ស្វែងរក

រត់ពាក់ម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ រៀបចំកាន់តែអធិកអធម ខណៈ NOCC អំពាវនាវឲ្យប្រជាពលរដ្ឋចុះឈ្មោះឲ្យបានរួសរាន់

04/29/2026 11:04 AM        105
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិថុនាខាងមុខ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានច្រើនកុះករ ដ្បិតការរៀបចំឆ្នាំនេះ នឹងកាន់តែអធិកអធម ជាមួយកម្មវិធីអមពិសេសៗជាច្រើន ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែមេសាកន្លងទៅ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះ គឺជាឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។ ដូច្នេះគណៈកម្មការបានត្រៀមរៀបចំកម្មវិធីសំខាន់ៗ ព្រមទាំងចម្រៀងថ្វាយព្រះពរ និងសកម្មភាពពិសេសៗជាច្រើន ដើម្បីអបអរសាទរ និងថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ពោលគឺការរៀបចំធំជាង និងអធិកអធមជាងឆ្នាំសព្វដង ដែលឯកឧត្តមសង្ឃឹមនឹងទាក់ទាញ់ការចូលរួមកាន់តែច្រើនក្រៅពីគោលបំណងដ៏សំខាន់ប្រចាំឆ្នាំនេះ តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ ក៏នឹងរក្សានូវគោលបំណងធំៗមួយចំនួនទៀត ដូចជាការធ្វើកម្មវិធីសប្បុរសធម៌ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឆ្នាំនេះ គណៈកម្មការត្រៀមទឹកប្រាក់ប្រមាណ ៥ពាន់ដុល្លារសម្រាប់ជួយដល់មន្ទីរពេទ្យកុមារនេះ ព្រមទាំងគោលដៅផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ ទៅក្រៅប្រទេស ក៏ដូចជាជំរុញការលេងកីឡា ដើម្បីសុខភាព និងផ្ដល់ឱកាស ក៏ដូចជាបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ តាមរយៈការរត់ចម្ងាយ ពិសេសវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រតែម្ដង។ឯកឧត្តមបញ្ជាក់ថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះជាង ៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ១ពាន់នាក់ ប៉ុន្ដែឆ្នាំនេះ គណៈកម្មការបានប្ដេជ្ញាជំរុញឲ្យមានការចូលរួមចន្លោះពី ៥ពាន់ ទៅ ៦ពាន់នាក់ ដើម្បីអបអរសារទរឆ្នាំពិសេស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ តាមរយៈនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះឲ្យបានលឿន ដើម្បីគណៈកម្មការងាយស្រួលរៀបចំសម្ភារៈជូន ក៏ដូចជាដើម្បីចូលរួមផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះរាជធានីភ្នំពេញ តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំនេះផងដែរ។ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ឆ្នាំនេះ មានការផ្លាស់ប្ដូរតម្រាយផ្លូវមួយចំនួន ពិសេសតម្រាយផ្លូវរត់ ២១គីឡូម៉ែត្រ ដោយរក្សាការចេញដំណើរនៅសួនច្បារវត្តបទុមវតី ទៅដល់ស្ពានជ្រោយចង្វារ ត្រូវបត់ស្ដាំរត់តាមមាត់ទន្លេ ផ្ទុយពីឆ្នាំមុនៗ ដែលត្រូវរត់ឆ្លងកាត់ស្ពានជ្រោយចង្វារ និងសណ្ឋាគារសុខា ទើបត្រឡប់មកវិញ តែដោយសារមានការកក់ស្ទះចរាចរណ៍ ទើបគណៈកម្មការរៀបចំ សហការជាមួយគណៈកម្មការម៉ារ៉ាតុងពិភពលោក រៀបចំវាស់វែងតម្រាយផ្លូវរត់ឡើងវិញ។បន្ទាប់ពីរត់តាមមាត់ទន្លេ កាត់មុខព្រះបរមរាជវាំង រហូតដល់រង្វង់មូលសម្ដេចសង្ឃរាជ ជួន ណាត  ទើបបត់ឆ្វេង ដល់គល់ស្ពានទី១ ឬស្ពាននាគ ហើយបត់ឆ្វេង តាមណ្ដោយផ្លូវមាត់ស្ទឹង រហូតដល់ស្ពានទីឥន្ធនូ ត្រូវរត់ឆ្លងចូលកោះពេជ្រ ហើយបន្ដរត់ឆ្លងស្ពានទៅកោះនរា រហូតដល់ចុងកោះ ទើបត្រឡប់មកវិញ និងបញ្ចប់នៅសួនច្បារវត្តបទុមវតីតែម្ដង។ក្រៅពីវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ក៏នឹងមានវិញ្ញសារត់ចម្ងាយ ១០គីឡូម៉ែត្រ ដែលទទួលស្គាល់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក និងសហព័ន្ធអត្តពលកម្មអន្ដរជាតិ ព្រមទាំងវិញ្ញាសារត់កម្សាន្ដ Fun Run ចម្ងាយ ៥គីឡូម៉ែត្រ និង ២.៥គីឡូម៉ែត្រផងដែរ៕ អត្ថបទ លី ឈុនឡា

ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយអនុវត្តចាប់ពីថ្ងៃទី២៩ ខែមេសានេះតទៅបានហក់ឡើងបន្តិចវិញក្រោយធ្លាក់ចុះបានមួយរយៈ

04/29/2026 11:04 AM        132
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានជូនដំណឹងជាថ្មីចំពោះថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះតទៅ គឺបានហក់ឡើងបន្តិចវិញក្រោយធ្លាក់ចុះបានមួយរយៈក្នុងនោះ ប្រេងសាំងត្រូវលក់ ៥ ១៥០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៥ ៦៥០រៀល/លីត្រ។ក្រសួងពាណិជ្ជកម្មបានឱ្យថា យោងប្រកាសអន្តរក្រសួងចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា, យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា និងយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ រាជរដ្ឋាភិបាលបាន បន្តបញ្ចុះចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និង បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រៅពីនេះរាជរដ្ឋាភិបាលបន្តបញ្ចុះពន្ធគយ ០ (សូន្យ) ដុល្លារ និង ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅ ទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេច បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% នឹងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត។ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា៖«ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្ត ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ១៥០រៀលលីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥៦៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕

គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតគ្នា ៩ គ្រាប់ចុងក្រោយ PSG ឈ្នះ Bayern Munich ៥-៤ ជើងទីមួយ

04/29/2026 10:04 AM        124
ជំនួបក្រុមខ្លាំងទាំងពីរ Paris Saint Germain ទទួល Bayern Munich នៅទីក្រុងប៉ារីសបានក្លាយជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងរយៈពេល ៦៦។គ្រាប់បាល់ហូរដូចទឹកភ្លៀងស៊ុតបញ្ចូលទី ៩ គ្រាប់ចុងក្រោយ PSG យកឈ្នះ ៥-៤ លើ Bayern Munich ជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានគ្រាប់បាល់ច្រើនបំផុតរាប់តាំងពីរដូវកាល ១៩៥៩-៦០ នៅពេល Eintracht Frankfurt យកឈ្នះ Rangers ៦-៣ នៅក្របខណ្ឌ European Cup ដែលបច្ចុប្បន្នជា UEFA Champions League។ក្នុងវគ្គទីមួយមានគ្រាប់បាល់កើតឡើងសរុប ៥ គ្រាប់ក្នុងនោះ Harry Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមុនគេនាំមុខឱ្យ Bayern Munich នៅនាទីទី ១៧ មុនពេលដែល PSG វាយបកពីរគ្រាប់វិញដោយ Khvicha Kvaratskhelia និង Joao Neves តែតបញ្ចូលទីពីបាល់ជ្រុង។ Michael Olise ស៊ុតតាមស្មើឱ្យ Bayern Munich វិញនាទីទី ៤០ តែចុងវគ្គទីមួយ Ousmane Dembele ស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខជាថ្មីឱ្យ PSG បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ Alphonso Davies។ បន្ទាប់ពី ៤៥ នាទីដំបូងទស្សនាការប្រកួតដែលមិនជិនណាយ ៤៥ នាទីវគ្គទីពីរក៏ជាការប្រកួតអស្ចារ្យថែមទៀតនៅពេលក្រុមទាំងពីរបន្តស៊ុតបញ្ចូលទីគ្នា ៤ គ្រាប់បន្ថែមទៀត។ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមបានល្អជាងវគ្គទីមួយនៅពេល Kvaratskhelia រកបានគ្រាប់ទីពីររបស់ខ្លួន មុនពេលដែល Ousmane Dembele ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៥៦ និង ៥៩ មានន័យថា PSG នាំមុខ ៥-២។ បើសិនជាការ ៥-២ នេះរក្សាដល់ចប់ការប្រកួត Bayern Munich នឹងត្រូវធ្វើការធ្ងន់នៅជើងទីពីរ តែក្រុមជើងឯក អាល្លឺម៉ង់ថ្មីៗមួយនេះបានសម្រាលការងាររបស់ខ្លួនវិញនៅពេលខ្សែការពារ Upamecano តែតបញ្ចូលទីតាមពីក្រោយ ៥-៣ មុនពេលដែល Luis Diaz ស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយនៃការប្រកួត។ ចប់ការប្រកួត PSG យកឈ្នះ Bayern Munich ៥-៤ កាន់គ្រាប់ចំណេញត្រឹមមួយគ្រាប់មុនត្រលប់ទៅជើងទីពីរ ទឹកដីអាល្លឺម៉ង់វិញសប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ

១០ថ្ងៃក្រោយចូលឆ្នាំគ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង៣០នាក់ ខណៈគ្រោះអគ្គិភ័យបំផ្លាញផ្ទះជិត២០ខ្នង

04/29/2026 10:04 AM        118
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង១០ថ្ងៃហើយ ប៉ុន្តែដូចគ្រប់គ្នាយល់ដឹងជាទូទៅគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ពិសេសប្រសិនបើមានការធ្វេសប្រហែសណាមួយពីសំណាក់អ្នកពាក់ព័ន្ធ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយបញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់បាត់បង់ជីវិត និង៨៣នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់ទាំងនេះកើតមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពត កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។ ងាកទៅគ្រោះអគ្គិភ័យវិញក្នុងពេលដូចគ្នានេះ បានកើតឡើង៣០ករណី និងបណ្ដាលឱ្យផ្ទះសំបែងប្រជាពលរដ្ឋខូចខាត១៩ខ្នងនៅរាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កោះកុង ឧត្តរមានជ័យ ក្រចេះកំពង់ចាម និងខេត្តស្វាយរៀង។ ការខូចខាតផ្សេងទៀតរួមមាន រថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង កុដិ១ សាលាឆាន់១ រោងស្នាក់នៅ១ រោងកម្មករ៥ខ្នង រោងដាក់ចំបើង៣កន្លែង យានដ្ឋាន១កន្លែង រោងស្តុកប្រេង១កន្លែង រោងស្តុកសម្ភារ១កន្លែង ឃ្លាំង២កន្លែង គំនរក្រដាស១កន្លែង ចំការប្រេងខ្យល់១កន្លែង ព្រៃ៣កន្លែង និងសាលារៀន៣បន្ទប់៕

តម្លៃប្រេងបន្តកើនឡើងព្រោះរបាយការណ៍ថា អាមេរិកនឹងបន្តបិទកំពង់ផែអ៊ីរ៉ង់ ដែលអូសបន្លាយការរំខានការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា

04/29/2026 10:04 AM        82
តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ ២៩មេសានេះ ដោយបន្តការកើនឡើងជាច្រើនថ្ងៃ ព្រោះតែរបាយការណ៍ថា សហរដ្ឋអាមេរិក នឹងបន្តបិទផ្លូវកំពង់ផែអ៊ីរ៉ង់ ដែលទំនងជាអូសបន្លាយការរំខានដល់ការផ្គត់ផ្គង់ពីតំបន់ផលិតប្រេងសំខាន់ៗនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីយប់ថ្ងៃអង្គារ២៨មេសាសប្ដាហ៍នេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា ប្រធានាធិបតីអាមេរិក Donald Trump បានណែនាំក្រុមមន្ត្រីឱ្យត្រៀមបិទផ្លូវទឹកអ៊ីរ៉ង់រយៈពេលយូរ។  របាយការណ៍នេះបាននិយាយថា លោក Trump នឹងជ្រើសរើសបន្តរឹតកសេដ្ឋកិច្ច និងការនាំចេញប្រេងរបស់អ៊ីរ៉ង់ ដោយរារាំងការដឹកជញ្ជូនទៅ និងមកពីកំពង់ផែរបស់ខ្លួន។ តម្លៃប្រេង Brent សម្រាប់ខែមិថុនាបានកើនឡើង៥២សេន ឬ ០,៧ % ដល់១១១,៧៨ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង១និង៥៤នាទីម៉ោងសកល ដែលកើនឡើងសម្រាប់ថ្ងៃទីប្រាំបី។ កិច្ចសន្យាខែមិថុនានឹងផុតកំណត់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយកិច្ចសន្យាខែកក្កដា ដែលសកម្មជាងនេះ គឺក្នុងតម្លៃ១០៤,៨៤ដុល្លារ ក្នុងមួយបារ៉ែល កើនឡើង០,៤%។  តម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក សម្រាប់ខែមិថុនា បានកើនឡើង៥៧សេន ឬ ០,៥៧% ដល់១០០,៥០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៣,៧% ក្នុងវគ្គជួញដូរមុន ដោយកើនឡើងរយៈពេលប្រាំពីរថ្ងៃក្នុងចំណោមប្រាំបីថ្ងៃចុងក្រោយ។លោក Yang An អ្នកវិភាគនៅក្រុមហ៊ុនផ្សារហ៊ុនអន្តរជាតិ Haitong Futuresរបស់ចិន បាននិយាយថា ការកើនឡើងនៃតម្លៃប្រេងថ្មីៗនេះ ត្រូវបានជំរុញដោយការបិទច្រកសមុទ្រ។ ប្រសិនបើលោក Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកការបិទផ្លូវទឹក ការរំខានដល់ការផ្គត់ផ្គង់នឹងកាន់តែធ្ងន់ធ្ងរ ហើយបន្តរុញឱ្យតម្លៃប្រេងកើនឡើងខ្ពស់៕

អ្នកនាំពាក្យយោធាអ៊ីរ៉ង់និយាយថា កុំទាន់គិតថាសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល ចប់

04/29/2026 10:04 AM        72
កងទ័ពអ៊ីរ៉ង់បានអះអាងថា ជម្លោះនៅអាស៊ីខាងលិចមួយនេះ «នៅតែត្រូវបានចាត់ទុកថាជាសង្គ្រាម» ទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយសហរដ្ឋអាមេរិកក៏ដោយ ដោយអះអាងពីការគ្រប់គ្រងប្រតិបត្តិការពេញលេញលើច្រកសមុទ្រ Hormuz ដ៏សំខាន់ជាយុទ្ធសាស្ត្រតាមរយៈការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដោយមានការសម្របសម្រួល ហើយកុំទាន់គិតថាសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលចប់។យោងតាមប្រព័ន្ធផ្សាព្វរដ្ឋរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIB) អ្នកនាំពាក្យកងទ័ព លោក Amir Akraminia បាននិយាយថា ស្ថានភាពនៅតែសកម្មពីទស្សនៈយោធា។ ស្ថានភាពនៅតែត្រូវបានចាត់ទុកថាជាសង្គ្រាម ហើយឃ្លាំងនៃគោលបំណង និងឧបករណ៍សម្រាប់កងកម្លាំង ត្រូវបានធ្វើបច្ចុប្បន្នភាព ដោយបង្ហាញពីការត្រៀមខ្លួន និងផែនការប្រតិបត្តិការជាបន្តបន្ទាប់។លោកបានបញ្ជាក់ថា ច្រកសមុទ្រ Hormuz ស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នារបស់កងកម្លាំងយោធាអ៊ីរ៉ង់ ដោយផ្នែកខាងលិចត្រូវបានគ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) និងផ្នែកខាងកើតត្រូវបានឃ្លាំមើលដោយកងទ័ពធម្មតា។ ផ្លូវទឹកនេះគឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលធ្វើឱ្យការគ្រប់គ្រងរបស់ខ្លួនក្លាយជាចំណុចកណ្តាលនៃសក្ដានុពលសន្តិសុខក្នុងតំបន់។លោក Akraminia បានអះអាងបន្ថែមទៀតថា ទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតក៏ដោយ ក៏សត្រូវមិនបានបើកការឈ្លានពានលើដីគោកឡើយ។ លោកថា សត្រូវមិនហ៊ានវាយប្រហារអ៊ីរ៉ង់ដោយថ្មើរជើងទេ ដោយសារការត្រៀមខ្លួនខ្ពស់ របស់កងកម្លាំងជើងគោកអ៊ីរ៉ង់ និងប្រតិបត្តិការសម្របសម្រួលជាមួយឆ្មាំបដិវត្តន៍អ៊ីស្លាម។លោកបានបន្ថែមថា កងកម្លាំងអ៊ីរ៉ង់បានរំពឹងទុកពីការកើនឡើងផ្នែកយោធាដែលអាចកើតមានដោយផ្អែកលើការវាយតម្លៃចារកម្ម ហើយបានដាក់ពង្រាយអង្គភាពនានានៅទូទាំងប្រទេសជាមុន។ លោកបានកត់សម្គាល់ថាអង្គភាពទាំងអស់បានត្រៀមខ្លួនពេញលេញ កងកម្លាំងជើងគោកត្រូវបានដាក់ពង្រាយនៅតាមតំបន់ផ្សេងៗទូទាំងប្រទេស ត្រៀមខ្លួនប្រឈមនឹងការគំរាមកំហែងណាមួយ។ការអត្ថាធិប្បាយនេះកើតឡើងក្នុងពេលមានបទឈប់បាញ់ដ៏ផុយស្រួយមួយក្នុងជម្លោះដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨កុម្ភៈ២០២៦ និងបានមើលឃើញបទឈប់បាញ់មួយត្រូវបានប្រកាសកាលពីថ្ងៃ៧ ខែមេសា ២០២៦នេះ៕

បី​រដូវកាល​ជាប់​គ្នា បឹងកេតជួបព្រះខ័នរាជ ​​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន​រង្វាន់​សម្ដេចតេជោ, ២លើកព្រះខ័នរាជឡើងវគ្គផ្ដាច់ព្រ័ត្រ ចុះលើកនេះ?​

04/29/2026 10:04 AM        125
ក្លឹបបាល់ទាត់បឹងកេត និងព្រះខ័នរាជស្វាយរៀង ពិតជាមិនព្រាត់គ្នាមែន។ បី​រដូវកាល​ជាប់​គ្នា​ដែល​ក្លឹប​ទាំង​ពីរត្រូវជួបគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ការប្រកួតបាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន។ នេះជាឆ្នាំទី៣ ដែល​ក្រុមទាំងពីរជួបគ្នា ចាប់តាំងពីរដូវកាល ២០២៣-២០២៤មក។រដូវកាល​២០២៣-២០២៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ឈ្នះបឹងកេត ៤​ទល់​នឹង៣ ក្នុងនោះជើងទី១ ឈ្នះ៣ទល់នឹង១ និងជើងទី២ចាញ់ ១ទល់នឹង២។ ហើយ​ព្រះខ័ន​រាជ​ស្វាយ​រៀងឡើងវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះភ្នំពេញក្រោន១ទល់នឹង០ ដណ្ដើមបាន​ពាន​រង្វាន់​សម្តេច​តេជោ​ជា​លើកទី៥ក្នុងប្រវត្តិសាស្ត្រ។រដូវកាល២០២៤-២០២៥ វគ្គដូចគ្នានេះដែរ ក្រុមទាំងពីរកាន់តែតានតឹង តែយ៉ាង​ណា​ព្រះខ័ន​រាជ​ស្វាយ​រៀង​នៅតែធ្វើបានល្អ និងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយឈ្នះ២ទល់នឹង១ (ជើងទី​១​ព្រះ​ខ័​នរាជ ឈ្នះ១ទល់០ និងជើងទី២ ស្មើគ្នា ១ទល់១)។ចុះរដូវកាល ២០២៥-២០៦ នេះ វិញបឹងកេត អាចសងសឹកវិញបានទេ? រឺព្រះខ័ន​រាជ​ស្វាយ​រៀង​នៅ​តែ​ធ្វើបានល្អបន្ថែមទៀត?កុំភ្លេច ចូលរួមទស្សនាឱ្យបានច្រើនកុះករ ល្ងាចនេះ ម៉ោង ៦និង០០នាទីនៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។BTV News ផ្សាយផ្ទាល់!!!!

អេមីរ៉ាតអារ៉ាប់រួម ដើរចេញពី OPEC និង OPEC+ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមប្រទេសផលិតប្រេងសកល

04/29/2026 10:04 AM        96
អេមីរ៉ាតអារ៉ាប់រួមបាននិយាយកាលពីថ្ងៃអង្គារ ២៨ មេសាសប្ដាហ៍នេះថា ខ្លួនបានដើរចេញពីសមាជិកភាព OPEC និង OPEC+ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមប្រទេសនាំចេញប្រេង និងមេដឹកនាំជាក់ស្តែងរបស់ពួកគេ គឺអារ៉ាប៊ីសាអ៊ូឌីត ស្របពេលសង្គ្រាមអ៊ីរ៉ង់បានបង្កឱ្យមានការរង្គោះរង្គើផ្នែកថាមពលជាប្រវត្តិសាស្ត្រ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមិនស្ថិតស្ថេរ។ ប្រទេសនេះបាននិយាយថា ខ្លួននឹងចាកចេញពីអង្គការនានាចាប់ពីថ្ងៃទី ១ ខែឧសភា។ការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អារ៉ាប់រួម (UAE) ដែលជាសមាជិក OPEC យូរអង្វែង អាចបង្កើតភាពច្របូកច្របល់ និងធ្វើឱ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាបានស្វែងរកការរួបរួមគ្នា ទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុងលើបញ្ហាជាច្រើនចាប់ពីភូមិសាស្ត្រនយោបាយរហូតដល់កូតាផលិតកម្មក៏ដោយ។រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed al-Mazrouei បានប្រាប់សារព័ត៌មាន Reuters ថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។ នៅពេលសួរថាតើអារ៉ាប់រួមបានពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអ៊ូឌីតឬអត់ លោកបាននិយាយថា អារ៉ាប់រួមមិនបានលើកឡើងពីបញ្ហានេះជាមួយប្រទេសផ្សេងទៀតទេ។រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយថា នេះគឺជាការសម្រេចចិត្តគោលនយោបាយ វាត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើគោលនយោបាយបច្ចុប្បន្ន និងអនាគតទាក់ទងនឹងកម្រិតផលិតកម្ម។ ប៉ុន្តែការចាកចេញពីអង្គការOPECរបស់អារ៉ាប់រួម តំណាងឱ្យជ័យជម្នះដ៏ធំមួយសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានចោទប្រកាន់អង្គការនេះពីបទ "បោកប្រាស់ពិភពលោកទាំងមូល" ដោយធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។សកម្មភាពនេះបានកើតឡើងបន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ និងជាសម្ព័ន្ធមិត្តសំខាន់បំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន បានរិះគន់បណ្ដារដ្ឋអារ៉ាប់រួមចំពោះការមិនបានធ្វើគ្រប់គ្រាន់ដើម្បីការពារខ្លួនពីការវាយប្រហារជាច្រើនរបស់អ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាម៕

អង្គភាពស៊ីម៉ាកកំពុងបន្តបោសសម្អាតគ្រាប់បែកចង្កោម ដែលទាហាថៃបាញ់ផ្លោងដោយមិនរើសគោលដៅ ចូលដីស្រែចម្ការ និងផ្ទះពលរដ្ឋខ្មែរនៅតាមព្រំដែន

04/29/2026 09:04 AM        137
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC បានថ្លែងថា កងកម្លាំងCMAC បានកំពុងមមាញឹកយ៉ាងខ្លាំងក្នុងការបោសសម្អាតគ្រាប់បែកចង្កោម ដែលពួកទាហានឈ្លានពាន សៀមបានបាញ់ផ្លោងចូលយ៉ាងកំរោល និងមិនរើសគោលដៅចូលស្រែចម្ការ និងភូមិឋានរបស់បងប្អូនប្រ ជាពលរដ្ឋខ្មែរនៅតាមព្រំដែន។ តាមរយៈបំណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហេង រតនា បានគូសបញ្ជាក់ថា កងកម្លាំងCMACកំពុងតែមមាញឹកក្នុងការបោសសម្អាតគ្រាប់បែកចង្កោមរំដោះដីជាតំបន់សេដ្ឋកិច្ចសង្គមគ្រួសារ របស់ប្រជាពលរដ្ឋដូចជា ជាចម្ការដំឡូងដែលត្រូវប្រមូលផលនេះជាដើម។  ឯកឧត្តម បានរំលេចថាការបាញ់គ្រាប់បែកចង្កោមពីទាហានសៀមឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ពន្ធ័ស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រនិងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ។ យ៉ាងណាក៏ដោយអគ្គនា យកស៊ីម៉ាក់រូបនេះ ក៏បានបញ្ជាក់ផងដែរថា អង្គភាពស៊ីម៉ាក់បន្តរួមគ្នាបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម និងរំដោះដីនៃផលវិបាកសេដ្ឋកម្មសង្គមឱ្យបានឆាប់បំផុតជូនប្រជាពលរដ្ឋស្របតាមទស្សនវិស័យនិងវិធានការដឹកនាំរបស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលផងដែរ។សូមបញ្ជាក់ថា ទាហានសៀមបានប្រើប្រាស់គ្រាប់បែកចង្កោម ប្រមាណ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានកូនគ្រាប់បែកចង្កោម ប្រមាណពី៦លានទៅ៧លានគ្រាប់ បាញ់មកលើបូរណភាពទឹកដីកម្ពុជា យ៉ាងព្រៃផ្សៃ និងមិនរើសគោលដៅ ហើយបានប៉ះពាល់ខេត្តតាមបណ្តោយព្រំដែនរវាងកម្ពុជាន និងសៀម រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទាំងខេត្តសៀមរាបផងដែរ ហើយបើគិតជាផ្ទៃដី គឺមានផ្ទៃដីសរុបប្រមាណ២.៣៦០គីឡូម៉ែត្រក្រឡា៕

ព្រះមហាក្សត្រអង់គ្លេស Charles អំពាវនាវឱ្យមានឯកភាពរបស់ NATO និងគាំទ្រអ៊ុយក្រែនក្នុងសង្កថានៅសភាអាមេរិក

04/29/2026 09:04 AM        73
ព្រះមហាក្សត្រ Charles III របស់ចក្រភពអង់គ្លេសបានប្រើប្រាស់ព្រះរាជសង្កថាមួយនៅចំពោះមុខសភាអាមេរិក ដើម្បីសន្យាឯកភាពរបស់សម្ព័ន្ធយោធា NATO និងអំពាវនាវឱ្យមានការគាំទ្រដល់អ៊ុយក្រែន ស្របពេលរងការវាយប្រហារជាបន្តបន្ទាប់ពីរុស្ស៊ី។សង្កថាកាលពីថ្ងៃអង្គារនោះបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់ព្រះមហាក្សត្រទៅកាន់សហរដ្ឋអាមេរិក ស្របពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ការរិះគន់របស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះអង្គការ NATO និងភាពតានតឹងពាណិជ្ជកម្មរវាងសម្ព័ន្ធមិត្តយូរអង្វែងទាំងពីរ កំពុងកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែព្រះមហាក្សត្រ Charles បានជៀសវាងការលើកឡើងណាមួយអំពីការរង្គោះរង្គើជាក់លាក់ក្នុងអំឡុងពេលសង្កថារបស់ព្រះអង្គនៅឯវិមានកាពីតូលសហរដ្ឋអាមេរិក ដោយប្រើប្រាស់សូរសៀងស្រាលៗក្នុងព្រះសង្កថាក្រៅសាច់រឿងនយោបាយ។ ព្រះអង្គបានលើកសរសើរអ្វីដែលទ្រង់ហៅថាប្រវត្តិសាស្ត្រ និងតម្លៃរួមរបស់ប្រទេសទាំងពីរ ដោយមានព្រះរាជបន្ទូលពីរឿងរ៉ាវរបស់អគ្គបុគ្គលGeorgesពីររូប គឺប្រធានាធិបតីអាមេរិកដំបូង លោក George Washington និងព្រះបុព្វបុរសរបស់ទ្រង់ គឺព្រះមហាក្សត្រ George របស់ចក្រភពអង់គ្លេស។ព្រះអង្គបានធានាដល់ក្រុមតំណាងរាស្ត្រ ថាទ្រង់មិនបាននៅសហរដ្ឋអាមេរិក "ជាផ្នែកមួយនៃសកម្មភាពការពារដ៏ប៉ិនប្រសប់មួយចំនួន" នៅក្នុងការបន្តនៃសង្គ្រាមបដិវត្តន៍ដែលពន្យារពេលនោះទេ។ព្រះមហាក្សត្របានមានបន្ទូលទៅកាន់ការអបអរសាទរម្តងហើយម្តងទៀតថា ទ្រង់នៅទីនេះក្នុងឱកាសដ៏អស្ចារ្យនេះក្នុងជីវិតរបស់ប្រជាជាតិរបស់ព្រះអង្គ ដើម្បីបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងមិត្តភាពរបស់ប្រជាជនអង់គ្លេសចំពោះប្រជាជនសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM
មេធាវី៖ ជនអន្តោប្រវេសន៍អាហ្វ្រិក ៩នាក់ ត្រូវបានអាមេរិកនិរទេសទៅកាន់ប្រទេសកាមេរូន
05/02/2026 04:05 PM