ស្វែងរក

ការវាយប្រហារដោយគ្រាប់បែកនៅប្រទេសកូឡុំប៊ី សម្លាប់មនុស្សច្រើននាក់នៅមុនការបោះឆ្នោត

04/27/2026 10:04 AM        74
ការវាយប្រហារដោយគ្រាប់បែកនៅលើផ្លូវហាយវ៉េនៅភាគនិរតីប្រទេសកូឡុំប៊ី បានសម្លាប់មនុស្ស ១៩ នាក់ និងរបួសយ៉ាងហោចណាស់ ៣៨ នាក់ ជារលកនៃអំពើហិង្សាចុងក្រោយនៅមុនការបោះឆ្នោតប្រធានាធិបតី នៅខែក្រោយ។ រថយន្តក្រុង និងរថយន្តទេសចរណ៍ ត្រូវបានបំផ្លាញនៅក្នុងការបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវ៉េ Pan-American។រថយន្តជាច្រើនគ្រឿង ត្រូវបានក្រឡាប់ដោយកម្លាំងផ្ទុះ។ អភិបាលតំបន់ បានផ្តល់ចំនួនអ្នកស្លាប់ថាមាន ១៤ នាក់ និងអ្នករងរបួសមាន៣៨ នាក់ ប៉ុន្តែវិទ្យាស្ថានជាតិវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកោសល្យវិច្ច័យ បាននិយាយកាលពីថ្ងៃអាទិត្យថា វិទ្យាស្ថានបានចាប់ផ្តើមពិនិត្យសាកសពចំនួន ១៩ នាក់។មេបញ្ជាការយោធា លោក Hugo Lopez បាននិយាយក្នុងសន្និសីទសារព័ត៌មានថា គ្រាប់បែកបានផ្ទុះបន្ទាប់ពីអ្នកវាយប្រហារ បានបញ្ឈប់ចរាចរណ៍ដោយបិទផ្លូវជាមួយរថយន្តក្រុង និងរថយន្តមួយគ្រឿងផ្សេងទៀត។ ការវាយប្រហារ កើតឡើងនៅមុនការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅជាង១ខែខាងមុខ ដោយអ្នកបោះឆ្នោតនឹងធ្វើការជ្រើសរើសអ្នកបន្តតំណែងពីប្រធានាធិបតី លោក Gustavo Petro។លោក Petro បានស្តីបន្ទោសការបំផ្ទុះគ្រាប់បែកទៅលើលោក Ivan Mordisco ជាឧក្រិដ្ឋជនដែលគេតាមចាប់ខ្លួនរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ។ អំពើហិង្សា បានកើតឡើងបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃសុក្រលើមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Cali ជាទីក្រុងធំទីបីរបស់ប្រទេសកូឡុំប៊ី បណ្តាលឱ្យមនុស្សពីរនាក់រងរបួស និងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់នៅក្នុងតំបន់ Valle del Cauca និងតំបន់ Cauca។

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សច្រើននាក់នៅលីបង់ ខណៈព្រមានប្រជាជនឱ្យចេញពីទីក្រុងនានាហួសពី «តំបន់ទ្រនាប់»

04/27/2026 10:04 AM        62
ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ១៤ នាក់ និងរបួស ៣៧ នាក់កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមេសា ខណៈយោធាអ៊ីស្រាអែលបានព្រមានប្រជាជនឱ្យចាកចេញពីក្រុងចំនួនប្រាំពីរហួសពី «តំបន់ទ្រនាប់» ដែលខ្លួនកាន់កាប់មុនពេលមានបទឈប់បាញ់ដែលបរាជ័យក្នុងការបញ្ឈប់អរិភាពទាំងស្រុង។ ក្រសួងសុខាភិបាល បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនអ្នកស្លាប់កាលពីថ្ងៃអាទិត្យរួមមានកុមារពីរនាក់ និងស្ត្រីពីរនាក់។ អ៊ីស្រាអែល បាននិយាយថា ទាហានម្នាក់របស់ខ្លួនក៏ត្រូវបានសម្លាប់ ខណៈបទឈប់បាញ់ដ៏ផុយស្រួយបានស្ថិតនៅក្រោមភាពតានតឹងបន្ថែមទៀត។ អ្នកនាំពាក្យរបស់យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ថា ក្រុមប្រដាប់អាវុធហេសបូឡាលីបង់ កំពុងរំលោភលើបទឈប់បាញ់ ហើយអ៊ីស្រាអែល នឹងធ្វើសកម្មភាពប្រឆាំងការបំពាននេះ ដោយប្រាប់ប្រជាជនឱ្យធ្វើដំណើរទៅភាគខាងជើង និងទៅភាគខាងលិច ឆ្ងាយពីទីក្រុង។ ទីក្រុងទាំងនេះ ស្ថិតនៅភាគខាងជើងនៃទន្លេ Litani និងតំបន់នៅភាគខាងត្បូងប្រទេសលីបង់កាន់កាប់ដោយកងទ័ពអ៊ីស្រាអែល ដែលបានបន្តប្រតិបត្តិការយោធា ទោះបីជាមានបទឈប់បាញ់ក៏ដោយ។ យោធាបាននិយាយថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំងរបស់ក្រុមហេសបូឡា ជើងទម្របាញ់រ៉ូកែត និងឃ្លាំងអាវុធមួយកន្លែង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងយេរុយសាឡឹមថា «តាមទស្សនៈរបស់យើង អ្វីដែលជាកាតព្វកិច្ចរបស់យើង គឺសន្តិសុខរបស់អ៊ីស្រាអែល សន្តិសុខរបស់ទាហានយើង និងសន្តិសុខរបស់សហគមន៍យើង» ។ ក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងមិនបញ្ឈប់ការវាយប្រហារទៅលើកងទ័ពអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងទៅលើក្រុងនានានៅភាគខាងជើងប្រទេសអ៊ីស្រាអែលទេ ដរាបណាអ៊ីស្រាអែល នៅតែបន្ត «ការរំលោភលើបទឈប់បាញ់»។

ប្រមុខការទូតកម្ពុជា និងប្រមុខការទូតសិង្ហបុរី ប្តេជ្ញាចិត្តរួមគ្នាពង្រឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពប្រទេសទាំងពីរដ៏យូរអង្វែង

04/27/2026 09:04 AM        127
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង។ ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕

ក្រសួងពាណិជ្ជកម្មកម្ពុជា​ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​GI ​លើ​ផលិតផលសក្ដានុពល ​៤ ​មុខ បន្ថែមទៀត

04/27/2026 09:04 AM        142
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication - GI)" ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ផលិតផលទាំង ៤ រួមមាន៖១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។សូមជម្រាបជូនថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖• ការការពារផ្លូវច្បាប់៖ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ• ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍• លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន៖ ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ• ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ• បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល

ព្រះរាជសុខភាពរបស់ព្រះករុណាព្រះមហាក្សត្របានប្រសើរជាងមុនបន្តិចហើយ ប៉ុន្តែក្រុមគ្រូពេទ្យចិនបន្តឲ្យព្រះអង្គគង់ប្រថាប់មួយរយៈទៀត

04/27/2026 09:04 AM        121
ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសព័ត៌មានថា ព្រះរាជសុខភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រសើរជាងមុនបន្តិចហើយ ប៉ុន្តែក្រុមវេជ្ជបណ្ឌិតឲ្យព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និង ទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់ទៀតនៅមន្ទីរពេទ្យ នៃរដ្ឋធានីប៉េកាំងប្រទេសចិន។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ដែលបានចេញនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជា ទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំងរយៈពេលមួយសប្តាហ៍ នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគដោយបានធ្វើការវះកាត់ធំ ដោយលោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក -គិលានុបដ្ឋាយិកា ដែលពោពេញដោយបទពិ សោទបច្ចេកទេសខ្ពស់ជាច្រើនឆ្នាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឲ្យដឹងទៀតថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យូសរ៉ូម ឆ្លុះអេកូព្រះទរ ព្រះបាទ និងថ្វាយព្រះឱ សថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខរបួសវះកាត់តាមពេលវេលាកំណត់ថ្វាយព្រះករុណាជាអម្ចាស់ជី វិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ទន្ទឹមនឹងនេះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រ ថាប់មួយរយៈពេលទៀតដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាពជាបន្តបន្ទាប់ទៀតនៅមន្ទីរពេទ្យ ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូម ថ្លែងអំណរគុណ និងអរគុណថ្វាយសម្តេចព្រះសង្ឈរាជទាំងពីរគណៈប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឲ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគជា បន្តបន្ទាប់ជារៀងរាល់ថ្ងៃផងដែរ៕

ការបាញ់ប្រហារនៅពិធីទទួលទានអាហារពេលល្ងាចនៅសេតវិមាន ជំរុញឱ្យមានការពិនិត្យឡើងវិញសន្តិសុខរបស់លោក Trump

04/27/2026 09:04 AM        99
មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក កំពុងវាយតម្លៃឡើងវិញនូវការរៀបចំសន្តិសុខបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅជិតពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ដែលបង្កើនសំណួរអំពីថាតើខ្មាន់កាំភ្លើងអាចចូលទៅជិតព្រឹត្តិការណ៍ដែលចូលរួមដោយប្រធានាធិបតី លោក Donald Trump សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកសភា បានដោយរបៀបណា។ អតីតភ្នាក់ងារអង្គភាពសេវាចារកម្មពីររូប និងមន្ត្រីជាន់ខ្ពស់អាមេរិកបីរូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ថា ភ្នាក់ងារសហព័ន្ធទំនងជាអនុវត្តផែនការរបស់ពួកគេដើម្បីការពារប្រធានាធិបតីដោយប្រសិទ្ធភាពកាលពីយប់ថ្ងៃសៅរ៍ ដោយបានបញ្ឈប់ខ្មាន់កាំភ្លើងដែលត្រូវបានចោទប្រកាន់មុនពេលជននេះទៅដល់ជាន់ក្រោមដីនៃសណ្ឋាគារ Washington Hilton ជាកន្លែងដែលលោក Trump ត្រូវបានរៀបចំឱ្យថ្លែងសុន្ទរកថា។ មន្ត្រីបាននិយាយថា ប៉ុន្តែការពិតដែលថា អ្នកចូលរួមមួយចំនួនអាចឮសំឡេងបាញ់កាំភ្លើងទៅលើភ្នាក់ងារអង្គភាពសេវាសម្ងាត់បានបញ្ជាក់ពីភាពងាយរងគ្រោះ ទោះបីក្រោយការប៉ុនប៉ងធ្វើឃាតពីរលើកលើលោក Trump ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០២៤ ក៏ដោយ ដែលបានជំរុញឱ្យមានវិធានការកាន់តែតឹងរ៉ឹងជុំវិញសន្តិសុខរបស់លោកប្រធានាធិបតី។ អតីតមន្ត្រីអនុវត្តច្បាប់និយាយថា មេរៀនជាក់ស្តែងបំផុតពីឧបទ្ទវហេតុនេះគឺ បុគ្គលិកសន្តិសុខអាចចាំបាច់ត្រូវពង្រីកនៅបរិវេណការពារជុំវិញប្រធានាធិបតីនៅទីសាធារណៈធំៗ ទោះបីជាវានាំឱ្យមានការរំខានជាសាធារណៈក៏ដោយ។ នៅក្នុងពិធីជប់លៀងទទួលទានអាហារពេលល្ងាចកាលពីថ្ងៃសៅរ៍ ភ្ញៀវត្រូវបានតម្រូវឱ្យឆ្លងកាត់ឧបករណ៍ត្រួតពិនិត្យម៉ាញេទិក ឬឧបករណ៍រាវរកលោហៈ ដើម្បីចូលទៅក្នុងបន្ទប់រៀបចំពិធី ប៉ុន្តែត្រូវការតែសំបុត្រដើម្បីចូលទៅក្នុងសណ្ឋាគារប៉ុណ្ណោះ។ មនុស្សជាច្រើន បានព្យាយាមចូលដោយប្រើប្រាស់សំបុត្រកាលពីឆ្នាំមុន នេះបើយោងតាមមនុស្សម្នាក់ដែលដឹងអំពីការរៀបចំព្រឹត្តិការណ៍នេះ។

អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់បានវិលត្រឡប់ទៅប៉ាគីស្ថានវិញមួយរយៈខ្លី ខណៈលោកTrumpថាភាគីនានាអាចនិយាយគ្នាតាមទូរស័ព្ទបាន

04/27/2026 08:04 AM        96
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដម្តងទៀតមួយរយៈខ្លីកាលពីថ្ងៃអាទិត្យ ខណៈថ្នាក់ដឹកនាំនយោបាយ និងយោធារបស់ប៉ាគីស្ថានបានប្រញាប់ប្រញាល់ចាប់ផ្តើមការចរចាបទឈប់បាញ់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រធានាធិបតី Donald Trump បាននិយាយថាពួកគេអាចនិយាយគ្នាតាមទូរស័ព្ទជំនួសវិញ។  ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា លោក Abbas Araghchi បានចាកចេញពីរដ្ឋធានីប៉ាគីស្ថានកាលពីយប់ថ្ងៃមុន ដោយបានបង្កើតភាពច្របូកច្របល់ជុំវិញការចរចាជុំទីពីរដែលរំពឹងទុកនៅទីនោះ ប៉ុន្តែលោកបានត្រឡប់មកវិញមុនពេលបន្តទៅកាន់ទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ។លោកធ្លាប់បានទៅកាន់ប្រទេសអូម៉ង់ ដែលកន្លងមកជាអ្នកសម្របសម្រួលការចរចា ហើយនៅម្ខាងទៀតនៃច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។សេតវិមានកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងបញ្ជូនបេសកកជនលោក Steve Witkoff និង លោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីបន្តការចរចាដោយផ្ទាល់ជាប្រវត្តិសាស្ត្រនៅដើមខែនេះ។ ប៉ុន្តែភ្លាមៗបន្ទាប់ពីការចាកចេញរបស់លោក Araghchi កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថា លោកបានលុបចោលបេសកកម្មនេះ ដោយសារតែខ្វះវឌ្ឍនភាពជាមួយអ៊ីរ៉ង់។លោកTrump បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា ប្រសិនបើពួកគេចង់ ពួកលោកអាចនិយាយគ្នាបាន ប៉ុន្តែពួកលោកនឹងមិនបញ្ជូនមនុស្សទៅទេ។ លោកបាននិយាយមុននេះនៅលើបណ្ដាញសង្គមថា អ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែទូរស័ព្ទទៅរករូបលោកទៅបានហើយ។  មន្ត្រីប៉ាគីស្ថានពីររូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាការចរចាដោយប្រយោលរវាងភាគីទាំងពីរកំពុងដំណើរការ៕

[UPDATE] ខ្មាន់កាំភ្លើងព្យាយាមសម្លាប់លោក Trump និងគណៈរដ្ឋមន្ត្រីនៅឯពិធីទទួលទានអាហារពេលល្ងាច

04/27/2026 08:04 AM        106
ក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃអាទិត្យ២៦មេសា បាននិយាយថា ខ្មាន់កាំភ្លើងដែលបានព្យាយាមសម្រុកចូលពិធីទទួលទានអាហារពេលល្ងាចមួយចូលរួមដោយលោក Donald Trump មានគម្រោងធ្វើឃាតប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ខណៈការត្រួតពិនិត្យកាន់តែខ្លាំងលើសន្តិសុខនៃព្រឹត្តិការណ៍នេះ។ លោក Trump ដែលត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីសាលសណ្ឋាគារនៅទីក្រុងវ៉ាស៊ីនតោន បានបង្ហោះវីដេអូខ្មាន់កាំភ្លើងដែលកំពុងព្យាយាមរត់គេចខ្លួនឆ្លងកាត់ចំណុចត្រួតពិនិត្យសន្តិសុខ។បន្ទាប់ពីការបាញ់ប្រហារតបតគ្នាមួយសន្ទុះជាមួយភ្នាក់ងារផ្សេងៗ ជនសង្ស័យវ័យ៣១ឆ្នាំ ឈ្មោះ Cole Tomas Allen ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ ហើយត្រូវបានសួរចម្លើយកាលពីថ្ងៃអាទិត្យ មុនពេលជនល្មើសត្រូវចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃបន្ទាប់។ លោក Trump បានចែករំលែករូបថតរបស់ជនសង្ស័យដែលត្រូវបានដាក់ខ្នោះដៃនៅលើកម្រាលឥដ្ឋសណ្ឋាគារ។លោកTodd Blanche រដ្ឋអាជ្ញាស្តីទីសហរដ្ឋអាមេរិក បានប្រាប់កម្មវិធី "Face The Nation" របស់ ទូរទស្សន៍ CBS កាលពីថ្ងៃអាទិត្យថា លោកមិនបានសហការយ៉ាងសកម្មទេ។លោករំពឹងថាខ្មាន់កាំភ្លើងនឹងត្រូវបានចោទប្រកាន់ជាផ្លូវការនៅព្រឹកស្អែកក្នុងតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន។លោក Blanche បានបន្ថែមថា ពុំមានហេតុផលអ្វីបន្ថែមទៀតត្រូវបានគេដឹងអំពីការវាយប្រហារនោះទេ ដោយបញ្ជាក់ថាជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងវែង កាំភ្លើងខ្លី និងកាំបិត កំពុងស្នាក់នៅសណ្ឋាគារ Washington Hilton ជាកន្លែងដែលពិធីទទួលទានអាហារពេលល្ងាចរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍២៥មេសា។ លោក Blanche បាននិយាយថា ពួកលោកជឿថាជនល្មើស បានធ្វើដំណើរតាមរថភ្លើងពីទីក្រុង Los Angeles ទៅ Chicago ហើយបន្ទាប់មកពី Chicago ទៅ Washington។ វាហាក់ដូចជាខ្មាន់កាំភ្លើងបានទិញអាវុធទាំងនេះក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ៕

ស្ថានទូតឥណ្ឌូនេស៊ី រំពឹងថា ពិធីបុណ្យផ្សាររាត្រី នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ឱ្យចូលរួមទស្សនាផ្លូវថ្មើរជើងចតុមុខ

04/26/2026 05:04 PM        149
បន្ទាប់ពីទទួលបានភាពជោគជ័យកាលពីឆ្នាំមុន ស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងរៀបចំពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី និងពិធីបុណ្យប៉ាសាម៉ាឡាំឥណ្ឌូនេស៊ីម្តងទៀត នៅតាមផ្លូវចតុមុខក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦នេះ ដោយរំពឹងថា នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលរួមក្នុងវប្បធម៌នូសាន់តារ៉ា និងភាពចម្រុះនៃម្ហូបអាហារ។ពិធីបុណ្យផ្សាររាត្រីឥណ្ឌូនេស៊ី គឺជាកម្មវិធីផ្សព្វផ្សាយសេដ្ឋកិច្ច និងវប្បធម៌រួមបញ្ចូលគ្នាដ៏សំខាន់មួយរបស់ស្ថានទូត។ ពិធីបុណ្យដែលរៀបចំឡើងនៅតាមផ្លូវចតុមុខនេះ នៅតែជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងរាជធានីភ្នំពេញ នឹងក្លាយជាទីកន្លែងសម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរីករាយជាមួយរាត្រីចុងសប្តាហ៍ដ៏សម្បូរបែប និងពោរពេញដោយវប្បធម៌ជាមួយគ្នា។ភ្ញៀវទេសចរ នឹងមានឱកាសភ្លក់រសជាតិម្ហូបឥណ្ឌូនេស៊ីពិតៗ ស្វែងយល់ពីសម្លៀកបំពាក់បាទីក រួមជាមួយនឹងការទិញទំនិញប្រើប្រាស់ឥណ្ឌូនេស៊ីជាច្រើនប្រភេទ ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ ភ្ញៀវទេសចរក៏នឹងជ្រមុជខ្លួននៅក្នុងការសម្តែងតន្ត្រី និងរបាំប្រពៃណីដ៏រស់រវើកនៅក្នុងរាត្រីវប្បធម៌ផងដែរ។ក្នុងនាមជាផ្នែកមួយនៃពិធីបុណ្យ ផ្សាររាត្រី ឥណ្ឌូនេស៊ី (Phsaar Reatrei Indonesia) ឆ្នាំនេះ ភោជនីយដ្ឋានឥណ្ឌូនេស៊ី ចំនួន២កន្លែងនៅកម្ពុជា ក៏នឹងទទួលបានវិញ្ញាបនបត្រ Duta Rasa Nusantara ផងដែរ ដើម្បីបង្ហាញពីការកោតសរសើរ និងការលើកកម្ពស់ប្រវត្តិសាស្ត្រម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសឥណ្ឌូនេស៊ី តាមរយៈការបម្រើម្ហូបអាហារឥណ្ឌូនេស៊ីពិតប្រាកដ។ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងភ្នំពេញ សង្ឃឹមថា ពិធីបុណ្យនេះ នឹងតំណាងឱ្យចំណងមិត្តភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិកា ររវាងឥណ្ឌូនេស៊ី និងកម្ពុជា។ លើសពីនេះ ការរៀបចំព្រឹត្តិការណ៍នេះ មានបំណងបង្ហាញពីភាពធន់រួមគ្នារបស់ប្រជាជនមកពីប្រទេសទាំងពីរក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកលបច្ចុប្បន្ន។នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាការកើនឡើង ៦,៦% ធៀបនឹងឆ្នាំមុននៃការនាំចេញទៅកាន់ប្រទេសកម្ពុជាដែលមានតម្លៃ ២៧៤.៩ លានដុល្លារអាម៉េរិក ដែលនាំមុខគេជាដៃគូពាណិជ្ជកម្មធំបំផុតទី៩ របស់កម្ពុជា។ ផលិតផលនាំចេញច្រើនជាងគេរបស់ឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជាគឺធ្យូងថ្ម មី ម៉ូតូ និងថ្នាំពេទ្យជាដើម។លើវិស័យទេសចរណ៍ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីជាង ៥ម៉ឺននាក់ បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ភ្ញៀវទេសចរកម្ពុជាជិត ១ម៉ឺន ១ពាន់នាក់ បានមកទស្សនាប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំដដែល៕អត្ថបទ៖ ឈិត បូរ៉ាវី

សកម្មជនមកពីគណបក្សប្រឆាំងចំនួន៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

04/26/2026 04:04 PM        117
លោក រស់ ចំណាន ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអតីតសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន ៧០នាក់ ស្រុកស្អាង ខេត្តកណ្តាល ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ពិធីនោះដែរ មានវត្តមាន លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សឿង ចក់ ក្រុមការងារពិសេស លោក ហែម ប្រសិដ្ឋ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន មករា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារពិសេសមូលដ្ឋានជាច្រើនរូបទៀតផងដែរ។លោក រស់ ចំណាន បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ។លោកបានបន្តទៀតថាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង ៧០នាក់ ក្នុងការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវ៖- ឥទ្ធិពលនៃនយោបាយឈ្នះ-ឈ្នះ ជាទស្សនវិជ្ជានៃការបង្រួបបង្រួមដែលផ្ដល់នូវការទុកចិត្ត និងសុវត្ថិភាពសម្រាប់ខ្មែរគ្រប់រូប។- ជំនឿជាក់លើការអភិវឌ្ឍពិតប្រាកដ ជាការមើលឃើញជាក់ស្តែងនូវសមិទ្ធផលរីកដុះដាលពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។- ឆន្ទៈមនសិការស្នេហាជាតិ ជាបំណងប្រាថ្នាចង់ឃើញមាតុភូមិមានសុខសន្តិភាពយូរអង្វែង និងការរីកចម្រើនឥតឈប់ឈរ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។"ការមករួមរស់ក្រោមដំបូលតែមួយនៃគណបក្សប្រជាជនកម្ពុជា គឺជាការជ្រើសរើសយកការបង្រួបបង្រួមជាតិ ជាជាងការបែកបាក់ និងការរើសយកការស្ថាបនា ជាជាងការបំផ្លិចបំផ្លាញ។"សកម្មភាពនេះ គឺជាសារដាស់តឿនដល់បងប្អូនខ្មែរគ្រប់ទិសទីថា “ឈប់ជឿការញុះញង់ ដើម្បីរួមគ្នាកសាងមាតុភូមិកម្ពុជា”។ យើងរួមគ្នាខ្ពស់មុខមាត់តែមួយ ក្នុងនាមជាខ្មែរតែមួយ ដើម្បីបន្តថែរក្សាសន្តិភាពឱ្យបានគង់វង្ស និងកសាងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា។សន្តិភាពនាំមកនូវការអភិវឌ្ឍ! ការជឿជាក់នាំមកនូវភាពជោគជ័យ។គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋទាំង ៧០នាក់នេះ ជាអតីតសកម្មជនមកពីគណបក្សភ្លើងទៀន - ស្ថិតនៅភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ៥៨នាក់- ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ចំនួន ១២នាក់ ។ព្រមទាំងមានការចូលរួមពីអាជ្ញាធរ លោកស្រី តាត់ គីមសុខ ក្រុមបឹក្សាឃុំ លោក សៀក ចយ អនុភូមិ ផងដែរ។ពិធីនេះផងដែល ប្រជាពលរដ្ឋបានថ្លែងអំណរគុណ និង សូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជន្មាយុយឺនយូរ គោរពជូន សម្តេចតេជោ ហ៊ុន សែន សម្តេចធីបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន។ក្នុងឱកាសនោះដែរ ដោយសង្កេតឃើញនូវការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារកន្លងមក លោក រស់ ចំណាន បានឧបត្ថម្ភនូវម៉ូតូចំនួន ១គ្រឿង វិទ្យុទាក់ទងចំនួន ៤គ្រឿង ព្រមទាំងថវិកាមួយចំនួន ជូនដល់ក្រុមការងារ ដើម្បីសម្រួលដល់ការទំនាក់ទំនង និងជាមធ្យោបាយធ្វើដំណើរ ក្នុងគោលបំណងជំរុញការអនុវត្តផែនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត។ជាចុងបញ្ចប់ លោក រស់ ចំណាន ថាការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការបង្ហាញពីស្មារតីរួបរួម និងការគាំទ្រទៅលើទិសដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ហើយការចូលរួមនេះ ជាកម្លាំងបន្ថែមសម្រាប់ការកសាងជាតិ និងការអភិវឌ្ឍន៍សង្គម កម្ពុជាយើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចាត់ទុកពានបាល់ទាត់កុមារ ជាមាគ៌ាដ៏សំខាន់ ដើម្បីរួម​ចំណែក​អភិវឌ្ឍ​យុវជន​នៅ​កម្ពុជា
05/04/2026 02:05 PM
រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និង​អនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់
05/04/2026 01:05 PM
ផលិតផលសមូហភាពត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងមានតម្រូវការទីផ្សារកាន់តែខ្ពស់
05/04/2026 01:05 PM
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
05/04/2026 01:05 PM
សម្ដេចធិបតី៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង»
05/04/2026 01:05 PM
រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ
05/04/2026 01:05 PM
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំអាស៊ាន​នាចុងសប្ដាហ៍នេះនៅហ្វីលីពីន
05/04/2026 12:05 PM
ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង នៅខេត្តសៀមរាប
05/04/2026 12:05 PM
ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ
05/04/2026 12:05 PM
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
05/04/2026 12:05 PM