សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តបាត់ដំបង ធ្វើផ្លូវចាក់កៅស៊ូមួយខ្សែ តភ្ជាប់ផ្លូវល្បឿនលឿន នៅស្រុកថ្មគោល

2021/04/27 09:59:58 am        168
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានធ្វើការអភិវឌ្ឍជួសជុលកែលម្អផ្លូវខេត្តមួយខ្សែ ចាក់កៅស៊ូប្រភេទ DBST ដែលផ្លូវនេះ តភ្ជាប់ជាមួយផ្លូវល្បឿនលឿន នៅចំណុចឃុំជ្រៃ ស្រុកថ្មគោល ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរបស់ពលរដ្ឋ កាន់តែងាយស្រួលជាងមុខ។ បើតាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មានប្រសាសន៍ថា ផ្លូវនេះឈ្មោះ ១៥៩ បេ១ (159B1) សរុបចំនួន ១៣គីឡូម៉ែត្រ ប៉ុន្តែ ជាជំហានដំបូងគឺធ្វើការចាក់កៅស៊ូចំនួន ១៥០០ម៉ែត្រសិន ដោយមានការដាក់លូវ និងស្ដារប្រឡាយនៅអមផ្លូវ ខណៈសល់ជាង ១១គីឡូម៉ែត្រទៀត ជាផ្លូវក្រាលគ្រួសក្រហម ។លោកបន្តថា ផ្លូវនេះស្ថិតក្នុងគម្រោងស្នើសុំរបស់មន្ទីរ ក្នុងការជួសជុលកែលម្អឡើងវិញ បន្ទាប់ពីទទួលការប៉ះពាល់ដោយទឹកជំនន់ កាលពីចុងឆ្នាំ២០២០ សរុបចំនួន១៥គម្រោង ដោយផ្លូវផ្សេងៗទៀតក្នុងទីប្រជុំជន បានធ្វើការកែលម្អរួចរាល់ហើយ នៅតែផ្លូវមួយខ្សែនេះ ។លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ គឺមានការចូលរួមសហការល្អពីសំណាក់ពលរដ្ឋ រស់នៅអមសងខាងផ្លូវមានទាំងការរុះរើនូវរបងសំណង់នានា តាមការស្នើសុំរបស់អាជ្ញាធរ ខណៈពួកគាត់ក៏បានថ្លែងអំណរគុណ ចំពោះការជួយអភិវឌ្ឍនូវនេះផងដែរ ។​ក្នុងពេលអញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវលេខ១៥៩ បេ១ នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំទៅមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការជួសជុលផ្លូវឲ្យមានគុណភាពល្អ កុំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាអាជ្ញាធរធ្វើផ្លូវខ្ជីខ្ជា ផ្លូវគ្មានគុណភាព ធ្វើឲ្យខាតបង់ថវិកាជាតិ។ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានជំរុញដល់មន្ទីរ ខិតខំជួសជុលកែលម្អផ្លូវនានា តាមតម្រូវការ និងសូមណូមពររបស់ប្រជាពលរដ្ឋឲ្យអស់លទ្ធភាព ដើម្បីឲ្យឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់។​គួរបញ្ជាក់ថា ក្រោយពេលទឹកជំនន់ អាជ្ញាធរខេត្តបាត់ដំបង រួមនឹងមន្ទីរជំនាញ បានធ្វើការជួសជុលកែលម្អផ្លូវជាច្រើនខ្សែ ដែលមានទាំងផ្លូវក្រាលកៅស៊ូប្រភេទ AC ដែលជាផ្លូវមានសភាពរលូនស្រួលធ្វើដំណើរ, ផ្លូវកៅស៊ូប្រភេទ DBST និងផ្លូវក្រាលគ្រួសក្រហម រួមទាំងមានការសាងស្ពាន និងដាក់លូរំដោះទឹក ៕ អត្ថបទ៖ បាន សុខរិទ្ធ

រាជរដ្ឋាភិបាល អំពាវនាវមិនឲ្យមានការជួបជុំ រួមទាំង ពិធីសាសនាផង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ

2021/04/27 09:59:58 am        83
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ គប្បីជៀសវាងនូវការរៀបចំពិធីផ្សេងៗ ដូចជាពិធីសាសនា ឬការជួបជុំគ្នាទាំងឡាយណា ដែលមានសភាព​អ៊ូអរ​ និងមានមនុស្សច្រើនជាដើមនោះ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។យោងតាមសារាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៣១ ខែមីនានេះ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ​នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត នៃវិធានការបង្ការទប់ស្កាត់ នូវមេរោគកូវីដ១៩ ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ដោយ«សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ជៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងជៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត។ ជៀសវាង នូវការធ្វើដំណើរមិនចាំបាច់ ទៅកាន់ ឬក៏ចេញចូលតំបន់ ឬទីកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបានកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនា ផង ឬការជួបជុំទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើនជាដើម»។ក្នុងសារាចរនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានបន្តក្រើនរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការ«៣ការពារ និង៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងៗទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនូវជំងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួន និងគ្រប់គ្នាៗផងដែរ។ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងកូវីដ១៩នេះ  សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ ស្ថាប័នអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន ដែលបានអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជួនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងៗទៀត ដែលមានសភាពអ៊ូអរជាដើមផងដែរ។ស្របពេលនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទ មិនត្រូវដំឡើង​ថ្លៃសេវាដឹកជញ្ជួនអ្នកដំណើរនោះឡើយ ហើយត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ពួកខ្លួនផងដែរ៕អត្ថបទ បាន ចក់

អភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ច បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែប្រសើរ

2021/04/27 09:59:58 am        148
​កំពត៖ ទោះជារយៈពេលកន្លងមកការថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងទប់ស្កាត់រាល់បទល្មើសនានា បានទាន់ពេលវេលាក្តីអភិបាលខេត្តកំពត ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចបន្តបង្កើនការអនុវត្តគោលនយោបាលភូមិឃុំមានសុវត្ថិភាព ឲ្យបានកាន់តែប្រសើរថែមទៀត ព្រោះទាល់តែមានសន្តិភាព សុវត្ថិភាព ទើបខេត្តមានការអភិវឌ្ឍន៍រីកចម្រើនលឿន។​ថ្លែងនៅក្នុងពិធីផ្តល់ប័ណ្ណសរសើរ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុកដែលរដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល មានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនៅរសៀល ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២១ នៅសាលាខេត្ត ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា នៅទូទាំងខេត្តកំពត ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមានលក្ខណៈល្អប្រសើរ អាជ្ញាធរ និងសមត្ថិកិច្ចបានសហការគ្នា ថែរក្សាសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈសង្គម បង្ការទប់ស្កាត់បានរាល់បទល្មើសនានា និងកាត់បន្ថយបាននូវគ្រោះថ្នាក់ផ្សេងៗ ទាក់ទង់នឹងច្បាប់ចរាចរណ៍ផ្លូវគោក ការលក់ដូរ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន និងអំពើហឹង្សាជាដើម។ជាងនេះទៅទៀត ក្នុងបរិបទកូវីដ១៩នេះ អាជ្ញាធរ និងសមត្ថិកិច្ចបានអប់រំណែនាំ ពលរដ្ឋឲ្យចូលរួមអនុវត្តន៍វិធានការពារកូវីដ១៩បានល្អ។យ៉ាងណាក៏ដោយ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យ អាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋានភូមិឃុំ បន្តអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត។ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោកស្រីអភិបាលក្រុង ស្រុកទាំង៨។ខេត្តកំពត មាន៩៣ឃុំ សង្កាត់ ក្នុងនោះ ជ័យលាភីលេខ១ ចំនួន ៨៤ឃុំ សង្កាត់ រង្វាន់សម្រាប់១ឃុំសង្កាត់ ទទួលបានប័ណ្ណសរសើរ១ និងថវិកា ១លានរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល) និងជ័យលាភីលេខ២ ចំនួន ៩ឃុំសង្កាត់, រង្វាន់សម្រាប់១ឃុំសង្កាត់ ទទួលបានប័ណ្ណ​សរសើរ និងថវិកា ៦៥ម៉ឺនរៀល (រួមគ្នាទាំងរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាល) សរុបថវិកា៨៩.៨៥០.០០០រៀល ៕ អត្ថបទ៖ អាន សារីម

រាជរដ្ឋាភិបាលកម្ពុជា បន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ៣ខែបន្ថែមទៀត ចាប់ពីខែមេសាដល់ខែមិថុនា

2021/04/27 09:59:58 am        34
​ភ្នំពេញ៖ ជាការពិនិត្យឃើញនូវផលប៉ះពាល់ជាក់ស្ដែង នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ចំនួន ៣បន្ថែមទៀត ដែលចាប់ផ្ដើមពីខែមេសា ដល់ខែ មិថុនា ឆ្នាំ២០២១ខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ចំនួន ០៣បន្ថែមទៀត ចាប់ផ្ដើមពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១ខាងមុខ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈកំពុងតែបន្ត។ជំវិញការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បញ្ជាក់ថា នេះជាការគិតខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ហើយកម្មវិធីនេះនឹងបន្តផ្ដល់អត្ថប្រយោជន៍ដល់ គ្រួសារក្រីក្រ ដែលធ្លាប់ទទួលបានផលកន្លងមក និងរាប់បញ្ចូលទាំងគ្រួសារក្រីក្រថ្មីផងដែរ។​លោកបញ្ជាក់បន្ថែមថា សម្រាប់ដំណើរការកម្មវិធី គឺនៅតែអនុវត្តដូចរាល់ដង ដោយអ្នកទទួលផលចាស់អាចទៅបើកសាច់ប្រាក់នៅភ្នាក់ងារវីង ដោយផ្ទាល់ រីឯអ្នកទទួលបានបណ្ណសមធម៌ថ្មី គឺត្រូវយកបណ្ណនោះទៅផ្ទៀងផ្ទាត់បញ្ចូលទិន្នន័យនៅ ឃុំ-សង្កាត់ណាមួយក៏បាន ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។ រីឯគ្រួសារក្រីក្រថ្មីដែលទើបធ្លាក់ខ្លួនក្រ គឺត្រូវទៅដាក់ពាក្យស្នើសុំបណ្ណសមធ៌មនៅ ឃុំ-សង្កាត់ និងត្រូវឆ្លងកាត់សម្ភាសន៍ វាយតម្លៃដោយប្រពន្ធបច្ចេកវិទ្យា ក្នុងការសម្រេចថាអាចទទួលបាន បណ្ណសមធម៌ រឺមិនបាន។​​​ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា គឺកំពុងបន្តអនុវត្តកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រសម្រាប់ខែមីនា ឆ្នាំ២០២១ ដោយបានចាប់ផ្ដើមកាលពីថ្ងៃទី ២៥ខែមីនាម្សិលម៉ិញ។ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩នេះ គឺបានចាប់ផ្ដើមអនុវត្តតាំងពីខែ មិថុនា ឆ្នាំ២០២០ មកម្លេះ។ ចាប់តាំងពីពេលចាប់ផ្ដើមរហូតមក ដល់ថ្ងៃទី ២៤ ខែ មីនា រាជរដ្ឋាភិបាលកម្ពុជា បានចំនាយថវិការជាង ១០៤៤ ប៊ីលានរៀល៕ អត្ថបទ៖គឹមហុក

ពលរដ្ឋ​​នៅ​ស្រុក​អង្គស្នួល ​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ​​ចំនួន​៧០​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅផ្ទះ​វិញ​

2021/04/27 09:59:58 am        109
កណ្ដាល​ ៖ ប្រជាពលរដ្ឋ​ចំនួន ៧០​នាក់​ទៀតហើយ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ​និង​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក ​បាន​ត្រឹមត្រូវ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ​ក្រោយ​យក​សំណាក​ធ្វើតេស្ត​មិន​មាន​មេរោគ​កូ​វីដ​-១៩ ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ត្រូវ​បាន​អាជ្ញាធរ​ស្រុក​អង្គស្នួល ​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ចំនួន​៦៣​នាក់​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ សាលាបឋមសិក្សា អង្គ​ព​ពាយ ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​ នា​ថ្ងៃទី​២៥ ខែមិនា ម្សិល​ម៉ិ​ញ​នេះដែរ​។លោក ខុន សេរី​រដ្ឋា អភិបាលស្រុក​អង្គស្នួល បាន​សម្ដែង​នូវ​ការអបអរសាទរ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៧០​នាក់​ មិនមាន​អ្នកណាម្នាក់​វិជ្ជមាន​នូវ​មេរោគ​កូ​វីត​19 ។ លោក​អភិបាលស្រុក​អង្គស្នួល​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជឿ​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ការ​អត់ធ្មត់ និង​ចូលរួម​ជាមួយ​អាជ្ញាធរ​បាន​យ៉ាង​ល្អ ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ បាន​យ៉ាង​ត្រឹមត្រូវ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ក្នុងឱកាស​នោះដែរ លោក​អភិបាលស្រុក​អង្គស្នួល បានធ្វើការ​ផ្សព្វផ្សាយ ​អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​ ជូន​ប្រជាពលរដ្ឋ​ទាំង​ ៦៣​នាក់ ពិសេស​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល ​សម្ដេច​តេ​ជោ គឺ ៣​ការពារ ៣​កុំ​។ លោក ​អភិបាលស្រុក​អង្គស្នួល ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ ​នៅពេល​ត្រឡប់​ទៅ​លំនៅឋាន​វិញ សូម​បន្ត​ផ្សព្វផ្សាយ​វិធានការ​ទាំងនេះ​ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន ​សំដៅ​រួមគ្នា បង្ការ ការពារ ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ឈាន​ដល់​ការ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​ផងដែរ​។លោក​អភិបាលស្រុក ​បាន​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ទាំង ​៧០​នាក់ ក្នុង​១​នាក់​ទទួល​បាន ៖ អង្ករ​២៥គីឡូ​ក្រាម ​មី១​កេស​ ម៉ាស​ក្រណាត់​ ៥​ម៉ាស​ អាល់កុល​១​ដប​តូច ​និង​ថវិកា​ ៥​ម៉ឺន​រៀល ជា​ថវិកា​របស់​រដ្ឋបាល​ខេត្ត៕ អត្ថបទ ៖ យ៉ាម៉ង់

ពលរដ្ឋ​ខេត្តកំពង់ចាម បង្កើន​ការ​ពាក់​ម៉ាស់​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ពី​កូ​វីដ​-១៩

2021/04/27 09:59:58 am        199
កំពង់ចាម ៖ ពលរដ្ឋ​ខេត្តកំពង់ចាម ​កាន់តែ​ចូលរួម និង​បាន​បង្កើន​ការប្រុងប្រយ័ត្ន​នូវ​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើ​ម្បី​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​មួយ​នេះ​ជា​បន្តបន្ទាប់​។ពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ​នៅតែ​បន្ត​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នូវ​អនុវត្តន៍​វិធានការ​ណែនាំ​ របស់​ក្រសួង​សុខាភិបាល​ យ៉ាង​ខ្ជាប់ខ្ជួន​ បើទោះជា​ក្នុង​ខេត្តកំពង់ចាម ​ពុំ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​​ច្រើន​ ក៏ដោយ ។ អាជីវករ​ក្នុង​ផ្សារ​ធំ​ក្រុង​កំពង់ចាម បាន​ត្អូញត្អែរ ​ពី​ការ​ប្រកប​របរ​ប្រចាំថ្ងៃ ដោយ​ក្នុង​មួយ​រយៈ​នេះ​តាំងពី​កម្ពុជា​រងគ្រោះ​វិបត្តិ​កូ​វីដ​១៩ ​មក បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ ឬ​អតិថិជន​បាត់បង់​​ច្រើន​​ ដោយសារ​ពលរដ្ឋ​មិន​ហ៊ាន​ចេញ​ក្រៅ ​និង​ចាយវាយ​ច្រើន ខណៈ ដែល​ពួកគេ​មិនសូវរ​កអី​បាន​។ទន្ទឹមនឹង​នេះដែរ អាជ្ញាធរខេត្ត​កំពង់ចាម នៅតែ​បន្ត និង​បាន​បង្កើន​ការ​ការ​ផ្សព្វផ្សាយ​អប់រំ ចែក​ម៉ាស់ ជា​បន្តបន្ទាប់ តាម​មូលដ្ឋាន ទីសាធារណៈ នូវ​វិធានការ​អនាម័យ​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ ​ក្នុង​សហគមន៍​។ បន្ថែម​ពីនេះ​ទៀត ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ​បានផ្តល់​ម៉ាស់​ជា​​ច្រើន​សម្រាប់​ឲ្យ​ក្រុម​យុវជន​ធ្វើ​សកម្មភាព​ចែក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ពញ្ញាក់​ស្មារតី​រំលឹក ដាស់តឿន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​មាន ការ​ពាក់​ម៉ាស់​ជាប្រចាំ កុំបី​មានការ​ធ្វេសប្រហែស​ឡើយ ព្រោះ​ជំងឺ​កូ​វីដ​-១៩ មិនដឹង​ជា​មាន​នៅទីណា​ខ្លះ​ទេ ហើយ​វា ​អាច​ឆ្លង​បាន​គ្រប់ពេល​ ដូច្នេះ​យើង​ត្រូវ​ការពារ​ប្រសើរ​ជាង​ព្យាបាល ។អាជ្ញាធរខេត្ត​កំពង់ចាម នៅ​បន្ត​ណែនាំ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​មូលដ្ឋាន​ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ​និង​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ជាពិសេស​អនុវត្តន៍​ ៣​កុំ ៣​ការពារ ដើម្បី​ក្រុម​គ្រួសារ​ និង​សហគមន៍​យើង​គ្មាន​កូ​វីដ​-១៩៕​​អត្ថបទ ៖ ថុង សីហា ​

សណ្ឋាគារ​មេគង្គ​ក្នុង​ក្រុង​កំពង់ចាម ​កំពុង​ត្រូវ​បាន​រៀបចំ​ទៅជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        188
កំពង់ចាម ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ឲ្យ​យក​សណ្ឋាគារ ​មេគង្គ​ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល អ្នក​វិជ្ជមាន ​ជំងឺ​កូ​វីដ​-១៩​ ចំពោះ​ប្រជា​ពលរដ្ឋ ក្នុង​ខេត្ត កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ​។ ដោយឡែក ​ពលករ​ចំណូលស្រុក​ និង​អ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ២០​កុម្ភៈ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​សណ្ឋាគារ​មេគង្គ នោះ​ត្រូវបញ្ជូន ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក បន្ត​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម វិញ​។ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​ជ្រើស​រើស​យក​ទីតាំង​សាលាខេត្ត​សម្រាប់ ចាក់ វ៉ាក់សាំង បង្ការ​ជំងឺ កូ​វីដ​-១៩ ជូន​អ្នកស្ម័គ្រចិត្ត ​ដោយ​ឥតគិតថ្លៃ​ការសម្រេច​យ៉ាង ដូច្នេះ​ក្នុង​កិច្ចប្រជុំ​ អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​នៅ​ខេត្តកំពង់ចាម ​នា​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ ២០២១ ក្រោម​វត្តមាន ឯកឧត្ដម ខ្លូត ផន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម ពី​អភិបាលរង​ខេត្ត និង ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ផងដែរ ។យោងតាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់ និង​ការណែនាំ​របស់ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម ឲ្យ​យក​សណ្ឋាគារ មេគង្គ​ធ្វើជា​មន្ទីរពេទ្យ​កម្រិត​១ ​សម្រាប់ ព្យាបាល អ្នកមាន​ផ្ទុក​វិជ្ជមាន​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម​ និង​ពលរដ្ឋ​ដែល​មកពី​ខេត្ត​ត្បូងឃ្មុំ ដោយឡែក​ចំពោះ​ពលករ ចំណូលស្រុក ​និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ក្នុង​សណ្ឋាគារ ​មេគង្គ​នោះ ត្រូវ​បញ្ជូន ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម​វិញ​។ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ត្រូវ ជួយ ផ្សព្វផ្សាយ ដល់ ប្រជាពលរដ្ឋ បើ​គ្មាន​ការសំខាន់​ទេ សូមកុំ​ចាកចេញ ​ពី​ផ្ទះ​តែ​បើ​ត្រូវ ចេញ​ក្រៅ​ផ្ទះ​គឺ​សូម​ពាក់​ម៉ាស ​និង​ត្រូវ រក្សា គម្លាត​សុវត្ថិភាព ជាពិសេស គឺ​ត្រូវ​អនុវត្ត ​តាម​សេចក្តី ​ណែនាំ របស់​សម្តេច តេ​ជោ ហ៊ុន សែន តាម រយៈ​៣​ការពារ ៣​កុំ ​ដើម្បី​ជៀស​ផុត​ពី​ជំងឺ​កូ​វីដ ដ៏​កាច​សាហាវ​នោះ​ផងដែរ​៕អត្ថបទ ៖ ​ថុង សីហា

នៅ​ក្នុង​ខេត្តតាកែវ ​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ផ្ទុក​កូ​វីដ​-១៩​ ត្រូវ​បាន​យក​សំណាក​ជា​លើក​ទី​បី

2021/04/27 09:59:58 am        176
តាកែវ ៖ បន្ទាប់ពី​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ទៅ​និង​ព្រឹត្តការ​ថ្ងៃទី​១២​មិនា ​នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ​ដែលមាន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​ចូលរួម​នៅ​ក្នុង​ពិធី​រៀប​មង្គលការ ​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ​លើក​ទី​១ និង​លើក​ទី​២​ ទទួល​លទ្ធផល​អវិជ្ជមាន​ទាំង​២​លើក​ នៅ​ថ្ងៃទី​២៦ ខែមិនានេះ ​មន្ត្រី​ជំនាញ​ បាន​ចុះ​ទៅ​យក​សំណាក​អ្នក​ពាក់​ព័ន្ធ​ទៅ​ពិនិត្យ​លើក​ទី​៣​បន្តទៀត​ ដើម្បីអោយ​ច្បាស់​ថា ពួកគេ​មិនបាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ នោះទេ​។លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​ ដែល​បាន​ចុះទៅ​ដល់​ទី​តាំង​យក​សំណាក​ បាន​ថ្លែង​ឲ្យ​ដឹងថា មន្ត្រី ​ជំនាញ​សុខាភិបាល​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​៣៦​នាក់ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍ នៃ​ពិធីមង្គលការ​នៅ​ស្រុក​សំរោង​ ដោយឡែក​អ្នក​ពាក់ព័ន្ធ​ប្រយោល​មន្ត្រី​ជំនាញ​មិនបាន​យក​សំណាក​នោះទេ​ ក៏​ប៉ុន្តែ​បើ​ករណី​ពិនិត្យ​លើក​ទី​៣ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ អ្នក​ពាក់ព័ន្ធ​ប្រយោល ​នឹង​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ផងដែរ​។លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់​ បាន​ថ្លែង​ឲ្យ​ដឹងថា ​សម្រាប់​ស្រុក​ត្រាំកក់​ដែល​មាន​អ្នក​ពាក់ ព័ន្ធ​ជាង​១០​ នៅក្នុង​ព្រឹត្តិការណ៍​ ពិធី​មង្គលការ​នៅ​ស្រុក​សំរោង ​ត្រូវ​បាន​យក​សំណាក​លើក​ទី​៣ ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩​ ផងដែរ​នៅថ្ងៃនេះ​។ពាក់ព័ន្ធ​ទៅ​នឹង​ការបិតភូមិ​ចំនួន​៣​ នៅក្នុង​ស្រុក​សំរោង ​ត្រូវ​បាន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ​អះអាងថា​ និង​បើក​ភូមិ​វិញ​ជា​ធម្មតា​នៅ​ពេលដែល​ការពិនិត្យ​អ្នក​ពាក់ព័ន្ធ​អវិជ្ជមាន​លើក​ទី​៣​។គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែមីនា​ ឆ្នាំ​២០២១ មាន​អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ​បានមក​ចូលរួម​ពិធី​មង្គលការ​មិត្ត ភក្តិ​របស់ខ្លួន ​នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ​។ ​បន្ទាប់ពី​បាន​ចូលរួម​មង្គលការ​បាន​ពីរ​ថ្ងៃ ​បុគ្គល​ខាងលើ​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ​ដែល​លទ្ធផល​ គឺ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​។ បន្ទាប់ពី​ទទួលបាន​ដំណឹង​វិជ្ជមាន​នេះ អាជ្ញាធរ​ខេត្តតាកែវ ​បាន​រក​ឃើញ​អ្នកពាក់ព័ន្ធ​ផ្ទាល់ ​និង​ប្រយោល ជាមួយ​បុគ្គល​ខាងលើ ​ជិត​៥​រយ​នាក់ ហើយ​អាជ្ញាធរ ​ក៏​បាន​បិទ​ភូមិ​កើតហេតុ​ខាងលើ និង​បាន​យក​សំណាក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាង​១០០​នាក់ ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ​នឹង​ណែនាំ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ​ដើម្បី​តាមដាន​សុខភាព​ផងដែរ​៕​អត្ថបទ ៖ ​គុជ វិភាគ 

ពលរដ្ឋ​វ័យ​ចាស់​ថា ​យុទ្ធនាកា​១៥ ​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ នៅ​ភ្នំពេញ ​បាន​កាត់បន្ថយ​ពេល​រង់ចាំ

2021/04/27 09:59:58 am        158
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ច្បារអំពៅ ដែលមាន​វ័យ​ចាប់ពី​៦០​ឡើងទៅ ​នា​ថ្ងៃទី​២៦​ខែមីនា​នេះ បាន បន្ត​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ស្ថិតនៅ​មណ្ឌល​សុខភាព​ព្រែក​ឯង ​។​ពលរដ្ឋ ​បាន​គាំទ្រ​យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅ​រាជធានី​ភ្នំពេញ ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នៅពេលនេះ​។ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ Covishield​ ផលិត​នៅ​ប្រទេស​ឥណ្ឌា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន AstraZeneca ​បាន​ប្រាប់​BTV នៅ​ថ្ងៃទី​២៦​ខែមីនា​នេះ​ថា ​ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​រួច​ នៅ​មណ្ឌល​សុខភាព​ព្រែក​ឯង​ សុខភាព​ ជាធម្មតា ​មិន​ប្រតិកម្ម​នឹង​ថ្នាំ​នោះទេ​។ មុន​ចាក់​វ៉ាក់សាំង​បង្ការ ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព និង​សួរនាំ​ព័ត៌មាន​មួយ​ចំនួនទៀត​ មុន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​។​លើសពីនេះ ​ពួកគាត់​បាន​សំដែង​ការ​គាំទ្រ​ចំពោះ យុទ្ធនាការ ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​ឡើងទៅ ក្នុង​រាជធានី​ភ្នំពេញ​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នៅពេលនេះ ​ព្រោះ​កាត់បន្ថយ​ពេល​រង់ចាំ និង​មាន​ភាព​ងាយស្រួល​ជាង​មុន​ផងដែរ​។ជា​ការ​កត់សំគាល់ យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-19 ​ជូន​ពលរដ្ឋ​វ័យ​៦០​ឡើង ក្នុង​រាជធានី ភ្នំពេញ ​ចាប់ផ្តើម​ឡើង​ពីថ្ងៃ​២៣​ខែមីនា ​រហូត ​ថ្ងៃទី​៦ ​ខែមេសា​ ឆ្នាំ​២០២១​។​យុទ្ធនាការ​នេះ ចាប់​ផ្តើមឡើង ​បន្ទាប់ពី​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បានស្នើ​ដល់​លោកជំទាវ​ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ​និង ឯកឧត្តម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ពិភាក្សាគ្នា​អំពី​ការ​បើក​យុទ្ធនាការ​១៥​ថ្ងៃ ដើម្បី​ចាក់​វ៉ាក់សាំង​ Covishield របស់​ក្រុមហ៊ុន Astra Zeneca ដល់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នៅក្នុង​បណ្តា​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​។ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ជា​បណ្តោះអាសន្ន​សិន ​ដើម្បី​ទុក​លទ្ធភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់ ​ចាប់ពី​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី ​ប្រសិនបើ​អ្នក​ទាំងនោះ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១​ហើយ ត្រូវ​បន្ត​អនុញ្ញាត​ឱ្យ​គាត់​ទទួល​បាន​ដូ​ស​ទី​២ ​បន្តទៀត​ ដោយសារ​វ៉ាក់សាំង​មិន​អាច​ចាក់​តែ​១​លើក​នោះទេ​៕​អត្ថបទ​ ៖​ ទូច សោភ័ណ

លោកជំទាវ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ទូងស្គរ​ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល​

2021/04/27 09:59:58 am        40
​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្នុង​ពិធី​វាយគង ជួង រគាំង ទូងស្គរ ​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ពិធី​នេះ ​ប្រព្រឹត្តទៅ​ក្រោម​ព្រះ​វត្តមាន​សម្ដេច​ព្រះមហា​អរិយវង្ស សៅរ៍ ចន្ទ​ថុល្ល ព្រះចៅអធិការ​វត្ត និង​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ កន្លងទៅនេះ ​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានស្នើ​ឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ «៣ ការពារ និង ៣​កុំ​» ។ការ​ទូងស្គរ​នេះ ក៏​ជា​សារ​ដាស់តឿន ក្រើន​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​ តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​ និង​វិធានការណ៍​របស់​ក្រសួងសុខាភិបាល​។ ខណៈដែល​កម្ពុជា​កំពុង​ជួបប្រទះ​ករណី​ឆ្លង​កូ​វីដ​-១៩ ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន ​ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​សហគមន៍ ​២០ កុម្ភៈ​។លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ ​ព្រះមហាក្សត្រី និង ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ​និង​ជូនពរ​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ ​សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជា​រៀងរហូត​៕អត្ថបទ ៖ ​ឡឹ​ក សុផាន់​ណា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
09/03/2026 07:09 PM
កងទ័ពអ៊ីរ៉ង់អះអាងពីការវាយប្រហារចុងក្រោយបង្អស់​ លើមូលដ្ឋានទ័ពអាមេរិក នៅកូវ៉ែត និងអារ៉ាប់រួម
09/03/2026 06:09 PM
មនុស្ស ៥នាក់ស្លាប់ ​នៅ​ពេល​ទូកដឹកជនអន្តោប្រវេសន៍ ត្រូវបានជួយសង្គ្រោះ នៅ​ម្ដុំប្រជុំ​​កោះ Canary របស់អេស្ប៉ាញ​
09/03/2026 06:09 PM
របាយការណ៍៖ ប៉ូឡូញកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតរុស្ស៊ី ជុំវិញ «សកម្មភាពឈ្លានពាន»
09/03/2026 06:09 PM
WSJ៖ អឺរ៉ុបនៅសល់ជម្រើសតិចតួចដើម្បីដាក់សម្ពាធលើរុស្ស៊ី
09/03/2026 06:09 PM
ពលរដ្ឋប៉ាឡេស្ទីន៖ កងទ័ពអ៊ីស្រាអែលបានសម្លាប់យុវជនពីរនាក់នៅតំបន់វេសបែង
09/03/2026 06:09 PM
ប្រភព៖ អ៊ីរ៉ង់ប្រាប់​អាមេរិកកុំ​ឱ្យអ៊ីស្រាអែលធ្វើ​ការ​វាយ​ប្រហារ​ នៅ​តំបន់ជួរ​ភ្នំភាគខាងត្បូងលីបង់
09/03/2026 06:09 PM
តៃវ៉ាន់ស្នើបន្ថែម​ថវិកាការពារដែន​កោះ​ ៤,៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
09/03/2026 06:09 PM
អាល្លឺម៉ង់បាន​កត់​ត្រាអ្នក​ស្លាប់​ខ្ពស់​បំផុត​ចំនួន​ ១៦.៣០០ករណី ទាក់ទងនឹងកម្ដៅ​
09/03/2026 06:09 PM
លោក PUTIN ៖ ទំនាក់ទំនងរវាងរុស្ស៊ី និងរដ្ឋបាលអាមេរិក នៅតែបន្ត
09/03/2026 06:09 PM