គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីន និងជប៉ុន ចុះហត្ថលេខាលើកិច្ចសន្យាការពារជាតិ ដោយសម្លឹងមើលការទប់ទល់ចិន

2024/07/08 06:28:35 pm        96
មន្រ្តីម្នាក់បាននិយាយនៅថ្ងៃចន្ទ (០៨ កក្កដា) នេះថា ប្រទេសហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក (RAA) ដែលអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅមក ដែលជាជំហានដ៏សំខាន់ក្នុងទំនាក់ទំនងសន្តិសុខរបស់ភាគីទាំងពីរ ដោយសម្លឹងរកមើលការទប់ទល់ឥទ្ធិពលចិន ស្របពេលមានភាពតានតឹងកើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងពិធីមួយនៅទីក្រុងម៉ានីល ដោយមានការចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នេះបើតាមលេខាធិការទំនាក់ទំនងប្រធានាធិបតីបាននិយាយនៅក្នុងសារមួយ។កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌមួយដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាធ្វើឱ្យការចូលក្នុងប្រទេសរបស់បុគ្គលិកបរទេស និងគ្រឿងយុទ្ធោបករណ៍កាន់តែងាយស្រួលសម្រាប់កងកម្លាំងបំពេញទស្សនកិច្ច។ ក្រុមមន្ត្រីនិយាយថា កិច្ចព្រមព្រៀង ដែលជាប្រភេទដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុននៅអាស៊ីនេះ នឹងចូលជាធរមានបន្ទាប់ពីការផ្តល់សច្ចាប័នដោយសភានៃប្រទេសទាំងពីរ។វត្តមានយោធាជប៉ុន នៅហ្វីលីពីន អាចជួយទីក្រុងម៉ានីល ទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ទីក្រុងប៉េកាំង មានជម្លោះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ ទាំងហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក បានប្រកាន់ខ្ជាប់នូវជំហរដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាសកម្មភាពដ៏កម្រោលរបស់នាវាចិន ស្របពេលមានជម្លោះលើអធិបតេយ្យភាពដែនសមុទ្រ៕

នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាលាលែងពីតំណែង ក្រោយរងបរាជ័យក្នុងការបោះឆ្នោតសភា

2024/07/08 06:24:30 pm        151
នាយករដ្ឋមន្ត្រីបារាំង លោក ហ្កាប្រ៊ីយែល អាតាល់ (Gabriel Attal) បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ (០៨ កក្កដា) ថាលោកនឹងដាក់សំណើលាលែងពីតំណែងទៅកាន់ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃចន្ទ (០៨ កក្កដា) នេះ បន្ទាប់ពីការបរាជ័យនៃក្រុមចម្រុះកណ្តាលនិយមរបស់លោក ម៉ាក្រុង ក្នុងការបោះឆ្នោតនីតិបញ្ញត្តិ (សភា) ដោយបន្ថែមថាលោកនឹងបន្តបំពេញភារកិច្ចរបស់ខ្លួនប្រសិនបើចាំបាច់។លោក អាតាល់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «ជាការស្មោះត្រង់ចំពោះក្រុមនយោបាយដែលខ្ញុំតំណាងនៅក្នុងយុទ្ធនាការនេះ និងស្របតាមគោលការណ៍របស់ខ្ញុំ ខ្ញុំនឹងដាក់លិខិតលាលែងពីតំណែងនៅព្រឹកស្អែកទៅកាន់លោកប្រធានាធិបតី»។ដោយនិយាយថាប្រជាជនបារាំង អាចរងឥទ្ធិពលពី «ភាពមិនប្រាកដប្រជា» អំពីអនាគត បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនីតិបញ្ញត្តិនោះ លោក អាតាល់ បានសង្កត់ធ្ងន់ថាលោកនឹងនៅតែកាន់តួនាទីរបស់ខ្លួនជានាយករដ្ឋមន្ត្រី ដរាបណាមានការតម្រូវឱ្យលោកនៅបន្ត ដោយសារបារាំង នឹងត្រូវរៀបចំការប្រកួតកីឡាអូឡាំពិកក្នុងរយៈពេលបីសប្តាហ៍។ ទោះបីជាលោក អាតាល់ បញ្ជូនការលាលែងពីតំណែងទៅលោក ម៉ាក្រុង ក៏ដោយ ក៏សំណើនោះមិនចាំបាច់ត្រូវបានទទួលយកភ្លាមៗនោះទេ។លោក អាតាល់ បានធ្វើអត្ថាធិប្បាយបែបនេះបន្ទាប់ពីក្រុមចម្រុះរណសិរ្សប្រជាប្រិយថ្មី (NFP) ឆ្វេងនិយម របស់បារាំង បានឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសភាជុំទីពីរ ក្នុងការឈ្នះដែលមិននឹកស្មានដល់ លើសក្រុមស្ដាំនិយមជ្រុល ប៉ុន្តែខ្វះសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា៕

សមាជិកសភា៖ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់ នឹងចូលកាន់តំណែងនៅដើមខែសីហា

2024/07/08 06:18:31 pm        102
យោងតាមសមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) គ្រោងនឹងចូលកាន់តំណែងនៅដើមខែសីហា ខាងមុខនេះ។ លោក ម៉ូចតាបា យូសេហ្វី (Mojtaba Yousefi) សមាជិកនៃគណៈប្រធានសភាអ៊ីរ៉ង់ បានគូសបញ្ជាក់ពីកាលវិភាគនៃស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបញ្ជាក់លើសមាជិកគណៈរដ្ឋមន្ត្រីដែលបានស្នើឡើងដោយលោក ប៉េហ្សេស្គីអាន នៅក្នុងបទសម្ភាសន៍នោះ ។លោកបានបញ្ជាក់ថា ពិធីឡើងកាន់តំណែងត្រូវបានគ្រោងធ្វើនៅថ្ងៃទី០៤ ឬទី០៥ ខែសីហា បន្ទាប់ពីនោះលោក ប៉េហ្សេស្គីអាន នឹងមានពេល ១៥ ថ្ងៃដើម្បីដាក់បញ្ជីរដ្ឋមន្ត្រីដែលបានស្នើឡើងរបស់លោកសម្រាប់ការអនុម័តពីសភា។ លោក យូសេហ្វី បានសង្កត់ធ្ងន់ថា នៅថ្ងៃទី២១ ខែកក្កដា សភានឹងបើកការពិភាក្សា និងបោះឆ្នោតលើការលាលែងពីតំណែងរបស់លោក ប៉េហ្សេស្គីអាន ពីមុខតំណែងបច្ចុប្បន្នជាតំណាងរាស្រ្តនៅទីក្រុងតេអេរ៉ង់។លោក ប៉េហ្សេស្គីអាន ដែលជាអ្នកនយោបាយកែទម្រង់ និងជាអតីតរដ្ឋមន្ត្រីសុខាភិបាល ត្រូវបានប្រកាសជាប្រធានាធិបតីបន្ទាប់របស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជ័យជម្នះការបោះឆ្នោតជុំទី២ ប្រឆាំងនឹងមេដឹកនាំប្រកាន់ជំហរតឹង លោក សៃអ៊ីត ចាលីលី (Saeed Jalili) ដែលជាអតីតប្រធានក្រុមចរចាក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក។ លោក ប៉េហ្សេស្គីអាន ទទួលបានការគាំទ្រជាង ១៦ លានសំឡេង ធៀបនឹងចំនួនជាង ១៣ លានសំឡេងរបស់លោក ចាលីលី។លោក ប៉េហ្សេស្គីអាន វ័យ ៦៩ ឆ្នាំគឺជាគ្រូពេទ្យវះកាត់បេះដូង ហើយបច្ចុប្បន្នជាតំណាងរាស្រ្តក្នុងសភារបស់ប្រទេស។ លោកគឺជាអនុប្រធានទីមួយរបស់សភាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ និងជារដ្ឋមន្ត្រីសុខាភិបាលចន្លោះឆ្នាំ២០០១ និងឆ្នាំ២០០៥ ក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអ៊ីរ៉ង់ ម៉ូហាម៉ាដ ខាតាមី (Mohammad Khatami)៕

សម្តេចធិបតី៖ ការវិនិយោគរបស់បារាំងបានរួមចំណែកដល់ការបង្កើតការងារ និងផ្ទេរជំនាញដល់កម្ពុជា

2024/07/08 04:34:39 pm        174
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការវិនិយោគរបស់បារាំងនៅប្រទេសកម្ពុជា គឺបានរួមចំណែកបង្កើតការងារ និងផ្ទេរនូវជំនាញជាច្រើនដល់ប្រជាជនកម្ពុជា ហើយតាមរយៈការបើកនូវវេទិការធុរកិច្ចរវាងកម្ពុជា និងបារាំងនាពេលនេះ ក៏រំពឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែរីកធំធាត់បន្ថែមទៀត។ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមន៍អឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ដល់ជាងប្រាំរយលានដុល្លារអាមេរិក។នៅក្នុងពិធីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំពឹងផងដែរថា ធុរជនបារាំងនឹងមើល​ឃើញ​នូវកាលានុវត្តភាពកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរ​បានបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នេះ។ ក្នុងអង្គវេទិការ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកវិនិយោគរបស់បារាំង មកឈ្វេងយល់ និងសិក្សាមើលឱកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។សូមបញ្ជាក់ថា ទំហំ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្មរវាងកម្ពុជា និងបារំាងមានចំនួន ១៣៦៣លានអឺរ៉ូ កាល ពីឆ្នាំ២០២៣កន្លងទៅ ក្នុងនោះ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើង​យ៉ាងខ្លាំងពោលគឺរហូតដល់៣១ភាគរយបើធៀប នឹងឆ្នាំ២០២២។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ១១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្នបារាំងមានក្រុមហ៊ុន ដែលកំពុងដំណើរការនៅកម្ពុជា មានចំនួន៤០០ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥០ លានអឺរ៉ូ៕ អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤

2024/07/08 04:08:59 pm        233
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះបានបង្ហាញឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា ធុរជនបារាំងនឹងមើលឃើញនូវ​កាលានុវត្តភាព​កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។-សម្តេចធិបតី បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីជាស្ថានភាពរបស់ពិភពលោក មិនប្រក្រតីតែកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងប្រសើរ ដោយទទួលបាននូវ លំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកទស្សនកិច្ច និងសិក្សាស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ខណៈសម្ដេចសង្ឃឹមថា តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅថ្ងៃនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្ដេចធិបតីបន្ថែមថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំស្វាគមន៍វិនិយោគិនទាំងអស់ រួមទាំងការសម្របសម្រួលនីតិវិធីនានាដល់វិនិយោគិនទាំង អស់ ដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាបានក្លាយជាបេក្ខភាពទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង)។ កិច្ចប្រជុំកំពូលនេះ នឹងរៀបចំធ្វើនៅទឹកដីអង្គរ ខេត្តសៀមរាប។

ការព្យាករ៖ គណបក្សឆ្វេងនិយម ឈ្នះការបោះឆ្នោតសភាជុំទីពីរនៅប្រទេសបារាំង

2024/07/08 03:43:30 pm        160
ប្រទេសបារាំង ប្រឈមមុខនឹងលទ្ធភាពនៃការជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានធ្វើឱ្យសភាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមសម្ព័ន្ធភាពគណបក្សឆ្វេងនិយម នាំមុខក្នុងការបោះឆ្នោតដោយនឹកស្មានមិនដល់ ហើយត្រូវបានគេរំពឹងថានឹងកាន់កាប់ចន្លោះពី ១៧៥ អាសនៈទៅ ២០៥ អាសនៈក្នុងរដ្ឋសភា នេះបើយោងតាមការព្យាករ ប៉ុន្តែមិនមានក្រុមណាឈ្នះសំឡេងភាគច្រើនឡើយ។ការព្យាករលទ្ធផលបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតបានផ្តល់នូវជំហានថយក្រោយដ៏ធំមួយសម្រាប់គណបក្សស្ដាំនិយមជ្រុល រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលឈរនៅលេខរៀងទី៣ ហើយនឹងទទួលបានត្រឹមតែ ១១៥ ទៅ ១៥០ អាសនៈប៉ុណ្ណោះ។លទ្ធផលនេះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីកណ្តាលនិយម លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលក្រុមចម្រុះរបស់លោកឈរនៅលេខរៀងទីពីរ ជាមួយនឹងលទ្ធភាពទទួលបានពី ១៥០ ទៅ ១៧៥អាសនៈ។ លោក ម៉ាក្រុង នឹងស្ថិតនៅជាមួយសភាដែលបែកបាក់ខ្លាំងនៅក្នុងអ្វីដែលត្រូវបានកំណត់ថានឹងធ្វើឱ្យតួនាទីរបស់បារាំង ចុះខ្សោយនៅក្នុងសហភាពអឺរ៉ុប និងកន្លែងផ្សេងទៀតនៅបរទេស ហើយធ្វើឱ្យមានការលំបាកសម្រាប់មេដឹកនាំណាម្នាក់ក្នុងការជំរុញរបៀបវារៈក្នុងស្រុក។ មិនមានគណបក្សណាមួយនឹងទទួលបានការគាំទ្រភាគច្រើនដាច់នៃចំនួនកៅអី ២៨៩ អាសនៈក្នុងសភាជាតិបារាំង ដែលមានសមាជិកចំនួន ៥៧៧ រូបនោះទេ។ ការបោះឆ្នោតនេះនឹងធ្វើឱ្យសភាត្រូវបែងចែកជាបីក្រុមធំៗគឺ ឆ្វេងនិយម កណ្តាលនិយម និងស្តាំនិយមជ្រុល ជាមួយនឹងទស្សនៈនយោបាយខុសគ្នាយ៉ាងខ្លាំង និងពុំមានទម្លាប់ធ្វើការជាមួយគ្នា៕

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO

2024/07/08 03:37:25 pm        273
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយក​ព្រះទ័យទុក​ដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត់ដ៏ឈ្លាសវ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។តាមរយៈព្រះរាជសារនេះព្រះករុណាព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូលប្រកាស សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រសំបូរព្រៃគុក « ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការ​ទាំងអស់​ផងដែរ។ជាមួយគ្នានោះដែរព្រះអង្គក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

សារព័ត៌មាន KCNA ៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូចុង ហៅសមយុទ្ធកូរ៉េខាងត្បូងថាជាការបង្កហេតុ

2024/07/08 03:25:20 pm        204
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី ៨ ខែកក្កដា នេះ -លោកស្រី គីម យ៉ូ ចុង (Kim Yo Jong ) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមយុទ្ធយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងនៅជិតព្រំដែនរវាងប្រទេសទាំងពីរគឺជាការបង្កហេតុដែលមិនអាចលើកលែងបាន និងច្បាស់លាស់ ។លោកស្រី គីម បាននិយាយថា ក្នុងករណីដែលកូរ៉េខាងជើងវិនិច្ឆ័យអធិបតេយ្យភាពរបស់ខ្លួនថាបានរំលោភបំពាន កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នឹងបំពេញបេសកកម្ម និងកាតព្វកិច្ចភ្លាមៗ ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។យោធាកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រភាគខាងលិចកាលពីចុងខែមិថុនា ជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៨ មក ។ កាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ បំណងបន្ធូរបន្ថយភាពតានតឹង ក្នុងការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើងចូលទៅកាន់កូរ៉េខាងត្បូង៕

សមាជិកសភាជាន់ខ្ពស់មួយចំនួននៃគណបក្សប្រជាធិបតេយ្យនិយាយថា លោក Biden គួរតែបោះបង់ចោលការប្រជែងតំណែងអាណត្តិថ្មី អំឡុងជំនួបថ្នាក់ដឹកនាំតាមទូរស័ព្ទ

2024/07/08 03:19:00 pm        157
យោងតាមប្រភពដឹងពីការសន្ទនាតាមទូរស័ព្ទ សមាជិកសភាគណបក្សប្រជាធិបតេយ្យកាន់តែច្រើន បានប្រាប់មេដឹកនាំសភាសំឡេងភាគតិចលោក ហេឃីម ជេហ្វ្រីស (Hakeem Jeffries) ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden ចាំបាច់ត្រូវដើរចេញពីយុទ្ធនាការឆ្នាំ ២០២៤នេះ ។ លោក ជេហ្វ្រីស បានអំពាវនាវឲ្យទទួលយកសម្ពាធពីសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន បន្ទាប់ពី ការជជែកដេញដោលដ៏គួរឱ្យសោកស្ដាយរបស់លោក Biden កាលពីខែមុន។ ជំនួបតាមទូរស័ព្ទដែលបានធ្វើឡើងមុនពេលសមាជិកសភាត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញក្នុងសប្តាហ៍នេះ គឺពោរពេញទៅដោយការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់ដែលអាចកើតមានចំពោះសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ និងរបៀបដែលរារាំងឱកាសរបស់គណបក្សនេះ ក្នុងការឈ្នះសំឡេងភាគច្រើននៅក្នុងសភា។ ប្រភពពីអ្នកដែលមានវត្តមានក្នុងជំនួបតាមទូរស័ព្ទនោះបានប្រាប់ទូរទស្សន៍ CNN ថា លោក ជេហ្វ្រីស ពុំបានចែករំលែកព័ត៌មានជាមួយក្រុមសមាជិករបស់លោកនោះទេ ជាទីដែលរូបលោកឈរលើសំណួរថាតើ លោកBiden គួរតែបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញឬយ៉ាងណា ។ យោងតាមប្រភពមួយបានឱ្យដឹងថា ចំនួនសមាជិកសភាដែលបាននិយាយយ៉ាងច្បាស់ថាលោក Biden មិនគួរក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺមានច្រើនជាងចំនួនដែលគាំទ្រឱ្យលោកបន្តនៅចូលប្រកួតប្រជែង ៕

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ជួបជុំគ្នាប្រារព្ធខួបបក្សលើកទី៧៣ឆ្នាំ

2024/07/08 02:50:42 pm        330
យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី ព្រមជាមួយសហការី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានធ្វើការជួបជុំគ្មានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រារព្ធពិធីខួបលើកទី៧៣ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៤)នៅទីក្រុងហ្វីឡាដ៉ាព្យា។ថ្លែងនៅក្នុងកម្មវិធីជួបជុំនោះ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។លោក នង កន្ធាវី បានលើកឡើងទៀតថាគណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោកក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះគណបក្សប្រជាជនកម្ពុជា​បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។សូមបញ្ជាក់ថា នៅក្នុងកម្មវិធីជួបជុំនោះ យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានប្រកាសប្តូរផ្តាច់ដង្ហែរ និងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូតផងដែ ហើយមួយ វិញទៀតបងប្អូនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ ជម្រើសរបស់លោក TRUMP ក្នុងការដកខ្លួនចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ កាន់តែមានកម្រិត
08/10/2026 02:08 PM
ប្រភព៖ ការវាយប្រហាររបស់ក្រុមហ៊ូទី បានសម្លាប់មនុស្សយ៉ាងតិច ៨នាក់ នៅតំបន់ឆ្នេរភាគខាងលិច យេម៉ែន
08/10/2026 02:08 PM
ក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី
08/10/2026 02:08 PM
បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី១ សម័យប្រឡង៖ ១០ សីហា ២០២៦
08/10/2026 02:08 PM
ខេត្តកណ្តាលមាន មណ្ឌលប្រឡងសរុបចំនួន ២០មណ្ឌល ស្មើនឹង ៥៤២បន្ទប់ប្រឡង
08/10/2026 02:08 PM
អាណាព្យាបាលស្កាត់មកពីខេត្តដើម្បីលើកទឹកចិត្តកូនប្រឡងបាក់ឌុប ជំរុញ​ផ្លូវ​ចិត្ត​ឱ្យ​រឹងមាំ​ទទួល​បាន​លទ្ធផលល្អ
08/10/2026 02:08 PM
ក្មេងស្រីអាយុ ១២ឆ្នាំ ស្ថិត​ក្នុង​ចំណោមអ្នកស្លាប់ អំឡុង​ការបាញ់ប្រហារនៅសាលារៀនរបស់ថៃ
08/10/2026 02:08 PM
[BREAKING NEWS] ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឱ្យមនុស្ស ២នាក់រង​របួស នៅថៃ​ ខណៈប្រទេស​មិន​ទាន់ស្ងាត់ពី​​ការបាញ់ប្រហារ នៅសាលារៀន
08/10/2026 01:08 PM
ការប្រឡងក្នុងខេត្តព្រំដែន ឧត្តរមានជ័យ និងព្រះវិហារ ដំណើរការទៅដោយស្ងៀមស្ងាត់ និង រលូនល្អ
08/10/2026 01:08 PM
បេក្ខជនមានពិការភាពខិតខំប្រឹងប្រែងឆ្លងកាត់ស្ពានបាក់ឌុបឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត
08/10/2026 01:08 PM