ស្វែងរក

ធនាគារអឺរ៉ុប៖ ថវិកា៣០លានអឺរ៉ូ ត្រូវបានអនុម័តសម្រាប់ផែនការជួសជុលរបងសុវត្ថិភាពរោងចក្រនុយក្លេអ៊ែរ Chornobyl

04/27/2026 12:04 PM        65
ធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ បាននិយាយកាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ថា ការស្តារឡើងវិញសុវត្ថិភាពនៅទីតាំងនុយក្លេអ៊ែរ Chornobyl បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី អាចចំណាយថវិកាយ៉ាងហោចណាស់ ៥០០ លានអឺរ៉ូ។ខណៈអ៊ុយក្រែនប្រារព្ធខួបលើកទី ៤០ ចាប់តាំងពីមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក លោកស្រី Odile Renaud-Basso ប្រធានធនាគារអឺរ៉ុបសម្រាប់ការកសាងឡើងវិញនិងអភិវឌ្ឍន៍ (EBRD) បាននិយាយថា អ្នកផ្តល់ជំនួយរួមមានសហភាពអឺរ៉ុប ប្រទេសបារាំង និងអង់គ្លេស បានអនុម័តថវិកាចំនួន៣០លានអឺរ៉ូ ដើម្បីផ្តល់មូលនិធិដល់ការងារត្រៀមរៀបចំបន្ទាន់ និងការវាយតម្លៃបច្ចេកទេសលើរបងស្តង់ដាសុវត្ថិភាពថ្មីដែលត្រូវបានបំផ្លាញ។លោកស្រីបាននិយាយថា ការរកឃើញបឋមបានបង្ហាញថា ច្រេះស៊ីចំពោះរចនាសម្ព័ន្ធដែក អាចគំរាមដល់សុវត្ថិភាពរយៈពេលវែង។លោកស្រី Renaud-Basso បាននិយាយថា មូលនិធិនេះនឹងធ្វើឱ្យស្ថានភាពមានស្ថេរភាព និងរៀបចំសម្រាប់ការងារជួសជុលពេញលេញ ដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២៨ និងបញ្ចប់នៅមុនឆ្នាំ ២០៣០។

នគរបាលបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋ Manipur ប្រទេសឥណ្ឌា

04/27/2026 12:04 PM        99
កងកម្លាំងសន្តិសុខនៅរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងតំបន់មានភាពវឹកវរ ។ក្រុមបាតុកររាប់រយនាក់ បានចេញធ្វើបាតុកម្មដើរឆ្ពោះទៅកាន់លំនៅឋានរបស់ប្រមុខរដ្ឋនៅក្នុងរដ្ឋនេះ ដើម្បីដាក់ស្នើអនុស្សរណៈជាមួយនឹងលិខិតទាមទារចំនួនប្រាំពីរចំណុចក្នុងចំណោមភាពតានតឹងកើនឡើងបន្ទាប់ពីអំពើហិង្សាថ្មីៗ នៅក្នុងរដ្ឋ។ការប៉ះទង្គិចគ្នាជាច្រើនបានផ្ទុះឡើងជាលើកដំបូងកាលពីក្នុងខែឧសភា ឆ្នាំ២០២៣ រវាងសហគមន៍ Meitei ដ៏លេចធ្លោនៅរដ្ឋ Manipur ភាគច្រើនជាពលរដ្ឋកាន់សាសនាហិណ្ឌូ និងកុលសម្ព័ន្ធ Kuki ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ជុំវិញផលប្រយោជន៍សេដ្ឋកិច្ចនិងកូតាការងារ ដែលអំឡុងពេលនោះ មនុស្សប្រហែល២៦០នាក់ត្រូវបានសម្លាប់ និងជាង៦០.០០០នាក់ត្រូវបានជម្លៀសចេញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា បន្តបង្ហាញអំពីទង្វើឈ្លានពានរបស់ថៃ ទៅកាន់​បណ្ដា​ប្រទេ​ស​ជា​មិត្ត និងអន្តរជាតិ

04/27/2026 12:04 PM        338
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមេសានេះថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពការទូតសកម្ម លើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាម​រយៈ​យន្តការច្បាប់ និងសន្ដិវិធី ក្នុងនោះសកម្ម​ភាព​លាត​ត្រដាង​ការ​ពិត​ពី​សកម្ម​ភាព​ឈ្លាន​ពាន​របស់​ថៃម​កលើដែនអធិបតេយ្យភាពកម្ពុជា ត្រូវបានថ្នាក់ដឹកនាំកម្ពុជា ធ្វើជាប្រចាំ​ដោយ​ប្រាប់​ទៅ​​បណ្ដា​ប្រទេសជាមិត្ត និងអន្តរជាតិនានា។ជាក់ស្ដែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម​បណ្ឌិត​ វីវៀ​ន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេស​ព្រុយណេដារុយសាឡាម។ ក្នុងជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា​-ថៃ ផងដែរ។ ដោយឡែក កាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នាយទាហាន​នៃ​នាយក​ដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG)នៃព្រះរាជាណាចក្រកម្ពុជា បាន​ ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបា​ន​ចាត់​បញ្ជូន​នាយ​ទាហាន​បន្ត​វេនចំ​នួន​ពី​ររូបមកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ដែលដឹកនាំ​ដោយ​ប្រទេស​ហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦ ដើម្បីចុះសង្កេតការណ៍ ផ្ទៀង​ផ្ទាត់​ និងធានាការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​វិធាន​ការ​ទាំង​អស់​ក្នុង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥។សូមបញ្ជាក់ថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និង​អាណត្តិ​របស់ ​AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែល​បាន​ឯក​ភាព​គ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅ​លើ​ក​កម្ពស់​តម្លា​ភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែង​តែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។រាជរដ្ឋាភិបាល តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុត​នូវ​សេចក្តី​ប្រកា​សរួ​មនៃ​កិច្ច​ប្រជុំ​ពិសេសលើ​កទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥​, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាលី ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃចុងសប្តាហ៍

04/27/2026 12:04 PM        83
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា បានបង្ហាញពីការស្លាប់មន្ត្រីជាន់ខ្ពស់អំឡុងពេលការវាយប្រហារដែលធ្វើឡើងដោយក្រុមបះបោ។ អ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រថយន្តមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះបើកបរដោយអ្នកវាយប្រហារអត្តឃាតម្នាក់ បានបើកបុកចូលលំនៅឋានរបស់លោក Sadio Camara នៅក្នុងទីក្រុង Kati បង្កឱ្យមានការបាញ់ប្រហារដែលលោកបានរងរបួស និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។ រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខជាតិ រយៈពេលពីរថ្ងៃ។សម្ព័ន្ធមិត្តក្រុមអាល់កៃដាក្នុងតំបន់ បានសហការជាមួយក្រុមឧទ្ទាម ដើម្បីធ្វើការវាយប្រហារក្នុងពេលដំណាលគ្នានៅទីតាំង៦កន្លែងនៅទូទាំងប្រទេស ។រដ្ឋាភិបាល នៅមិនទាន់បានផ្តល់ចំនួនអ្នកស្លាប់សរុបនៅឡើយទេ។ ការវាយប្រហារបានធ្លាក់លើទីតាំងនានានៅជិតទីក្រុង Bamako រួមទាំងទីក្រុង Kati និងតំបន់អាកាសយានដ្ឋាន ព្រមទាំងទីក្រុងភាគខាងជើងដូចជាទីក្រុង Mopti ទីក្រុងSevare និងទីក្រុង Gao ខណៈស្ថានភាពនៅក្នុងទីក្រុងយុទ្ធសាស្ត្រ Kidal នៅតែមិនច្បាស់។ រណសិរ្សរំដោះ Azawad (FLA) ដឹកនាំដោយក្រុម Tuareg បាននិយាយថា ខ្លួនបានដណ្តើមយកទីក្រុងនេះ ប៉ុន្តែកងទ័ពម៉ាលីបាននិយាយថា ប្រតិបត្តិការនៅទីនោះកំពុងបន្ត។ការវាយប្រហារនេះ បញ្ជាក់ពីការគំរាមកំហែងជាប់លាប់ដែលរដ្ឋាភិបាលដឹកនាំដោយយោធារបស់លោក Assimi Goita កំពុងប្រឈមមុខ ដែលបានទប់ស្កាត់អំពើហិង្សារបស់ក្រុមឧទ្ទាម ទោះបីជាមានប្រតិបត្តិការកាន់តែខ្លាំងក៏ដោយ។ អង្គការសហប្រជាជាតិ បានថ្កោលទោសការវាយប្រហារទាំងនេះ និងបានអំពាវនាវឱ្យមានការឆ្លើយតបពីអន្តរជាតិចំពោះភាពអសន្តិសុខកាន់តែអាក្រក់ នៅទូទាំងតំបន់ Sahel ។

អាកាសយានដ្ឋានធំបំផុតរបស់ទីក្រុងតេអេរ៉ង់ បន្តជើងហោះហើរអន្តរជាតិក្រោយការបិទជាង៥០ថ្ងៃ

04/27/2026 12:04 PM        70
អាកាសយានដ្ឋានអន្តរជាតិអ៊ីម៉ាម ខូម៉េនី (Imam Khomeini) របស់អ៊ីរ៉ង់ បានបន្តជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិមានកំណត់ បន្ទាប់ពីការផ្អាករយៈពេលជាង៥០ថ្ងៃ ដោយចរាចរណ៍ដឹកអ្នកដំណើរត្រូវបានគេរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ខណៈផ្លូវហោះហើរបានបើកឡើងវិញជាដំណាក់កាល។គោលដៅរួមមាន ទីក្រុងមេឌីណាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទីក្រុងមូស្កាតក្នុងប្រទេសអូម៉ង់ និងទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី គឺជាគោលដៅដំបូងដែលបានបើកដំណើរការឡើងវិញ ខណៈអ្នកធ្វើដំណើរបានធ្វើដំណើរជាលើកដំបូងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើប្រទេសនេះ ដែលជំរុញឱ្យអ៊ីរ៉ង់ វាយប្រហារសងសឹកលើគោលដៅអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅទូទាំងប្រទេសជាច្រើនក្នុងតំបន់។សម្រាប់អ្នកដំណើរជាច្រើន ការបើកដំណើរការឡើងវិញបាននាំមកនូវការជួបជុំគ្នាដែលរង់ចាំជាយូរមកហើយជាមួយមនុស្សជាទីស្រលាញ់នៅបរទេស។ ។អ្នកដំណើរមួយចំនួននៅតែមានការព្រួយបារម្ភ ដោយនិយាយថាបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានសភាពផុយស្រួយ។ អ្នកដំណើរម្នាក់និយាយថា «យើងមានការព្រួយបារម្ភដោយសារតែសង្គ្រាម ខណៈយើងបានឮសំឡេងផ្ទុះនៅទីក្រុងតេអេរ៉ង់កាលពីប៉ុន្មានយប់មុន»។មន្ត្រីអាកាសយានដ្ឋានបាននិយាយថា មានតែគោលដៅមួយចំនួនតូចប៉ុណ្ណោះដែលអាចដំណើរការបាននាពេលបច្ចុប្បន្ន ប៉ុន្តែការវិលត្រឡប់ទៅវិញបន្តិចម្តងៗនៃជើងហោះហើរអន្តរជាតិបង្ហាញពីជំហានដ៏ប្រុងប្រយ័ត្នឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ ដោយផ្លូវអន្តរជាតិសំខាន់ៗនៅតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ។

អាជ្ញា​កណ្តាលអ៊ីតាលី Gianluca Rocchi ផ្អាកតួនាទីខ្លួនឯង ខណៈមាន​ការ​ស៊ើប​អង្កេត​អំពី​បទ​ក្លែង​បន្លំ​កីឡា

04/27/2026 12:04 PM        87
លោក Gianluca Rocchi អ្នកទទួលបន្ទុកចាត់តាំងអាជ្ញាកណ្តាលក្នុងលីគកំពូលអ៊ីតាលី បាន​សម្រេច​ផ្អាក​ខ្លួនឯងពីតួនាទី បន្ទាប់ពីមានការរាយការណ៍អំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងបទ “ក្លែង​បន្លំ​កីឡា”។យោងតាមទីភ្នាក់ងារព័ត៌មានអ៊ីតាលី AGI លោក Rocchi ដែលជាអតីតអាជ្ញាកណ្តាលអន្តរជាតិ កំពុង​ស្ថិតក្រោមការស៊ើបអង្កេតចំពោះ “ការចូលរួមសហការនៅក្នុងការក្លែងបន្លំកីឡា” ក្នុង​រដូវ​កាល ២០២៤-២៥ ហើយបានកំណត់ពេលសវនាការដំបូងនៅថ្ងៃព្រហស្បតិ៍ខាងមុខ។សមាគម​អាជ្ញា​កណ្តាលអ៊ីតាលី (AIA) ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក Rocchi បានផ្អាកខ្លួនឯងពីតួនាទី បន្ទាប់ពីមានការចាប់ផ្តើមស៊ើបអង្កេតដោយការិយាល័យអយ្យការក្រុង Milan។អង្គភាពនេះក៏បានបញ្ជាក់ផងដែរថា លោក Andrea Gervasoni ដែលជាអ្នកគ្រប់គ្រង VAR សម្រាប់លីគកំពូលទាំងពីររបស់អ៊ីតាលី ក៏បានផ្អាកខ្លួនឯងដែរ បន្ទាប់ពីត្រូវបានដាក់ឲ្យស៊ើបអង្កេតដូចគ្នា។ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Rocchi បាននិយាយថា ការសម្រេចផ្អាកខ្លួនឯងពីតួនាទីនៅពេលនេះគឺមានគោលបំណងអនុញ្ញាតឲ្យដំណើរការផ្លូវច្បាប់ប្រព្រឹត្តទៅដោយរលូន ហើយជឿជាក់ថា នឹងអាចបង្ហាញភាពស្អាតស្អំរបស់ខ្លួនបាន និងជាការទទួលខុសត្រូវលើតួនាទី ហើយក៏ចង់ការពារក្រុមអាជ្ញាកណ្តាលទាំងមូល មិនឲ្យរងផលប៉ះពាល់ដោយសារបញ្ហារបស់ខ្លួនតាមការចោទប្រកាន់ មានការសង្ស័យថា លោក Rocchi បានជ្រើសរើសអាជ្ញាកណ្តាលសម្រាប់ការប្រកួតរបស់ Inter Milan ដោយសារតែក្លិបចប់បាន។ លើសពីនេះ លោក Rocchi ត្រូវបានចោទថា បានដាក់សម្ពាធលើមន្រ្តី VAR ម្នាក់ ដើម្បីជំរុញឲ្យអាជ្ញាកណ្តាលពិនិត្យមើលសកម្មភាពប៉ះដៃក្នុងតំបន់ពិន័យ ក្នុងការប្រកួតដែល Udinese ឈ្នះ Parma ១-០ កាលពីខែមីនាឆ្នាំមុន។គួរបញ្ជាក់ថា បទល្មើស “ក្លែងបន្លំកីឡា” គឺជាបទល្មើសព្រហ្មទណ្ឌនៅប្រទេសអ៊ីតាលី ដែលអាចផ្តន្ទាទោសអតិបរមាជាប់ពន្ធនាគារដល់ទៅ ៦ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

ភាពមិនប្រាកដប្រជាជុំវិញកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ កើនឡើង ខណៈលោក Trump ថា លែងបញ្ជូនគណៈប្រតិភូសម្រាប់កិច្ចចរចាទៀតហើយ

04/27/2026 12:04 PM        57
ភាពមិនប្រាកដប្រជា ជុំវិញកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែជ្រៅឡើង ក្នុងពេលមានការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់ និងសញ្ញានៃភាពតានតឹងឡើងវិញ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងលែងបញ្ជូនគណៈប្រតិភូដើម្បីចរចាជាមួយអ៊ីរ៉ង់ទៀតហើយ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ គួរតែទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនដោយផ្ទាល់ ប្រសិនបើខ្លួនចង់ចរចា។ លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «ប្រសិនបើពួកគេចង់ធ្វើ យើងអាចចរចាគ្នាបាន។ ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ រយៈពេល១៨ម៉ោងដើម្បីជួបគ្នានោះទេ»។ លោក Trump ក៏បាននិយាយផងដែរថា លោកមានការគោរពយ៉ាងខ្លាំងចំពោះប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ និងបាននិយាយបន្ថែមថា ប្រទេសប៉ាគីស្ថាន នឹងនៅតែពាក់ព័ន្ធ។ លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ «មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» «បើមិនដូច្នេះទេ គ្មានហេតុផលដើម្បីជួបគ្នាឡើយ»។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សម្ពាធ និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យខូចទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកកិច្ចចរចាជាថ្មីកាន់តែពិបាក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកកាលពីថ្ងៃអាទិត្យ។ លោកបាននិយាយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មិនអាចបន្តការចរចាបាន ខណៈកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយនិយាយថា សកម្មភាពបែបនេះ «រំខានដល់បរិយាកាសចាំបាច់» សម្រាប់ផ្នែកការទូត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់ប្រទេសប៉ាគីស្ថាន ជាប្រទេសសម្របសម្រួល។ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Araghchi បានបង្ហាញពី «ខ្សែបន្ទាត់ក្រហម» របស់ទីក្រុងតេអេរ៉ង់ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថានក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់លោក។ របាយការណ៍នេះបាននិយាយថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិកក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz។

លីគកំពូលកម្ពុជា កាន់តែទាក់ទាញការចាប់អារម្មណ៍ ខណៈសល់ ៣សប្ដាហ៍ទៀត នឹងបញ្ចប់

04/27/2026 11:04 AM        180
ទោះបីក្រុមជើងឯក ត្រូវបានរកឃើញ តែការប្រកួតប្រជែងលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នៅ​តែមានកម្រិតខ្ពស់ ជាទីទាក់ទាញកាន់តែខ្លាំងសម្រាប់អ្នកគាំទ្រ ពិសេសជំនួបរវាងបេក្ខភាព Top-6 ​ស្រប​ពេលនៅសល់ ៣សប្ដាហ៍ទៀតនឹងត្រូវបញ្ចប់រដូវកាល។អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលទ្ធផលការសន្សំពិន្ទុ សប្ដាហ៍ទី១៩ នៃដំណាក់កាលទី២ កាល​ពី​ចុង​សប្ដាហ៍កន្លងទៅ ដោយក្រុម អឹមអាយអាយ កំពង់ដេវ៉ា បានយកឈ្នះភ្នំពេញក្រោន ១-០ គ្រា​ដែល​បឹងកេត ចាញ់អង្គរថាយហ្គឺរ ២-០ និងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង វាយ​បក​ស្មើ​ណា​ហ្គាវើល​ដ៍ ១-១ នៅចុងម៉ោង។សម្រាប់ជំនួបដ៏ជក់ចិត្ត នៅកីឡដ្ឋានវិសាខា កីឡាករ សាន គឹមហេង បានរកគ្រាប់បាល់នាំមុខឲ្យ អឹមអូអាយ កំពង់ដេវ៉ា តាំងពីនាទីទី២០ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង បន្ទាប់ពីភ្នំពេញក្រោន បានព្យាយាមវាយបកយ៉ាងខ្លាំង តែធ្វើមិនបានសម្រេច ដែលនាំឲ្យពួកគេរបូត ៣ពិន្ទុដ៏សំខាន់ ដើម្បីការពារតំណែងលេខ២ របស់ខ្លួន។ចំណែក្រុមបឹងកេត ដែលជាបេក្ខភាពទទួលបានអាជ្ញាបណ្ណក្លិបពី AFC សម្រាប់រដូវកាលថ្មី បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-០ ។ ២គ្រាប់ ដែលជួយឲ្យក្រុមខ្លាទឹកក្រូច បង្កើតគម្លាត ៣ពិន្ទុពីបឹងកេត រកបានដោយកីឡាករ ទាំ មករា នៅនាទី៦០ និងកីឡាករ Mijland Guytho នៅនាទី៨៩។ដោយឡែកជំនួបនៅពហុកីឡដ្ឋានជាតិមរតកតេជោ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង រកបានត្រឹម ១ពិន្ទុ ក្រោយវាយបកស្មើក្រុមណាហ្គាវើលដ៏  ១-១ បន្ទាប់ពីត្រូវក្រុមភ្ញៀវនាំមុខ នៅនាទី១៥ ដែលរកបានដោយកីឡាករ Weyderson រហូតដល់នាទី៨៩ ទើបកីឡាករ Peprah Kwame រកបានគ្រាប់តាមស្មើ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ផ្នែកលើលទ្ធផលនេះ បានធ្វើឲ្យលីគកំពូលកម្ពុជា នាចុងរដូវកាល កាន់តែរន្ថើន និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រដដែល ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកជាផ្លូវការក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺការប្រកួតចំណាត់ថ្នាក់លេខ២ ក្នុងលីគ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ ពិសេសក្រុមដែលជាប់អាជ្ញាបណ្ឌក្លិបពីសហព័ន្ធកីឡាបាល់ទាត់អាស៊ីតែម្ដង។គិតត្រឹមសប្ដាហ៍ទី១៩ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង មាន ៦៦ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៥០ពិន្ទុ នាំមុខគូ ៣ពិន្ទុប៉ុណ្ណោះ លើក្រុមលេខ៣ អង្គរថាយហ្គឺរ ដែលមាន ៤៧ពិន្ទុ។ រីឯបឹងកេត រក្សាកៅអីលេខ៤ មាន ៤៤ពិន្ទុ លើណាហ្គាវើលដ៏ ឈរលេខ៥ មាន ៤៣ពិន្ទុ និងក្រុម អឹមអូអាយ កំពង់ដេវ៉ា ឈរលេខ៦ មាន ៣៧ពិន្ទុ៕ អត្ថបទ លី ឈុនឡា

Alex Marquez ឈ្នះការប្រណាំង MotoGP នៅអេស្ប៉ាញ ខណៈបងប្រុស Marc Marquez មិនអាចបញ្ចប់ទី

04/27/2026 11:04 AM        105
កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez បានអបអរការចូលរួមប្រណាំង Grand Prix ទីលានទី ២៥០ ជាមួយនឹងជ័យជំនះនៅព្រឹត្តិការណ៍ MotoGP នៅប្រទេសអេស្ប៉ាញពីរឆ្នាំជាប់គ្នា។ ជ័យជំនះនេះ ក៏ជាការអបអរខួបកំណើតឈានចូលវ័យ ៣០ ឆ្នាំរបស់ Alex Marquez ផងដែរ ខណៈដែលកីឡាកររបស់ក្រុម Gresini Racing រូបនេះ ចាប់ផ្តើមទីពីលេខ ៥ រហូតទទួលបានជ័យជំនះ។ បងប្រុសរបស់គេ Marc Marquez ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានដួលម៉ូតូនៅផ្លូវបត់ទី ១១ នៃជុំទី ២ នៅពេលប្រជែងជាមួយប្អូនប្រុសរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ លេខពីរសម្រាប់ការប្រកួតនេះបានទៅកីឡាករអ៊ីតាលី Marco Bezzecchi ជិះឱ្យក្រុម Aprilia ខណៈកីឡាករអ៊ីតាលីមួយរូបទៀត Fabio di Giannantonio បានលេខ ៣។ នេះជាជ័យជំនះដំបូងសម្រាប់ Alex Marquez រដូវកាលនេះ និងធ្វើឱ្យគេឡើងមកឈរលេខ ៧ ក្នុងតារាងជើងឯក ស្របពេលដែល Marco Bezzecchi បន្តនាំមុខគេមាន ១០១ ពិន្ទុ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Jorge Martin មាន ៩០ ពិន្ទុ និងលេខបី Fabio di Giannantonio មាន ៧១​ ពិន្ទុ។ ទីលានទីប្រាំ MotoGP រដូវកាលនេះ នឹងបន្តទៅប្រទេសបារាំងនៅថ្ងៃទី ១០ ខែឧសភា៕អត្ថបទ៖នាង សុភាវុធ

ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%

04/27/2026 11:04 AM        147
កម្ពុជានាំចេញកង់ នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ២០១ លានដុល្លារអាមេរិក កើនឡើងប្រមាណ ជិត ៤៤% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ បើធៀបទៅនឹងទីផ្សារដ៏ទៃទៀត។ក្រសួងពាណិជ្ជកម្ម បង្ហាញពីរបាយការណ៍នាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២០១ លានដុល្លារអាមេរិក កើនឡើងជិត ៤៤% ដែលជាកំណើនមួយហក់ឡើងខ្ពស់ ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ការនាំចេញកង់របស់កម្ពុជា មានទឹកសរុបជាង ១៣៩ លានដុល្លារអាមេរិកប៉ុណ្ណោះ។  ចំពោះទីផ្សារសំខាន់ៗ ដែលគាំទ្រដល់ការនាំចេញកង់រួមមាន៖ ការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៩៧ លាន ដុល្លារ កើនជិត ២៥%, អាឡឺម៉ង់ ជាង ៣៨ លានដុល្លារ កើនជាង ៧៧%, ប៊ែលហ្សិក ជិត ៣៤ លានដុល្លារ កើន ១៥៥%, ហូឡង់ ជាង ១២ លានដុល្លារ កើនជាង ៤៥%, អូស្រ្តាលី ជិត ២ លានដុល្លារ កើនជាង ៨៨%, កូឡំប៊ី ជិត ២ លានដុល្លារ កើន ៧២% ធៀប រយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៥ ក្រៅពីនេះនៅមានទីផ្សារផ្សេងៗទៀត គាំទ្រដល់ការនាំចេញកង់របស់កម្ពុជា។ជុំវិញរោងចក្រដំឡើងកង់វិញ កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងកង់មានចំនួន៥ទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្នុង ក្រុងបាវិត ខេត្តស្វាយរៀង បច្ចុប្បន្នរោងចក្រទាំងនោះបានកំពុងផ្គុំ និងដំឡើងកង់ជាច្រើនប្រភេទ សម្រាប់បម្រើដល់ទីផ្សារនាំចេញ របស់កម្ពុជា។សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៥, កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិ ដែលជាដៃគូពាណិជ្ជកម្ម មានទំហំទឹកប្រាក់ សរុបជិត ៦១០ លានដុល្លាអាមេរិក បានកើនឡើងជិត ៤៣% ខណៈក្នុងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៤ ការនាំចេញកង់ មានទឹក សរុបជិត ៤២៦ លានដុល្លារអាមេរិកប៉ុណ្ណោះ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី
05/10/2026 12:05 PM
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
05/10/2026 12:05 PM
រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​
05/10/2026 12:05 PM
កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់
05/10/2026 11:05 AM
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
05/10/2026 11:05 AM
លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM
ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់ ដោយសុវត្ថិភាព
05/10/2026 11:05 AM
រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនជាង១០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង
05/10/2026 11:05 AM
លោក Putin និយាយថា សង្រ្គាមអ៊ុយក្រែនទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ទោះការ​ប្រយុទ្ធគ្នា​​​នៅតែ​​ខ្លាំង​​ក្លាក៏ដោយ ​
05/10/2026 10:05 AM
សម្ដេចធិបតី អំពាវនាវឱ្យអនុវត្ដពេញលេញភ្លាមៗនូវសេចក្ដីប្រកាសរួមកម្ពុជា-ថៃ និងវាស់វែង និង​ខណ្ឌ​សីមា​ព្រំដែនប្រទេសទាំងពីរជាបន្ទាន់
05/10/2026 10:05 AM