សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
សហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) បានពង្រីកវិធានការដាក់ទណ្ឌកម្មរបស់ខ្លួន ប្រឆាំងនឹងមីយ៉ាន់ម៉ា រហូតដល់យ៉ាងហោចណាស់ខែឧសភា ឆ្នាំ២០២៧ ដែលជាកិច្ចប្រឹងប្រែង ដើម្បីបន្តសម្ពាធ លើថ្នាក់ដឹកនាំយោធារបស់ប្រទេសនេះ ជាង ៥ឆ្នាំបន្ទាប់ពីរដ្ឋប្រហាររបស់ពួកគេ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត។វិធានការទាំងនេះ រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងទណ្ឌកម្មលើអាវុធ ចំពោះបុគ្គលចំនួន ១០៥នាក់ និងអង្គភាពចំនួន ២២។ វិធានការទាំងនេះត្រូវបានដាក់ចេញជាលើកដំបូង បន្ទាប់ពីមានរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់លើអ្នកប្រឆាំង។ដោយលើកឡើងពីអ្វីដែលខ្លួនបានពិពណ៌នាថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការរឹតបន្តឹងយ៉ាងទូលំទូលាយ លើសេរីភាពជាមូលដ្ឋាន ក្រុមប្រឹក្សា EU បានឲ្យដឹងថា៖ «EU សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពដែលបានធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១»។ជាមួយគ្នានេះដែរ ប្លុកនេះ បានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាទាំងអស់ និងដោះលែងមនុស្សដែលត្រូវបានឃុំខ្លួនដោយគ្មានដំណើរការផ្លូវច្បាប់។ កាលពីដើមខែមេសា មេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ា បន្ទាប់ពីមានការបោះឆ្នោតដែលត្រូវបានរដ្ឋាភិបាលលោកខាងលិចថ្កោលទោសថា ជារៀបចំក្លែងបន្លំ ដើម្បីបន្តការគ្រប់គ្រងរបស់យោធា៕