ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២២ខេត្ត

2021/05/24 05:58:16 pm        400
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២៨១០លានរៀល (២,៨១០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២២ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ ​បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី២៤ ខែឧសភានេះថា ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២២ ដូចខាងក្រោម៖១.ខេត្តបាត់ដំបង ទទួលបានថវិកា២៧០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣៥០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៤០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៣៥០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៣០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៥០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា ២៨០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៦០លានរៀល១១.ខេត្តក្រចេះ ទទួលបានថវិកា ៤០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តកំពត ទទួលបានថវិកា ១០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា ៦០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ៣៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ៤០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២៥០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១៨០លានរៀល២០.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២១.ខេត្តព្រះសីហនុ ទទួលបានថវិកា ៦០លានរៀល២២.ខេត្តសៀមរាប ទទួលបានថវិកា ១៥០លានរៀល។ ទន្ទឹមនឹងនោះសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២២ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៧២១៣៦នាក់៕អត្ថបទ ៖ រដ្ឋា

មនុស្ស​ ១៥​នាក់​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាត់​បង់​ទី​លំនៅ​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​កុង​ហ្គោ​

2021/05/24 02:12:18 pm        133
​កុង​ហ្គោ៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បាន​ត្រឡប់​ទៅ​កាន់​លំនៅឋាន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ ​បន្ទាប់ពី​ភ្នំភ្លើង​ដ៏​ធំ​មួយ​បាន​ផ្ទុះ ហើយ​ក្រុម​គ្រួសារ​ជាច្រើន​កំពុង​តាម​រក​មនុស្ស​ជាទី​ស្រឡាញ់​ ដែល​កំពុង​បាត់​ខ្លួន​។​ភ្នំភ្លើង Nyiragongo ​បាន​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ក្លាយ​ជា​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ និង​បាន​ព្រួស​កម្ទេច​ផេះ​ចូល​ក្នុង​ទន្លេ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បាន​ឈប់​ភ្លាមៗ​នៅ​ទីក្រុង​ហ្គោ​ម៉ា ដែល​មាន​ប្រជាជន​ជាង ​២​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ភ្នំភ្លើង។ យ៉ាងហោចណាស់​មាន​មនុស្ស​ ១៥​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​នេះ​ទំនងជា​នឹង​កើន​ឡើង ខណៈ​ក្រុម​មន្ត្រី​នៅតែ​បន្ត​តាម​ស្វែងរក​ក្នុង​តំបន់​នានា ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។ មនុស្ស​ចំនួន ​៩​នាក់​ក្នុងចំណោម​ជនរងគ្រោះ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​មនុស្ស​កំពុង​រត់​ភៀសខ្លួន​។​​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Patrick Muyaya​ បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា មនុស្ស​ចំនួន​ ៤​នាក់​ផ្សេងទៀត​បាន​ស្លាប់ ខណៈ​ពួកគេ​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​មួយ​កន្លែង​ ស្រប​ពេល​មនុស្ស ​២​នាក់​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​។​ យោង​តាម​អង្គការ Unicef ដែល​បាន​និយាយ​ថា មជ្ឈមណ្ឌល​មួយ​ចំនួន​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​អនីតិជនដែល​គ្មាន​ក្រុម​គ្រួសារ​នៅ​ជាមួយ៖ កុមារ​ជាង ១៧០​នាក់​ត្រូវ​គេ​បារម្ភ​ថា​អាច​នឹង​កំពុង​បាត់​ខ្លួន និង​ ១៥០​នាក់​ទៀត​បាន​បែក​ចេញពី​ក្រុម​គ្រួសារ៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៤​នាក់​ស្លាប់​នៅ​ពេល​មាន​ឧបទ្ទវហេតុ​ធ្លាក់​ឡាន​ខ្សែកាប្លិ៍​លើ​ភ្នំ​នៅ​ប្រទេស​អ៊ីតាលី

2021/05/24 12:15:59 pm        221
​អ៊ីតាលី៖ មនុស្ស​ ១៤​នាក់រួម​ទាំង​កុមារ​ម្នាក់​បាន​ស្លាប់ និង​កុមារ​ម្នាក់​រង​របួស​ធ្ងន់ បន្ទាប់ពី​ឡាន​ខ្សែ​កាប្លិ៍​មួយ​បាន​ធ្លាក់​លើ​ភ្នំ​មួយ​ជិត​បឹង Lake Maggiore ក្នុង​ប្រទេស​អ៊ីតាលី​ភាគ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​។​​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើងលើ​សេវា​ចម្លង​អ្នកដំណើរ​មួយ ​ចេញពី​រមណីយដ្ឋាន​ទីក្រុង​ Stresa ក្បែរ​ភ្នំ Mottarone នៅក្នុង​តំបន់​ Piedmont។ ក្រសួងការបរទេស​អ៊ីស្រាអែល​និយាយ​ថា​ ជនជាតិ​អ៊ីស្រាអែល ​៥​នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងអស់​។​ ជន​រង​គ្រោះ​ភាគច្រើន​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ​ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ​កាល​ពី​រសៀល​ថ្ងៃអាទិត្យ ខណៈ​ដែលក្រុម​អ្នក​សង្គ្រោះ​តាម​រុករក​ក្នុង​បំណែក​បែកបាក់​។​​ក្រុម​មន្ត្រី​និយាយ​ថា​ អ្នក​នៅ​រស់​រាន​មានជីវិត ​២​នាក់​ជា​កុមារ​អាយុ ៥​ឆ្នាំ ​និង​ ៩​ឆ្នាំ​ត្រូវ​បាន​ដឹក​តាម​យ​ន្ត​ហោះ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Turin ​ប៉ុន្តែ​កុមារ​ដែល​មាន​អាយុ​ច្រើន​ជាង​គេបាន​ស្លាប់​នៅ​ពេល​បន្ទាប់​។​ រីឯ​កុមារ​ដែល​អាយុ​តិច​ជាង​គេ​ ដែល​ជា​ជនជាតិ​អ៊ីស្រាអែល​ផង​ដែរ​នោះ កំពុង​សង្គ្រោះ​បន្ទាន់ ​និង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

កម្ពុជា​រក​ឃើញ​មនុស្ស​៥៥៦​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦៥៨​នាក់​ទៀត​បាន​​ជា​សះ​ស្បើយ​ឡើង​វិញ

2021/05/24 06:29:30 am        151
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៥៥៦​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៥៨​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត ដែលនាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ១៧៩​នាក់​គិត​ចាប់​ពី​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ករណី​ស្លាប់​ជា​ផ្លូវការ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។ក្រសួង​សុខាភិបាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មនុស្ស ៥៥៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៤០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ១៦​នាក់​ទៀត គឺជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ២៥ ៧៦១​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ពេល​ដែល​កម្ពុជាបាន​ប្រកាស​ពី​ការ​រកឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៨ ៣៥៩​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​​ចំនួន ៦៥៨​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ​ឥណ្ឌាកើន​ឡើង​ដល់​ជាង​ ៣០​ម៉ឺន​នាក់ ខណៈ​ជំងឺ​រាតត្បាត​នៅ​តែ​បន្ត​

2021/05/24 03:56:04 am        164
​ឥណ្ឌា៖ ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​ជំងឺ Covid-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ហក់​ឡើង​ដល់​ជាង ៣០​ម៉ឺន​នាក់ ខណៈ​ដែល​ប្រទេស​នេះ​បន្ត​ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​រាតត្បាត​សកល​នេះ។ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​សរុប​ជាង​ ២៦​លាន​នាក់គឺ​ឈរ​លំដាប់​លេខ​២ បន្ទាប់ពី​សហរដ្ឋអាមេរិក ហើយ​ពេលនេះក្លាយ​ជា​ចំណុចកណ្ដាល ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ​។​​ប្រទេស​នេះឈរ​នៅ​លំដាប់ថ្នាក់​ទី​៣ ក្នុង​ពិភពលោក​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ជាង​ ៣០​ម៉ឺន​នាក់ ដោយ​ឈរ​នៅ​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​។​ រលក​ទី​២​ ដ៏​ខ្លាំងក្លា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ បាន​បណ្ដាល​ឲ្យ​ប​ប៉ះ​ពាក់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ថែ​ទាំង​សុខភាព​របស់​ប្រទេស​នេះ ដោយ​មន្ទីរពេទ្យ​ជាច្រើនកំពុង​ព្យាយាម ​ដោះស្រាយ​លំហូរ​ចូល​អ្នកជំងឺ​ដ៏​ច្រើន និង​ត្រូវការ​ឱសថ​ជា​ចាំបាច់ ព្រម​ទាំងអស់​អុកស៊ីសែន​។​ ​កាលពី​ថ្ងៃអាទិត្យ ​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19 ចំនួន ២៤០,៨៤២​នាក់នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ជាង​ ២៤​ម៉ោង ជា​ចំនួន​ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​ ១​ខែ​មកនេះ និង​មាន​អ្នក​ស្លាប់​ចំនួន ៣,៧៤១​នាក់​ផង​ដែរ​។ ទោះ​យ៉ាង​ណា​រដ្ឋធានី New Delhi របស់​ឥណ្ឌា​នឹង​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ទប់ស្កាត់​វីរុស ​COVID-19 នៅ​សប្ដាហ៍​ក្រោយ ប្រសិន​បើ​ករណី​ឆ្លង​ថ្មី​នៅ​បន្ត​ធ្លាក់​ចុះ​ក្នុង​រដ្ឋធានី​មួយ​នេះ៕អត្ថបទ៖ សុខមាន

ប្រជាជន​ជ្វី​ស​ក្នុង​ទីក្រុង​ញូវយ៉ក, ​ឈី​កា​ហ្គោ និង​ប្រជាជន​មូស្លីម​សេណេហ្គាល់​តវ៉ា​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល​

2021/05/22 12:32:54 pm        207
អាមេរិក៖ ទោះបីជា​បទ​ឈប់​បាញ់​រវាងប្រទេស​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​ចូល​ជា​ធរមាន​ក៏ដោយ បាតុកម្ម​បាន​ធ្វើឡើង​នៅ​ក្នុង​បណ្ដា​ប្រទេស​ជាច្រើន ដូចជា​នៅទីក្រុង​ញូវយ៉ក ប្រជាជន​អាមេរិក​-​ជ្វី​ស​បាន​ប្រមូល​ផ្តុំ​គ្នា​កាលពី​យប់​ថ្ងៃ​សុក្រ​ ដើម្បី​តវ៉ា​ប្រឆាំង​សកម្មភាព​របស់​ប្រទេស​អ៊ីស្រាអែល​ក្នុង​សង្គ្រាម​រយៈពេល​ ១១​ថ្ងៃ​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ២៣០​នាក់​ស្លាប់​ភាគ​ច្រើន​ជា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។​លោក Asaf Calderon អ្នក​រៀប​ចំ​សំរាប់​សំឡេង​ប្រជាជន​ជ្វី​ស​ដើម្បី​សន្តិភាព ជា​អង្គការ​មួយ​គាំទ្រ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីស្រាអែល​និយាយ​ថា មាន​ប្រជាជន​ជ្វី​ស និង​ប្រជាជន​ជ្វី​ស​-​អាមេរិក​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ក្រោកឈរ​ប្រឆាំង​ការគាបសង្កត់​របស់​​អ៊ីស្រាអែលលើ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ រីឯ​នៅ​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ​វិញ អ្នក​តវ៉ា​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​រាប់​ពាន់​នាក់ បាន​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ​នៅ​ទីប្រជុំជន​ទីក្រុង​។ ក្រុមចម្រុះ​ដើម្បី​យុត្តិធម៌​នៅ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ បាន​ធ្វើ​ការ​តវ៉ា​រយៈពេល ​១​ថ្ងៃបន្ទាប់ពី​ប្រទេស​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​បាន​ប្រកាស​បទ​ឈប់​បាញ់ ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល​ ១១​ថ្ងៃ​ដែល​បង្ក​ឲ្យ​មានការ​បំផ្លាញ​ជាច្រើន​ក្នុង​តំបន់​ហ្កា​ហ្សា​។​ជាមួយ​គ្នា​នេះ​ដែរ ប្រជាជន​សេ​ណេ​ហ្គា​ល់​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ដា​កា ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​តវ៉ា​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល​។ ដោយមាន​កាន់​ទង់​ជាតិ​ប៉ា​ឡេ​ស្ទី​ន និង​បដា​ដែល​មាន​ពាក្យស្លោក​ប្រឆាំង​ប្រទេស​អ៊ីស្រាអែល បាតុ​ករ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​រ​បស់​​អ៊ីស្រាអែល ​នៅ​លើ​តំបន់​ហ្គា​ហ្សា​។ បាតុករ​ម្នាក់​និយាយ​ថា ថ្ងៃនេះ​ប្រជាជន​សេ​ណេ​ហ្កា​ល់​មិន​គួរ​នៅផ្ទះ​ទេ​។ ការ​តវ៉ា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​សម្ព័ន្ធ​ភាព​ជាតិ ដើម្បី​បុព្វហេតុ​ប៉ា​ឡេ​ស្ទី​ន​នៅ​ប្រទេស​សេ​ណេ​ហ្គា​ល់​៕​​អត្ថបទ៖ ប៊ុនថន

សាលា​រាជ​ធានី​ភ្នំពេញ​ សម្រេច​លុប​ចោល​​បម្រាម​គោចរ​នៅ​«តំបន់​លឿង»​ហើយ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ

2021/05/21 02:17:02 pm        540
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ​សម្រេច​ដក​បម្រាម​គោ​ចរ​វិញ​ហើយហើយ​អនុញ្ញាត​ឱ្យ​ហាង​អាហារ​​អាច​ដំណើរការ​អាជីវកម្ម​​បាន​នៅ​ក្នុង​«តំបន់​លឿង»​ ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ​។ក្នុង​សេចក្ដី​សម្រេច​នៅ​ល្ងាច​ថ្ងៃ​នេះ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា បាន​សម្រេច​បិទ​បញ្ចប់​បម្រាម​គោចរ និង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​មួយ​ចំនួន​អាច​បើក​ដំណើរការ​ឡើង​វិញ​បាន​នៅ​ក្នុង​«តំបន់​លឿង»​ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែ​ឧសភា។ក្នុង​សេចក្ដី​សម្រេច​ដដែល​នេះ សាលា​រាជ​ធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឱ្យ​គ្រប់​ទីផ្សារ អាជីវកម្ម​អាហារ​ទាំង​អស់​អាច​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើង​វិញ។ចំណែក​ឯ​បម្រាម​ហាមឃាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​នៅ​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ដែរ។ទោះជាយ៉ាងណា សាលា​រាជ​ធានី​ភ្នំពេញ​ក្រើន​រំលឹក​ឱ្យ​​ប្រតិបត្តិ​តាម​វិធានការ​សុវត្ថិភាព និង​វិធានការ​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សាលារាជ​ធានី​ភ្នំពេញ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើង​វិញ​នោះ​ឡើយ​នូវ​​ការងារ និង​អាជីវកម្ម​កម្សាន្តនានា​៕

ប្រមុខ​ UN ​ស្វាគមន៍​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​តំបន់​ហ្គា​ហ្សា ខណៈ​លោក​ Biden ថាជា​ឱកាស​ដ៏​ពិតប្រាកដ​

2021/05/21 10:15:03 am        127
UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ស្វាគមន៍​បទ​ឈប់​បាញ់​ក្នុង​ជម្លោះ​រវាងអ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស​។ លោក Guterres បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​២​ ស្រុះស្រួល​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​។​ប្រមុខ​អង្គការសហប្រជាជាតិ​រូប​នេះ​បាន​និយាយ​ថា លោក​សង្កត់​ធ្ងន់​ថា ក្រុម​មេដឹកនាំ​អ៊ីស្រា​អែល និងប៉ា​ឡេ​ស្ទី​នមាន​ទំនួល​ខុសត្រូវ​លើស​ពី​ការ​ស្ដារ​ ស្ថានការណ៍​វិល​ទៅ​រក​ភាព​ស្ងប់ស្ងាត់​ដើម្បី​ចាប់ផ្ដើម​ការ​សន្ទនា​ដ៏​ស៊ីជម្រៅ ​ក្នុង​ការ​ដោះស្រាយ​ឫស​គុល​មូលហេតុ​នៃ​ជម្លោះ​នេះ​។​ លោក Guterres បាន​ថ្លែង​ភ្លាមៗ​បន្ទាប់ពី​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាសបាន​ប្រកាស​បទ​ឈប់​បាញ់ ដែល​បាន​ចូល​ជា​ធរមាន​នៅ​ម៉ោង​ ២​ព្រឹក​ថ្ងៃ​សុក្រ​ម៉ោង​នៅ​មជ្ឈិមបូព៌ា ដើម្បី​បញ្ចប់​សង្គ្រាម​រយៈពេល ​១១​ថ្ងៃ​ដែល​បាន​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ នៅ​ក្នុង​តំបន់​ហ្គា​ហ្សា និង​ឆក់យក​ជីវិត​មនុស្ស​រាប់​រយ​នាក់​។​ចំណែក​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សារ​ទរ​បទ​ឈប់​បាញ់ ដែល​ពិភពលោក​ចង់បានក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស ដោយ​និយាយ​ថា លោក​បាន​មើល​ឃើញឱកាស​ដ៏​ពិតប្រាកដ​ ឆ្ពោះ​ទៅ​គោលដៅ​កាន់តែ​ធំ​នៃ​ការ​កសាង​សន្តិភាពយូរអង្វែង​នៅ​មជ្ឈិមបូព៌ា​។​ លោក​ជឿ​ជាក់​ថា​ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ និង​អ៊ីស្រាអែល​សម​នឹង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ប្រកប​ដោយ​ភាព​ស្មើគ្នា និង​ធានា​បាន​វិធានការ​នានា​នៃ​ភាព​រីកចម្រើន​នៃ​សេរីភាព ភាព​រុងរឿង និង​លទ្ធិប្រជាធិបតេយ្យ​៕ អត្ថបទ៖ សុខមាន

ការ​អបអរសាទរ​ផ្ទុះឡើង​ទូទាំង​តំបន់​ហ្គា​ហ្សា ខណៈ​បទ​ឈប់​បាញ់​បាន​ចូល​ជា​ធរមាន

2021/05/21 09:39:52 am        425
ហ្គាហ្សា៖ ​សំឡេង​ហ៊ោកញ្ជ្រៀវ ​និង​កញ្ចែ​បាន​លាន់​លឺ​រំពង​នៅ​ទូទាំង​ទីក្រុង​ហ្គា​ហ្សានៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ត្រូវ​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​សកល ខណៈ​បទ​ឈប់​បាញ់​មួយ​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស​បាន​ចូល​ជា​ធរមាន​។​​នៅ​ទូទាំង​តំបន់​ហ្គា​ហ្សា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅកាន់​តាម​ដង​ផ្លូវ​នានា ​ដើម្បី​អបអរសាទរ​ការបញ្ចប់​អរិភាព បន្ទាប់ពី​ជម្លោះ​រយៈពេល ​១១​ថ្ងៃដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់​។ បទ​ឈប់​បាញ់​នេះ​បាន​ចាប់ផ្ដើម​នៅ​ម៉ោង​ ២០និង​០០នាទី​ត្រូវ​នឹង​ម៉ោង​ ២៣និង​០០​នាទី​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​សកល ​បន្ទាប់ពី​ទាំង​ភាគី​អ៊ីស្រាអែល ​និង​ក្រុម​ហា​ម៉ាស់​បាន​ទទួល​យក​សំណើ​របស់​អេ​ហ្ស៊ី​បដើម្បី​បញ្ចប់​អំពើ​ហិង្សា​។ ​យោង​តាម​ក្រសួងសុខាភិបាល​ហ្គា​ហ្សា​ឲ្យ​ដឹង​ថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​យ៉ាង​ហោច​ណាស់ ​២៣០​នាក់បាន​ស្លាប់រួម​ទាំង​កុមារ ​៦៥​នាក់ និង​ស្ត្រី​ ៣៩​នាក់​អំឡុង​ជម្លោះ ខណៈ​ដែល​មាន​មនុស្ស​ ១,៧១០នាក់រង​របួស​។ ​មនុស្ស ​១២​នាក់​បាន​ស្លាប់​នៅ​អ៊ីស្រាអែល រួម​ទាំង​ក្មេង​ប្រុស​អាយុ ​៥​ឆ្នាំ និង​ក្មេង​ស្រី​អាយុ​ ១៦​ឆ្នាំបាន​ស្លាប់​។​ ​ទាំង​អ៊ីស្រាអែល​ ទាំង​ក្រុម​ហាម៉ាស់​ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា បាន​ទទួលយក​កិច្ចព្រមព្រៀង​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់ ​ដោយ​ប្រទេស​អេ​ហ្ស៊ី​បនៅ​ម៉ោង ​២​និង​០០​នាទី​ថ្ងៃ​សុក្រ​ម៉ោង​នៅ​មជ្ឈិមបូព៌ា​ ដើម្បី​បញ្ចប់​ជម្លោះ​ដ៏​បង្ហូរ​ឈាម​រយៈពេល​ ១១​ថ្ងៃ​។​ការិយាល័យ​របស់​នាយ​ក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu​ បាន​ប្រកាស​ថា គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​បាន​អនុម័ត​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ លើ​បទ​ឈប់​បាញ់​សម្រប​សម្រួល​ដោយ​អេ​ហ្ស៊ី​បជាមួយ​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា​។​ ការសម្រេចចិត្ត​នេះ​មាន​ឡើងបន្ទាប់​ពី​ការពិភាក្សា​រយៈពេល​ ២​ម៉ោង​កន្លះ និង​បាន​អនុម័ត​ជា​ឯកច្ឆ័នដោយ​ក្រុម​រដ្ឋមន្ត្រី នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​ របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​៕អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន Tauktae កើន​ឡើងដល់​ ៩១​នាក់ បន្ទាប់ពី​ព្យុះ​ដ៏​ខ្លាំងក្លា​វាយ​ប្រហារ​ឥណ្ឌា​

2021/05/20 02:07:24 pm        143
​ឥណ្ឌា៖ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន​ដ៏​មាន​ឥទ្ធិពល ​នៅ​តំបន់​ឆ្នេរ​ភាគ​ខាងលិច​របស់​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ដល់​ ៩១​នាក់ ហើយ​អង្គភាព​កងទ័ពជើងទឹក​កំពុង​ស្វែងរក​មនុស្ស ​៤៩​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​នៅ​សមុទ្រ ​បន្ទាប់ពី​នាវា​ដឹក​កម្មករ​ក្បែរ​ឆ្នេរសមុទ្រ​បាន​លិច​ដោយសារ​ព្យុះ​។​​ព្យុះ​ស៊ីក្លូន Tauktae ដែល​បាន​បណ្ដាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​បោក​បក់​ចេញ​ពី​សមុទ្រ​អារ៉ាប់​កាលពី​ថ្ងៃ​ចន្ទ​ គឺជា​ព្យុះ​ចុងក្រោយ​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​ជា​ព្យុះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុងចំណោម​ព្យុះ​ជាច្រើន​ក្នុង​តំបន់ ​ដោយសារតែ​កត្តា​បម្រែបម្រួល​អាកាសធាតុ​។ ក្រសួងការពារជាតិ​ឥណ្ឌា​និយាយ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ថា​ នាវា​ជាច្រើន​គ្រឿង​របស់​អង្គភាព​កង​ទ័ព​ជើង​ទឹក យន្តហោះ​រុករក និង​ឧទ្ធម្ភាគចក្រ​បាន​រួមគ្នា​សង្គ្រោះ​មនុស្ស​ជាង ​៦០០​នាក់ បន្ទាប់ពី​រលក​កម្ពស់​ ៨​ម៉ែត្រ​បាន​វាយ​បោក​ច្រាំង​សមុទ្រ​។ ប៉ុន្តែ​សាក​សព​ចំនួន ​២៦​នាក់​ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​ ខណៈ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿងនៅតែ​បន្ត​រុករកកម្មករ​ចំនួន ​៤៩​នាក់​កំពុង​បាត់​ខ្លួនពី​នាវា​មួយ ​ក្នុងចំណោម​នាវា​មួយ​ចំនួន​ដែល​បាន​ក្រឡាប់​លិច​ដោយសារ​ព្យុះ​នេះ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM