ស្វែងរក

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក

04/25/2026 05:04 PM        76
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រមុខកងទ័ពប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir នៅទីក្រុងអ៊ីស្លាម៉ាបាដ នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ស្របពេលមានកិច្ចប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣សប្តាហ៍របស់គូជម្លោះទាំង២។យោងតាមវីដេអូខ្លីមួយដែលបានបង្ហោះដោយស្ថានទូតអ៊ីរ៉ង់ នៅលើវេទិកាបណ្ដាញសង្គម X បានបង្ហាញថា កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម លោកឧត្តមសេនីយ៍ឯក Asim Malik អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam។បើទោះបីជាស្ថានទូតមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ ក៏ប្រភពពីប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Anadolu ថា ភាគីទាំង២ បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលទ្ធភាពដែលអាចមានកិច្ចចរចាជុំទី២ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។លោក Araghchi បានទៅដល់ប៉ាគីស្ថានកាលពីយប់ថ្ងៃសុក្រ សម្រាប់អ្វីដែលមន្ត្រីប៉ាគីស្ថាន លើឡើងថា អាចបើកផ្លូវឲ្យមានការចរចាជុំទី២។ ជុំទី១ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពី ២សប្តាហ៍មុន ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីឡើយ។ កិច្ចពិភាក្សាទាំងនោះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលក្រោយមកត្រូវបានពន្យារដោយប្រធានាធិបតីអាមេរិកលោក Donald Trump៕

អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល

04/25/2026 05:04 PM        82
តុលាការបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រហារជីវិតបុរសម្នាក់ពីបទអនុវត្ត «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ក្នុងអំឡុងពេលមានការតវ៉ាទ្រង់ទ្រាយធំ កាលពីខែមករា។នេះគឺជាការប្រហារជីវិតចុងក្រោយបំផុត ក្នុងចំណោមការប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ គេហទំព័រ Mizan Online របស់តុលាការ បានឲ្យដឹងថា លោក Erfan Kiani ត្រូវបានព្យួរក បន្ទាប់ពីការកាត់ទោសរបស់លោក ត្រូវបានអះអាងមិនផ្លាស់ប្ដូរដោយតុលាការកំពូលរបស់ប្រទេស។គេហទំព័រនេះបានពិពណ៌នាអំពីលោក Kiani ថា ជា «អ្នកប្រតិបត្តិការដ៏សំខាន់» ម្នាក់ នៅក្នុង «បេសកកម្មដែលប្រគល់ឲ្យដោយទីភ្នាក់ Mossad» ក្នុងអំឡុងពេលមានភាពចលាចល នៅភាគកណ្តាលខេត្ត Isfahan របស់អ៊ីរ៉ង់។តុលាការបានចោទប្រកាន់រូបគេពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន សកម្មដុតបំផ្លាញ កាន់កាប់ និងប្រើប្រាស់គ្រាប់បែកភ្លើង កាន់អាវុធចុងស្រុច បិទផ្លូវយានយន្ត វាយប្រហារមន្ត្រី ហើយបានបង្កជាការភ័យខ្លាច និងការភ័យស្លន់ស្លោ ក្នុងចំណោមប្រជាពលរដ្ឋ»។ការប្រហារជីវិតរបស់គេ បានកើតឡើងបន្ទាប់ពីមានការកាត់ទោសដោយព្យួរកនេះ កាលថ្ងៃទី២៣ ខែមេសា ចំពោះបុរសម្នាក់ទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលត្រូវបានផ្ដន្ទាទោសពីបទចូលជាសមាជិកនៃក្រុមប្រឆាំងដែលត្រូវបានហាមឃាត់៕

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ

04/25/2026 05:04 PM        129
កំពង់ចាម ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្រើនរំលឹកដល់មន្ត្រីទាំងអស់នៅមូលដ្ឋានយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដោយបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព លុបបំបាត់សកម្មភាពអាណាធិបតេយ្យ និងបទល្មើសផ្សេងៗ ពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) ។ ប្រសាសន៍ក្រើនរំលឹករបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍ថា ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។ សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនីមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយជាប់ជាប្រចាំ ។ ទោះដោយតម្លៃណាក៏ដោយ ត្រូវបង្ក្រាបករណីបទល្មើសអនឡាញកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជាព្រោះវាគ្រោះថ្នាក់ដល់ជាតិ និងខូចកិត្តិយសជាតិ។ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានក្រើនរំលឹកដល់មន្ត្រីខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាជន។សម្តេចតេជោបានណែនាំដល់ មេឃុំ ជំទប់​ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលនៅជិតជាមួយប្រជាជនត្រូវធ្វើការងារអោយបានល្អ គ្រប់ផ្នែកក៏ដូចគ្នាគឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។ សម្តេចតេជោក្រើនរលឹកថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេ ត្រូវចាត់ទុកថាខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន​។ ការផ្តល់សេវាសាធារណៈនៅតែជាបញ្ហាសំខាន់ សូមបន្តខិតខំធ្វើ និងបម្រើដល់ប្រជាពលរដ្ឋអោយបានល្អ ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន៕ ដោយ ៖ ពៅ រក្សា  

សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន

04/25/2026 04:04 PM        126
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំខេត្តកំពង់ចាម យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែទាំដល់អតីតយុទ្ធជន និងនិវត្តជនដែលមាននៅក្នុងមូលដ្ឋាន។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម ចំនួន១១៩៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ។សម្តេចតេជោ មានប្រសាសន៍រលឹកថា ឆ្នាំកន្លងទៅយើងបានច្របាច់បញ្ចូលគ្នា ដោយសារយើងមានសមាគមអតីតយុទ្ធជន ប៉ុន្តែយើងមិនមានសមាគមអតីតនិវត្តជននោះទេ ទើបបានជាយើងធ្វើមហាសន្និបាតមួយរៀបចំបញ្ចូលរវាងយុទ្ធជន និងនិវត្តជន។ សម្តេចតេជោបញ្ជាក់ថា «សូមកុំភ្លេចថាអតីតយុទ្ធជន និងនិវត្តជនត្រូវជួយពួកគាត់ ត្រូវមើលថែពួកគាត់ និងផ្តល់កិត្តិយសដល់ពួកគាត់។ ថ្ងៃបុណ្យថ្ងៃទាន ដូចជា៧មករាជាដើម អញ្ជើញពួកគាត់មកចូលរួមក្នុងឋានៈជាចាស់ទុំ ហើយជួនកាល១ឆ្នាំអាចចំណាយពេលធ្វើកម្មវិធីជួបពួកគាត់ម្តង ឬអញ្ជើញពួកគាត់មកសំណេះសំណាល ដែលពួកគាត់នោះហើយជាអ្នកដឹកដៃពួកយើងជំនាន់ក្រោយនេះ.....»។ សម្តេចតេជោបន្តថា «ពិតមែនតែពួកគាត់មិនឡើងថ្នាក់ធំដូចយើង ប៉ុន្តែកុំភ្លេចសិស្សសាលាខ្លះបង្អាប់គ្រូខ្លួនឯង មើលងាយគ្រូ តែមិនដឹងថាតម្លៃនៃគ្រូបង្រៀនថ្នាក់បឋមទើបអាចអោយយើងអាចទទួលបានបរិញ្ញាបត្រ។ ដូចគ្នានេះដែរមានមន្ត្រីជាន់មុនទោះសមត្ថភាព កម្រិតវប្បធម៌ទាប ប៉ុន្តែពួកគាត់នោះហើយដែលជារបាំងការពារក្នុងដំណាក់កាលសង្គ្រាម មានអាសន្នអន់ក្រ ទឹកជំនន់រាំងស្ងួតជាដើម ទើបបានយើងធ្វើសុខដុមនីយកម្ម​នៃស្ថានភាពចម្រុះ រវាងក្មេង ចាស់ ហើយជីវភាពពួកគាត់ខ្លះ មិនខ្សត់ខ្សោយពេកទេ តែយើងអាចយកយោបល់ពីពួកគាត់ ឬរៀបចំការជួបជុំណាមួយជាមួយពួកគាត់....»។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិតឱ្យពង្រីកវិសាលភាព នៃសមាគមអតីតយុទ្ធជនកម្ពុជា ដោយបញ្ចូលនិវត្តជនជាមន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ចូលជាសមាជិកនៃសមាគម ដោយប្រែក្លាយទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ការរៀបចំបញ្ចូលគ្នា ឱ្យមាននូវក្របខណ្ឌនៃអតីតយុទ្ធជន និងនិវត្តជន នៅក្រោមដំបូលតែមួយនេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងការចូលរួមជាបន្តទៀត របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីធ្វើដំណើររួមគ្នា​៕ អត្ថបទ៖ ពៅ រក្សា

មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា

04/25/2026 04:04 PM        65
នគរបាលបានឲ្យដឹងថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងក្រុមជនជាតិភាគតិចដែលមានអរិភាពជាមួយគ្នា នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ប្រទេសឥណ្ឌា បានបណ្ដាលឲ្យបុរស ៣នាក់បាត់បង់ជីវិត ដោយនេះគឺជាភាពចលាចលចុងក្រោយបំផុត នៅក្នុងតំបន់ដាច់ស្រយាល។រដ្ឋ Manipur បានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាប្រចាំអស់រយៈពេលជិត ៣ឆ្នាំមកហើយ រវាងជនជាតិភាគតិច Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងសហគមន៍ Kuki ដែលភាគច្រើនជាគ្រិស្តបរិស័ទ ជាជម្លោះដែលបានឆក់យកជីវិតមនុស្សជាង ២៥០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នគរបាលរដ្ឋ Manipur បានឲ្យដឹងថា៖ «នៅក្នុងហេតុការបាញ់ប្រហារតគ្នាទៅវិញទៅមកដ៏ខ្លាំងមួយ មនុស្ស ៣នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយបានបាត់បង់ជីវិត»។ការប៉ះទង្គិចគ្នាបានកើតឡើងនៅភូមិ Mullam ក្នុងតំបន់ Ukhrul ហើយនគរបាលមិនបានបញ្ជាក់ថា តើបុរសទាំងនោះមកពីសហគមន៍ណានោះទេ។នគរបាលបានបន្ថែមថា៖ «វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវអំពើហិង្សាបន្ថែមទៀត។ ប្រតិបត្តិការរឹតបន្តឹងនៅតែដំណើរការដដែល»៕

របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក

04/25/2026 04:04 PM        76
របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ បាននិយាយថា សមត្ថភាពមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ មិនត្រូវបានប្រើប្រាស់នោះឡើយ នៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។លោកឧត្តមសេនីយ៍ Reza Talaei-Nik បាននិយាយថា «ផ្នែកសំខាន់នៃសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ នៅតែមិនទាន់ប្រើប្រាស់នោះទេ»។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការមួយនេះ។ដោយលើកឡើងថា កងកម្លាំងអ៊ីរ៉ង់ បន្តរក្សាបាននូវឧត្តមភាពពេញមួយជម្លោះនេះ លោក Talaei-Nik បានបញ្ជាក់ថា៖ «កងកម្លាំងរបស់យើងបន្តរក្សាបាននូវឧត្តមភាពផ្លូវអាកាសទាំងស្រុង លើទឹកដីកាន់កាប់ដោយក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ហើយផ្នែកខ្លះប៉ុណ្ណោះនៃសមត្ថភាពមីស៊ីលរបស់យើង ត្រូវបានប្រើប្រាស់ក្នុងអំឡុងសង្គ្រាម ៤០ថ្ងៃ»។ទាក់ទងនឹងការប្រឈមមុខដាក់គ្នាខាងកងទ័ពជើងទឹក ឧត្តមសេនីយ៍រូបនេះបានអះអាងថា នាវាចម្បាំងដែលមានអរិភាព បានដកថយរាប់រយគីឡូម៉ែត្រពីសមុទ្រអូម៉ង់ម្តងហើយម្តងទៀត អំឡុងពេលមានការឆ្លើយតបទៅនឹងសកម្មភាពយ៉ាងដាច់ណាត់ដោយកងកម្លាំងអ៊ីរ៉ង់។ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើ និងធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំង អំពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង៕

រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក

04/25/2026 03:04 PM        59
រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយថា ប្រទេសទួរគីអាចពិចារណាចូលរួមក្នុងប្រតិបត្តិការដោះមីន នៅច្រកសមុទ្រ Hormuz បន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) លោក Fidan បានបញ្ជាក់ថា ក្រុមបច្ចេកទេសមួយ ត្រូវបានគេរំពឹងថា នឹងអនុវត្តការងារដោះមីន នៅក្នុងច្រកសមុទ្រ បន្ទាប់ពីមាននូវកិច្ចព្រមព្រៀងណាមួយ ដោយលោកបានបន្ថែមថា ទួរគីមើលឃើញកិច្ចប្រឹងប្រែងបែបនេះជាសកម្មភាពវិជ្ជមាន ដែលជាកាតព្វកិច្ចមនុស្សធម៌។លោក Fidan បាននិយាយថា ការងារដោះមីនណាមួយ នឹងត្រូវបានអនុវត្តដោយក្រុមបច្ចេកទេសមកពីប្រទេសផ្សេងៗ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីអាចសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោកបានបន្ថែមទៀតថា ទួរគីនឹង «មិនមានបញ្ហា» ជាមួយនឹងការចូលរួម ក្នុងប្រតិបត្តិការដោះមីនក្រោមលក្ខខណ្ឌនានាឡើយ។យ៉ាងណាក្ដី លោក Fidan បានព្រមានថា ទួរគីនឹងវាយតម្លៃឡើងវិញនូវជំហររបស់ខ្លួន ប្រសិនបើកក្រុមបច្ចេកទេសចម្រុះណាមួយនាពេលអនាគត ដែលមានការចូលរួមពីប្រទេសនានា បានក្លាយជាភាគីនៃជម្លោះថ្មី។ លោកក៏បានសង្កត់ធ្ងន់ដែរថា លោកជឿជាក់ថា បញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់អាចត្រូវបានដោះស្រាយនៅក្នុងកិច្ចចរចាជុំបន្ទាប់ នៅក្នុងប្រទេសប៉ាគីស្ថាន៕

អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ

04/25/2026 03:04 PM        65
ក្រុមអ្នកចរចាអាមេរិក គ្រោងនឹងចាកចេញទៅកាន់ប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ប៉ុន្តែប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា មន្ត្រីរបស់ខ្លួនមិនមានគម្រោងជួបជាមួយអាមេរិក ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យទីផ្សារពិភពលោកច្របូកច្របល់។សេតវិមានបានឲ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff និងកូនប្រសារប្រុស លោក Jared Kushner នឹងចេញដំណើរនៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។លោក Araqchi បានទៅដល់រដ្ឋធានីអ៊ីស្លាម៉ាបាដហើយ កាលពីថ្ងៃទី២៤ ខែមេសា។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម X ថា មន្ត្រីអ៊ីរ៉ង់មិនមានគម្រោងជួបជាមួយតំណាងអាមេរិកទេ ហើយថា ក្ដីបារម្ភរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ជូនទៅអ្នកសម្របសម្រួលប៉ាគីស្ថាន។សេតវិមានមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញសេចក្តីថ្លែងការណ៍របស់អ៊ីរ៉ង់។ ទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ កំពុងស្ថិតក្នុងភាពជាប់គាំងដែលនាំឲ្យមានខាតបង់ធំ ដោយអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ភាគច្រើន ដែលជាធម្មតា ១ភាគ៥នៃការដឹកជញ្ជូនប្រេងសកលឆ្លងកាត់ទីនេះ ខណៈដែលសហរដ្ឋអាមេរិករារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ជម្លោះនេះ ដែលចូលដល់សប្តាហ៍ទី៩ បានរុញឲ្យតម្លៃថាមពលហក់ឡើងដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ក្នុងរយៈពេលច្រើនឆ្នាំ ដែលធ្វើឲ្យអតិផរណាកើនឡើង និងនាំឲ្យមានការរំពឹងទុក ដែលថា កំណើនសកលកាន់តែស្ថិតក្នុងភាពងងឹត៕

ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិប្រមាណជាង ៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

04/25/2026 03:04 PM        131
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមបុគ្គលិកសិក្សា សហជីព និងកម្មករនិយោជិតចំនួនជាង ៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសយកប្រធានបទ «រួមគ្នាកសាងភាពធន់​ដើម្បីការងារ​សមរម្យ» គឺជាប្រធានបទ​ដើម្បីអបអរសាទរ​ទិវាពលកម្មអន្តរជាតិ១ឧសភាដ៏មានសារសំខាន់នាពេលនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិត នៅទូទាំងពិភពលោក ហើយ​ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។ សម្រាប់អ្នកនាំពាក្យរូបនេះ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បី ការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។អ្នកនាំពាក្យក្រសួងការងារដដែលរូបនេះ បន្ថែមថាក្នុងកម្មវិធីស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រី នឹង​ថ្លែងសារសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអង្គពិធីដោយរំលេចនូវ​បង្ហាញពី​វឌ្ឍនភាពនៃវិស័យការងារ និងសមិទ្ធផលកន្លងមក​របស់រាជរដ្ឋាភិបាល​ដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខដើម្បីឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងវិស័យទាំងមូលផងដែរ៕

អាជ្ញាធរស្រុកចិត្របុរី ចុះរុះរើទីតាំងលក់ដូរនៅទីតាំងក្រោមស្ពានមិត្តភាពមេគង្គក្រចេះ

04/25/2026 03:04 PM        116
ក្រចេះ ៖ គណៈបញ្ជាការឯកភាពស្រុកចិត្របុរី បានចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងសម្រេចរុះរើ ទីតាំងលក់ដូរមួយចំនួន នៅក្រោមស្ពានមិត្តភាពចិន-កម្ពុជា មេគង្គក្រចេះ និងទីតាំងលក់ដូរក្បែរនោះ ស្ថិតនៅលើចំណីផ្លូវសាធារណៈ តាមដងផ្លូវលេខ ៣៧៧ (ខ្សែផ្លូវ ក្រចេះ ~ ឆ្លូង) ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយឡើងវិញ ។ការចុះអនុវត្តរុះរើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីអាជ្ញាធរស្រុកបានចុះធ្វើកិច្ចសន្យាណែនាំរួចរាល់តាំងពីដើមខែមេសា ប៉ុន្តែអាជីវករមួយចំនួននៅតែបន្តការលក់ដូរដដែល ការលក់ដូរលើចំណីផ្លូវបង្កឲ្យមានការកកស្ទះ និងងាយរងគ្រោះថ្នាក់ដល់ទាំងអ្នកលក់ អ្នកធ្វើដំណើ ។ លោក សេក រុន អភិបាលរងស្រុកចិត្របុរី តំណាងលោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព បានចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុ-កៅអី គ្រែ-ទូ លក់ដូរ នៅចំណុចស្ពានថ្មី ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកម្លាំងក្រុមការងារ បានធ្វើការណែនាំ មិនអនុញ្ញាតអោយបន្តចូលលក់ជាថ្មីទៀតនោះទេ ដើម្បីបង្ការហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ និងសុវត្ថិភាពចរាចរណ៍ដងផ្លូវ នៅចំណុចស្ពានថ្មី ។ លោក សេក រុន អភិបាលរងស្រុកចិត្របុរី បានឲ្យដឹងថា៖ដោយអនុវត្តបទបញ្ជាលោកអភិបាល ខ្ញុំបាទបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះរៀបចំសណ្តាប់ធ្នាប់ និងរុះរើដោយបង្ខំ តុកៅអីគ្រែទូលក់ដូរ នៅចំណុចស្ពានថ្មី ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ជាលទ្ធផលៈបានរុះរើសម្អាតទាំងស្រុង ពីក្រោមស្ពាន ចំណីស្ពាន ចំណីផ្លូវ និងបានណែនាំ មិនអោយចូលលក់ជាថ្មីនិងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដល់អ្នកលក់ដូរ សូមយោគយល់ផងបងប្អូនខ្ញុំត្រូវសម្រេចចិត្តជួយរុះរើទាំងបង្ខំបែបនេះហើយ ដោយកន្លងមកបានចុះអប់រំណែនាំបងប្អូនបួនលើករួចមកហើយ រហូតដល់ធ្វើកិច្ចសន្យាជាមួយបងប្អូនថែមទៀត តែបងប្អូនមិនព្រមរុះរើចេញសោះ ដើម្បីសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈខ្ញុំត្រូវជ្រើសរើសជួយរើទាំងបង្ខំហើយ ព្រោះរថយន្តធំៗណាស់បត់បែនចុះឡើង សូមយោគយល់ ៕ អត្ថបទ ​៖ សេង ម៉រ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM