ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

​នេ​ប៉ាល់​អំពាវនាវ​រក​ធុង​អុកស៊ីសែន ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 ហក់​ឡើង​ខ្ពស់​

2021/05/20 12:08:52 pm        193
​នេ​ប៉ាល់៖ ប្រទេស​នេ​ប៉ាល់​កំពុង​ប្រឹងប្រែង​ទប់​ទល់ នឹង​កង្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន ខណៈ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ហក់​ឡើង​ខ្ពស់​។ ក្រុម​មន្ត្រី​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ថ្មី​ជាង ៨​,១០០​នាក់ និង​ជិត ​២០០ស្លាប់​កាលពី​ថ្ងៃ​អង្គារ​។​ប្រព័ន្ធ​សុខាភិបាលរបស់​ប្រទេស​ នៅ​តំបន់​ភ្នំ​ហិ​ម៉ា​ល័យ​មួយ​នេះ​កំពុង​ទ្រុឌទ្រោម។ ​មន្ទីរពេទ្យ​នានា​កំពុង​ផ្ទុក​អ្នកជំងឺ​លើស​ចំនួន​កំណត់នៅ​ក្នុង​រដ្ឋធានី Kathmandu​។ មនុស្ស​ជាច្រើន​ដែល​កំពុង​ត្រូវការ​ការ​ព្យាបាល​ជា​ចាំបាច់ ​ត្រូវ​រង់ចាំ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​។ ប្រព័ន្ធ​សុខភាព​ដ៏​ទន់ខ្សោយ​របស់​ប្រទេស​នេះ​ត្រូវ​ទប់​ទល់នឹង​បន្ទុក​ដ៏​ធ្ងន់ ដែល​ក្នុង​នោះមនុស្ស​ ៤៤% ​ដែល​ត្រូវ​បាន​ធ្វើតេស្ត​នៅ​សប្ដាហ៍​ដំបូង​នៃ​ខែ​ឧសភា​ បាន​រក​ឃើញ​ថាឆ្លង​វីរុស​នេះ​។ យោង​តាម​តួលេខ​ជា​ផ្លូវការ​ក្នុង​មួយ​សប្ដាហ៍​កន្លង​មក​នេះ ​មានអ្នកស្លាប់​ជា​មធ្យម ១៨៣នាក់ ​និង​មាន​ករណី​ថ្មី​ជាង ៨.៦០០នាក់ក្នុង​មួយថ្ងៃ ​ដែល​កើន​ឡើង​តិច​ជាង ២០០​ករណី​ក្នុង​មួយថ្ងៃ​នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ខែ​មេសា​។ប៉ុន្តែ​អ្នក​ជំនាញ​និយាយ​ថា​ តួលេខ​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ ប្រទេស​នេ​ប៉ាល់​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 ចំនួន​ ៤៨០,៤១៨​នាក់ បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨,០៦៤​នាក់ និង​ស្លាប់​ចំនួន ៥,៦៥៧​នាក់ បន្ទាប់ពី​មាន​អ្នក​ស្លាប់​​ថ្មី ​២៤៦​នាក់​បន្ថែម​ទៀត៕អត្ថបទ៖ សុខមាន

ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ លែង​មាន​«​តំបន់​ក្រហម​»​ហើយ នៅសល់​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»

2021/05/19 10:15:57 am        111
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​ដកចេញ​«​តំបន់​ក្រហម​»​ពី​ផែនទី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃនេះ ដោយ​ភូមិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​កែសម្រួល​មក​នៅ​ត្រឹម​«​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»​វិញ​។​​ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​បែងចែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា ២​តំបន់ គឺ​«​តំបន់​លឿងទុំ​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​មេរោគ​កូ​វីដ​-១៩ និង​«​តំបន់​លឿង​» ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​មានការ​ឆ្លង​រីក​រាលដាល​កម្រិត​ស្រាល​នៃ​មេរោគ​កូ​វីដ​-១៩​នេះ​។​​បើតាម​សេចក្ដីសម្រេច​នេះ ភូមិសាស្ត្រ​ដែល​ស្ថិត​នៅក្នុង​«​តំបន់​លឿងទុំ​» មាន​ផ្នែក​ខ្លះ​នៃ​ភូមិ​ដើម​ចាន ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ ភូមិ​២៣ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​២ នៃ​ខណ្ឌទួលគោក ភូមិ​ត្រពាំង​ថ្លឹង​១ ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៤ និង​ភូមិ​ទួល​ពង្រ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។នៅ​ក្នុង​ខណ្ឌឫស្សីកែវ​ឯណោះ​វិញ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​បាក់​ទូក ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ឱ្យមក​នៅត្រឹម​«​តំបន់​លឿងទុំ​»​ផងដែរ​។​​សម្រាប់​ខណ្ឌមានជ័យ ដែល​ធ្លាប់ជា​«​តំបន់​ក្រហម​» ឬ​ផ្ទុះ​ការឆ្លង​ច្រើន​នោះ ក៏​លែង​ជា​«​តំបន់​ក្រហម​»​ទៀតហើយ​ដែរ ដោយ​ចុះមក​នៅត្រឹម​«​តំបន់​លឿងទុំ​» ដូចជា​ផ្នែក​ខ្លះ​នៃ​ភូមិ​៥ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​២ ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ដំណាក់​ធំ​៣ និង​ផ្នែក​ខ្លះទៀត​នៃ​ភូមិ​ទ្រា​៤ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​។​​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្ដីសម្រេច​ថា «​តំបន់​លឿងទុំ​» បន្ត​ស្ថិតក្រោម​វិធាន​ការបិទ​ខ្ទប់​រយៈពេល ១​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ រហូតដល់​ថ្ងៃទី​២៦ ខែឧសភា​។​​ក្រៅពី​ភូមិសាស្ត្រ​ដែល​ត្រូវបាន​ចាត់​ចូលក្នុង​«​តំបន់​លឿងទុំ​»​ខាងលើ ភូមិសាស្ត្រ​ដទៃទៀត​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ទៅជា​«​តំបន់​លឿង​»​។​​សម្រាប់​«​តំបន់​លឿង​»​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​រយៈពេល ២​សប្ដាហ៍​ទៀត ចាប់ពី​ថ្ងៃស្អែក​នេះ​រហូតដល់​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខនេះ​។​​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់ បន្ទាប់ពី​បាន​មើលឃើញ​ការធ្លាក់ចុះ​ចំនួន​ករណី​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​រយៈពេល ២​សប្ដាហ៍​ចុងក្រោយ​មកនេះ​៕ អត្ថបទ៖ សុធី

ប្រទេស​ឥណ្ឌា​រាយការណ៍​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ជាង ​៤​ពាន់​នាក់

2021/05/19 02:46:16 pm        288
​ឥណ្ឌា៖ នៅ​ថ្ងៃ​ពុធ​នេះ ​ប្រទេស​ឥណ្ឌាបាន​កត់ត្រា​ករណី​ស្លាប់​ ដោយសារ​វីរុស​កូ​រ៉ូ​ណា​ខ្ពស់​បំផុត​ចំនួន ៤,៥២៩​នាក់​ក្នុង​រយៈពេល​ ១​ថ្ងៃ ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មី​ដែល​ជា​រលក​ថ្មី​របស់​ខ្លួន​ កំពុង​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ​។​​ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ ​បាន​កំពុង​កើន​ឡើង​ខ្ពស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ ខណៈ​ករណី​ឆ្លង​បាន​រាតត្បាត​ដល់តំបន់​ជនបទ ដែល​មាន​ប្រព័ន្ធ​សុខភាព​ទន់ខ្សោយ​។ ចំពោះ​ករណី​ស្លាប់​ចុងក្រោយ​បំផុត​ ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ពេល​នេះ​បាន​កើន​ឡើង​ដល់ ២៨៣​,២៤៨​នាក់ បន្ទាប់ពី​សហរដ្ឋ​អាមេ​រិក​ដែល​មាន​អ្នក​ស្លាប់​ជាង ៦០ម៉ឺន​នាក់ និង​​ប្រេ​ស៊ី​ល​ដែល​មាន​មនុស្ស​ស្លាប់​ប្រមាណ ៤៤​ម៉ឺន​នាក់​។​ ករណី​ឆ្លង​ថ្មី​ចំនួន ២៦៧,០០០​នាក់​ត្រូវ​បាន​បន្ថែម​លើ​ចំនួន​ចាស់​ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់​ជាង ​២៥​លាន​ ៥​សែន​នាក់​ឈរ​នៅ​លំដាប់​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​​៕​​អត្ថបទ៖ សុខមាន

រថយន្ត​ដឹក​ជំនួយ​របស់​អង្គការសហប្រជាជាតិ​មួយ​ចំនួន​តូច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​ហ្គា​ហ្សា

2021/05/19 12:25:30 pm        164
​ហ្គា​ហ្សា៖ ក្បួន​រថយន្ត​ដឹក​ជំនួយ​បាន​ត្រៀម​ចូល​ទៅ​ក្នុង​តំបន់​ហ្គា​ហ្សា ​កាត់​តាម​តំបន់​ចុង​ខាងត្បូង​របស់​ខ្លួន​ជាប់​ជាមួយ​ប្រទេស​អ៊ីស្រាអែល មុន​ពេល​ចូល​ទៅ​តំបន់​នេះ​ដែល​ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​អង្គារ ​ក្រោយ​មាន​ឧបទ្ទវហេតុ​សន្តិសុខ​។​យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា រថយន្ត​ដែល​ផ្ទុក​ដោយ​ឱសថសម្រាប់​ផ្គត់​ផ្គង និង​ជំនួយ​សម្រាប់​អង្គការ​អន្តរជាតិ​នានា​ពុំបាន​ឆ្លង​ចូល​ទេ បន្ទាប់ពី​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់ ​ពី​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ក្នុង​តំបន់​ហ្គា​ហ្សា បង្ខំ​ឲ្យ​បិទ​ច្រក​ព្រំដែន​ឆ្លងកាត់​។​ រថយន្ត​ចំនួន​ ៣​គ្រឿង​ត្រូវ​បាន​ផ្ទុក​ដោយ​ប្រេងឥន្ធនៈ សម្រាប់​ជំនួយ​ដល់​ក្រុមការងារ​អង្គការសហប្រជាជាតិ និង​ទីភ្នាក់ងារ​ធ្វើការ​ដើម្បី​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ដើម​បូព៌ា (Near East)​ និង​រថយន្ត​ដឹក​សត្វ​ពាហនៈ​ចំនួន ​២​គ្រឿង​។​ រថយន្ត​ដឹក​សត្វ​ពាហនៈ​មួយ​គ្រឿង​ត្រូវ​បាន​ជាប់​នៅ​ព្រំដែន​ឆ្លងកាត់ ចាប់​តាំង​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​សប្ដាហ៍​មុន​។​​យោង​តាម​ការ​បង្ហាញ​ទិន្នន័យ​ចុងក្រោយ ដែល​បាន​បង្ហាញ​ដោយ​អ្នកនាំពាក្យ​របស់​អង្គការ​សហ​ប្រ​ជាជាតិ ​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​ដឹង​ថា មនុស្ស​ជាង​ ៥៨,០០០​នាក់​ត្រូវ​បាន​​ជម្លៀស​ចេញ ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​ពី​សំណាក់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា។​ ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ ឲ្យ​មាន​បទ​ឈប់​បាញ់​ភ្លាមៗ​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា និង​អ៊ីស្រាអែល​។​ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បាន​និយាយ​ថា ​ជម្លោះ​យោធា​កាន់តែ​រីក​ធំ​ បាន​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ និង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ក្នុង​ជម្លោះ​អ៊ីស្រាអែល ​និង​តំបន់​ហ្គា​ហ្សា ខណៈ​មាន​ភាព​ជាប់​គាំង​នៅ​អង្គការ​សហប្រជាជាតិ

2021/05/19 11:38:18 am        166
​អ៊ីស្រាអែល៖ ការវាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា និង​ការ​បាញ់​គ្រាប់​រ៉ូ​កែ​ត​នៅ​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​តំបន់​ហ្គា​ហ្សា​ បាន​សម្លាប់​មនុស្ស​កាន់តែ​ច្រើន​ថែមទៀត​ពី​ភាគី​ទាំងសង​ខាង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ភាព​តានតឹង​បាន​ផ្ទុះឡើង​នៅ​ប៉ា​ឡេ​ស្ទី​ន​ ដែល​ជា​ថ្ងៃ​ចង​កំហឹង​នៅ​ក្នុង​ទីក្រុង ​Jerusalem និង​តំបន់ West Bank​។​ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ប្តេជ្ញា​ថា ​អ៊ីស្រាអែល​នឹង​បន្ត​វាយលុក​លើ​តំបន់​ព័ទ្ធជុំវិញ​ឆ្នេរសមុទ្រ​របស់​ខ្លួន "​ដរាបណា​នៅ​មាន​ភាព​ចាំ​បាច់​" មុន​ពេល​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​បរាជ័យ បន្ទាប់ពី​រយៈ​ពេល​តិច​ជាង​មួយ​ម៉ោង ដោយ​មិន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​។​ នៅ​ពេល​ជាមួយគ្នា​នោះ កម្លាំង​អ៊ីស្រាអែល​ និង​ក្រុម​អ្នក​តវ៉ា​បាន​ប៉ះទង្គិច​គ្នា​ នៅចំណុច​តាន​តឹង​ជាច្រើន​នៅ​ទូទាំង​តំបន់ West Bank និង​នៅ​ទីក្រុង ​Jerusalem​ ខាងកើត​ ដោយ មនុស្ស​ជាច្រើន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ​ខណៈ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រមូល​ផ្ដុំគ្នា ​បង្ហាញ​សាមគ្គីភាព​ជាមួយ​សម​ភាគី​ហ្គា​ហ្សា​ដែល​រង​ការឡោមព័ទ្ធ​។ គ្រូពេទ្យ​បាន​និយាយ​ថា​ មនុស្ស​រាប់​សិប​នាក់​ត្រូវ​បាន​ព្យាបាល​របួស​ ដោយសារ​គ្រាប់កាំភ្លើង​ពិត​។ ​យោង​តាម​ក្រសួងសុខាភិបាល​តំបន់​ហ្គា​ហ្សា​បាន​ឱ្យ​ដឹង​ថា ​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ឥត​ឈប់​​ឈរ​របស់​អ៊ីស្រាអែល​ បាន​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ចំនួន ២១៧​នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន ៦៣នាក់ ​និង​បានធ្វើ​ឲ្យ​មនុស្ស​ជាង ​១.៤០០​នាក់​រង​របួស​ក្នុង​រយៈពេល​ត្រឹម​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ ​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ហា​ម៉ាស់​។​ ​នគរបាល​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​នៅ​ខាង​អ៊ីស្រាអែល​បាន​កើន​ឡើង​ដល់ ១២​នាក់​ ខណៈពេលដែលក្រុម​ហា​ម៉ាស់​បាន​បាញ់​គ្រាប់​រ៉ូ​កែ​ត​ទៅ​ភាគ​ខាង​ត្បូង​តំបន់ Eshkol បាន​សម្លាប់​ជន​ជាតិ​ថៃ​ ២​នាក់​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​ និង​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស៕ អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​អបអរ​សាទរ​ចិន​ក្រោយ​យាន​អវកាស​ស៊ូរ៉ុង​ចុះ​ចត​លើ​ភព​ព្រះ​អង្គារ​ដោយ​ជោគជ័យ

2021/05/18 03:47:07 pm        552
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ការ​អប​អរ​សាទរ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្រោយ​ពី​យាន​អវកាស​«ស៊ូរ៉ុង»​បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ។សម្ដេចតេជោ ហ៊ុន សែន បាន​បង្ហាញ​ការ​អបអរ​សាទរ​បែប​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​សម្ដេច​ផ្ញើ​ទៅ​កាន់​​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង នៅ​ថ្ងៃ​នេះ។យាន​អវកាស​«ស៊ូរ៉ុង» បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ភព​ព្រះ​អង្គារ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ នៅ​ក្នុង​បេសកកម្ម​​«ធានវិន-១»។ក្នុង​លិខិត​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​​បេសកកម្ម​នេះ​ថាជា​ «​សមិទ្ធផល​ដ៏​ធំ​ធេង​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​ក្នុង​កម្មវិធី​អវកាស និង​ការ​រុក​រក​ក្នុង​លំហរ​អាកាស​របស់​ចិន»។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា សមិទ្ធផល​ដ៏​ធំ​ធេង​នេះ នឹង​ចូលរួម​ចំណែក​ដ៏​ធំ​ធេង​ដល់​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ នៃ​បេសកកម្ម​ក្នុង​លំហ​អាកាស​របស់​ចិន ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ និង​ការ​រុក​រក​វិទ្យាសាស្ត្រ​របស់​មនុស្ស​ជាតិ​ទាំង​មូល»៕

លេខ​រៀង​បក្សនយោបាយ​ដែល​ចូលរួម​បោះឆ្នោតក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវបាន​ចាប់ឆ្នោត​រួចរាល់​

2021/05/18 12:41:50 pm        449
ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប ) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការ​រៀបចំ​ការ​ចាប់ឆ្នោត​លេខ​រៀង​របស់​គណបក្សនយោបាយ​ចំនួន​ ៤​ដែល​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ​។​​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនយោបាយ​ចំនួន៤ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត​ បា​ន​រៀបចំ​ពិធី​ចាប់ឆ្នោត​ដោយ​ព្រះសង្ឃ ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត នៅ​ទីស្នាក់ការ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​។ ​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការចាប់​ឆ្នោត​លំដាប់​លេខ​រៀង​ដែល​គណបក្សនយោបាយ​នីមួយៗ​ទទួលបាន​បង្ហាញថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​១, គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២, គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៣ និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ទទួលបាន​លេខ​រៀង​ទី​៤​។ ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត ថា ការកំណត់​លំដាប់​លេខ​រៀង​គណបក្ស​ន​យោ បាយ​នៅលើ​សន្លឹកឆ្នោត នឹង​ជួយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​គណបក្សនយោបាយ​ពាក់ព័ន្ធ​ក្នុងការ​ឃោសនាបោះឆ្នោត ហើយ​ជួយ​ឱ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​នូវ​លេខ​រៀង និង​ឈ្មោះ​គណបក្សនយោបាយ​ដែល​គាត់​ស្រលាញ់​ពេញចិត្ត​។​​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត ត្រូវ​បិទ​ផ្សាយ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​បាន​ចាប់ឆ្នោត​រួចហើយ ក្នុង​រយៈពេល​យ៉ាងតិច ៤៥​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ដោយ​យោងតាម​មាត្រា​២៦ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​៕ ​អត្ថបទ​៖សេក ឧ​ត្ត​ម​

វិបត្តិ​ជំងឺ​ COVID-19 នៅ​ឥណ្ឌា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ចែក​ចាយ​វ៉ាក់សាំង Covax

2021/05/17 05:58:49 am        180
ឥណ្ឌា៖ គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល ​នឹង​ធានា​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ស្មើភាព​គ្នា​ចំនួន ​១៤០​លាន​ដូ​ស​ដោយសារ​វិបត្តិ​ជំងឺ Covid-19 នៅតែ​បន្ត​ក្នុង​ប្រទេស​ឥណ្ឌា​។ ​វិទ្យាស្ថាន​សេ​រាំ​របស់​ឥណ្ឌា ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​តែមួយគត់ សម្រាប់​គម្រោង Covax ពុំបាន​ផលិត​គ្រប់​តម្រូវការ​តាម​ផែនការ​របស់​ខ្លួន​ទេ ​ចាប់​តាំង​ពី​ការនាំចេញ​ត្រូវ​បាន​ផ្អាក​កាលពី​ខែ​មីនា​។​ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNICEF បាន​ទិញ និង​ចែកចាយ​វ៉ាក់សាំង​សម្រាប់​គម្រោង Covax​។ អង្គការ​នេះ​កំពុង​ជំរុញ​ដល់​បណ្ដា​ប្រទេស G7 និង​រដ្ឋ​នានា​នៅ​អឺរ៉ុប​ចែក​រំលែក​ដូ​ស​វ៉ាក់សាំង​របស់​ខ្លួន​។​ បណ្ដា​ប្រទេស​ទាំង​នោះ​គ្រោង​នឹង​ជួប​គ្នា​នៅ​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ខែក្រោយ​។ អង្គការ​នេះកំពុង​អំពាវនាវដល់​ប្រទេស​ជា​សមាជិក G7 ដូចជា កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និង​អាមេរិក ព្រមទាំង​សហភាព​អឺរ៉ុប បរិច្ចាគ​វ៉ាក់សាំង​បន្ទាន់​សេសសល់​ពី​ការ​ផ្គត់ផ្គង់​របស់​ខ្លួន​៕អត្ថបទ៖ សុខមាន

ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ​រួម​ទាំង​ករណី​ឆ្លង​ជា​ក្រុម​នៅ​ពន្ធនាគារ​

2021/05/17 05:12:34 am        319
​ថៃ៖ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ទាល់​តែ​សោះ​រហូតដល់​ចំនួន ៩,៦៣៥​នាក់រួម​ទាំង​ការ​ឆ្លង​ចំនួន ៦,៨៥៣​នាក់​ក្នុងចំណោម​អ្នក​ទោស​ពី​ការ​ឆ្លង​ជា​ក្រុម​នៅ​ពន្ធនាគារ ខណៈ​ប្រទេស​នេះ​ព្យាយាម​ទប់ទល់​នឹង​រលក​ឆ្លង​ទី​៣​។​ករណី​ឆ្លង​ទាំងនេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​នេះ​កើន​ឡើង​ដល់ ១១១,០៨២​នាក់​។ ក្រុម​ទទួលបន្ទុក​វិបត្តិ​ជំងឺ COVID-19 របស់​ថៃក៏បាន​កត់ត្រា​ករណី​ស្លាប់​ថ្មី​ចំនួន ​២៥​នាក់​បន្ថែម​ទៀត​ផង​ដែរ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស​នេះ​បាន​ឡើង​ដល់​ ៦១៤​នាក់​ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះ​កាលពី​ឆ្នាំមុន​។​ ប្រទេស​ថៃ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជាង ​២​លាន​ ២​សែន​ដូ​ស​ដល់​ក្រុម​បុគ្គលិក​ជួរមុខ និង​ក្រុម​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ដោយ​ប្រើ​វ៉ាក់សាំង​នាំចូល Sinovac Biotech របស់​ប្រទេសចិន និង Astra Zeneca របស់ចក្រភព​អង់គ្លេស​៕​អត្ថបទ៖ សុខមាន

មនុស្ស​៤​នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស​៣៦០​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​មេរោគ​​នេះ

2021/05/17 06:52:14 am        159
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​មនុស្ស ៣៦០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​​ផ្លូវ​ដង្ហើម​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាននៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​សរុប​បានកើន​ឡើង​ដល់ ១៥៤​នាក់​ហើយ ក្នុង​នោះ​មាន​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី ៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល មនុស្ស ៣៦០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ក្នុង​នោះ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៣៥៦​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការន៍​សហគមន៍ ២០​កុម្ភៈ ហើយ​ ៤​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស ២២ ៥៤៤​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​មេរោគ​នេះ​ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ១៣ ០០៦​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៨៨៦​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះផងដែរ៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី
07/08/2026 08:07 AM
អាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ បន្ទាប់ពីនាវាដឹកប្រេងត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
07/08/2026 07:07 AM
ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM