ទេសចរអន្តរជាតិ៖ កម្ពុជាជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងគ្រប់​គោលដៅ
ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា

វប្បធម៌ និងទេសចរណ៍

ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី

2025/01/17 12:33:40 pm        126
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូក្រសួង ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យវឌ្ឍនភាព ដាក់ចេញនូវទិសដៅការងា និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍អាស៊ាន “ត្រឹមឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយគុណភាព ពិពិធភាព បទពិសោធន៍ ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ រួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រជាជាតិអាស៊ាន”។អំឡុងពេលនៃព្រឹត្តិការណ៍នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នឹងមានជំនួបជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕

ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ

2025/01/17 11:15:25 am        144
ព្រឹត្តិការណ៍សំណេរអង្គរ លើកទី ២ នឹងរៀបចំជាថ្មី នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ នៅពី​មុខប្រាសាទអង្គរវត្ត។ ចំនួនបេក្ខជនចូលរួមនាពេលខាងមុខនេះ មានចំនួនរហូតដល់ជាង ១ ២០០នាក់ ក្នុងនោះបេក្ខជនដែលអាយុតិចជាងគេបំផុតគឺ អាយុ ៦ឆ្នាំ រីឯបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាងគេ ៨១ឆ្នាំ។ព្រឹត្តិការណ៍សំណេរអង្គរជាព្រឹត្តិការណ៍សរសេរតាមអានប្រចាំឆ្នាំ ដែលរៀបចំឡើងជាលើកទី ២ នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២៥ខាងមុខនេះ។ ការរៀបចំជាលើកទី ២ នេះ បានស្រូប​ទាញ​បេក្ខជន​ចូល​រួមជាង ១ ២០០នាក់ ដោយក្នុងនោះបេក្ខជនមកពីខេត្តសៀមរាប មានចំនួនច្រើន​ជាង​គេ បន្ទាប់មកគឺបេក្ខជន មកពីរាជធានីភ្នំពេញ និងបេក្ខជនពីខេត្ត បាត់ដំបង។គួរឱ្យចាប់​អារម្មណ៍ផងដែរ ការចូលរួមក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទី ២នេះ មានបេក្ខជន​ដែល​វ័យ​ក្មេងជាងគេ គឺអាយុ ៦ឆ្នាំមកពី រាជធានីភ្នំពេញ រីឯកបេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​គឺ​អាយុ ៨១ឆ្នាំ មកពីខេត្តបាត់ដំបង។ បេក្ខជនដែលវ័យចំណាស់ជាងគេឈ្មោះ ឡាច រិ ជា​ពលរដ្ឋ​មួយ​រូបដែលស្រឡាញអក្សរសាស្ត្រខ្មែរជាខ្លាំង។ក្នុងការចូលរួម​ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍សំណេរអង្គរនេះ គឺលោកមានគោលដៅ​ហេតុ​ផល​ច្បាស់​លាស់។ ហេតុផលទី ១ គឺដោយសារចិត្តស្រឡាញ់អក្សរសាស្ត្រខ្លួនឯង និងការចង់ឃើញ​យុវជន​ខ្មែរ​សរសេរអក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវ។សម្រាប់ព្រឹត្តិការណ៍សំណេរអង្គរនាពេលខាងមុខនេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា នឹងធ្វើជាអ្នកអានអត្ថបទសម្រាប់បេក្ខជនប្រកួតប្រជែង។គណៈកម្មការ​នឹង​ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាស​លទ្ធ​ផល​នៅ​រសៀលថ្ងៃដដែលនោះ។ ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១-៣ និងបេក្ខអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១-៣ដូចគ្នា និងជ័យលាភីអក្សរស្អាត និងជ័យលាភីផ្សេងៗទៀតផងដែរ។ ព្រឹត្តិការណ៍សំណេរអង្គរ ជាការសហការរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប៕ អត្ថបទ៖ គឹមហុក

ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

2025/01/10 12:40:45 pm        226
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ថ្នាក់ដឹកនាំក្រសួង កំពុងរៀបចំព្រឹតិ្តការណ៍រាត្រីសមោសរ សំពត់បត់ខ្មែរ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានកិតិ្តយសដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកព្រឹតិ្តការណ៍ខាងលើនេះ។ ដោយឡែកកាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងបានរៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ ដោយទទួលបានជោគជ័យ បង្ហាញអំពីសំលៀកបំពាក់ប្រពៃណី សំលៀកបំពាក់ផ្លូវការរបស់ថ្នាក់ដឹកនាំ សំលៀកបំពាក់ចូលរួមបុណ្យប្រពៃណីក្នុងពិធីផ្សេងៗ ហើយក៏ដូចជាសំលៀកបំពាក់ច្នៃចេញពីសំពត់បត់ខ្មែរ។លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥នេះ ចំនុចសំខាន់ធ្វើពីអ្វីដែលប្រជាពលរដ្ឋខ្មែរយើងទទូចចង់ដឹង គឺអំពីទម្រង់នៃសំលៀកបំពាក់ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដោយធ្វើបង្ហាញចាប់តាំងពីសម័យឧត្តុង្គ រហូតមកដល់បច្ចុប្បន្ន ដែលសម្លៀកបំពាក់ទាំងនោះ នឹងយកទៅបង្ហាញជូនក្នុងកម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» ។ ហើយនៅក្នុងព្រឹតិ្តការណ៍នេះ យើងក៏មានរំលេចនូវសំលៀកបំពាក់មួយរបស់ស្រី្តខ្មែរ ដែលតែងតែនិយមប្រើប្រាស់ជាយូរណាស់មកហើយ។ ប៉ុន្តែបច្ចុប្បន្ននេះយើងហាក់បីដូចបំផ្លិចចោលទៅហើយ។ ដូច្នេះយើងឆ្កឹះយកសំលៀកបំពាក់នេះត្រឡប់មកវិញ ហើយយើងកែច្នៃអភិវឌ្ឍយ៉ាងម៉េច ឲ្យសំលៀកបំពាក់នេះឃើញធ្ងន់ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងងាកមកចាប់អារម្មណ៍។លោកជំទាវ ឡងឌី សាន់ណារ៉ា បានបញ្ជាក់ថា ព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ ប្រារព្ធឡើងស្របចំជាមួយនឹងខួបលើកទី៤៦ឆ្នាំ នៃថ្ងៃជួបគ្នាថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនិងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយក្នុងថ្ងៃព្រឹតិ្តការណ៍ ក៏មានចម្រៀងមួយបទយ៉ាងពិសេសដើម្បីចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥៕ អត្ថបទ រដ្ឋា 

ក្រសួងទេសចរណ៍៖ តួលេខបឋម កម្ពុជាឆ្នាំ២០២៤ មានទេសចរអន្តរជាតិមកទស្សនា ៦លាន៧សែននាក់

2025/01/09 11:38:18 am        328
អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមករានេះ បានបង្ហាញ តួលេខបឋមថា នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជាបានបានទទួលភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនា មានប្រមាណ​៦​លាន​៧​សែន​នាក់ កើនឡើង២២.៩% បើប្រៀបធៀបឆ្នាំ២០២៣ ហើយកំណើនភ្ញៀវអន្តរជាតិនេះ គឺ​បាន​កើត​ឡើង​ដោយសារ កត្តាសុខសន្តិភាព បូករួមកម្ពុជា បានរួមគ្នាល្អ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ស្នាម​ញញឹមរាក់ទាក់ និងភាពកក់ក្តៅជូនភ្ញៀវ។លោក​ជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បាន​ថ្លែង​ប្រាប់​BT​V​ថា ចំណោមភ្ញៀវទេសចរអន្តរជាតិសរុប៦លាន៧សែននាក់នោះ ភាគ​ច្រើន​គឺ​ជា​ភ្ញៀវ​អន្តរជាតិ​ចម្រុះ​ជាតិសាសន៍ មកពីប្រទេសថៃ វៀតណាម ចិន ឡាវ អាមេរិច និងបណ្តា​ប្រទេស​នានា​ទៀត​នៅ​ប៉ែកខាងអឺរ៉ុប។លោកជំទាវ ហ៊ុន ដានី បន្តថា កំណើនភ្ញៀវទេសចរអន្តរជាតិ និងអ្នក​វិនិយោគ​ទុន​អន្តរជាតិ​មក​កម្ពុជា ក្នុងឆ្នាំ២០២៤នេះ គឺបានកើតឡើងដោយសារ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ បូករួម​នឹង​កត្តា​សុខ​សន្តិភាព ការចាប់ផ្តើមមានសមិទ្ធិផលព្រលានយន្តហោះថ្មីៗ ការសម្រួលការធ្វើដំណើរ ការ​តភ្ជាប់​ជើង​ហោះ​ហើរត្រង់ ការផ្សព្វផ្សាយ ការពង្រឹងគុណភាពផ្តល់សេវាបដិសណ្ឋារកិច្ចល្អ និងការផ្តល់​ភាព​កក់​ក្តៅល្អជូនភ្ញៀវទេសចរអន្តរជាតិជាដើម។លោកជំទាវ ហ៊ុន ដានី បន្តថា នៅក្នុងឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ផែន​ការ​សកម្មភាពជាច្រើន ក្នុងគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសច​រអ​ន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​៧​លាន​នាក់ ខណៈនៅក្នុងឆ្នាំ២០២៥នេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស​បញ្ចុះ​តម្លៃ​ថ្លៃ​ធ្វើ​ទិដ្ឋាការអេឡិចត្រូនិច eVISA ប្រភេទ E និងT ជូនភ្ញៀវអន្តរជាតិមកស្នាក់នៅកម្ពុជាយូរថ្ងៃ ក៏​ដូចការជំរុញតភ្ជាប់គោលដៅទេសចរណ៍កម្ពុជា​ទៅ​កាន់​គោលដៅ​ទេសចរណ៍​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក និងការជំរុញ​អភិវឌ្ឍ​ផលិត​ផល​ទេសចរណ៍​ថ្មីៗ​នៅ​គ្រប់​គោល​ដៅ​ទេសចរណ៍​ទាំង​អស់​នៅកម្ពុជាជាដើម។សូមបញ្ជាក់ថា គ្រប់ផែនការសកម្មភាព​ជា​យុទ្ធសាស្ត្រស​ម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែល​ក្រសួង​ទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តឆ្នាំ២០២៥នេះ គឺមានគោលដៅសំខាន់ ចង់​ទាក់​ទាញ​ទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជានៅគ្រប់ខែ និងគ្រប់រដូវកាល ហើយនឹងមិន​មាន​ទៀត​ទេ រដូវភ្ញៀវតិច Low season ពោលគឺមានតែរដូវGreen season៕ អត្ថបទ ស៊ុម សុខជា

ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ

2025/01/09 11:23:16 am        160
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​រៀបចំ​ការ​សម្តែង​ល្ខោន​បាមោជ្ជ​ទ័យ រឿង"កុលាបប៉ៃលិន" និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិក​ជន​ទស្សនា​រយៈពេ​ល​៤​ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅ​សាល​សន្និសីទចតុម្មុខ។លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៥​ខាង​មុខ​នេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍​វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជន​ទស្សនា​​ឲ្យ​កាន់​តែ​អធិក​អធម​។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញ​បាន​គាស់​រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏​ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំ​ដល់​មន្ត្រី​ជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើង​នៅ​ទម្រង់​សិល្បៈ​ដែល​មិន​សូវ​មាន​សកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់​នូវ​អ្វី​ទៅ​ដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជា​ពិសេស​យុវជន​ចូល​រួម​គាំទ្រ​ក្នុង​ការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជា​កម្លាំង​ចិត្ត​ដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្ប​ការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយ​ការ​បង្កើត​ស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជន​ណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់​គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិន​បារម្ភ​ពី​ការ​ទទួល​រង​នូវ​ឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា

“សំណេរអង្គរ” លើកទី២ នៅប្រាសាទអង្គរវត្ត, ព្រឹត្តិការណ៍ដ៏សំខាន់ជួយ​លើក​កម្ពស់​អក្សរសាស្ត្រខ្មែរ និងការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជា នឹងរៀបចំនៅក្នុងខែមករានេះ

2025/01/05 04:53:37 pm        497
សំណេរអង្គរ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណង​ស្វែង​រក​អ្នក​សរសេរ​បាន​ត្រឹម​ត្រូវ​តាមក្បួន​អក្ខរាវិរុទ្ធ​នៃ​អក្សរ​សាស្ត្រ​ខ្មែរ​ព្រម​ទាំង​អ្នក​មាន​ស្នាដៃ​សរសេរ​អក្សរ​បាន​ស្អាត​បំផុត​នឹង​ប្រារព្ធ​ឡើង​ជាលើកទី២ នៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខ។អ្នករៀបចំកម្មវិធីសំណេរអង្គរ លោក លីម ប៊ុនហុក បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នាព្រឹ​ក​ថ្ងៃ​ទី៥ខែម​ករានេះថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពី​ព្រោះ​ខ្មែរ​​មា​ន​ភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ លោកថា «ដោយសារ​តែខ្មែរ​មាន​អក្សរ​ជា​យូរ​លង់​មកហើយ ព្រមទាំងបានចារិកទុកនៅតាមប្រាសាទនានាផង ដូច្នេះហើយ​បាន​ជា​«សំណេរអង្គរ» ជា​ព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេស​គឺជួយ​ឱ្យ​ប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការ​អាន​ពាក្យ​ខ្មែ​រ​ឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត”។លោក ប៊ុនហុក បន្តថា សំណេរអង្គរក៏មានគោលបំណងផ្សាភ្ជាប់ទៅនិងរមណីយដ្ឋានអង្គរ ដែល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។ បើតាមលោក ប៊ុន ហុក ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើ​ឡើង​នៅ​លើ​ស្ពាន​ហាល​ផ្នែក​ខាង​លិចរបស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួម១២២០នាក់។ បេក្ខជនទាំងនោះ មាន​ទាំងកុមារចាប់ពីអាយុ៦ឆ្នាំនិងមនុស្សចាស់ដែលមានអាយុរហូតដល់៨១ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រម​ទាំង​អនិកជន​ខ្មែរ​ដែលរស់នៅបរទេសខ្លះទៀតផង។ចំណែកឯកឧត្តម ឡុង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បា​ន​ចាត់ទុ​ក​ថា​កម្ម​វិធី​សំណេរ​អង្គរ​លើកទី២ ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំង​ដែល​ស្ដែង​ចេញ​នូវ​អារ្យធម៌ និង​ទំនៀម​ទម្លាប់​មួយ​នៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។ ឯកឧត្តម ឡុង កុសល បញ្ជាក់ទៀតថា សំណេរអង្គរ​ក៏មាន​សារសំខាន់​ណាស់​ដែរ​ក្នុង​ការ​ជួយ​បង្កើត​ចលករ​ផ្សេង​ៗ​លើ​ផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាល​ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ៨០០នាក់៕ 

ភ្ញៀវទេសចរជិត៤០ម៉ឺននាក់ទៅលេងខេត្តព្រះសីហនុកំលុងថ្ងៃឆ្លងឆ្នាំសកល កើនឡើងជាង១២ភាគរយធៀបនឹងឆ្នាំមុន

2025/01/02 03:50:19 pm        183
ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំ សកល ២០២៤-២០២៥ ភ្ញៀវទេសចរចូលលេងកម្សាន្ដនៅខេត្តព្រះសីហនុ មានចំនួនជិត៤០ម៉ឺននាក់ កើនឡើង ជាង១២ភាគរយ ធៀបនឹងឆ្នាំមុន ។ ភ្ញៀវជាតិ មានចំនួនជាងជិត៣៩ម៉ឺននាក់ កើនឡើង ១២,៥៥% និងភ្ញៀវបរ ទេស ៤.៤១៣នាក់ កើនឡើង២០,៨៧%។ ភ្ញៀវចូលកម្សាន្តតាមបណ្តាឆ្នេរ កោះ និងរមណីយដ្ឋាននានា ។ ដោយ ឡែក ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិខេត្ដព្រះសីហនុ មានចំនួន០៣ជើងហោះហើរ ចំនួន៤១៣នាក់ ភ្ញៀវជាតិ ០២នាក់ និងភ្ញៀវអន្តរជាតិ ៤១១នាក់ ។នាឱកាសថ្ងៃឆ្លងឆ្នាំ២០២៥នេះ រដ្ឋបាលខេត្ត បានរៀបចំនូវការប្រគំតន្ត្រី ការតាំងពិព័រណ៍ សម្ដែងសិល្បៈ បង្ហោះគោម បាញ់កាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក្រោមការគ្រប់គ្រងសន្តិ សុខសណ្ដាប់ធ្នាប់ល្អប្រសើរ ខណៈតម្លៃអាហារហូបចុក ទីតាំងស្នាក់នៅ បានហក់ឡើងបន្តិចបន្តួចដែលភ្ញៀវអាច ទទួលយកបាន ៕ អត្ថបទ៖ គង់ ប៊ុនថា

មន្ត្រីជំនាញខិតខំបំពេញតួនាទី ថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ រូបី និងអរូបី ក្នុងខេត្តកំពង់ស្ពឺ

2025/01/02 02:09:04 pm        230
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នា​ថ្ងៃនេះថា មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច​របស់ខ្លួន ក្នុងការថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ ទាំងរូបី និងអរូបី ក្នុងខេត្ត​កំពង់ស្ពឺ។លោក ប្រធានមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ បានជម្រាបជូន២ចំនុច ដោយចំនុចទី១. គឺ​សម្បតិ្ត​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ រូបី នៅទូទាំងខេត្តកំពង់ស្ពឺ មានបុរាណដ្ឋានចំនួន៦២០ទីតាំង ក្នុងនោះ​មន្ត្រី​ជំនាញ ​ចុះវាស់វែង បានចំនួន៥៧១ទីតាំង និងមិនទាន់វាស់វែង ចំនួន៤៩ទីតាំង។ ក្នុងចំណោម​នៃ​ការ​វាស់វែងបុរាណដ្ឋាននេះ យើងទទួលបានប័ណ្ណសម្គាល់អចលនវត្ថុ និងបង្កាន់ដៃ សម្រាប់​ទទួល​វិញ្ញាបនបត្រមួយចំនួន និងមានវត្ថុបុរាណចំនួន០៤ ដូចជាបដិមាព្រះនរាយណ៌ និងបាន​បញ្ជូន​ទៅ​កាន់សារមនី្ទរជាតិកម្ពុជា ដើម្បីជួសជុលថែរក្សាអភិរក្សបដិមាព្រះនរាយណ៌ ក្រៅពីនោះ​ខេត្ត ក៏មានសារមនី្ទរឯកជនមួយកន្លែង គឺសារមនី្ទរនរ បុរី (ក្នុងសារមនី្ទរនេះ មានវត្ថុ​សិល្បៈ​ចម្លង​ដូច​ ចំនួន៣១០ដុំ-ផ្ទាំង) ក្នុងឆ្នាំ២០២៤នេះ មានអ្នក ចូលទស្សនាចំនួន២០១០នាក់។ ចំនុច​ទី២​. សម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ អរូបី ផ្តោតលើសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែល​ប្រជា​ពលរដ្ឋកំពុងប្រកបរបរនេះ មានចំនួន១១៩កន្លែង(ចម្លាក់ពុំស៊ីម៉ង់ដ្ឋ ចម្លាក់ឈើ ចម្លាក់​ម្នាង​សិលា ចម្លាក់ស្មិត ចម្លាក់ស្ពាន់ ទីកន្លែងផលិតឧបករណ៍ភ្លេងប្រពៃណី កុលាលភាជន៍ កន្លែង​តម្បាញ​សរសៃ​អំបោះ តម្បាញវល្លិ៍ផ្តៅ វល្លិ៍ល្ពាក់ និងតម្បាញអំពីរុក្ខជាតិត្នោត)។ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០២៥នេះ មន្ត្រី​ជំនាញ​របស់​មនី្ទរ​វប្បធម៌ខេត្ត និងបន្តធ្វើការជួសជុលអភិរក្សប្រាសាទភ្នំក្អែកពង ដែលស្ថិតលើចង្កេះ​ភ្នំក្អែក​ពង ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងដំណាក់កាលទី១ នាឆ្នាំ​២០២៤ កន្លង​មកនេះ មន្ត្រីជំនាញបានខិតខំធ្វើការជួសជុលអភិរក្ស បានទល់ទ្រ កាប់ឆ្ការកូន និង​ដើមឈើតូចៗ ដុះក្នុង និងលើប្រាសាទ។ ប្រាសាទភ្នំក្អែកពង គឺជាប្រាសាទឥដ្ឋ មាន​សភាព​ទ្រុឌ​ទ្រោម (ខូចខាតប្រមាណ៦០%) និងមានតែមួយគត់ក្នុងខេត្តកំពង់ស្ពឺ៕ អត្ថបទ រដ្ឋា 

កម្ពុជាទទួលបានចំណូលពីការលក់បណ្ណសម្រាប់ភ្ញៀវទេសចរបរទេស មានទឹកប្រាក់ជិត ៤៨ លានដុល្លារ

2025/01/02 11:42:34 am        145
គ្រឹះស្ថានអង្គរទទួលបានភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងបំណាច់ឆ្នាំ ២០២៤ មានចំនួនជាង ១ លាននាក់ និងទទួលបានចំណូលពីការលក់បណ្ណ បានចំនួនជិត ៤៨ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៨ ភាគរយ បើធៀបនិងឆ្នាំ ២០២៣។ គ្រឹះស្ថានអង្គរ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូល ទស្សនា រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ក្នុងនោះសម្រាប់ភ្ញៀវទេសចរបរទេស ប្រចាំខែ ធ្នូ ឆ្នាំ២០២៤, កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ជាង ១២៥ ពាន់នាក់ កើនឡើងជាង ២៧ ភាគរយ និងទទួលបានចំណូលពីការលក់បណ្ណចូល ទស្សនា មានទឹកប្រាក់ជិត ៦ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ២៧ ភាគរយ បើធៀបទៅរយៈពេលដូចគ្នាឆ្នាំ២០២៣។ចំណែកនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ២០២៤ នេះវិញ, កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយ ដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសនេះ មានចំនួនសរុបជាង ១ លាននាក់ កើនឡើង ២៨ ភាគរយ និងទទួលបាន ចំណូលពីការលក់បណ្ណចូលទស្សនា មានទឹកប្រាក់សរុបជិត ៤៨ លានដុល្លារអាមេរិក កើនជាង ២៨ ភាគរយ បើប្រៀបធៀបទៅរយៈ ពេលដូចគ្នាឆ្នាំ ២០២៣។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះ, គ្រឹះស្ថានអង្គរបានប្រមូលចំណូលពីវិស័យផ្សេងៗ ក្នុងនោះសម្រាប់ចំណូលសរុប ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា មានចំនួនទឹកប្រាក់សរុបជាង ២ លានដុល្លាអាមេរិក, ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែវ ទទួលបានភ្ញៀវទេសចរជាង ២១ ពាន់នាក់ មានទឹកប្រាក់ជាង ៣២៩ ពាន់ដុល្លារអាមេរិក, និងចំណូលពីការលក់សំបុត្រទូក មាន ចំនួនជាង ៧៩៤ ពាន់ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរជាង ៣៣ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាបនាថ្ងៃឆ្លងឆ្នាំសកល

2025/01/01 08:42:05 am        283
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង៣៣ម៉ឺននាក់ បានទៅទស្សនាកំសាន្ដឆ្លងឆ្នាំសកល២០២៤ឈានចូលឆ្នាំ២០២៥នៅខេត្តសៀមរាប ដោយចាប់ពីថ្ងៃទី៣០ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤។យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា ចំនួនអ្នកទេសចរប្រមាណ៣៣៣,៦៦០ នាក់ មានការកើនឡើងប្រមាណ ៩.៧៣%បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ៣០៤,០៦៤ ក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៣២៣,៤០០ នាក់ មានការកើនឡើងប្រមាណ៩.៦៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ២៩៥,០០០ នាក់។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១០,២៦០ នាក់ មានការកើនឡើង ១៣.២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩,០៦៤ នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
05/31/2026 11:05 AM
សាធារណជនគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ
05/31/2026 10:05 AM
កូរ៉េខាងត្បូងពង្រឹងប្រព័ន្ធប្រឆាំងនុយក្លេអ៊ែរ-មីស៊ីល និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាមេរិក
05/31/2026 10:05 AM
ព្យុះខ្សាច់ដ៏ខ្លាំងក្លាបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ឥណ្ឌា
05/31/2026 10:05 AM
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ព្រមានពីការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី
05/31/2026 10:05 AM
ផ្ទះសម្បែងរងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគខាងកើតស៊ីរី ក្រោយទន្លេ Euphrates ផ្ទុះច្រាំង
05/31/2026 09:05 AM
ប្រធានមន្ទីរបច្ចកោណ៖ អាមេរិកត្រៀមរួចរាល់ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារ បើសិនគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
05/31/2026 09:05 AM
កម្ពុជា តវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ កម្ពុជា​ដោយ​កងទ័ព​ថៃ
05/31/2026 08:05 AM
ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
05/31/2026 08:05 AM
ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
05/30/2026 05:05 PM