ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

អឺរ៉ុប​មាន​ករណី​ឆ្លង​វីរុស ​Covid-19 ​ជាង ​១០០​លាន​នាក់​ចាប់​តាំងពី​ជំងឺ​រាតត្បាត​សកល​ផ្ទុះឡើង​

2022/01/03 11:02:25 am        483
​អឺរ៉ុប៖ តួលេខ​សរុប​របស់​សារព័ត៌មាន AFP កាលពី​ចុង​សប្ដាហ៍​នេះ​បាន​បង្ហាញថា ទ្វីបអឺរ៉ុប​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជាង ១០០​លាន​​នាក់ ច្រើនជាង​មួយ​ភាគបី​នៃ​ការឆ្លង​វីរុសសរុប​នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ ​ទ្វីប​នេះ​បាន​ក្លាយជា​ចំណុចកណ្តាល​ នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​សកល​ជាថ្មីទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​បាន​ឆាប់រហ័ស​។​​ករណី​ឆ្លង​ជិត ៥លាន​នាក់​នៅ​អឺរ៉ុប​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល ៧ថ្ងៃ​ចុងក្រោយ​ដោយមាន ១៧ប្រទេស​ ឬ​ដែនដី​ចំនួន​ក្នុងចំណោម ៥២ប្រទេស​ ឬ​ដែនដីដែល​ធ្វើ​ឲ្យ​ទ្វីបអឺរ៉ុប​បំបែក​កំណត់ត្រា​ ជា​ទ្វីប​ដែលមាន​ករណី​ឆ្លង​ថ្មី​ខ្ពស់បំផុត​ក្នុងពេល ​១​ថ្ងៃដោយសារ​ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​។​ ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ករណី​ឆ្លង​ជាង ១​លាន​នាក់ត្រូវបាន​រាយការណ៍នៅក្នុងប្រទេស​បារាំង​ ដែល​បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​ខ្ពស់បំផុត​មួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដូច​សហរដ្ឋអាមេរិក ឥណ្ឌា ប្រេ​ស៊ី​ល អង់គ្លេស និង​រុស្ស៊ី និង​បានធ្វើ​ឲ្យ​បារាំង​ក្លាយជាប្រទេស​ទី​៦ ដែលមាន​ករណី​ជាង ១០លាន​នាក់ចាប់តាំងពី​ជំងឺ​រាតត្បាត​សកល​បានចាប់ផ្តើម​។​ ​តំបន់​អឺរ៉ុបរួមទាំង​ប្រទេស និង​ដែនដី​ចំនួន ៥២ ចាប់ពី​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ករហូតដល់ប្រទេសអា​ហ្ស៊ែ​បៃ​ហ្ស​ង់ និង​រុស្ស៊ីបាន​កត់ត្រា​ការឆ្លង​វីរុស Covid-19 ចំនួន ១០០,០៧៤,៧៥៣នាក់ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ៕អត្ថបទ៖ សុខមាន

លោក​ Biden ​ប្រាប់​អ៊ុយ​ក្រែ​ន​ថា ​សហរដ្ឋអាមេរិក​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​បន្ថែម​ទៀត

2022/01/03 10:32:59 am        419
​អាមេរិក៖ សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃអាទិត្យ​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ​Volodymyr Zelenskiy ​ថា សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ​ប្រសិនបើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែ​ន​បន្ថែម​ទៀត​។​​ការសន្យា​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក Biden បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​២ ក្នុង​រយៈពេល​មួយ​ខែ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្រប​ពេល​មាន​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន ជាទី​ដែល​រុស្ស៊ី​បាន​ប្រមូលផ្តុំ​កងទ័ព​ប្រហែល ១០០,០០០​នាក់​។​ ​អ្នកនាំពាក្យ​សេត​វិមានលោកស្រី Jen Psaki បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ បន្ទាប់ពី​មានការ​ហៅ​ទូរស័ព្ទ​រវាង​លោក Biden និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ថា ប្រធានាធិបតី Biden បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់ខ្លួននឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​ប្រទេស​រុស្ស៊ីបន្ត​ឈ្លានពាន​អ៊ុយ​ក្រែ​ន​ទៀត។​ យោងតាម​សេត​វិមាន លោក Biden និង​លោក Zelenskiy បាន​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​សម្រាប់កិច្ចប្រជុំ​ការទូត​ជា​បន្តបន្ទាប់ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​លោក Zelenskiy បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Twitter ថា​ ពួកលោក​បាន​ពិភាក្សាអំពីសកម្មភាព​រួមគ្នា​លើ​ការរក្សា​សន្តិភាព​នៅ​អឺរ៉ុប និង​ការទប់ស្កាត់​កុំ​ឲ្យ​ការគំរាមកំហែង​កើនឡើង​បន្ថែមទៀត​។​ ​ក្រុមមន្ត្រី​អ្នកតំណាង​មកពី​សហរដ្ឋអាមេរិក និង​រុស្ស៊ី​គ្រោង​នឹង​ជួបពិភាក្សា​គ្នា​នៅ​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ ខែមករា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បន្ទាប់ពី​ការពិភាក្សា​ក្រុមប្រឹក្សា​រុស្ស៊ី​-​ណា​តូ និង​កិច្ចប្រជុំ​នៃ​អង្គការ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​នៅ​អឺរ៉ុប​៕អត្ថបទ៖ សុខមាន

ករណីផ្ទុះគ្រាប់បែកកែច្នៃចំនួន ០២កន្លែង ក្បែរស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា

2021/12/31 10:40:43 am        395
ភ្នំពេញ​៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង ថ្លែងប្រាប់អ្នកសារព័ត៌មានBTVថា ពិតជាមានការផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ ចន្លោះពីម៉ោង ១០ ទៅម៉ោង ១០:៣០នាទី ប៉ុន្តែមិនមានប៉ះពាល់ដល់មន្ត្រីទូតដែលបម្រើការនៅក្នុងស្ថានទូតនោះទេ។ ឯកឧត្តម កុយ គួង បានបន្តថា មន្ត្រីទូតបានឮសម្លេងផ្ទុះទី១ ដោយពិនិត្យមើលទៅចម្ងាយពីរបងស្ថានទូតប្រហែលជា ១០០ម៉ែត្រ និងសម្លេងផ្ទុះទី២ មានចម្ងាយពីរបងស្ថានទូតប្រហែល ១៥០ម៉ែត្រ។ ហើយតាមការបញ្ជាក់របស់អាជ្ញាធរមីយ៉ាន់ម៉ាគេពិនិត្យមើលទៅ គឺជាគ្រាប់បែកកែច្នៃ គ្រាន់តែវាធ្វើឲ្យឮសម្លេងខ្លាំងៗ និងមិនមានផលប៉ះពាល់ដល់អ្នកណាទាំងអស់ ពោលគឺមិនមានអ្នករងរបួសគ្រោះថ្នាក់អ្វីទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថា បន្ទាប់ពីមានការផ្ទុះ គឺមន្ត្រីទូតកម្ពុជានៅតែបំពេញការងារជាប្រក្រតី ហើយអាជ្ញាធរមីយ៉ាន់ម៉ាគេពង្រឹងសន្តិសុខកាន់តែខ្លាំងឡើង គឺទាំងស្ថានទូត និងផ្ទះមន្ត្រីទូតកម្ពុជាស្នាក់នៅទាំងអស់ គឺអាជ្ញាធរមីយ៉ាន់ម៉ា គេយកចិត្តទុកដាក់ខ្ពស់៕ អត្ថបទ​៖ រក្សា

ចំនួន​អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​រុស្សី​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ទី​២ ​របស់​ពិភពលោក

2021/12/31 10:49:58 am        460
​រុស្ស៊ី៖ ទិន្នន័យ​ពី​សេវា​ស្ថិតិ​រដ្ឋ​របស់​រុស្ស៊ី និង​ការ​គណនា​របស់​សារព័ត៌មាន Reuters បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រុស្ស៊ី​បាន​វ៉ា​ដាច់​ប្រេ​ស៊ី​ល​ដែលមាន​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​ទី​២ ​របស់​ពិភពលោក​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បន្ទាប់​ពីក្រោយ​សហរដ្ឋ​អាមេរិក។​សេវា​ស្ថិតិ Rosstat បាន​និយាយថា ​មនុស្ស ៨៧,៥២៧នាក់​បាន​ស្លាប់​ដោយសារ​មូលហេតុ​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ខែវិច្ឆិកា ដែល​បាន​ក្លាយជា​ខែ​ដែលមាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី​ ចាប់តាំងពី​ការចាប់ផ្តើម​ផ្ទុះ​ជំងឺ​រាតត្បាត​សកល​នេះ​។​ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល​សរុប​របស់​ប្រទេស​រុស្ស៊ី​បាន​ឈានដល់ ៦៥៨,៦៣៤នាក់ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​សារព័ត៌មាន Reuters ដោយ​ផ្អែកលើ​តួលេខ​ពី​សេវា​ស្ថិតិ Rosstat រហូតដល់​ចុងខែ​វិច្ឆិកា និង​ទិន្នន័យ​ពី​ក្រុមការងារ​នៃ​គ្រប់គ្រង​ជំងឺឆ្លង​សម្រាប់​ខែធ្នូ ដោយ​វ៉ា​ដាច់​ប្រទេស​ប្រេ​ស៊ី​លដែល​បាន​កត់ត្រា​ការស្លាប់​ចំនួន ៦១៨,៨០០នាក់។​​ចំនួន​អ្នកស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​មាន​ខ្ពស់ជាង​នេះគឺ​នៅ ៨២៥,៦៦៣នាក់ នេះ​បើ​យោងតាម​តួលេខ​របស់​សារព័ត៌មាន Reuters ដដែល ប៉ុន្តែ​ចំនួន​ប្រជាជន​របស់​សហរដ្ឋអាមេរិក​មាន​ច្រើនជាង​ ២ដង​នៃ​ចំនួន​ប្រជាជន​រុស្ស៊ី​។​ ការ​គណនា​របស់​សារព័ត៌មាន Reuters ក៏បាន​បង្ហាញ​ផងដែរ​ថា​ ប្រទេស​រុស្ស៊ី​បាន​កត់ត្រា​ចំនួន​មនុស្ស​ស្លាប់​លើស ៨៣៥,០០០នាក់ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការ​ផ្ទុះឡើង​នៅក្នុង​ខែមេសា​ឆ្នាំ២០២០ ដល់​ដំណាច់ខែ​វិច្ឆិកា បើ​ប្រៀបធៀប​ទៅនឹង​អត្រា​មរណៈ​ជា​មធ្យម​នៅក្នុងឆ្នាំ២០១៥-២០១៩៕ អត្ថបទ៖ សុខមាន

ថៃ​ព្រមាន​ពី​ការ​ហក់​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស COVID-19 បន្ទាប់ពី​ព្រឹត្តិការណ៍​ឆ្លង​ដែល​មាន​មនុស្ស​ច្រើន​

2021/12/30 10:54:45 am        630
​ថៃ៖ ក្រុម​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ (២៩ ធ្នូ​) ថា​ ប្រជាពលរដ្ឋ​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​កើន​ឡើង​ខ្ពស់​នៃ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​បាន​ចាត់​ថ្នាក់​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Omicron ជា​លើកដំបូង​របស់​ប្រទេស​ជា​ព្រឹត្តិការណ៍​ឆ្លង​ដែល​មាន​មនុស្ស​ច្រើន​។ ​ការ​ឆ្លង​ជា​ក្រុម​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត Kalasin ភាគ​ឦសាន​នៅ​ថ្ងៃបុណ្យ​ណូអែល ជាប់​ពាក់ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ ​២​នាក់​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​បែ​ល​ហ្សិ​ក ហើយ​បាន​ទៅលេង​បារ ការ​ប្រគំ​តន្ត្រី និង​ទីផ្សារ​នានា​។​ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​លោក Opas Karnkawinpong បាន​និយាយ​ថា ការ​ចម្លង​ជា​ក្រុម​បាន​បន្ត​ឆ្លង​ដល់​មនុស្ស​រាប់​រយ​នាក់ ដោយ​ករណី​ទាំង​នោះ​បាន​រីក​រាលដាល​ដល់​ខេត្ត​ចំនួន ១១​ផ្សេងទៀត ដោយ​លើកឡើង​ពី​វិធី​ដែល​បារ​មួយ​ក្នុងចំណោម​បារ​ជាច្រើន បាន​ពាក់ព័ន្ធ​នឹង​ការ​ចម្លង​គ្នា​ជា​ក្រុម និង​មិន​មាន​ខ្យល់​ចេញចូល​បាន​ល្អ​គ្រប់គ្រាន់​។​ លោក Opas បាន​ប្រាប់​សារព័ត៌មាន​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ប្រសិនបើ​អ្នកទៅ​លេង​កន្លែង​ណា​ហើយ​មើល​ទៅ​មិន​មាន​សុវត្ថិភាព​ទេ​សូម​កុំ​ទៅ​។​​​ក្រសួងសុខាភិបាល​សាធារណៈ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​កើន​ឡើង​ដល់ ​៧៤០នាក់​ក្នុង​ខេត្ត​ចំនួន​ ៣៣ ក្នុង​នោះ​មាន​ករណី​ឆ្លង​នាំចូលចំនួន ៤៨៩​នាក់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ២,២១៧,២៨៧​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ២,៥៧៥​នាក់​បន្ថែម​ទៀត និង​មនុស្ស​ស្លាប់​សរុប​ចំនួន ២១,៦៤៧​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ១៧​នាក់៕អត្ថបទ៖ សុខមាន

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិថ្កោលទោស​ការ​សម្លាប់​រង្គាល​នៅ​មី​យ៉ាន់​ម៉ា​

2021/12/30 10:13:59 am        665
​UN៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែ​ធ្នូ​បាន​ថ្កោល​ទោស​ការ​សម្លាប់​រង្គាល​កាលពី​សប្តាហ៍​មុន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ដែល​មាន​មនុស្ស​ជាង ៣០​នាក់​រួម​ទាំង​បុគ្គលិក​អង្គការ Save the Children ពីរ​នាក់​ដែល​ត្រូវ​បាន​ដាក់​ការ​ស្តីបន្ទោស​លើ​កងទ័ព​របប​យោធា​។​​ការ​សម្លាប់​នេះ​បាន​កើត​ឡើង​ចំ​ថ្ងៃ​ណូអែល​ក្នុង​រដ្ឋ Kayah ភាគ​ខាងកើត ជា​កន្លែង​ដែល​ពួក​ឧទ្ទាម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​នឹង​កំពុង​ប្រយុទ្ធ​ជាមួយ​យោធា ដែល​បាន​កាន់កាប់​រដ្ឋាភិបាល​ពី​រដ្ឋបាលជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ កាលពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២១ នេះ​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​បាន​សង្កត់​ធ្ងន់​ទៅលើ​ភាព​ចាំ​បាច់ ​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​នេះ​។​ ​ពួកគេ​ក៏បាន​អំពាវនាវ​ផងដែរឲ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​អំពើហិង្សា​ទាំងឡាយ និងបាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ការធានា​សុវត្ថិភាព​របស់​ជន​ស៊ីវិល​។​​សេចក្តីថ្លែងការណ៍​បាន​និយាយថា មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់រួមទាំង​កុមារ ៤នាក់ និង​បុគ្គលិក ២​នាក់​នៃ​អង្គការ​សប្បុរសធម៌ Save the Children ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​ក៏បាន​សង្កត់ធ្ងន់​លើ​ត​ភាពចាំបាច់ ​សម្រាប់​ការបើក​ច្រក​ដឹកជញ្ជូន​មនុស្សធម៌​ចូល​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរារាំង​ដល់​មនុស្ស​ទាំងអស់​ដែល​ត្រូវការ​ជំនួយ និង​សម្រាប់​ការការពារពេញលេញលើ​សុវត្ថិភាព និង​សន្តិសុខ​របស់​បុគ្គលិក​មនុស្សធម៌ និង​ក្រុមគ្រូពេទ្យ​។​ ​ក្រុម​អ្នក​ប្រយុទ្ធប្រឆាំង​របប​សឹក​បាន​និយាយថា ពួក​គេ​បាន​រកឃើញ​សាកសព​ជាង ៣០នាក់​ដែល​ត្រូវបាន​ដុតរួមទាំង​ស្ត្រី និង​កុមារ​នៅលើ​ផ្លូវ​ហាយវ៉េ​ក្នុង​រដ្ឋ Kayah បន្ទាប់ពី​ការវាយប្រហារ​៕អត្ថបទ៖ សុខមាន

មនុស្ស ២១​នាក់​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រេស៊ីល

2021/12/29 02:31:46 pm        782
​ប្រេស៊ីល៖ ទីក្រុង​សរុប​ចំនួន ១១៦ នៅ​ក្នុង​រដ្ឋ Bahia ភាគ​ឦសាន​ប្រទេស​ប្រេ​ស៊ី​ល​បាន​ស្ថិត​ក្នុង​រដ្ឋ​ក្នុង​ភាព​អាសន្ន ដោយសារតែ​ទឹកជំនន់​កាលពី​ថ្ងៃ​អង្គារ​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ ទីក្រុង​នៅ​ក្នុង​រដ្ឋ​យ៉ាងហោចណាស់ ៥​ផ្សេងទៀត​នៅ​ភាគ​ខាងជើង និង​ភាគ​អាគ្នេយ៍​របស់​ប្រទេស​ប្រេ​ស៊ី​លត្រូវ​បាន​ជន់​លិច​ផង​ដែរ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។នៅ​រដ្ឋ Bahia ទឹកជំនន់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ជាង ៤៧០.០០០​នាក់​។ យ៉ាងហោចណាស់​នៅ​ក្នុង​ទីក្រុង​ចំនួន ៥០ ទឹកបាន​ហូរ​ចូល​ទៅ​ក្នុង​លំនៅឋាន និង​អាជីវកម្ម ហើយ​ប្រជាជន​ត្រូវ​បាន​បង្ខំ​ឱ្យ​បោះបង់ចោល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ ទិន្នន័យ​ផ្លូវការ​ពី​រដ្ឋាភិបាល​រដ្ឋ​បាន​និយាយ​ថា ប្រជាជន ៣៤,១៦៣​នាក់​គ្មាន​ផ្ទះសម្បែង និង​ជិត ៤៣,០០០​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​។ មនុស្ស​សរុប ​២១​នាក់​បាន​ស្លាប់ និង​របួស ​៣៥៨​នាក់​ដោយសារ​គ្រោះធម្មជាតិ​នេះ​ចាប់​តាំងពី​ដើមខែ​មក​។ យោង​តាម​គេហទំព័រ​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការ​តាម​ដាន និង​ការ​ជូន​ដំណឹង​អំពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ជា​ទីភ្នាក់ងារ​រដ្ឋាភិបាល​បាន​និយាយ​ថា នេះ​ជា​អំឡុង​ពេល​ធ្លាក់​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​សម្រាប់​រដ្ឋ Bahia ក្នុង​រយៈពេល ៣២ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ភាគ​ខាង​ត្បូង​រដ្ឋ Bahia ប្រទេស​ប្រ​ស៊ី​ល​មាន​ភ្លៀង​ធ្លាក់​ច្រើនជាង ៥ដង​នៃ​បរិមាណ​ទឹក​ភ្លៀង​ធម្មតា​សម្រាប់​ពេលនេះ​នៃ​ឆ្នាំនេះ​។ កាលពី​ថ្ងៃ​អង្គារ ប្រជាជន​យ៉ាងហោចណាស់​នៅ​ក្នុង​ក្រុង​ចំនួន ៤ នៃ​រដ្ឋ Bahia បាន​ទទួល​ការព្រមាន​ឱ្យ​ចាក​ចេញពីលំនៅឋាន​របស់​ពួកគេ ​ដោយសារតែការ​កើន​ឡើង​នៃ​លំហូរ​នៃ​ទន្លេ Pardo ដោយ​សារ​តែ​ការ​បើកទ្វារ​ទំនប់ទឹក​៕អត្ថបទ៖ ប៊ុនថន

មនុស្ស​ ៥​នាក់​ស្លាប់​រួម​ទាំង​ខ្មាន់កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​តំបន់ Denver រដ្ឋ​ Colorado

2021/12/29 11:45:42 am        550
​អាមេរិក៖ នគរបាល​កំពុង​ស៊ើបអង្កេត​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បើក​ការ​បាញ់​ប្រហារ​យ៉ាង​សេរី​ នៅ​ទូទាំង​សង្កាត់ពាណិជ្ជកម្ម​មួយ​ចំនួន​ក្នុង និង​ជុំវិញ​ទីក្រុង Denver ​រដ្ឋ Colorado សហរដ្ឋ​អាមេរិក ដោយ​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៣នាក់​ផ្សេងទៀត​រួម​ទាំង​មន្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ដែល​នគរបាល​បាន​តាម​ចាប់ខ្លួន​ជន​ដៃ​ដល់​។​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ក៏បាន​ស្លាប់​ផង​ដែរ​កាលពី​យប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​មានការ​បាញ់​តដៃ​ជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ជាយក្រុង Denver នៃ​ទីក្រុង Lakewood។​ ​នគរបាល​បាន​និយាយ​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​កត្តា​ដែល​នាំ​ឱ្យ​មានការ​បាញ់​ប្រហា​រ​នេះ​។ ​លោក Paul Pazen ស្នងការ​នគរបាល​ក្រុង Denver បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​ត្រូវតែស្វែងរក​ឱ្យ​ឃើញ​ថា​ អ្វី​ជាហេតុ​ផល​នៅ​ពីក្រោយ​ការ​បាញ់​រះ​នេះ។​ ​លោក Pazen បាន​និយាយ​ថា ការ​បាញ់​ប្រហារ​បាន​ចាប់ផ្ដើម​ភ្លាមៗ ​បន្ទាប់ពី​ម៉ោង ៥​ល្ងាច​នៅ​កណ្ដាល​ក្រុង Denver តាម​បណ្ដោយ​ផ្លូវ Broadway ដែល​ជា​ផ្លូវ​ដ៏​មមាញឹក​មួយ​សំបូរ​ដោយ​ហាង​ បារ និង​ភោជនីយដ្ឋាន ជាទី​ដែល​ស្ត្រី​ពីរ​នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​បាន​រង​របួស​។ កាលពី​ថ្ងៃ​អង្គារ ការ​អុជ​ទៀន និង​ការ​ដាក់​ផ្កា​ត្រូវ​បាន​ដាក់​នៅ​មាត់ទ្វារ​ហាង​សាក់​ក្បែរ​នោះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក៏​មាន​ហេតុ​ការ​បាញ់​ប្រហារ​មួយ​កើតឡើង​ផង​ដែរនៅ​ជាយក្រុង Chicago នៅ​ឯ​ផ្សារ​ទំនើប​មួយ​ពេញ​ដោយ​មនុស្ស​ជា​អ្នកទិញ​ទំនិញ​ក្នុង​ឱកាស​បុណ្យ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៤​នាក់​រង​របួស ប៉ុន្តែ​ពុំបាន​បង្ក​គ្រោះ​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​៕អត្ថបទ៖ សុខមាន

វីរុស COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ជំរុញ​កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅ​ទូទាំង​តំបន់​អឺរ៉ុប

2021/12/29 09:49:18 am        501
​អឺរ៉ុប៖ ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​រាយការណ៍​ថា​ កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​នៃ​វីរុស COVID-19 ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បន្ត​កើន​ឡើង​ពាសពេញ​ទ្វីប​។​ ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ចំនួន ១៧៩,៨០៧​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​ចំនួន​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ផ្ទុះឡើង ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ កំណត់ត្រា​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សៅរ៍​មាន​ចំនួន ១០៤,៦១១​នាក់​។​ចំណែក​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ចំនួន ១២៩,៤៧១​នាក់ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មិន​រាប់បញ្ចូល​ដែនដី​អៀរ​ឡង់​ខាងជើង និង​ស្កុ​ត​ឡិន​។ កំណត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​គឺ ១២២,១៨៦​នាក់​កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ។ ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ បើ​ទោះ​បី​ជា​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត​មួយ​របស់​ពិភពលោក ដូច​ប្រទេស​ស៊ី​ប អ៊ីតាលី និង​ក្រិ​ក​ក៏ដោយ​។​ទន្ទឹម​នឹង​នេះ រោង​មហោស្រព​នានា និង​កន្លែង​វប្បធម៌​ផ្សេងទៀត​របស់​ប្រទេស​បែលហ្ស៊ិក បាន​ទទួល​ជ័យជម្នះ​ផ្នែក​ច្បាប់​លើកដំបូង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ ជា​ផ្នែក​នៃ​ការ​រឹត​បន្តឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។​ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​គ្របដណ្ដប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព បើ​ទោះ​បី​ជា​ការសិក្សា​ដំបូង​បង្ហាញ​ថា វីរុស​ប្រភេទ​នេះ​បណ្ដាល​ឱ្យ​មាន​ជំងឺ​ស្រាល​ជាង​​ប្រភេទ​វីរុស​មុន​ៗ​ក៏​ដោយ ខណៈ​ប្រទេស​ចិន និង​អាល្លឺម៉ង់បាន​ណែនាំ​ឡើងវិញ​នូវ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​៕អត្ថបទ៖ សុខមាន

អាមេរិក​មាន​ករណី​ឆ្លង​ COVID-19 ថ្មី​ជិត ​២០​ម៉ឺន​នាក់ ខណៈ​អ្នក​ជំនាញ​ថា​អាច​មាន ៥០​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ឆាប់ៗ​នេះ

2021/12/28 11:51:49 am        577
​អាមេរិក៖ ចំនួន​ករណី​ឆ្លង​វីរុស Covid-19 បន្ត​កើនឡើង​ខ្ពស់ ខណៈ​អ្នកធ្វើដំណើរ​ត្រឡប់មក​ប្រទេស​វិញ​បន្ទាប់ពី​បុណ្យ​ណូអែល ហើយ​ប្រជាជន​អាមេរិក​ត្រៀម​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​ផ្សេងទៀតនៅ​សប្ដាហ៍​នេះ​។ ​យោងតាម​ទិន្នន័យ​កាលពី​ថ្ងៃអាទិត្យ​ពី​សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក​ឥឡូវនេះ​មាន​ករណី​ឆ្លង​វីរុស Covid-19 ប្រចាំ​ថ្ងៃជា​មធ្យម ១៩៨,៤០៤នាក់។ នោះ​គឺ​ស្មើនឹង ៤៧% ខ្ពស់ជាង​មួយ​សប្តាហ៍​មុន និង​ជា​ចំនួន​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី១៩ ខែមករាមក​។​​វីរុស​បម្លែ​ង​ខ្លួន​ថ្មី Omicron ថ្មី​បាន​ជំរុញឱ្យមាន​ករណី​ឆ្លង​វីរុស ​COVID-19 កើនឡើង​ក្នុង​រដូវរងា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក និង​ការឆ្លង​ប្រចាំថ្ងៃ​បាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​ខែមករា​។​ ​លោក​វេជ្ជបណ្ឌិត Jonathan Reiner អ្នកវិភាគ​ផ្នែក​វេជ្ជសាស្ត្រ​របស់​ទូរទស្សន៍ CNN បាន​ប្រាប់ CNN កាលពី​ថ្ងៃអាទិត្យ​ថា ខ្ញុំ​គិតថា ​យើង​នឹង​ឃើញ​ករណី​ឆ្លង​ពាក់កណ្តាល​លាន​ក្នុង​មួយថ្ងៃ វា​អាច​កើត​មាននៅ​សប្តាហ៍​ក្រោយ​រហូតដល់ ១០ថ្ងៃខាងមុខ។ ប្រជាជន​អាមេរិក​ប្រមាណ ​៧១,០០​០នាក់ត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យដោយសារ​ជំងឺ Covid-19 កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក​។ ​យោងតាម​សាកលវិទ្យាល័យ Johns Hopkins ជា​មធ្យម​ជនជាតិ​អាមេរិក​ចំនួន ១,៤០៨នាក់​បាន​ស្លាប់ដោយសារ​វីរុស Covid-19 ជា​រៀងរាល់ថ្ងៃ​ក្នុងអំឡុង​សប្តាហ៍​ដែល​បញ្ចប់​ថ្ងៃអាទិត្យ​មុន។ នោះ​គឺជា​ការកើនឡើង ១៧% ធៀប​នឹង​មួយ​សប្តាហ៍​មុន​។​​ចំណែក​លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​ប្រាប់ CNN កាលពី​ថ្ងៃ​ចន្ទ​ថា ​ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​ឆ្លង​ខ្លាំង "​យើង​ប្រាកដជា​នៅតែ​មើលឃើញ​ការកើនឡើង​ករណី​ឆ្លង​មួយរយៈ​ទៀត​។​ ​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺឆ្លង​អាមេរិក ឬ CDC បានឱ្យដឹងថា កុមារ​ប្រហែល ៧៥,០០០នាក់ចាប់ពី​ទារក​រហូតដល់​មនុស្ស​វ័យ ១៧ឆ្នាំត្រូវបាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ Covid-19 ចាប់តាំងពី​ខែសីហា ឆ្នាំ២០២០ មក​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​វីរុស COVID-19 សរុប​ចំនួន ៥៣,៦៥៥,១៧១នាក់, ឆ្លង​ថ្មី​ចំនួន ១៨៤​,៩៦៩​នាក់, ស្លាប់​សរុប​ចំនួន ៨៣៩,១៩៧នាក់ និង​ស្លាប់​ថ្មី​ចំនួន ៥៤១​នាក់៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM
នាយករដ្ឋមន្រ្តីប៉ូឡូញនិយាយថា អ៊ុយក្រែនចង់បន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងវ៉ាសូវី
07/03/2026 07:07 PM
USGS៖ រញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ កើតមាន​នៅម្ដុំ​ភាគខាងកើតឥណ្ឌូនេស៊ី
07/03/2026 07:07 PM
ចិនអះអាងថា កិច្ចប្រតិបត្តិការជប៉ុន-ឥណ្ឌា មិនគួរមានគោលដៅលើទីក្រុងប៉េកាំងនោះទេ
07/03/2026 07:07 PM
ប្រធានសិទ្ធិមនុស្ស UN ៖ គ្រោះមហន្តរាយកំពុងកើតឡើងនៅទីក្រុង Al-Obeid ប្រទេសស៊ូដង់
07/03/2026 07:07 PM
មនុស្សយ៉ាង​ហោច​ណាស់​ ៤០នាក់ស្លាប់ ក្រោយរថយន្ត​ក្រុងធ្លាក់ចូលទៅជ្រោះ នៅប៉ាគីស្ថាន
07/03/2026 07:07 PM
ការស្លាប់ជិត ៩.០០០នាក់ ត្រូវបានកត់ត្រានៅបារាំង អំឡុង​រលកកម្ដៅ​ក្ដៅ​ខ្លាំង​បំផុតខែមិថុនា
07/03/2026 07:07 PM
មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់ប្រទេសឡាវ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅរដ្ឋសមាជិកអាស៊ាន
07/03/2026 07:07 PM
ក្រុមអ្នកវិទ្យាសាស្រ្ត៖ បម្រែបម្រួលអាកាសធាតុនៅពីក្រោយព្រឹត្តិការណ៍ World Cup ដ៏ក្តៅគគុក
07/03/2026 07:07 PM
នាយករដ្ឋមន្ត្រីម៉ុលដាវីលាលែងពីតំណែង ខណៈរដ្ឋាភិបាលដួលរលំ ដោយសាររឿងអាស្រូវក្រុមហ៊ុន​រដ្ឋ
07/03/2026 07:07 PM