ស្វែងរក

រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក

04/25/2026 03:04 PM        59
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ប្រទេសទួរគីអាចពិចារណាចូលរួមក្នុងប្រតិបត្តិការដោះមីន នៅច្រកសមុទ្រ Hormuz បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) លោក Fidan បានបញ្ជាក់ថា ក្រុមបច្ចេកទេសមួយ ត្រូវបានគេរំពឹងថា នឹងអនុវត្តការងារដោះមីន នៅក្នុងច្រកសមុទ្រ បន្ទាប់ពីមាននូវកិច្ចព្រមព្រៀងណាមួយ ដោយលោកបានបន្ថែមថា ទួរគីមើលឃើញកិច្ចប្រឹងប្រែងបែបនេះជាសកម្មភាពវិជ្ជមាន ដែលជាកាតព្វកិច្ចមនុស្សធម៌។លោក Fidan បាននិយាយថា ការងារដោះមីនណាមួយ នឹងត្រូវបានអនុវត្តដោយក្រុមបច្ចេកទេសមកពីប្រទេសផ្សេងៗ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកបានបន្ថែមទៀតថា ទួរគីនឹង «មិនមានបញ្ហា» ជាមួយនឹងការចូលរួម ក្នុងប្រតិបត្តិការដោះមីនក្រោមលក្ខខណ្ឌនានាឡើយ។យ៉ាងណាក្ដី លោក Fidan បានព្រមានថា ទួរគីនឹងវាយតម្លៃឡើងវិញនូវជំហររបស់ខ្លួន ប្រសិនបើកក្រុមបច្ចេកទេសចម្រុះណាមួយនាពេលអនាគត ដែលមានការចូលរួមពីប្រទេសនានា បានក្លាយជាភាគីនៃជម្លោះថ្មី។ លោកក៏បានសង្កត់ធ្ងន់ដែរថា លោកជឿជាក់ថា បញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាចត្រូវបានដោះស្រាយនៅក្នុងកិច្ចចរចាជុំបន្ទាប់ នៅក្នុងប្រទេសប៉ាគីស្ថាន៕

អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ

04/25/2026 03:04 PM        65
ក្រុមអ្នកចរចាអាមេរិក គ្រោងនឹងចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ប៉ុន្តែប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួនមិនមានគម្រោងជួបជាមួយអាមេរិក ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យទីផ្សារពិភពលោកច្របូកច្របល់។សេតវិមានបានឲ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff និងកូនប្រសារប្រុស លោក Jared Kushner នឹងចេញដំណើរនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។លោក Araqchi បានទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដហើយ កាលពីថ្ងៃទី២៤ ខែមេសា។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X ថា មន្ត្រីអ៊ីរ៉ង់មិនមានគម្រោងជួបជាមួយតំណាងអាមេរិកទេ ហើយថា ក្ដីបារម្ភរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ជូនទៅអ្នកសម្របសម្រួលប៉ាគីស្ថាន។សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំងដែលនាំឲ្យមានខាតបង់ធំ ដោយអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ភាគច្រើន ដែលជាធម្មតា ១ភាគ៥នៃការដឹកជញ្ជូនប្រេងសកលឆ្លងកាត់ទីនេះ ខណៈដែលសហរដ្ឋអាមេរិករារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ជម្លោះនេះ ដែលចូលដល់សប្តាហ៍ទី៩ បានរុញឲ្យតម្លៃថាមពលហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេលច្រើនឆ្នាំ ដែលធ្វើឲ្យអតិផរណាកើនឡើង និងនាំឲ្យមានការរំពឹងទុក ដែលថា កំណើនសកលកាន់តែស្ថិតក្នុងភាពងងឹត៕

ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

04/25/2026 03:04 PM        131
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមបុគ្គលិកសិក្សា សហជីព និងកម្មករនិយោជិតចំនួនជាង ៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសយកប្រធានបទ «រួមគ្នាកសាងភាពធន់​ដើម្បីការងារ​សមរម្យ» គឺជាប្រធានបទ​ដើម្បីអបអរសាទរ​ទិវាពលកម្មអន្តរជាតិ១ឧសភាដ៏មានសារសំខាន់នាពេលនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិត នៅទូទាំងពិភពលោក ហើយ​ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។ សម្រាប់អ្នកនាំពាក្យរូបនេះ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បី ការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។អ្នកនាំពាក្យក្រសួងការងារដដែលរូបនេះ បន្ថែមថាក្នុងកម្មវិធីស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រី នឹង​ថ្លែងសារសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអង្គពិធីដោយរំលេចនូវ​បង្ហាញពី​វឌ្ឍនភាពនៃវិស័យការងារ និងសមិទ្ធផលកន្លងមក​របស់រាជរដ្ឋាភិបាល​ដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខដើម្បីឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងវិស័យទាំងមូលផងដែរ៕

អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ

04/25/2026 03:04 PM        116
ក្រចេះ ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រេចរុះរើ ទីតាំងលក់ដូរមួយចំនួន នៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងទីតាំងលក់ដូរក្បែរនោះ ស្ថិតនៅលើចំណីផ្លូវសាធារណៈ តាមដងផ្លូវលេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ ~ ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ ។ការចុះអនុវត្តរុះរើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែល ការលក់ដូរលើចំណីផ្លូវបង្កឲ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើ ។ លោក សេក រុន អភិបាលរងស្រុកចិត្របុរី តំណាងលោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បានចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុ-កៅអី គ្រែ-ទូ លក់ដូរ នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកម្លាំងក្រុមការងារ បានធ្វើការណែនាំ មិនអនុញ្ញាតអោយបន្តចូលលក់ជាថ្មីទៀតនោះទេ ដើម្បីបង្ការហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ និងសុវត្ថិភាពចរាចរណ៍ដងផ្លូវ នៅចំណុចស្ពានថ្មី ។ លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា៖ដោយអនុវត្តបទបញ្ជាលោកអភិបាល ខ្ញុំបាទបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុកៅអីគ្រែទូលក់ដូរ នៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលទ្ធផលៈបានរុះរើសម្អាតទាំងស្រុង ពីក្រោមស្ពាន ចំណីស្ពាន ចំណីផ្លូវ និងបានណែនាំ មិនអោយចូលលក់ជាថ្មីនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ សូមយោគយល់ផងបងប្អូនខ្ញុំត្រូវសម្រេចចិត្តជួយរុះរើទាំងបង្ខំបែបនេះហើយ ដោយកន្លងមកបានចុះអប់រំណែនាំបងប្អូនបួនលើករួចមកហើយ រហូតដល់ធ្វើកិច្ចសន្យាជាមួយបងប្អូនថែមទៀត តែបងប្អូនមិនព្រមរុះរើចេញសោះ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈខ្ញុំត្រូវជ្រើសរើសជួយរើទាំងបង្ខំហើយ ព្រោះរថយន្តធំៗណាស់បត់បែនចុះឡើង សូមយោគយល់ ៕ អត្ថបទ ​៖ សេង ម៉រ

ថ្នាក់ដឹកនាំខេត្តកំពតលើកទឹកចិត្តឲ្យនាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព

04/25/2026 03:04 PM        103
កំពត ៖ ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា សកម្មភាពអប់រំកាយ និងកីឡា គោលដៅគឺសុខភាពទាំងផ្លូវកាយ និង ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ ពោលគឺយុវជនម្នាក់ ត្រូវលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត។ ដូច្នេះហើយប្រជាពលរដ្ឋ ពិសេសយុវជន សិស្សានុសិស្សត្រូវនាំគ្នាលេងកីឡា ដើម្បីសុខភាព និងសុខុមាលភាព កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត បង្កើនមិត្តភាព និងសាមគ្គីភាព។ ថ្លែងក្នុងពិធី (បិទ) ការប្រកួតកីឡា សិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានកំពត ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពតបានលើកឡើង ថារាជរដ្ឋាភិបាលបានផ្តល់ការគ្រាំទ្រយ៉ាងខ្លាំង ដល់ការអភិវឌ្ឍន៍កីឡា ដោយកសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំប្រកួតប្រជែងថ្នាក់ជាតិ អន្តរជាតិជាច្រើនដូចជាក្នុងព្រឹត្តិការណ៍ SEA GAME អាស៊ីប៉ារ៉ាហ្គេម បានជំរុញកិត្តិយសជាតិ និងបង្ហាញពីអត្តចរិក និងសមត្ថភាពរបស់កីឡាករកម្ពុជាក្នុងវិស័យកីឡាផងដែរ ។ ជាងនេះទៅទៀត សម្តេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមានសុខភាព និងសុខុមាលភាព កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម មានវិន័យ មានស្មារតីក្រុម គំនិតច្នៃប្រឌិត និងការតស៊ូស្វិតស្វាញ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា វិស័យអប់រំកាយ និង កីឡាបានក្លាយជាសេវាសុខភាព មានតម្លៃដូចសេវាសុខាភិបាលសាធារណៈផងដែរ។ មិនតែប៉ុណ្ណោះ ក្មួយៗ និងប្អូនៗជាសិស្ស ដែលអនុវត្តកីឡាជាប្រចាំអាចជៀសផុតពីអំពើអបាយ មុខផ្សេងៗដូចជា ការប្រើអំពើហឹង្សា ការសេពគ្រឿងញៀន ។ ល ។ ពីព្រោះកីឡានាំឲ្យមានវិន័យ សេចក្តីថ្លៃថ្នូរ និង កិត្តិយស ។ ប្រការទាំងនេះហើយដែលនាំឲ្យក្មួយៗទាំងអស់ អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អទៅថ្ងៃ អនាគត ។ ជាមួយគ្នានេះក្មួយៗជាកីឡាករ កីឡាការិនីដែលជាប់ជ័យលាភីត្រូវបន្តហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមការប្រកួតកីឡាជាតិលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី ៦ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នា ពេលខាងមុខនៅរាជធានីភ្នំពេញដណ្តើម នូវកិត្យានុភាពជូនខេត្តកំពត។ ឯកឧត្តមបានអំពាវនាវ ដល់មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុកទាំងអស់ សូមចូលរួមចំណែកបំផុសចលនាកីឡាឲ្យបានទូលំទូលាយ ជាពិសេសសកម្មភាពអប់រំកាយ និងកីឡា ដើម្បីជាគោលដៅសុខភាពទាំងផ្លូវកាយ និង ប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋ ពោលគឺ យុវជនម្នាក់ត្រូវលេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត។ តាមរបាយការណ៍របស់លោក ខៀវ ធនវុឌ្ឍី ប្រធានស្តីទីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត មានរដ្ឋបាលក្រុង/ស្រុងទាំង០៩ចូលរួម មាន០៥ ប្រភេទកីឡា បាល់ទាត់ (បុរស-នារី) បាល់ទះ (បុរស-នារី) បាល់បោះ (បុរស-នារី) អត្តពលកម្ម ប៊ូល និង ប៉េតង់ ដែលមានកីឡាការចូលរួមប្រកួតទាំងអស់ចំនួន ៨៧២ នាក់(ស្រី ៤៤០ នាក់) ប្រតិភូ គ្រូបង្វឹក ១៩១នាក់ សរុប សរុបទាំងអស់១០៦៣នាក់។ ផ្អែកតាមលទ្ធផលបច្ចេកទេសក្រោយបញ្ចប់ការប្រកួត ស្រុកដងទង់ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ៨ ប្រាក់៦ សំរឹទ្ធិ៤ សរុប១៨មេដាយ តាមពីក្រោយដោយស្រុកកំពង់ត្រាច ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយមាស ៦ ប្រាក់៤ សំរឹទ្ធិ២ សរុប១២មេដាយ និង ស្រុកឈូក ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយមាស ៤ ប្រាក់ ៣ និងសំរឹទ្ធិ៣ សរុប១០មេដាយ៕ អត្ថបទ ៖ អាន សារីម

ការវាយប្រហារដ៏ធំរបស់រុស្ស៊ី លើអ៊ុយក្រែន បណ្ដាលឲ្យមនុស្ស ៤នាក់សា្លប់ និងរាប់សិបនាក់រងរបួស

04/25/2026 02:04 PM        50
ការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ពេញមួយយប់ លើអ៊ុយក្រែន បានបណ្ដាលមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈដែលទីក្រុងមូស្គូ បានប្រើប្រាស់យានដ្រូន និងមីស៊ីលរួមគ្នាជាង ៦៦០ គ្រឿង និងគ្រាប់ នៅក្នុងការបាញ់ស្រោចយ៉ាងសន្ធាប់ ដែលបានកំណត់គោលដៅលើទីក្រុង Dnipro នៅភាគអាគ្នេយ៍អ៊ុយក្រែន និងបានវាយប្រហារតំបន់ជាច្រើនទៀត។តាមរយៈសំណេរនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរៀបរាប់ថា «ស្ទើរតែពេញមួយយប់ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Dnipro និងទីក្រុង និងសហគមន៍ផ្សេងទៀតរបស់យើង» ដោយលោកបានបន្ថែមថា គោលដៅភាគច្រើន គឺជាហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង។ចំណែកអភិបាលតំបន់ លោក Oleksandr Hanzha បានឲ្យដឹងថា សាកសពមនុស្ស ២នាក់ ត្រូវបានទាញយកពីអគារមួយខ្នង ដែលរងគ្រោះដោយការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុង Dnipro ដោយបានបន្តថាមនុស្ស ៥នាក់ផ្សេងទៀត អាចនៅតែជាប់នៅក្នុងគំនរបាក់បែករបស់អគារ។ លោកបានបន្ថែមថា មនុស្ស ២១ នាក់ផ្សេងទៀតនៅក្នុងទីក្រុងបានរងរបួស។នៅភាគខាងជើងតំបន់ Chernihiv ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានសម្លាប់មនុស្ស ២នាក់ ហើយ ៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការឲ្យដឹងពីអភិបាលទីនោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយានដ្រូនចំនួន ៦១៩គ្រឿង និងមីស៊ីល ៤៧គ្រាប់ ដោយបន្ថែមថា ខ្លួន បានបាញ់ទម្លាក់យានដ្រូន ៥៨០គ្រឿង និងមីស៊ីល ៣០គ្រាប់។រុស្ស៊ីបានវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿងជារៀងរាល់យប់ លើអ៊ុយក្រែន ដោយមានបន្ថែមការវាយប្រហារបញ្ចូលគ្នាទ្រង់ទ្រាយធំម្តងម្កាល ដែលប្រើប្រាស់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់៕

កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវប្រាំងជំហ៊ាន២បានជាង៣៥%

04/25/2026 02:04 PM        93
ស្វាយរៀង ៖ លោក ឡឹក សំអុន មេឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះបានប្រាប់ទូរទស្សន៍ BTV ឱ្យដឹងថា កសិករដែលមានដីទំនាប ដីជាប់ប្រពន្ធ័សាស្ត្រ សម្រេចផលិតស្រូវប្រាំជំហ៊ាន២ បានប្រមាណ៣៥% នៃផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ឃុំប្រមាណជាង១ពាន់ហិចតា ។​លោកបានបញ្ជាក់បន្ថែមថា កក្តាដែលកសិករផលិតស្រូវប្រាំងឆ្នាំនេះ អូសបន្លាយពេលដោយប្រេងសាំង ថ្នាំពុលកសិកម្ម និងសម្ភារះផ្សេងៗមានតម្លៃខ្ពស់ ពេលផលិតស្រូវបានប្រឈមតម្លៃស្រូវថោក និងកង្វះទីផ្សារ ទើបកសិករលោកមានការរារែកក្នុងការផលិត ។តាមរបាយការណ៏របស់មន្ទីរកសិកម្មខេត្តដែល BTV ទទួលបាននៅរសៀលថ្ងៃនេះ ដោយគិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នៅទូទាំងខេត្ត កសិករផលិតស្រូវរដូវប្រាំងវគ្គ២ បានចំនួន ២ម៉ឺន០ពាន់៨២១ហិចតា ស្មើនិង៨៦.៧៥% ស្រុកដែលធ្វើបានច្រើនជាងគេគឺស្រុកកំពង់រោទិ និងស្រុកស្វាយជ្រំ ឯស្រុក ក្រុងចំនួន៦ទៀតក្រុមកសិករបាននិងកំពុងបន្តធ្វើដោយលែងរង់ចាំប្រេងសាំង និងសម្ភារៈកសិកម្មចុះថោកដើម្បីផលិតសម្រាំងពូជបន្តធ្វើនៅឆ្នាំបន្ទាប់៕ ដោយ ៖ ភា សារិត

ចំហេះព្រៃរាលដាលនៅភាគអាគ្នេយ៍អាមេរិក ខណៈរដ្ឋ Georgia ខូចខាតទ្រព្យសម្បត្តិច្រើនបំផុត

04/25/2026 02:04 PM        67
អភិបាលរដ្ឋ Georgia (ចចជៀ) លោក Brian Kemp បានប្រកាសអាសន្ន កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) សម្រាប់តំបន់ចំនួន ៩១ នៅក្នុងរដ្ឋនេះ ជាកន្លែងដែលអាជ្ញាធរកំពុងប្រឹងប្រយុទ្ធជាមួយចំហេះព្រៃធំៗ ២ ដែលបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិច្រើនបំផុត ខណៈដែលផ្ទះសម្បែង និងអគារផ្សេងទៀតជាង ១២០ខ្នង ត្រូវបានបំផ្លាញដោយអណ្ដាតភ្លើង។ចំហេះព្រៃនៅតំបន់ Highway 82 និង Pineland Road ដែលការឆាបឆេះមួយបង្កឡើងដោយបាឡុងពិធីជប់លៀង និងមួយទៀតដោយអណ្ដាតភ្លើងរបស់ជាងផ្សារ គឺជាចំហេះព្រៃអាក្រក់បំផុតក្នុងចំណោមភ្លើងឆេះព្រៃរាប់សិបកន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទរដ្ឋ Georgia ជាទីដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងរដ្ឋជិតខាង ដូចជា Florida, South Carolina និង Alabama ជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។មិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នៅក្នុងរដ្ឋ Georgia ដែលរងគ្រោះខ្លាំងជាងគេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ បានបាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី២៣ ខែមេសា បន្ទាប់ពីមានបញ្ហាសុខភាពភ្លាមៗ ដែលមិនត្រូវបានបញ្ជាក់ ខណៈពេលកំពុងប្រយុទ្ធប្រឆាំងនឹងចំហេះព្រៃ នៅភាគខាងជើងរដ្ឋ Florida។គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ចំហេះព្រៃ Highway 82 និង Pineland បានឆេះបំផ្លាញផ្ទៃដីរួមបញ្ចូលគ្នាជាង ១៦០.០០០ហិកតា ដោយបានដុតបំផ្លាញផ្ទះសម្បែង និងសំណង់ផ្សេងៗទៀតយ៉ាងហោចណាស់ ១២២ខ្នង។ នេះបើយោងតាមមន្ត្រីព្រៃឈើរដ្ឋ Georgia។អភិបាលរដ្ឋ បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួននៃការបំផ្លិចបំផ្លាញនេះ បានក្លាយជាការខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ដោយសារព្រឹត្តិការណ៍ចំហេះព្រៃតែមួយ ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Georgia។ លោកបានបន្ថែមថា ផ្ទះជិត ១.០០០ខ្នងទៀត នៅតែរងការគំរាមកំហែង៕

ចិន៖ សេចក្តីព្រាងច្បាប់នាំចេញរបស់អាមេរិក អាចនឹងបង្កជាការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប

04/25/2026 02:04 PM        54
ប្រទេសចិនបានលើកឡើងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ដល់ផែនការនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានជំរុញសេចក្តីព្រាងច្បាប់គ្រប់គ្រងការនាំចេញដែលផ្តោតលើបន្ទះឈីប ដែលទីក្រុងប៉េកាំង បានព្រមានថា អាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ប្រសិនបើត្រូវបានអនុម័ត។ទីក្រុងប៉េកាំងបានពិពណ៌នាអំពីចំណាត់ការរបស់សមាជិកសភាអាមេរិកថា ជាការពង្រីកអត្ថន័យសន្តិសុខជាតិ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការទប់ស្កាត់ពាណិជ្ជកម្ម ហើយបានបញ្ជាក់ថា ការប្រើប្រាស់ការគ្រប់គ្រងការនាំចេញមិនត្រឹមត្រូវ នឹងធ្វើឲ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ និងប៉ះពាល់ដល់ឧស្សាហកម្មបន្ទះឈីបសកល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ។ប្រទេសចិនបានសង្កត់ធ្ងន់ថា ខ្លួននឹងវាយតម្លៃដោយប្រុងប្រយ័ត្ន អំពីផលប៉ះពាល់លើផលប្រយោជន៍ជាតិរបស់ខ្លួន ប្រសិនបើសេចក្តីព្រាងច្បាប់ត្រូវបានអនុម័ត ហើយបានប្ដេជ្ញាថា នឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនក្នុងស្រុក តែមិនបានរៀបរាប់លម្អិត អំពីវិធានការតបតដែលអាចកើតមាននោះឡើយ។គួរបញ្ជាក់ថា គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក បានជំរុញសេចក្តីព្រាងច្បាប់គ្រប់គ្រងការនាំចេញរបស់គណបក្សទាំង២ កាលពីថ្ងៃទី២២ ខែមេសា ដោយបញ្ជាក់ពីការមានបំណងកាន់តែខ្លាំងឡើងនៅក្នុងសភា ក្នុងការពង្រឹងការរឹតត្បិត លើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាបន្ទះឈីបដែលមានលំហូរទៅកាន់ប្រទេសចិន ទោះបីជារដ្ឋបាលរបស់លោកប្រធានធិបតី Donald Trump រហូតមកដល់ពេលនេះ បានចៀសវាងការដាក់កម្រិតសំខាន់ថ្មីក៏ដោយ៕

អ៊ីរ៉ង់នឹងផ្តល់ការស្នើដែលមានគោលបំណងបំពេញតាមការទាមទាររបស់អាមេរិក

04/25/2026 01:04 PM        22
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) ថា ប្រទេសអ៊ីរ៉ង់គ្រោងផ្ដល់ការស្នើដែលមានគោលបំណងបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ខណៈដែលការចរចារវាងភាគីទាំង២ ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមមានឡើងវិញ នៅប៉ាគីស្ថាន។ក្នុងអំឡុងពេលផ្ដល់សម្ភាសន៍តាមទូរស័ព្ទ លោក Trump បាននិយាយថា «ពួកគេកំពុងផ្ដល់ការស្នើរបស់ពួកគេ ហើយយើងនឹងត្រូវរង់ចាំមើល»។ តែយ៉ាងណាក្ដី លោកបានបញ្ជាក់ថា លោកមិនទាន់ដឹងថា តើការស្នើនោះជាអ្វីនៅឡើយទេ។នៅពេលត្រូវបានសួរថា តើអ្នកណាដែលសហរដ្ឋអាមេរិកកំពុងចរចាជាមួយនោះ លោក Trump បានឆ្លើយថា៖ «ខ្ញុំមិនចង់និយាយរឿងនោះទេ ប៉ុន្តែឥឡូវនេះ យើងកំពុងដោះស្រាយជាមួយបុគ្គលដែលទទួលខុសត្រូវ»។លោក Trump មានគម្រោងបញ្ជូនបេសកជនពិសេស លោក Steve Witkoff និងលោក Jared Kushner ទៅពិភាក្សាជាមួយលោក Abbas Araghchi នៅទីក្រុងអ៊ីស្លាម៉ាបាដ ហើយអ្នកទាំង២ នឹងចេញដំណើរនៅព្រឹកថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។គួរបញ្ជាក់ថា សារព័ត៌មាន Reuters បានរាយការណ៍មុននេះថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Araghchi ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីសំណើ សម្រាប់ការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញជាមួយសហរដ្ឋអាមេរិក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ ចារកម្មអាមេរិកបង្ហាញពីការខូចខាតថ្មីមានកម្រិតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/05/2026 05:05 PM
ប្រមុខ IMF ព្រមានពី «ផលវិបាកអាក្រក់ទៅៗ» បើសង្គ្រាមនៅមជ្ឈិមបូព៌ា អូសបន្លាយដល់ឆ្នាំ២០២៧
05/05/2026 05:05 PM
អ្នកវិភាគ៖ សហរដ្ឋអាមេរិកមានគោលបំណង «បំផ្លាញអនាគតរបស់អ៊ីរ៉ង់»
05/05/2026 05:05 PM
ការវិភាគ៖ ការបន្ថយកងទ័ពរបស់លោក Trump នៅអាល្លឺម៉ង់ បង្ហាញពីកង្វះកិច្ចប្រឹងប្រែងរបស់ណាតូ
05/05/2026 05:05 PM
PCO៖ កិច្ចប្រជុំកំពូលអាស៊ាន២០២៦ នឹងផ្តោតលើសន្តិសុខថាមពល និងភាពធន់នឹងគ្រោះមហន្តរាយ
05/05/2026 05:05 PM
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ
05/05/2026 05:05 PM
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៖ ជនស៊ីវិល ៥នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកដឹកទំនិញ
05/05/2026 05:05 PM
ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌
05/05/2026 05:05 PM
ការវិភាគ៖ រុស្ស៊ីបាត់បង់ទឹកដី នៅអ៊ុយក្រែន ក្នុងខែមេសា ជាលើកដំបូងតាំងពីពាក់កណ្តាលឆ្នាំ២០២៣
05/05/2026 05:05 PM
អាមេរិកបំផ្លាញទូកតូចៗរបស់អ៊ីរ៉ង់ ៦គ្រឿង បាញ់ទម្លាក់មីស៊ីល និងយានដ្រូន ខណៈបើកច្រកសមុទ្រ Hormuz
05/05/2026 05:05 PM