ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

UN​៖ មនុស្ស​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​យេ​មែន​នឹង​ឡើង​ដល់​ជាង ​៣៧​ម៉ឺន​នាក់​នៅ​ដំណាច់​ឆ្នាំនេះ

2021/11/24 07:39:30 am        477
​យេមែន៖ របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ព្យាករណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​មែននឹង​កើន​ឡើង​ដល់​ជាង ៣៧៧​,០០០​នាក់​នៅ​ដំណាច់​ឆ្នាំ២០២១​ នេះរួម​ទាំង​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់​ដោយសារ​មូលហេតុ​ផ្ទាល់ និង​ប្រយោល​។​នៅ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិហៅ​កាត់​ថា (UNDP) បាន​ប៉ាន់ប្រមាណ​ថា ៧០%​ នៃ​អ្នក​ដែល​បាន​ស្លាប់ នឹង​ជា​កុមារដែលមាន​អាយុ​ក្រោម ​៥​ឆ្នាំ​។ ​របាយការណ៍​នេះ​បាន​រកឃើញថា ៦០%​ នៃ​អ្នកស្លាប់​គឺ​ដោយ​សារ​មូលហេតុ​ប្រយោលដូចជា ភាពអត់ឃ្លាន និង​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន ចំណែក​អ្នកស្លាប់​ដោយ​មូលហេតុ​ផ្ទាល់​វិញមានដូចជា នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ និង​ក្នុងការ​វាយឆ្មក់​តាម​អាកាស​ជាដើម​។ ​ប្រទេស​យេ​មែនបាន​ធ្លាក់​ចូលក្នុង​ជម្លោះចាប់តាំងពី​ឆ្នាំ២០១៤ ​មក នៅពេលដែល​ក្រុម​ចលនា​ឧទ្ទាម​ហ៊ួ​ទីបាន​ដណ្ដើម​រឹបអូសយ៉ាងច្រើន ​នៃ​ដែនដី​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេសរួមទាំង​រដ្ឋធានី​សា​ណា ខណៈដែល​រដ្ឋាភិបាល​ប្រទេស​នេះបាន​រត់គេច​។កាលពី​ខែមីនា ឆ្នាំ២០១៥ កងកម្លាំង​ចម្រុះ​នៃ​បណ្ដា​ប្រទេស​នៅ​អារ៉ាប់ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត បានធ្វើ​អន្តរាគមន៍ក្នុង​សង្គ្រាម​នេះក្នុង​បំណង​ដ​ណ្ដើ​មអំណាច​ជូន​រដ្ឋាភិបាល​វិញ។ ​ជម្លោះ​នេះត្រូវបាន​ជាប់គាំង​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដែលជា​ហេតុ​រុញ​ដោល​ប្រទេស​យេ​មែនឲ្យ​ធ្លាក់ចូល​មាត់ជ្រោះ​នៃ​គ្រោះ​ទុរ្ភិក្ស និង​មនុស្ស​រ៉ាប់​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​។​ ស្ថានភាព​របស់​ប្រទេស​នេះ​ត្រូវបាន​អង្គការសហប្រជាជាតិ​ពិពណ៌នា​ថា​ ជា​គ្រោះមហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុតក្នុង​ពិភពលោក។ ​មនុស្ស​យ៉ាងហោចណាស់ ១៥​.៦​លាន​នាក់កំពុង​រស់នៅក្នុងភាពក្រីក្រ​ខ្លាំង​៕អត្ថបទ៖ សុខមាន

WHO៖ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស COVID-19 នៅ​អឺរ៉ុប​ឡើង​ដល់​ជាង ២​លាន​នាក់​នៅ​ត្រឹម​ខែ​មីនា

2021/11/24 09:38:42 am        340
​អឺរ៉ុប៖ អង្គការ​សុខភាព​ពិភពលោក ​(WHO)​ បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​វីរុស Covid-19 នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ទំនងជា​កើន​ឡើង​ជាង ២លាន​នាក់​នៅ​ត្រឹម​ខែ​មីនា​ឆ្នាំ​ក្រោយនេះ ដោយ​បន្ថែម​ថា ​ជំងឺ​រាតត្បាត​សកល​បាន​ក្លាយ​ជា​មូលហេតុ​ទី១ នៃ​ការ​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​។​​ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ចំនួន​មនុស្ស​ស្លាប់​ដែល​បាន​រាយការណ៍​បាន​កើន​ឡើង​ដល់​ជិត ៤,២០០​នាក់​ក្នុង​មួយថ្ងៃជា​ចំនួន​ទ្វេដង​ត្រូវ​បាន​កត់ត្រា​កាលពី​ក្នុង​ខែ​កញ្ញា ខណៈ​ចំនួន​អ្នក​ស្លាប់​ដែល​បាន​រាយការណ៍​នៅ​ក្នុង​តំបន់ ដែល​រួមមាន​ចក្រភព​អង់គ្លេស​បាន​កើន​ឡើង​ជាង ​១.៥​លាន​នាក់​រួច​ទៅ​ហើយ​។​ ​ដោយ​ពណ៌នា​អំពី​ស្ថានភាព​នេះ​ថា "​ធ្ងន់ធ្ងរ​បំផុត​" អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ខ្លួន​រំពឹង​ថា​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំងនៅ​លើ​គ្រែ​មន្ទីរពេទ្យ​ក្នុង ២៥ តំបន់​នៃ​ប្រទេស​ចំនួន ៥៣ ដោយ​បន្ទប់សង្គ្រោះបន្ទាន់នៅ​ក្នុង​ប្រទេស​ចំនួន ៤៩ នឹង​ត្រូវ​ស្ថិត​ក្រោម​ភាព​តានតឹង​ស្រដៀង​គ្នា​នេះ​។​​យោង​តាម​ទំនោរ​បច្ចុប្បន្ន ចំនួន​អ្នក​ស្លាប់​ដែល​ចេះតែ​កើន​ឡើង​ក្នុង​តំបន់​នេះ​នឹង​ហក់​ឡើង​ដល់​ជាង ២.២​លាន​នាក់​ត្រឹម​ថ្ងៃទី១ ខែ​មីនា ២០២២ ខាងមុខ​។​ ខណៈ​ដែល​អឺរ៉ុប​ក្លាយ​ជា​ចំណុច​ឆ្លង​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​សកល​ជា​ថ្មី​ទៀត ដោយមាន​ការគ្រប់គ្រង​កាន់​តែ​តឹងរ៉ឹង​ជា​ចម្បង​លើ​បញ្ហា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង និង​ការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ អំពី​ការ​ធ្វើ​ឱ្យ​មាន​កាតព្វកិច្ច​ចាក់​វ៉ាក់សាំង ប្រទេស​អូទ្រីស​ក្នុង​សប្ដាហ៍​នេះ​បាន​ក្លាយ​ជា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ដំបូង​គេ ​ដែល​បាន​ឈាន​ដល់​ការ​អនុវត្តន៍វិធាន​ការ​បិទ​ខ្ទប់​ប្រទេស​ជាថ្មី ចាប់​តាំង​ពី​ការ​ចាក់​វ៉ាក់សាំង​បាន​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំនេះ​៕អត្ថបទ៖ សុខមាន

រថយន្ត​ក្រុង​មួយ​គ្រឿង​ឆេះ​នៅ​ប្រទេស​ប៊ុលហ្គារី​សម្លាប់​មនុស្ស​ ៤៥​នាក់

2021/11/23 02:49:45 pm        534
​​ប៊ុលហ្គារី​៖ ក្រុម​មន្ត្រី​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៤៥​នាក់​បាន​ស្លាប់​រួម​ទាំង​កុមារ​ ១២​នាក់បន្ទាប់ពី​រថយន្តក្រុង​មួយ​គ្រឿង​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​លើ​ផ្លូវ​ហាយវ៉េ ក្នុង​ប្រទេស​ប៊ុលហ្គារី​ភាគ​ខាង​លិច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ មន្ត្រី​ក្រសួងមហាផ្ទៃលោក Nikolai Nikolov បាន​ប្រាប់​ទូរទស្សន៍ BTV ថា ជនរងគ្រោះ​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ម៉ា​សេ​ដូ​នី​ខាងជើង។ មនុស្ស​មួយ​ចំនួន​ ៧​នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Sofia។ មន្ត្រី​ម្នាក់​មកពី​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ Sofia បាន​និយាយ​ថា មនុស្ស​ ៧​នាក់​បាន​លោត​ចេញពី​រថយន្តក្រុង​ដែល​កំពុង​ឆេះ ហើយ​ពួកគេ​ទាំងអស់​មាន​ស្ថានភាព​ធម្មតា​។ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​សេ​ដូ​នី​ខាងជើង Zoran Zaev បាន​ប្រាប់ BTV ថា លោក​រន្ធត់​ណាស់​នេះ​គឺជា​សោកនាដកម្ម​ដ៏​ធំ​បំផុត​។​ ក្រុម​មន្ត្រី​ប៊ុលហ្គារី​បាន​និយាយ​ថា គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ឧបទ្ទវ​ហេតុនេះ​នៅឡើយ​ទេ ប៉ុន្តែ​រថយន្តក្រុង​នេះ​ទំនងជា​ប៉ះទង្គិច​នឹង​រនាំង​បាំង​ចិញ្ចើម​ផ្លូវ​ហាយវ៉េ​មុន​ពេល ឬ​បន្ទាប់ពី​ភ្លើង​ឆេះ​៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ព្រមាន​ថា ប្រព័ន្ធ​ធនាគារ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត​ដួល​រលំ​ហើយ​

2021/11/23 10:47:30 am        338
​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ធនាគារ​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ច្របូកច្របល់ បន្ទាប់ពី​ក្រុម​តា​លី​បង់​បាន​កាន់កាប់​ប្រទេស​នេះ​។ ស្ថាប័ន​ពិភពលោក​បាន​អំពាវនាវ​ឱ្យមាន​វិធានការ​បន្ទាន់ ​ដើម្បីការពារ​ប្រព័ន្ធ​ធនាគារ​ពី​ការ​ដួល​រលំ​ដ៏​ធ្ងន់ធ្ងរ។​​របាយការណ៍​ថ្មី​មួយ​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​អា​ហ្វ​ហ្គា​នី​ស្ថានកំពុង​សម្លឹង​មើល​ការ​ដួល​រលំ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ខណៈ​ប៉ះពាល់​ពី​វិបត្តិ​សាច់ប្រាក់​កាន់​តែ​ខ្លាំង និង​ការ​កើន​ឡើង​នៃ​ប្រាក់កម្ចី​មិនល្អ​។ ស្ថាប័ន​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ "​ភ្លាមៗ និង​ការសម្រេចចិត្ត​" ជាបន្ទាន់ ដោយ​ព្រមាន​ថា ការ​ប៉ះ​ពាល់​សេដ្ឋកិច្ច​នៃ​ការ​ដួល​រលំ និង​ដោយសារតែ​ការ​ដួល​រលំ​សង្គម​នឹង​ក្លាយ​ជា​វិបត្តិ​ដ៏​ធំ​សម្បើម។​ អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​នឹង​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​សាច់ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ ចាប់​តាំង​ពី​ការ​កាន់​កាប់​របស់​ពួក​តា​លី​បង់​ក្នុង​រដ្ឋធានី​កា​ប៊ុល​កាលពី​ខែ​សីហា ដែល​នាំ​ទៅ​ដល់​ការ​រង​ទណ្ឌកម្ម​អន្តរជាតិ​។​ក្រោយ​មក​ទៀត​បាន​មើល​ឃើញ​ថា ទុន​បម្រុង​អន្តរជាតិ​របស់​ប្រទេស​ត្រូវ​បាន​បង្កក ហើយ​ជំនួយ​បរទេស​ភាគច្រើន​ត្រូវ​បាន​ផ្អាក​។ វិបត្តិសាច់ប្រាក់​ងាយស្រួល​បាន​បង្ខំ​ឱ្យ​របប​តា​លី​បង់​ កាត់បន្ថយ​ការ​ដក​ប្រាក់​បញ្ញើ​តាម​ធនាគារ​ប្រចាំ​សប្តាហ៍​។​ អង្គការ​ស្បៀងអាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ផ្ដល់​ការ​គាំទ្រ​កាន់​តែ​ខ្លាំង និង​ដោយ​ផ្ទាល់​ដល់​ផលិតកម្ម​កសិកម្ម​រប​ស់អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ប្រជាជន​កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា គ្រោះ​រាំងស្ងួត ភាព​អត់ឃ្លាន និង​វិបត្តិ​សេដ្ឋកិច្ច​៕អត្ថបទ៖ សុខមាន

អ្នក​បើក​រថយន្ត​បំ​បុក​ហ្វូង​មនុស្ស​ក្នុង​ក្បួន​ដង្ហែ​ណូអែល​នៅ​រដ្ឋ Wisconsin ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​

2021/11/23 09:27:31 am        541
​អាមេរិក៖ ក្រុម​មន្ត្រី​ប្រចាំ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​នឹង​ស្វែងរក​ការចោទប្រកាន់​លើ​អ្នកបើកបរ​រថយន្ត​ម្នាក់​ ដែល​បាន​បើក​បំ​បុក​ចូល​ទៅ​ក្នុង​ក្បួន​ដង្ហែ​បុណ្យ​ណូអែល​កាលពី​ថ្ងៃអាទិត្យ​ ជាមួយ​នឹង​ករណី​មនុស្សឃាត​ដោយ​ចេតនា​ចំនួន ​៥​។​ ​នគរបាល​បាន​និយាយ​ថា ​ជនសង្ស័យ​ឈ្មោះ Darrell Edward Brooks Jr អាយុ ៣៩ឆ្នាំ​បាន​សម្លាប់​មនុស្ស ៥​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ៥២ ទៅ ៨១​ឆ្នាំ​ និង​របួស ៤៨​នាក់​រួម​ទាំង​កុមារ​តូច​ៗ​នៅទីក្រុង Waukesha។ពួកគេ​បាន​និយាយ​ថា លោក Brooks កំពុង​រត់គេច​ពី​ការ​រំខាន​ក្នុងស្រុក នៅ​ពេល​ដែល​រូបគេ​បាន​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​។ ពួកគេ​បាន​បន្ថែម​ថា សង្ស័យ​រូប​នេះ​អាច​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ទៀត ដោយ​ផ្អែកលើ​ការស៊ើបអង្កេត​របស់​ពួកគេ​។ នគរបាលទីក្រុង Waukesha ក៏បាន​និយាយ​ថា ​ឧបទ្ទវ​ហេតុនេះ​មិន​មែន​ជា​អំពើ​ភេរវកម្ម​ទេ​។​ ​កុមារ និង​ជីដូន​ជីតា​ជាច្រើន​នាក់​របស់​ពួកគេស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ទាំងនោះ​។​ មនុស្ស​រាប់​សិប​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នគរបាល​បាន​និយាយ​ថា អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​ចំនួន​ ៦ ដោយ​ក្រុម​អ្នក​ឆ្លើយតប​ដំបូង ក៏ដូចជា​អ្នកស្រុក​ផ្សេង​ទៀត​ដែល​នៅ​ក្នុង​ក្បួន​ដង្ហែ​នោះ​។ មន្ទីរពេទ្យ​កុមារ Children's Wisconsin បាន​ប្រាប់​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា កុមារ​ចំនួន ១៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ​៕អត្ថបទ៖ សុខមាន

មនុស្ស​ ៥​នាក់​ស្លាប់ និង​ជាង​ ៤០​នាក់​របួស ខណៈ​រថយន្ត​បើក​បំ​បុក​ក្បួន​ពិធី​ណូអែល​នៅ​រដ្ឋ Wisconsin

2021/11/22 08:13:15 am        494
​អាមេរិក៖ នគរបាល​បាន​និយាយ​ថា មនុស្ស​ ៥​នាក់​ស្លាប់ និង​ជាង ​៤០​នាក់​រង​របួស​បន្ទាប់​ពី​រ​ថ​យន្ត​ ១​គ្រឿង​បាន​បើក​បំ​បុក​ក្បួនមួយ​នៅ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។រូបភាព​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ពី​រថយន្ត​ស្ព័រ​ពណ៌​ក្រហម SUV កំពុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​កាត់​ក្បួន​ពិធីបុណ្យ​ណូអែល​នៅ​ក្នុង​ទីក្រុង Waukesha ភាគ​ខាងលិច​ទីក្រុង Milwaukee នៅ​ម៉ោង​ប្រហែល ១៦:៤០​នាទី​ម៉ោង​ក្នុងស្រុក​។ ​ស្នងការ​នគរបាល លោក Dan Thompson បាន​និយាយ​ថា ហេតុការណ៍​បើក​រថយន្ត​បំ​បុក​ទាំង​កម្រោល​នេះបាន​ប៉ះពាល់​មនុស្ស​រាប់​សិប​នាក់​ រួម​ទាំង​កុមារ​ផង​ដែរ​។​ លោក​បាន​បញ្ជាក់​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់ ប៉ុន្តែ​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​សមាជិក​គ្រួសារ​។មន្ត្រី​អនុវត្ត​ច្បាប់​ដែល​បាន​ដឹង​ពី​បញ្ហា​នេះ និង​កំពុង​បើក​ការស៊ើបអង្កេត​បាន​ប្រាប់​សារព័ត៌មាន CBS News​ ដែល​ជា​ដៃ​គូរ​សហការ​របស់​ស​ហ​រដ្ឋ​អាមេរិក​ជាមួយ​សារព័ត៌មាន BBC ថា ជនសង្ស័យ​ទំនងជា​រត់​គេច​ខ្លួន​នៅ​ពេល​បើក​រថយន្ត​បំ​បុក​ចូល​ក្បូន​ដង្ហែ​នោះ​។ ពួកគេ​និយាយ​ថា ឧបទ្ទវ​ហេតុនេះ​ទំនង​មិន​មែន​ជា​ទង្វើ​ភេរវកម្ម​ទេ​នៅ​ពេល​នេះ​៕អត្ថបទ៖ សុខមាន

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​ថ្មី​នៃ​ការ​ឆ្លង​រាលដាល​វីរុស COVID-19 ផ្ទុះឡើង​នៅ​ទូទាំង​សហភាព​អឺរ៉ុប

2021/11/22 02:25:44 am        654
​អឺរ៉ុប៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​ក្នុង​រដ្ឋធានី Brussels របស់​ប្រទេស​បែលហ្ស៊ិក ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស Covid-19​។​ បាតុករ​ខ្លះ​បាន​គប់​កាំជ្រួច​ទៅលើ​កងកម្លាំង​មន្ត្រី​នគរបាលដែល​បាន​អន្តរាគមន៍​ដោយ​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង​កាណុង​បាញ់​ទឹក​។​​បាតុករ​ប្រឆាំង​ជា​ចម្បង​ចំពោះ​ការប្រើប្រាស់​ប័ណ្ណ​បញ្ជាក់​ថា​គ្មាន​ការ​ឆ្លង​វីរុស Covid-19 ដែល​រារាំង​អ្នក​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំងមិន​ឱ្យ​ចូល​ទៅ​កន្លែង​នានា ​ដូចជា​ភោជនីយដ្ឋាន ឬ​បារ​ជាដើម​។ វិធានការ​នេះ​មាន​ឡើង ​បន្ទាប់ពី​ការ​តវ៉ា​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ហូ​ឡង់ប្រឆាំង​នឹង​វិធាន​ការ​បិទ​ខ្ទប់​ថ្មី​។ កាលពី​ថ្ងៃ​សៅរ៍ ប្រជាជន​បាន​គប់​កាំជ្រួច​ដាក់​នគរបាល និង​ដុត​ទោចក្រយាន​នៅ​ទីក្រុង​ឡាអេ មួយ​យប់​បន្ទាប់ពី​ការ​តវ៉ា​នៅ​ទីក្រុង Rotterdam ក្លាយ​ជា​ហិង្សា ហើយ​នគរបាល​បាន​បាញ់​កាំភ្លើង​។​ នគរបាល​ហូ​ឡង់​បាននិយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៤៨​នាក់បន្ទាប់ពី​អំពើ​កុបកម្ម​ហិង្សា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ ​បាន​ផ្ទុះឡើង​ជុំវិញ​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា​។​​បាតុករ​រាប់​ពាន់​នាក់​ក៏បាន​ចេញ​តវ៉ា​ផង​ដែរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​អូទ្រីស ក្រូ​អាត និង​អ៊ីតាលី ខណៈ​ដែល​កំហឹង​បាន​កើតមានឡើង​ជុំវិញ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​ជាថ្មី​។​ នៅ​ប្រទេស​បែលហ្ស៊ិក ច្បាប់​ស្ដីពី​ការ​ពាក់​ម៉ាស់ត្រូវ​បាន​រឹត​បន្តឹងរួម​ទាំង​កន្លែង​នានាដូចជា​ភោជនីយដ្ឋាន ជាទី​ដែល​តម្រូវ​ឱ្យ​មាន​កាត​បញ្ជាក់​ថា​គ្មាន​វីរុស Covid-19 ហើយ​ប្រជាជន​បែលហ្ស៊ិក​ភាគច្រើន​នឹង​ត្រូវ​ធ្វើការ​ពី​ផ្ទះ ៤​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​រហូតដល់​ពាក់​កណ្ដាល​ខែ​ធ្នូ​។ ក៏​មាន​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ជា​កំហិត​ផង​ដែរ​។​ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួន​មាន "​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​" អំពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង វីរុស​កូ​រ៉ូ​ណា ឬ ​COVID-19 នៅ​លើ​ទ្វីប​នេះ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​ប៉ូឡូញ​និយាយ​ថា វិបត្តិ​ជនអន្តោប្រវេសន៍​ប៉ះ​ពាល់​ដល់​សហភាព​អឺរ៉ុប និង​ណា​តូ

2021/11/20 10:21:49 am        511
​ប៉ូឡូញ៖ ប្រធានាធិបតី​ប៉ូឡូញ​លោក Andrzej Duda បាន​និយាយ​ថា វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​ព្រំដែន​ប្រទេស​របស់​លោក​ជាមួយ​ប្រទេស​បេឡា​រុស បាន​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ខ្លាំង​ចំពោះ​មិន​ត្រឹមតែសហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​មាន​អង្គការ​ណា​តូផង​ដែរ​។ លោក Duda បាន​និយាយ​ដូច្នេះ​ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មានរួមគ្នា ​ជាមួយ​សម​ភាគី​ប្រទេស​ម៉ា​សេ​ដូនាខាងជើង​លោក Stevo Pendarovski។លោក Duda បាន​និយាយ​នៅ​ក្នុង​កិច្ចពិភាក្សា​នា​ពេល​ថ្មីៗ​នេះ ជាមួយ​អគ្គលេខាធិការ​អង្គការ NATO លោក Jens Stoltenberg ដោយលោក​បាន​បង្ហាញ​ពី​ការ​គំរាម​កំហែងដែល​អាច​កើតមានពី​ប្រទេស​បេឡា​រុស។ លោក​ប្រធានាធិបតី​បាន​និយាយ​ថា លោក​នៅតែ​ជឿ​ថា​ វិបត្តិ​អាច​ត្រូវ​បាន​ដោះស្រាយ​។ ប្រទេស​លោក​ខាង​លិច​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី​​បេឡា​រុសលោក Alexander Lukashenko ថា ​បាន​ប្រើប្រាស់​ជនអន្តោប្រវេសន៍​ធ្វើជា​កូនអុកដើម្បី​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​មាន​អស្ថិរភាព ​ក្នុង​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្មលើរបប​ផ្តាច់​ការរបស់​លោក​។ ប្រទេស​បេឡា​រុសបាន​បដិសេធ​ចំពោះ​វិបត្តិ​នេះ ដែល​បាន​មើល​ឃើញ​ជន​អន្តោប្រវេ​ស​ន៍ចូល​មក​ប្រទេស​តាំងពី​រដូវ​ក្តៅ​មុន ហើយ​បន្ទាប់មក​ព្យាយាម​ឆ្លងកាត់​ទៅ​ប្រទេសប៉ូឡូញ លី​ទុយ​អា​នី និង​ឡា​ត​វី​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ប្រទេស​បេឡា​រុស​បាន​ចេញ​ផ្សាយ​វីដេអូ នៃ​ជនអន្តោ​ប្រវេ​ស​ន៍​នៅ​ព្រំដែន​ប្រទេស​បេឡា​រុស-​ប៉ូឡូញត្រូវ​បាន​គេ​ផ្តល់​អាហារ និង​ទី​ជម្រក​ដែល​រៀបចំនៅ​មជ្ឈ​មណ្ឌល​ដឹកជញ្ជូន​ក្បែរ​ព្រំដែន​។វីដេអូ​ដែល​ចាក់​ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ីបាន​បង្ហាញ​ពីបុគ្គលិក​ពេទ្យប្រទេស​បេឡា​រុស ​បាន​មក​ដល់​ព្រំដែន​ដើម្បី​ចាប់ផ្ដើមចាក់​វ៉ា​ក់​សាំង​ជនអន្តោប្រវេសន៍​បង្ការ​វី​រុស ​COVID-19​។ ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ជន​អន្តោ​ប្រវេ​ស​ន៍រាប់​ពាន់​នាក់បាន​ជាប់​គាំង​នៅក្នុង​ព្រៃ​ត្រជាក់​ និង​សើម​នៅ​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​ប៉ូឡូញ​។ យោង​តាម​អ្នកនាំ​ពាក្យ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​ថា ប្រធានាធិបតី​ប្រទេស​បេឡា​រុស និង​រុស្ស៊ីបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជុំវិញ​តាម​ការ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​បាប​ជនអន្តោប្រវេសន៍​ដោយមន្ត្រី​ព្រំដែន​ប្រទេស​ប៉ូឡូញ​។ ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​ព្រំដែន​ប្រទេស​ប៉ូឡូញ​-​បេឡា​រុស ដោយ​មនុស្ស​ប្រមាណ ២.០០០​នាក់​ជាប់​គាំង​រវាង​កង​កម្លាំង​មកពី​ប្រទេស​ទាំងពីរ​៕អត្ថបទ៖ ប៊ុនថន

ចិន​ព្រមាន​សហរដ្ឋអាមេរិក​ពី "​ការ​ប្រឡែង​លេង​ជាមួយ​ភ្លើង​" លើ​កោះ​តៃវ៉ាន់​ក្នុង​ជំនួប​រវាង​លោក Biden​ និង​លោក Xi

2021/11/17 11:16:57 am        207
ចិន៖ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រើ​ជំនួប​កំពូល​តាម​វីដេអូ​ជាមួយ​សម​ភាគី​អាមេរិក​លោក Joe Biden ដើម្បី​ព្រមាន​ថា ការលើកទឹកចិត្ត​ឲ្យ​មាន​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹង​ជាការ​ "​ប្រឡែង​លេង​ជាមួយ​ភ្លើង​''។​ ​ការចរចា​នេះ​មាន​សារៈ​សំខាន់បំផុត​ចាប់តាំងពី​លោក Biden ចូលកាន់​តំណែង​កាលពី​ខែមករា​ដើម​ឆ្នាំ​នេះ​។​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ទាំងពីរ ហើយ​ជំនួប​កំពូល​គឺជា​ការប៉ុនប៉ង​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។ ប៉ុន្តែ​មេដឹកនាំ​ទាំង​២ ​មិនអាច​គេចផុត​ពី​ប្រធាន​បទ​ដ៏​រសើប​បំផុត​មួយ​នោះទេ គឺ​បញ្ហា​កោះ​តៃវ៉ាន់​ដែលជា​ដែនដី​ស្វ័យគ្រប់គ្រង​ដោយ​កោះ​តៃវ៉ាន់ ​ចិន​មើល​ឃើញ​ថា ​កោះ​តៃវ៉ាន់​ជា​ខេត្ត​ផ្ដាច់ខ្លួន​មួយ​ដែល​ខ្លួន​នឹង​បង្រួបបង្រួម ​ជាមួយ​ដីគោក​នៅ​ថ្ងៃ​ណា​មួយ​។ សហរដ្ឋ​អាមេ​រិក​ទទួល​ស្គាល់ និង​មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ចិន​។ ប៉ុន្តែ​ខ្លួន​ក៏បាន​សន្យា​ជួយ​កោះ​តៃវ៉ាន់​ការពារ​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍​នៃ​ការវាយប្រហារ​ណាមួយ​ដែរ​។​សារព័ត៌មាន​រដ្ឋ Global Times របស់​ចិនបាន​និយាយថា លោក Xi បាន​ស្តីបន្ទោស​ភាព​តានតឹង​នា​ពេល​ថ្មីៗ​នេះ​លើ "​ការប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត​ពី​សំណាក់​ក្រុម​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដើម្បី​ស្វែង​រក​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​សម្រាប់​របៀបវារៈ​ឯករាជ្យរ​បស់​ពួកគេ ក៏ដូចជាចេតនា​របស់​ប្រជាជន​អាមេរិក​មួយចំនួន​ក្នុងការ​ប្រើប្រាស់​កោះ​តៃវ៉ាន់​ ដើម្បី​ទប់ស្កាត់​ប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ៖សា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត

2021/11/16 04:27:39 pm        122
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ បានថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១ ពីរាជធានីភ្នំពេញ តាមប្រព័ន្ធវីដេអូទៅកាន់មេដឹកនាំអាស៊ីនិងអឺរ៉ុប នារសៀលថ្ងៃទី១៦វិច្ឆិកានេះថាសា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត។សម្តេចបានគូសបញ្ជាក់ថាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប គឺជាយន្តការស្នូល ដ៏សំខាន់មួយសម្រាប់តភ្ជាប់ប្រជាជន និងប្រជាជន រវាងទ្វីបទាំងពីរនៃយើង ហើយលទ្ធផល នៃកិច្ចប្រជុំនេះ នឹងក្លាយជាធាតុចូល និងអនុសាសន៍ដ៏មានតម្លៃសម្រាប់កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣, អាទិភាពរបស់កម្ពុជា គឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់ពហុភាគីនិយមឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនរួមគ្ន ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ នៅក្រោយវិបត្តិ។សម្តេចបន្តថា សន្តិភាព និងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ។ ខ្សែបន្ទាត់ភូមិសាស្ត្រ នយោបាយនានា កំពុងត្រូវបានគូសវាសរួចទៅហើយ និងបានដាក់គំនាបឱ្យរដ្ឋតូចៗជ្រើស រើសរបៀបវារៈនយោបាយមួយ ដែលមិនឆ្លុះបញ្ចាំងអំពីឆន្ទៈ និងផលប្រយោជន៍នៃប្រជាជាតិ របស់ខ្លួន ។ នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនេះ, មានតែភាពជាដៃគូប្រកបដោយភាពជឿទុកចិត្តគ្នានោះទេ ទើបអាចឱ្យយើងបន្តរក្សាបាននូវយន្តការ ពហុភាគីនិយមមួយ ដែលនឹងធានាបាននូវសន្តិភាព, ស្ថិរភាព, វឌ្ឍនភាព និងវិបុលភាពរបស់ សកលលោក ។ ក្នុងស្មារតីនេះ, យើងទាំងអស់គ្នាចាំបាច់ត្រូវតែបន្តរក្សាឱ្យបាននូវគុណតម្ល នៃសន្តិភាព ព្រមទាំងបន្តរិះរកជានិច្ចនូវយន្តការចាំបាច់នានា សំដៅសម្រេចឱ្យបាននូវគោលដៅដ៏ឧត្តុង្គឧត្តមនេះ។សម្តេចបានបន្តទៀតថាសា្ថប័នសភាអាស៊ី-អឺរ៉ុប នឹងដើរតួនាទីដ៏សំខាន់នៅក្នុងការពង្រឹងទំនុកចិត្ត, ការបញ្ចៀស បញ្ហា តាមរយៈការទូតរវាងសភា និងសភា (Parliamentary Preventive Diplomacy) និងសំខាន់បំផុតនោះ គឺការធានាឱ្យបាននូវទំនុកចិត្តបែបយុទ្ធសាស្ត្រ ជាពិសេសលើបញ្ហា សន្តិសុខ និងស្ថិរភាព ដែលកាន់តែមានភាពស្មុគស្មាញ និងចាក់ស្រេះខ្លាំងឡើង ។ ឈរលើ មូលដ្ឋាននេះ, កម្ពុជាប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា, ការរៀនសូត្រពីគ្នា, ការយោគយល់គ្នា, ការទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បី កសាងបាននូវគ្រឹះដ៏ចាំបាច់មួយ សម្រាប់ការអនុវត្តគោលនយោបាយការបរទេសពហុភាគី និយមរបស់យើង ។ ប្រសិនបើគ្មានយន្តការពហុភាគីនិយមមួយដែលរឹងមាំ នោះយើងក៏ពុំ អាចដោះស្រាយបញ្ហាទាំងអស់នេះជារួមបានដែរ៕ អត្ថបទ ៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM