ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ការ​ចាក់​វ៉ាក់សាំង​សកល​បាន​កើន​ឡើង​ជាង ​៤០០​លាន​នាក់​

2021/04/27 02:59:58 am        146
​ពិភព​លោក៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​ថា​ មនុស្ស​ជាង​ ៤០០​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រួចរាល់​យ៉ាងហោចណាស់ ​១​ដូ​ស​។ ​គេហទំព័រ Our World in Data ដែល​ដំណើរការ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស និង​ក្រុម​ដទៃ​ទៀត​បាន​បង្ហាញ​ថា ​គិត​មកដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ មនុស្ស​ប្រហែល ៤៣០.៩៦​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​ ១​ដូ​ស​នៅ​ជុំវិញ​ពិភព​លោក​។​​បើ​និយាយ​អំពី​ប្រទេស សហរដ្ឋអាមេរិក​ឈរ​នៅ​លើ​កំពូល​តារាង ​ដោយ​មាន​ប្រជាជន​ចាក់​វ៉ាក់សាំង​រួច​ចំនួន ១១៧.១៤​លាន​នាក់​។ ឥណ្ឌា​ឈរ​នៅ​លំដាប់​ទី​២ ដោយមាន ៨៨.៨៩​លាន​នាក់​បន្ទាប់មក​គឺ​ចក្រភព​អង់គ្លេស​មាន ៣២.០១​លាន​នាក់​ និង​ប្រេ​ស៊ី​ល​មាន ២០.៥១​លាន​នាក់​។​ ចំពោះ​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុប​ ដែល​ទទួល​បាន​យ៉ាងហោចណាស់​ ១​ដូ​ស អ៊ីស្រា​អែល​ឈរ​នៅ​លំដាប់​កំពូល​ដោយមាន ៦១,៤%​។ ចក្រភព​អង់គ្លេស​ឈរ​នៅ​លំដាប់​ទី២ គឺ ៤៧,១% បន្ទាប់មក​ឈី​លី​មាន​ចំនួន ៣៨,៥% ​និង​សហរដ្ឋអាមេរិក​មាន ៣៥%។ ចំនួន​ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​បាន​ឡើង​ដល់ ៥,៥%​។​​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅ​អ៊ីស្រាអែល​ បាន​ចាប់ផ្ដើម​កាលពី​ខែ​ធ្នូ​ដោយ​ប្រើ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer និង BioNTech។ ចំនួន​នៃ​ការ​ឆ្លង​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ​។ ទិន្នន័យ​ចងក្រង​ដោយ​សកលវិទ្យាល័យ John Hopkins បង្ហាញ​ថា ​គិត​ត្រឹម​ថ្ងៃ​ទី១១ ខែ​មេសា ករណី​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​នៅ​អ៊ីស្រាអែល​បាន​ឡើង​ដល់ ១២០​នាក់​៕អត្ថបទ៖ សុខមាន

ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 លើស​ប្រេ​ស៊ី​ល​ ក្លាយ​ជា​ប្រទេស​រង​គ្រោះ​ខ្លាំង​បំផុត​ទី​២ ​លើ​ពិភព​លោក​

2021/04/27 02:59:58 am        89
​ឥណ្ឌា​៖ យោង​តាម​ទិន្នន័យ​បញ្ចេញ​ដោយ​ក្រសួង​សុខាភិបាល បាន​បង្ហាញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ COVID-19 ខ្ពស់​បំផុត​ទាំង​យប់​អាធ្រាត្រ​ចំនួន ១៦៨,​៩​១២​នាក់​លើស​ប្រទេស​ប្រេ​ស៊ី​ល ដោយ​បាន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ទី​២ លើ​ពិភព​លោក​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​ចំនួន​ករណី​ឆ្លង​ជំងឺ​ COVID-19 សរុប​បាន​ឡើង​ដល់​ជាង ​១៣​លាន ៥៣​​ម៉ឺន​នាក់​ ខ្ពស់​ជាង​ប្រេ​ស៊ី​លដែល​មាន​ត្រឹម ១៣​លាន ៤៥​ម៉ឺន​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​ចង​ក្រង​ដោយសារ​ព័ត៌​មាន Reuters។​ សហរដ្ឋអាមេរិក​បាន​នាំមុខ​ពិភពលោក ដោយមាន​ករណី​ឆ្លង​ចំនួន ៣១​លាន ២​សែន​នាក់​។​ ទិន្នន័យ​បង្ហាញ​ថា ​ចំនួន​អ្នក​ស្លាប់ប្រចាំ​ថ្ងៃនៅ​​​ឥណ្ឌា​បាន​ឡើង​ដល់​ ៩០៤​នាក់ ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់​សរុប​កើន​ឡើង​ដល់ ១៧០​,១៧៩​នាក់​៕ ​អត្ថបទ៖ សុខមាន

ជំងឺ​ COVID-19 ជំរុញ​ឲ្យ​មាន​ការ​បិទ​នៅ​ទូទាំង​ពិភព​លោក ខណៈ​កង្វះ​ខាត​វ៉ាក់សាំង​

2021/04/27 02:59:58 am        282
​ពិភព​លោក៖ ការ​បិទ​ប្រទេស និង​បម្រាម​គោចរ​ថ្មីៗ​ត្រូវ​បាន​អនុវត្តន៍​លើ​មនុស្ស​រាប់​លាន​នាក់ ​ចាប់ពី​ប្រទេស​ឥណ្ឌាដល់​ប្រទេស​អា​ហ្ស​ង់​ទីន​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ការ​ឆ្លង​ជំងឺ ​COVID-19 បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី ​ហើយ​ដំណើរ​ការ​ចាក់​វ៉ាក់សាំងត្រូវ​បាន​អាក់ខាន​ ដោយសារ​កង្វះ​ខាត និង​ក្ដី​បារម្ភ​ជុំ​វី​ញ​ផល​ប៉ះពាល់​ផ្សេងៗ​។​នៅ​ក្នុង​ប្រទេស​ឥណ្ឌា រដ្ឋ​មហា​រាស្ត្រ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​កំពុង​អស់​វ៉ាក់សាំង ​ខណៈ​ប្រព័ន្ធ​សុខ​ភាព​ទ្រុឌទ្រោម​ដោយសារ​ជំងឺ​នេះ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ​២​លាន ​៩​សែន​នាក់​នៅ​ទូទាំង​ពិភពលោក​។ ជា​រៀងរាល់​ចុង​សប្ដាហ៍ ចាប់ពី​ថ្ងៃ​សៅរ៍​រហូតដល់​ដំណាច់​ខែ​មេសា ​រដ្ឋ​មហា​រាស្ត្រ​ដែល​មាន​ប្រជាជន ​១២៥​លាន​នាក់នឹង​ត្រូវ​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ លើក​លែង​តែ​ការ​ធ្វើ​ដំណើរ ឬ​ទិញ​ម្ហូបអាហារ​ ឬ​ថ្នាំ​ពេទ្យ​។​ ​បទបញ្ជា​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ​ក៏​ត្រូវ​បាន​ចូល​ជា​ធរមាន​ហើយ​ដែរ​ សម្រាប់​ទីក្រុង​បូ​កូតា​ដែល​មាន​ប្រជាជន ​៨​លាន​នាក់ ខណៈ​រដ្ឋធានី​របស់​ប្រទេស​កូ​ឡុំ​ប៊ី​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រលក​ទី​៣ ដោយ​បន្ថែម​លើ​បម្រាម​គោចរ​ដែល​មាន​ស្រាប់​លើ​អនុវត្តន៍​លើ​មនុស្ស ​៧​លាន​នាក់​នៅ​ទូទាំង​ទីក្រុង​សំខាន់ៗ​ចំនួន ​៤​ផ្សេងទៀត។​​ទាំង​ប្រទេស​អា​ហ្ស​ង់​ទីន ទាំង​ប្រទេស​កូ​ឡុំ​ប៊ី​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ​ប្រមាណ​ជាង ​២​លាន ​៥​សែន​នាក់ ជា​ចំនួន​ដែល​ទាប​ជាង​តែ​ប្រទេស​ប្រេ​ស៊ី​ល​មួយ​ប៉ុណ្ណោះ​ ក្នុង​តំបន់​អាមេ​រិក​ឡាទីន​។​ ​គ្រប់​តំបន់​ទាំងអស់​ក្នុង​ប្រទេស​បារាំង នឹង​ត្រូវ​អនុវត្តន៍​វិធានការ​រឹតត្បិត​ក្រោម​ទម្រង់​មួយ​ចំនួន ខណៈ​ដែល​បំណង​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ​ដើម្បី​បញ្ឈប់​ចលនា​ប្រជាពល​រដ្ឋ និង​ពាណិជ្ជកម្ម​ត្រូវ​បាន​រំខាន​ដោយ​រដ្ឋ​មួយ​ចំនួន​ ដែល​ច្រានចោល​មិន​អនុវត្តន៍​តាម​សំណើ​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

ប្រមុខ​ដឹកនាំ​កម្ពុជា-ឡាវ​​ ​ពង្រឹង​កិច្ចសហការ​រួម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន

2021/04/27 02:59:58 am        138
ភ្នំពេញ ៖ ក្នុង​ជំនួប​​​សន្ទនា​តាម​ប្រព័ន្ធ​វីដេអូ ​នៅ​ថ្ងៃទី​១២ខែមេសានេះ ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម​បណ្ឌិត ផន​ខាំ វី​ផា​វ៉ាន់ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​ការ​ពង្រឹង​កិច្ចសហការ​រួម ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​ និង​ដោះស្រាយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។ក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ឡាវ​ ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ​ប្រកបដោយ​ជោគជ័យ​។សម្តេច​តេ​ជោ​ បាន​សម្តែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្តៅ​បំផុត ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​ ផន​ខាំ វី​ផា​វ៉ាន់ ដែល​ទើប​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជា​មា​និត្យ​ឡាវ​។ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​ជឿជាក់ថា​ ផ្អែកលើ​បទពិសោធន៍​ដ៏​ធំធេង និង​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​សម្រេច​បាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កាន់តែ​ល្អប្រសើរ ​និង​វិបុលភាព​ជូន​ប្រជាជន​ឡាវ​។សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ នៅ​ចុងឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២២​។នាយករដ្ឋមន្ត្រី​ទាំងពីរ បាន​សម្ដែង​ការពេញចិត្ត​ទៅវិញទៅមក ចំពោះ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដោយ​ឈរលើ​មូលដ្ឋាន​ចំណងមិត្តភាព​ជា​ប្រពៃណី និង​ភាពជា​អ្នកជិតខាង​ល្អ​។ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ឯកភាព​ជំរុញ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​សេចក្តីព្រាង​ផែនការ​សកម្មភាព​សម្រាប់​ភាពជា​ដៃគូ ដើម្បី​បន្ត​ពង្រឹង​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដូចជា វិស័យ​នយោបាយ​-​សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និង​វប្បធម៌ ។ ក្រៅពី​សហប្រតិបត្តិការ​ទ្វេភាគី ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ​គំនិត និង​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​នានា​។ថ្នាក់ដឹកនាំ​ទាំងពីរ មាន​សេចក្តី​រីករាយ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​បាន​កើនឡើង​ពី​ត្រឹម ១០​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ រហូតដល់ ១០៤​លាន​ដុល្លា​អាមេរិក នៅក្នុង​ឆ្នាំ​២០២០​។ ដើម្បី​ជំរុញ​ការវិនិយោគ​នៅក្នុង​ប្រទេស​ទាំងពីរ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ឯកភាព​ព​ន្លឿ​ន​ ការចរចា​រលើ “​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​”​។នាយករដ្ឋមន្ត្រី​ឡាវ បាន​ថ្លែងអំណរគុណ​ដ៏​ស្មោះ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ជំនួយ​ម៉ាស​ចំនួន ២​លាន និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​មួយ​ចំនួន ​ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ឡាវ​។ ក្នុងឱកាស​ដ៏​មហា​នក្ខត្តឫក្ស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ឡាវ ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុងពេល​តែមួយ នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​ជូនពរ​គ្នា​ទៅវិញទៅមក ឲ្យ​ទទួល​បាន​សុខភាព​ល្អ វិបុលភាព និង​សុភមង្គល​ដល់​ប្រជាជន​កម្ពុជា និង​ឡាវ​។នៅ​ចុងបញ្ចប់​នៃ​ការសន្ទនា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ ឯកឧត្តម ​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា​។ ​ដូចគ្នានេះដែរ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី ផន​ខាំ វី​ផា​វ៉ាន់​ ក៏បាន​អញ្ជើញ ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​តាម​ពេលវេលា​សមស្រប​ផងដែរ​៕អត្ថបទ ៖ មុត សុទ្ធ

ការ​តវ៉ា​ផ្ទុះ​ឡើង​នៅ​រដ្ឋ Minnesota បន្ទាប់ពី​នគរបាល​បាញ់​សម្លាប់​បុរស​ម្នាក់​

2021/04/27 02:59:58 am        167
​សហរដ្ឋ​អាមេរិក៖ នគរបាល​បាន​បណ្ដេញ​ក្រុម​អ្នក​តវ៉ា​ ចេញពី​ខាងក្រៅ​ប៉ុស្តិ៍​នគរបាល​មួយ​ក្នុង​ទីក្រុង Brooklyn Center សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ការ​បាញ់​ប្រហារ​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​ម្នាក់​។​​ការ​តវ៉ា​នានា​បាន​កើតមានឡើង​ បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​បុរស​អាយុ​ ២០ឆ្នាំ​រស់​នៅ​ក្នុង​រដ្ឋ​ Minnesota បាន​ប្រាប់​ហ្វូង​មនុស្ស​ថា បុរស​រង​គ្រោះ​ត្រូវ​បាន​បាញ់​ដោយ​នគរបាល​កាលពី​ថ្ងៃអាទិត្យ មុន​ពេល​ដើរ​ត្រឡប់​ទៅកាន់​រថយន្ត​របស់​គេ និង​បើក​ចេញ​ទៅ បន្ទាប់​មក​បាន​បុក​ជាមួយ​រថយន្ត​ជា​ច្រើន​គ្រឿង​ដែល​តម្រៀបជួរ​គ្នា​បិទ​ផ្លូវ​។ ក្រោយមក​ក្រុម​គ្រួសារ​របស់​បុរស​រងគ្រោះ​ឈ្មោះ Daunte Wright ត្រូវ​បាន​ប្រកាស​ថា គេ​បាន​ស្លាប់​ហើយ​។​ក្រុម​មន្ត្រី​មកពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​និយាយ​ថា​ ទីភ្នាក់ងារ​នេះ​បាន​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បាញ់​ប្រហារ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​នគរបាល​នៅ​ក្នុង​ទីក្រុង Broo​klyn Center កាលពី​រសៀល​ថ្ងៃអាទិត្យ​។​ Brooklyn Center គឺជា​ទីក្រុង​ដែល​មាន​ប្រជា​ជន​ប្រមាណ ៣ម៉ឺន​នាក់ ស្ថិត​នៅ​ព្រំដែន​ភាគ​ខាងជើង​ទីក្រុង Minneapolis នៃ​រដ្ឋ​ Minnesota​៕អត្ថបទ៖ សុខមាន

ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​កំពុង​ក្លាយ​ជា​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង ក្រោយ​ជន​ស៊ីវិល​ ៨២​នាក់​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​

2021/04/27 02:59:58 am        156
​​មី​យ៉ាន់​ម៉ា៖ យោធា​មី​យ៉ាន់​ម៉ា​ទំនងជា​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន ​ទៅលើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋ​ប្រហារ​ មុន​ពេល​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុងស្រុក ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​ កាលពី​ថ្ងៃ​សុក្រ​កងកម្លាំង​យោធា​ និង​នគរបាល​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ ប្រឆាំង​នឹង​ក្រុម​បាតុករ​នៅ​ទីក្រុង​បា​ហ្គោជិត​ទីក្រុង​ធំ​បំផុត​យ៉ាង​ហ្គោ​ន ដែល​បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់ ​​និង​របួស​ជាច្រើន​នាក់​។​​ក្រុម​សិទ្ធិមនុស្ស​ក្នុង​តំបន់​និយាយ​ថា ​ជន​ស៊ីវិល ៨២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​សុក្រ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មនុស្ស ៧០១​នាក់​បាន​ស្លាប់​ចាប់​តាំង​ពី​រដ្ឋប្រហារ​កា​ល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​ អ្នក​នាំ​ពាក្យ​សម្រាប់​ស្ថាប័ន​ធ្វើ​សេចក្តី​សម្រេចចិត្ត​ជាន់ខ្ពស់​ ដែល​បង្កើត​ឡើង​ដោយ​យោធា​បាន​ចង្អុល​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ថា ​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ភាព​វឹកវរ​។​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងស្រុក​បាន​និយាយ​ថា ​កងកម្លាំងប្រដាប់អាវុធ​ជនជាតិភាគតិច​បាន​វាយប្រហារ​ ទៅ​លើ​ប៉ុស្តិ៍​នគរបាល​មួយ​នៅ​រដ្ឋ​សាន​ភាគ​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​សម្លាប់​មន្ត្រី​យ៉ាងតិច ១៤​នាក់​។ គួរ​ឲ្យ​ដឹង​ថា​ ចំនួន​ជន​ស៊ីវិល​ស្លាប់​ក្នុង​ការ​បង្ក្រាប​ដោយ​កងកម្លាំង​យោធា​មី​យ៉ា​ន់​​ម៉ា ​ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​មកដល់​ពេលនេះ​មាន​ជាង​ ៧០០​នាក់​ហើយ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ផ្ដល់​កម្ចី​ការប្រាក់​ទាប​បំផុត

2021/04/27 02:59:58 am        386
ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត ​ដើម្បី​ជួយ​ពួកគេ ឱ្យ​មាន​លទ្ធភាព ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ​ខែមេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំណូល​ធនាគារឯកជន​ ទទួល​បាន​ចំនួន​ច្រើន កាលពី ឆ្នាំ​២០២០​ កន្លងទៅ​ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជាប់​បំណុល​ធនាគា​រ ​និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​បំផុត​ ជូន​ប្រជាពលរដ្ឋ​រង គ្រោះវិបត្តិ​កូ​វីដ​១៩​ន​នេះ មិន​ត្រឹមតែ​ជួយ​ពួកគេ ឱ្យ​មាន​ដើមទុន សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធនាគារ​ខ្លួនឯង​ផ្ទាល់ ដោយសារ​ធនាគារ​នីមួយៗ មាន​ប្រា​ក់​បញ្ជើ​ច្រើន​។សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ​នៅពេល​ការផ្តល់​កម្ចី​មាន​ចំនួន​តិច ដោយសារ​កូ​វីដ​-១៩​ ចំនួន ប្រាក់​បញ្ញើ​កើនឡើង​ ដែល​នេះ​ ជាការ​លំបាក​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង បន្ទាប់ពី​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ ​នៃ​កម្ពុជា​ បានដាក់​ចេញ ដើម្បី​សម្រួលការ ​លំបាក​របស់​ប្រជាពលរដ្ឋ​។ វិធានការ​ទាំងនេះ​មានដូចជា ​ការលើកលែង​ការបង់​ការប្រាក់ ​ការ​ពន្យា​ពេល ​ការសង​ប្រាក់ ​និង​ការលើកលែង​ប្រាក់​ពិន័យ ​ជាដើម​៕ ​អត្ថបទ​៖ វណ្ណៈ 

សម្ដេច​តេ​ជោ​ ប្រកាស​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង ​មួយ​រយៈ​ដល់​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ នឹង​ករណី​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        139
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានប្រកាសថា​ រដ្ឋ នឹង​ជួយ​បង់ ថ្លៃ​ទឹក និង​ភ្លើង ​ជំនួស​ក្រុមគ្រួសារ ​ដែលមាន​ការ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ រយៈពេល​ពី​ ២​ខែ​ដល់​៥ ខែ ព្រមទាំង​ជំនួយ​ស្បៀងអាហារ​មួយ​ចំនួនទៀត​ផងដែរ​។នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង សារ​ទៅកាន់​ជនរួមជាតិ ជុំវិញ​បច្ចុប្បន្នភាព និង​ស្ថានភាព​ទូទៅ ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ​ដែល​ក្នុង​សារ នេះ សម្តេច​តេ​ជោ ​បាន​លើកឡើងថា ​ខណៈពេល​នេះ កំពុងតែ​កើតមាន​នូវ​ការ​ឆ្លង​ក​ដ៏​អាក្រក់​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​សភាពការណ៍​បែបនេះ រដ្ឋ នឹង​ជួយ​សម្រាល ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​គ្រួសារ​ដែល​មាន​ការពាក់​ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩​នេះ មួយ រយៈពេល​។សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ការ​អន្តរាគមន៍​រប​ស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ស្បៀង ​និង​ថវិកា ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្វី​ត្បិត​វា​មិនបាន​គ្រប់គ្រាន់​ដូច​ប្រាក់​ចំណូល របស់​ពួកគេ​ក៏ពិតមែន ​ប៉ុន្តែ​វា​ជា​ការ​សម្រាល​ទុក្ខលំ​បាក​បាន​មួយរយៈ ក្នុង​ពេល​ជួប​បញ្ហា​នេះ​ផងដែរ​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ​ការពារ​ខ្លួន​កុំ ឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រោះ​បច្ចុប្បន្ននេះ ​វា​កំពុងតែ​វិ​វត្ត​យ៉ាង​អាក្រក់​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង ដោយ​វា បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​រោងចក្រ ​និង​ទីផ្សារ​មួយចំនួន ​ដែល​តួលេខ​នេះ បាន​បង្ហាញថា វា​ជា​ព្រឹត្តិ ការណ៍​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ ប្រញាប់ប្រញាល់​រៀបចំ ស្បៀងអាហារ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង តំបន់​ ដែល​បាន​នឹង​កំពុង​បិទ​ខ្ទប់ ដើម្បី​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក​របស់​ពួកគេ​៕​អត្ថបទ​៖ បាន ចក់ ​

បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ​៥៩​ឆ្នាំ​ស្លាប់​ដោយសារ​កូវីដ​១៩​មុន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ

2021/04/27 02:59:58 am        36
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បុរស​ខ្មែរ​ម្នាក់​ទៀត​អាយុ ៥៩​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ​ កើន​ដល់ ២៧​ករណី​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​អាយុ ៥៩​ឆ្នាំ ដែលជា​ពលរដ្ឋ​រស់​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​ស្លាប់​បាត់​បង់​ជីវិត​រួច​ទៅ​ហើយ​នៅ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅ​ម៉ោង​ប្រហែល ១១​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បញ្ជាក់​ថា ការ​ត្រួត​ពិនិត្យ​សំណាក​យក​ពី​សព​បុរស​ជន​ជាតិ​ខ្មែរ​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ក្រុម​គ្រូ​ពេទ្យ​សន្និដ្ឋាន​ថា គាត់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ មនុស្ស​សរុប​ដល់​ទៅ ២៦​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​គិត​ចាប់​តាំង​ពី​ករណី​ស្លាប់​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

WHO ​រិះ​គន់​ការ​គ្មាន​តម្លាភាព​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 រវាង​ប្រទេស​អ្នក​មាន ​និង​ប្រទេស​ក្រីក្រ​

2021/04/27 02:59:58 am        737
​WHO៖ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ អង្គការ​សុខភាព​ពិភពលោក​បាន​ថ្កោលទោស​ វិសមភាព​រវាង​ប្រទេស​អ្នក​មាន​ និង​ប្រទេស​ក្រីក្រ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដោយ​និយាយ​ថា​ មាន​ប្រទេស​ជាង​ ២០ ​នៅតែ​មិនទាន់​ទទួល​បាន​ការ​ការពារ​ទាំងស្រុង​។​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​រិះគន់​ខ្លាំង​ៗ​ដល់​បណ្ដា​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ ដែល​កំពុង​ទិញ​វ៉ាក់សាំង​ផ្គត់ផ្គង់​តែ​ប្រទេស​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ខ្វះខាត​ដូ​ស​វ៉ាក់សាំង​សម្រាប់​ប្រទេស​ក្រីក្រ​នានា​។​ គោលដៅ​របស់​លោក​ដែល​ថា​នឹង​បាន​ឃើញ​ការ​ចាក់​វ៉ាក់សាំង ​ដំណើរការ​នៅ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ត្រឹម​ថ្ងៃ​សៅរ៍ ដែល​ជា​ថ្ងៃ​ទី​១០០ ក្នុង​ឆ្នាំ​២០២១ ទំនង​ជា​នឹង​មិន​អាច​ឡើយ​។ ​លោក Tedros បាន​ប្រាប់​សន្និ​សីទ​ព័ត៌មាន​ថា នៅ​តែ​មិន​ទាន់​មាន​តម្លាភាព​ក្នុង​ការ​បរិច្ចាគ​វ៉ាក់សាំង​សកល​។​លោក​ថា ក្នុងចំណោម​ប្រទេស​ ២២០ មាន​ប្រទេស​ចំនួន ​១៩៤ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ចំណែក​ឯ​ប្រទេស ​២៦ ក្នុង​នោះ​មាន​ប្រទេស​ចំនួន ​៧ បាន​ទទួល​ដូស​វ៉ាក់សាំង និង​កំពុង​ត្រៀម​ចាប់ផ្ដើម​ចាក់ រីឯ​ប្រទេស​ ៥ទៀត​គួរតែ​ទទួល​បាន​វ៉ាក់សាំង​វគ្គ​ដំបូង​របស់​ខ្លួន នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ​ដោយ​នៅ​សល់​ប្រទេស​ចំនួន​ ១៤ ប្រទេស​ខ្លះ​មិនទាន់​បាន​ស្នើ​វ៉ាក់សាំង​តាមរយៈ​គម្រោង​ចែកចាយ​វ៉ាក់​សាំង COVAX នៅឡើយ​ទេ ប្រទេស​ខ្លះ​មិន​ទាន់​រួចរាល់ និង​ប្រទេស​ខ្លះ​គ្រោង​នឹង​ចាប់ផ្ដើម​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM
ប្រធានាធិបតីលីបង់ រំពឹងថា ទទួល​បាន​លទ្ធផលវិជ្ជមាន ពីកិច្ច​ប្រជុំ​​នាពេលខាង​មុខ​ជាមួយលោក Trump
07/08/2026 07:07 PM