TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ជាថ្មីទៅទូតអ៊ុយក្រែនថា «មិនអាចយកសង្រ្គាម​បញ្ចប់សង្រ្គាម​បានទេ»

2024/12/17 02:56:06 pm        160
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អូឡេកសាន់ឌឺ ហ្កាម៉ាន (Oleksandr Gaman) ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអ៊ុយក្រែន ចូលជួបសម្ដែងការគួរសម នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ ឯកឧត្តម Oleksandr Gaman ឯក​អគ្គ​រដ្ឋទូត​វិសាមញ្ញ នៃប្រទេសអ៊ុយក្រែន ដែលបានអញ្ជើញចូលជួបសម្ដែងការគួរសម។ សម្តេច​តេជោ​ បានសម្តែងការសោកស្តាយចំពោះសោកនាដកម្ម និងការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាម​ដែល​បាន​កើតឡើងនៅអ៊ុយក្រែន ក្នុងរយៈកាល ៣ឆ្នាំកន្លងទៅនេះ។ សម្តេច បានគូសបញ្ជាក់ថា កម្ពុជា​ស្គាល់ច្បាស់ផលលំបាក ទុក្ខវេទនា និងរសជាតិសង្រ្គាម ហើយ សម្តេច ដឹងយ៉ាងប្រាកដថា “មិន​អាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ”។ សម្តេចតេជោ ក៏បានបន្តថា សម្តេច បាន​លះ​បង់​អំណាច​ពេល​ដែលសម្តេច នៅមានកម្លាំង និងមានប្រជាប្រិយភាពខ្ពស់បំផុត ដើម្បីប្តូរនឹង​សុខ​សន្តិភាព និងស្ថិរភាពរយៈពេលវែងសម្រាប់កម្ពុជា។នាឱកាសនោះ ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និង​សម្តែង​នូវ​ក្តី​រីក​រាយ​ដែលបានជួបសម្តេច សាជាថ្មី បន្ទាប់ពីជំនួបនៅក្នុងអំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ ឯកឧត្តម បានថ្លែងអំណរគុណ សម្តេច ដែល ប្រទេសកម្ពុជាកន្លងមក មានគោល​ជំហរ​ជ្រើស​យកច្បាប់អន្តរជាតិប្រឆាំងនឹងការឈ្លានពានរុស្ស៊ី និងសមានចិត្ត​ចំពោះ​ប្រទេស​អ៊ុយ​ក្រែន ​តាមរយៈការគាំទ្រនានាជាបន្តបន្ទាប់។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ កិច្ចប្រជុំ​កំពូល​លើក​ទី១ ស្តីពីសន្តិភាពនៅអ៊ុយក្រែន នៅប្រទេសស្វីស កាលពីខែមិថុនា ឆ្នាំ២០២៤ និង​បច្ចុប្បន្ន​ភាព​នៃស្ថានភាពដ៏លំបាកលំបិនដែលអ៊ុយក្រែនកំពុងជួបប្រទះផងដែរ។ឯកឧត្តម Oleksandr Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្ពុជា ដែល​បាន​ជួយបណ្តុះបណ្តា​ល​អ្នកដោះមីនអ៊ុយក្រែន ជាច្រើនលើក ។ ឯកឧត្តម បានបញ្ជាក់ថា អ៊ុយ​ក្រែន អាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិន​បើ​គ្មាន​ការ​ចូល​រួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំង កម្ពុជា។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ជំនួប​ថ្នាក់​ដឹក​នាំ​របស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយ សម្តេចតេជោ នាពេលកន្លងមក ស​បញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។ ឆ្លៀតក្នុងជំនួបនេះ ឯកឧត្តម សូម​ពាំ​នាំ​ការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះ សម្តេច​តេជោ ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពី​សម្តេច​បាន​អញ្ជើញ​ទៅ​អ៊ុយក្រែន​កាល​ពីឆ្នាំ១៩៨១។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ ឯកឧត្តម Oleksandr Gaman ចំពោះការវាយតម្លៃ​របស់ ឯកឧត្តមអំពីស្ថានការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា កម្ពុជា​យល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជា​ជ្រើស​យក​ការ​គោរព​តាម​ច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះ កម្ពុជានឹងមិនផ្លាល់​ប្តូរ​នោះ​ឡើយ​។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះ​បណ្តាល​អ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បាន​ឆ្លើយ​តប​ទៅនឹង ឯកឧត្តម ប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំង អ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌ​ក្រោម​ឆ័ត្រ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប៉ុណ្ណោះ។ ក្នុងឋានៈជាមេដឹកនាំកម្ពុជានិងប្រធានអាស៊ាន នាពេលកន្លងមក សម្តេចតេជោ បានបន្តចែក​រំលែក​ជា​មួយនឹង ឯកឧត្តម Oleksandr Gaman នូវបទពិសោធ និងទស្សនៈរបស់សម្តេច លើ​អភិក្រម យុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍សង្គ្រាម និង យុទ្ធសាស្ត្រ​នៃ​កិច្ចការ​ចរចា​ស្វែង​រកសន្តិភាពជូនកម្ពុជា ដោយគូសបញ្ជាក់ថា រាល់ការចរចាសន្តិភាព ដែលទទួលបានជោគជ័យ ត្រូវ​តែ​មានការចូលរួមពីភាគីជម្លោះពាក់ព័ន្ធ ហើយត្រូវចាប់ពីតូចទៅធំ។សម្តេច បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយកម្ពុជា ហើយ សូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នា​ពេល​វេលា​សម​ស្រប​ខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុង គៀវ នៅឆ្នាំ១៩៨១។ ជាថ្មី​ម្តងទៀត ឯកឧត្តម Oleksandr Gaman បានថ្លែងអំណរគុណ សម្តេចតេជោ និងកម្ពុជា ចំពោះ​ជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចតេជោ នាពេលខាង​មុខ​នៅ​អ៊ុយក្រែន​។នៅចុងបញ្ចប់ សម្តេចតេជោ បានស្នើ ឯកឧត្តម Oleksandr Gaman ពាំនាំនូវការសួរ​សុខទុក្ខ​របស់​សម្តេចជូនឯកឧត្តម ប្រធានាធិបតី នាយករដ្ឋមន្ត្រី និង ប្រធានសភាអ៊ុយក្រែន និង ជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្ម និងកិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំង​ពីរ​៕

«វាយកូនគោលមើលផ្ការីក» តើប្រយោគនេះ សម្តេចតេជោ បញ្ឈឺចិត្តអ្នកនយោបាយចាញ់ពេញមួយជីវិតនៅបារាំងមែនទេ?

2024/12/16 09:35:20 pm        89
(ភ្នំពេញ)៖ ពីលើទីលានវាយគូនគោលក្រាលគ្របដោយវាលស្មៅខៀវខ្ចី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសំណេរខ្លីមួយថា «ព្រឹកនេះ វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ»។​សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយ ដល់ នាយ សមុទ្រ ជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយ ដែល កំពុង បំផុសពាក្យ «ផ្ការីក» លើបណ្តាញសង្គមក្អួតឈាម។ក្នុងមួយរយៈនេះ ពាក្យ «ផ្ការីក» កំពុងត្រូវបានជនក្បត់ជាតិតជំនាន់ សម រង្សុី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍ មួយ ត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ដូច្នេះពាក្យ «ផ្ការីក» ដែល សម រង្សុី បំផុសឡើង ក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។«វាយ កូន គោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយ កាន់ តែ ល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិន ព្រួយ មិនព្រឺចំពោះការបំផុសចលនាបដិវត្តន៍ដោយជនក្បត់ជាតិ តជំនាន់ នេះ ឡើយ។ ផ្ទុយទៅវិញសម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជន ក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយ ដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។ជនក្បត់ជាតិ សម រង្សុី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួល ការ ដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ ជនក្បត់ ជាតិ សម រង្សុី ព្រោះតែភាព កំសាកខ្លាចគុករត់ចោលស្រុក ធ្វើឱ្យបាត់បង់ អស់ អ្នកជឿ និងលែងមានអ្នកធ្វើតាម៕

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

2024/12/16 08:18:16 pm        145
ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីគណៈកម្មាធិការកណ្តាល,ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងប្រធានយកដ្ឋានទាំង៥នៃ កាកបាទក្រហមកម្ពុជា សរុបចំនួន២៨នាក់ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។  បន្ទាប់ពីបានស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥. ដែលអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពូជា បានធ្វើការកោតសរសើរ នូវសកម្មភាពរបស់គណៈកម្មាធិការ និងក្រុមប្រតិបត្តិទាំងអស់ ដែលមួយឆ្នាំកន្លងមកនេះ បានខិតខំ ជាពិសេសបានចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយមេរោគអេដស៏ និង ជំងឺមិនឆ្លង ដែលជាជំងឺកំពុងពេញនិយម។ ដូច្នេះដើម្បីពង្រឺងការងារនេះបន្ថែម សម្រាប់ទិសដៅការងារឆ្នាំបន្ត លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានស្នើរអោយក្រុមប្រតិបត្តិទាំងអស់ បង្កើននូវការអប់រំផ្សព្វផ្សាយអំពីជំងឺមិនឆ្លង ( ជំងឺទឹកនោមផ្អែម. ជំងឺមហារីក. ជំងឺសសៃឈាមបេះដូង និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ) អោយបានទូលំទូលាយ។ លោកជំទាវបណ្ឌិតបញ្ជាក់ថាជំងឺនេះ មិនថាតែមនុស្សចាស់ទេ សូម្បីតែក្មេងៗក៏អាចកើតមានដែរ ដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ។កិច្ចប្រជុំនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើការណែនាំដល់គណៈកម្មាធិការ ជួយផ្សព្វផ្សាយដល់ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំងអស់​ អោយបេីកទូលាយដល់ការចូលជាគណ:កិត្តិយសកាកបាទក្រហមកម្ពុជា ទោះបីជាអាជីវករក៏ដោយ​ ដេីម្បីរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ក្នុងខេត្តនីមួយៗឲ្យកាន់តែប្រសើរឡើង. ។ ទាក់ទងការផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំឲ្យប្រុងប្រយ័ត្ននិងត្រូវផ្តល់ឲ្យចំគោលដៅអ្នករងគ្រោះនិងលំបាកខ្វះខាតពិតប្រាកដ. ។ បន្ទាប់មកសម្តេចប្រធានបានណែនាំដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន. និងប្រធាននាយកដ្ឋានទាំង៥ ឲ្យសហការគ្នាក្នុងការអនុវត្តការងារឲ្យបានច្បាស់លាស់ក្នុងការបំពេញភារកិច្ច និងបេសកម្មមនុស្សធម៌. ។ជាមួយគ្នានេះលោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញឹក​ កាកបាទក្រហមកម្ពុជា​ ក៏បានជម្រាបជូន​ និងឆ្លងរបាយការណ៍​ ចំណូល​ ចំណាយ​ ឆ្នាំ២០២៤​ និងស្នេីសុំការអនុម័តរបាយការណ៍ឆ្នាំ២០២៤​ ទិសដៅឆ្នាំ២០២៥​ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៥។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានថ្លែងថាក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹង ពង្រីកសម្មភាពនៃចលនា កាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុតឱ្យបានល្អ។ សម្តេចបានលើកឡើងផងដែរ ពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀតរាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភដល់ចលនា កាកបាទក្រហមកម្ពុជា បន្ត៕អត្ថបទ: សំ ងីម

សម្តេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត រដ្ឋកាតា តួកគីយេ និង​អេមីរ៉ាតអារ៉ាប់រួមប្រកបដោយផ្លែផ្កា និងមោទនភាពបំផុត

2024/12/15 10:38:53 am        167
តបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ច​ប់​ដោយ​ជោគ​ជ័យ​នូវ​ទស្សន​កិច្ច​ផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតូកគឺយេ និងអេមីរ៉ាត​អារ៉ាប់រួម ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនៃទស្សនកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា បានជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សមភាគី​ដែលជាប្រធានសភា និងបានជួបពិភាក្សាការងារ​ជាមួយថ្នាក់​ដឹក​នាំសំខាន់​ៗ​នៃ​ប្រទេសនីមួយៗផងដែរ។ ប្រមុខសភានិងថ្នាក់ដឹកនាំនៃបណ្តាប្រទេសទាំង៤ បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និងបានផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ក្នុង​នាមជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងរាល់ជំនួបសវនការ ប្រមុខ​សភា និង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ជា​មិត្តបា​ន​សម្តែង​ការ​កោតសរសើរដ៏ស្មោះស្ម័គ្របំផុត​ចំពោះស​ម្តេច​តេជោ​ថា ជាវីរជននយោបាយដ៏សំខាន់បំផុតដែលបានលះបង់ និងបូជាគ្រប់បែប​យ៉ាង​ក្នុងបុ​ព្វ​ហេតុ​កសាងសន្តិភាព និងអភិវឌ្ឍជាតិ នៃប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប។ សម្តេចតេជោប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាមិត្ត ក៏បានធ្វើការ​ផ្លាស់ប្តូរយោបល់អំពី​បញ្ហា​តំបន់ និងអន្តរជាតិ ដែលជាការប្រឈមនៅចំពោះមុខសភាពការណ៍ ដែលកំពុង​តែវិវ​ត្ត​យ៉ាង​លឿន កាន់តែតានតឹង និងស្មុគស្មាញ ជាពិសេសស្ថានភាពនៅស៊ីរី លីបង់ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមនៅអ៊ុយក្រែន ដើម្បីរួម​ចំណែក​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជា​យុទ្ធ​សាស្ត្រ​សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និង វិបុលភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា យោងតាមបទពិសោធផ្ទាល់របស់កម្ពុជា «សង្គ្រាម​មិន​អាច​បញ្ចប់​សង្គ្រាម​បាន​ទេ គឺមានតែកិច្ចសន្ទនា និងការចរចា» ហើយការដាក់ទណ្ឌកម្ម​ជា​ឯកតោភា​គី​ក៏មិនមែ​ន​ជា​ជម្រើសសម្រាប់ដំណោះស្រាយបញ្ហាដែរ ប៉ុន្តែផ្ទុយទៅវិញបានបង្កនូវ ភាព​ស្មុគ​ស្មាញ​កាន់​តែច្រើន និងដាក់បន្ទុកដល់ប្រជាជន និងប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។ក្នុង​ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរសភា ថ្នាក់ដឹកនាំសភាទាំងអស់បានគូសបញ្ជាក់ពី សារៈ​សំខាន់នៃការទូតសភា និងបានឯកភាពជំរុញទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​រវាង​សភា និង​សភា ឱ្យកាន់តែជិតស្និទ្ធនិងស៊ីជម្រៅ ចាប់ពីកម្រិតគណៈកម្មការ ដល់កម្រិត នៃ​កិច្ច​ប្រជុំ​កំពូលថ្នាក់ដឹកនាំសភា ជាពិសេសការរៀបចំកិច្ចប្រជុំជាទៀងទាត់ តាមរយៈយន្តការ នៃ​ក្រុម​មិត្តភាព​សភាដែលមានស្រាប់របស់ ប្រទេសទាំង៤ ជាមួយកម្ពុជា ឬកិច្ចពិគ្រោះយោបល់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​អន្តរសភាតំបន់ និងក្នុងវេទិកាអន្តរជាតិ នានា។ សម្តេចតេជោ ក៏បានជម្រាបជូនផងដែរអំពីលទ្ធផលនៃមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្ស នយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បី ភាពអត់ឱននិងសន្តិភាព (IPTP) ដែលបានអនុម័តដាក់ចេញនូវ “ធម្មនុញ្ញសន្តិភាពសកលលោក” នៅ រាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តបាន យល់ស្របថា ធម្មនុញ្ញសន្តិភាពសកលលោក មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនងសភា និងសម្រាប់អ្នកស្រឡាញ់សន្តិភាព ព្រមទាំងប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា ដើម្បីសន្តិភាព និងវិបុលភាព ពិភពលោក។ ស្របជាមួយគ្នានេះ សម្តេចតេជោបានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានសភាកាតា ក្នុងការ បង្កើតឱ្យមានកិច្ចប្រជុំកំពូលសភាអាស៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរសភាអាស៊ីឱ្យកាន់តែ ប្រសើរឡើង។ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស និងក្រសួងការបរទេស ព្រមទាំងបានស្នើសមភាគីជាមិត្តជំរុញការរៀបចំកិច្ចប្រជុំនេះឱ្យ បានទៀងទាត់។ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីការជំរុញ និងការគាំពារដល់កិច្ចសហ ប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្មសេរី និងវិនិយោគ ដោយផ្អែកលើភាពខ្លាំងនៃប្រទេសនីមួយៗ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសន្តិសុខស្បៀង ហើយបណ្តាប្រទេសជាមិត្តទាំង៤ មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងក៏ អាចជាយន្តការរួមគ្នាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។ សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្គរ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។សម្តេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានសក្តានុពលជាច្រើន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើននិងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជា។ MURIDety & ភាគីទាំងអស់បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដទៃទៀតដែលមាន សក្តានុពលនិងផលប្រយោជន៍រួម ដូចជា អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះភាគីមិត្ត និងស្នើបន្តគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា ព្រមទាំងជំនួយអភិវឌ្ឍន៍និង បច្ចេកទេសនានា។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិភាគីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះការរួម វិភាគទានរបស់ប្រទេសនីមួយៗ ដើម្បីជាគុណប្រយោជន៍រួមសម្រាប់តំបន់ និងជាសកល។ ជាមួយនឹង ការគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការធ្វើសមាហរណកម្មតំបន់ និងពាណិជ្ជកម្មសេរី ដែលបើកចំហ មាន តម្លាភាព និងប្រកបដោយបរិយាបន្ន សម្តេចតេជោបានផ្តោតសារៈសំខាន់ខ្លាំងលើទំនាក់ទំនងរវាងក្រុម ប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាមួយអាស៊ាន ជាពិសេសការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មដ៏ធំរវាងតំបន់ទាំងពីរ។ សម្តេចតេជោ បានផ្តល់ជាអនុសាសន៍ថា ការចរចាស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) រវាងអាស៊ាន និង GCC គួរត្រូវបានពន្លឿន និងបញ្ចប់ឱ្យបានឆាប់រហ័ស ខណៈពេល ដែលសហភាពអឺរ៉ុប (EU) និងអាស៊ាន នៅមានឧបសគ្គមួយចំនួនក្នុងការចរចានៅឡើយ។ សម្តេចតេជោ បានបង្ហាញទស្សនៈប្រកបដោយសុទិដ្ឋិនិយមខ្ពស់ថា ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង GCC និងអាស៊ាន នឹងមានភាពងាយស្រួល ដោយសារពុំមានការដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ ទាំងពីរស្ថិតនៅក្នុងទ្វីបអាស៊ីដូចគ្នា។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ប្រធានសភានៃប្រទេសទាំង៤ បានទទួលយក ការអញ្ជើញរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា មកបំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្រប។ លើសពីនេះទៀត តាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃរដ្ឋកាតាបានអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋកាតា តាម ពេលវេលាសមស្រប។ នៅក្នុងឱកាសនៃទស្សនកិច្ចនោះផងដែរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានជួបសន្ទនាជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ប្រធានាធិបតីតួកគីយេ, ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាស់ស៊ីម អាលថានី នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកាតា, និងបានអនុញ្ញាតទទួលជួបសម្តែង ការគួរសមពីឯកឧត្តម សេក្ខ ហ្វេសាល ប៊ីន ថានី ប៊ីន ហ្វេសាល អាល ថានី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្ម នៃរដ្ឋកាតា។ ជាមួយគ្នានេះដែរ ក្នុងពេលស្នាក់នៅសាធារណរដ្ឋតួកគីយេ សម្តេចតេជោ ត្រូវ បានអញ្ជើញចូលរួមជាភ្ញៀវពិសេសរបស់ប្រទេសម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍វប្បធម៌តួកគីយេ-ហុងគ្រី នៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលនាពេលនោះ សម្តេចតេជោ ក៏បានជួបសន្ទនាជាមួយឯកឧត្តម វីកទ័រ អរបាន នាយករដ្ឋមន្ត្រីហុងគ្រី ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសុវត្តិភាព

2024/12/13 06:25:03 pm        112
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៤និង៥០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងនៅរដ្ឋធានីអាប៊ូដាប៊ី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅរដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់ សភាប្រទេសអេមីរ៉ាតអារ៉ាប់រួម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។

​ ល្ងាចនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពតក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ»

2024/12/13 03:38:59 pm        166
កំពត៖ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅក្នុងខេត្តកំពត។ពិធីបុណ្យសមុទ្រត្រូវបានរៀបចំជាលើកដំបូងនៅក្នុងឆ្នាំ២០១១ ក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្នេរសមុទ្រកម្ពុជា បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។ ពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំឡើងដោយឈរលើគោលការណ៍ នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង៤ (ព្រះសីហនុ កោះកុង កំពត កែប) គោលបំណងនៃពិធីបុណ្យសមុទ្រ គឺដើម្បីរួមគ្នាអភិរក្សការពារធនធានធម្មជាតិសមុទ្រ និងថែរក្សាបរិស្ថាន ឆ្នេរឱ្យបានស្អាត ដើម្បីបម្រើដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងការទទួលខុសត្រូវ ព្រមទាំងលើក តម្កើងការផ្សព្វផ្សាយគោលដៅទេសចរណ៍តំបន់ឆ្នេរកម្ពុជាឱ្យកាន់តែទូលំទូលាយ ទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។ពិធីបុណ្យសមុទ្រនេះត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ហើយបានរៀបចំឡើងវិញនៅឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ បន្ទាប់ពីរាជរដ្ឋាភិបាលបានយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។ បុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នៅខេត្តកំពត ធ្វើឡើងក្រោមប្រធានបទ «អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ។កម្ពុជា ជាប្រទេសមានសក្តានុពលទេសចរណ៍សម្បូរបែប ទាំងវប្បធម៌ បេតិកភណ្ឌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។ នៅពេលនិយាយអំពីបេតិកភណ្ឌ ប្រាកដគេនឹងនឹកឃើញដល់ប្រាសាទបុរាណដែលបុព្វបុរសខ្មែរ បានបន្សល់ទុកនៅ ស្ទើរគ្រប់គោលដៅពាសពេញផ្ទៃប្រទេស ក្លាយជាបេតិកភណ្ឌជាតិនិងជាបេតិភណ្ឌពិភពលោក ដែលជាមោទនភាពដ៏សម្បើមសម្រាប់ខ្មែរជាកូនចៅជំនាន់ក្រោយ។ការដាក់ចេញប្រធានបទនេះ គឺមានគោលបំណងរំលេចឱ្យឃើញថា កម្ពុជាមានបេតិកភណ្ឌសម្បូរបែបមិនត្រឹមតែនៅតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែនៅតំបន់ឆ្នេរសមុទ្រក៏មានបេតិកភណ្ឌដែរ ពោលគឺមានបេតិកភណ្ឌទាំងនៅដីគោក (លើដី ក្នុងដី) និងនៅក្រោមទឹក។តួយ៉ាងដូចនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលគ្របដណ្តប់បួនខេត្ត មានបេតិកភណ្ឌច្រើនណាស់ដូចជា៖ មានសំពៅលិច ដែលអ្នកជំនាញបានស្រាវជ្រាវរកឃើញកុលាលភាជន៍ ពពួកសេរ៉ាមិក (កោះស្តេច) កន្លែងតម្កល់មឈូសឈើ ពាងក្រឡធំៗដាក់សពសម័យបុរាណ (នៅជីផាត) ទីទួលស្លាកស្នាមមនុស្សរស់នៅជាដើម។ ដោយឡែកនៅខេត្តកំពតនេះ ក៏មានបេតិកភណ្ឌច្រើនដែរ រាប់តាំងពីសំណង់ស្ថាបត្យកម្មសម័យអាណានិគម ប្រាសាទនៅក្នុងរូងភ្នំ (ភ្នំឈ្ងោក) នៅគុហាហ្លួងភ្នំកំពង់ត្រាច ភ្នំទទុង ភ្នំខ្យង ព្រមទាំងវិហារបុរាណ ទីទួលបុរាណផ្សេងៗទៀត។និយាយជារួម ប្រធានបទបុណ្យសមុទ្រឆ្នាំនេះ ចង់រំលេចឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការអភិរក្សថែរក្សាធនធានធម្មជាតិជីវៈចម្រុះបេតិកភណ្ឌនៅតំបន់ឆ្នេរ និងការអភិវឌ្ឍប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីចីរភាពនៃសក្តានុពលទសចរណ៍តំបន់ឆ្នេរ ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយទៀត។ដើម្បីញ៉ាំងឱ្យពិធីបុណ្យសមុទ្រលើកទី១១ នេះ ប្រព្រឹត្តទៅដោយសេចក្តីសោមនស្សរីករាយ និងមានភាពអធិកអធម គណៈកម្មការអន្តរក្រសួងគ្រោងរៀបចំសកម្មភាពនិងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា៖* ការផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនីជាតិនិងអន្តរជាតិ តារាចម្រៀងល្បីៗប្រចាំកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរសាទរផងដែរ។* មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផល និង គម្រោងអភិវឌ្ឍន៍ទេសចរណ៍ របស់ខេត្តតំបន់ឆ្នេរ ការតាំងពិព័រណ៍សមិទ្ធផលរបស់ក្រសួង ស្ថាប័ន ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ភូមិម្ហូបអាហារតំបន់ ផលិតផលក្នុងស្រុកនិងផលិតផលទូទៅ។* សកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិ ព្រមទាំងមានសកម្មភាពកម្សាន្តជាច្រើនទៀត។តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងច្រើនដល់វិស័យទេសចរណ៍កម្ពុជា៖ទី១) ផលប្រយោជន៍ក្នុងការផ្សព្វផ្សាយ៖ ការផ្សព្វផ្សាយពិតជាមានភាពចាំបាច់ និងសំខាន់ខ្លាំងណាស់ បើយើងមានរបស់ល្អផលិតផលល្អ តែយើងមិនបានផ្សាយ ពិតណាស់មិនមានការដឹងជ្រួតជ្រាបទូលំទូលាយទេ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ក្នុងចំណោមផលិតផលទេសចរណ៍សំខាន់ៗផ្សេងទៀត ដែលកម្ពុជារបស់យើងមានសក្តានុពល។ សាធារណជនព្រមទាំងទេសចរទាំងអស់ ដែលបានឃើញ និងបានចូលរួមដោយផ្ទាល់ ពិតជាមានភាពសប្បាយរីករាយ និងជួយផ្សព្វផ្សាយអំពីសក្តានុពលឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍កម្ពុជាកាន់តែទូលំទូលាយថែមទៀត។ទី២) ជួយជំរុញ និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលជារួម និងដោយឡែកការអភិវឌ្ឍផ្ទាល់នៅមូលដ្ឋានទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់វិស័យទេសចរណ៍។ទី៣) ពង្រឹង និងការលើកកម្ពស់គុណភាពសេវាកម្មនានា ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅពង្រឹង និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ទី៤) ផលប្រយោជន៍សេដ្ឋកិច្ច៖ ការរៀបចំឱ្យមានព្រឹត្តិការណ៍ គឺជាការចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន។ មានព្រឹត្តិការណ៍ មានទេសចរ មានប្រជាពលរដ្ឋកុះករ ចូលរួមអបអរ ធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរ យើងទទួលបាននូវផលចំណេញទាំងអស់គ្នា ជាពិសេស គឺប្រាក់ចំណូលនៅមូលដ្ឋានផ្ទាល់ ទាំងអ្នកប្រកបរបររកទទួលទានដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ និងបងប្អូនប្រកបរបរប្រយោលផ្សេងៗទៀត ដែលអាចរួមចំណែកប្រាក់ចំណូលលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖រាជរដ្ឋាភិបាលលើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ

2024/12/13 03:12:56 pm        228
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធ «ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤» នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេបានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិត ឬបម្រើសេវាកម្ម។ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការ និងឱកាសការងារជូនដល់និស្សិត និងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួល និងទំនើប ពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័ស ដែលនេះជាការជួយដល់យុវជនខ្មែរផង ក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និងប្រកបដោយជំនាញពិតប្រាកដ។ព្រមជាមួយនឹងសមិទ្ធផល និងការវិវត្តខាងលើ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការអភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុកជាមួយនឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរយើងក៏ត្រូវពិនិត្យមើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ ១/ បច្ចេកវិទ្យា អ៊ិនធើណែត, ២/ E-Commerce ៣/ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង៤/ ការផ្សព្វផ្សាយព័ត៌មាន៕

សម្ដេចតេជោ ហ៊ុន សែន បញ្ចប់ទស្សនកិច្ចនៅតួកគីយេហើយបន្តទស្សនកិច្ចផ្លូវការទៅកាន់​ប្រទេសអេមីរ៉ាតអារ៉ាប់រួម

2024/12/13 02:49:29 pm        402
នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើ​ដំណើរចាកចេញពីរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ ហើយបានបន្តដំណើរ​ទៅបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់រដ្ឋធានី Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ក្នុងឱកាសដំណើរអញ្ជើញដល់ប្រទេសតួកគី សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគីយ៉េ-កម្ពុជា, ឯកឧត្តម សុខ ជាឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយេព្រមទាំងវត្ត មានឥស្សរជនជាន់ខ្ពស់សភាតួកគីយ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប។វត្តមាននៃការអញ្ជើញដល់សណ្ឋាគារ ក្នុងរដ្ឋធានីអង់ការ៉ា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ពីសំណាក់បងប្អូនជនរួមជាតិខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងប្រកបរបរចញ្ចឹមជីវិត និងធ្វើកម្មសិក្សា នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយេ។ ដំណើរទស្សនកិច្ចនៅតួកគី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកប្រធានាធិបតីទី១ នៃប្រទេសតួកគីយ៉េ លោក Mustafa Kemal Atatuk។ សម្ដេចក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីយ៉េផងដែរ។ បន្ទាប់មកនៅថ្ងៃដដែលនេះ សម្តេចតេជោ បានអញ្ជើញធ្វើកិច្ចប្រជុំចង្អៀតជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋតួកគីយេ។ ក្នុងឱកាសជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចៅបង្កើត និងអនាគតចៅប្រសារ ដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស (Numan Kurtulmus) ប្រធានរដ្ឋសភាតួកគីយេ។ ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀត សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញកិច្ចប្រជុំពេញអង្គជាមួយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេផងដែរ។នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស ប្រធានរដ្ឋសភាតួកគីយេ ក៏បានសន្និសីទសារព័ត៌មានរួមគ្នារវាងផងដែរ។ ក្នុងសន្ដិសីទនេះ សម្តេចតេជោ បានជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាង កម្ពុជា និងតួគីយ៉េឱ្យបានទំហំ១ពាន់លានដុល្លារ។ សម្តេចតេជោក៏បានប្រកាសជំហរថា កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ទាក់ទងនឹងបញ្ហាតំបន់ និងពិភពលោក សម្តេច បានជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែនផងដែរ។ ក្នុងឱកាសនោះសម្ដេចតេជោ បានបញ្ជាក់ថា នយោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទេ ប៉ុន្ដែ ផ្ទុយទៅវិញការដាក់ទណ្ឌកម្មមកលើប្រទេសណាមួយដោយឯកតោភាគីនោះបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅទូទាំងពិភពលោក។ សម្តេចតេជោ បានបានជម្រាបទៅឯកឧត្តមប្រធានរដ្ឋសភាតួគីថា សម្ដេចទើបតែរៀនធ្វើប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាការងារនីតិប្បញ្ញត្តិទើបតែបាន៩ ខែទេ។ ប៉ុន្ដែបើរាប់តាំងពីការធ្វើជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងធ្វើជានាយករដ្ឋមន្រ្ដី គឺសម្ដេចបានធ្វើរយៈពេល៤៥ឆ្នាំមកហើយ ដូច្នេះសម្ដេចស្នើសុំរៀនសូត្រការងារនីតិប្បញ្ញត្តិពីឯកឧត្តមប្រធានរដ្ឋសភាតួគីផង។សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោបានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ និងសូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសតួកគីយេ នៅថ្ងៃទី១២ ខែធ្នូនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ថាយីប អ៊ែរដូអាន ( Tayyip Erdogan) ប្រធានាធិបតីតួកគីយ៉េ ក្នុងឱកាសនៃការប្រារព្ធពិធីបិទមហោស្រពវប្បធម៌តួកគីយ៉េ-ហុងគ្រីផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា 

ក្រុមមហ៊ុនប្រមាណជាង ៥០ ដែលជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

2024/12/13 02:06:11 pm        62
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា តាមការសន្យានៅពេលដែលលោកបានជួបពិភាក្សាការងារជាមួយសម្តេចបវរធិបតីលេីកដំបូង។ លោកប្រធានបានបន្ថែមទៀតថាបណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលេីជំនាញយានយន្ត បច្ចេកទេស បច្ចេកវិទ្យា, សេវាថែទាំសុខភាពនិងកែសម្ផស្ស, ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការរីករាយ និងស្វាគមន៍ចំពោះដំណើរទស្សនកិច្ចធុរកិច្ចរបស់វេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ នៅកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិ, ផ្លូវល្បឿនលឿន, ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើង និងកំពង់ផែទឹកជ្រៅ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ជាមួយគ្នានោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្សក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងយកចិត្តទុកដាក់លើជំនាញយានយន្ត និងបច្ចេកវិទ្យា ដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សម្ដេចបវរធិបតីបានបង្ហាញពីគោលនយោបាយ និងយន្តការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពជា ដែលធានាដល់បរិយាកាសវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ ដោយក្នុងនោះសម្ដេចបវរធិបតីបានសង្កត់ធ្ងន់លើការតភ្ជាប់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ៕

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យតួគីបន្តតួនាទីជួយផ្សះផ្សាបញ្ចប់សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន

2024/12/13 02:02:17 pm        76
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំពោះមុខប្រធានរដ្ឋសភាសាធារណរដ្ឋតួគី បានបង្ហាញនូវការពេញចិត្តចំពោះតួនាទី របស់តួគី ក្នុងការចូលរួមដំណោះស្រាយជាអន្តរជាតិ ពិសេសជម្លោះរវាងរុស្ស៉ី-អ៊ុយក្រែន។ សម្តេច បង្ហាញនូវក្តីសង្ឃឹមថា តួគីនឹងបន្តដើរតួនាទីនេះថែមទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចនៅប្រទេសតួគីយេ។ សម្តេចថ្លែងថា សម្ដេចពិតជាមានការពេញចិត្តជាមួយតួនាទី នៅក្នុងដំណោះស្រាយជាអន្តរជាតិ ហើយចាប់តាំងពីគ្រាដំបូងនៃការចាប់ផ្តើមជម្លោះរុស្ស៉ី-អ៊ុយក្រែន តួគីបានដើរតួនាទីនេះ។ សម្ដេចសង្ឃឹមថា តួគី នឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ សម្ដេចតេជោបញ្ជាក់ថា បញ្ហាប្រដាប់អាវុធ គេមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរាចមួយគត់ ដែលអាចឈានដល់ការបញ្ចប់សង្គ្រាម ដែលរឿងនេះបានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ។ក្នុងឱកាសនោះសម្តេចតេជោបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ទីក្រុងអង់ការ៉ា នៃប្រទេសតួគី សម្តេចទើបតែនឹងរៀនធ្វើជាប្រធានព្រឹទ្ធសភាទេ ចាប់ពីខែមេសា ដល់ពេលនេះ សម្តេចទើបតែធ្វើប្រធានព្រឹទ្ធសភា បាន៩ខែប៉ុណ្ណោះ ខណៈសម្តេចធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រី គឺមានរយៈពេល៤៥ឆ្នាំ ដូច្នេះសម្តេចសុំរៀនសូត្រពី ប្រធានព្រឹទ្ធសភាតួគី។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាតួគីយេ ធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ ដើម្បីពង្រឹងថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM