វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%
សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា
រដ្ឋមន្ត្រីក្រសួងវប្បធម៌ «រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព»
អាកាសចរណ៍ស៊ីវិលបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ

វប្បធម៌ និងទេសចរណ៍

ឯកឧត្តម ថោង ខុន និងគណៈកម្មការរៀបចំទិវារត់ប្រណាំង Angkor Ultra Trail រំពឹងឆ្នាំក្រោយ មានអ្នកចូលរួមទ្វេដង

2024/01/28 09:09:51 am        116
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និងថ្នាក់ដឹកនាំក្រុមហ៊ុន Phoenix Voyages រំពឹងទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail ឆ្នាំក្រោយ នឹងមានកំណើនអ្នកចូលរួមទ្វេដង ក្រោយទទួលបាន​អ្នកចូលរួម​តាម​ការ​គ្រោងទុក ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ នៅតំបន់ឧទ្យានអង្គរ នៅថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២៤។ថ្លែងក្នុងពិធីប្រគលរង្វាន់ជយលាភី នៅក្នុងបរិណព្រះលានជល់ដំរី ឯក​ឧត្តម​ទេសរដ្ឋមន្ដ្រី មាន​ប្រសាសន៍​ថា ទិវារត់ប្រណាំងបែបផ្សងព្រេងឆ្នាំនេះ គឺជាជោគជ័យថ្មីមួយ ក្រោម​កិច្ច​សហការ​រួម​គ្នា​រវាង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដោយទទួល​បាន​អ្នក​ចុះ​ឈ្មោះចូ​លរួមសរុបចំនួន ១,៥០០នាក់ មកពី ៥១ប្រទេស កើនឡើង ២៥% បើធៀប​នឹង​កាល​ពី​ឆ្នាំ​២០២៣ កន្លងទៅ។ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា កំណើនអ្នកចូលរួមនេះ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាន​យក​ចិត្តទុកដាក់ខ្ពស់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយ​ធ្វើដំណើរ​ចូលរួម​កាន់​តែ​ងាយ​ស្រួល ជាក់ស្ដែងការបើកដំណើរការជើងហោះហើរត្រង់ផ្លូវឆ្ងាយមកកាន់ទឹកដីសៀមរាបអង្គរ និង​ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍ផ្លូ​វ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប​-អង្គរថ្មី និងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ឯកឧត្ដមសង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំក្រោយៗ នឹងមានអ្នកចុះឈ្មោះចូលរួមកាន់តែច្រើន ។លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages បានសម្ដែងក្ដីរីករាយ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតដល់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនៅ​តែ​បន្ដ​ការ​គាំទ្រ​ឲ្យ​រៀប​ចំ​ព្រឹត្តិការណ៍ Angkor Ultra Trail ជារៀងរាល់ឆ្នាំ។ ដោយមាន​ការ​កិច្ច​សហការ​ល្អ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យព្រឹត្តិការណ៍នេះ ទទួល​បានជោគជ័យកាន់តែខ្លាំង ហើយលោកសង្ឃឹមថា ឆ្នាំក្រោយ នឹងមានអ្នកចូលរួមទ្វេដង ។គួរដឹងថា ព្រឹត្តិការណ៍ Angkor Ultra Trail រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និង​អភិវឌ្ឍ​ចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើក​កម្ពស់​បរិស្ថាន​តំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ។ ម្យ៉ាងព្រឹត្តិការណ៍​នេះ​ក៏​បាន​បង្ហាញយ៉ាងច្បាស់ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ និងពិភពលោកថា កម្ពុជា​ពោរ​ពេញ​ទៅ​ដោយ​សុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រងទាំងធម្មជាតិ និងប្រជាជន​ប្រកប​ដោយ​ភាព​រួស​រាយរាក់ទាក់ផងដែរ ។បន្ទាប់ពីវិញ្ញាសាខ្លះ រត់ពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅនេះដែរ សម្រាប់រត់ចម្ងាយ ១០០​គីឡូម៉ែត្រ លេខ១ បានទៅកីឡាករ Ni Yusheng មកពីចិន និងផ្នែកនារី លេខ១ បាន​ទៅ​កីឡា​ការិនី​ចិន​ដូច​គ្នា គឺកីឡាការិនី Wei Xinshuang ។ វិញ្ញាសារត់ ៦៤គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បាន​ទៅ​កីឡាករស្វីស Pagani Livio និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Gaardhoim Mari Kittel មកពីប្រទេសណ័រវ៉េ ។ ក្រៅពីនេះ ក៏មានការផ្ដល់ជយលាភីជូនអ្នករត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ៕ អត្ថបទ៖ លី ឈុនឡា

ក្រសួងវប្បធម៌នឹងសម្ពោធបើកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតានៅដើមខែកុម្ភៈខាងមុខនេះ

2024/01/26 01:39:53 pm        152
នៅដើមខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​សម្ពោធ​បើក​ដំណើរ​ការ​កម្ម​វិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្ត៨។ក្រសួងវប្បធម៌ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំ២០២៤នេះ រៀនដោយ​មិន​បង់​ថ្លៃ​លើ​ជំនាញ៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។ ចំពោះ​សិស្ស​មក​ពីគ្រួសារក្រីក្រ (មានបណ្ណ) និងគ្រួសារងាយរងហានិភ័យ (មានបណ្ណ) នឹងទទួលបា​ន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV នៅថ្ងៃ​ទី​២៥​ ខែមករា ឆ្នាំ២០២៤នេះថា មកដល់​ពេល​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​ការ​យ៉ាង​ជិតស្និត​ជា​មួយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតានេះ គឺជាកម្ម​វិធី​អាទិភាព​ទាំង ៦ ចំណុច របស់រាជរដ្ឋាភិបាលបានផ្តល់អាទិភាពមកក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា ដែលក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ ២% ទៅ៤% នៃចំនួន១លាន៥សែននាក់ ជាពិសេសនៅដើមខែកុម្ភះ ក្រសួងវប្បធម៌ និង​សម្ពោធកម្មវីធីនេះជាផ្លូវការ ក្នុងនោះមានយុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ជាកម្មវិធីដំបូងប្រហែលជា៣០០នាក់ ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្ត ទាំង​៨ បានមកទទួលវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា។ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈដូនតា ឆ្នាំ២០២៤ ដោយ​ឥតគិតថ្លៃ នៅ១៣ទីតាំង នៅ៨រាជធានី-ខេត្តទូទាំងប្រទេស ដែលជំនាញ​ទាំង​នោះ​រួមមាន​៖១-ខេត្តសៀមរាប៖ ជំនាញតម្បាញ ចម្លាក់ថ្ម គំនូរ ចម្លាក់ ចម្លាក់ស្បែក, ២-ខេត្តកំពង់ឆ្នាំង៖ ជំនាញ​ស្មូនឆ្នាំង, ៣-ខេត្តកំពង់ស្ពឺ៖ ជំនាញធ្វើឧបករណ៍ភ្លេងបុរាណ, ៤-ខេត្តតាកែវ៖ ជំនាញ​តម្បាញ​សូត្រ, ៥-ខេត្តរតនគិរី៖ ជំនាញស្មូនឆ្នាំង, ៦-ខេត្តកំពង់ចាម៖ ជំនាញតម្បាញក្រមត្រុំ, ៧-រាជធានីភ្នំពេញ៖ ជំនាញគំនូរពណ៌ គំនូរបុរាណ ចម្លាក់ស្មិត និងធ្វើឧបករណ៍ភ្លេងបុរាណ, ៨-ខេត្ត​កណ្តាល៖ ជំនាញខ្មុកស្មាច់ ចម្លាក់ស្មិត៕ អត្ថបទ៖ រដ្ឋា

នាវា WESTERDAM នាំភ្ញៀវទេសចរជាង ២ពាន់នាក់ ចូលចតធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ជាថ្មីម្ដងទៀត នៅព្រឹកនេះ

2024/01/25 10:52:17 am        821
ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នាយនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ ប្រាបថា មាននាវាទេសចរណ៍ខ្នាតយក្ស មួយគ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ NETHER LAND ផ្ទុកអ្នកដំណើរ ២.៦៤៩នាក់ ក្នុងនោះ​មាន​នាវិក​ចំនួន ៧៧៦នាក់ មកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ហើយ​បន្តដំណើរទៅទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែល។

ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយពេលអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាត និងអភិរក្ស​នៅទីតាំងទួល​ប្រាសាទគោកបល្ល័ង្គឡើងវិញ

2024/01/20 12:13:45 pm        118
កាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ដោយមាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ បន្ទាប់​មក​កាយ​​យក​អាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បី​កិច្ចការងារអភិរក្ស ការងារនេះធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះបង្ហាញការគាំទ្រ និង​សប្បាយរីករាយជាខ្លាំង។លោក ឈុន ឈឿន ប្រជាការពារក្នុងភូមិបឹង បានឱ្យដឹងថា លោកសូមគាំទ្រ និងចូលរួម​ជួយ​គ្រប់​សកម្មភាព​ដែល​អាជ្ញាធរជាតិអប្សរា បានចុះមកធ្វើការសម្អាតព្រៃ និងស្តារកសិន្ធុទឹក នៅទីតាំង​បុរាណ​ដ្ឋាន​នៃ​ប្រាសាទគោកបល្ល័ង្គនេះ។ លោកថា កាលដើមឡើយធ្លាប់​បាន​ឭការ​ដំណាល​របស់​ឪពុកម្តាយ អំពីទីទួលប្រាសាទនេះនៅមានរូបរាងខ្លះៗ ប៉ុន្តែជាបន្តបន្ទាប់មក បាន​រង​ការ​ខូចខាត​ទ្រុឌ​ទ្រោមស្ទើរតែបាត់បង់រូបរាងអស់ជាច្រើនឆ្នាំមកហើយ ដោយកត្តាផ្សេងៗជាច្រើន។ ក្នុងនាម​ប្រជា​ពលរដ្ឋមួយរូប លោកឈុន ឈឿន ពិតជាសប្បាយ​រីក​រាយ​ណាស់​នៅ​ពេល​បាន​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា គិតគូរខ្ពស់ទៅលើទីទួលបុរាណដ្ឋាន ដោយបានមកសម្អាត កាប់ឆ្ការព្រៃ ដែល​ដុះ​ស៊ុប​ត្រុប និងបានកាយយកអាចម៍ដីដែលប្រជាពលរដ្ឋចាក់លុបទៅលើកសិន្ធុ ព្រមទំាង​ការ​ស្តារ​កសិន្ធុទឹកឡើងវិញ ដើម្បីកិច្ចការងារ​អភិក្សទី​ទួល​បុរាណ​របស់​ពលរដ្ឋ​គោរព​បូជា​ចៀស​វាង​បាត់​បង់​កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក។ ក្រោយពេលស្តារកសិន្ធុទឹក និង​សម្អាត​បាន​ស្អាត​ហើយ​នោះ លោកឈុន ឈឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ សូម​ចូលរួមថែរក្សា ដោយមិនត្រូវយកសំរាមមកចាក់ចោល នៅទីទួល​បុរាណ​នេះ​តទៅ​ទៀត​ឡើយ​។ចំណែកលោក ចេង ណេរ៉ូស ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកជាយូរឆ្នាំ និង​មាន​លំនៅ​ឋាន​បច្ចុប្បន្នក្បែរទីទួលបុរាណដ្ឋាននៃប្រាសាទគោកបល្ល័ង្គ បានឱ្យដឹងថា លោកពិត​ជា​សប្បាយ​រីក​រាយណាស់ នៅពេលបានឃើញអាជ្ញាធរជាតិអប្សរា ធ្វើការអភិរក្ស​នៅ​លើទីតាំង​បុរាណ​ដ្ឋាន​នៃប្រាសាទគោកបល្ល័ង្គ ដើម្បីទុកជាកេរ​ដំណែល​ឱ្យកូនខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​ទីតាំង​បុរាណដ្ឋានមួយនេះ។ លោកបន្តថា ក្នុងនាមលោកជាប្រជាពលរដ្ឋ​មួយ​រូប​សូម​ធ្វើ​ការ​គាំទ្រ​ចំពោះ​ការងារ​នេះ។សូមជម្រាបថា  ចាប់តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤មក ក្រុមការងារ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចុះមកកាន់ទួលប្រាសាទគោកបល្ល័ង្គ បន្ទាប់​ពី​មាន​កិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ បានរាយការណ៍​អំពី​ការ​រំលោភ​បំពានដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ ក្រុមការងារ​ដែល​មាន​សមាជិក​ជាង​២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបត្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណ កាយ​យក​អាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ ព្រមទាំងបានស្តារកសិន្ធុទឹកឡើងវិញ ដើម្បី​កិច្ច​ការងារ​អភិរក្ស ចៀសវាងបាត់បង់កេរដំណែលដូនតាខ្មែរដែលបានបន្សល់ទុក សម្រាប់កូន​ចៅ​ជំនាន់​ក្រោយ​៕

ស្ពានផ្លូវកង់ប្រាសាទតាកែវបង្កើតបរិយាកាសថ្មី សម្រាប់អ្នកជិះកង់

2024/01/17 09:49:15 am        290
អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បី​សម្រួល​ដល់​ការ​ជិះកង់របស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិ​អប្សរា​បាន​ចាប់​ផ្តើម​សង់​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ​២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ​ប្រវែង​សរុប​ជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។  ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម ៤ទីតាំងខាងលើ ដែល​អាជ្ញាធរ​ជាតិ​អប្សរាសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវ ឬស្ពានធ្វើដំណើរទូទៅ និង​ផ្លូវកង់។ ស្ពាននេះមាន ទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែក​ស្ពាន​កង់​៣​ទីតាំង​ទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ​ ក៏មាន​ស្ពាន​ខ្នាត​តូច​ឆ្លង​កាត់​២​ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការ​ចង់​បែង​ចែក​ឱ្យ​ដាក់​ពី​គ្នារ​វាង​ផ្លូវ​ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ​លើ​ដង​ផ្លូវ​រវាង​អ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ដែល​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​។ ចំពោះរ​​ចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បាន​ជ្រើស​រើស​ការ​រៀបចំ​បែប​សាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺ​ស្រប​តាម​គោល​គំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។ ជាមួយ​គ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យ​បាន​កាន់​តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព​ ប្ដូរបរិយាកាសថ្មី ព្រោះ​ថា​ការ​ជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេស​លុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ៕ អត្ថបទ៖ ឈិត សាវី

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងតាំងពិព័រណ៍បង្ហាញវត្ថុសិល្បៈក្វាតជិត ៧០០០គ្រាប់

2024/01/12 04:03:53 pm        374
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍វត្ថុសិល្បៈក្វាត ចំនួន៦៩៥៦គ្រាប់ ដែល​បានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញ​វត្ថុសិល្បៈ​បុរាណ​ក្វាត ចំនួន ៦៩៥៦​គ្រាប់​នេះ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ​២០២០​កន្លងទៅ។មគ្គុទេសក៍​សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី មានប្រសាសន៍ថា វត្ថុសិល្បៈ​បុរាណ​ក្វាត ទាំងនេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុ​សិល្បៈ​នេះ មានបីប្រភេទ គឺពណ៌ស្វាយ(កែវណាំហ្វាន)Amethyst ពណ៌លឿង(ស៊ីទ្រីន)Citine និង​ពណ៌​សថ្លា(គ្រីស្តាល់)Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មាន​ការ​ដាក់តាំង​បង្ហាញ​នូវ​វត្ថុ​មួយ​ចំនួន​ទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូប​អណ្ដើក​ថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។ លោកឱ្យដឹងទៀតថា ការ​តាំង​បង្ហាញ​ពិព័រណ៍​ជា​អចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នក​ស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុ​សក្ការៈ​សម្រាប់​បញ្ចុះ​នៅ​គ្រឹះប្រាសាទ​កាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និង​ទំនៀម​ទម្លាប់​របស់​ជាតិខ្មែរផង។ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-​អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ ចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជា​ចំណុច​មួយ​ដ៏​ពិសេស​ សម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និង​សិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជិត ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច​ក្នុងខេត្ដព្រះសីហនុ

2024/01/11 10:47:43 am        217
ព្រះសីហនុ៖ នាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៧៧នាក់ ចូល​ចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដើម្បី​ធ្វើ​ទស្សន​កិច្ច​នៅខេត្ដព្រះសីហនុ រយៈពេល ១ថ្ងៃ ហើយចេញដំណើរ​បន្ដ​ទៅ​ប្រទេស​វៀតណាម​នៅ​យប់ថ្ងៃដដែលនេះ។ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា បន្ទាប់​ពី​វិបត្ដិ​ជំងឺ​កូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើររាប់រយ រាប់ពាន់នាក់ ចូល​ចត​ជាបន្ដបន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សន​កិច្ច​ក្នុង​ខេត្ដ​ព្រះសីហនុ និងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែលចូលចតថ្ងៃនេះ មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានធ្វើដំណើរមកពីប្រទេសថៃ ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ចម្រុះ​ជាតិសាសន៍សរុបចំនួន ៩៧៧នាក់ ក្នុងនោះ មាននាវិកសរុបចំនូន ៤២៥នាក់ ជាតិសាសន៍​ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក នាវានេះ នឹងចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុង​ព្រះសីហនុ បន្ដដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃ​នេះ​ដដែល​។ លោកវរសេនីយ៍ បន្ដថា ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែង​យល់​ពី​វប្បធម៌​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ។ ទាំងនេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោមដំបូល​សុខ​សន្ដិភាព​នៅ​ព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏​ដូចជា​ប្រទេស​កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់​ប្រជា​ពលរដ្ឋ​ខេត្ដ​ព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។  

ក្រសួងបរិស្ថានប្រកាសអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

2024/01/11 10:00:22 am        174
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ពេលថ្មី​ៗ​នេះ បានគាំទ្រនិងអនុម័ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ថ្លែង​សាទរ​ចំពោះ​ការ​ដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន​គិតគូរ​អាទិភាព​លើ​វិស័យ​បរិស្ថាន ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបានរៀបចំឡើង ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេច​បាន​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៥០។ ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះវិធានប្រតិបត្តិនេះ បាន​ជំរុញ និង​លើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា វិធានប្រតិបត្តិមាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​ផង ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជា ជាមួយពិភពលោក ក្នុង​ការ​កាត់​បន្ថយការកើនឡើងកម្តៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា កន្លង​មក​កម្ពុជា​បាន​អនុវត្ត​អាជីវកម្ម​កាបូន​ តាមរយៈ​ការស្មគ្រចិត្ត។ តាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាត​ឲ្យ​កម្ពុជា​កាន់​តែ​ពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្រប​នឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក៏​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាព ដែលកម្ពុជា​យើង​អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ នៃ​កិច្ចព្រមព្រៀងផងដែរ។ជាមួយគ្នានេះដែរ វិទ្យាស្ថានកំណើនបៃតងសកល (GLOBAL GREEN GROWTH INSTITUTE - GGGI) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុង​លក្ខខណ្ឌ​គិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ កញ្ញា Shomi Kim តំណាង GGGI ប្រចាំ​កម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលបានគាំទ្រវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានប្រកាសទៅកាន់ពិភពលោកថា កម្ពុជា បានរៀបចំ​ខ្លួន​រួចរាល់​ហើយ​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​កាបូន។ កម្ពុជាជារដ្ឋភាគីនៃក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមា​ន​ប្រទេស​ចំនួន​១៩៧​។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មាន វិធានប្រតិបត្តិចំនួន២៩ប្រការ ក្នុង​នោះ​ប្រការ​ទី៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន(Carbon Trading) ដើម្បីចូលរួមកាត់បន្ថយ និងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រា ដែលផ្តោត​លើ​មុំ​អាទិភាព​ចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី២ ផ្តោតលើភាពបៃតង គឺការ​អភិរក្ស និង​គ្រប់គ្រងព្រៃឈើ ដោយនិរន្តរភាព ក្នុងក្រសួងបរិស្ថាន បានដាក់​ចេញ​វិធានការ​អាទិភាព​ចំនួន៤ ទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និង​យុទ្ធនាការ​ផ្តល់កូនឈើ ចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំ ដោយឥតថ្លៃ ចាប់ពីឆ្នាំ​២០២៤​នេះ ដើម្បីបង្កើនគម្របព្រៃឱ្យបាន៦០% នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ កម្ពុជាមាន​សុទិដ្ឋិនិយម​ក្នុង​ការ​អនុវត្តកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ កាត់បន្ថយការបញ្ចេញកាបូន ពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញ​ប្រសិទ្ធ​ភាព​ថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្ម ដែល​បញ្ចេញ​កាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍៕

បណ្តាមគ្គុទេសក៍ទេសចរណ៍នាំគ្នាពង្រឹងគោរពក្រមសីលធម៌ខ្លួនក្រោយមានការណែនាំពីក្រសួង

2024/01/10 12:23:11 pm        64
ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍រាជធានីភ្នំពេញ និងបណ្តាមគ្គុទេសក៍ទេសចរណ៍ បាន​សហការ​គា្ន​ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានល្អប្រសើរ ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្រឡាញ់​ពេញចិត្ត ក្រោយពីក្រសួង​ទេសចរណ៍​បាន​ជូន​សេចក្ដី​ណែនាំ​ស្តីពី​ការ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តជូនភ្ញៀវទេសចរអន្តរជាតិនានា។លោក ឈុន សំណាង ប្រធានសមាគមន៍ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ថ្លែងប្រាប់ BTV នៅថ្ងៃ​ទី១០ ខែមករានេះថា មគ្គុទេសក៍ទេសចរណ៍ គឺជាអ្នកដឹកនាំភ្ញៀវ បកប្រែ​ភាសា​ណែនាំ​ដើរ​កម្សាន្ត​នៅ​តាម​បណ្តា​គោលដៅទេ​សចរណ៍សំខាន់ៗនានា ដែលមានក្រមសីលធម៌វិជ្ជាជីវៈ របស់​ខ្លួន​ច្បាស់លាស់ ​ហើយថា កន្លងមកយើង​ក៏​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​យើង​ទាំង​អស់​ត្រូវ​គោរព​ក្រម​សីលធម៌វិជ្ជាជីវៈនេះ ដើម្បីបង្កើនភាពទាក់ទាញ និងការផ្តល់ក្តីស្រឡាញ់ពីភ្ញៀវ និង​ទាក់​ទាញ​ឲ្យគេមកទស្សនាកម្ពុជា ម្តងហើយចង់មកទស្សនាម្តងទៀត។បណ្តាប្រតិបត្តិករមគ្គុទេសក៍ទេសចរណ៍ថ្លែងថា អំឡុងពេលទេសចរណ៍កម្ពុជា កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរ​ៗនេះ យើងទាំងអស់គ្នាជាមគ្គុទេសក៍ទេសចរណ៍មានអាជ្ញាបណ្ណត្រឹមត្រូវ គឺ​បាន​ខិតខំ​គោរព​ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លាំងណាស់ ពិព្រោះបើយើងមិនគោរព គឺធ្វើ​ឲ្យ​ប៉ះពាល​ខូច​មាត់​ប្រទេសជាតិ ខូចទេសចរណ៍របស់កម្ពុជា។ឯកឧត្តម អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែងថា ការងារមគ្គុទេសក៍​ទេសចរណ៍​បច្ចុប្បន្ន​មិន​មាន​បាតុភាព​អាក្រក់​កើត​ឡើង​នោះ​ទេ​ ហើយការចេញ​សេចក្តី​ជូន​ដំណឹង​ស្តីពីកា​រ​ពង្រឹង​ការ​ប្រតិបត្តិ​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត គឺគ្រាន់តែ​ការ​ក្រើន​រំលឹក​ឲ្យ​មគ្គុទេសក៍​ទេសចរណ៍​ខិតខំ​ផ្តល់​សេវា​បដិសណ្ឋាកិច្ចល្អ ឲ្យភ្ញៀវស្រឡាញ់ចេញចិត្ត។សូមបញ្ជាក់ថា នៅក្នុងសេចក្តី​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​បាន​ណែនាំ​មគ្គុទេសក៍​ទេសចរណ៍​ប្រតិបត្តិ​ការងារ​ ៨ចំណុច ដែលមានដូចជា ណែនាំឲ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ មិនត្រូវ​ទាមទារ​ប្រាក់​កំរៃ​ក្រៅសេវាពីភ្ញៀវ ស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវ មិនត្រូវដើរតួធ្វើជាការីទេសចរណ៍ ត្រូវ​ផ្តល់​ព័ត៌មានពិត និងត្រូវចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ និងការ​ទប់ស្កាត់​បទ​ល្មើស​នានា​ក្នុងវិស័យទេសចរណ៍ជាដើម៕ អត្ថបទ៖ ស៊ុម សុខជា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សព្វផ្សាយរឿងពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

2024/01/10 12:06:59 pm        260
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ធ្វើការបដិសេធ​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប។ នេះបើតាមសេចក្តី​បំភ្លី​របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។សេចក្តីបំភ្លឺ បានឲ្យដឹងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា កាលពីថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈ្មោះ The CEROC បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​អាកាស​យានដ្ឋាន​អន្តរជាតិសៀមរាបថ្មី ដែលមានខ្លឹមសារចោទប្រកាន់ថា «មិនយក​អតិថិជន​ជា​ធំ​ទេ ​មើលចុះពួកគេអោយពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែម​ទាំងផ្តាំ​អ្នក​ដទៃ​មិន​អោយឆ្លងកាត់ព្រលាននេះថែមទៀត» ។ពាក់ព័ន្ធទៅ​នឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការ​បញ្ចេញ​មតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយ​កាលបរិច្ឆេទ នៃ​ការ​បញ្ចេញមតិ​ទាំង​នេះភាគច្រើន​បាន​ផុសមុន​ពេលដែល​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ត្រូវបានបើកដំណើរការជាផ្លូវការទៅទៀត។សេចក្តីបំភ្លឺខាងលើ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើន​រំលឹក​ជាញឹកញាប់​ដល់​មន្ត្រី​ក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបាន​ណែនាំ​ឲ្យ​ដាក់ផ្លាក​ជា​ចំហអំពីតម្លៃទិដ្ឋាការនៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយ​មាន​សរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរស្នើសុំទិដ្ឋាការជូនអ្នកដំណើរ និង​ភ្ញៀវ​បរទេស​ឲ្យ​បានឃើញច្បាស់ផងដែរ។បន្ថែមលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងអំណរគុណដល់សាធារណជន និងអ្នក​ប្រើប្រាស់​បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាត និង​លើក​កម្ពស់​កិត្យានុភាពជាតិ តាមរយៈការ​ចូលរួម​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​វិជ្ជមាន​ពី​កម្ពុជា​ ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិត​ដែលបន្ត​ឱ្យមាន​ការ​ភ័ន្តច្រឡំ​ដល់​សាធារណជន និងភ្ញៀវបរទេសនានា៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] មនុស្ស៥១នាក់បានស្លាប់ បន្ទាប់ពីភ្លើងឆេះក្លឹបរាត្រី នៅម៉ាសេដូនីខាងជើង
03/16/2025 04:03 PM
របាយការណ៍របស់UN៖ ពាណិជ្ចកម្មពិភពលោកឈានដល់កំណត់ត្រា៣៣សែនកោដិដុល្លារ ក្នុងឆ្នាំ ២០២៤
03/16/2025 03:03 PM
ក្រុមហាម៉ាសនិយាយថា "បាល់គឺនៅក្នុងដៃររបស់អ៊ីស្រាអែល" បន្ទាប់ពីការប្រគល់ចំណាប់ខ្មាំង
03/16/2025 03:03 PM
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូនសម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
03/16/2025 03:03 PM
ទីផ្សារភាគហ៊ុនអាមេរិករងសម្ពាធ ខណៈគោលនយោបាយពន្ធលោកTrump ជំរុញឱ្យមានក្ដីបារម្ភការធ្លាក់ចុះសេដ្ឋកិច្ច
03/16/2025 01:03 PM
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា» ដល់យុវជនគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងជិត១ពាន់នាក់»
03/16/2025 01:03 PM
ចំហេះព្រៃនៅរដ្ឋ អូក្លាហូម៉ា សហរដ្ឋអាមេរិក បានបំផ្លាញលំនៅឋានជាង២០០ខ្នង ឆក់យកជីវិតមនុស្សម្នាក់ និងប្រកាសអាសន្ន
03/16/2025 01:03 PM
ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យផលប៉ះពាល់គម្រោងសាងសង់ទំនប់ទប់ទឹកប្រៃ នៅភូមិសាស្រ្តឃុំថ្មស
03/16/2025 12:03 PM
មន្ត្រីក្នុងតំបន់៖ ការវាយប្រហារតាមអាកាសលើភូមិមួយរបស់មីយ៉ាន់ម៉ា បានសម្លាប់មនុស្ស១២នាក់
03/16/2025 12:03 PM
មានការប្រមូលផ្តុំគ្នាដ៏ធំនៅទូទាំងប្រទេសកូរ៉េខាងត្បូង មុនសេចក្ដីសម្រេចដ៏សំខាន់លើការចោទប្រកាន់លោក Yoon
03/16/2025 12:03 PM