ស្វែងរក

ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន

06/01/2026 11:06 AM        73
នៅថ្ងៃចន្ទ១មិថុនានេះ ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានធ្វើការល្បាតជាការ "អនុវត្តច្បាប់" នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ជប៉ុន និងហ្វីលីពីន ក្នុងការបើកកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយតំបន់ដែលត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន ។ ជប៉ុន និងហ្វីលីពីន បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ "ស្របតាមច្បាប់អន្តរជាតិ"។ការកំណត់ព្រំដែននេះ ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ និងផែនទីនៃការកំណត់ព្រំដែនរវាងតំបន់ ឬប្រទេសពីរ។ ខណៈពួកគេពុំបានផ្តល់ព័ត៌មានលម្អិត ក្រសួងការបរទេសចិនកាលពីថ្ងៃសុក្របាននិយាយថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា ការចរចាបែបនេះ "ខុសច្បាប់ទាំងស្រុង ទុកជាមោឃៈ និងគ្មានសុពលភាព"។ ក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពឆ្មាំល្បាតឆ្នេរចិននិយាយថា កងនាវាមួយបានអនុវត្តការល្បាតស្របតាមច្បាប់នៅភាគខាងកើតនៃកោះតៃវ៉ាន់ ទោះពុំបានបញ្ជាក់ពីកន្លែងណាពិតប្រាកដក៏ដោយ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នេះគឺជាសកម្មភាពចាំបាច់មួយដែលត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្រកាសជាឯកតោភាគីរបស់ប្រទេសជប៉ុន និងហ្វីលីពីន អំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រនៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន។ យោធា និងឆ្មាំល្បាតឆ្នេរចិន បាននិយាយថា ពួកគេបានធ្វើការល្បាតនៅជិតដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីហ្វីលីពីនបាននិយាយថា ខ្លួននៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទីក្រុងប៉េកាំង ទោះបីជាមានការធូរស្រាលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនថ្មីៗនេះក៏ដោយ៕

Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia

06/01/2026 11:06 AM        122
កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រណាំងកង់នៅអ៊ីតាលី Giro d'Italia ឆ្នាំ២០២៦ កាលពីថ្ងៃអាទិត្យ ដែលជាពាន Grand Tour លើកទី៤ ក្នុងអាជីពរបស់ខ្លួន។កីឡាកររបស់ក្រុម Team Visma | Lease a Bike រូបនេះ បានចូលរួមប្រកួត Giro d'Italia ជាលើកដំបូង ប៉ុន្តែអាចបង្ហាញទម្រង់លេងដ៏លេចធ្លោ និងគ្រប់គ្រងការប្រកួតបានយ៉ាងល្អ។ នេះជាពាន Grand Tour លើកទីបួនបន្ទាប់ពីធ្លាប់ឈ្នះជើងឯក Tour de France ចំនួនពីរលើក និង Vuelta a España កាលពីឆ្នាំមុន។Vingegaard បានដាក់ជំហររឹងមាំក្នុងការគ្រប់គ្រងតារាងរួមតាំងពីថ្ងៃសៅរ៍ ក្នុងដំណាក់កាលទី២០ បន្ទាប់ពីរូបគេមានការប្រកួតដ៏អស្ចារ្យរបស់ខ្លួនដែលបញ្ចប់ដំណាក់កាលទី ២០ នោះនាំមុខដាច់គូប្រកួតក្នុងតារាងរួម ស្ទើតែអាចនិយាយថាជាជើងឯកទៅហើយ។ចំណែកដំណាក់កាលចុងក្រោយនៅទីក្រុង Rome កាលពីថ្ងៃអាទិត្យ កីឡាករអ៊ីតាលី Jonathan Milan មកពីក្រុម Lidl–Trek បានបង្ហាញការប្រណាំងដ៏អស្ចារ្យ ដោយបើកការវាយលុកក្នុងគីឡូម៉ែត្រចុងក្រោយ និងឈ្នះដំណាក់កាលចុងក្រោយនេះ។ជាមួយនឹងការឈ្នះ Giro d'Italia ឆ្នាំ២០២៦ នេះ Vingegaard បានបន្ថែមកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងចំណោមកំពូលកីឡាករប្រណាំងកង់លើពិភពលោក និងបន្តបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យប្រណាំងកង់អាជីព៕ អត្ថបទ៖នាង សុភាវុធ 

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន

06/01/2026 10:06 AM        177
(កម្ពុជា)៖ ក្លឹបបាល់ទាត់នារីភ្នំពេញក្រោន បង្កើតកំណត់ត្រាឈ្នះ៦ប្រកួតជាប់គ្នា ការប្រកួតកីឡាបាល់ទាត់លីគនារីកម្ពុជា ក្រោយវាយបកតាមពីក្រោយឈ្នះណាហ្កាវើលដ៍ ៣ទល់នឹង១ ក្រៅដីកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ជំនួបនេះលេងបានតែ៦នាទីម្ចាស់ផ្ទះណាហ្កាវើលដ៍ផ្ដើមនាំមុខមុនដោយកីឡាការិនី យ៉ែម ជីវ៉ា ។ ប៉ុន្តែនៅនាទីទី៣០ កីឡាការិនី វឿន សុថាន ជួយឱ្យភ្នំពេញក្រោនតាមស្មើវិញ។វគ្គទី២នាទីទី៥១ កីឡាការិនី ទី សំណាង ជួយឱ្យភ្នំពេញក្រោននាំមុខវិញម្ដង មុនពេលដែលកីឡាការិនី វិបុល សិរីសេដ្ឋា បន្ថែមគ្រាប់ទី៣នៅចុងម៉ោង។ តាមរយៈលទ្ធផលនេះ ភ្នំពេញក្រោនបន្តឈរកំពូលតារាង ៦ប្រកួតមាន១៨ពិន្ទុពេញ។ក្លឹបបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង បន្តបរាជ័យជាលើកទី៣ជាប់គ្នា បន្ទាប់ពីវិសាខាវាយបកយកឈ្នះ ៧ទល់នឹង៣។បីគ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាការិនី Rai Preeti ពីរគ្រាប់តែឯង និងកីឡាការិនី Esther។ ចំណែក៧គ្រាប់របស់វិសាខាធ្វើបានសម្រេចដោយកីឡាការិនី ស៊ឹម ម៉ៃសំ បួនគ្រាប់តែឯង និងបីគ្រាប់ទៀតដោយកីឡាការិនី ឌី សុធា ទន់ គឹមហុង និងកីឡាការិនីសោភាន់ រីណា។ លទ្ធផលនេះធ្វើឱ្យវិសាខាបន្តឈរនៅលេខ២ក្នុងតារាងជើងឯក។ចំណែកក្លឹបបាល់ទាត់ខេត្តសៀមរាប បានយកឈ្នះ XO United ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាការិនី Dike ពីរគ្រាប់តែឯង គ្រាក្លឹបបឹងកេតបានយកឈ្នះកំពង់ឆ្នាំង ១៣ទល់នឹង០។ ជ័យជំនះនេះ ធ្វើឱ្យ សៀមរាបឡើងមកឈរនៅលេខ៣ បឹងកេតលេខ៤ និងព្រះខ័នរាជធ្លាក់មកឈរនៅលេខ៥ ណាហ្កាវើលដ៍៦ XO United លេខ៧ និងកំពង់ឆ្នាំងលេខ៨។លីគបាល់ទាត់នារី នឹងសម្រាករហូតដល់ថ្ងៃទី១៣ ខែមិថុនា ទើបត្រឡប់មកវិញ ដោយសារក្រុមបាល់ទាត់នារីកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយសិង្ហបុរី ថ្ងៃទី៦ ខែមិថុនា និងប្រកួតជាមួយឥណ្ឌូណេស៊ីថ្ងៃទី៩ ខែមិថុនា នៅប្រទេសឥណ្ឌូណេស៊ី៕

សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ

06/01/2026 10:06 AM        496
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គមដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិត អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៥ ទិវាពិភលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។ ក្នុងឱកាសទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់៖ ១-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចការពារកុមារ ជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។ ២- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវ ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការ សកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ៣- ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវ សហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។ ៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស ត្រូវយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ និងមានការចូលរួមមតិយោបល់ពីកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់កុមារ។ ៥- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តតាមដាននិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ អនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ តាមរយៈ ការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃ ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចការងារ ដើម្បីធានាលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ព្រមទាំងកៀរគរធនធាន និងចលនា សាធារណជនក្នុងការកំណត់វិធានការដោះស្រាយបញ្ហាពលកម្មកុមារឱ្យមានប្រសិទ្ធភាពខ្ព ៦- បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ លើមុខសញ្ញាស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា មធ្យមសិក្សា ជនជាប់ឃុំជាស្ត្រី មានផ្ទៃពោះ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ ព្រមទាំងរៀបចំអនុវត្តកម្មវិធីគាំពារសង្គម និងកម្មវិធីពិសេស ជូនគ្រួសារជនភៀសសឹកដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រថៃឈ្លានពានមកលើកម្ពុជា។ ៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវីធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារ ក្លាយជាជនរងគ្រោះ៕ 

ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង

06/01/2026 10:06 AM        42
យោធា និងឆ្មាំល្បាតឆ្នេរចិន បាននិយាយថា ពួកគេបានធ្វើការល្បាតនៅជិតដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីហ្វីលីពីនបាននិយាយថា ខ្លួននៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទីក្រុងប៉េកាំង ទោះបីជាមានការធូរស្រាលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនថ្មីៗនេះក៏ដោយ។ យោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃអាទិត្យ៣១ឧសភា ថា កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនសមុទ្ររយៈពេលប្រាំថ្ងៃនៅក្នុងដែនទឹកដូចគ្នាកាលពីសប្តាហ៍មុននៅជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលជាសមយុទ្ធលើកទីបីនៅឆ្នាំនេះ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសន្តិសុខដែនសមុទ្រ ។ កោះថ្មប៉ប្រះទឹក Scarborough Shoal នៅក្នុងដែនទឹកដែលទីក្រុងម៉ានីលហៅថាសមុទ្រហ្វីលីពីនខាងលិច គឺជាទីតាំងមួយក្នុងចំណោមទីតាំងដែនសមុទ្រប្រកួតប្រជែងគ្នាបំផុតរបស់តំបន់អាស៊ី បានក្លាយជាចំណុចប៉ះទង្គិចគ្នាញឹកញាប់រវាងចិន និងហ្វីលីពីនលើអធិបតេយ្យភាព និងសិទ្ធិនេសាទ។ បញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម WeChat ថា អង្គភាពកងទ័ពជើងទឹក និងអាកាសរបស់ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធនៅក្នុងដែនសមុទ្រ និងដែនអាកាសរបស់ខ្លួន នៃប្រជុំកោះ និងតំបន់ជុំវិញ។ ទីបញ្ជាការនេះបាននិយាយថា ការល្បាតបែបនេះបម្រើជាវិធានការទប់ទល់ដ៏មានប្រសិទ្ធភាពមួយដើម្បីទប់ទល់នឹងការរំលោភសិទ្ធិគ្រប់ប្រភេទ និងសកម្មភាពញុះញង់។ បញ្ជាការនេះពុំបាននិយាយអំពីប្រទេសជាក់លាក់ណាមួយទេ៕

សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​

06/01/2026 10:06 AM        77
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ​​​បានរាយការណ៍​ថា លោក​ប្រធានាធិបតី Donald Trump បានស្នើសុំឱ្យមានការកែសម្រួលកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុង​គោលបំណងបញ្ចប់ការប្រយុទ្ធគ្នា ដែលបានចាប់ផ្តើមកាលពី​ដើមឆ្នាំនេះ ។​ តាមការចុះផ្សាយរបស់សារព័ត៌មាន​ CBS News ដែលជាដៃគូព័ត៌មានរបស់សារព័ត៌មាន​ BBC បាន​ឲ្យដឹងថា​​ ការផ្លាស់ប្តូរទាំងនេះទាក់ទងនឹងច្រកសមុទ្រហ័រមូស និងការដកយកសារធាតុ​​​អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់​រួច​ ។ សេតវិមានពុំ​បានឆ្លើ​យតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។​ លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងតេអេរ៉ង់នឹងមិនយល់ព្រមលើកិច្ចព្រមព្រៀងណាមួយឡើយ លុះត្រាតែសិទ្ធិរបស់អ៊ីរ៉ង់ត្រូវបានធានាយ៉ាងពេញលេញ។​ ប្រធានាធិបតី និងក្រុម​មន្ត្រី​ជំនិតជាន់ខ្ពស់ បានជួបប្រជុំគ្នាកាលពី​ថ្ងៃសុក្រ ដើម្បីធ្វើ "ការសម្រេចចិត្តចុងក្រោយ" អំពីក្របខ័ណ្ឌសម្រាប់ការពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ដោយគ្មានភាពច្បាស់លាស់លើជំហានបន្ទាប់។ ការបញ្ជាក់​ឡើងវិញចុងក្រោយនៃកិច្ចព្រមព្រៀង ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន​ Axios កាលពី​ថ្ងៃសៅរ៍ រួមមានការបញ្ឈប់អំពើហិង្សារយៈពេល ៦០ ថ្ងៃ ការអំពាវនាវឱ្យបើកច្រកសមុទ្រហ័រមូសឡើងវិញ និងក្របខ័ណ្ឌគោល​មួយ​​ដើម្បីបើកការចរចាឡើងវិញលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នេះបើយោងតាមសារព័ត៌មាន​ ​​CBS។ ប្រព័ន្ធផ្សព្វផ្សាយ​ ​CBS ដដែល​ ​បាននិយាយថា ប្រសិនបើការទូតមានវឌ្ឍនភាព កិច្ចព្រមព្រៀងនេះក៏ត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងលទ្ធភាព​​នៃ​ការបន្ធូរបន្ថយទណ្ឌកម្មចំពោះអ៊ីរ៉ង់ ដែលអាចអនុញ្ញាតឱ្យអ៊ីរ៉ង់ទទួលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែល​​​ត្រូវបានបង្កក ​ផងដែរ​៕

[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​

06/01/2026 10:06 AM        42
យោងតាមក្រុម​អាជ្ញាធរមូលដ្ឋាន បាន​ឲ្យដឹងថា​ ចំនួនអ្នកស្លាប់ដោយសារការដួល​រលំ​អគារដែលកំពុងសាងសង់នៅទីក្រុង Angeles ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១២ នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពម្នាក់ទៀតពីគំនរបាក់បែកមុនពេលមេឃភ្លឺ​នៅថ្ងៃចន្ទ ​​​​១​​មិថុនា​​​​សប្ដាហ៍នេះ ។​ សំណង់នេះបានដួលរលំភ្លាមៗមុនម៉ោង ៣ ព្រឹក ថ្ងៃទី ២៤ ខែឧសភា ២០២៦​ កន្លងទៅថ្មីៗ​នេះ ​ខណៈក្រុម​កម្មករសំណង់កំពុងលង់​លក់ក្នុងដំណេក​​ ដោយមានមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរថ្ម​បាក់បែក។ ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកមនុស្សយ៉ាងហោចណាស់ប្រាំបីនាក់ដែលនៅតែបាត់ខ្លួន ខណៈ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ​បានឈានចូលដល់ថ្ងៃទីប្រាំបី។​ ក្រុមមន្ត្រី​បាននិយាយថា ​មនុស្ស​​ចំនួន​​​៧០ ​នាក់ ត្រូវបាន​​ជួល​​​ធ្វើការ​​នៅ​ទីតាំង​​ការដ្ឋានសំណង់នោះ ​​ទោះ​បី​ជា​​ភាគច្រើននៃពួកគេ​​​​បាន​ទៅលេង​​ផ្ទះ​សម្រាប់ថ្ងៃ​សម្រាកចុងសប្ដាហ៍ក៏ដោយ​៕

សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០

06/01/2026 10:06 AM        319
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍បញ្ជាក់ថា មកទល់ពេលនេះ អត្រាមរណភាពរបស់មាតា កុមារ និងទារកបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះគឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិត អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៥ ទិវាពិភលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អាទិភាពខ្ពស់លើការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែរឹងមាំតាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារ និងការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ។ ជាលទ្ធផល អត្រាមរណភាពរបស់មាតា និងកុមារអាយុក្រោម៥ឆ្នាំ និងអត្រាមរណភាពទារក បានការថយចុះគួរឱ្យកត់សម្គាល់ដែលនេះគឺជាការពន្លឿនវឌ្ឍនភាពបន្ថែមទៀតឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ចំពោះវិស័យអប់រំវិញ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើនការចូលរៀនប្រកបដោយសមធម៌ និងបរិយាបន្ននៅគ្រប់ភូមិសិក្សាជាពិសេស ការអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ ព្រមទាំងដាក់ចេញនូវវិធានការលើកកម្ពស់គុណភាព និងការឆ្លើយតបសេវាអប់រំ តាមរយៈការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការលើកទឹកចិត្ត ការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងសេវាអប់រំគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនេះ កិច្ចការពារកុមារនៅតាមសាលារៀន និងការអប់រំបែបវិជ្ជមានត្រូវបានអនុវត្ត យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់អំពើហិង្សាគ្រប់ទម្រង់។ លើសពីនេះរាជរដ្ឋាភិបាលបានជំរុញការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងកាត់បន្ថយ ភាពក្រីក្រឱ្យបានជាអតិបរមា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ជាក់ស្តែងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានផ្តល់ការគាំពារយ៉ាងសកម្មដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ រួមមានការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ អាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ ការឧបត្ថម្ភ សាច់ប្រាក់ជូនដល់ជនមានពិការភាព ជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងការឧបត្ថម្ភសមាជិកគ្រួសារ ជាអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍។ លើសពីនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីជាតិ ជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥ លាននាក់ក្នុងគោលដៅ «យុវជនម្នាក់មានជំនាញមួយ ប្រចាំជីវិត» ក្រោមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»។ កម្មវិធីជាតិគាំពារសង្គម គឺជាយុទ្ធសាស្ត្រ ដោយឡែករបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ផ្តល់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពនិងការពារក្រុមងាយរងគ្រោះតាមប្រព័ន្ធជំនួយសង្គមនិងសន្តិសុខសង្គម។ សម្ដេចធិបតីបានបញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ការថែរក្សា និងការពារសុវត្ថិភាពកុមារ គឺជាកាតព្វកិច្ចដែលត្រូវការកិច្ចសហការជាពហុវិស័យ ដើម្បីរួមគ្នាដោះស្រាយបញ្ហារបស់កុមារ ដែលកំពុង ប្រឈមនឹងអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញ សេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាថែមទាំងអាចប៉ះពាល់ដល់អនាគតនៃសេដ្ឋកិច្ចនិងធនធានមនុស្ស នៅកម្ពុជាផងដែរ។ សម្ដេចធិបតីបានថ្លែងថា ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិស ដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះបញ្ហា ពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេច ឱ្យបាននូវគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព ២០១៥-២០៣០៕

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ

06/01/2026 10:06 AM        131
នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាទីតាំងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ អំឡុងពេលចុះសួរសុខទុក្ខ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសំណូមពរប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះក្រុមការងារដែលកំពុងពន្លឿនទាំងតភ្ជាប់អគ្គិសនី និងបណ្តាញទឹកស្អាតចូលតាមខ្នងមួយចំនួនដែលមិនទាន់រួចរាល់។ ក្នុងនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានជម្រាបពីផែនការគិតគូរជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋភៀសសឹក ក្រៅពីផ្ទះបណ្តោះអាសន្ន នឹងមានការផ្តល់ជាគម្រោងលើកកម្ពស់ជីវភាពតាមរយៈការធ្វើកសិកម្មជាដើម។ បន្ទាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តព្រះវិហារអំពីបច្ចុប្បន្នភាពការងារដែលសម្រេចបានរបស់អង្គភាព-ស្ថាប័ន សំដៅជំរុញ និងពន្លឿការងារដែលសេសសល់ឲ្យបានជោគជ័យ និងឆាប់រហ័ស។ ក្រៅពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ សូមបន្តចាត់តាំងឲ្យមានក្រុមការងារប្រចាំការនៅភូមិតាកឹងបៃតងនេះ ដើម្បីប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗជាដើម៕

តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams

06/01/2026 10:06 AM        364
ករណីសមត្ថកិច្ចខេត្តកំពត កាត់សៀលចូលលួចសម្ភារដែលជាភស្តុតាងបទល្មើសក្រោយបង្ក្រាប Scam Online នៅតំបន់ព្រំដែនព្រែកចាក ខេត្តកំពត ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចោទប្រកាន់ជាផ្លូវការនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​កំពត​បាន​កសាង​សំណុំ រឿងបញ្ជូនមកកាន់រាជធានីភ្នំពេញ។ ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពតបានឱ្យដឹងនៅយប់ថ្ងៃទី៣១ ខែ​ឧសភា​ ឆ្នាំ​២០២៦ថា សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង៣២នាក់រួមនឹងអ្នកទទួលផល៤នាក់ ត្រូវ​បាន​តំណាង​​អយ្យការ​អមសាលាដំបូងចោទប្រកាន់តាមរយៈ ដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទ ផ្តើម​គំនិត​ សមគំនិត ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និង​បទ​ទទួល​ផល​ចោរ​កម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។សូបជម្រាបថា កម្លាំងសមត្ថកិច្ចដែលឃាត់ខ្លួន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​នោះ​មាន​មន្ដ្រី​នគរបាល​ចំនួន​ ៣២​នាក់ មន្រ្តីអាវុធហត្ថចំនួន ១២នាក់ និងអ្នកទទួលផលចោរកម្មចំនួន ៤​នាក់​ទៀត​៕​ ប្រាក់ វ៉ាន់ដា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»
06/18/2026 05:06 PM
អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់
06/18/2026 05:06 PM
អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM
រដ្ឋបាលខេត្តកំពង់ស្ពឺ ដាក់កម្រងផ្ការំឭកគោរពខួបលើកទី៤៨ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
06/18/2026 05:06 PM
ប្រធានអាស៊ានហ្វីលីពីន អញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល
06/18/2026 05:06 PM
មន្ត្រីនិយាយថា អ៊ីស្រាអែលកំពុងចរចាជាមួយអាមេរិកអំពីការបន្តដាក់ពង្រាយកងទ័ពនៅលីបង់
06/18/2026 05:06 PM
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសួសុខទុក្ខ និងប្រទានអំណោយជូនចាស់ជរានៅខណ្ឌដង្កោ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ
06/18/2026 05:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ នាយករដ្ឋមន្ត្រីអ៊ីតាលីស្នើតែងតាំងបេសកជនតែម្នាក់សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី
06/18/2026 05:06 PM