ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer៖​ វ៉ាក់សាំង​បង្ការ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នឹង​រួចរាល់​ក្នុង​ពេល ​១០០​ថ្ងៃ

2021/11/30 11:17:12 am        388
​អាមេរិក៖ ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស​របស់​សហរ​ដ្ឋ​អាមេរិក Pfizer និយាយ​ថា ក្រុមហ៊ុន​អាច​មាន​វ៉ាក់សាំង​ថ្មី​សម្រាប់​បង្ការ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ក្នុង​រយៈពេល​តិច​ជាង ១០០​ថ្ងៃ​។លោក Albert Bourla នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pfizer បាន​បញ្ជាក់​នៅ​ក្នុង​បទសម្ភាសន៍​ ជាមួយ​បណ្ដាញ​ទូរទស្សន៍​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រសិនបើ​វ៉ាក់សាំង​បង្ការ​វីរុស​បច្ចុប្បន្ន​ការពារ​បាន​តិច​ជាង​នោះ Pfizer ត្រូវ​ការ​បង្កើត​វ៉ាក់សាំង​ថ្មី​មួយទៀត​។ លោក​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ការងារ​សម្រាប់​ការផលិត​វ៉ាក់សាំង​នេះ​រួចហើយ​។​ នាយក​ប្រតិបត្តិ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ក្រុមហ៊ុន Pfizer បានផលិត​វ៉ាក់សាំង​រួចហើយ​សម្រាប់ទប់​ទល់នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Beta និង Delta ប៉ុន្តែ​វ៉ាក់សាំង​ទាំងនោះ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​ទេ ព្រោះ​វ៉ាក់សាំង​ដើម​នៅ​តែ​មាន​ប្រសិទ្ធភាព​នៅឡើយ​។​លោក​បាន​បន្ត​ថា វ៉ាក់សាំង​ប្រឆាំង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នឹង​ត្រូវ​បាន​ប្រើ​លុះត្រាតែ​ក្រុមហ៊ុន​មើល​ឃើញ​ថា វ៉ាក់សាំង​បច្ចុប្បន្ន​លែងមាន​ប្រសិទ្ធភាព​។​ លោក Bourla ក៏បាន​និយាយ​អំពី​ថ្នាំ​គ្រាប់​សម្រាប់​លេប​ផង​ដែរ​ដែល Pfizer កំពុង​ផលិត​ដើម្បី​ព្យាបាល​វីរុស COVID-19។ លោក​បាន​និយាយ​ថា លោក​មានការ​ជឿជាក់​ខ្ពស់ថា វា​នឹង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ អគ្គនាយកក្រុមហ៊ុន Pfizer ជឿជាក់ថា ការ​ព្យាបាល​វីរុស Covid-19 ដោយ​ថ្នាំ​គ្រាប់​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នេះ​៕អត្ថបទ៖ សុខមាន

WHO ព្រមាន​ពី​ការ​ប្រឈម​ខ្ពស់​នៃ​ការ​ឆ្លង​វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នៅ​ទូទាំង​ពិភព​លោក

2021/11/30 09:29:06 am        348
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ការ​គំរាម​កំហែង​ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បានប្រែប្រួល​យ៉ាង​ឆាប់រហ័សបង្ហាញ​ពី​ស្ថានភាពគ្រោះថ្នាក់ និង​មិន​ច្បាស់លាស់ដែល​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​នេះ ខណៈ​លោកបាន​ព្រមាន​ថា ជំងឺ​រាតត្បាត​សកល​នេះនឹង​មិន​បញ្ចប់​ទេ រហូតដល់​គ្រប់​ប្រទេស​ទាំងអស់​ទទួល​បាន​វ៉ាក់សាំង​។​​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​សំខាន់ៗ​ដំបូង​របស់​លោក ចាប់​តាំង​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​បាន​ផ្ទុះឡើងកាលពី​សប្ដាហ៍​មុន លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​និយាយ​ថា ​វា​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​កម្ចាត់​វីរុស​នេះ​ឲ្យ​រលាយ​បាត់​ភ្លាមៗ​។​ ​ថ្លែង​ក្នុង​សម័យប្រជុំ​ពិសេស​នៃ​មហាសន្និបាត​សុខភាព​ពិភពលោក លោក​បាន​និយាយ​ថា ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បាន​ក្លាយ​ជា​ការរម្លឹក​ថា វីរុស Covid-19 មិន​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយមាន​ត្រឹមតែ​យើង​នោះ​ទេ​។​ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ WHO បាន​និយាយ​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ទំនងជា​រីក​រាលដាល​ជា​អន្តរជាតិដែល​បង្ក​ហានិភ័យ​ជា​សកល​ខ្ពស់​ នៃ​ការ​កើន​ឡើង​ករណី​ឆ្លង​ដែល​អាច​មាន​ផលវិបាកធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​។​ ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​ចំនួន ១៩៤ របស់​ខ្លួន​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ដល់​ក្រុម​ដែល​មាន​អាទិភាព​ខ្ពស់ ហើយ​នៅ​ក្នុង​ការ​រំពឹង​ទុក​នៃ​ការ​កើន​ឡើង​ចំនួន​ករណីឆ្លង ដើម្បី​ធានា​ឱ្យ​មាន​ផែនការ​កាត់បន្ថយការ​ឆ្លង ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ការ​ផ្ដល់​សេវា​សុខភាព​សំខាន់ៗ​។​​ករណី​ឆ្លង​ត្រូវ​បាន​គេ​រាយការណ៍​រួចហើយ​ក្នុង​ប្រទេស​មួយ​ចំនួន​រួមមាន​កាណាដា អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ បែ​ល​ហ្សិ​ក អាល្លឺម៉ង់ អូស្ត្រាលី ហូ​ឡង់ និង​ប្រទេស​ជាច្រើន​ទៀត​រួម​ទាំង​ក្នុង​ទ្វីប​អាហ្វ្រិក​។​ ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះបាន​ជំរុញ​ឱ្យ​ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប និងសហរដ្ឋអាមេរិក ចេញ​បម្រាម​ធ្វើដំណើរ​លើ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិកភាគ​ខាង​ត្បូង ជា​ការ​សម្រេចចិត្ត​មួយ​ដែល​ត្រូវ​បាន​រិះគន់​ដោយប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូងលោក Cyril Ramaphosa ដែល​លោក​យល់ថា​ ទង្វើ​នេះ​មិន​ខុស​អី​ពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ​៕អត្ថបទ៖ សុខមាន

ពិភពលោក​ប្រញាប់ប្រញាល់​ហាមប្រាម​ការ​ហោះហើរ​ចេញពី​អាហ្វ្រិក​ខាងត្បូង ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឆ្លង​ខ្លាំង

2021/11/29 10:28:53 am        323
​ពិភពលោក៖ គោលដៅ​ទេសចរណ៍​សំខាន់ៗ​រួមមាន​សហភាព​អឺរ៉ុប ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និង​កាណាដាបាន​ប្រញាប់ប្រញាល់​បិទ​ជើង​ហោះហើរ​ពី​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ បន្ទាប់ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron ដោយ​អនុវត្តន៍​វិធានការ​ឆ្លើយតប​គ្រាអាសន្ន​កាលពី​កន្លងទៅ ដែល​បង្ក​ឱ្យ​មាន​ការ​បង្កក​ជា​សកល​សម្រាប់​ការ​ធ្វើ​ដំណើរ​។​​ល្បឿន​ដែល​ការ​រឹត​បន្តឹង​ថ្មី​ត្រូវ​បាន​អនុវត្តន៍ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះបន្ទាប់ពី​ក្រុម​អាជ្ញាធរ​សុខាភិបាល​អាហ្វ្រិក​ខាងត្បូង ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ មានន័យថា​អ្នកដំណើរ​បាន​ឃើញ​ខ្លួនឯង​ជាប់​គាំង​ដោយ​គ្មាន​ការព្រមាន​។ ខណៈ​ដែល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង​ គឺជា​មនុស្ស​ដំបូង​គេ​ដែល​កំណត់​អត្តសញ្ញាណ​ប្រភេទ​ថ្មី​នេះ គេ​មិន​ច្បាស់​តើ​ថា​វីរុស​នោះ​ផ្ទុះឡើង​នៅ​ទីនោះ ឬ​ត្រូវ​បាន​នាំចូល​មកពី​ប្រទេស​ផ្សេង​នោះ​ទេ​។​ ​ទោះបីជា​មានការ​ហាមឃាត់​ក៏ដោយ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះត្រូវ​បាន​រក​ឃើញ​រួច​ទៅ​ហើយនៅ​ក្នុង​ប្រទេស​ជាច្រើន​។ ​ករណី​ឆ្លង​ភាគច្រើន​ដែល​បាន​រក​ឃើញ​ គឺ​នៅ​លើ​អ្នកដំណើរ​ដែល​ត្រឡប់​មកពី​តំបន់​នោះ​។​ ​អ្នកដំណើរ​យ៉ាង​ហោចណាស់ ១៣​នាក់​មកពី​អាហ្វ្រិក​ខាងត្បូង​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ បន្ទាប់ពី​ចុះចត​នៅ​អាកាសយានដ្ឋាន Schiphol ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូ​ឡង់កាលពី​ថ្ងៃ​សុក្រ​។ ការ​រក​ឃើញ​បាន​កើតឡើង​ បន្ទាប់ពី​ប្រទេស​ហូ​ឡង់​បាន​អនុវត្តន៍​ការ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ថ្មី​ ស្រប​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការប្រែប្រួល​ដ៏​ខ្លាំងក្លា​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។​​ករណី​ឆ្លង​ចំនួន​ពីរ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ទៅកាន់​អាហ្វ្រិក​ភាគ​ខាង​ត្បូង​។ ការ​ឆ្លង ​១​ករណីនៃវីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​លើ​អ្នកដំណើរ​ដែល​បាន​មកពី​ទីក្រុង​ណៃ​រ៉ូ​ប៊ី ទៅកាន់​សាធារណរដ្ឋ​ឆេ​ក។​ ក្រសួងសុខាភិបាល​នៃ​រដ្ឋ New South Wales បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ចំនួន​ ២ ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ លើ​អ្នកដំណើរ​មកពី​តំបន់​អាហ្វ្រិក​ភាគ​ខាង​ត្បូង​ដែល​បាន​មក​ដល់​ទី​ក្រុង​ស៊ីដនី​។ ខណៈ​ដែល​ប្រទេស​អាល្លឺម៉ង់​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​ ២នាក់ ហើយ​អ៊ីតាលី​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​វីរុស Omicron នេះ​មួយ​ករណីក្នុង​ការ​ធ្វើដំណើរចូល​មកពី​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក៕អត្ថបទ៖ សុខមាន

WHO បញ្ជាក់​ថា ខ្លួន​មិនទាន់​ដឹង​ច្បាស់​ថា តើ​វីរុស​ប​ម្លែ​ង​ខ្លួន Omicron បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ

2021/11/29 09:57:29 am        577
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ ទី២៨ ខែ​វិច្ឆិកា​ថា ​ខ្លួន​មិនទាន់​ច្បាស់​ថា​ តើ​វីរុស ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​អូ​មី​ក្រុង ​(Omicron) មាន​សមត្ថភាព​ឆ្លង​ខ្លាំង​ជាង​ប៉ុណ្ណា បើ​ប្រៀបធៀប​ទៅ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 ផ្សេងទៀត ឬ​ថា​តើ​វីរុស​នោះ​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​កម្រិត​ណា​នោះ​ទេ​។​អង្គការ​នេះ​បាន​និយាយ​ថា ទិន្នន័យ​បឋម​បង្ហាញ​ថា ​មានការ​កើន​ឡើង​អត្រា​នៃ​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​នៅ​អាហ្វ្រិក​ខាងត្បូង ប៉ុន្តែ​នេះ​អាច​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ឆ្លង ជាជាង​លទ្ធផល​នៃ​ការ​ឆ្លង​ជាក់លាក់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron​។​ ​អង្គការ​សុខភាព​ពិភពលោកបាន​ចុះបញ្ជីវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ថា​ជាវីរុស​គួរ​ឲ្យ​បារម្ភ និង​បាន​និយាយ​ថា ខ្លួន​អាច​ប្រើ​ពេល​ច្រើនសប្ដាហ៍​ទំរាំ​ដឹង​ថា វា​មានការ​ប្រែប្រួល​សំខាន់ៗ​អ្វីខ្លះ​ក្នុង​ការ​ចម្លង ភាព​ធ្ងន់ធ្ងរ ឬ​ផល​ប៉ះពាល់​ដល់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​។​ ​ទោះជា​យ៉ាងណាក៏ដោយនៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ ទីភ្នាក់ងារ​នេះ​បាន​រំលឹក​ឡើងវិញ​ថា ភស្តុតាង​បឋមបង្ហាញ​ថា អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ឡើងវិញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ។WHO បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ជំនាញ​បច្ចេកទេស ដើម្បី​ស្វែងយល់​ពី​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​លើ​វិធានការ​ទប់ស្កាត់ ដែល​មាន​ស្រាប់​ប្រឆាំង​នឹង​ជំងឺ COVID-19 រួម​ទាំង​វ៉ាក់សាំង​ផង​ដែរ​។​ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា បច្ចុប្បន្ន​មិន​មានព័ត៌មាន​ណាមួយ​នៅឡើយ​ទេ ដែល​បង្ហាញ​ថា​រោគសញ្ញា​ដែល​ទាក់ទង​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron មាន​ភាព​ខុសប្លែក​គ្នា​ពី​វីរុស​ប​ម្លែ​ងខ្លួន​ថ្មី​ផ្សេងទៀត​។ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះវីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ និង​ឆ្លង​រាលដាល​ដល់​ប្រទេស និង​ដែនដី​ចំនួន ​៩ ហើយ អូស្ត្រាលី អ៊ីតាលី អាល្លឺម៉ង់ ហូ​ឡង់ អង់គ្លេស អ៊ីស្រាអែល ហុងកុង បូ​ស្វា​ណា និង​បែលហ្ស៊ិក​៕អត្ថបទ៖ សុខមាន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងផ្ដល់អំណោយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ចាម

2021/11/27 11:04:27 am        508
កំពង់ចាម ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០១ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ផ្ផ្ទះទំហំ៦×៧ម៉ែត្រ សង់ជូនលោកតា ម៉ុម លឹមអាយុ ៨៧ឆ្នាំ និងលោកយាយ ព្រំ សាន់ អាយុ ៧៦ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយ ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។ចប់ពិធីប្រគល់ផ្ទះទេវតា លោកជំទាវក៏បានអញ្ជើញប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ផងដែរ។ លោកជំទាវ បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖០១-អង្ករ១តោន០២-ត្រីខ ចំនួន១កេស មាន១០យួរ០៣-មីចំនួន៥កេសធំ០៤- ត្រីងៀតចំនួន ១០ គីឡូ០៥- សាច់ក្រកចំនួន១០ គីឡូ០៦- សាច់ក្រកចំនួន១០ គីឡូ០៧- ទឹកដោះគោខាប់ ចំនួន២កេស០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ០៩- តែ ចំនួន ២គីឡូក្រាម១០- ស្ករសចំនួន១បេ១១- អំបិលចំនួន១បេ១២- ប៊ីចេងចំនួន១បេ១៣- ទឹកត្រីចំនួន៥យួ១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៧- វីតាមីនសេ ចំនួន ១០ ប្រអប់១៨- ប្រេងកូឡា ចំនួន ៥ ដុំ១៩- ប្រេងខ្យល់ ចំនួន៥ដុំ២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប២៣- ស្លាដក់ចំនួន៤៩២៤- ថវិកា ចំនួន២លានរៀល។បន្ទាប់មកទៀតនៅថ្ងៃដដែលនេះផងដែរ ជំទាវក៏បានអញ្ជើញសួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកជំទាវផ្ទាល់ នឹងឯកឧត្តម ឌី វិជ្ជា ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។លោកជំទាវបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៦០ នាក់ បុគ្គលិកចំនួន១២ នាក់ ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖១-អង្ករ៦បេ២-ត្រីខ២០យួរ៣-ទឹកដោះគោខាប់២កេស៤-ត្រីងៀត៣គីឡូ៥-សាច់ក្រក៣គីឡូ៦-សាច់ជ្រូកផាត់៣គីឡូ៥-ប៊ីចេង៥គីឡូ៦-ទឹកត្រី៨យួរ៧-ទឹកស៊ីអ៊ីវ ៨យួរ៨-ម៉ាស២០ប្រអប់ មាន1000ម៉ាស៩-ថ្នាំវីតាមីនសេ៧២ប្រអប់១០-ថ្នាំពេទ្យ៧២ប្រអប់១១-សាប៊ូ៧២ដុំ១២-មី៨កេសធំ១៣-ច្រាស និងថ្នាំដុសធ្មេញ៧២ឈុត១៤-កាបូបសិក្សា៦០កាបូប១៥-ថវិកា២លានរៀល៕

អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​រក​ឃើញ​វីរុស​បម្លែងខ្លួន​ប្រភេទ​ថ្មី

2021/11/26 03:16:43 pm        653
​អាហ្វ្រិក​ខាងត្បូង៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Joe Phaahla បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វីរុស​បម្លែង​ខ្លួន​ថ្មី COVID-19 ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដែល​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ជា​ការ​ព្រួយបារម្ភ​ដោយ​សារតែ​ចំនួន​នៃ​ការប្រែប្រួលខ្ពស់​របស់​វា និង​ការ​រាល​ដាល​ឆាប់រហ័ស​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​នៅ​ក្នុង​ខេត្ត Gauteng ជា​ខេត្ត​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​។លោក Phaahla បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អ៊ិន​ធឺណិ​ត​ថា ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ឃើញ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ករណី​ឆ្លង​ថ្មីៗ​។ រដ្ឋមន្ត្រី​សុខាភិបាល​បាន​ពន្យល់​ថា ខណៈ​ដែល​ដំបូង​ពួកគេ​ជឿ​ថា ​ចំនួន​ករណី​ឆ្លង​កើន​ឡើង​អាច​បណ្ដាល​មកពី​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​សាកល​វិទ្យាល័យ ក្រោយមក​អ្នកវិទ្យាសាស្ត្រ​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ថា ពួកគេ​កំពុង​សង្កេតមើល​អ្វី​ដែល​មើល​ទៅ​ដូចជា​វីរុស​បម្លែង​ខ្លួន​ថ្មី​។ លោក​បាន​និយាយ​ថា វីរុស​បម្លែង​ខ្លួន​ថ្មី​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​កំណត់​ថា​ជា​វីរុស B.1.1.529 ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​ប្រទេស Botswana, ប្រទេស​អាហ្វ្រិក​ភាគ​ខាង​ត្បូង និង​ទីក្រុង​ហុងកុង នៅ​លើ​អ្នក​ធ្វើដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ការិយាល័យ​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាពពិភពលោក ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​អាហ្វ្រិក​កំពុង​មើល​ឃើញការ​កើន​ឡើងនៃ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅកាន់​ទ្វីប​នេះ ប៉ុន្តែ​មានតែ​បុគ្គលិក​សុខាភិបាល​ម្នាក់​ក្នុងចំណោម​បួននាក់​ប៉ុណ្ណោះ ដែល​បានចាក់​វ៉ាក់សាំង​ពេញលេញ​បង្ការ​វីរុស COVID-19។ហេតុផល​សាមញ្ញ​បំផុត​សម្រាប់​អត្រា​ការ​ចាក់​វ៉ាក់សាំង​ទាប ​ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​នៅ​លើ​ទ្វីប​ដែល​មាន​ប្រជាជន​ប្រមាណ ១.២​ពាន់​លាន​នាក់ មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ និង​ការ​មិន​អាច​រក​បាន​សេវា​ផ្តល់​វ៉ាក់សាំង ជាពិសេស​នៅ​តំបន់​ជនបទ​។ វា​ជា​ភាព​ផ្ទុយ​គ្នា​ផ្ទាល់​ជាមួយ​នឹង​ស្ថានភាព​ក្នុង​ប្រទេស​អភិវឌ្ឍន៍​។ ការសិក្សា​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា​ ជាង ៨០% នៃ​បុគ្គលិក​សុខាភិបាល និង​ក្រុម​ថែទាំ​នៅ​ក្នុង​ប្រទេស​រក​ប្រាក់​ចំណូល​បាន​ខ្ពស់​បំផុត​ចំនួន ២២​ប្រទេស​ភាគច្រើន​បាន​ចាក់​វ៉ាក់សាំង​​ពេញ​លេញ​៕អត្ថបទ៖ ប៊ុនថន

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវ​ការ​ភាព​ជា​ដៃ​នឹង​គ្នា​បន្ថែម​ទៀត ក្រោយ​វិបត្តិ​កូវីដ-១៩

2021/11/25 11:18:28 am        458
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវការ​​ការ​ពង្រឹង​បន្ថែម​នូវ​ភាព​ជា​ដៃ​គូ​ជាមួយ​គ្នា ដើម្បី​រក្សា​កំណើន​​ជា​សកល​ នៅ​ក្រោយ​វិបត្តិ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សុន្ទរកថា​របស់​សម្ដេច​ដែល​ថ្លែង​បើក​វេទិកា​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ី-អឺរ៉ុប ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ និង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជា​ការពិត នៅ​លើ​ពិភព​លោកក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ យើង​ពិត​ជា​មាន​សេចក្ដី​ត្រូវការ​ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃ​គូ​អាស៊ី-អឺរ៉ុប ក្នុង​គោលដៅ​រក្សា​បាន​នូវ​ពហុភាគី​និយម​ដ៏​រឹង​មាំ​មួយ ដែល​នឹង​នាំ​មក​នូវ​កំណើន​ជា​សកល មិន​ត្រឹម​តែ​មាន​ចីរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​មាន​ការ​ចែក​រំលែក​ផង​ដែរ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា តំបន់​អាស៊ី និង​អឺរ៉ុប រឹត​តែ​ត្រូវ​គោរព​តាម​គោលការណ៍​ស្នូល​របស់​ខ្លួន​ថែម​ទៀត ដោយ​ថា តំបន់​ទាំង​ពីរ​នេះ​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ជាច្រើនដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​ឆ្លើយ​តប​រួមគ្នា។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ឡើង​វិញ​ថា វេទិកា​មេដឹកនាំ​អាស៊ី-អឺរ៉ុប​នេះ បាន​លើក​កម្ពស់​ភាព​ជា​ដៃ​គូ​រវាងប្រទេស​នានា​នៅ​​ទ្វីប​ទាំង​ពីរ ដោយ​ឈរ​លើ​គោលការណ៍​ស្នួល​របស់​ខ្លួន រួម​មាន​ ​ភាព​មិន​ផ្លូវការ ភាព​បត់​បែន​បាន ការគោរព​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ស្មារតី​កុងសុងស៊ីស និង​ភាព​ជា​ដៃ​គូ​ស្មើភាព៕អត្ថបទ ៖ សុធី

កម្ពុជា​ចាប់​ផ្ដើម​បើក​វេទិកា​កិច្ច​ប្រជុំ​មេដឹកនាំ​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ

2021/11/25 08:49:42 am        204
ភ្នំពេញ៖ កិច្ច​ប្រជុំ​​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ បាន​ចាប់​ផ្ដើម​ហើយ​នៅ​រសៀល​ថ្ងៃ​នេះ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​វេទិកា​មេដឹកនាំ​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នេះ។ការ​ពិត វេទិកា​​មេដឹកនាំ​អាស៊ី-អឺរ៉ុប​លើក​ទី​១៣​នេះ ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២០​កន្លង​ទេ ប៉ុន្តែ ត្រូវ​បាន​លើក​ពេល​រហូត​មក​ដល់​ចុង​ឆ្នាំ​២០២១​នេះ ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩៕

ក្រឡាប់​លិច​ទូក​ជនអន្តោប្រវេសន៍​ក្នុង​ផ្លូវទឹក​អង់គ្លេស​សម្លាប់​មនុស្ស​ ២៧​នាក់

2021/11/25 12:05:35 pm        460
​អង់គ្លេស៖ មនុស្ស​យ៉ាងហោចណាស់ ​២៧​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស បាន​លង់ទឹក​ស្លាប់​នៅ​ក្នុង​ផ្លូវទឹក​អង់គ្លេស​ដែល​ខណ្ឌ​ចែក​រវាង​អង់គ្លេស និង​បារាំង​ជិត​ទីក្រុង​កាឡៃ​ប្រទេស​បារាំង បន្ទាប់ពី​ទូក​របស់​ពួកគេ​ក្រឡាប់​លិច​។ អង្គការ​ទេសន្តប្រវេសន៍​អន្តជាតិ​បាន​និយាយ​ថា នេះ​គឺជា​កា​រ​បាត់បង់​អាយុជីវិត​មនុស្ស​ដ៏​ច្រើន​បំផុត​នៅ​ក្នុង​ផ្លូវទឹក ចាប់​តាំង​ពី​ខ្លួន​បាន​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​កាលពី​ឆ្នាំ​២០១៤​។គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​ក្រុម​ជនរងគ្រោះ​ទាំងនោះ​មក​ពី​ណា​។ លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស Boris Johnson បាន​និយាយ​ថា លោក​តក់ស្លុត​ណាស់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង ដោយ​បន្ថែម​ថា ចក្រភព​អង់គ្លេស​នឹង​ស្វែងរក​ប្រភព​ដើម្បី​បញ្ឈប់​ក្រុម​ជួញដូរ​មនុស្ស​។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​លោក Gerald Darmanin បាន​និយាយ​ថា ស្ត្រី​ ៥​នាក់ និង​ក្មេង​ស្រី​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងនោះ។ ​លោក​ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ ២​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ និង​ម្នាក់​កំពុង​បាត់​ខ្លួន។​ ដំបូងមាន​សេចក្ដីរាយការណ៍​ថា មនុស្ស​ ៣១​នាក់​ស្លាប់ ប៉ុន្តែ​ត្រូវ​បាន​កែមក ២៧នាក់វិញ​។​ ​លោក​បាន​បន្ថែម​ថា មនុស្ស​ ៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ជិត​ព្រំដែន​បែលហ្ស៊ិក ដែល​លោក​ថា យើង​សង្ស័យ​ថា​ ពួកគេ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ឆ្លង​ដែន​ពិសេស​។​​វិមាន​នាយករដ្ឋមន្ត្រី Downing Street បាន​និយាយ​ថា កាលពី​ល្ងាច​ថ្ងៃ​ពុធ​លោក Johnson និង​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ព្រមព្រៀង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​ដែន និង​បញ្ឈប់​ក្រុម​អន្ធពាល​ដែល​រុញ​ជីវិត​មនុស្ស​ជាច្រើន​ឲ្យ​ធ្លាក់​ក្នុង​គ្រោះថ្នាក់​។​ ក្រោយ​ហេតុការណ៍​លិច​ទូក​នេះ ក្រុម​សកម្មជន និង​សមាជិក​សមាគម​ការពារ​សិទ្ធិ​ជនអន្តោប្រវេសន៍ បាន​ប្រមូល​ផ្ដុំ​គ្នាកាលពី​យប់​ថ្ងៃ​ពុធ​នៅ​ខាងក្រៅ​កំពុង​ផែ​ក្រុង​កាឡៃ​ភាគ​ខាងជើង​ប្រទេស​បារាំង​៕អត្ថបទ៖ សុខមាន

WHO៖ វ៉ាក់សាំង​បង្ការ​វីរុស COVID-19 កាត់​បន្ថយ​ករណី​ឆ្លង​បាន​ប្រហែល​ ៤០%

2021/11/25 09:36:13 am        485
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO)​ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (២៤ វិច្ឆិកា​) ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 កាត់បន្ថយ​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង Delta ប្រហែល ៤០% ដោយ​ព្រមាន​ថា​ មនុស្ស​ចេះតែ​គិត​ថា​វ៉ាក់សាំង​អាច​ធានា​សុវត្ថិភាព​បាន។​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា មនុស្ស​ជាច្រើន​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចបាន​គិត​ខុស​ថា ការ​ចាក់​វ៉ាក់សាំង​នេះ​មានន័យថា ពួកគេ​លែង​ត្រូវការ​ការប្រុងប្រយ័ត្ន​ផ្សេង​ទៀតហើយ​។ អង្គការ​សុខភាព​ពិភពលោកកាលពី​ថ្ងៃ​ពុធ​បាន​ព្រមាន​ រដ្ឋាភិបាល​កុំ​ឱ្យ​ពឹង​ផ្អែកលើ​វ៉ាក់សាំង​តែមួយ​មុខ​ ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​នៃ​អត្រា​ឆ្លង​វីរុស COVID-19 ខណៈ​ការ​ឆ្លង​នៅតែ​បន្ត​កើន​ឡើង​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​អត្រា​វ៉ាក់សាំង​ខ្ពស់​។​ ​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារពេញលេញ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ដើម្បី​ជៀសវាង​ការ​ឆ្លង​វីរុស ហើយ​រួច​ផុត​ពី​ការ​ឆ្លង​បាន​។ លោក​ Tedros បាន​ទទូច​ដោយពន្យល់​ពី​របៀប​ដែល​វ៉ាក់សាំង​មិន​មាន​ប្រសិទ្ធភាព​ ប្រឆាំង​នឹង​ការ​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។​លោក Tedros បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា យើង​មានការ​ព្រួយបារម្ភ​អំពី​ការយល់​ខុស​លើ​សុវត្ថិភាព​ដែល​ថា ​វ៉ាក់សាំង​បាន​បញ្ចប់​ជំងឺ​រាតត្បាត​សកល ហើយ​អ្នក​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការរួច​ហើយ មិន​ត្រូវការ​ការប្រុងប្រយ័ត្ន​ផ្សេងទៀត​ទេ​។​“​វ៉ាក់សាំង​ជួយ​ជីវិត​មនុស្ស ប៉ុន្តែ​មិន​អាច​ការពារ​ការ​ឆ្លង​បាន​ពេញលេញ​ទេ​។​ ទិន្នន័យ​បង្ហាញ​ថា ​មុន​ពេល​ការ​មក​ដល់​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វ៉ាក់សាំងកាត់បន្ថយ​ការឆ្លង​ប្រហែល ៦០%​។ ជាមួយ​នឹង​វីរុស Delta វា​បាន​ធ្លាក់​ចុះ​ដល់​ប្រហែល ៤០%​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM