពី​អ៊ុយ​ក្រែ​ន ខណៈ​ទាហាន​រុស្ស៊ីបង្កើន​ការវាយលុក​លុយ​ចូល​ទីក្រុង​គី​វ​កាលពី​ថ្ងៃ​សុក្រ ​ដោយមាន​ការបាញ់​កាំភ្លើង សំឡេង​ផ្ទុះ​ត្រូវបានលាន់លឺ​កាន់តែ​កៀកការិយាល័យ​រដ្ឋាភិបាល៕អត្ថបទ៖ ប៊ុនថន

វិមាន​ក្រឹម​ឡាំង​៖ លោក Putin ត្រៀម​ជួប​ចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Minsk ប្រទេស​បេឡា​រុស្ស​

2022/02/26 03:30:09 am        2292
រុស្ស៊ី៖ ​វិមាន​ក្រឹម​ឡាំងនិយាយថា​ ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​ត្រៀម​បញ្ជូន​គណៈ​ប្រតិភូ​ទៅ​កាន់​ប្រទេស​បេឡា​រុស្ស សម្រាប់​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន ខណៈ​កម្លាំង​រុស្ស៊ី​បាន​ចូល​ទៅ​ជិត​ដល់​រដ្ឋធានីគី​វរបស់​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី​២​ នៃ​ការឈ្លានពាន​របស់​ក្រុង Moscow​។​ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំងលោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មេដឹកនាំ​រុស្ស៊ី​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​បញ្ជូន​គណៈ​ប្រតិភូ​ជាន់ខ្ពស់​ សម្រាប់​ការចរចា​ជាមួយ​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន​ទៅកាន់​រដ្ឋធានី Minsk របស់​បេឡា​រុស្ស ដែល​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជុំ​កិច្ចចរចា​ស្វែងរក​សន្តិភាព​នានា​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​។​ចំណែកអ្នកនាំពាក្យ​របស់លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម​ថា ក្រុម​អ្នកតំណាងរបស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ និង​រុស្ស៊ី​កំពុង​ពិភាក្សា​ពី​ទីតាំង និង​ពេលវេលា​សម្រាប់​ការចរចា​នេះ។​ ​លោក​ថា សម្ព័ន្ធមិត្ត​របស់លោក Putin លោក​ប្រធានាធិបតីបេឡា​រុស្ស Alexander Lukashenko បាន​ប្រា​ប់លោក Putin ថា លោក​នឹង​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​ជំនួប​កំពូល​មួយ​។ ​ប្រទេស​រុស្ស៊ីមាន​កងទ័ព​រាប់ពាន​នាក់ឈរជើង​នៅក្នុង​ប្រទេស​បេឡា​រុស្ស ហើយ​អ៊ុយ​ក្រែ​ន​និយាយថា ខ្លួន​កំពុង​រង​ការវាយប្រហារ​ពី​ច្រក​មួយចំនួន​រួមទាំង​ចេញពី​បេឡា​រុស្ស​ដែរ​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​អំពាវនាវ​ដដែលៗ​ឲ្យ​មាន​ការចរចាជាមួយ​មេដឹកនាំ​រុស្ស៊ី អំឡុង​ការជំរុញ​ច្រក​ការទូតរយៈពេល​ ១​សប្ដាហ៍នូវ​អ្វីដែល​លោកខាងលិច​ព្រមាន​ទប់​លោក Putin មិន​ឲ្យ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ប្រជាជន​អ៊ុយក្រែន​រក​ទីជម្រក​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្រុង​គី​វ​ក្នុង​ពេល​គំរាម​ពី​រុស្ស៊ី​

2022/02/25 02:34:53 pm        1071
​អ៊ុយក្រែន៖ ដោយ​ភ័យខ្លាច​ថា រុស្ស៊ី​អាច​វាយលុក​ចូល​ដល់​រដ្ឋធានី​នៅពេល​ណាមួយ ប្រជាជន​អ៊ុយ​ក្រែ​ន​ជាច្រើនស្វែងរក​ទីជ្រកកោន​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​គី​វ។ នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ពោរពេញ​ទៅ​ដោយ​ក្រុម​គ្រួសារ និង​កុមារ​ជជែក​គ្នា និង​បរិភោគ​អាហារ​។​ប្រជាជន​បាន​នាំ​យក​សម្ភារៈ​សម្រាប់​ដេកមាន​ភួយ​ និង​សម្ភារៈ​ផ្សេងៗ​រួម​ទាំង​សត្វ​ចិញ្ចឹម​មក​ជា​មួយ ដោយ​ក្តី​សង្ឃឹមថា​ស្ថានភាព​នឹង​ធូរស្រាល​ទៅវិញ​។​ ប៉ុន្តែ​ទោះបី​ជា​មាន​បរិយាកាស​អ៊ូអរ​ក៏ដោយ មនុស្ស​ជាច្រើន​នឿយហត់​ដោយសារ​ព្រឹត្តិការណ៍​ដ៏​ខ្លាំងបាន​កើតឡើងកាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មើល​ទៅ​មានការ​បារម្ភចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​។​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ប្រតិបត្តិការ​យោធាពិសេស​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ព្រមាន​ប្រទេស​ផ្សេង​ទៀត​ថា ការប៉ុនប៉ង​ណាមួយ​ដើម្បីជ្រៀតជ្រែក​ក្នុង​សកម្មភាព​របស់​រុស្ស៊ី នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ដែល​មិន​ធ្លាប់​ជួបប្រទះ​។​ ​សេចក្តី​ប្រកាស​របស់​លោក ​ពូ​ទីន ត្រូវ​បាន​អនុវត្ត​ភ្លាមៗនូវ​ការវាយប្រហារ​ដោយ​គ្រាប់​ផ្លោង​នៅភាគ​ខាងជើង ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស រួម​ទាំង​នៅ​ទីក្រុង​គី​វ៕អត្ថបទ៖ ប៊ុនថន

ផ្ទុះ​ខ្លាំង​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol នៅ​អ៊ុយ​ក្រែ​ន និង​បាញ់​ផ្លោង​នៅ Donetsk

2022/02/25 12:03:16 pm        7097
​អ៊ុយក្រែន៖ ការ​ផ្ទុះ​ដ៏ខ្លាំង​បាន​ធ្វើ​ឲ្យ​រញ្ជួយ​មូលដ្ឋាន​ទ័ពអាកាស Melitopol ជា​មូលដ្ឋាន​យោធា​សម្រាប់​ការ​ដឹកជញ្ជូន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង​។ ខ្សែ​វីដេអូត្រូវ​បាន​ថត​ដោយ​អ្នកឆ្លើយឆ្លង​ព័ត៌មានទូរទស្សន៍​កណ្តាល​រដ្ឋ​ចិន​ (CCTV) បង្ហាញ​ពី​អគ្គិភ័យ​ដ៏​ធំ​នៅ​ទីតាំង​មូល​ដ្ឋាន​អាកាសរួម​ជាមួយ​សំឡេង​ផ្ទុះ​ខ្លាំង​។ប្រធានាធិបតី​រុស្សី​លោក Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​យោធា​ពិសេស ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​មេ​ដឹកនាំ​ក្រុង Lugansk និង Donetsk នៅ​ក្នុង​តំបន់ Donbass​។​ ​ប្រជាជន​នៅ​ក្នុង​ក្រុង​ជាច្រើននៃ​តំបន់ Donbas ដែល​គ្រប់គ្រង​ដោយ​ក្រុម​ផ្តាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី បាន​ត្អូញត្អែរ​ពី​ការ​បាញ់​ផ្លោងដែល​បាន​បំផ្លាញ​អគារ​ប្រជាពលរដ្ឋ​រស់នៅ និង​លំនៅឋាន​នៅ​ក្នុងទីក្រុង​ជាច្រើន​នៃ​ក្រុង Donetsk និង Horlivka​។ ការ​បាញ់​ផ្លោង​បាន​វាយប្រហារ​ទៅលើ​រោងចក្រ​មួយ​កន្លែង​ក្នុង​ក្រុង Horlivka ដែល​កម្មករ​ម្នាក់​បាន​ស្លាប់​។ ភាព​តានតឹង​ និង​ជម្លោះ​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្តាច់ខ្លួន​បាន​បន្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ មក​។​​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​គី​វ​ប្រទេស​អ៊ុយ​ក្រែ​នបាន​ប្រតិកម្ម​ជាមួយ​ការភ័យខ្លាច និង​ការ​មិនគួរ​ឲ្យ​ជឿ ខណៈ​ការ​បាញ់​ផ្លោង​បាន​ធ្លាក់​មក​លើ​ទីប្រជុំជន​ទីក្រុង​មាន​ប្រជាជន​រស់នៅ​ច្រើន​។ ប្រជាជន​ក្នុងទីក្រុង​គី​វនិយាយ​ថា វា​គួរ​ឲ្យ​ភ័យខ្លាច​ជា​ខ្លាំង​សម្រាប់​យើង​ទាំង​អស់​គ្នា យើង​បាន​បាត់បង់​ជំនឿ​។ នៅ​ក្នុង​ទីក្រុង​ទាំងមូល ប្រជាជន​បាន​រង​ចាំ​នៅ​ចំណត​រថយន្តក្រុងដើម្បី​ធ្វើដំណើរ​ទៅ​ធ្វើ​ការ នៅ​ពេលនោះ​មាន​សំឡេង​ផ្ទុះបាន​ប្រញាប់ប្រញាល់​ទៅកាន់​រថយន្ត​របស់​ពួកគេ​ ដើម្បី​ចាកចេញ​ពី​ទី​ក្រុង៕អត្ថបទ៖ ប៊ុនថន

ពិភពលោក​ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន

2022/02/25 11:32:35 am        715
អ៊ុយក្រែន៖ ​ប៉ុន្មាន​សប្ដាហ៍​នៃ​ការព្រមាន​ការសម្រេចចិត្ត​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ កុម្ភៈ​ ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ដោយសារតែ​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន ការឈ្លានពាន​នេះ​នាំ​ឲ្យ​មានការ​ថ្កោលទោស​ពី​ជុំវិញ​ពិភពលោក រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​។​ ស្ថានទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​ក្នុង​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​បាន​ហៅ​បញ្ជា​របស់​លោក Putin ថា ​ជា​សង្គ្រាម​គ្មាន​មូលហេតុ​ដោយ​បន្ថែម​ថា រុស្ស៊ី​កំពុង​បង្កើត​សង្គ្រាម​ប្រឆាំង​អឺរ៉ុប និង​ពិភពលោក​ទាំងមូល​។​​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​វាយបក​ទៅ​នឹង​ការឈ្លានពាន​ របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​ដោយ​ការប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ធ្ងន់ធ្ងរ ការ​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់​បន្ថែម​ទៀត​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​សម្ព័ន្ធ​យោធា​ណា​តូ និង​ប្រកាស​ថា ​អាមេរិក​នឹង​ក្រោកឈរ​ប្រឆាំង​នឹង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​។​ ​ប្រតិកម្ម​ពី​អង្គការ​ណា​តូវិញ អគ្គលេខាធិការ​អង្គការ​ណា​តូលោក Jens Stoltenberg បានហៅ​ការវាយប្រហារ​របស់​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន​ថា ​ជា​ទង្វើ​ដ៏​ឃោ​ឃៅ​នៃ​សង្គ្រាម និងការ​បង្ហូរឈាមត្រជាក់ និង​ការឈ្លានពាន​ដែលមាន​គម្រោង​ពី​យូរ​មកហើយ​។ ​ចំណែករដ្ឋមន្ត្រីការបរទេស​អូទ្រីសលោក Alexander Schallenberg បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វី​ធ័​រថា​ ប្រទេស​អ៊ុយ​ក្រែ​ន​ក្លាយជា​ជនរងគ្រោះ នៃ​ការឈ្លានពាន​មួយ​ផ្សេងទៀត​របស់​រុស្ស៊ី។ ​រុស្ស៊ី​បាន​ជ្រើស​យក​ផ្លូវ​នៃ​អំពើហិង្សា​។​​ប្រធានាធិបតី​បុល​ហ្គា​រីលោក Rumen Radev បាន​រិះគន់​រុស្ស៊ី​ចំពោះ​ការទទួលស្គាល់​តំបន់​ផ្ដាច់ខ្លួន Donetsk និង Luhask ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត ជាហេតុ​នាំ​ឲ្យ​ជម្លោះ​កើតឡើង។ ​ហើយ​វិបត្តិ​នេះ​មិន​អាច​ដោះស្រាយ​តាមរយៈ​ការ​បំពាន​ច្បាប់​អន្តរជាតិ និងមធ្យោបាយ​យោធា​។ ​រដ្ឋមន្ត្រីការបរទេស​សាធារណរដ្ឋ​ឆែកបាន​ចេញ​សេចក្ដីថ្លែងការណ៍​ ថ្កោលទោសការឈ្លានពាន​ខុសច្បាប់ និងគ្មានមូលដ្ឋានរបស់​រុស្ស៊ីលើអ៊ុយ​ក្រែ​ន​។ ​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​លោកស្រី Mette Frederiksen បាន​ថ្លែង​ថា ការ​លុកលុយ​របស់​រុស្ស៊ី​លើ​សេរីភាព និង​អធិបតេយ្យភាព​ជាតិ គ្មាន​កន្លែង​នៅក្នុង​អឺរ៉ុបក្នុងពេល​វេលា​របស់​យើង​ទេ​។ ​លោកស្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា រុស្ស៊ី​នឹង​ប្រឈម​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​សកម្មភាព​របស់​ខ្លួន​។ ប្រធាន​គណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាន​ចោទប្រកាន់​បទបញ្ជា​រប​ស់​លោក Putin ថា​ ជាទង្វើ​ឃោរឃៅនៃ​ការឈ្លានពាន​ប្រឆាំង​នឹងប្រទេស​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យ និង​មនុស្ស​ស្លូតត្រង់​។ មេដឹកនាំប្រទេស G7 បាន​ថ្កោលទោស​ការវាយប្រហារ​រុស្ស៊ីលើ​អ៊ុយ​ក្រែ​ន និង​បាន​ប្ដេជ្ញា​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរទាំង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដោយមាន​ការសម្របសម្រួល​៕អត្ថបទ៖ សុខមាន

អ៊ុយ​ក្រែ​ន​អះ​អាង​ថា រុស្ស៊ី​ព្យាយាម​ដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ Chernobyl

2022/02/25 10:48:39 am        3249
​អ៊ុយក្រែន៖ រុស្ស៊ី​បាន​ចាប់ផ្តើម​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​នដោយ​វាយលុក​ទៅលើ​ទីក្រុង និងមូលដ្ឋាន​នានាដោយ​ការវាយប្រហារ​តាម​អាកាស និង​ការ​បាញ់​ផ្លោង ខណៈ​ជន​ស៊ីវិល​រត់​ចូល​ទៅ​ក្នុង​រថភ្លើង​ និង​រថយន្ត​ដើម្បី​គេចខ្លួន​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ស្វែងរក​ជំនួយ ខណៈ​បាន​និយាយ​ថា ​រថក្រោះ និង​កងទ័ព​រុស្ស៊ី​បាន​ឆ្លងកាត់​ព្រំដែន​នៅ​ក្នុង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​។​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy និយាយ​ថា កងកម្លាំង​រុស្ស៊ី​កំពុង​ព្យាយាមដណ្ដើម​យក​រោងចក្រ​នុយក្លេអ៊ែរ ​Chernobyl ជាទី​តាំង​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​របស់​ពិភពលោក ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​ជាមួយ​កងទ័ព​ផ្សេងទៀត​នៅ​ខាងក្រៅ​ទី​ក្រុង​គី​វ ដើម្បី​គ្រប់គ្រង​ព្រលាន​យន្តហោះ​យុទ្ធសាស្ត្រ​។ សំឡេង​ផ្ទុះ​ខ្លាំង​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​រដ្ឋធានី និង​នៅ​ក្នុង​ទីក្រុង​ជាច្រើន ហើយ​ប្រជាជន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ស្ថានីយ​រថភ្លើង និង​ទីតាំង​ផ្សេងទៀត ខណៈ​ដែល​រដ្ឋាភិបាល​និយាយ​ថា ​អតីត​សាធារណរដ្ឋ​សូ​វៀតកំពុង​ឈ្លានពាន​ ដែល​ត្រូវ​បាន​គេ​រំពឹងទុក​មក​ជា​យូរពី​ភាគ​ខាងកើត ខាងជើង និង​ភាគ​ខាង​ត្បូង​។​​យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​បាន​បំផ្លាញ​រថក្រោះ​រុស្ស៊ី​ចំនួន ៤​គ្រឿង​នៅ​លើ​ផ្លូវ​មួយ​នៅ​ជិត​ទីក្រុង Kharkiv ភាគ​ខាងកើត និង​បាន​សម្លាប់​ទាហាន ៥០​នាក់​នៅ​ជិត​ទីក្រុង​មួយ​ក្នុង​តំបន់ Luhansk និង​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​ចំនួន ៦​គ្រឿង​នៅ​តំបន់​ផ្សេង​ទៀត​នៅ​ភាគ​ខាងកើត​ប្រទេស៕អត្ថបទ៖ ប៊ុនថន

បាតុករ​ទូទាំង​ពិភពលោក​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន

2022/02/25 10:22:06 am        724
ពិភព​លោក៖ ​ក្រោយ​ប្រទេស​រុស្ស៊ី​បើក​ការឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន បណ្ដា​ប្រទេស​ជាច្រើន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​នឹង​រុស្ស៊ី ឲ្យ​ពលរដ្ឋ​នាំគ្នា​ចេញ​តវ៉ា ជាក់ស្ដែង​នៅ​សហរដ្ឋអាមេរិក ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅស្ថានទូត​រុស្ស៊ី​ ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍។មនុស្ស​មួយ​ក្រុម​បាន​ប្រមូល​ផ្ដុំ​គ្នានៅ​ខាងក្រៅ​ស្ថានទូត​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Santiago របស់​ប្រទេស​ឈី​លី និង​ទីក្រុង Buenos Aires របស់​ប្រទេស​អា​ហ្ស​ង់​ទីនដើម្បី​បង្ហាញ​ពី​កំហឹង​ ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​កាន់​បដា និង​សញ្ញា​ផ្សេងៗនៃ​ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន និង​សញ្ញា​បាតដៃ​ប្រឡាក់​ឈាម​លើ​មុខ​លោក Vladimi Putin​។​ នៅ​ក្នុង​ប្រទេស​លី​ទុយ​អា​នី​វិញ ក្រុម​អ្នក​តវ៉ា​បាន​ប្រមូលផ្ដុំ​គ្នា​ដើរ​ក្បួន​ទៅកាន់​ស្ថានទូត​រុស្ស៊ីក្នុង​ទីក្រុង Vilnius កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​សិប​នាក់​ភាគច្រើន​មកពី​អ៊ុយ​ក្រែ​ន បាន​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង Mexico City កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ការឈ្លានពាន​ពី​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នៅ​ក្នុង​ប្រទេស​បារាំង​វិញ ក្រុម​អ្នក​តវ៉ា​ប្រហែល ១ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍នៅ​វិមាន Place de la Republique ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ីចូល​អ៊ុយ​ក្រែ​ន​។​នៅ​ក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​វិញ មនុស្ស​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ក្នុង​នានា​នៃ​រដ្ឋធានី Lisbon, Porto និង Faro កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​។​ មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង Tbilisi របស់​ហ្ស៊​ក​ហ្ស៊ី ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ក្បួន​ពេញទី​ក្រុងដោយ​កាន់​បដាបង្ហាញ​ការ​ខឹង​សម្បារ​ចំពោះ​លោក Putin​។ ចំណែក​នៅ​ប្រទេស​ប៊ុលហ្គារីវិញ​ មនុស្ស​រាប់​រយ​នាក់​បាន​ចេញ​តវ៉ា​នៅតាម​ដងផ្លូវ​នៃ​រដ្ឋធានី Sofia កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​តវ៉ា​ទៅនឹង​សកម្មភាព​យោធារបស់​រុស្ស៊ីទល់នឹង​អ៊ុយ​ក្រែ​នដែរ ក្រៅពី​ប្រទេស​ទាំងនោះក៏​មាន​មាន​ប្រទេស​រាប់​សិប​ទៀត​ដែរ​ ដែល​បាន​ចេញ​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​របស់​រុស្ស៊ី៕អត្ថបទ៖ សុខមាន

ការវាយប្រហារ​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​សម្លាប់​មនុស្ស​ ១៣៧​នាក់​ក្រោយ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ថ្ងៃ​ដំបូង​

2022/02/25 09:39:23 am        1294
​អ៊ុយក្រែន៖ កងកម្លាំង​រុស្ស៊ី​ដែល​កំពុង​ចូល​ឈ្លានពានបាន​លូក​ចូល​កាន់តែ​ជ្រៅ ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​នកាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បាន​រាលដាល​ចូលដល់​តំបន់​ដាច់ស្រយាល​នៃរដ្ឋធានី​គី​វ (Kyiv) ហើយលោកខាងលិច​បាន​ត្រឹម​ឆ្លើ​យ​តប​ដោយ​ការដាក់ទណ្ឌកម្ម​។​ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​គ្រាប់កាំភ្លើង​ធំ​របស់​រុស្ស៊ីបាន​ស្រោច​លើ​ទីក្រុង​ជាច្រើន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បើក​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទាំង​នៅលើដី និង​អាកាស ដែល​បង្ខំ​ឲ្យ​ជន​ស៊ីវិលរត់​ទៅ​ស្នាក់​នៅលើ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្រោម​ដី ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ប្រមាណ​ ១០០,០០០នាក់បាន​ភៀសខ្លួន​។ ​លោក​ប្រធានាធិបតីអ៊ុយ​ក្រែ​ន​វិញបាន​និយាយ​ថា​ នៅ​ទូទាំង​អ៊ុយ​ក្រែ​នវីរៈបុរស​របស់​យើង​យ៉ាងតិច ១៣៧នាក់បាន​ស្លាប់់ និង ៣១៦​​នាក់បាន​រងរបួសបន្ទាប់​ពីថ្ងៃ​ដំបូង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នាដោយ​អំពាវនាវ​ឲ្យ​ទាហាន និង​អ្នក​បម្រុង​ទូទាំងប្រទេស​ដើម្បី​ប្រយុទ្ធ​ក្នុងការ​ចល័ត​ទ័ព​ទូទៅ​។​​យោធា​អ៊ុយ​ក្រែ​ន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ខ្លួន​បាន​កម្ទេច​រថក្រោះ​រុស្ស៊ី​ ៤​គ្រឿងនៅលើ​ផ្លូវ​ជិតភាគ​ខាងកើត​ទីក្រុង​ខា​គី​វ (Kharkiv) ដោយបាន​សម្លាប់​កងទ័ព​ជិត ៥០​នាក់ជិត​ទីប្រជុំជន​មួយ​ក្នុង​តំបន់ Luhansk និង​បាន​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ីចំនួន ៦​គ្រឿងនៅក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​ផងដែរ​។​ ​ក្រសួងការពារជាតិរបស់​រុស្ស៊ី​វិញ​និយាយថា កងកម្លាំង​របស់ខ្លួន​បានបញ្ចប់​គោលដៅ​របស់ខ្លួនដោយ​ជោគជ័យសម្រាប់​ថ្ងៃនេះ ហើយ​កាលពី​មុននេះក្រសួង​នេះ​បាន​អះអាងថា​ ខ្លួន​បាន​កម្ទេច​គោលដៅ​យោធា​អ៊ុយ​ក្រែ​ន​ជាង ៧០​កន្លែងរួមទាំង​អា​កាស​យានដ្ឋាន ១១​​កន្លែង​ដែរ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថា អាមេរិកនិងអ៊ីរ៉ង់ចុះសម្រុងគ្នាខ្លាំងណាស់
07/01/2026 09:07 PM
ភ្លៀងធ្លាក់ខ្លាំងបង្កការជន់លិចនៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃប្រទេសឥណ្ឌា
07/01/2026 08:07 PM
អាហ្វ្រិកខាងត្បូងអះអាងថា មនុស្សជាង ៩០០នាក់ ត្រូវបានចាប់ខ្លួន អំឡុងបាតុកម្មប្រឆាំងអន្តោប្រវេសន៍
07/01/2026 08:07 PM
UN ៖ ការរីករាលដាលឆ្លងជំងឺអេបូឡា អាចនឹងធ្វើឲ្យអាហ្វ្រិកខាតបង់ប្រាក់ ៣,៦ ពាន់លានដុល្លារ
07/01/2026 08:07 PM
ក្រុមជួយសង្រ្គោះស្វែងរកអ្នកជាប់ខ្លួនក្រោយប្លុកអគារផ្ទះល្វែងបាក់នៅទីក្រុងអាតែន ប្រទេសក្រិក
07/01/2026 08:07 PM
ទិន្នន័យអង្គការណាសាបង្ហាញថា អគារប្រហែល ៥៨.៨៧០ខ្នង រងការខូចខាតក្នុងការរញ្ជួយដីនៅវេណេស៊ុយអេឡា
07/01/2026 08:07 PM
មនុស្ស ១២នាក់ស្លាប់ ក្រោយទឹកជំនន់វាយប្រហារតំបន់ជាច្រើនរបស់ហ្គាណា
07/01/2026 08:07 PM
ក្មេងៗ ១៤នាក់ស្លាប់ ក្នុងហេតុកាណ៍បាក់ដំបូលមជ្ឈមណ្ឌលសិក្សានៅប៉ាគីស្ថាន
07/01/2026 08:07 PM
លោក Trumpរាយការណ៍ប្រាក់ចំណូលជាង១,៤ពាន់លានដុល្លារពីការបណ្តាក់ទុនគ្រីបតូ
07/01/2026 08:07 PM
មេដឹកនាំបេឡារុសបំពេញទស្សនកិច្ចទៅកាន់ឥណ្ឌូនេស៊ី ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ី
07/01/2026 08:07 PM