ស្វែងរក

សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន

04/28/2026 12:04 PM        122
កំពង់ស្ពឺ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា ការពង្រឹងសមត្ថភាព និងការបង្កើនចំនួនស្ត្រីក្នុងតួនាទីសម្រេចចិត្ត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញសមភាពយេនឌ័រ និងកាត់បន្ថយបញ្ហាអវិជ្ជមានក្នុងសង្គម ។ការថ្លែងដូច្នេះ ធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ និងកែសម្រួលសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នាសាលាខេត្តកំពង់ស្ពឺ ។សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺរាជរដ្ឋាភិបាល អាណត្តិទី៧ បានផ្តល់អាទិភាពខ្ពស់លើការបញ្ជ្រាបយេនឌ័រគ្រប់វិស័យ ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងអនុវត្តន៍យ៉ាងសកម្មតាមផែនការយុទ្ធសាស្ត្រ “នារីរតនៈ” ដែលជាសសរស្តម្ភទ្រទ្រង់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាមរយ:ការបន្តចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ទន្ទឹមនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់តួនាទីស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដើម្បីធានាថាពួកគេ មិនត្រូវបានបោះបង់ចោលក្នុងសង្គមទំនើប ។ក្នុងឱកាសនោះ សម្តេចក៏បានសម្តែងការអបអរសាទរ ចំពោះលោកជំទាវ ម៉េង វ៉ាន់ដានីន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស និងលោកស្រី គា សុភូ ជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្តកំពង់ស្ពឺ ជាមួយនឹងការផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំថ្មី ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីធ្វើជាសេនាធិការដ៏រឹងមាំ របស់រដ្ឋបាលខេត្ត បង្កើនកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្រ្តី និងគ្រួសារ ដែលជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ។សូមបញ្ជាក់ថា ការកែសម្រួលសមាសភាពសមាគមនារីនាពេលនេះ មិនត្រឹមតែជាការពង្រឹងរចនាសម្ព័ន្ធស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្នផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

ពានសម្ដេចតេជោ ហ៊ុន សែន នឹងរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ១ក្រុមថ្ងៃពុធនេះ ខណៈ​បឹងកេត​ ត្រូវជួបព្រះខ័នរាជ

04/28/2026 12:04 PM        215
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់​ជាតិ​) ​ឆ្នាំ២០២៥/២៦ នឹងត្រូវរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ១ក្រុម នាថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៦នេះ រវាងក្រុមវិសាខា និងក្រុម ISI ដង្កោសែនជ័យ ស្របពេលក្រុមបឹងកេត នឹង​ត្រូវ​ជួប​ក្រុម​ព្រះខ័ន​រាជស្វាយរៀង ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៅ​ពហុ​កីឡ​ដ្ឋានជា​តិ​(អូឡាំពិក)។ជុំវិញ​ជំនួបដ៏សំខាន់នាថ្ងៃពុធសប្ដាហ៍នេះ ក្រុមដំរី​ជ័យ ​ISI​ ដង្កោ​សែន​ជ័យ ​នឹង​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​វិសាខា ​ក្នុងជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យ ៣-០ ក្រៅដី កាលពី​ជើង​ទី​១​។ បច្ចុប្បន្នវិសាខា កំពុងមានប្រៀប តែ ISI ថា លទ្ធផលជើងទី១ ពុំទាន់អាច​សម្រេច​ជោ​គ​វាសនា​ក្រុម​ឡើងវគ្គបន្ដឡើយ ។ ដូច្នេះចាំមើលជំនួបកាត់សេចក្ដីស្អែកនេះ តើក្រុមលោក ទុំ សារាយ អាចវាយបកឈ្នះវិសាខា វិញដែលឬទេ? ដ្បិតពួកគេត្រូវការលើសពី ៣គ្រាប់ ដើម្បីរារាំងដំណើរឡើងវគ្គផ្ដាច់ព្រ័ត្ររបស់វិសាខា។ក្រឡេកទៅជំនួបរវាងបឹងកេត និងព្រះខ័នរាជស្វាយរៀងវិញ ដំបូងឡើយក្រុមទាំងពីរ ត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ ដំណាលគ្នានឹង ១ប្រកួតទៀតដែរ តែដោយសារព្រះខ័នរាជស្វាយរៀង ជាប់ភារកិច្ចប្រកួតបញ្ចប់ពូលB នៃជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម ភាគីពាក់ព័ន្ធក៏សម្រេចលើកពេល មកប្រកួតជើងទី១ នៅថ្ងៃទី២៩ ខែមេសាវិញ និងជើងទី២ ពន្យារពេលទៅប្រកួត រហូតដល់ថ្ងៃទី២០ ខែឧសភាខាងមុខ។ នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំទស្សនា។គួរដឹងថា ប្រសិនបើគ្មានការប្រែប្រួលទេនោះ បន្ទាប់ពីរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ជំនួបកាត់សេចក្ដីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦៕អត្ថបទ លី ឈុនឡា 

អធិការបតីអាល្លឺម៉ង់ និយាយថា អ៊ុយក្រែនអាចនឹងត្រូវទទួលយកការបាត់បង់ទឹកដី ដើម្បីសន្តិភាពជាមួយរុស្ស៊ី

04/28/2026 12:04 PM        86
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃទី២៧ មេសាសប្ដាហ៍នេះ ថា អ៊ុយក្រែនអាចនឹងបាត់បង់ទឹកដី ដើម្បីធានាបាននូវកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែបានបង្ហើបថា ការធ្វើដូច្នេះអាចជួយបើកទ្វារទៅកាន់សមាជិកភាពសហភាពអឺរ៉ុប។លោក Merz បាននិយាយក្នុងអំឡុងពេលពិភាក្សាជាមួយនិស្សិតនៅក្នុងទីក្រុង Marsberg របស់ប្រទេសអាល្លឺម៉ង់ថា សង្ឃឹមថា នៅទីបំផុតនឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី។ បន្ទាប់មក ប្រហែលជាផ្នែកមួយនៃទឹកដីអ៊ុយក្រែន នឹងលែងជារបស់អ៊ុយក្រែនទៀតហើយ។លោកអធិការបតីរូបនេះបាននិយាយថា លោកប្រធានាធិបតី Volodymyr Zelenskyy នឹងត្រូវការសំឡេងភាគច្រើននៃប្រជាមតិសម្រាប់ជំហានបែបនេះ ហើយដើម្បីធានាបានសំឡេងភាគច្រើននោះ លោក Zelenskyy នឹងត្រូវប្រាប់ប្រជាជនអ៊ុយក្រែនថា ប៉ុន្តែរូបលោកបានបើកផ្លូវទៅកាន់អឺរ៉ុបសម្រាប់អ្នក ហើយ។ បច្ចុប្បន្ន រុស្ស៊ីកាន់កាប់ប្រហែល២០ % នៃទឹកដីអ៊ុយក្រែន ហើយទាមទារឱ្យទីក្រុងគីវប្រគល់ដីបន្ថែមនៅក្នុងតំបន់ Donetsk ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់។អ៊ុយក្រែនបានបដិសេធការប្រគល់ទឹកដីដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងគីវ ហើយបានជំរុញឱ្យមានបទឈប់បាញ់នៅតាមសមរភូមិ។ លោក Zelenskyy កន្លងមកធ្លាប់បានលើកឡើងថា សម្បទានទឹកដីគួរតែត្រូវបានសម្រេចតាមរយៈប្រជាមតិ។នៅថ្ងៃ២៧មេសាដដែលលោកបាននិយាយថា ដៃគូបរទេសរបស់ទីក្រុងគីវមិនគួរភ្លេចទេថា អ៊ុយក្រែនមិនមែនកំពុងប្រយុទ្ធតែដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែក៏ដើម្បីអឺរ៉ុបទាំងមូលដែរ ប្រសិនបើរុស្ស៊ីទទួលបានជោគជ័យជាមួយរដ្ឋមួយ ជាមួយប្រទេសជិតខាងមួយ នោះនឹងធ្វើដូចគ្នាលើប្រទេសដទៃទៀតដែរ៕

សហរដ្ឋអាមេរិក ជំរុញសភាកោះតៃវ៉ាន់ ឱ្យអនុម័តថវិកាការពារជាតិទូលំទូលាយ

04/28/2026 12:04 PM        95
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកប្រចាំនៅកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ ២៧មេសា សប្ដាហ៍នេះ បានជំរុញសភាដែលមានសំឡេងភាគច្រើនជាគណបក្សប្រឆាំងរបស់កោះនេះ ឱ្យអនុម័តកញ្ចប់ថវិកាការពារជាតិ «ទូលំទូលាយ» ដោយនិយាយថាប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា និងយានដ្រូនមានសារៈសំខាន់ខ្លាំងណាស់ និងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោក។មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីង-ទ (Lai Ching-te) កាលពីឆ្នាំមុនបានស្នើកញ្ចប់ថវិកាការពារជាតិបន្ថែមចំនួន ៤០ ពាន់លានដុល្លារ ដែលមិនត្រឹមតែគ្របដណ្តប់លើអាវុធថ្មីរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាវុធផលិតនៅក្នុងស្រុកដូចជាយានដ្រូនផងដែរ ដោយនិយាយថា ទីក្រុង តៃប៉ិ ត្រូវការទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន ប្រកបដោយប្រសិទ្ធភាពជាងមុន ដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន។ លោក ឡៃ និយាយថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តលើអនាគតរបស់កោះនេះ។ប៉ុន្តែការចរចានៅក្នុងសភាដើម្បីជំរុញសំណើនេះបានជាប់គាំង ដោយគណបក្សប្រឆាំងដ៏សំខាន់របស់កោះនេះ គឺ គណបក្ស គូមីនតាង (Kuomintang) (KMT) បាននិយាយថា ខណៈពួកគេគាំទ្រការចំណាយលើការការពារជាតិ ពួកគេនឹងមិនចុះហត្ថលេខាលើ «សែកទទេ» ឡើយ ហើយចង់បានព័ត៌មានលម្អិតបន្ថែមពីរដ្ឋាភិបាល។នៅក្នុងបទសម្ភាសន៍ជាមួយកាសែតតៃវ៉ាន់ China Times លោក Raymond Greene ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងតៃប៉ិ បាននិយាយថា វាមានសារៈសំខាន់ណាស់សម្រាប់កោះតៃវ៉ាន់ក្នុងការអនុម័ត «កញ្ចប់ថវិកាដ៏ទូលំទូលាយ»។លោក Greene បានបន្ថែមថា  ខណៈសហរដ្ឋអាមេរិកបានប្រកាសរួចហើយអំពីការលក់អាវុធ រួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ូកែតពហុគ្រាប់ HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin (LMT.N) ថវិកាការពារជាតិពិសេសរបស់តៃវ៉ាន់ក៏ស្វែងរកប្រព័ន្ធការពារដែនអាកាស និងមីស៊ីលរួមបញ្ចូលគ្នា និងយានដ្រូន ផងដែរ ក្នុងចំណោមអាវុធផ្សេងទៀត៕

ទួកគីនឹងទទួលរៀបចំការប្រណាំង Formula One វិញនៅឆ្នាំ២០២៧ ក្រោយអវត្តមាន ៦ឆ្នាំ

04/28/2026 12:04 PM        100
ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One នឹងវិលត្រលប់មកកាន់កាលវិភាគ F1 ពិភពលោកវិញនៅឆ្នាំ ២០២៧ ខាងមុខ ក្រោយអវត្តមាន ៦ ឆ្នាំ។ការប្រណាំងនឹងនៅតែបន្តរៀបចំនៅទីលាន Istanbul Park ក្នុងកិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ ២០៣១។ Istanbul Park ជាទីលានដែលកីឡាករអង់គ្លេស Lewis Hamilton ឈ្នះជើងឯកពិភពលោកលើកទី ៧ ក្នុងអាជីពតាមស្មើកំណត់ត្រារបស់កីឡាករអាល្លឺម៉ង់ Michael Schumacher។ រំលឹកដែរថា ប្រទេសទួកគីបានទទួលរៀបចំការប្រណាំង F1 ដំបូងនៅឆ្នាំ ២០០៥ ដល់ ២០១១ ហើយក៏បានផ្អាករៀបចំដល់ឆ្នាំ ២០២០ និង ២០២១ ដែលទទួលពីរប្រកួតបំពេញកាលវិភាគ F1 នៅពេលពិភពលោករងគ្រោះដោយសារជម្ងឺរាតត្បាតកូវីដ-១៩។ ការវិលត្រលប់មកវិញរបស់ទួកគីមិនមែនបានន័យថា F1 នឹងមានការប្រណាំងលើសពី ២៤ ទីលានក្នុងមួយរដូវកាលនោះទេ ខណៈដែល F1 នឹងបញ្ចប់កិច្ចសន្យាជាមួយទីលានមួយចំនួនវិញ៕ អត្ថបទ៖នាង សុភាវុធ 

ទីក្រុងញូវដែលី ក្តៅខ្លាំងក្រោមរលកកម្ដៅ ខណៈភ្ញៀវទេសចរស្វែងរកទីជ្រកតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀរ

04/28/2026 12:04 PM        76
ទីក្រុងញូវដែលី ក្តៅខ្លាំងដែលស្ថិតនៅក្រោមរលកកម្ដៅ ខណៈសីតុណ្ហភាពនៅទូទាំងភាគពាយ័ព្យ និងភាគកណ្តាលប្រទេសឥណ្ឌា បានកើនឡើងចន្លោះពី៤០ ទៅ៤៤ អង្សាសេ ទោះបីជានៅកន្លែងផ្សេងទៀតក្នុងប្រទេស អ្នកទេសចរបានស្វែងរកទីជ្រកនៅតំបន់ភ្នំត្រជាក់នៃតំបន់កាស្មៀររបស់ប្រទេសឥណ្ឌាក៏ដោយ។ក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បានចេញការព្រមានអំពីរលកកម្ដៅនៅទូទាំងប្រទេស ដោយសីតុណ្ហភាពកើនឡើងចន្លោះពី៥ អង្សាសេ លើសពីសីតុណ្ហភាពធម្មតានៅក្នុងតំបន់ជាច្រើន ជាសញ្ញានៃស្ថានភាពកម្ដៅកាន់តែខ្លាំងឡើង។លោក Naresh Kumar អ្នកវិទ្យាសាស្ត្រនៅក្រសួងឧតុនិយមរបស់ប្រទេសឥណ្ឌា (IMD) បាននិយាយថា «បច្ចុប្បន្ន ស្ថានភាពរលកកម្ដៅ កំពុងគ្របដណ្ដប់នៅទូទាំងភាគពាយ័ព្យ និងភាគកណ្តាលរបស់ប្រទេសឥណ្ឌា»។ ប៉ុន្តែនៅថ្ងៃបន្ទាប់ សីតុណ្ហភាពនឹងចាប់ផ្តើមប្រសើរឡើងវិញបន្តិចម្តងៗ»។ប្រទេសឥណ្ឌា បានប្រកាសជាផ្លូវការអំពីរលកកម្ដៅ នៅពេលដែលសីតុណ្ហភាពអតិបរមាកើនឡើងពី ៤,៥ ទៅ ៦,៤ អង្សាសេ លើសពីសីតុណ្ហភាពធម្មតា និងរលកកម្ដៅខ្លាំងមានសីតុណ្ហភាពលើសពី៦,៥ អង្សាសេ លើសពីតុណ្ហភាពធម្មតា។

ស៊ូដង់ខាងត្បូង និយាយថាមនុស្ស១៤នាក់ស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅជិតទីក្រុង Juba

04/28/2026 12:04 PM        84
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសបាននិយាយថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅភាគនិរតីនៃរដ្ឋធានី Juba របស់ប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃចន្ទ ទី ២៧ ខែមេសា ដោយបានសម្លាប់មនុស្សទាំងអស់ ១៤ នាក់នៅលើយន្តហោះ។ អាជ្ញាធរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះនេះជាយន្តហោះ Cessna 208 Caravan ធ្វើប្រតិបត្តិការដោយក្រុមហ៊ុន CityLink Aviation កំពុងហោះហើរពីទីក្រុង Yei ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Juba នៅពេលនោះ យន្តហោះបានបាត់បង់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។យន្តហោះនេះ បានហោះឡើងនៅម៉ោង ៩:១៥ ព្រឹក ម៉ោងក្នុងស្រុក ហើយបានបាត់បង់ទំនាក់ទំនងនៅម៉ោង ៩:៤៣នាទីព្រឹក ដោយមានអ្នកដំណើរ ១៣ នាក់ និងអាកាសយានិកម្នាក់។អ្នកស្លាប់ រួមមានជនជាតិកេនយ៉ាពីរនាក់ និងជនជាតិស៊ូដង់ខាងត្បូង ១២ នាក់។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះបានធ្លាក់ដោយសារតែអាកាសធាតុមិនអំណោយផល ជាពិសេសការមើលឃើញទាប។យោងតាមកាកបាទក្រហមស៊ូដង់ខាងត្បូងបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមានភាពយឺតយ៉ាវ និងលំបាក។ លោក Joseph Lukak Charles ប្រធានសាខាកាកបាទក្រហមស៊ូដង់ខាងត្បូងនៅទីក្រុង Juba និយាយថា ប្រតិបត្តិការបានចំណាយពេលជាច្រើនម៉ោងដើម្បីបានទៅដល់កន្លែងធ្លាក់យន្តហោះ។

អ្នកនយោបាយ និងសង្គមស៊ីវិលមានសុទិដ្ឋនិយមថាសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺ​មាន​សារសំខាន់សម្រាប់ប្រទេសជាតិ និងសម្រាប់យុវជន

04/28/2026 11:04 AM        378
អ្នកនយោបាយ និងសង្គមស៊ីវិល បានបង្ហាញសុទិដ្ឋនិយមថា សេចក្តីព្រាងច្បាប់ស្តីពី​កាតព្វកិច្ច​យោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និងមាន​សារសំខាន់​សម្រាប់​យុវជន ពីព្រោះយុវជនជាកម្លាំងស្នូល នៃការអភិវឌ្ឍន៍ប្រទេសជាតិ។ ការចូលរួមកាតព្វកិច្ចយោធា គឺ​ជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារ​ផងដែរ។បណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា ច្បាប់កាតព្វកិច្ច​យោធា គឺពិតជាមានសារសំខាន់ ហើយក្នុងនាមជាប្រជាពលរដ្ឋ យុវជន យុវនារី ក្នុងនាមជា​ទំពាំង​ស្នងឫស្សី​មានកាតព្វកិច្ចចូលរួមការពារជាតិ និងកសាងអភិវឌ្ឍន៍ជាតិ។ ហើយកាតព្វកិច្ចយោធា គឺជាការចូលរួមចំណែកសម្រាប់ជាតិដ៏មហាធំធេង ហើយក្នុងនាមជារដ្ឋមួយជាជាតិសាសន៍មួយ គឺត្រូវបំពេញកាតព្វកិច្ចយោធាក្នុងការប្តេជ្ញាចិត្តនៅក្នុងការចូលរួមកសាងជាតិ មាតុភូមិកម្ពុជា។លោកស្រី ច័ន្ទ វឌ្ឍនា ប្រធានសមាគមយុវជនដើម្បីវឌ្ឍនភាពកម្ពុជាបានថ្លែងថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កាតព្វកិច្ចយោធា គឺមានសារសំខាន់សម្រាប់ប្រទេសជាតិ សម្រាប់សង្គមជាតិ និង​មាន​សារ​សំខាន់សម្រាប់យុវជន ហើយនៅពេលដែលយុវជនបានចូលរួមនៅក្នុងការហ្វឹកហ្វឺនយោធា គឺ​ពង្រឹង​ទៅលើវិន័យនៃការរស់នៅរបស់ពួកគាត់ និងពង្រឹងទៅលើសមត្ថភាពរបស់ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួកគាត់ជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។ជាមួយគ្នានេះ អ្នកនយោបាយ និងសមាគមយុវជន ដើម្បីវឌ្ឍនភាពកម្ពុជា បានអំពាវនាវ​ទៅ​ដល់​យុវជន និងយុវតីទាំងអស់ចូលរួមបំពេញកាតព្វកិច្ចយោធា ពីព្រោះ​យុវជន​ជា​កម្លាំង​ស្នូល​នៃ​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ។ ហើយការចូលរួមកាតព្វកិច្ចយោធាមិនមែនជាបន្ទុក មិនមែន​ជាការ​បង្ខិត​បង្ខំ​នោះទេ ប៉ុន្តែជាការចូលរួមដើម្បីអភិវឌ្ឍន៍ខ្លួនឯង ពង្រឹងវិន័យខ្លួនឯង ជួយដល់សង្គមជាតិ និងក្រុមគ្រួសារផងដែរ។សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រ​ជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជា​ការ​ប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោល​បំណង​ដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់នេះ ត្រូវ​បានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

រុស្ស៊ី ដាក់បន្ថែមសមាជិកសហភាពអឺរ៉ុបចូលក្នុងបញ្ជីខ្មៅ ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មី

04/28/2026 11:04 AM        153
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានដាក់បន្ថែមមន្ត្រីសហភាពអឺរ៉ុប (EU)ចូលទៅក្នុងបញ្ជីខ្មៅ ដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេស ក្នុងការឆ្លើយតបទៅនឹងកញ្ចប់ទណ្ឌកម្មទី២០ ធ្វើឡើងដោយទីក្រុង Brussels ទៅលើទីក្រុងមូស្គូ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហភាពអឺរ៉ុប បន្តការប៉ុនប៉ងរបស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ីដោយពង្រីកវិធានការរឹតត្បិតជាឯកតោភាគី ហើយចំណាត់ការដ៏បំផ្លិចបំផ្លាញរបស់ទីក្រុង Brussels បានរំលោភលើបទដ្ឋាននៃច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។សេចក្តីថ្លែងការណ៍ បាននិយាយថា «យើងក៏បានដាក់វិធានការរឹតត្បិតប្រឆាំងនឹងសកម្មជនសង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវនៅក្នុងបណ្តាប្រទេសអឺរ៉ុបដែលប្រកាន់ជំហរអរិភាពចំពោះរុស្ស៊ី ព្រមទាំងសមាជិកសភាជាតិនៃរដ្ឋសមាជិកសហភាពអឺរ៉ុប និងសភាអឺរ៉ុប ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេច និងសេចក្តីស្នើច្បាប់ប្រឆាំងរុស្ស៊ី»។រុស្ស៊ី ក៏បានហាមឃាត់អ្នកតំណាងនៃស្ថាប័នអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុប ដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចលើការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន មិនឱ្យចូលប្រទេសនេះផងដែរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បាននិយាយថា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ប្រាក់កម្ចីចំនួន៩០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន រួមជាមួយនឹងទណ្ឌកម្មជុំទី២០ ប្រឆាំងនឹងរុស្ស៊ី។

បទឈប់បាញ់ស្ថិតក្នុងហានិភ័យ ខណៈប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន រាយការណ៍ពីការវាយប្រហារឆ្លងព្រំដែន

04/28/2026 11:04 AM        80
ប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានចោទប្រកាន់គ្នាទៅវិញទៅមក ថា បានបើកការវាយប្រហារឆ្លងព្រំដែនជាថ្មី។ អាជ្ញាធរក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅខេត្ត Kunar ភាគខាងកើត។ មន្ត្រីប៉ាគីស្ថានបានរាយការណ៍ថា ជនស៊ីវិលយ៉ាងហោចណាស់បីនាក់ បានរងរបួសដោយការបាញ់កាំភ្លើងនៅស្រុកតំបន់ភ្នំ South Waziristan។ ការបន្តអំពើហិង្សា បានគំរាមកំហែងដល់ការចរចាសន្តិភាពដ៏ផុយស្រួយរវាងប្រទេសជិតខាងគ្នានេះ។ ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ដ៏ផុយស្រួយកាលពីខែមីនា ដែលបានបញ្ឈប់អំពើហិង្សាដ៏បង្ហូរឈាមរយៈពេលជាច្រើនសប្តាហ៍។អ្នកនាំពាក្យរងរបស់ក្រុមតាលីបង់ លោក Hamdullah Fitrat បាននិយាយថា យោធាប៉ាគីស្ថាន បានបើកការវាយប្រហារដោយកាំភ្លើងត្បាល់ និងគ្រាប់រ៉ូកែត ដែលបានធ្វើឱ្យមនុស្ស ៤៥ នាក់រងរបួស។ លោកបាននិយាយថា និស្សិត ស្ត្រី និងកុមារ ស្ថិតក្នុងចំណោមអ្នករងរបួស ខណៈលំនៅឋាន និងសាកលវិទ្យាល័យ Sayed Jamaluddin Afghani ក្នុងក្រុង Asadabad នៃខេត្ត Kunar បានស្ថិតក្រោមការបាញ់ផ្លោង។អ្នកនាំពាក្យបានសរសេរនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទាំងនេះ ធ្វើឡើងដោយរបបយោធាប៉ាគីស្ថាន ដែលប្រជាជនសាមញ្ញ គ្រឹះស្ថានសិក្សា និងស្ថាប័នអប់រំត្រូវបានដាក់គោលដៅ ហើយបានប្រកាសថា វាជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចអត់ឱនឲ្យបាន»។ ក្រសួងព័ត៌មានប៉ាគីស្ថាន បានច្រានចោលរបាយការណ៍នេះថាជា «ការនិយាយកុហកយ៉ាងច្បាស់លាស់» ហើយបានទទូចថា ពុំមានការវាយប្រហារលើសាកលវិទ្យាល័យនោះទេ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងកម្លាំងព្រំដែនរបស់ប្រទេស បានពិពណ៌នាអំពីឧប្បត្តិហេតុនៅស្រុក South Waziristan ថាជាការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុតចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM