ស្វែងរក

ប្រជាជនប៉ាឡេស្ទីន ទម្លាក់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតលើកទី១ តាំងពីមានសង្គ្រាមហ្កាហ្សា

04/25/2026 12:04 PM        57
ប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank និងភាគកណ្តាលនៃតំបន់ហ្កាហ្សា ប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ សម្រាប់ការបោះឆ្នោតក្រុង ដែលនេះជាដំណើរការបែបនេះលើកដំបូង ចាប់តាំងពីមានសង្គ្រាមហ្កាហ្សា ដោយព្រឹត្តិការណ៍នេះត្រូវបានសម្គាល់ដោយការមានក្រុមនយោបាយតិចតួច និងការខកចិត្តគ្រប់ទិសទី នៅដែនដីនេះ។បើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលដែលមានមូលដ្ឋាននៅទីក្រុង Ramallah បានឲ្យដឹងថា មនុស្សជិត ១,៥លាននាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ព្រមទាំង ៧០.០០០នាក់ នៅក្នុងតំបន់ Deir al-Balah នៃតំបន់ហ្កាហ្សា។បញ្ជីឈ្មោះបោះឆ្នោតភាគច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយគណបក្សជាតិនិយមមិនពាក់ព័ន្ធសាសនា Fatah របស់មេដឹកនាំ លោក Mahmud Abbas ឬក្រុមអ្នកឈរឈ្មោះជាបេក្ខជនឯករាជ្យ។ មិនមានបញ្ជីឈ្មោះដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនោះឡើយ ជាគូប្រជែងសំខាន់របស់កណបក្ស Fatah ដែលគ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃតំបន់ហ្កាហ្សា។នៅក្នុងទីក្រុងភាគច្រើន បេក្ខជនដែលគាំទ្រដោយគណបក្ស Fatah នឹងប្រកួតប្រជែងជាមួយបញ្ជីឈ្មោះឯករាជ្យដែលដឹកនាំដោយបេក្ខជនមកពីក្រុមនានា ដូចជារណសិរ្សប្រជាជន ដើម្បីរំដោះប៉ាឡេស្ទីន (ម៉ាក្សនិយម-លេនីននិយម) ជាដើម។គណៈកម្មការរៀបចំការបោះឆ្នោត បានប្រាប់សារព័ត៌មាន AFP ថា ស្ថានីយបោះឆ្នោត នៅតំបន់ West Bank នឹងបើកពីម៉ោង ៧:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៤:០០ ម៉ោងសកល) ដល់ម៉ោង ៧:០០ល្ងាច ខណៈពេលដែលនៅទីក្រុង Deir al-Balah របស់តំបន់ហ្កាហ្សាស្ទ្រីប ការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោង ៥:០០ល្ងាច ដើម្បីសម្រួលដល់ការរាប់ នៅពេលថ្ងៃ ដោយសារតែកង្វះខាតអគ្គិសនី នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម។គួរបញ្ជាក់ថា តំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស ចាប់តាំងពីឆ្នាំ២០០៧ មក នឹងឃើញដំណើរការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០០៦ ជាពេលដែលចលនាសកម្មប្រយុទ្ធមួយនេះបានទទួលជ័យជម្នះ៕

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

04/25/2026 12:04 PM        277
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងអាគារខុនដូរប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស៤០នាក់ ដោយបែងចែងជា០៣ផ្នែកពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ ១. ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញ ៖ ជនបរទេសសរុបចំនួន២២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) ។ សម្ភារៈវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន៥០៦គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន២០ គ្រឿង , ធុង CPU ចំនួន១៨គ្រឿង , អេក្រង់ (MONITOR) ចំនួន១៥គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។បានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃចំនួន១២២គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៥ គ្រឿង , ធុង CPU ចំនួន១២គ្រឿង , អេក្រង់ (MONITOR) ចំនួន ២០ គ្រឿង។២. ឃាត់ជនជាតិបង់ក្លាដេស១២នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតសម្ភារៈ រួមមាន ៖ទូរស័ព្ទដៃ ចំនួន០២គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០៥គ្រឿង។៣. រកឃើញជនបរទេស០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់ ជាប់ពាក់ព័ន្ធនឹងគ្មានលិខិតឆ្លងដែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤០នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

ក្រុមពន្លត់អគ្គិភ័យនៅប្រទេសជប៉ុន ខិតខំទប់ស្កាត់ចំហេះព្រៃ ដោយប្រជាជនជាង៣.០០០ នាក់ត្រូវបានជម្លៀសចេញ

04/25/2026 12:04 PM        43
 ចំហេះព្រៃនៅភាគខាងជើងប្រទេសជប៉ុន បានបន្តរាលដាល ដោយអណ្តាតភ្លើងបានឆាបឆេះខិតទៅជិតតំបន់លំនៅឋាននៅថ្ងៃសៅរ៍ ទី ២៥ ខែមេសានេះ។យោងតាមអង្គភាពពន្លត់អគ្គិភ័យក្នុងស្រុកបានឲ្យដឹងថា ចំហេះព្រៃបានជំរុញឱ្យអាជ្ញាធរពង្រីកបទបញ្ជាជម្លៀសប្រជាជនជាង ៣.០០០ នាក់។ក្រុមពន្លត់អគ្គិភ័យមកពីខាងក្រៅតំបន់ត្រូវបាននាំទៅកាន់តំបន់នោះ ដែលធ្វើឱ្យចំនួនបុគ្គលិកដែលកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃនៅលើដីកើនឡើងដល់ប្រហែល ១.០០០ នាក់។ ទោះជាយ៉ាងណា អណ្តាភ្លើងនៅតែមិនទាន់អាចទប់ស្កាត់បាននៅឡើយ ខណៈស្ថិតនៅក្នុងស្ថានភាពក្តៅស្ងួត។ ប៉ុន្តែពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍នោះទេ ក្រៅពីអគារចំនួនប្រាំបីកន្លែង រួមទាំងលំនៅឋានមួយខ្នងត្រូវបានបំផ្លាញ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃជំរុញឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីសុវត្ថិភាពសាធារណៈ

04/25/2026 12:04 PM        100
សៀមរាប ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាម Online Scams នៅ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានជំរុញឱ្យមានការបង្ក្រាប និងទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីសុវត្ថិភាពសាធារណៈ។នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និង កងកម្លាំងទាំងបី បន្តអនុវត្តឲ្យបានផុលផុសថែមទៀត ទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវទទួលខុសត្រូវ និងត្រួតពិនិត្យទីតាំងសង្ស័យ តាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីតាំងផ្សេងៗទៀត ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធអនឡាញ កំពុងក្លាយជាបញ្ហាសង្គមធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះហើយការបន្តអនុវត្តយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ប្រភេទបទល្មើសនេះ ត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ផងដរ៕លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប គឺជាខេត្តប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូចនេះ បញ្ហាបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា គឺចាំបាច់ត្រូវទប់ស្កាត់ និងបង្ក្រាបឱ្យបានដល់កម្រិតអតិបរិមា ក្នុងគោលដៅរក្សាការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងសុវត្ថិភាពសាធារណៈផងដែរ។ ជាពិសេស មុខមាត់របស់ខេត្តសៀមរាប ភ្ញៀវទេសចរ និងអ្នកវិនិយោគនានា។លោកបន្ដថា តាមរយៈបទពិសោធន៍ នៃការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ពិនិត្យឃើញថា បញ្ហាដែលកើតចេញពីបទល្មើស Online Scams គឺធ្វើឱ្យមាន៖ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ដូចជា ការបាត់បង់សាច់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ចេញពីសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈល្បែងស៊ីសងអនឡាញ និងការវិនិយោគក្លែងក្លាយនិងបាត់បង់សីលធម៌សង្គម ដូចជា ការប្រើប្រាស់រូបភាពអាសអាភាស ឬការគំរាមកំហែងតាមអនឡាញ ដើម្បីជម្រិតទារប្រាក់ ឬក្រោមរូបភាពបទល្មើសផ្សេងៗជាច្រើន។លោក បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានយកចិត្តទុកដាក់បន្ថែម លើការងារប្រយុទ្ធប្រឆាំងបទល្មើស Online Scams គឺអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ ។ បន្តធ្វើរដ្ឋបាលចំហ និងមានវិធានការចំពោះទីតាំងប្រមូលផ្តុំ ខុនដូ ផ្ទះជួល ឬទីតាំងអាជីវកម្មបង្កប់ល្បែងអនឡាញខុសច្បាប់ ត្រូវតែបង្ក្រាបឱ្យអស់ពីមូលដ្ឋាន ដោយមិនមានការយោគយល់។ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ អំពីបញ្ហាបទល្មើស Online Scams ដល់ប្រជាជន និងព្រមទាំងបន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕ ដោយ ៖ សាវី

មេដឹកនាំមជ្ឈិមបូព៌ា និងសហភាពអឺរ៉ុប បញ្ចប់កិច្ចប្រជុំកំពូលអឺរ៉ុបនៅប្រទេសស៊ីប

04/25/2026 11:04 AM        56
​មេដឹកនាំតំបន់មជ្ឈិមបូព៌ា និងមន្ត្រីសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលក្រៅផ្លូវការនៅប្រទេសស៊ីបកាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមក្នុងតំបន់ និងឱកាសសហប្រតិបត្តិការ។ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah el-Sisi ព្រះអង្គម្ចាស់ Hussein bin Abdullah II របស់ប្រទេសហ្ស៊កដានី និងប្រធានាធិបតីលីបង់ លោក Joseph Aoun បានចូលរួមកិច្ចប្រជុំការងាររបស់មេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងនីកូស៊ី។ កិច្ចប្រជុំកំពូលក្រៅផ្លូវការនេះ ផ្តោតលើបរិយាកាសភូមិសាស្ត្រនយោបាយ និងការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះជម្លោះក្នុងតំបន់ ជាពិសេសស្ថានភាពនៅអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ា និងលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងដៃគូសំខាន់ៗនៅមជ្ឈិមបូព៌ា។ប្រធានាធិបតីលីបង់ លោក Joseph Aoun និងប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងបានព្រមានអំពីហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចដែលកំពុងកើនឡើង រួមទាំងការគំរាមកំហែងដល់ពាណិជ្ជកម្មសកល ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ។

រ៉ូម៉ានី នឹងដាក់បញ្ចូលប្រព័ន្ធប្រឆាំងយានដ្រូនរបស់សហរដ្ឋអាមេរិក Merops ក្នុងវិស័យការពារជាតិ

04/25/2026 11:04 AM        63
​នៅមូលដ្ឋានយោធាប្រទេសរ៉ូម៉ានី មន្ត្រីជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងក្រុមហ៊ុនកិច្ចសន្យាការពារជាតិ បានសម្លឹងមើលទៅលើអាកាស ខណៈប្រព័ន្ធប្រឆាំងយានដ្រូនដែលផលិតដោយអាមេរិក កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ មុនពេលកងទ័ពរ៉ូម៉ានី ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះ។ រ៉ូម៉ានី ជារដ្ឋរបស់សហភាពអឺរ៉ុប និងណាតូ មានព្រំដែនគោករួមប្រវែង៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភលើដែនអាកាសរបស់ខ្លួន និងមានបំណែកធ្លាក់ចូលទឹកដីនេះម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមវាយប្រហារលើកំពង់ផែអ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែមេសានេះ ទីបញ្ជាការសម្ព័ន្ធមិត្តរបស់ណាតូ និងក្រសួងការពារជាតិរ៉ូម៉ានី បានសាកល្បងដំណោះស្រាយការពារដែនអាកាសថ្មីពីក្រុមហ៊ុនកិច្ចសន្យាឯកជន ជាការធ្វើតេស្តជាបន្តបន្ទាប់ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តកាន់តែទូលំទូលាយ ដើម្បីកសាងការការពាររួមគ្នាប្រឆាំងការវាយប្រហារដោយយានដ្រូន។ នៅតំបន់ Capu Midia អ្នកសង្កេតការណ៍អឺរ៉ុប អ្នកជំនាញយានដ្រូនអ៊ុយក្រែន មន្ត្រីណាតូ និងរ៉ូម៉ានី បានសាកល្បងយានដ្រូនស្ទាក់ចាប់ សាកល្បងរ៉ាដា ឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រឆាំងការក្លែងបន្លំ និងឧបករណ៍បង្អាក់បរព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទពីក្រុមហ៊ុនឯកជនជាច្រើនក្រុមហ៊ុន។ ក្នុងចំណោមនោះមាន Merops ដែលជាប្រព័ន្ធប្រឆាំងយានដ្រូនមានតម្លៃទាប ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Project Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្រដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ដែលប្រទេសរ៉ូម៉ានី បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន។ ការការពារដែនអាកាសរបស់ប្រទេសរ៉ូម៉ានី បច្ចុប្បន្នរួមមានយន្តហោះចម្បាំង F-16 ប្រព័ន្ធប៉ាទ្រីយ៉ូត( Patriot) ជើងទម្របាញ់រ៉ូកែត HIMARS របស់ក្រុមហ៊ុន Lockheed Martin មីស៊ីលChiron បាញ់ពីលើដីទៅអាកាសរយៈចម្ងាយជិតរបស់កូរ៉េខាងត្បូង និងកាំភ្លើងធំប្រឆាំងយន្តហោះ Gepard របស់ប្រទេសអាល្លឺម៉ង់។

រុស្ស៊ី ​ប្ដេជ្ញាសងសឹកប្រឆាំងនឹងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប

04/25/2026 11:04 AM        70
​រុស្ស៊ី បានសន្យាសងសឹកប្រឆាំងនឹងទណ្ឌកម្មជុំថ្មីពីសហភាពអឺរ៉ុប។ ប្លុកអឺរ៉ុប បានប្រកាសពីទណ្ឌកម្មនៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងកញ្ចប់ប្រាក់កម្ចីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៥ពាន់លានដុល្លារ។ទណ្ឌកម្មទាំងនេះ ដាក់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងវិស័យថាមពលដែលរកប្រាក់ចំណូលបានរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី មានបទពិសោធន៍យ៉ាងច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ពីទណ្ឌកម្ម និងបានបន្តសកម្មភាពរបស់ខ្លួន។អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានឆ្លើយតបយ៉ាងមុតមាំស្របតាមផលប្រយោជន៍របស់ទីក្រុងមូស្គូ។ កាលពីថ្ងៃសុក្រ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន១៩៣នាក់ ដោយឈ្លើយសឹកមួយចំនួន ត្រូវបានគេឃើញដណ្តប់ទង់ជាតិរបស់ពួកគេ។

របាយការណ៍៖ ប្រជាជនជាង២៦០លាននាក់ រងផលប៉ះពាល់ដោយកង្វះស្បៀងធ្ងន់ធ្ងរ

04/25/2026 11:04 AM        51
​របាយការណ៍ថ្មីមួយបានបង្ហាញពីទំហំ និងផលប៉ះពាល់នៃវិបត្តិស្បៀងនៅជុំវិញពិភពលោក។ របាយការណ៍និយាយថា ប្រជាជនចំនួន ២៦៦ លាននាក់បានជួបប្រទះនឹង «កម្រិតខ្ពស់នៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ» ក្នុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញថា ២២,៩ ភាគរយនៃចំនួនប្រជាជននៅក្នុងប្រទេស និងដែនដីចំនួន ៤៧ បានគ្របដណ្តប់នៅក្នុងការតាមដានស្ថានភាព។ សមាមាត្រនេះ បានកើនឡើងជិតទ្វេដង ពីឆ្នាំ ២០១៦។របាយការណ៍នេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រដោយអង្គការស្បៀងអាហារ និងកសិកម្ម និងអង្គការផ្សេងៗទៀត។ របាយការណ៍និយាយថា ជម្លោះ និងអសន្តិសុខ គឺជាកត្តាជំរុញចម្បងនៃកង្វះស្បៀងធ្ងន់ធ្ងរ។ នៅតំបន់ហ្កាហ្សា ប្រជាជនប្រហែល ២ លាននាក់ត្រូវបានគេនិយាយថាបានរងផលប៉ះពាល់។របាយការណ៍និយាយថា ទីផ្សារថាមពល និងជី កំពុងរងផលប៉ះពាល់ដោយជម្លោះនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រហ័រមូស។ របាយការណ៍ព្រមានថា ការរំខានដល់ការដឹកជញ្ជូនដែលនៅតែបន្តអាចបង្កើតហានិភ័យកាន់តែទូលំទូលាយសម្រាប់ទីផ្សារកសិកម្ម និងស្បៀងអាហារពិភពលោក។អ្នកនាំពាក្យរងរបស់អង្គការយូនីសេហ្វ លោក Ricardo Pires បានប្រាប់អ្នកសារព័ត៌មានថា ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៦ «គួរឱ្យព្រួយបារម្ភខ្លាំង»។ លោកក៏បាននិយាយផងដែរថា «ជម្លោះដែលកំពុងកើនឡើង វិបត្តិអាកាសធាតុ និងការរំខានដល់ទីផ្សារពិភពលោក គំរាមកំហែងដល់ការជំរុញឱ្យកុមារកាន់តែច្រើនធ្លាក់ចូលទៅក្នុងស្ថានភាពកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

តុលាការអាមេរិក ច្រានចោលបម្រាមលើអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់លោកTrump ដោយជំរុញឱ្យមានការប្តឹងឧទ្ធរណ៍

04/25/2026 11:04 AM        83
​តុលាការឧទ្ធរណ៍បានចេញសេចក្តីសម្រេចថា បម្រាមលើពាក្យសុំសិទ្ធិជ្រកកោនរបស់លោកប្រធានាធិបតី Donald Trump នៅសហរដ្ឋអាមេរិក គឺខុសច្បាប់ ជាការរារាំងដល់ការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលលោក។នៅក្នុងសេចក្តីសម្រេចមួយ ដែលបានចេញកាលពីថ្ងៃសុក្រ គណៈកម្មការចៅក្រមបីរូបមកពីតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានរកឃើញថា ច្បាប់ដែលមានស្រាប់ ជាច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ផ្តល់សិទ្ធិដល់ប្រជាជនដើម្បីដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅតាមព្រំដែន។លោក Trump បានចេញបម្រាមសិទ្ធិសុំជ្រកកោននៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក។ ប៉ុន្តែតុលាការឧទ្ធរណ៍ បានសួរថាតើការផ្អាកសិទ្ធិជ្រកកោនដោយឯកតោភាគីស្ថិតនៅក្នុងអំណាចរបស់ប្រធានាធិបតី ដែរឬទេ។ សេចក្តីសម្រេចនេះបាននិយាយថា «សភាពុំមានបំណងផ្តល់អំណាចប្រតិបត្តិដកចេញច្បាប់ដ៏ទូលំទូលាយដែលខ្លួនបានអះអាងនោះទេ»។ «ដូច្នេះ សេចក្តីប្រកាស និងការណែនាំ គឺខុសច្បាប់ក្នុងកម្រិតដែលពួកគេគេចវេះនីតិវិធីដកចេញច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) និងទុកមួយឡែកច្បាប់សហព័ន្ធដែលផ្តល់សិទ្ធិដល់បុគ្គលក្នុងការដាក់ពាក្យស្នើសុំ និងត្រូវបានពិចារណាសុំសិទ្ធិជ្រកកោន»។ ខណៈចៅក្រម បានរារាំងក្រឹត្យរបស់លោក Trump វាមិនទាន់ច្បាស់នោះថាតើផលប៉ះពាល់ភ្លាមៗរបស់វានឹងទៅជាយ៉ាងណានោះ។ សេតវិមានបានបង្ហាញសញ្ញារួចហើយថា ខ្លួនមានផែនការប្តឹងឧទ្ធរណ៍។ លោក Trump បានធ្វើឱ្យបញ្ហាអន្តោប្រវេសន៍ក្លាយជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធនាការបោះឆ្នោតឡើងវិញកាលពីឆ្នាំ ២០២៤ របស់លោក ដោយសន្យាថានឹងទប់ស្កាត់អ្វីដែលលោកពិពណ៌នាថាជា «ការឈ្លានពាន» របស់ជនអន្តោប្រវេសន៍ដោយការបិទព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។

រាជរដ្ឋាភិបាលចំណាយថវិកា ៣៥ លានដុល្លារ ដល់អគ្គិសនីប្រើធ្យូងថ្មនិងប្រេង ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច

04/25/2026 11:04 AM        360
រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក ជួយជ្រោមជ្រែងដល់ក្រុមហ៊ុនវិនិយោគលើវិស័យអគ្គិសនីប្រើធ្យូងថ្ម និងប្រេង ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ ជួយទប់លំនឹងការប្រើប្រាស់ថាមពល ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ច និងជីវភាព ប្រជាជនកម្ពុជា។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងអំពីការជួយជ្រោមជ្រែងលើវិស័យអគ្គិសនីរបស់រាជរដ្ឋាភិបាល នៅក្នុងកំឡុងពេលប្រេងឥន្ធនៈឡើងថ្លៃ នៅក្នុងការអញ្ជើញបើកសម្ពោធដាក់ឱ្យដំណើរការរោងចក្រស្លមួយកន្លែង នៅខេត្តកំពង់ធំ ថា ជុំវិញការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មិនថាវិស័យឧស្សាហកម្ម លំនៅឋាន ពាណិជ្ជកម្ម កសិកម្ម និងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ រថយន្តអគ្គិសនី គឺគ្មានរងផលប៉ះពាល់នោះទេ ទាំងបរិមាណនៃការផ្គត់ផ្គត់អគ្គិសនី និងថ្លៃអគ្គិសនី ក្នុងកំឡុងពេលប្រេងឥន្ធនៈឡើង ថ្លៃនេះ។ឯកឧត្តម បន្ថែមថា បញ្ហានេះដែលមិនរងការប៉ះពាល់នេះ ដោយសាររាជរដ្ឋាភិបាលមានអគ្គិសនីកម្ពុជាដែលាបង្អែក និងថាម- ពលភាគច្រើនបានយកចេញពីប្រភពនៅក្នុងប្រទេស។ ឯកឧត្តមបន្តថា ចំពោះការមិនឡើងថ្លៃអគ្គិសនីសម្រាប់ឧស្សាហកម្ម កសិកម្ម លំនៅឋាន ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូននេះជាដើម ដោយរាជរដ្ឋាភិបាលបានចេញជួសអំពីការប៉ះពាល់ខ្លះៗ នៅក្នុងកំឡុងពេល ប្រេងឥន្ធនៈឡើងថ្លៃ ដែលការជួយជ្រោមជ្រែងនេះមានទឹកប្រាក់ប្រមាណ ៣៥ លានដុល្លារអាមេរិក។សូមបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ ពាន់មេហ្កាវ៉ាត់ ក្នុងនោះថាមពលស្អាតមានចំនួន ប្រមាណជាង ៦៣% ដោយបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ។ បញ្ហានេះបើតាមផែនការ កម្ពុជានឹងជំរុញថាមពលស្អាតយ៉ាងតិចដល់ ៧០% នៅត្រឹមឆ្នាំ២០៣០។ ចំណែកបណ្តាញបញ្ជូនអគ្គិសនី វិញ, គិតត្រឹមចុងឆ្នាំ២០២៥ បានកើនដល់ជាង ៤ ពាន់គីឡូម៉ែត្រ និងមានអនុស្ថានីយកើនដល់ ៧៥ (កើនចំនួន៥អនុស្ថានីយ) និង បច្ចុប្បន្នមានខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ អាចផ្តល់ប្រភពអគ្គិសនីដល់រាជធានី/ខេត្ត ទាំងចំនួន២៥ដោយផ្ទាល់៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតអាមេរិកប្រចាំនៅអារ៉ាប់រួម ចេញការព្រមានអំពី «ការគំរាមកំហែងតាមអាកាសដ៏ខ្លាំងក្លា»
05/05/2026 11:05 AM
សេវាតាមដាននាវាដឹកប្រេង៖ អ៊ីរ៉ង់អាចប្រើប្រាស់ការនាំចេញប្រេងដែលផ្លូវទឹកត្រូវបានបិទសម្រាប់ការប្រើប្រាស់ក្នុងស្រុក
05/05/2026 11:05 AM
អធិការបតីអាល្លឺម៉ង់៖ អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការយកពិភពលោកធ្វើជាចំណាប់ខ្មាំង
05/05/2026 11:05 AM
ឧទ្ធម្ភាគចក្រវាយប្រហារ Apache របស់អាមេរិក ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងទូកអ៊ីរ៉ង់
05/05/2026 11:05 AM
មេដឹកនាំអ៊ុយក្រែន ជួបនាយករដ្ឋមន្ត្រីស្លូវ៉ាគី មុនដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងមូស្គូ
05/05/2026 11:05 AM
មនុស្សជាង២០នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីនៅខេត្តហ៊ូណាន ប្រទេសចិន ខណៈលោក Xi អំពាវនាវឱ្យស៊ើបអង្កេត
05/05/2026 11:05 AM
ប្រធានសភាលីបង់ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហេសបូឡា៖គ្មានការចរចាជាមួយអ៊ីស្រាអែលទេរហូតដល់សង្គ្រាមបញ្ចប់
05/05/2026 11:05 AM
អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
05/05/2026 11:05 AM
ខេត្តកណ្តាល និងកំពង់ស្ពឺរំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទះកុមារា ក្នុងការប្រកួត​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំនេះ
05/05/2026 11:05 AM
វ័យទើបតែ ២២ ឆ្នាំ Wu Yize ក្លាយជាកីឡាករស្នូកឃ័រក្មេងបំផុតទីពីរឈ្នះជើងឯកពិភពលោក
05/05/2026 10:05 AM