ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

មនុស្ស​ ១២​នាក់​ស្លាប់រួម​ទាំង​កុមារ ១០​នាក់​នៅ​រដ្ឋ​ Alabama​ ដោយសារតែ​ព្យុះ​ត្រូ​ពិ​ក​សម្ពាធ​ទាប Claudette

2021/06/21 09:59:32 am        209
​អាមេរិក៖ ព្យុះ​ត្រូ​ពិ​ក​សម្ពាធ​ទាប Claudette បាន​ឆក់​យក​ជីវិត​មនុស្ស ១២​នាក់​នៅ​រដ្ឋ​ Alabama ខណៈ​ព្យុះ​បាន​បោកបក់​ពាសពេញ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ និង​ព្យុះ​កួច​ដែល​បំផ្លាញ​ផ្ទះសម្បែង​រាប់​សិប​ខ្នង​។ នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​រង​របួស​ដែរ។​​យោង​តាម​អាជ្ញាធរ​ការិយាល័យ​ Butler County Coroner លោក Wayne Garlock បាន​អោយ​ដឹង​ថា ​មនុស្ស ១០​នាក់​ក្នុង​នោះ​មាន​កុមារ ៩​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ទី១៩ ខែមិថុនា​ នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា​ជាច្រើន​គ្រឿង​ នៅ​ចម្ងាយ​ប្រហែល ៥៥​គីឡូ​ម៉ែត្រ​ខាងត្បូង​ទីក្រុង Montgomery នៅ​លើ​ផ្លូវ​ឆ្លងកាត់​រដ្ឋ​លេខ ៦៥។ លោក​បាន​និយាយ​ថា ​យានជំនិះ​ទាំង​នេះ​ទំនងជា​រថយន្ត​កែ​ច្នៃរ​រត់​លើ​ផ្លូវ​សើម ដែល​មាន​កុមារ​ជិះ​ចំនួន ៨​នាក់​មាន​អាយុ​ចាប់ពី ៤ ទៅ ១៧​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​មួយ​ ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ដែល​ប្រតិបត្តិការ​ដោយ​ក្លឹប​អា​ឡា​បា​ម៉ា ដោយសារតែ​បណ្ដោយ​ឲ្យ​ក្មេង​ជិះ។​​លោក Garlock បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ថា ​មនុស្ស ២​នាក់​បាន​ស្លាប់​នៅ​ក្នុង​យានយន្ត​ដាច់​ដោយឡែក​ពី​គ្នា​គឺ​លោក Cody Fox អាយុ ២៩​ឆ្នាំ​ និង​កូនស្រី​អាយុ ៩​ខែ​របស់​លោក​ឈ្មោះ Ariana អ្នក​ទាំងពីរ​រស់​នៅ​ក្នុង​តំបន់ Marion County រដ្ឋ Tennessee៕អត្ថបទ៖ សុខមាន

មេរោគ​ COVID-19 បំប្លែង​ថ្មី Delta ក្លាយ​ជា​បញ្ហា​ធំ​ជាស​កល​

2021/06/19 12:33:20 pm        124
WHO៖ ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា មេរោគ​បំប្លែង​ថ្មី​ Delta ​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​ត្រូវ​បាន​កំណត់​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ជាស​កល​។​​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ ការ​កើន​ឡើង​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ Delta ខណៈ​មន្ត្រី​សុខាភិបាល​សាធារណៈ​កំពូល​របស់​អាល្លឺម៉ង់​បាន​ព្យាករណ៍​ថា​ វា​នឹង​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​លើស​លប់​លឿន​បំផុត ទោះបី​មានការ​កើន​ឡើង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ក៏ដោយ​។ វិមាន​ក្រឹម​ឡាំង​បាន​ដាក់​កំហុស​នៃការ​កើន​ឡើង​ករ​ណី​វីរុស ​Covid-19 ​លើ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឲ្យ​មាន​វ៉ាក់សាំង បន្ទាប់​ពី​កំណត់ត្រា​ឆ្លង​ថ្មី​ក្នុង​ទីក្រុង​មូស្គូ​ភាគច្រើន​ឆ្លង​វីរុស​បំប្លែង​ថ្មី​ Delta ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ចំពោះ​រលក​ទី​៣​។មេរោគ​បំប្លែង​ថ្មី​ត្រូវ​បាន​លើកឡើង​មក​និយាយ​ដោយ​ក្រុមហ៊ុន CureVac ខណៈ​ក្រុម​ហ៊ុន​អាល្លឺម៉ង់​មួយ​នេះ​បាន​រាយការណ៍​ថា ​វ៉ាក់សាំង​របស់​ខ្លួន​បង្ហា​ញ​ប្រសិទ្ធភាព​ ៤៧% ក្នុង​ការ​ការពារ​វីរុស​បំប្លែង​នេះ​។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ប្រទេស​អាហ្វ្រិក​នៅតែ​ជា​តំបន់​មួយ​នៃ​ក្តី​បារម្ភ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​តិច​បំផុត ដូចជា​ករណី​ថ្មីៗ​នៅ​ប្រទេស​ណាំ​មី​ប៊ី សេ​រ៉ា​លី​អូន និងរ​វ៉ាន់ដា ដែល​បាន​កើន​ឡើង​ការ​ឆ្លង​ទ្វេដង​កាល​ពី​សប្ដាហ៍​មុន​៕អត្ថបទ៖ ប៊ុនថន

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មានការ​ហាមឃាត់​អាវុធ​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា​

2021/06/19 12:26:30 pm        115
UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​អនុម័ត​ដំណោះស្រាយ​ការ​ថ្កោលទោស​របប​យោធា​មី​យ៉ាន់​ម៉ា ដែល​បាន​ផ្ដួល​រំលំរដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។ ទន្ទឹម​ម​នឹង​នេះ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ជាប់ឃុំ​នយោ​បាយ រួម​ទាំង​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី ​អ៊ុង សាន​ស៊ូ​ជី ព្រមទាំង​បញ្ចប់​អំពើ​ហិង្សា​លើអ្នក​តវ៉ា​ដោយ​សន្តិវិធី​។​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា​ លោកស្រី Christine Schraner Burgener និយាយ​ទៅកាន់​មហាសន្និបាត​ថា ហានិភ័យ​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មាន​ពិតប្រាកដ ខណៈ​ឱកាសក្នុង​ការ​វិល​ត្រឡប់​របប​យោធា ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​គឺ​មាន​តិច​។ ​ការ​អំពាវនាវ​របស់​អង្គការសហប្រជាជាតិ ​ត្រូវ​បាន​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​ចំនួន​ ១១៩ ហើយ​មានតែ​ប្រទេស​បេឡា​រុស​មួយ​គត់​ដែល​បោះឆ្នោត​ប្រឆាំង ខណៈ ៣៦​ប្រទេស​ផ្សេងទៀត​អនុបវាទ​រួមមាន​ទាំង​ប្រទេស​រុស្សី និង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​របស់​យោធា​មី​យ៉ាន់​ម៉ា​។ ​បណ្ដា​ប្រទេស​អនុបវាទ​និយាយ​ថា វិបត្តិ​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​សហភាព​មី​យ៉ាន់​ម៉ា ខណៈ​បណ្ដា​ប្រទេស​ដ៏​ទៃទៀត​និយាយ​ថា ដំណោះស្រាយ​មិនបាន​ដោះ​ស្រាយ​ការ​បង្ក្រាប​ដ៏​ឃោរ​ឃៅ​របស់​យោធា ​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រយៈពេល ៤​ឆ្នាំ​មកនេះ ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​។ ឯកអគ្គរដ្ឋទូត​អង្គការ​សហប្រជាជាតិ​របស់​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​​និយាយ​ថា លោក​ខកចិត្ត​​រយៈពេល យូរ​អង្វែង​ សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ ​ដើម្បី​អនុម័ត​ដំណោះស្រាយ៕​អត្ថបទ៖ ប៊ុនថន

លោក Antonio Guterres ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​ UN សម្រាប់​អាណត្តិ​​ទី​២

2021/06/19 11:54:39 am        133
UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) កាលពី​ថ្ងៃ​សុក្រ​បាន​តែង​តាំង​លោក Antonio Guterres ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ទី​២ ក្នុង​រយៈពេល ​៥​ឆ្នាំដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ​ឆ្នាំ​២០២២។ ប្រធាន​សម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥ លោក​ Volkan Bozkir បាន​ប្រកាស​ការ​តែងតាំង​នេះ​ជា​ផ្លូវការ​ក្នុង​មហាសន្និបាត​។​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ការតែងតាំង លោក Guterres និយាយ​ថា លោក​នឹង​ទទួល​យក​ការទទួលខុសត្រូវ​ក្នុង​ការ​បម្រើការ ​ជា​អគ្គលេខាធិការ​ក្នុង​អាណត្តិ​ទី​២​ ជាមួយ​នឹង​ការអរគុណ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើការ​ជាមួយគ្នា​ ដើម្បី​ជំរុញ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ ក្នុង​ពិធី​ស្បថ​ចូលកាន់តំណែង​នៅ​សាល​មហាសន្និបាត​ លោក Guterres បាន​និយាយ​ថា ខ្ញុំ​ដឹង​ច្បាស់​អំពី​ទំនួល​ខុសត្រូវ​ធំធេង​ ដែល​អ្នក​បានប្រគល់​ដល់​ខ្ញុំ​នៅ​គ្រា​លំបាក​ក្នុង​ប្រវត្តិសាស្ត្រ​។ ​យើង​កំពុង​ស្ថិត​នៅ​ផ្លូវ​លើ​បំបែក​ ហើយ​មាន​ជម្រើស​ជាច្រើន​នៅ​ពីមុខ​យើង​។ ដោយ​បញ្ជាក់​ពី​ការ​រីក​រាលដាល​វីរុស​ Covid-19 បាន​បង្ហាញ​ពី​តម្រូវការ​ដាច់ខាត​សម្រាប់​សកម្មភាព​សមូហ​ភាព លោក Guterres បាន​សន្យា​ថា ​នឹង​បន្ត​ជួយ​ដល់​ការរៀបចំ​ផែនការ​ពិភពលោក​ឱ្យ​រួច​ផុត​ពី​រោគរាតត្បាត​។​​អ្នកនយោបាយ​ជនជាតិ​ព័រទុយហ្កាល់​អាយុ ​៧២​ឆ្នាំ​រូប​នេះ​បាន​កាន់​តំណែង​ជា​ប្រធាន​អង្គការ​សហប្រជាជាតិ​តាំងពី​ឆ្នាំ២០១៧​។ អាណត្តិ​ទី​២ របស់​លោក​ក្នុងនាម​ជា​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទី​៩ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី១ ខែ​មករា​ ឆ្នាំ​២០២២។​ ប្រធានាធិបតី​ចិន ​លោក Xi Jinping បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ប្រមុខ​អង្គការសហប្រជាជាតិ និង​ប្រធានាធិបតីព័រទុយ ហ្កាល់ លោក Marcelo Rebelo de Sousa ជុំវិញ​ការ​ជាប់​ឆ្នោត​ជាថ្មី​របស់​លោក Guterres។ នៅ​ក្នុង​សារ​លោក Xi បាន​និយាយ​ថា ​ក្នុងនាម​ជា​អង្គការ​អន្តរជាតិ អន្តររដ្ឋាភិបាល​ដែល​មាន​លក្ខណៈ​ជា​អ្នកតំណាង ​និង​ជា​អ្នក​ផ្តល់​សិទ្ធិ​អំណាច​បំផុត អង្គការសហប្រជាជាតិ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​អន្តរជាតិ៕​អត្ថបទ៖ ប៊ុនថន

កូរ៉េខាងត្បូង​សន្យា​ផ្តល់​ថវិកា​ ២០០​លាន​ដុល្លារ​អាមេរិក​ដល់​កិច្ច​ប្រឹង​ប្រែង​ផ្គត់ផ្គង់​វ៉ាក់សាំង ​COVID-19 ជា​អន្តរជាតិ​

2021/06/19 11:35:27 am        154
​កូរ៉េខាងត្បូង៖ សម្ព័ន្ធ​ភាព​សកល​សម្រាប់​វ៉ាក់សាំង ​និង​ការ​ចាក់​វ៉ាក់សាំង ​(GAVI) និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​កូរ៉េខាងត្បូង​សន្យា​ផ្តល់​ថវិកា​ចំនួន ​២០០​លាន​ដុល្លារ​អាមេរិក​ដល់​កម្មវិធី​វ៉ាក់សាំង​របស់​មជ្ឈមណ្ឌល COVAX ដែល​កំពុង​ផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​។មជ្ឈមណ្ឌល​ COVAX ដែល​គាំទ្រ​ដោយ​សម្ព័ន្ធ​ភាព​សកល (GAVI) និង​អង្គការ​សុខភាព​ពិភព​លោក (WHO) មាន​គោលបំណង​ធានា​បាននូវ​វ៉ាក់សាំង​ចំនួន ២​ពាន់​លាន​ដូ​ស​នៅ​ចុង​ឆ្នាំ ២០២១។​ ​សេចក្ដីថ្លែងការណ៍​រប​ស់​សម្ព័ន្ធ​ភាព​សកល ​(GAVI)​ និយាយ​ថា ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា សាធារណរដ្ឋ​កូរ៉េ​សន្យា​ផ្តល់​ការ​រួម​ចំណែក​សរុប​ចំនួន​ ១០០​លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំនេះ ហើយ​នៅ​ឆ្នាំ​២០២២ ​ចំនួន ​១០០​លាន​ដុល្លារ​ទៀតជា​ទម្រង់​នៃ​ការ​រួម​បញ្ចូល​គ្នា​នូវ​ហិរញ្ញវត្ថុ និង​ជា​ការ​ចូល​រួម​ចំណែក​ដ៏​ប្រសើរ​។ ខណៈ​ពេល​ដែល​ប្រទេស​អ្នកមានដែល​មាន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​យ៉ាង​ច្រើននោះ​ ពិភពលោក​ភាគច្រើន​នឹង​នៅឆ្ងាយ​ពី​ក្តី​បារម្ភ​នៃ​រលក​បន្ថែម​ទៀត ​ដែល​អាច​បង្កឡើង​ដោយ​វីរុស​បំប្លែង​ថ្មី​។​​ទន្ទឹម​នឹង​នេះ​ មេដឹកនាំ​មកពី​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន (G7) បាន​ព្រមព្រៀងគ្នា​កាលពី​ចុង​សប្ដាហ៍​មុន ក្នុងការសន្យា​ផ្តល់​នូវ​វ៉ាក់សាំង​ចំនួន ៨៧០​លាន​ដូ​ស ដោយមាន​គោល​បំណង​ផ្តល់​ឲ្យ​យ៉ាងហោចណាស់​ពាក់កណ្ដាល​ នៃដូ​ស​វ៉ាក់សាំង​នៅ​ចុង​ឆ្នាំ​នេះ​។​ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ​សុខភាព​ពិភពលោក​ បាន​ស្វាគមន៍​ចំពោះ​​ការ​ជួយ​ផ្គត់ផ្គង់​នេះ ប៉ុន្តែ​បាន​និយាយ​ថា ​ត្រូវ​ការ​ដូ​ស​វ៉ាក់សាំង​ជាច្រើន​ទៀត​ដែល​ចាំ​បាច់ ​និង​ឆាប់រហ័ស៕​អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ ​COVID-19 លើ​ពិភព​លោក​បាន​កើន​ឡើង​ជាង ​៤​លាន​នាក់​

2021/06/18 11:37:26 am        205
ពិភព​លោក៖ យោង​តាម​សារព័ត៌មាន Reuters ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​វីរុស​កូ​រ៉ូ​ណា​ នៅ​ទូទាំង​ពិភព​លោក​បាន​ហក់​ឡើង​ជាង​ ៤​លាន​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ប្រទេស​ជាច្រើន​កំពុង​ស្វះ​ស្វែង​ធានា​ឲ្យ​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ សម្រាប់​ចាក់​ដល់​ពលរដ្ឋ​របស់​ខ្លួន​។ខណៈ​ចំនួន​ករណី​ឆ្លង និង​ស្លាប់​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ​ដូចជា​សហរដ្ឋ អាមេរិក ចក្រភព​អង់គ្លេស​ជាដើម​នោះ ប្រទេស​មួយ​ចំនួន​បាន​ខ្វះ​វ៉ាក់សាំង ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ក្លាយ​ជា​វីរុស​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។​ យោង​តាម​ការ​វិភាគ​របស់​សារព័ត៌មាន Reuters អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 បាន​ហក់​ឡើង​ជាង​ ២​លាន​នាក់​ត្រឹម​រយៈពេល​ជាង​ ១​ឆ្នាំ ខណៈ​ចំនួន​ ២​លាន​នាក់​ទៀត​ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល​ត្រឹមតែ ១៦៦​ថ្ងៃ​។​ប្រទេស​ចំនួន ​៥​ ដែល​មាន​មនុស្ស​ស្លាប់​សរុប​ខ្ពស់​បំផុត​គឺ​សហរដ្ឋ​អាមេរិក ប្រេ​ស៊ី​ល ឥណ្ឌា រុស្ស៊ី និង​ម៉ិ​ក​ស៊ិ​កស្មើ​ប្រហែល​ ៥០% នៃ​ចំនួន​អ្នក​ស្លាប់​ទាំងអស់​ក្នុង​ពិភពលោក ខណៈ​ដែល​ប្រទេស​ប៉េ​រូ ហុង​គ្រី បូ​ស្នៀ សាធារណៈ​រដ្ឋ​ឆែក និង​ដែនដី​ហ្គី​ប្រា​លតា មាន​អត្រា​ស្លាប់​ខ្ពស់​បំផុត​គិត​តាម​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

សេត​វិមាន​នឹង​ពិចារណា​ពី​ជំនួប​រវាង​លោក Biden និង​លោក Xi Jinping

2021/06/18 11:11:29 am        74
​អាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សេត​វិមាន​នឹង​ពិចារណា​ការ​រៀបចំ​ជំនួប​ពិភាក្សា​រវាងលោក​ប្រធានាធិបតី Joe Biden និង​សម​ភាគី​ចិន​របស់​លោក​គឺ​លោក Xi Jinping ខណៈ​ប្រទេស​ទាំង​២ ​មាន​ភាព​ចម្រូងចម្រាស​លើ​បញ្ហា​ជាច្រើន រួម​ទាំង​បញ្ហា​សិទ្ធិមនុស្ស​។​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Biden គឺ​លោក Jake Sullivan បាន​និយាយ​ថា​ មេដឹកនាំ​ទាំង​២ ​គ្រោង​នឹង​សម្រេច​ថា ​តើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ​ស្ថិត​នៅ​ត្រង់​ចំណុច​ណា​។ ទីក្រុង​ប៉េកាំង​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ ចំពោះ​សេចក្ដីថ្លែងការណ៍​រួម​ដែល​បាន​ចេញ​តាម​ការ​ទាមទារ​របស់​លោក Biden ដោយ​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ទាំង​៧ ឬ (G7) ​កាលពី​ថ្ងៃអាទិត្យ​។ ជំនួប​នោះ​បាន​ស្តី​បន្ទោស​ប្រទេស​ចិន ​អំពី​សិទ្ធិមនុស្ស​នៅ​ក្នុង​តំបន់​ស៊ីន​ជាំ​ង និង​ទីក្រុង​ហុងកុង​របស់​ខ្លួន ខណៈ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​យ៉ាង​ពេញលេញ​ និង​ហ្មត់ចត់​អំពី​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ប្រទេស​ចិន​។​​លោក Sullivan បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ នៅ​សន្និសីទ​សារព័ត៌មាន​តាម ​Video ថា មិន​យូរ​ទៀត​ទេ យើង​នឹង​អង្គុយ​ធ្វើការ​ដោយ​ស្មើភាព​ សម្រាប់​ប្រធានាធិបតី​ទាំង​២​។​ ​វា​អាច​ជា​ការសន្ទនា​តាម​ទូរស័ព្ទ វា​អាច​ជា​ជំនួប​ក្នុង​ពេល​មាន​ជំនួប​កំពូល​អន្តរជាតិ ឬ​អាច​នៅ​ពេល​ណា​មួយ​​ផ្សេងទៀត​។​ ទាំង​លោក Biden​ ទាំង​លោក​ Xi ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ជំនួប G20 នៅ​ខែ​តុលា ដែល​រៀបចំឡើង​ដោយ​ប្រទេស​អ៊ីតាលី ដែល​អាច​ជា​វេទិកា​សម្រាប់​ជំនួប​នោះ​។ យ៉ាង​ណា លោក Sullivan ពុំបាន​ផ្ដល់​ការសម្រេច​ចុងក្រោយ​ណាមួយ​នោះ​ទេ​៕អត្ថបទ៖ សុខមាន

លោក Putin កោត​សរសើរ​លទ្ធផល​ជំនួប​កំពូល និង​ហៅ​លោក Biden ថា​ ជា​អ្នក​ចរចា​ប្រកាន់​ជំហរ​តឹងរ៉ឹង

2021/06/18 09:46:08 am        106
រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កោតសរសើរ​លទ្ធផល​ នៃ​កិច្ចប្រជុំ​កំពូល​របស់​លោក​ជាមួយប្រធានាធិបតី​អាមេរិកលោក Joe Biden ហើយ​បាន​ហៅ​លោ​កថា ​ជា​អ្នកចរចា​វាងវៃ​ និង​ហ្មត់ចត់​។​មេដឹកនាំ​ទាំងពីរ​បាន​បញ្ចប់​កិច្ចពិភាក្សា​រយៈពេល ៣​ម៉ោង​កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​វីឡា​ដ៏​ប្រណីត​មួយ​ទល់មុខ​បឹង​ហ្សឺ​ណែវ​ ដោយ​ផ្លាស់ប្ដូរ​ការ​បង្ហាញ​ការ​គោរព​គ្នា​ទៅវិញទៅមក ប៉ុន្តែ​បាន​បង្ហាញ​នូវ​ទស្សនៈ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង ​ទៅលើ​ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ជម្លោះ​នយោបាយ និង​បញ្ហា​ផ្សេងៗ​ទៀត​។ ក្នុង​ពេល​ជាមួយគ្នា​នោះ មេដឹកនាំ​ទាំង​២​ បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង ​ឈាន​ដល់​ការ​បញ្ជូន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ​ទៅកាន់​ប្រទេស​ទាំង​២ និង​រៀបចំ​ផែន​ការ​ពិភាក្សា​បន្ថែម​ទៀត ​ស្ដីពី​ការគ្រប់គ្រង​អាវុធ​ និង​សន្តិសុខ​ប្រព័ន្ធ​បច្ចេកវិទ្យា​។​ លោក Putin ដែល​បាន​សាទរ​លោក Biden ថា​ ជា​អ្នក​អន្តរការី​ពោរពេញ​ដោយ​បទពិសោធន៍ និង​មាន​លក្ខណៈ​ស្ថាបនា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ បាន​ផ្តល់​ការ​កោតសរសើរ​ដល់​មេដឹកនាំ​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ព្រហស្ប​តិ៍​នៅ​ក្នុង video call ជាមួយ​និស្សិត​បញ្ចប់​ការ​សិក្សា​ នៅ​សាលា​គ្រប់គ្រង​របស់​រដ្ឋាភិបាល​។​លោក Putin បាន​និយាយ​ថា លោក​ដឹង​រឿង​នេះ​ច្បាស់​ណាស់​។ លោក​ផ្ដោត​លើ​ការងារ​ខ្លាំង​ណាស់ ហើយ​ដឹង​ថា ​អ្វី​ដែល​លោក​ចង់​សម្រេច​បាន​។ ហើយ​លោក​ធ្វើការ​ងារ​នោះ​ប្រកប​ដោយ​ស្មារតី​វាងវៃ។​ ​លោក​បាន​ច្រានចោល​នូវ​អ្វី​ដែល​លោក​បាន​ពិពណ៌នា​ថា​ ជា​ការ​ប៉ុនប៉ង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​វាយ​ប្រហារ​លោក Biden ថា ​ជា​មនុស្ស​ចាស់​ទន់ខ្សោយ​ដោយ​បញ្ជាក់​ថា ​ប្រធានាធិបតី​អាមេរិក​វ័យ ៧៨​ឆ្នាំ​រូប​នេះ​មាន​ជំហរ​រឹងមាំ សូម្បីតែ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​រូបលោក និង​ជំនួប​ដែល​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​សម្រាប់​លោក​ Biden ដែល​រួមមាន​កិច្ចប្រជុំ​កំពូល G-7 និង NATO៕អត្ថបទ៖ សុខមាន

ឥណ្ឌា​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19​ ជាង ​៦​ម៉ឺន​នាក់​ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ឡើង​ជាង ​២៩​លាន​នាក់​

2021/06/17 08:21:05 am        74
​ឥណ្ឌា៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​បាន​និយាយ​ថា ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ ២៩,៧០០,៣១៣​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៦៧​,២០៨​នាក់​ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល​ ២៤​ម៉ោង។​ចំណែក​អ្នកជំងឺ​ជាង ២,៣៣០​នាក់​ទៀត​បាន​ស្លាប់​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ៣៨១,៩០៣នាក់។​ ​នេះ​ជា​ថ្ងៃ​ទី​១០ ​ជាប់ៗ​គ្នា នៅ​ពេល​មានការ​ឆ្លង​តិច​ជាង​ ១០ម៉ឺន​នាក់ត្រូវ​បាន​កត់ត្រា​ទូទាំង​ប្រទេស ​បន្ទាប់ពី​បាន​ហក់​ឡើង​ដល់​ចំណុចកំពូល​ជាង ៤០​ម៉ឺន​នាក់ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃកាលពី​ខែ​មេសា និង​ឧសភា។ មនុស្ស​សរុប​ចំនួន ២៨,៤៩១,៦៧០​នាក់​បានជា​សះស្បើយ​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស បន្ទាប់ពី​មាន​អ្នកជំងឺ​ចំនួន ១០៣​,៥៧០​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​៕​អត្ថបទ៖ សុខមាន

ចិន​បាញ់​បង្ហោះ​យាន​ផ្ទុក​អវកាស​យានិក ​៣​រូប​ឡើង​ទៅ​កាន់​ទី​អវកាស​ដោយ​ជោគជ័យ​

2021/06/17 12:43:50 pm        72
​ចិន៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យាន Shenzhou-12 មាន​អវកាស​យានិក​ ៣​រូប​ដោយ​ជោគជ័យ ​ដែល​ជា​បេសកកម្ម​មាន​ផ្ទុក​ដោយ​អវកាសយានិក​ដំបូង អំឡុង​ពេល​សាងសង់​ស្ថានីយ​អវកាស​របស់​ប្រទេស​ចិន​។អនុប្រធាន​បេសកកម្ម​យោធា​កណ្ដាល លោក Xu Qiliang បាន​ជួប​ និង​ជូន​ដំណើរ​អវកាស​យានិក​ទាំង ​៣​នាក់​មាន​លោក Nie Haisheng, Liu Boming និង Tang Hongbo ​នៅ​មូលដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan មុន​ពេល​បាញ់​បង្ហោះ ដែល​លោក​បាន​ជូនពរ​ឲ្យ​បេសកកម្ម​ទទួល​បាន​ជោគជ័យ និង​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព​តាម​ផែនការ​។ អវកាសយានិក​ចិន​ទាំង​ ៣​រូប​បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីតាំង​បាញ់​បង្ហោះ​ បន្ទាប់ពី​ទទួល​បទបញ្ជា​ពី​បញ្ជាការ​កម្មវិធី​អវកាស​របស់​ប្រទេស​ចិន លោក Li Shangfu។ អវកាសយានិក​ទាំង​ ៣​រូប​បាន​ទទួល​បាន​ការ​សាទរ​ពី​ប្រជាជន​ជាច្រើន ​ដែល​បាន​មក​ជួបជុំគ្នា​ពេល​ជូន​ដំណើរ​ពួកគេ​។​ការ​បាញ់​បង្ហោះ​យាន​ផ្ទុក​អវកាសយានិក​ទាំង​ ៣​រូប​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​អំឡុង​ម៉ោងជាង ​៩​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ Jiuquan ភាគ​ពាយព្យ​ប្រទេស​ចិន​។ អវកាសយានិក​ទាំង ៣​រូប​ដែល​ត្រូវជា​ក្រុម​ដំបូង​គេ​នៃ​បេសកកម្ម​នេះ នឹង​ត្រូវ​ស្នាក់នៅ​ក្នុង​បន្ទប់​ស្ថានីយ​អវកាស​ចិន ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​រយៈពេល ៣​ខែ​។​ ​យានអវកាស Shenzhou-12 ត្រូវ​បាន​ផ្តាច់​ខ្លួន​ចេញពី​គ្រាប់​រ៉ុក្កែត Long March-2F Y12 នៅ​ក្រោយ​រយៈពេល ៥៧៣​វិនាទី​នៃ​ការ​បាញ់​បង្ហោះ​ចេញពី​ផ្ទៃ​ផែនដី​។ យាន Shenzhou-12 និង​អវកាសយានិក ៣​រូប​នេះ​ត្រូវ​បំពេញ​បេសកកម្ម ដើម្បី​កសាង​ស្ថានីយ​អវកាស​ថ្មី​ឲ្យ​រួចរាល់​នៅ​អំឡុង​ចុង​ឆ្នាំ​២០២២​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM