សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកគាំទ្រនៅអាមេរិករបស់លោក Trump អំពាវនាវឱ្យមានកុបកម្ម និងហិង្សា បន្ទាប់ពីសាលក្រម

2024/05/31 08:55:13 pm        131
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលខឹងសម្បារចំពោះការផ្តន្ទាទោសរបស់លោកលើបទព្រហ្មទណ្ឌចំនួន ៣៤ ករណីដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក (New York) បាននាំគ្នាបញ្ចេញមតិតាមគេហទំព័រអនឡាញដែលគាំទ្រ ត្រាំ ជាមួយនឹងការអំពាវនាវឱ្យមានកុប្បកម្ម បដិវត្តន៍ និងការសងសឹកដោយហិង្សា។បន្ទាប់ពីលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ អ្នកគាំទ្ររបស់លោកបានឆ្លើយតបជាមួយនឹងការបង្ហោះតាមអ៊ីនធឺណែតដ៏ឃោរឃៅជាច្រើន នេះបើយោងតាមការពិនិត្យឡើងវិញរបស់សារព័ត៌មានរ៉យទ័រ លើការអត្ថាធិប្បាយនៅលើគេហទំព័រចំនួនបី ដែលគាំទ្រលោក ត្រាំ គឺវេទិកាសង្គម ទ្រូស សូសល (Truth Social) របស់អតីតប្រធានាធិបតីរូបនេះ គេហទំព័រ ផាទ្រីយ៉ូត ដត វីន (Patriots.Win) និងគេហទំព័រ ហ្គេតវ៉េ ផុនឌីត (Gateway Pundit)។អ្នកខ្លះបានអំពាវនាវឱ្យមានការវាយប្រហារលើចៅក្រម ការកាត់ទោសស្លាប់លើចៅក្រម វ័ន មើឆាន (Juan Merchan) ឬបង្កសង្គ្រាមស៊ីវិល និងការបះបោរប្រដាប់អាវុធ។ នៅក្នុងការបង្ហោះមួយ អ្នកគាំទ្របានស្នើឱ្យមានការបាញ់ប្រហារបន្ទាប់ពីសាលក្រមនេះ។ ការគំរាមកំហែងនៃអំពើហិង្សា និងវោហាសាស្ត្របំភិតបំភ័យបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ហើយបានអះអាងថាការបោះឆ្នោតនោះមានការក្លែងបន្លំ។ នៅពេលធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅសេតវិមាន លោក ត្រាំ បានចោទចៅក្រម និងរដ្ឋអាជ្ញានៅក្នុងការកាត់ក្តីរបស់ខ្លួនថា ជាឧបករណ៍ពុករលួយរបស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden) ដែលមានចេតនាបំផ្លាញតំណែងសេតវិមានរបស់លោក។ ក្រុមអ្នកស្មោះត្រង់របស់លោក ត្រាំ បានឆ្លើយតបលើការធ្វើទុក្ខបុកម្នេញនយោបាយនេះ ជាមួយនឹងយុទ្ធនាការនៃការគំរាមកំហែង និងការបំភិតបំភ័យ ដែលផ្តោតលើចៅក្រម និងមន្ត្រីតុលាការ៕

វិមានក្រឹមឡាំង៖ អ៊ុយក្រែន មិនត្រូវប្រើប្រាស់អាវុធរបស់អង្គការណាតូ ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីទេ

2024/05/31 08:51:54 pm        163
ជាថ្មីម្តងទៀត វិមានក្រឹមឡាំង បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនប្រឆាំងនឹងការអនុញ្ញាតឲ្យទីក្រុងគីវ វាយប្រហារលើទឹកដីរុស្ស៊ីដោយប្រើអាវុធលោកខាងលិច ដោយអ្នកនាំពាក្យរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសន្យាថា នឹងមាន «ផលវិបាកជាច្រើន» ប្រសិនបើការវាយប្រហារបែបនេះ កើតឡើង។អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ទីបំផុត វានឹងធ្វើឲ្យខូចខាតយ៉ាងខ្លាំងដល់ផលប្រយោជន៍នៃប្រទេសទាំងនោះ ដោយជ្រើសរើសផ្លូវដែលបង្កឲ្យមានភាពតានតឹងកើនឡើងកាន់តែខ្លាំងនោះ។បញ្ហានៃការអនុញ្ញាតឲ្យទីក្រុងគីវប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី បានលេចចេញកាន់តែធំឡើង ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងក្លា នៅតាមផ្នែកខ្លះនៃព្រំដែនអ៊ុយក្រែន-រុស្ស៊ី។ ចំណែកទីក្រុងគីវ កំពុងតស៊ូជាពិសេស ដើម្បីបញ្ឈប់ការវាយលុករបស់រុស្ស៊ី នៅតំបន់ខាគីវភាគឦសាន។រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ៣២ នៃសម្ព័ន្ធភាពការពារជាតិរបស់អង្គការណាតូ កំពុងជួបប្រជុំគ្នានៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆេក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីបញ្ហានេះ ក្នុងចំណោមប្រទេសដទៃទៀត។រហូតមកដល់ពេលនេះ សព្វាវុធរបស់លោកខាងលិច ត្រូវបានគេផ្តោតជាចម្បងទៅលើទីតាំងឈរជើងរបស់រុស្ស៊ី នៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូ។នៅទីក្រុងវីយែន អ្នកការទូតរុស្ស៊ីលោក Konstantin Gavrilov បានព្រមានលោកខាងលិចប្រឆាំងនឹងការឆ្លងកាត់ «បន្ទាត់ក្រហម» ដោយនិយាយថា ទីក្រុងមូស្គូ មានសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន បើទោះបីជាក្នុងករណីនៃការវាយប្រហារដោយអាវុធធម្មតាក៏ដោយ។

សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល កំពុងព្យាយាមដើម្បីរំលាយរដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ

2024/05/31 08:46:03 pm        153
សមាជិកគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានព្យាយាមរំលាយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីទម្លាក់នាយករដ្ឋមន្រ្តី ពីតំណែង។គណបក្សរួបរួមជាតិរបស់លោក Benny Gantz បានដាក់សេចក្តីព្រាងច្បាប់មួយ ដើម្បីរំលាយសភា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលើកឡើងពី«គ្រោះមហន្តរាយ»នៃថ្ងៃទី៧ ខែតុលា។ លោកបានបន្ថែមថា តម្រូវការ «ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តរបស់ប្រជាជន និងដើម្បីបង្កើតរដ្ឋាភិបាលឯកភាពដ៏ធំទូលាយមួយ ដែលអាចដឹកនាំដោយសុវត្ថិភាព នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមធំៗ នៅក្នុងសន្តិសុខ សេដ្ឋកិច្ច និងក្នុងសង្គមអ៊ីស្រាអែល» បន្ទាប់ពីការលុកលុយរបស់ក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សចំនួន១.២០០នាក់ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានដាក់ជូនដោយគណបក្សប្រឆាំងផ្សេងទៀតរបស់អ៊ីស្រាអែល ដែលមានន័យថា វាអាចនាំឲ្យមានការបោះឆ្នោតភ្លាមៗ។ពាក្យស្នើសុំនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Gantz បាននិយាយថា លោកនឹងមិនគាំទ្រការបន្តសង្រ្គាមរបស់លោក ណេតាន់យ៉ាហ៊ូនៅ ក្នុងតំបន់ហ្កាហ្សា ដោយគ្មានផែនការក្រោយសង្គ្រាមនោះទេ។ មានការតវ៉ាទ្រង់ទ្រាយធំប្រចាំសប្តាហ៍ នៅទូទាំងប្រទេសអ៊ីស្រាអែល ដែលទាមទារឲ្យនាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសនេះ គឺលោក ណេតាន់យ៉ាហ៊ូ លាលែងពីតំណែង។

អេហ្ស៊ីប ព្រមានឆ្លើយតប បន្ទាប់ពីអ៊ីស្រាអែល គ្រប់គ្រងច្រករបៀង Philadelphia

2024/05/31 08:35:11 pm        216
ប្រទេសអេហ្ស៊ីប បានព្រមានថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការឆ្លើយតបផ្នែកយោធា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានកាន់កាប់តំបន់ទ្រនាប់មួយ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយតំបន់ហ្កាហ្សាស្ទ្រីប។លោក Daniel Hagari អ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទទួលការគ្រប់គ្រង «ប្រតិបត្តិការ» លើ «ច្រករបៀង Philadelphia» ដោយប្រើឈ្មោះកូដរបស់យោធា អ៊ីស្រាអែលសម្រាប់ច្រករបៀងមានប្រវែង ១៤គីឡូម៉ែត្រ (៩ម៉ាយ) នៅតាមបណ្តោយព្រំដែនតែមួយគត់របស់តំបន់ហ្កាហ្សាស្ទ្រីបជាមួយអេហ្ស៊ីប។លោក Hagari បានអះអាងថា៖«ច្រករបៀង Philadelphi បានបម្រើការជាខ្សែអុកស៊ីហ្ស៊ែនសម្រាប់ក្រុមហាម៉ាស ដែលវាប្រើជាប្រចាំ ដើម្បីរត់ពន្ធអាវុធចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប»។ ហាម៉ាស គឺជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនគ្រប់គ្រងទឹកដីដែលត្រូវបានឡោមព័ទ្ធនេះ។លោក Hagari មិនបានបញ្ជាក់ពីអ្វីដែលការគ្រប់គ្រង «ប្រតិបត្តិការ»សំដៅទៅលើនោះទេ ប៉ុន្តែ មុននេះ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ បាននិយាយថា មាន «ស្បែកជើងកវែងរបស់អ៊ីស្រាអែល» នៅតាមផ្នែកខ្លះនៃច្រករបៀងនេះ។ព្រំដែនជាមួយអេហ្ស៊ីបនៅជាយខាងត្បូង គឺជាព្រំដែនដីតែមួយគត់របស់តំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល មិនបានគ្រប់គ្រងដោយផ្ទាល់ទេ។

រុស្ស៊ី៖ ខ្លួនអាចចាត់វិធានការទប់ស្កាត់នុយក្លេអ៊ែរបន្ថែម បើអាមេរិកដាក់ពង្រាយមីស៊ីលនៅអឺរ៉ុប និងអាស៊ី

2024/05/31 07:22:27 pm        215
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ហ្សើហ្គេឡារ៉ូហ្វ (Sergei Lavrov) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្នុងបទសម្ភាសន៍មួយថា រុស្ស៊ីអាចនឹងចាត់វិធានការបន្ថែមទៀតនៅក្នុងតំបន់នៃការទប់ស្កាត់ដោយនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងជិត នៅអឺរ៉ុប និងអាស៊ី។ សារព័ត៌មាន RIA បានសំដៅទៅលើផែនការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមេសា ដើម្បីដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា មានការកើនឡើងនៃកម្លាំងយោធារបស់ចិន។ ការដាក់ពង្រាយបែបនេះ នឹងត្រូវបានហាមប្រាមនៅក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យមឆ្នាំ ១៩៨៧ ជាមួយរុស្ស៊ី ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញជាផ្លូវការនៅឆ្នាំ២០១៩ បន្ទាប់ពីបាននិយាយថាទីក្រុងមូស្គូបានបំពានលើកិច្ចព្រមព្រៀងនេះ ជាការចោទប្រកាន់ដែលវិមានក្រឹមឡាំងបានច្រានចោល។ ទីក្រុងមូស្គូបានព្រមានជាយូរមកហើយថា ខ្លួននឹងលុបចោលការផ្អាកដែលខ្លួនបានស្នើឡើង បន្ទាប់ពីសន្ធិសញ្ញានេះត្រូវបានលុបចោលលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម ប្រសិនបើក្រុងវ៉ាស៊ីនតោនបន្តផែនការដាក់ពង្រាយមីស៊ីល បែបនេះនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។លោក Lavrov បានប្រាប់សារព័ត៌មាន RIA ថា រុស្ស៊ីអាចចាត់វិធានការផ្សេងទៀតផងដែរ។ប្រមុខការទូតរុស្ស៊ី រូបនេះ បាននិយាយថា យើងមិនច្រានចោលនូវជំហានបន្ថែម ក្នុងទប់ស្កាត់ដោយនុយក្លេអ៊ែរទេ ព្រោះមជ្ឈមណ្ឌលបញ្ជា និងទីតាំងនៃកងកម្លាំងនុយក្លេអ៊ែររបស់យើងនឹងស្ថិតនៅក្នុងជួរនៃមីស៊ីលឆ្ពោះទៅសហរដ្ឋអាមេរិក៕

លោក Trump រិះគន់ខ្លាំងៗចំពោះសាលក្រមថាជា «ការអាម៉ាស់» បន្ទាប់ពីការជម្រះក្តីបទព្រហ្មទណ្ឌ

2024/05/31 06:53:28 pm        248
អតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ខ្លាំងៗចំពោះការជម្រះក្តី របស់លោកលើបទព្រហ្មទណ្ឌរដ្ឋចំនួន៣៤ករណី នៅក្នុងករណី«ផ្តល់លុយបំបិទមាត់» នៅទីក្រុងញូវយ៉ក ដោយហៅសាលក្រមនេះថាជា«ការអាម៉ាស់»ហើយបានប្តេជ្ញាថានឹង «តស៊ូរហូតដល់ទីបញ្ចប់»។ អតីតប្រធានាធិបតីរូបនេះ បានរិះគន់ខ្លាំងៗ ចំពោះករណីនាំមកចោទប្រកាន់លើលោក ដោយលោក អាល់វីន ប្រាក(Alvin Bragg) មេធាវីប្រចាំតំបន់ Manhattan ដោយអះអាងថា ការកាត់ទោសនេះ មានហេតុផលនយោបាយ និងរៀបចំឡើងដើម្បីបំផ្លាញបេក្ខភាពរបស់លោកសម្រាប់ដណ្តើមយកសេតវិមាន។ លោក Trump បានប្រកាសប្រាប់អ្នកសារព័ត៌មានថា លោកគឺជា «មនុស្សស្លូតត្រង់បំផុត»។លោកនិយាយថា «លោកនឹងតស៊ូរហូតដល់ទីបំផុត» ជាការបង្ហាញថាលោកនឹងបន្តការប្តឹងឧទ្ធរណ៍។ គណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉កចំនួន១២រូប បានឈានដល់សាលក្រមរបស់ខ្លួន បន្ទាប់ពីការពិភាក្សារយៈពេលពីរថ្ងៃ ក្រោយការជម្រះក្តីដែលមានរយៈពេល៦សប្តាហ៍ ដោយបានរកឃើញថាលោកTrump បានបំពានច្បាប់ដោយការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ទៅឲ្យតារាភាពយន្តអាសអាភាស នាង ស្តមី ដេនញែល(Stormy Daniels) នៅក្នុងពេលដំណើរការនៃការបោះឆ្នោតកាលពីឆ្នាំ ២០១៦។ សេចក្តីសម្រេចនេះ គឺជាប្រវត្តិសាស្ត្រមួយដែលធ្វើឱ្យ លោក Trump ក្លាយជាអតីតប្រធានាធិបតីដំបូងគេ ដែលត្រូវបានជម្រះក្តីពីបទព្រហ្មទណ្ឌ។លោកTrump នឹងត្រូវកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដា ប៉ុន្មានថ្ងៃមុនពេលចាប់ផ្តើមសន្និបាតរបស់គណបក្សសាធារណរដ្ឋ ដែលលោក ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងជាផ្លូវការពីគណបក្សសម្រាប់តំណែងប្រធានាធិបតី។ លោក Trump ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខជាមួយលោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ ។អតីតប្រធានាធិបតីរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា សាលក្រមពិតប្រាកដ នឹងមាននៅថ្ងៃទី ៥ ខែវិច្ឆិកា ធ្វើឡើងដោយប្រជាជន ហើយពួកគេដឹងពីអ្វីដែលបានកើតឡើងនៅទីនេះ។

ចិន ផ្អាកសម្បទានពន្ធលើទំនិញជាង ១៣០ មុខ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកោះតៃវ៉ាន់

2024/05/31 06:43:58 pm        176
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ខ្លួននឹងផ្អាកសម្បទានពន្ធដែលផ្តល់ឱ្យកោះតៃវ៉ាន់ លើទំនិញចំនួន ១៣៤ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថាទីក្រុងតៃប៉ិ បានបរាជ័យក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មនៅលើចិនដីគោក។កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្រ (ECFA) រវាងចិន និងកោះតៃវ៉ាន់ ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១០។ ប្រទេសចិន ក្នុងខែធ្នូ បានផ្អាកសម្បទានពន្ធសម្រាប់ផលិតផលមួយចំនួនប៉ុណ្ណោះក្រោមកិច្ចព្រមព្រៀង ECFA នេះ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា កោះនេះមិនទាន់បានដោះស្រាយលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួនឡើយ។ក្រសួងហិរញ្ញវត្ថុបាននិយាយថា «តំបន់តៃវ៉ាន់ បានអនុម័តជាឯកតោភាគីនូវវិធានការរើសអើង ដូចជាការហាមឃាត់ និងរឹតបន្តឹងការនាំចេញផលិតផលចិនដីគោក ដែលបំពានលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង»។ ក្រសួងបានបន្ថែមថា ការផ្អាកសម្បទានពន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ហើយនឹងអនុវត្តចំពោះផលិតផលដែលនាំចូលពីកោះតៃវ៉ាន់ រួមទាំងផលិតផលចម្រាញ់ប្រេងផងដែរ៕

កូរ៉េខាងជើង៖ មីស៊ីល ១៨ គ្រាប់ដែលបានបាញ់នោះ ជាការព្រមានដល់កូរ៉េខាងត្បូង

2024/05/31 06:36:02 pm        190
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១៨ គ្រាប់ក្នុងអំឡុងពេលសមយុទ្ធ ដែលជាការបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការបើកការវាយប្រហារជាមុនប្រឆាំងនឹង «របបជនអន្ធពាល» របស់កូរ៉េខាងត្បូង ប្រសិនបើចាំបាច់ដើម្បីប្រឆាំងនឹងការវាយប្រហារ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ូកែតទំហំ ៦០០ មីលីម៉ែត្រ «ដ៏ធំអស្ចារ្យ» កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍នេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១០ គ្រាប់ ដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយបានហៅវាថាជាលទ្ធភាពនៃការបង្ហាញពីសមត្ថភាពអាវុធដល់អ្នកទិញ រួមទាំងរុស្ស៊ី ផងដែរ។របាយការណ៍ KCNA បានបន្ថែមថា លោក គីម បានជំរុញឱ្យមានការត្រៀមខ្លួនដោយកម្លាំងនុយក្លេអ៊ែរដើម្បីអនុវត្តបេសកកម្មទប់ស្កាត់សង្គ្រាម ក៏ដូចជាការផ្តួចផ្តើមគំនិតក្នុងករណីមានសង្គ្រាម។ ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកនេះត្រូវបានថ្កោលទោសដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ថាជាទង្វើមិនប្រុងប្រយ័ត្ន និងរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ភាគហ៊ុនរបស់ក្រុមហ៊ុនលោក Trump បានធ្លាក់ចុះ បន្ទាប់ពីការកាត់ទោសលើបណ្ដឹងប្រាក់បំបិទមាត់

2024/05/31 06:29:00 pm        60
ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា ត្រាំ (Trump Media & Technology Group) បានធ្លាក់ចុះ ៦,៥ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បន្ទាប់ពីគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក បានផ្តន្ទាទោសលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសនៅមុនការបោះឆ្នោតឆ្នាំ២០១៦។ភាគហ៊ុនរបស់ក្រុមហ៊ុនមេ របស់បណ្ដាញសង្គម ទ្រូស សូសល់ (Truth Social) ដែលភាគច្រើនគ្រប់គ្រងដោយលោក ត្រាំ មួយនេះ បានជួញដូរនៅតម្លៃ ៤៨,៤៤ ដុល្លារប៉ុណ្ណោះ បន្ទាប់ពីបិទការទិញលក់ ដែលជាធម្មតាភាគហ៊ុនក្រុមហ៊ុននេះធ្លាប់បានបិទនៅតម្លៃ ៥១,១២ ដុល្លារ។បន្ទាប់ពីការពិភាក្សាអស់រយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបបានប្រកាសថាខ្លួនបានរកឃើញថាលោក ត្រាំ មានទោសលើការចោទប្រកាន់ទាំង ៣៤ ករណីដែលលោកបានប្រឈម។ ប្រធានចៅក្រមយុត្តិធម៌ លោក វ័ន មើឆាន (Juan Merchan) បានកំណត់ការកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដាដែលនឹងមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃទី១៥ ខែកក្កដា នៃពិធីមួយរបស់បក្សសាធារណរដ្ឋដែលរំពឹងថានឹងតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។នៅក្នុងការជួញដូរជាសាធារណៈដំបូងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ត្រាំ មីឌៀ (Trump Media) កាលពីថ្ងៃទី២៦ ខែមីនា ក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះដោយធ្វើឱ្យកើនឡើងរហូតដល់ ៥៩ ភាគរយ។ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៧៧០.៥០០ ដុល្លារសម្រាប់ត្រីមាសខែមីនា និងការខាតបង់ក្នុងប្រតិបត្តិការចំនួន ១២,១ លានដុល្លារ៕

ប្រធានាធិបតីស៊ីរី និងមេដឹកនាំកំពូលអ៊ីរ៉ង់ ជួបគ្នានៅទីក្រុងតេអេរ៉ង់ និយាយថា ទំនាក់ទំនងប្រទេសទាំងពីររឹងមាំ

2024/05/31 04:53:49 pm        89
បណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ (SNN) បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ(Ayatollah Ali Khamenei) ជាសម្ព័ន្ធមិត្តជិតស្និទ្ធ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉េស៊ី(Ebrahim Raisi)។លោក Raisi បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់កាលពីថ្ងៃទី ១៩ ខែឧសភានៅជិតព្រំដែនប្រទេសអាស៊ែបៃហ្សង់។លោក Khamenei និង លោក Assad បានជួបគ្នាចុងក្រោយកាលពីឆ្នាំ២០២២ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ។កាលពីថ្ងៃព្រហស្បតិ៍ លោក Assad និងលោក Khamenei បាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីស៊ីរី។ លោក Assad អាចបង្វែរជំនោរនៃសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី ដែលបានផ្ទុះឡើងពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ នៅក្នុងឆ្នាំ២០១១ ដោយមានជំនួយដ៏សំខាន់ពីកងជីវពលតំណាងរបស់ប្រទេសអ៊ីរ៉ង់ និងការអន្តរាគមន៍យោធារបស់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៥ ។អ៊ីស្រាអែល ដែលអត្ថិភាព ពុំត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋអ៊ីស្លាម បានវាយប្រហារជាញឹកញាប់លើអ្វីដែលខ្លួនបានចាត់ទុកថាជាគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងគាំទ្រដោយទីក្រុងតេអេរ៉ង់ រួមទាំងកងជីវពលហេសបូឡា របស់ប្រទេសលីបង់ បានដាក់ពង្រាយក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ដើម្បីគាំទ្រលោក Assad ក្នុងសង្រ្គាមស៊ីរី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
11/12/2026 01:11 PM
អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ
11/12/2026 01:11 PM
ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ
11/12/2026 01:11 PM
សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM
អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសអាហ្សង់ទីន ជាអង្គការភេរវកម្ម
11/12/2026 12:11 PM
អ្នកបើករថយន្តដឹកទំនិញនៅប្រទេសឈីលី បិទផ្លូវដើម្បីតវ៉ាការឡើងថ្លៃប្រេងឥន្ធនៈ
11/12/2026 12:11 PM
មេដឹកនាំពិភពលោកបង្ហាញពីគោលដៅអាកាសធាតុនៅក្នុងកិច្ចប្រជុំ COP31
11/12/2026 12:11 PM
អ្នកនាំពាក្យ៖ ស្របពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំហ្វ្រង់កូហ្វូនីកម្ពុជា​ក៏ទទួល​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ចំនួន​២ និងទស្សនកិច្ចផ្លូវការ១
11/12/2026 12:11 PM