ស្វែងរក

អាមេរិក៖ កីឡាករអ៊ីរ៉ង់ត្រូវបានស្វាគមន៍នៅ World Cup អំឡុងមានពាក្យចចាមអារ៉ាម ពាក់ព័ន្ធអ៊ីតាលី

04/24/2026 03:04 PM        108
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា កីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវបានស្វាគមន៍នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដោយបដិសេធពីការលើកឡើងដែលថា សហរដ្ឋអាមេរិកអាចយកអ៊ីតាលីជំនួសកន្លែងរបស់ពួកគេ នៅក្នុងការប្រកួត។អំឡុងពេលនិយាយទៅកាន់អ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval Office លោក Rubio បានបដិសេធថា ទីក្រុងវ៉ាស៊ីនតោនមិនបានស្នើសុំឲ្យក្រុមអ៊ីរ៉ង់កុំឲ្យមកចូលរួមព្រឹត្តិការណ៍ World Cup នោះឡើយ ប៉ុន្តែបានព្រមានថា សហរដ្ឋអាមេរិកអាចនឹងហាមឃាត់មិនឲ្យចូល ចំពោះសមាជិកនៃគណៈប្រតិភូអ៊ីរ៉ង់ ដែលខ្លួនវិនិច្ឆ័យថា មានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលជាច្រើនទៀត។លោកបានបន្ថែមថា៖ «បញ្ហាជាមួយអ៊ីរ៉ង់ វាមិនមែនជាបញ្ហាអត្តពលិកទេ វាគឺជាបញ្ហាជាមួយមនុស្សមួយចំនួនផ្សេងទៀត (ដែលពួកគេ) ចង់ធ្វើដំណើរមកជាមួយ ដែលខ្លះមានទំនាក់ទំនងជាមួយ IRGC។ យើងប្រហែលជាមិនអាចអនុញ្ញាតឲ្យពួកគេចូលប្រទេសបានទេ ប៉ុន្តែអត្តពលិកផ្ទាល់ មិនមានបញ្ហាទេ»។គួរបញ្ជាក់ថា លោក Rubio បានឆ្លើយតបទៅនឹងការរាយការណ៍ ជុំវិញសំណើពីបេសកជនពិសេសអាមេរិកដែលកើតនៅប្រទេសអ៊ីតាលី គឺលោក Paolo Zampolli ដែលបានប្រាប់សារព័ត៌មាន Financial Times ថា លោកបានលើកឡើងនូវគំនិត ក្នុងការយកក្រុមជម្រើសជាតិអ៊ីតាលី ជំនួសកន្លែងប្រកួតបាល់ទាត់ពិភពលោករបស់អ៊ីរ៉ង់ទៅប្រធានាធិបតីអាមេរិក លោក Donald Trump និង FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ)។ សំណើនេះត្រូវបានរដ្ឋាភិបាលអ៊ីតាលី និងរដ្ឋមន្ត្រីកីឡា បដិសេធមិនទទួលយក កាលពីព្រឹកថ្ងៃព្រហស្បតិ៍៕

ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

04/24/2026 03:04 PM        830
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី ១នាក់ និងផ្កាយពីរ១នាក់​ ពី​បទ​ស៊ី​សំណូក​, បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​ ៤នាក់ផ្សេងទៀតត្រូវចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទ​សម​គំនិត​ក្នុង​អំពើ​សម្អាត​ប្រាក់​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង​ពី​បទ​សូក​ប៉ាន់​។លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានប្រាប់ BTV នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៦ នេះថា ករណីនេះ តំណាងអយ្យការបនសម្រចបើកការស៊ើបសួរលើមនុស្សចំនួន ៤នាក់មានដូចជា៖ ១- ឈ្មោះ អ៊ុក ហៃសីឡា ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។២-ឈ្មោះ សរ សំណាង ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និង​បំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។៣-ឈ្មោះ កូ ពិសី , ៤-ឈ្មោះ យ៉ាត កុសល ហៅ អួង ពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និង​បទ​សម​គំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។៥-ឈ្មោះ មាស ម៉ារិន ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និង បទ​សម្អាត​ប្រាក់ តាមមាត្រា ២៨, មាត្រា ២៩ , មាត្រា ៥៩៤ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។៦-ឈ្មោះ HOANG CHI PHU ហៅ Tony ឬហៅ Nam ភេទប្រុស ជនជាតិវៀតណាម។ (គេចខ្លួន)ពីបទ សូកប៉ាន់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។សូម​ជម្រាបថា ជនសង្ស័យទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាប​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នក​ពាក់​ព័ន្ធ​សរុ​បចំនួន​៤​នាក់ ​ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព

ប្រព័ន្ធផ្សព្វផ្សាយ៖ នាវាដឹកទំនិញអ៊ីរ៉ង់ទៅដល់កំពង់ផែ ក្រោយមានការប៉ុនប៉ងរឹបអូសដោយអាមេរិក

04/24/2026 03:04 PM        100
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា នាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿងដែលដឹកអង្ករ បានទៅដល់កំពង់ផែហើយ បន្ទាប់ពីមានការរាយការណ៍ពីការប៉ុនប៉ងរឹបអូសរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រអូម៉ង់។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានឲ្យដឹងថា នាវាដឹកទំនិញ បានឆ្លងកាត់សមុទ្រអូម៉ង់ដោយសុវត្ថិភាពមុនពេលទៅដល់កំពង់ផែ។ សារព័ត៌មាននេះបានបន្ថែមថា នាវានេះត្រូវបានអមដំណើរដោយអង្គភាពកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។អ៊ីរ៉ង់បានបញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ១គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ និងព្រមានសងសឹកវិញ។កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ដែលបានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។ប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣.៣០០នាក់ មុនពេលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការពន្យារបទឈប់បាញ់ដោយគ្មានកំណត់នៅថ្ងៃទី២១ ខែមេសា៕

នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក ទៅដល់តំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការកណ្តាល

04/24/2026 03:04 PM        101
នាវាផ្ទុកយន្តហោះទី៣ របស់សហរដ្ឋអាមេរិក គឺ USS George H.W. Bush (Bush) កម្រិត Nimitz (នាវាកម្រិតធំ) និងនាវាចម្បាំងអមដំណើរ បានទៅដល់តំបន់ទទួលខុសត្រូវដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការប្រកាសរបស់ទីបញ្ជាការនេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦)។ទីបញ្ជាការនេះ បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា នាវា Bush ដែលបានចាកចេញពីទីតាំងកងទ័ពជើងទឹក Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីចុងខែមីនា ឥឡូវនេះកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា។ បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ ២គ្រឿងផ្សេងទៀតដែលបានដាក់ពង្រាយរួចហើយ នៅតំបន់មជ្ឈិមបូព៌ា គឺ USS Abraham Lincoln និង USS Gerald R. Ford កំពុងស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងសមុទ្រក្រហម រៀងៗខ្លួន។ប្រព័ន្ធផ្សព្វផ្សាយ CNN កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកមួយរូប បានរាយការណ៍ថា គិតត្រឹមថ្ងៃចន្ទ នៅពេលដែលនាវា Bush កំពុងធ្វើដំណើរ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មាននាវាចម្បាំងចំនួន ១៩គ្រឿងហើយ នៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមទាំងនាវាផ្ទុកយន្តហោះ ២គ្រឿង និងនាវា ៧គ្រឿង នៅមហាសមុទ្រឥណ្ឌា។កងកម្លាំងសហរដ្ឋអាមេរិកបានបង្វែរទិសដៅនាវាយ៉ាងហោចណាស់ ៣៣គ្រឿង ទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីពួកគេបានចាប់ផ្តើមអនុវត្តការបិទខ្ទប់ នៅថ្ងៃទី១៣ ខែមេសា៕

រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អ៊ីស្រាអែលរង់ចាំភ្លើងខៀវពីអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់វិលទៅយុគថ្មរំលីងវិញ

04/24/2026 03:04 PM        122
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា) បាននិយាយថា អ៊ីស្រាអែល «ត្រៀមរួចជាស្រេច ដើម្បីចាប់ផ្ដើមសង្គ្រាមឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់» ដោយបន្ថែមថា ប្រទេសរបស់លោក កំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់ត្រលប់ទៅ «យុគសម័យថ្ម ឬយុគថ្មរំលីង» វិញ។នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Katz បានបញ្ជាក់ថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានត្រៀមខ្លួនរួចជាស្រេច ទាំងផ្នែកការពារ និងការវាយលុក ក៏ដូចជាគោលដៅដែលត្រូវបានកំណត់»។ លោកបានបន្ថែមថា៖ «យើងកំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដែលមានភាពសំខាន់បំផុត ក្នុងការលុបបំបាត់សន្តតិវង្ស Khamenei ទាំងស្រុងតែម្ដង ហើយបន្ថែមពីលើនេះ គឺដើម្បីបញ្ជូនឲ្យអ៊ីរ៉ង់វិលត្រលប់ទៅកាន់យុគសម័យខ្មៅងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញទីតាំងថាមពល និងអគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ»។គួរបញ្ជាក់ថា ការវាយប្រហារដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកូនប្រុសរបស់លោក ក្រោយមកបានឡើងស្នងតំណែង ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយនេះបង្កើតបានជាការសង្ស័យ ជុំវិញស្ថានភាពរបស់លោក ដែលថា តើលោកនៅមានជីវិតដែរ ឬអត់។ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២១ ខែមេសា បានប្រកាសពីការពន្យារបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយឥតកំណត់ ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បីបង្កើតឱកាស សម្រាប់ការចរចាជាមួយទីក្រុងតេអេរ៉ង់៕

បទបញ្ជាវាយប្រហាររបស់លោក Trump បង្ហាញពីគ្រោះថ្នាក់របស់ «កងនាវាតូចៗ» របស់អ៊ីរ៉ង់

04/24/2026 03:04 PM        113
បទបញ្ជារបស់ប្រធានាធិបតីអាមរិក លោក Donald Trump ឲ្យវាយប្រហារទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថា យុទ្ធសាស្ត្រប្រយុទ្ធមិនស៊ីមេទ្រី ក្នុងសង្គ្រាម កំពុងក្លាយជាឧបសគ្គដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ដោយយន្តហោះ និងនាវាពិឃាតរបស់សហរដ្ឋអាមេរិកត្រូវបានបង្ខំតាមដានហ្វូងទូកល្បឿនលឿនដែលកំពុងធ្វើដំណើរយ៉ាងលឿនរហ័ស នៅក្នុងផ្លូវទឹកដឹកជញ្ជូនថាមពលដ៏សំខាន់មួយ។កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) តាមរយៈសារនៅលើបណ្ដាញសង្គម លោក Trump បាននិយាយថា៖ «ខ្ញុំបានបញ្ជាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កម្ទេចទូកណាមួយ ទោះបីជាទូកតូចៗក៏ដោយ»។ លោកបានអះអាងថា នាវាទាំងនោះកំពុងដាក់មីននៅក្នុងច្រកសមុទ្រ Hormuz។គោលដៅ ពោលគឺជាអ្វីដែលត្រូវបានគេហៅថា «កងនាវាមូស» របស់អ៊ីរ៉ង់ ត្រូវបានមន្ត្រីអាមេរិកដឹងពីការគំរាមកំហែងរបស់វាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកសាកល្បងអាវុធ តែងតែវាយតម្លៃជាប្រចាំនូវសមត្ថភាពរបស់នាវាចម្បាំងថ្មីៗ ក្នុងការទប់ទល់នឹងទូកល្បឿនលឿនតូចៗទាំងនោះ។តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយសម្រាលពីការគំរាមកំហែងដោយ «ទូកប្រដាប់អាវុធល្បឿនលឿន» របស់អ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃទី២២ ខែមេសា ដោយទទូចថា សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់។យ៉ាងណាក្ដី ឧត្តមនាវីឯកចូលនិវត្តន៍ លោក William McRaven ដែលជាអតីតមេបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២២ ខែមេសា តាមប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «នេះគឺជាចំណុចមានប្រៀបដែលអ៊ីរ៉ង់មាន»។ លោក McRaven បានបន្ថែមថា៖ «សូមកុំយល់ច្រឡំ ពួកវានៅតែអាចគ្រប់គ្រងច្រកសមុទ្រ Hormuz បាន។ ទូកវាយប្រហារលឿនរហ័សនេះ ធ្វើឲ្យនាវារបស់យើងស្ថិតគ្រោះថ្នាក់ ដោយសារយានដ្រូន ក៏ដូចមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី»៕

កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ

04/24/2026 03:04 PM        241
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។  ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ចំពោះកម្ពុជា, សម្តេចធិបតីបានគូសរំលេចពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតរហូតដល់ ៦២% និងមានគោលដៅបង្កើន ឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ, យន្តការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលឱ្យមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចធិបតីបានគូសរំលេចថា កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល។សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានី ផងដែរ៕

អនុប្រធានទី១ អាជ្ញាធរមីន ស្នើមូលនិធិចិន សម្រាប់សន្តិភាព និងការអភិវឌ្ឍ គាំទ្រ​ដល់​ជន​មាន​ពិការ​ភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា

04/24/2026 02:04 PM        224
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ​ប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Wang Yahui នាយិកា​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និងការអភិវឌ្ឍ (China Foundation for Peace and Development) និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុង​ជំនួបនោះ លោកស្រី Wang Yahui បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែល​បាន​អនុញ្ញាតឱ្យលោកស្រី និងសហការី បានមកស្វែងយល់អំពីសកម្មភាពមីននៅកម្ពុជា ក៏​ដូច​ស្វែង​យល់អំពីកិច្ចការមនុសធម៌ក្រោមអាណត្តិរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​ការ​រួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ។លោក​ស្រី Wang Yahui បានគូស​បញ្ជាក់​អំពី​សកម្ម​ភាព​នានា​របស់​មូល​និធិ​ចិន​សម្រាប់​សន្តិភាព និ​ង​ការ​អភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុង​នោះ​ផ្តោត​សំខាន់​លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការ​ជួយ​គាំទ្រ​ដល់​សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។ មូលនិធិចិន​សម្រាប់​សន្តិភាព និង​ការ​អភិវឌ្ឍ​ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាន​និង​កំពុង​ជួយ​ដល់​សហគមន៍​ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។តាង​នាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍​ចំពោះ​វត្ត​មានរបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រម​ទាំង​បាន​កោត​សរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម​ទេស​រដ្ឋ​មន្រ្តី ​លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណា​ក្នុង​ជួយ​គាំទ្រ​ដល់​ជន​មាន​ពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​នៅ​កម្ពុជា​។ភាគីទាំងពីរ អាជ្ញាធរមីន និងមូលនិធិ CFPD បានប្តេជ្ញាសហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុង​ដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​សុខដុមរមនា៕ 

រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ

04/24/2026 02:04 PM        242
អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមពិធីសម្ពោធ និងបើកដំណើរការជាផ្លូវការ រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ដែលមានទីតាំងស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ថ្លែងក្នុងពិធីសម្ពោធរោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម ខាងលើនេះ អ្នកឧកញ៉ា បណ្ឌិត បាន​មាន​ប្រសាសន៍​ថា រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ទំហំ ១៥ហិកតា និង​មាន​សមត្ថ​ភាព​ផលិតបានប្រមាណ ២០០តោន ក្នុងមួយថ្ងៃ ក្រោមការវិនិ​យោគទឹ​ក​ប្រាក់​ដំបូង​ប្រមាណ​ជាង ៤លានដុល្លារ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មាន​តម្លៃ និងគុណភាពល្អ ដ្បិតថា ទាំងតម្លៃ និងគុណភាពជី ដែលយើងផលិត គឺ​សុទ្ធ​តែ​អាច​ប្រកួត​ប្រជែង​ជា​មួយនឹងជីនាំចូលបាន។លទ្ធផលជាក់ស្តែង បើតាមការបញ្ជាក់ពីម្ចាស់ដេប៉ូលចែកចាយ និង តំណាង​កសិករ​ដែល​បាន​ប្រើ​ប្រាស់​ជី​កម្មសិកម្មទាំងសិរីរាង្គ និង ជីគីមីលើដីស្រែផ្ទាល់ពិតជាទទួលបានទិន្នផលល្អប្រសើរ បើ​ធៀប​ទៅ​នឹងការប្រើប្រាស់ជីនាំចូល។បន្ថែមលើសពីនេះពួកគេអះអាងថា ការប្រើ​ប្រាស់​ជី​របស់​ក្រុម​ហ៊ុន​វីរៈប៊ុនថាំ បានកាត់បន្ថយការចំណាយ ទិន្នផលមានគុណភាពល្អ មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​កសិករ និង អ្នកបរិភោគ និង ជាពិសេស ការចូលរួមគាំទ្រផលិតផលក្នុងស្រុក។សូម​ជម្រាបជូនថា រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម របស់ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ដែល​ទើប​សម្ពោធ​ជាផ្លូវការនេះ គឺជាគម្រោងវិនិយោគមួយ ក្នុងចំណោម​ចក្ខុ​វិស័យ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម របស់ វិរៈ ប៊ុនថាំ គ្រុប ខណៈដែលកន្លងមក អ្នកឧកញ៉ា បណ្ឌិត បាន​បោះ​ទុន​វិនិ​យោគ​យ៉ាង​ច្រើន ជាបន្តបន្ទាប់ ក្នុងការជួយប្រមូលទិញកសិផលរបស់ប្រជាកសិករខ្មែរ និង​ចែក​ចាយ​លក់​បន្ត​ថែមទៀតផង៕ អត្ថបទ៖ សូដាវណ្ណ 

រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%

04/24/2026 02:04 PM        157
ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម រយៈពេល៣ខែដំបូង ឆ្នាំ២០២៦ សម្រេចបានប្រមាណ ៣,៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន ក្នុង​នោះ​ការ​នាំ​ចេញ​របស់កម្ពុជា មានចំនួន ១,៤៦ ពាន់លានដុល្លារ កើនជាង ៧% ខណៈការនាំចូលជិត ២ ពាន់​លាន​ដុល្លារ ការកើនជាង ២% ។ឯកឧត្តម ហូ ស៊ីវយ៉ុង អគ្គនាយកនៃសេវាកម្មគាំទ្រពាណិជ្ជកម្ម លើក​ឡើង​នៅ​ក្នុង​កិច្ច​សន្ទនា​ធុរកិច្ច​កម្ពុជា-វៀតណាម ២០២៦ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ថា កម្ពុជា-វៀតណាម​បាន​បង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាច្រើនដូចជា កិច្ចព្រមព្រៀង ស្តីពីប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មនៅតាមព្រំដែន តំបន់, កិច្ចព្រមព្រៀង​ស្តីពី​ការដឹក​ជញ្ជូន​ទំនិញ និងការលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីដែលបម្រើ និងជួយសម្រួល​ដល់​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លងព្រំដែនកាន់តែរលូន រវាងប្រទេសទាំងពីរ រួមទាំងតំបន់ និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដូចជា ATIGA អាស៊ាន+ និង RCEP ជាដើម។ឯកឧត្តម បន្ថែមថា ទាក់ទិនការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ  បង្ហាញ​ពី​សក្ដានុពល​វិវត្តន៍​គួរ​កត់សម្គាល់ ក្នុងនោះការ នាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម បានកើ​ន​ឡើង​ជា​លំដាប់​ពី ២,៩៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ ៣,៧០ ពាន់លានដុល្លារ នៅឆ្នាំ​២០២៤ និង៣,៧៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។ ចំណែកក្នុងរយៈពេល៣ខែដំបូង ក្នុង​ឆ្នាំ​២០២៦ ពាណិជ្ជកម្មវៀតណាម-កម្ពុជា សម្រេចបានសរុប ៣,៤៤ ពាន់លានដុល្លារអាមេរិក កើន​ឡើង ​៤,៣% ធៀបរយៈពេលដូចគ្នាពីឆ្នាំមុន។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា ទំនាក់​ទំនង​មិត្ត​ភាព​ដ៏ស្អិត​ល្មួត និងកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបាន​កសាង​ឡើង​នៅ​លើ​មូល​ដ្ឋានគ្រឹះនៃការតភា្ជប់ប្រកបដោយនិរន្តរភាព និងការ លើកកម្ពស់យន្តការទ្វេភាគី ក្នុង​ស្មារ​តី​ភាព​ជាអ្នកជិតខាងល្អ, មិត្តភាពជាប្រពៃណី, និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បី បំពេញ​ឱ្យគ្នាទៅវិញទៅមកក្នុងបុព្វហេតុសន្តិភាព និងស្ថិរភាពយូរអង្វែង ជាពិសេស​ការ​ធ្វើ​ពាណិជ្ជ​កម្ម និងការវិនិយោគ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ប្រទេស​ទាំងពីរ ក្នុងនោះ ប្រសិទ្ធភាពនៅព្រំដែន នៅមិនទាន់ចរចា​បាន​ស្រួល​នៅ​ឡើយ​សម្រាប់​ពាណិជ្ជកម្ម តែទោះបីយ៉ាងណាប្រទេសទាំងពីរគ្រោងនឹងធ្វើឱ្យ ប្រសើរឡើង ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ដូចជា ជ្រៃធំ-ខាញ់ប៊ិញ ទៅច្រកព្រំដែនអន្តរជាតិ និងអនុវត្ត​យ៉ាង​ពេញ​លេញ​នៃ​កិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន ផ្លូវទឹក។ នេះបង្កើតបណ្តាញភស្តុភារពហុម៉ូឌុល ដែលកាត់បន្ថយការចំណាយ និង​បង្កើនការប្រកួតប្រជែងជាសកលរបស់យើង។ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ក្នុង​ជំនួប​នា​ពេល​ថ្មី​ៗ​នេះ រវាងថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ ដូចជាដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​របស់​អគ្គ​លេខា​បក្ស To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងខែ កុម្ភៈ ឆ្នាំ២០២៦ និងដំណើរ​ទស្សន​កិច្ច​របស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ឯកឧត្តម Tran Cam Tu នៅថ្ងៃទី១០ ខែ​មេសា​ ឆ្នាំ ២០២៦ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងសារជាថ្មី នូវការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ចប្រទេសទាំងពីរ ជាពិសេសក្នុងការ តភ្ជាប់ខ្សែសង្វាក់ដឹកជញ្ជូន ថាមពល ឧស្សាហ៍​​កម្ម និងឌីជីថល ការពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្ម និងជំរុញទេសចរណ៍ ដើម្បី​ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ២០ ពាន់លានដុល្លារ នាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
05/06/2026 10:05 AM
ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង
05/06/2026 09:05 AM
ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប
05/06/2026 09:05 AM
អេស្ប៉ាញ នឹងទទួលនាវាទេសចរណ៍ដែលអ្នកដំណើរឆ្លងវីរុស Hanta នៅកោះ Canary
05/06/2026 09:05 AM
រុស្ស៊ីវាយប្រហារអ៊ុយក្រែនសម្លាប់មនុស្សច្រើននាក់ ខណៈកំពុងស្វែងរកបទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់ខ្លួន
05/06/2026 09:05 AM
ប្រមុខការទូតអាមេរិក៖ លោក Trump និងលោក Xi ទំនងជានឹងពិភាក្សាពីបញ្ហាកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ
05/06/2026 08:05 AM
លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM