ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

សន្តិសុខ និង សង្គម

ហ្វីលីពីន ថ្កោលទោសសកម្មភាពបង្កហេតុរបស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងអ្នកនេសាទហ្វីលីពីន

2024/01/23 09:04:14 pm        83
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាប្រទេសហ្វីលីពីនថ្កោលទោសចំពោះ «សកម្មភាពបង្កហេតុ» ចុងក្រោយបង្អស់របស់ឆ្មាំល្បាតឆ្នេរចិន ប្រឆាំងនឹងក្រុមអ្នកនេសាទហ្វីលីពីន។លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) ក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ បានយោងលើរបាយការណ៍មួយរបស់ឆ្មាំល្បាតឆ្នេរហ្វីលីពីន កាលពីចុងសប្តាហ៍អំពីឧប្បត្តិហេតុថ្ងៃទី១២ ខែមករា ដែលខ្លួនបាននិយាយថា ឆ្មាំល្បាតឆ្នេរចិនបានណែនាំអ្នកនេសាទឱ្យប្រគល់សំបកខ្យងសមុទ្រដែលប្រមូលបាននៅជិតតំបន់ជម្លោះនៃច្រកសមុទ្រ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ទៅវិញបន្ទាប់មកបានបណ្តេញពួកគេចេញ។ប្រទេសទាំងពីរនេះ មានការប្រឈមមុខដាក់គ្នាជាច្រើននាពេលថ្មីៗនេះនៅក្នុងដែនទឹកដែលមានជម្លោះមួយចំនួននៅក្នុងសមុទ្រចិនខាងត្បូង ដោយមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថាបានបង្កជម្លោះនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រសេដ្ឋកិច្ចនេះ៕

អាវុធហត្ថបញ្ជូនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង១តោន ទៅតុលាការ

2024/01/23 08:56:46 pm        474
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​​កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​បន្ត​នីតិ​វិធី​តាម​ច្បាប់។វត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន ២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀន​សុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត។បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មក​ផ្តន្ទា​ទោស​តាមច្បាប់៕

អ៊ីស្រាអែល ស្នើឱ្យផ្អាកការប្រយុទ្ធរយៈពេល២ខែ ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2024/01/23 07:21:02 pm        122
គេហទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែល បានផ្តល់សំណើថ្មីដល់ក្រុមអ៊ីស្លាមនិយមហាម៉ាស ដែលរួមមានការផ្អាកប្រយុទ្ធរហូតដល់ពីរខែ ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលនៅសល់ទាំងអស់។ ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល គេហទំព័រ Axios កាលពីថ្ងៃចន្ទ បានរាយការណ៍ពីសំណើដែលត្រូវបានធ្វើឡើងតាមរយៈអ្នកសម្រុះសម្រួលមកពីប្រទេសកាតា និងប្រទេសអេហ្ស៊ីប។ ក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង ក្រុមហាម៉ាស នឹងដោះលែងស្ត្រី មនុស្សវ័យចំណាស់ និងចំណាប់ថ្នូរដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរ ក្នុងដំណាក់កាលដំបូង។ ចំណាប់ថ្នូរផ្សេងទៀត រួមមានទាំងទាហាន នឹងត្រូវដោះលែងជាដំណាក់កាល។ ការប្រយុទ្ធនឹងត្រូវផ្អាករយៈពេលពីរខែ រហូតដល់ចំណាប់ថ្នូរដែលនៅសល់ទាំងអស់ ត្រូវបានដោះលែង។ មន្ត្រីអ៊ីស្រាអែល ត្រូវបានគេដកស្រង់សម្តីដោយនិយាយថាសំណើនេះ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់ប្រទេសកាលពី ១០ ថ្ងៃកន្លងទៅនេះ។ តាមសេចក្តីរាយការណ៍ មន្ត្រីបាននិយាយថា អ៊ីស្រាអែល នឹងមិនយល់ព្រមបញ្ចប់សង្គ្រាមនោះទេ ហើយនឹងមិនយល់ព្រមដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ៦.០០០នាក់ ពីពន្ធនាគាររបស់អ៊ីស្រាអែលដែរ។ពួកគេបាននិយាយថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា នឹងមាន ទំហំកាន់តែតូច គួរឱ្យកត់សម្គាល់ នៅក្នុងវិសាលភាព និងកម្លាំង បន្ទាប់ពីការផ្អាករយៈពេលពីរខែ។គេហទំព័រ Axios និយាយថា ការកំណត់នៃសំណើថ្មីសម្រាប់កិច្ចព្រមព្រៀងចំណាប់ថ្នូរគឺ «ខុសគ្នាពីទិដ្ឋភាពអតីតកាលនៃកិច្ចព្រមព្រៀងដែលត្រូវបានច្រានចោលដោយក្រុមហាម៉ាស និងការពឹងផ្អែកជាងសំណើរបស់អ៊ីស្រាអែលកាលពីពេលមុន។

ក្រុមសង្គ្រោះប្រញាប់ប្រញាល់ ស្វែងរកមនុស្សរាប់សិបនាក់ ជាប់ក្នុងបំណាក់ដីនៅភាគនិរតី ប្រទេសចិន

2024/01/23 07:15:41 pm        96
ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់នៅថ្ងៃអង្គារទី ២៣ ខែមករានេះ ដើម្បីស្វែងរកមនុស្សរាប់សិបនាក់ ដែលនៅតែជាប់ បន្ទាប់ពីបំណាក់ដី បានវាយប្រហារតំបន់ដាច់ស្រយាលនិងតំបន់ភ្នំ នៅភាគនិរតីប្រទេសចិន ដោយបានបណ្តាលឲ្យមនុស្ស ១១ នាក់ស្លាប់។ បំណាក់ដីនៅពេលព្រឹកព្រលឹម បានកប់លើលំនៅឋានចំនួន ១៨ ខ្នង និងបានបង្កឱ្យមានការជម្លៀសមនុស្សជាង ២០០នាក់ នៅពេលដែលរញ្ជួយដីបានវាយប្រហារក្នុងតំបន់ Zhenxiong ខេត្ត Yunnan កាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ ពេលនេះកំពុង ប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរកអ្នកដែលបាត់ខ្លួន បន្ទាប់ពីយប់ដែលសីតុណ្ហភាពក្រោមសូន្យ។ អ្នកពន្លត់អគ្គីភ័យលោក Li Shenglong បានប្រាប់សារព័ត៌មានស៊ីនហួថា កិច្ចខិតខំប្រឹងប្រែងស្វែងរកនិងជួយសង្គ្រោះ នៅតែបន្តពេញមួយយប់។ ទីភ្នាក់ងារនេះ បានដកស្រង់សម្តីលោក Wu Junyao ប្រធានការិយាល័យធនធានធម្មជាតិ និងផែនការតំបន់Zhaotong ដោយនិយាយថា គ្រោះមហន្តរាយនេះ បានបណ្តាលមកពីការបាក់នៅតំបន់ច្រាំងថ្មចោតពីលើជម្រាលភ្នំ។ ក្រុមអ្នកជួយសង្គ្រោះ២០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ព្រមទាំងរថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង និងឧបករណ៍ផ្សេងៗទៀត។ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា ទីតាំងជួយសង្គ្រោះ ត្រូវបានគ្របដណ្តប់ដោយព្រិលក្រាស់ ហើយអ្នកជួយសង្គ្រោះកំពុង ប្រើប្រាស់ឧបករណ៍គ្រប់ប្រភេទដើម្បីស្វែងរកអ្នកនៅរស់។ ប្រទេសចិន បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយមួយចំនួនកើតមាន បន្ទាប់ពីមានអាកាសធាតុមិនអំណោយផលខ្លាំង ដូចជាភ្លៀងធ្លាក់ខ្លាំងដ៏កំហុគ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ព្យុះភ្លៀងកាលពីខែកញ្ញាឆ្នាំមុន នៅតំបន់ភាគខាងត្បូងខេត្តក្វាងស៊ី បានបង្កឱ្យមានបំណាក់ដីភ្នំ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់។កាលពីខែសីហា ភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានគ្រោះមហន្តរាយស្រដៀងគ្នា នៅជិតទីក្រុង Xi'an ភាគខាងជើង បណ្តាលឲ្យមនុស្សជាង ២០នាក់ស្លាប់។

កងទ័ពប្រទេសអេក្វាឌ័រ រឹបអូសបានកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន

2024/01/23 07:12:30 pm        157
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធានៅក្នុងប្រទេសអេក្វាឌ័រ បានរកឃើញកូកាអ៊ីនច្រើនបំផុតចំនួន ២២ តោន ពីការរឹបអូសគ្រឿងញៀនធំបំផុតមួយរបស់ប្រទេស ក្នុងរយៈពេលពីរសប្តាហ៍ ក្នុងជម្លោះប្រដាប់អាវុធផ្ទៃក្នុងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក។កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គ្រឿងញៀន ដែលត្រូវបានចែកចាយមានចំនួន ៧៣៣ កញ្ចប់ ទំនងជាត្រូវបានបម្រុងទុកសម្រាប់ការដឹកជញ្ជូនទូទាំងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក។ ប្រតិបត្តិការនេះ បានបានធ្វើឡើងរយៈពេល៦ខែនៃផែនការ និងការស៊ើបអង្កេត។កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអេក្វាឌ័រ កាលពីថ្ងៃអាទិត្យ បានចែករំលែកវីដេអូនៅលើបណ្តាញ X ដែលបង្ហាញពីគំនរដ៏ច្រើននៃកញ្ចប់រុំដោយប្លាស្ទីក ដែលមួយចំនួនមានស្លាកបង្ហាញឈ្មោះក្រុមហ៊ុនអាកាសចរណ៍ធំៗនៅទីតាំងមួយនៅភាគកណ្តាលទីក្រុង Vinces ។រដ្ឋាភិបាលប្រទេសអេក្វាឌ័រ បានដាក់កំហុសលើក្រុមជួញដូរកូកាអ៊ីនដ៏មានឥទ្ធិពល សម្រាប់អំពើហិង្សាដែលកំពុងកើនឡើង រួមទាំងការវាយប្រហារកាលពីពេលថ្មីៗនេះលើមន្ទីរពេទ្យ ការចាប់ចំណាប់ថ្នូរ និងការបង្អាក់ដល់ការផ្សាយតាមទូរទស្សន៍ដោយខ្មាន់កាំភ្លើងប្រដាប់អាវុធ។

ការរញ្ជួយដីកម្រិត ៧,០រ៉ិចទ័រ វាយប្រហារព្រំដែនប្រទេសចិន-កៀហ្ស៊ីស្ថាន

2024/01/23 07:02:45 pm        137
គ្រោះរញ្ជួយដីកម្រិត ៧,០ រ៉ិចទ័រ បានវាយប្រហារនៅតាមតំបន់ភ្នំ ព្រំដែនប្រទេសចិន-កៀហ្ស៊ីស្ថាន នៅថ្ងៃអង្គារ ទី២៣ ខែមករានេះ បង្កឱ្យមានការព្រមានអំពីការបំផ្លាញរាលដាលដែលអាចកើតមានទ្រង់ទ្រាយធំ ទោះបីជាពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ឬរងរបួសក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា អាជ្ញាធរក្នុងតំបន់ បានបញ្ជូនមនុស្សមួយក្រុម ដើម្បីទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដី ខណៈមនុស្សប្រហែល ៨០០នាក់ កំពុងត្រៀមសម្រាប់បេសកកម្មសង្គ្រោះគ្រោះមហន្តរាយធំណាមួយ។ ការរញ្ជួយដីនេះត្រូវបានចុះបញ្ជីបន្ទាប់ពីម៉ោង ២,០០នាទី ព្រឹក ម៉ោងក្នុងតំបន់នៅថ្ងៃច័ន្ទនេះ មានជម្រៅ ១៣ គីឡូម៉ែត្រ ក្នុងតំបន់ ស៊ីនជាំង(Xinjiang) របស់ប្រទេសចិន ដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Aksu ។ សារព័ត៌មានស៊ីនហួររាយការណ៍ថា លំនៅឋានពលរដ្ឋចំនួនពីរខ្នង និងកន្លែងចិញ្ចឹមសត្វ បានបាក់រលំនៅក្នុងតំបន់ក្បែរចំណុចកណ្តាល ក្នុងតំបន់ Wushi ខណៈអគ្គិសនី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។ ពលរដ្ឋទីក្រុង Aksu បាននិយាយថា ប្រជាជន បានប្រញាប់ប្រញាល់ ចេញទៅខាងក្រៅដើម្បីសុវត្ថិភាព ក្នុងពេលមានការរញ្ជួយ ទោះបីជាសីតុណ្ហភាពពេលព្រឹកព្រលឹមត្រជាក់ដល់ ដក១០ អង្សាសេក៏ដោយ។យោងតាមសារព័ត៌មាន AFP បានឱ្យដឹងថា មនុស្សម្នាក៏បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវក្នុងរដ្ឋធានី Bishkek របស់ប្រទេសកៀហ្សីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានបណ្តាលឱ្យជញ្ជាំងរង្គើ និងគ្រឿងសង្ហារឹមយោលយោគ។លោក Bohobek Azhikeev ប្រធានការិយាល័យនៃក្រសួងស្ថានភាពបន្ទាន់ប្រទេសកៀហ្ស៊ីស្ថាន បាននិយាយនៅក្នុងសារវីដេអូថា គ្មានអ្នកស្លាប់ អ្នករងរបួសនិងការខូចខាត ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Bishkek នៅឡើយ។

ប្រធាន WHO៖ ពិភពលោកប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់សម្រាប់សន្ធិសញ្ញាជំងឺរាតត្បាត

2024/01/23 06:26:17 pm        77
ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថាបណ្ដាប្រទេសនានាប្រឈមនឹងការខកខានកាលបរិច្ឆេទកំណត់ខែឧសភា សម្រាប់ការយល់ព្រមលើសន្ធិសញ្ញា ដែលមានកាតព្វកិច្ចស្របច្បាប់លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលនឹងក្លាយជាការប៉ះទង្គិចដ៏ធំមួយសម្រាប់មនុស្សជំនាន់ក្រោយ។សន្ធិសញ្ញាថ្មីនេះ និងការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ចំពោះច្បាប់ដែលមានស្រាប់ស្តីពីការដោះស្រាយជំងឺរាតត្បាត មានគោលបំណងពង្រឹងការការពាររបស់ពិភពលោកប្រឆាំងនឹងមេរោគថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ៧លាននាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។លោកអគ្គនាយក តេដ្រូស អាដហាណូម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិរបស់ទីភ្នាក់ងារសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ថា «ខ្ញុំមានការព្រួយបារម្ភណាស់ថារដ្ឋជាសមាជិកអាចនឹងមិនបំពេញតាមការប្តេជ្ញាចិត្តនោះ ហើយមានបញ្ហាលេចធ្លោជាច្រើនដែលនៅតែត្រូវដោះស្រាយ»។មានតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អង្គការនេះ ដែលស្ថានប័នសុខភាពពិភពលោក WHO នេះបានយល់ព្រមលើកិច្ចព្រមព្រៀងបែបនេះ ហើយនោះគឺជាសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់ក្នុងឆ្នាំ២០០៣៕

អាមេរិក អំពាវនាវឲ្យអ៊ីស្រាអែល ការពារជនស្លូតត្រង់ ខណៈកងកម្លាំងវាយលុកមន្ទីរពេទ្យហ្កាហ្សា

2024/01/23 06:13:26 pm        71
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២២ មករា) បានអំពាវនាវឱ្យអ៊ីស្រាអែល ការពារប្រជាជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺ ខណៈដែលកងកម្លាំងអ៊ីស្រាអែលបានសម្រុកចូលមន្ទីរពេទ្យមួយ និងដាក់ការឡោមព័ទ្ធមួយទៀតនៅពេលដែលពួកគេបានវាយរុលចូលជ្រៅទៅក្នុងភាគខាងលិចទីក្រុង ខាន់ យ៉ូនីស (Khan Younis) ក្នុងតំបន់ហ្កាហ្សា។ អ្នកស្រុកបាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាស ដីគោក និងសមុទ្រ គឺជាការវាយប្រហារខ្លាំងបំផុតនៅតំបន់ហ្កាហ្សាភាគខាងត្បូង ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅក្នុងខែតុលា មក។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក ចន ឃឺប៊ី (John Kirby) បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្តែយើងរំពឹងថាពួកគេនឹងធ្វើស្របតាមច្បាប់អន្តរជាតិ និងដើម្បីការពារជនស្លូតត្រង់នៅក្នុងមន្ទីរពេទ្យ បុគ្គលិកពេទ្យ និងអ្នកជំងឺផងដែរតាមដែលអាចធ្វើបាន»។អ៊ីស្រាអែលនិយាយថា ក្រុមយុទ្ធជនហាម៉ាសប្រតិបត្តិការក្នុង និងជុំវិញមន្ទីរពេទ្យ ប៉ុន្តែក្រុមហាម៉ាស និងបុគ្គលិកពេទ្យបដិសេធ។ អ៊ីស្រាអែលបានបើកការវាយលុកមួយកាលពីសប្តាហ៍មុនដើម្បីដណ្តើមយកក្រុងខាន់ យ៉ូនីស ដែលឥឡូវនេះអ៊ីស្រាអែលនិយាយថាជាទីស្នាក់ការសំខាន់របស់ពួកសកម្មប្រយុទ្ធហាម៉ាសដែលទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល៕

ប្រធានចារកម្មអ៊ីស្រាអែល បានស្នើឲ្យមេដឹកនាំក្រុមហាម៉ាសចាកចេញពីហ្កាហ្សា ជាផ្នែកនៃកិច្ចចរចាបទឈប់បាញ់កាន់តែទូលំទូលាយ

2024/01/23 06:10:01 pm        138
មន្ត្រីពីររូបដែលបានដឹងពីការពិភាក្សាជាអន្តរជាតិដែលកំពុងបន្តបានប្រាប់ទូរទស្សន៍ CNN ថា អ៊ីស្រាអែលបានស្នើឱ្យក្រុមមេដឹកនាំជាន់ខ្ពស់ក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សាជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយមួយ ។សំណើដែលមិនត្រូវបានគេរាយការណ៍ពីមុនមកបានកើតឡើង ខណៈអ៊ីស្រាអែលកំពុងតស៊ូសម្រេចគោលដៅក្នុងការកម្ទេចក្រុមហាម៉ាសទាំងស្រុង។ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាមានអាយុកាលជិត៤ខែក៏ដោយ អ៊ីស្រាអែលបានបរាជ័យក្នុងការចាប់ខ្លួន ឬសម្លាប់ក្រុមមេដឹកនាំជាន់ខ្ពស់បំផុតរបស់ហាម៉ាសនៅហ្កាហ្សា ហើយនៅតែកំពុងប្រយុទ្ធជាមួយកងកម្លាំងក្រុមហាម៉ាសដែលនៅសល់ប្រហែល ៧០% នេះបើយោងតាមការប៉ាន់ប្រមាណរបស់អ៊ីស្រាអែល។ បើអ៊ីស្រាអែលនឹងផ្តល់ច្រកចេញដោយសុវត្ថិភាពពីតំបន់ហ្កាហ្សាសម្រាប់មេដឹកនាំកំពូលៗរបស់ហាម៉ាស ដែលរៀបចំការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ការចាកចេញពីតំបន់ហ្កាហ្សារបស់ក្រុមមេដឹកនាំរបស់ខ្លួនអាចធ្វើឱ្យកម្លាំងរបស់ក្រុមហាម៉ាសចុះខ្សោយ លើតំបន់ដែលហែកហួរដោយសង្រ្គាម ហើយក៏នឹងអនុញ្ញាតឱ្យអ៊ីស្រាអែលបន្តតាមដានគោលដៅសំខាន់ៗនៅបរទេសផងដែរ។ ក្រុមមន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ត្រូវបានគេដឹងថារស់នៅក្នុងទីក្រុងដូហា(Doha) ប្រទេសកាតា និងរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ ស្ថិតក្នុងចំណោមកន្លែងផ្សេងទៀតនៅខាងក្រៅទឹកដីប៉ាឡេស្ទីន។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីដើមខែនេះបានសម្លាប់មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាសម្នាក់នៅក្រុងបេរូត។ យោងតាមមន្ត្រីម្នាក់ដែលបានដឹងការពិភាក្សានេះ សំណើរបស់អ៊ីស្រាអែលដែលថាមេដឹកនាំក្រុមហាម៉ាស អាចចាកចេញពីតំបន់ហ្កាហ្សា ទោះបីជាទំនងជាមិនត្រូវបានទទួលយកដោយក្រុមហាម៉ាសក៏ដោយ ត្រូវបានពិភាក្សាជាផ្នែកមួយនៃការចរចាបទឈប់បាញ់យ៉ាងទូលំទូលាយយ៉ាងហោចណាស់ពីរដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងនោះម្តងបានធ្វើឡើងកាលពីខែមុននៅទីក្រុងវ៉ាសូវី ដោយប្រធានចារកម្ម Mossad របស់អ៊ីស្រាអែល លោក David Barnea ហើយបន្ទាប់មក ជាថ្មីម្តងទៀតក្នុងខែនេះនៅទីក្រុង Doha ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ៕

មនុស្សជាង ៩០នាក់បានស្លាប់ បន្ទាប់ពីព្យុះរដូវរងាដ៏ធ្ងន់ធ្ងរវាយប្រហារនៅសហរដ្ឋអាមេរិក

2024/01/23 06:06:58 pm        199
ការស្លាប់ទាក់ទងនឹងអាកាសធាតុជាង ៩០ នាក់ត្រូវបានកត់ត្រានៅទូទាំងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសនេះត្រូវបានវាយប្រហារដោយព្យុះរដូវរងាដ៏ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន។ អ្នកស្លាប់រួមមានយ៉ាងហោចណាស់២៥ នាក់នៅក្នុងរដ្ឋ Tennessee និង ១៦ នាក់នៅរដ្ឋ Oregon ដែលនៅតែស្ថិតក្នុងភាពអាសន្នបន្ទាប់ពីមានព្យុះទឹកកកធ្ងន់ធ្ងរ។ មនុស្សរាប់ម៉ឺននាក់ក៏នៅតែពុំទាន់មានថាមពលអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស។គេរំពឹងថា ស្ថានភាពត្រជាក់នេះ នឹងធូរស្រាលនៅក្នុងរយៈពេលពីរ-បីថ្ងៃខាងមុខទៀតនេះ។ ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុសរុបចំនួន ៩២ នាក់ត្រូវបានកត់ត្រានៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ នេះបើយោងតាមចំនួនសរុបដែលបានតាមដានដោយសារព័ត៌មាន CBS ជាដៃគូរបស់សារព័ត៌មាន BBC នៅសហរដ្ឋអាមេរិក។ ស្របពេលចំនួនអ្នកស្លាប់មានចំនួនច្រើនបំផុតនៅក្នុងរដ្ឋ Tennessee និង Oregon ការស្លាប់ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងរដ្ឋ Mississippi រដ្ឋ Illinois រដ្ឋ Pennsylvania រដ្ឋ Washington រដ្ឋ Kentucky រដ្ឋ Wisconsin រដ្ឋ New York រដ្ឋ New Jersey និងកន្លែងផ្សេងទៀត។ការស្លាប់ផ្សេងទៀត នៅតែស្ថិតក្រោមការស៊ើបអង្កេត រួមទាំងមនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តចំនួន៥គ្រឿង នៅក្នុងរដ្ឋ Kentucky និង៤នាក់នៅក្នុងរដ្ឋ Illinois៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
09/25/2026 02:09 PM
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា
09/25/2026 02:09 PM
ជនជាតិវៀតណាម ២៣នាក់ទៀតពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗទៀត ត្រូវបានបណ្ដាញចេញកម្ពុជា
09/25/2026 01:09 PM
ប្រមុខការទូតកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគីមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
09/25/2026 01:09 PM
ប្រមុខកាទូតកម្ពុជាអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
09/25/2026 01:09 PM
លោក Trump និងលោក Xi បញ្ចប់ជំនួប​កំពូលទល់​មុខ​ នៅទីក្រុងវ៉ាស៊ីនតោន
09/25/2026 01:09 PM
គ្រួសាររងហានិភ័យ អរគុណរដ្ឋាភិបាលដែលឧបត្ថម្ភប្រាក់បន្ថែមទប់ទល់សម្ពាធឡើងថ្លៃប្រេង
09/25/2026 01:09 PM
ផ្លូវជាតិនិងផ្លូវខេត្តមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានបិទមិនឲ្យធ្វើដំណើរជាបណ្ដោះអាសន្នដោយសារជំនន់ទឹកភ្លៀង
09/25/2026 01:09 PM
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
09/25/2026 01:09 PM
គ.ជ.ប អំពាវនាវដល់ភាគីពាក់ព័ន្ធជំរុញពលរដ្ឋទើបមានអាយុ១៨ឆ្នាំ មកចុះឈ្មោះឆ្នោត​ឆ្នាំ​២០២៦
09/25/2026 01:09 PM