ស្វែងរក

តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ

04/28/2026 10:04 AM        62
តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃអង្គារ ២៨មេសាសប្ដាហ៍នេះ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមអាមេរិក-អ៊ីរ៉ង់ហាក់ដូចជាជាប់គាំង ដោយផ្លូវទឹកដ៏សំខាន់នៃច្រកសមុទ្រហ័រមូស (Strait of Hormuz)នៅតែបិទ ដែលធ្វើឱ្យការផ្គត់ផ្គង់ថាមពលពីតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា មិនស្ថិតស្ថេរសម្រាប់អតិថិជនសកល។មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិក Donald Trump មិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ដែលមានគោលបំណងបញ្ចប់សង្គ្រាមនោះទេ។ ប្រភពព័ត៌មានអ៊ីរ៉ង់បានបង្ហាញកាលពីថ្ងៃចន្ទដែរថា សំណើរបស់ទីក្រុងតេអេរ៉ង់ បានជៀសវាងការដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រហូតដល់អរិភាពឈប់ ហើយជម្លោះដឹកជញ្ជូននៅឈូងសមុទ្រនឹងត្រូវបានដោះស្រាយ។  ការមិនពេញចិត្តរបស់លោក Trump ចំពោះការផ្តល់ជូនរបស់អ៊ីរ៉ង់ បានធ្វើឱ្យជម្លោះជាប់គាំង ដោយអ៊ីរ៉ង់បិទលំហូរដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាធម្មតាដឹកជញ្ជូនស្មើនឹងប្រហែល២០% នៃការប្រើប្រាស់ប្រេង និងឧស្ម័នសកល ហើយសហរដ្ឋអាមេរិកនៅតែបិទច្រកកំពង់ផែអ៊ីរ៉ង់។ តម្លៃប្រេងឆៅ Brent សម្រាប់ខែមិថុនាបានកើនឡើង ៤៥ សេន ឬ ០,៤% ដល់ ១០៨,៦៨ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ០០:៥១នាទីម៉ោងសកល បន្ទាប់ពីបានកើនឡើង ២,៨% នៅក្នុងវគ្គមុន ដល់កម្រិតខ្ពស់បំផុតក្នុងពេលបិទការជួញដូរចាប់តាំងពីថ្ងៃទី ៧ ខែមេសា។ តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក ដែរ សម្រាប់ខែមិថុនាបានកើនឡើង ៥៨ សេន ឬ ០,៦% ដល់ ៩៦,៩៦ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ២,១% នៅក្នុងវគ្គជួញដូរមុន៕

កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ

04/28/2026 10:04 AM        124
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៦នេះ បាន​រៀប​ចំ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភព​លោក ​ឆ្នាំ២០២៦ ក្រោមមូលបទ៖« កម្មសិទ្ធិបញ្ញា និងកីឡា ការត្រៀមរួចរាល់ ការកំណត់ និ​ង​ច្នៃ​ប្រ​ឌិត» ក្រោមអធិបតីភាព លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំង អញ្ជើញ​ចូល​រួម​ពី​ភារធារីស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធាននាយកដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​សម្រាប់​ធុរកិច្ច ផ្នែកប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, និង​តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ ប្រចាំកម្ពុជា និ​ង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត៕

ប្រមុខការទូតកម្ពុជានិងថៃពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន ទាំងវិធានការកសាងទំនុកចិត្តនានា

04/28/2026 09:04 AM        216
ភ្នំពេញ៖នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ដែលចងភ្ជាប់យើង។

អ៊ីរ៉ង់ថ្លឹងថ្លែងការចរចាជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ពិនិត្យឡើងវិញលើសំណើថ្មីរបស់ទីក្រុងតេអេរ៉ង់

04/28/2026 09:04 AM        50
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហោះនៅលើបណ្ដាញ Telegram កាលពីថ្ងៃចន្ទ២៧មេសាសប្ដាហ៍នេះថា អ៊ីរ៉ង់កំពុងពិចារណាសំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការចរចា។  លោក Araghchi បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទថា ទម្លាប់បំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក ជាពិសេសការទទូចលើការទាមទារមិនសមហេតុផល ការផ្លាស់ប្តូរជំហរជាញឹកញាប់ ការគំរាមកំហែងដោយវោហារសាស្ត្រ និងការរំលោភលើការសន្យាជាបន្តបន្ទាប់ គឺជាកត្តាដែលធ្វើឱ្យវឌ្ឍនភាពការទូតយឺតយ៉ាវ។  លោក Trump និងក្រុមសន្តិសុខជាតិរបស់លោកកំពុងវាយតម្លៃសំណើសន្តិភាពរបស់អ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈក៏ពន្យារពេលការពិភាក្សាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនផងដែរ។ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈតម្លៃប្រេងបានកើនឡើងម្តងទៀត។លោកបានថ្លែងនៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីសុវត្ថិភាព និងការការពារផ្លូវទឹកនៅក្នុងដែនសមុទ្រថា សិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍តាមរយៈច្រកសមុទ្រ Hormuz ត្រូវតែគោរព ។ គោលការណ៍ទាំងនេះត្រូវតែត្រូវបានគាំទ្រយ៉ាងពេញលេញ និងដោយគ្មានការពន្យារពេល។លោកGuterres បានថ្លែងថា រូបលោកសូមអំពាវនាវដល់ភាគីនានា សូមបើកច្រកសមុទ្រ អនុញ្ញាតឱ្យនាវាឆ្លងកាត់ គ្មានការរំខាន គ្មានការរើសអើង អនុញ្ញាតឱ្យពាណិជ្ជកម្មបន្តឡើងវិញ អនុញ្ញាតឱ្យសេដ្ឋកិច្ចពិភពលោកដកដង្ហើមបានស្រួល៕

សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ

04/28/2026 09:04 AM        397
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និង​ការ​ចុះ​បញ្ជី​ម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និងបរទេសចំនួន ៧៨ ខណៈការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិ​សាស្ត្រ​ទំនិញ​ និងម៉ាកសមូហភាពនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិកាន់តែច្រើនពង្រឹងភាពប្រកួតប្រជែង និងជាផ្នែក​មួយ​នៃ​គោល​ដៅ​ទេសចរណ៍​ផង​ដែរ​។នេះ​បើ​តាមការបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាម​រយៈ​សារ​លិខិត អបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ «កម្ម​សិទ្ធិ​បញ្ញា ​និងកីឡា» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតីបានថ្លែងថា ក្រោមកិច្ចខិតខំ​ប្រឹង​ប្រែងរ​បស់​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​កម្ម​សិទ្ធិ​បញ្ញា ​សមិទ្ធផលកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនដែលសម្រេចបានក្នុង ឆ្នាំ២០២៥ មានជាអាទិ៍ ការ​ទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ និងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកម្ពុជា និង​បរទេសចំនួន ៧៨ ប្រកាសនីយបត្រតក្កកម្មចំនួន ១១៣ គំនូរឧស្សាហកម្មចំនួន ២៩១ និង​ស្នាដៃ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចំនួន១៤៦។ លទ្ធផលការងារសំខាន់ៗទាំងនេះ អាច​ចាត់ទុកជាសូចនាករ វាយតម្លៃមួយដែលឆ្លុះបញ្ចាំងឱ្យឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើក និង​ការរួមចំណែករបស់វិស័យឯកជនក្នុង ការអភិវឌ្ឍនិងកែច្នៃផលិតផល និង​ការ​បង្កើត​បច្ចេក​វិទ្យា​ថ្មី​ផង​ដែរ។ បន្ថែមពីនេះ​សម្រាប់កិច្ចការលើកកម្ពស់ ផលិតផលសក្តានុពលក្នុងស្រុក រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​ពាណិជ្ជ​កម្ម​ជាសេនាធិការបានជំរុញការប្រើប្រាស់ កម្មសិទ្ធិបញ្ញា ដើម្បីកសាង​កេរ្តិ៍​ឈ្មោះ​ផលិត​ផល​កម្ពុជា ជាពិសេសបានចូលរួមលើកកម្ពស់ទំនិញកសិផល ទំនិញកសិចំណីអាហារ និង​ទំនិញសិប្បកម្មកម្ពុជា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន : (១) ម្រេច​កំពត ​(២) ស្ករត្នោតកំពង់ស្ពឺ (៣) ទឹកឃ្មុំព្រៃមណ្ឌលគិរី (៤) ក្រូចថ្លុងកោះទ្រង់ (៥) ទឹក​ត្រី​កំពត​កែប (៦) អំបិលកំពតកែប (៧) បង្កងតាកែវ (៨) ប្រហុកសៀមរាប (៩) ស្វាយ​ចន្ទី​កំព​ង់​ធំ ​(១០) ស្វាយឧត្តរមានជ័យ (១១) ក្តាមថ្មកោះកុង និង (១២) សូត្រមាសភ្នំស្រុក។ ដោយ​ឡែក ម៉ាកសមូហភាពកម្ពុជា រួមមាន៖ (១) គុយទាវភ្នំពេញ (២) អង្ករព្រះវិហារ (៣) អំបុក​កំពង់ធំ (៤) អង្ករក្រអូប SKO (៥) អង្ករដំណើប DSMK (៦) នំបញ្ចុកសៀមរាប (៧) ក្រូចថ្លុងកោះពីរ (៨)ដូងខ្ទិះបាត់ដំបង (៩) ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (១០) ​ថ្នាំ​ជក់​កម្ពុជា ​និង (១១) សំបុកត្រចៀកកាំកម្ពុជា។ សម្រាប់​ម៉ាក​វិញ្ញាតកម្មវិញ ម្លិះអង្គរ (Malys Angkor) ក៏ជាម៉ាកសម្គាល់ផលិតផល ដែល​មាន​កេរ្តិ៍​ឈ្មោះល្បីល្បាញ ហើយផ្សារភ្ជាប់ទៅនឹងកត្តាភូមិសាស្ត្រ និងចំណេះ​ដឹង​បែប​ប្រពៃណី​ព្រម​ទាំង​ជំនាញ​នៃការផលិតផងដែរ។ ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសមិទ្ធផលដ៏សំខាន់ ដែល​កើត​ចេញ​ពី​ការខិតខំរួមគ្នា ក្នុងការបង្កើត ចងក្រង អភិរក្ស ថែរក្សា អភិវឌ្ឍផលិត​ផល​ក្នុង​ស្រុក​ឱ្យ​មាន​តម្លៃ​បន្ថែមខ្ពស់ និងចូលរួមផ្សព្វផ្សាយពី វប្បធម៌របស់ខ្មែរយើង។ សម្ដេចធិបតីបានថ្លែងថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាក​សមូ​ហភាព​នឹង​ជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិ​កាន់​តែច្រើន​ពង្រឹង​ភាព​ប្រកួតប្រជែង និងជាផ្នែកមួយនៃគោលដៅទេសចរណ៍ផងដែរ»។សម្ដេចនាយករដ្ឋមន្រ្ដីបានបន្តថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ បានរំលេចពី​អត្ថ​ប្រយោជន៍​នៃ​ការលើកកម្ពស់កម្មសិទ្ធិបញ្ញា មិនត្រឹមតែនៅក្នុងវិស័យកីឡានោះទេ ប៉ុន្តែ​ក៏​បាន​បង្ហាញ​អំពី​សារៈសំខាន់នៅក្នុងការជំរុញអ្នកវិនិយោគឱ្យបណ្តាក់ទុន ក្នុងផ្នែកស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ដើម្បីចូលរួមធានាលើការផ្ទេរ និងការអភិវឌ្ឍបច្ចេកវិទ្យា និងផលិត​ផល​ដែល​ជា​កត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងវប្បធម៌ ជាពិសេសជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃកំណើនសេដ្ឋកិច្ច៕

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»

04/28/2026 09:04 AM        78
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០»។គោលបំណង នៃអង្គសិក្ខាសាលា ដើម្បីធ្វើឱ្យមានសុពលភាព និងការប្រមាណតម្លៃលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦ - ២០៣០។សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើង សម្រាប់បង្ហាញពីចំណុចសំខាន់ៗ រួមមាន៖១) បង្ហាញសេចក្តីពង្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០។ ២) ដើម្បីធ្វើឱ្យមានសុពលភាពលើអាទិភាពយុទ្ធសាស្ត្រ គោលដៅ និងអន្តរាគមន៍សំខាន់ៗ ដែលបានស្នើឡើង និងប្រមូលមតិអ្នកពាក់ព័ន្ធ ដើម្បីពង្រឹង និងបង្កើតការឯកភាពគ្នាសម្រាប់ផែនការយុទ្ធសាស្ត្រ។៣) ដើម្បីអនុវត្តវិធីសាស្រ្តប្រមាណតម្លៃចំពោះអន្តរាគមន៍ផែនការយុទ្ធសាស្រ្ត ប៉ាន់ប្រមាណធនធានដែលត្រូវការ សម្រាប់គាំទ្រការអនុវត្តផែនការ។ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ផែនការយុទ្ធសាស្ត្រថ្មីនេះ ឆ្លើយតបនឹងគោលដៅជាតិ ក៏ដូចជាគោលដៅសកល ក្នុងការសម្រេចទិសដៅ ៩៥ ៩៥ ៩៥ និងបញ្ចប់ការគម្រាមកំហែងនៃជំងឺអេដស៍ចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០៣០ ហើយធានាថាសកម្មភាពអាទិភាពទាំងនេះ អាចយកទៅអនុវត្តន៍បាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និងនិរន្តរភាព និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជារិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករង បច្ចេកទេសសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល MoH-LIT ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានកម្មវិធីអេដស៍និងកាមរោគរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍ ព្រមទាំងមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សរុបចំនួន ១២១រូប និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ចំនួន ៦០រូប។

ឧត្តមមន្រ្តីអាស៊ានកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប

04/28/2026 09:04 AM        107
ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។ កិច្ចប្រជុំបានពិនិត្យការត្រៀមរៀបចំ ដើម្បីធានាឱ្យកិច្ចប្រជុំ AEMM លើកទី២៥ ប្រព្រឹត្តទៅដោយរលូន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការបញ្ចប់សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលជាឯកសារលទ្ធផលដ៏សំខាន់សម្រាប់អនុម័តនៅក្នុងកិច្ចប្រជុំនេះ។

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា អញ្ជើញ​ធ្វើទស្សនកិច្ច​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់

04/28/2026 09:04 AM        141
នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ក្រសួងការពារជាតិ នៃ​ព្រះ​រា​ជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចជូន ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ នេះបើតាមលោក​ជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និង​មាន​ការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ​ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេច​ឱ្យ​បាន​នូវ​ដំណោះ​ស្រាយ​មួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ​សម្រាប់​ប្រជាជន​នៃ​ប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

ក្រសួងទេសចរណ៍ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការនិមន្តមកដល់ប្រតិភូព្រះសង្ឃពីវត្តសៅលីងចំនួន ១៦ អង្គ ដើម្បីចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះកម្ពុជា-ចិន» លើទឹកដីអង្គរ

04/28/2026 09:04 AM        82
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ចពោរពេញដោយភាពកក់ក្តៅបំផុតជូនដល់ប្រតិភូព្រះសង្ឃវត្តសៅលីងចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយៈកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។បើតាមកក្រសួងទេសចរណ៍បានឱ្យដឹងថាព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន៖ កុងហ្វូសៅលីង (Shaolin Kung Fu) និងថៃជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១,០០០នាក់៕

[UPDATE] ជនសង្ស័យបាញ់ប្រហារនៅពិធីទទួលទានអាហារពេលល្ងាចនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានចោទប្រកាន់ពីបទព្យាយាមធ្វើឃាតលោក Trump

04/28/2026 08:04 AM        74
បុរសដែលត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារនៅឯពិធីទទួលទានអាហារពេលល្ងាចនៅទីក្រុងវ៉ាស៊ីនតោន ចូលរួមដោយលោក Donald Trump ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ២៧ មេសា សប្ដាហ៍នេះពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានផ្តន្ទាទោស។ លោក Cole Tomas Allen អាយុ៣១ឆ្នាំ បានស្លៀកសម្លៀកបំពាក់អ្នកទោសដោយពាក់អាវពណ៌ខៀវ វាលករាងអក្ស V នឹងស្លៀកខោពណ៌ខៀវ នៅក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន ពីរថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងរូបនេះ បានបើកការវាយប្រហារមិនជោគជ័យនៅឯពិធីអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ជាការជួបជុំប្រចាំឆ្នាំរបស់អ្នកកាសែត និងអ្នកនយោបាយដែលមានក្រវ៉ាត់កពណ៌ខ្មៅ។ ដៃរបស់គេត្រូវបានដាក់ខ្នោះពាត់ទៅក្រោយនៅពេលរូបគេត្រូវបាននាំចូល និងចេញពីបន្ទប់សវនាការ។រដ្ឋអាជ្ញាលោកស្រី Jocelyn Ballantine បាននិយាយថា ជនសង្ស័យបានព្យាយាមធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald J Trump។រដ្ឋអាជ្ញាស្តីទី លោក Todd Blanche បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសវនាការថា ក្រុមអ្នកស៊ើបអង្កេតជឿថាជនល្មើស Allen បានកំណត់គោលដៅលើលោក Trump មួយផ្នែកដោយសារតែរូបគេហាក់ដូចជាសំដៅទៅលើប្រធានាធិបតីថាជា "ជនក្បត់ជាតិ" និងពាក្យប្រៀបធៀបផ្សេងទៀតនៅក្នុងសារអេឡិចត្រូនិកដែលរូបគេបានផ្ញើទៅសាច់ញាតិនៅយប់កើតហេតុការណ៍នោះ។ហេតុការណ៍នេះគឺជាអំពើហិង្សានយោបាយចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិក។ សកម្មជននយោបាយអភិរក្សនិយម លោក Charlie Kirk ត្រូវបានបាញ់សម្លាប់នៅក្នុងការជួបជុំមួយកាលពីខែកញ្ញាឆ្នាំមុន ជាច្រើនខែបន្ទាប់ពីសមាជិកសភារដ្ឋ Minnesota មកពីគណបក្សប្រជាធិបតេយ្យ និងស្វាមីរបស់លោកស្រីត្រូវបានសម្លាប់។ លោក Trump ផ្ទាល់គឺជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតពីរលើកក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM